រឿង មាលាដួងចិត្ត


ប្រលោមលោក កំណាព្យ​កាព្យ​ឃ្លោង អត្ថបទ​អក្សរសិល្ប៍​ផ្សេងៗ​ទៀត ពោល​គឺ​អ្វីៗ​ជា​សំណេរ​ទូទៅ តែង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​អ្នក​តែង​ សម្ដែង​ ដែល​បាន​សរសេរ​និពន្ធ​ប្រឌិត​ឡើង​ភ្ជាប់​អ្វីៗ ជា​ទិដ្ឋភាព​ទាំង​ឡាយ​ក្នុង​សង្គម មាន​អ្នក​ជិត​ខាង បញ្ហា​ផ្ទាល់​ខ្លួន រដ្ឋ​អំណាច ទេសភាព​ភូមិ​ស្រុក វិបត្តិ​ហេតុ​ក្នុង​សង្គម ក្នុង​សម័យ​មួយ... យក​មក​តែង​ សម្ដែង​ជា​សំណេរ តាម​រចនា​បទ តាម​ចំណេះ​ចេះ​ដឹង ជា​វិជ្ជា តាម​មនោសញ្ចេតនា តាម​ការ​រន្ធត់​រំភើប​របស់​អ្នក​និពន្ធ​ម្នាក់ៗ ។ល។

ការ​បង្ហាញ​ជីវប្រវត្តិ​សង្ខេប​ខ្លះ​លើ​អ្នកនិពន្ធ​ ធ្វើ​ឲ្យ​យល់​សំណេរ​អ្នកនិពន្ធ​នោះៗ​កាន់​តែ​ដល់​ជម្រៅ​។ ដូច្នេះ ការ​សិក្សា​អក្សរសិល្ប៍​ខ្មែរ​ទំនើប​នេះ គួរ​លើក​យក​អ្នកនិពន្ធ​មក​បង្ហាញ ប្រសិន​បើ​មាន ដែល​ជា​ជំនួយ​យ៉ាង​សំខាន់ ដើម្បី​យល់​ និង​ពន្យល់​អត្ថបទ​របស់​អ្នកនិពន្ធ។ បាន​សេចក្ដី​ថា អក្សរសិល្ប៍​ផ្នែក​ប្រលោមលោក​ទំនើប​យើង​មិន​អាច​ផ្ដាច់​អ្នកនិពន្ធ និង​ស្នាដៃ​គាត់​បាន​ទេ​។ ព្រោះ​សំណេរ​ទាំង​ឡាយ​ចេញ​ពី​អ្នក​តែង សម្ដែង ដែល​បាន​លាត​ត្រដាង បក​ស្រាយ​មនោរម្មណ៍​ ឬ​គតិ​ផ្សេងៗ... តាម​រយៈ​ស្នាដៃ​គាត់។

ជីវប្រវត្តិ​សង្ខេប

អ្នកនិពន្ធ នូ ហាច កើត​ពី​ថ្ងៃ ២៦ មិថុនា ១៩១៦ នៅ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជា​កូន​លោក​តា ឃួន នូវ និង​លោក​យាយ ឱរ មូច​ ។ ពី​កុមារ​ធ្លាប់​បាន​រៀន​នៅ​វត្ត​ក្នុង​ភូមិ​កំណើត រៀន​អក្សរ​ចេះ​មើល​សាស្ត្រា​បាន​យ៉ាង​ស្ទាត់។
  • ឆ្នាំ ១៩៣២ បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុ​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ រហូត​ដល់​ឆ្នាំ ១៩៣៩ ក្រោយ​ដែល​ជាប់​មធ្យម​សិក្សា​ប័ត្រ​ភាគ​ទី​មួយ ហើយ​លោក​បាន​ចូល​ធ្វើ​ជា​ចៅ​ក្រម ផ្លាស់​មក​ភ្នំពេញ​វិញ ក្រោយ​ពី​រៀប​អាពាហ៍​ពិពាហ៍​។
  • ឆ្នាំ ១៩៤៧ បាន​ទៅ​បម្រើ​នៅ​ក្រសួង​ឃោសនាការ កាន់​កាប់​ខាង​ការ​ផ្សាយ​កាសែត​កម្ពុជា ។
  • ឆ្នាំ ១៩៤៨ ធ្វើ​ជា​លេខាធិការ​ផ្ទាល់​នៃ​ទ្រង់​យុត្តិវង្ស នាយក​រដ្ឋ​មន្ត្រី បន្ទាប់​ពី​ទ្រង់​យុត្តិវង្ស​សុគត​ទៅ លោក​ត្រឡប់​មក​ក្រសួង​ឃោសនាការ​វិញ ធ្វើ​ជា​នាយ​ខុទ្ទកាល័យ​។
  • ឆ្នាំ ១៩៥២ លោក​ចូល​ទៅ​បម្រើ​នៅ​ក្រសួង​ការបរទេស​វិញ ដែល​នៅ​ជាប់​មុខ​ងារ​ជា​មន្ត្រី​ការ​ទូត​ខ្មែរ​។
  • ថ្ងៃ ១៦ មិថុនា ១៩៥២ ដល់ ២៣ មករា ១៩៥៣ សម្ដេច​ព្រះនរោត្ដម សីហនុ ជា​នាយក​រដ្ឋ​មន្ត្រី បាន​តែង​តាំង​លោក នូ ហាច ជា​រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ដោយ​ព្រះរាជ​ក្រឹត្យ លេខ ២៥២ ថ្ងៃ ១៥ មិថុនា ១៩៥២ ។
លោក​បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ តាំង​ពីថ្ងៃ​ទី ១៧ មករា ឆ្នាំ ១៩៥៨ ។
ក្នុង​ក្រសួង​ការបរទេស លោក​បាន​ទទួល​តំណែង​ចុង​ក្រោយ​ជាឯក​អគ្គ​រាជ​ទូត​ខ្មែរ​ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប្រហែល​នៅ​ឆ្នាំ ១៩៦៩ ។ លោក​និវត្តន៍​ចូល​ភ្នំពេញ​ប្រហែល​នៅ​មុន​ឆ្នាំ ១៩៧៥ ។
ស្នាដៃ​សំខាន់ៗ ៖
  • រឿង​ ផ្កា​ស្រពោន បោះ​ពុម្ព ឆ្នាំ ១៩៤៩ ។
  • រឿង នារី​ជាទី​ស្នេហា បោះ​ពុម្ព ឆ្នាំ ១៩៥៣ ។
  • រឿង លាវណ្យ និង​រវិន្ទ បោះ​ពុម្ព ឆ្នាំ ១៩៥៥ ។
  • រឿង មាលាដួងចិត្ត បោះ​ពុម្ព ឆ្នាំ ១៩៧៥ ។

