ការបង្កើត​ថ្មី

សំណួរ : អ្វី​ទៅ​ហៅ​ថា​ ការ​បង្កើត​ថ្មី?
ចម្លើយ : ការ​បង្កើត​ថ្មី គឺ​ផលិត​សំយោគ​ថ្មី​ នៃ​គំនិត​ ឬ​រូបភាព ។ គឺ​ផលិត​ការ​ផ្ដុំ​ថ្មី​មួយ នៃ​មធ្យោបាយ​ចាស់​ៗ​ទាំង​ឡាយ ដើម្បី​សម្រេច​គោល​ដៅ​មួយ ។
សំណួរ : អ្វី​ទៅ​ហៅ​ថា ឥន្ទ្រិយារម្មណ៍ (Sensation) ?
ចម្លើយ : ឥន្ទ្រិយារម្មណ៍ ជា​អារម្មណ៍​របស់​ឥន្ទ្រិយ​ ជា​បាតុភូត​ចិត្ត​សរីរវិទ្យា (Phénomène psycho-physiologique) ដែល​កើត​ឡើង​ ដោយរំញោច​លើ​សរីរាង្គ ឥន្ទ្រិយ​មួយ (Organe sensoriel) ។
សំណួរ : តើ​ឥន្ទ្រិយារម្មណ៍​កើត​មក​ពី​អ្វី?
ចម្លើយ : ឥន្ទ្រិយារម្មណ៍ កើត​មក​ពី​មានរំញោច (Excitation) ។
សំណួរ : តើ​រំញោច​កើត​មក​ពី​អ្វី?
ចម្លើយ : រំញោច កើត​មក​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ រវាង​សរីរាង្គ​ឥន្ទ្រិយ និង​វត្ថុ​ម្យ៉ាង​ ដែល​គេ​ហៅ​ថា ភ្ញោច (Excitant) ។
សំណួរ : តើ​ភ្ញោច​មាន​ប៉ុន្មាន​ប្រភេទ ?
ចម្លើយ : ភ្ញោច​មាន​បី​ប្រភេទធំៗ គឺ :

១. ភ្ញោច​មេកានិច (Excitant mécanique) មាន​កម្លាំង និង​សម្ពាច ។
២. ភ្ញោច​រូប​វិទ្យា (Excitant physique) មាន​កម្ដៅ​ស្មើ​សំឡេង​អគ្គិសនី ។
៣. ភ្ញោច​គីមី (Excitant chimique) មាន​រសជាតិ​ជូរ រស់​ជាតិ​ចត់ ។
សំណួរ : បើ​សិន​ជា​​យើង​ ត្រូវ​ខ្សែ​ភ្លើង​ឆក់ តើ​ឥន្ទ្រិយារម្មណ៍​របស់​យើង បាន​ទទួល​ភ្ញោច​អ្វី?
ចម្លើយ : បើ​ខ្សែ​ភ្លើង​ឆក់ តន្ទ្រិយារម្មណ៍​របស់​យើង​ ទទួល​ភ្ញោច​មេកានិច ព្រោះ​អារម្មណ៍​របស់​យើង​ ទទួល​ការ​ញាក់ ស្លុត ស្រយង់ ។
សំណួរ : បើ​សិន​ជា​យើង​រលាក​ភ្លើង តើ​ឥន្ទ្រិយារម្មណ៍​របស់​យើង​ បាន​ទទួល​ភ្ញោច​អ្វី?
ចម្លើយ : បើយើង​រលាក​ភ្លើង ឥន្ទ្រិយារម្មណ៍​របស់​យើង​ ទទួល​កម្ដៅ​ បណ្ដាល​ឲ្យ​យើង​ឈឺចាប់​ ពើត​ ផ្សា ។ យើង​នឹង​ទទួល​ភ្ញោច​រូប​វិទ្យា ។
សំណួរ : បើ​សិន​យើង​ទទួល​ទាន​ម្ជូរ ឬ​ស្ដៅ តើ​ឥន្ទ្រិយារម្មណ៍​របស់​យើង​ បាន​ទទួល​ភ្ញោច​អ្វី?
ចម្លើយ : បើ​សិន​យើង​ទទួល​ទាន​ម្ជូរ ឬស្ដៅ យើង​ទទួល​ភ្ញោច​គីមី ព្រោះ​អណ្ដាត​យើង​ ទទួល​រសជាតិ​ជូរ ឬចត់ បណ្ដាល​ឲ្យ​យើង​ស្រៀវ​មួយ​រំពេច ។
សំណួរ : តើ​អ្វី​ដែល​ជា​គ្រឿង​បណ្ដាល​ឲ្យ​យើង មាន​ភ្ញោច​នោះ ?
ចម្លើយ : គឺ​កោសិកា​ចុង​​ទាំងឡាយ (Cellules terminales) ។ កោសិកា​នេះ​ ស្ថិត​នៅ​ក្នុង​ នៃ​សរីរាង្គ​ទាំង​ពួង​របស់​យើង​ទាំង​អស់ មាន​មុខ​ងារ​ចាំ​ទទួល​សម្ផស្ស ហើយបង្កើត​ជា​ភ្ញោច​ឡើង ។ 
សំណួរ : តើ​ភ្ញោច​ទាំង​បី មាន​ទាក់​ទង​នឹង​ខួរ​ក្បាល ឬទេ?
ចម្លើយ : ភ្ញោច​ទាំង​បី មាន​ទាក់​ទង​ទៅ​ខួរ​ក្បាល ជាពិសេស​បំផុត ។
សំណួរ : ចុះ​បើ​ភ្ញោច​ទាំង​បី​ មាន​ទំនាក់​ទំនង​ទៅ​នឹង​ខួរ​ក្បាល តើ​មាន​អ្វី​ជា​អ្នក​នាំ​ចរន្ត​ ទៅ​ដល់​ខួរ​ក្បាល ?
ចម្លើយ : អ្នក​ដែល​នាំ​ចរន្ត​ ទៅ​ដល់​ខួរ​ក្បាល គឺ​សរសៃ​ប្រសាទ (Voie nerveuse) ។
សំណួរ : ចុះ​មនុស្ស​ ដែល​មាន​សរីរាង្គ ប្រកប​ដោយ​សរសៃ​ប្រសាទ​ស្លាប់ អាច​ចាត់​ទុក​ថា មនុស្ស​នោះ​ មាន​ឥន្ទ្រិយារម្មណ៍​ឬ​ទេ ?
ចម្លើយ : មនុស្ស​ាន​សរីរាង្គ​ ប្រកប​ដោយ​សរសៃ​ប្រសាទ​ស្លាប់ គេ​ពុំ​អាច​ចាត់​ទុក​ថា មាន​ឥន្ទ្រិយារម្មណ៍​ឡើយ ព្រោះ​មនុស្ស​នោះ​ ពុំ​ទទួល​នូវ​សម្ផស្ស​ផ្សេង​ៗ ។ ហេតុ​នេះ​ ភ្ញោច​ក៏​ឥត​កើត​មាន​ដែរ តែ​គេ​អាច​មាន​រើ​ផ្លេច (Reflexe) ។
សំណួរ : នៅ​ពេល​ណា​ ដែល​គេ​សម្គាល់​ថា ឥន្ទ្រិយារម្មណ៍​ ជា​ការណ៍​វេទនា (fait affectif) ?
ចម្លើយ : គេ​សម្គាល់​ឥន្ទ្រិយារម្មណ៍ ជា​ការណ៍​វេទនា នៅ​ពេល​ដែល​ឥន្ទ្រិយារម្មណ៍​នោះ មាន​លក្ខណៈ​វេទនា​ អាច​ផ្ដល់​នូវ​ការ​ត្រេក​ត្រអាល ការ​ស្រយុត​ស្រយង់​ចិត្ត ឬការ​រន្ធត់​ចិត្ត ។
សំណួរ : នៅ​ពេល​ណា​ ដែល​​គេ​សម្គាល់​ថា ឥន្ទ្រិយារម្មណ៍​ ជា​ការ​ណ៍បញ្ញា (fait de connaissance) ?
ចម្លើយ : គេ​សម្គាល់​ឥន្ទ្រិយារម្មណ៍ ជា​ការ​ណ៍​បញ្ញា នៅ​ពេល​ដែល​ឥន្ទ្រិយារម្មណ៍នោះ ទៅ​ទាក់​ទង​នឹង​វត្ថុ​មួយ នៅ​ខាង​ក្រៅ​ចិត្ត​យើង ។
សំណួរ : តើ​គេ​អាច​ជឿ​បាន​ថា មនុស្ស​ស្លាប់​ដៃ ស្លាប់​ជើង អាច​មាន​ឥន្ទ្រិយារម្មណ៍​ទេ ? ហេតុ​អ្វី ?
ចម្លើយ : គេ​អាច​ជឿ​បាន​ថា មនុស្ស​ពិការ​នេះ អាច​មាន​ឥន្ទ្រិយារម្មណ៍​បាន​ ប៉ុន្តែ​មាន​លក្ខណៈ​ជា​ឥន្ទ្រិយារម្មណ៍ ដែល​​មាន​សភាព​ជា​រូបភាព នៅ​ក្នុង​អារម្មណ៍​របស់​ខ្លួន​ប៉ុណ្ណោះ ។
សំណួរ : តើ​ឥន្ទ្រិយារម្មណ៍​ជា​រូបភាព មាន​នៅ​ក្នុង​ឥន្ទ្រីយ​ណា​ ច្រើន​ជាង​គេ ? ហេតុ​អ្វី ?
ចម្លើយ : ឥន្ទ្រិយារម្មណ៍​ជា​រូបភាព មាន​នៅ​ក្នុង​ចក្ខិន្ទ្រិយ និងសោតិន្ទ្រីយ ច្រើន​ជាង​គេ ព្រោះ​ចក្ខុ​បាន​ទទួល​នូវ​រូបភាព ជាយូរយារ​ណាស់​មក​ហើយ ។ ចក្ខុ​បាន​ឃើញ​រូប​ភាព​ ជា​អនុស្សាវរីយ៍​ ដិតដាប​នៅ​ក្នុង​អារម្មណ៍ ពុំ​អាច​នឹង​រលប់​ទៅ​វិញ​ ដោយ​ស្រួល​ៗ​ឡើយ ។ ជួន​កាល​រូបភាព​នោះ មាន​ឥទ្ធិពល​ អាច​បណ្ដាល​ឲ្យ​មនុស្ស​សប្បាយ​រីករាយ សើច​ ឬ​យំផង​ក៏​មាន ។ នេះ​ពុំ​មែន​បាន​ន័យ​ថា មនុស្ស​នោះ​មាន​មនោគតិ​បង្កើត​ទេ (Imagination créatrice) តែ​មនុស្ស​នោះ​ មាន​អារម្មណ៍​ប្រកប​ដោយ​មនោ​គតិ រំឭក​ឡើង​វិញ (Imagination reproductrice) ប៉ុណ្ណោះ​ឯង ។ ម្យ៉ាង​ទៀត​រូបភាព​ ក៏​មាន​នៅ​ក្នុង​ សោតិន្ទ្រីយ​ដែរ ព្រោះ​សំឡេង​អាចដិត​ជាប់​ នៅ​ក្នុង​អារម្មណ៍​ដ៏​យូរ​លង់ រហូត​មនុស្ស​ស្លាប់​ទៅវិញ​ផង​ក៏​មាន ។ សំឡេង​ ជា​អនុស្សាវរីយ៍​បង្កើត​រូបភាព ក្នុង​អារម្មណ៍​ បណ្ដាល​ឲ្យ​គេ​យំ​សោក ឬសើច​ម្នាក់​ឯង​ផង ។ នេះ​ជា​រូបភាព​ ដែល​ស្ថិត​នៅ​ក្នុង​ទ្វារ​ទាំង​ពីរ នៃ​ឥន្ទ្រីយ​របស់​មនុស្ស​គ្រប់​រូប ។
សំណួរ : ហេតុ​អ្វី​បាន​មនុស្ស​ អាច​រំឭក​ឡើង​វិញ ឬ​ស្គាល់​ឡើង​វិញ​នូវ​អតីតកាល ?
ចម្លើយ : មនុស្ស​អាច​រំឭក​ឡើង​វិញ ឬ​ស្គាល់​ឡើង​វិញ​ នូវ​អតីតកាល​ ព្រោះ​មនុស្ស​មាន​លំនឹក (Mémoire) ។ 
សំណួរ : អ្នក​ប្រាជ្ញ​ខ្លះ​ បាន​ជឿថា លំនឹក (Mémoire) ជាការណ៍ (fait) ដែល​ទាក់​ទង​ទៅ​នឹង​សរីរាង្គ ឯ​ចំណែក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា លំនឹក​ជា​សត្តិ​មួយ ដែល​ទាក់​ទង​ទៅ​នឹង​ចិត្ត​គំនិត ។ តើ​អ្នក​យល់​យ៉ាង​ដូចម្ដេច ចំពោះ​មតិ​ពីរ​ប្លែក​គ្នា​នេះ ?
ចម្លើយ : ពួក​អ្នក​រូប​ធាតុ​និយម (matérialiste) យល់​ថា លំនឹក​ទាក់​ទង​ទៅ​នឹង​សរីរាង្គ ឯ​ចំណែក​ពួក​អ្នក​គំនិត​និយម ពោល​អះ​អាង​ថា " លំនឹក " កើត​មក​ពី​សត្តិ​ ដែល​ទាក់​ទង​ទៅ​នឹង​ចិត្ត​គំនិត ។ បញ្ហា​ដែល​ចោទ​ឡើង​ ឃើញ​ថា មាន​តែ​មួយ​ គឺ​ការ​កើត​មាន​តែ​ " លំនឹក " ។ ឯ​ចំណែក​យោបល់​ និង​ សន្និដ្ឋានរបស់​ពួក​អ្នក​ប្រាជ្ញ ឃើញ​ថាខុស​គ្នា ។ អ្នក​មួយ​យល់​ថា បើ​គ្មានទំនាក់​ទំនង​ រវាង​សរីរាង្គ​ទេ លំនឹក​ ក៏​ពុំ​អាច​កើត​មាន​បាន​ដែរ អ្នក​មួយ​យល់​ផ្សេង​ថា បើ​សិន​ជា​គ្មាន​ទំនាក់​ទំនង​ រវាង​ចិត្ត​គំនិត​ទេ " លំនឹក​ " ច្បាស់​ជា​ពុំ​អាច​កើត​ឡើយ ។ ដើម្បី​វិនិច្ឆ័យ​លើ​ទស្សនៈទាំង​ពីរនេះ គប្បី​យើង​ពិិនិត្យ​គំនិត​អ្នក​ប្រាជ្ញ​ទាំង​នេះ មួយ​ម្ដង​សិន ៖

តើសរីរាង្គ​ បាន​បង្កើត​លំនឹក​មែន​ឬ​ទេ ? សរីរាង្គ​ ជា​ការ​ប្រមូល​ផ្ដុំ​ និង​ជា​អ្នក​បង្កើត​ជីវិត ឲ្យ​វិញ្ញាណ​ រីឯ​វិញ្ញាណ​ ជា​កន្លែង​ផ្ទុក​នូវអារម្មណ៍​ទាំង​ឡាយ ។ នៅ​ក្នុង​អារម្មណ៍​នោះ​ឯង គេ​ឃើញ​មាន​មនោសញ្ចេតនា ។ មនោសញ្ចេតនា លាក់​ទុក​នូវ​ " លំនឹក " ដែល​ជា​ប្រធាន​ នៃការ​វែក​ញែក​នោះ​ឯង ។ ដូច្នេះ យើង​ឃើ​ញ​ថា សរីរាង្គ ជា​អ្នក​ដើម​អាទិ​បង្កើត​ " លំនឹក " ។ ពុទ្ធិសច្ចៈ របស់​អ្នក​រូបធាតុ​និយម ប្រកប​ដោយ​សុភវិនិច្ឆ័យ​មែន ព្រោះ​បើ​សិន​ជា​គ្មាន​សរីរាង្គ កាល​ណា​ឡើយ នឹង​មាន​វិញ្ញាណ បើ​សិន​ជា​គ្មាន​វិញ្ញាណ ម្ដេច​ឡើយនឹង​មាន​អារម្មណ៍ ។ បើ​សិន​គ្មាន​អារម្មណ៍ កាល​ណា​ឡើយ​នឹង​មនោសញ្ចេតនា ហើយ​បើ​ខ្វះ​មនោសញ្ចេតនា តើ​មាន " លំនឹក " ពី​ណា​មក ?

ចូរ​យើង​ក្រឡេក​មកមើល វិនិច្ឆ័យ​របស់​អ្នក​គំនិត​និយម​ម្ដងវិញ តើ​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ ចំពោះ​ពាក្យ​ថា ៖ " លំនឹក​កើត​មក​ពី​ទំនាក់​ទំនង រវាង​សត្តិ និង​ចិត្ត​គំនិត " ។

ដោយ​ពុំ​បាច់​យក​សត្តិ មក​វិនិច្ឆ័យ គឺ​គ្រាន់​តែ​លើក​យក​ចិត្ត​គំនិតតែ​ម្យ៉ាង​ មក​ពិនិត្យ​ ក៏​យើង​អាច​ឆ្លើយ​បាន​ថា ទស្សនៈ​នេះ​ ក្រសោប​យក​ឧត្ដម​គតិ​មួយភាគ​ធំ ស្រេច​ទៅ​ហើយ ។ ព្រោះ​ថា​ ចិត្ត​គំនិត ក៏​ស្ថិត​នៅ​ក្នុង​មនោសញ្ចេតនា​ដែរ ។ ចិត្ត​គំនិត បាន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ខួរ​ក្បាល ដែលជា​ទីតាំង​យ៉ាង​ធំ​ នៃ​អារម្មណ៍ ។ ដូច្នេះ " លំនឹក " ពិត​ជា​កើត​មក​ពី​ទំនាក់​ទំនង " ចិត្ត និង​សត្តិ " នេះ​ផង និង​សរីរាង្គ​កាយផង ។ សរុប​សេចក្ដី​មក អ្វី​ក៏​ដោយ​ ឲ្យ​តែ​ទាក់​ទង​នឹង​ខួរ​ក្បាល​ សុទ្ធ​តែ​មាន​លក្ខណៈ​ជាវិជ្ជមាន​ ទៅ​លើ​ចំណោទ​ខាង​លើ​នេះ​ទាំង​អស់ ។

សំណួរ : អ្វី​ទៅ​ហៅ​ថា មនោគតិរំឭក​ឡើង​វិញ (Imagination reproductrice) ?
ចម្លើយ : ដែល​ហៅ​ថា មនោគតិរំឭក​ឡើង​វិញ គឺ​មនោ​គតិ ដែល​ធ្វើ​ឲ្យ​រូប​ភាព​ នៃ​ព្រឹត្តិការណ៍​មួយ ដែល​កន្លង​ផុត​ទៅ​ហើយ លេច​ចេញ​មក​វិញ ហើយ​ប្រកប​ដោយ​លក្ខណៈ ហាក់​ដូចជា​រូបភាព​បច្ចុប្បន្ន ។ 
សំណួរ : អ្វី​ទៅ​ដែល​ហៅ​ថា​ មនោ​គតិ​បង្កើត​ (Imagination créatrice)  ?
ចម្លើយ : មនោគតិ​បង្កើត គឺ​មនោគតិ​ ដែល​បំបែក​រូបភាព​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​លំនឹក ដើម្បី​យក​មក​ធ្វើ​សំយោគ​ ឲ្យ​បាន​ជា​រូបភាព​ថ្មី ។
សំណួរ : តើ​មនោគតិ​បង្កើត​ ចែក​ជា​ប៉ុន្មាន​សណ្ឋាន ? គឺ​អ្វី​ខ្លះ ?
ចម្លើយ : មនោគតិ​បង្កើត​ ចែក​ជា​បី​សណ្ឋាន គឺ :

១. សណ្ឋាន​ឈឺ
២. សណ្ឋាន​ជាន់​ទាប
៣. សណ្ឋាន​ជាន់​ខ្ពស់

សំណួរ : ចុះ​ការ​យល់​សប្តិ ជា​មនោគតិ​បង្កើត​ ក្នុងសណ្ឋាន​អ្វី?
ចម្លើយ : ការ​យល់​សប្តិ​ ជា​មនោគតិ​ បង្កើត​ក្នុង​សណ្ឋាន​ជាន់​ទាប ។ ព្រោះ​ការ​យល់​សប្តិ ជា​សំណង់​រូបភាព ប្រកប​ដោយ​លក្ខណៈ​វត្ថុ​វិស័យភាព នៅ​ពេល​ដែល​លង់​ក្នុង​ដំណេក ។
សំណួរ : ចុះ​នៅ​ពេល​យល់​សប្តិ តើ​សរីរាង្គ​ឥន្ទ្រិយ​ មាន​ដើរ​ឬទេ ?
ចម្លើយ : នៅ​ពេល​យល់​សប្តិ សរីរាង្គ​ឥន្ទ្រិយ​ឥត​ដើរ​ទេ ។
សំណួរ : បើ​នៅ​ពេល​យល់​សប្តិ សរីរាង្គ​ឥន្ទ្រិយ​ឥត​ដើរ​ទេ ហេតុ​អ្វី​ក៏​មាន​សំណង់​រូបភាព ? តើ​សំណង់​រូបភាព​នោះ មក​ពី​ណា?
ចម្លើយ : នៅ​ពេល​យល់​សប្តិ សរីរាង្គ​ឥន្ទ្រិយ​ បាន​ឈប់​សម្រាក​ តែមាន​ព្រលឹង​វិញ្ញាណ​ប្រក្រតី ពោល​គឺ​ សរីរាង្គ​ឥន្ទ្រីយ​ មាន​មុខ​ងារផ្សេង​ទៀត ជាមួយ​អារម្មណ៍​ក្នុង​ការ​បង្កើត​សំណង់​រូបភាព គឺ​មាន​លក្ខណៈ​ជា​រូបភាពប្រត្យក្ស​ផង ជា​រូបភាព​មនោគតិ​ផង ។
សំណួរ : អ្វី​ទៅ​ហៅ​ថា​ ការ​រវើរវាយ (Rêveries) ?
ចម្លើយ : ការ​រវើរវាយ គឺ​ជា​សភាព​អកម្ម​មួយ​នៃ​ចិត្ត ដែលរង់​ចាំ​ទទួល​នូវ​រូបភាព​ទាំង​អស់​ កើត​មាន​ឡើង ហើយ​រូបភាព​ទាំង​ឡាយ ដែល​កើត​មក សុទ្ធ​តែ​តាម​របៀប​បណ្ដុំ​គំនិត​ទាំង​អស់ (Association des idées) ។


ចំណងជើង​សៀវភៅ ៖ ទស្សនវិជ្ជា : សំណួរ-​ចម្លើយអត្ថាធិប្បាយ សម្រាប់​ថ្នាក់​បញ្ចប់
រៀបរៀង​ដោយ : សុខ សុត្ថាល សាស្ត្រាចារ្យបវញ្ញាទស្សនវិជ្ជា
ឆ្នាំ​បោះពុម្ពផ្សាយ : ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៥
បោះពុម្ពដោយ : រោង​ពុម្ព មហាលាភ

Share on Google Plus

About Unknown

0 comments:

Post a Comment