ប្រលោមលោក " មាលា​ដួង​ចិត្ត "


គ្រាន់​តែ​ឃើញ​ចំណង​ជើង នាំ​ឲ្យ​យើង​គិត​ម៉ៃ​ស្មាន​សន្និដ្ឋាន​ថា​ ជា​រឿង​ស្នេហា​ចំពោះ​កំលោះ​-​ក្រមុំ​ប៉ុណោ្ណះ​។ ព្រោះ​ពាក្យ​ " មាលា​ដួង​ចិត្ត " បាន​បង្ហាញ​អារម្មណ៍ និង​ការ​គិត​ដល់​កម្រង​ផ្កា ជា​និមិត្ត​រូបារម្មណ៍ លំអ​ស្ត្រី​មាន​ក្លិន​ប្រហើរ​ក្រអូប​ដូច​បុប្ផា ដែល​ក្រង​ស្រាក់​ទាក់​ប្រទាញ​ជាប់​នឹង​ដួង​ចិត្ត គំនិត​មនោ​រម្មណ៍​កំលោះ ដែល​រំភើប​ក្នុង​រឿង​ស្នេហា។ តែ​ក្រៅ​ពី​ធាតុ​ស្នេហា​នេះ អ្នកនិពន្ធ​បាន​លាត​ត្រដាង​ទិដ្ឋភាព​ចំរុះ​ឯ​ទៀតៗ ច្រើន​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ ខ្លះ​ក្នុង​ " សម័យ​លោក​ម្ចាស់ " ជា​ពេល​ដែល​ខេត្ត​បាត់ដំបង នៅ​ក្រោម​អំណាច​សៀម មុន​សម័យ​អាណានិគម​បារាំង សម័យ​សង្គ្រាម​លោក​លើក​ទី​ ២ ពី​ជីវិត​សិស្ស​សាលា​មធ្យម​សិក្សា​ព្រះ​ស៊ី​សុវត្ថិ នៅ​ជំនាន់​នោះ (ប្រហែល​ជា​ជាប់​នឹង​ជីវិត​សិក្សា​អ្នកនិពន្ធ​ផ្ទាល់) ពី​ទេសភាព​ក្រុង ស្រុក​ភូមិ នៅ​សម័យ​អាណានិគម​បារាំង ខុស​ពី​ទេសភាព​សម័យ​ឯករាជ្យ​ពី​ទំនាក់​ទំនង​រដ្ឋ​អំណាច​ខ្មែរ​-​បារាំង និង​ប្រជាជន​ខ្មែរ​ ។ល។

ចំពោះ​រឿង​ស្នេហា​ទៀត​សោត គឺ​មិនមែន​ជា​ស្នេហា​ទាប​ថោក​ អ្នកនិពន្ធ​បាន​ច្នៃ​ប្រឌិត​ក្នុង​ឧត្ដម​គតិ​រុង​រោចន៍ គឺ​បាន​បង្ហាញ​ទំនាស់​វិបត្តិ​រវាង​កំលោះ​-​ក្រមុំ ស្នេហា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តែ​មាន​ទំនាស់​ទំនុយ​ជាតិ​សាសន៍ វណ្ណៈ​ខុស​គ្នា ហើយ​បាន​យក​រឿង​ជាតិ ប្រទេស​ជា​ធំ ឯ​រឿង​ស្នេហា​ផ្ទាល់​ខ្លួន​ទុក​ជា​ក្រោយ​។

ជា​បញ្ចប់​ អ្នកនិពន្ធ​បាន​ច្នៃ​ឲ្យ​តួ​អង្គ​បុរស-​ស្ត្រី បាន​ជួប​គ្នា​សុខ​សាន្ត បន្ទាប់​ពី​បាន​សន្តិភាព​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​ខ្មែរ​-​ថៃ​នេះ​ឯង ផ្ទុយ​ពី​រឿង​ " ផ្កា​ស្រពោន " ដែល​ព្រាត់​គ្នា​រហូត​ដល់​តួ​អង្គ​ស្ត្រី​ស្លាប់ ដែល​ជា​រឿង​កម្សត់​សោក​សៅ​រហូត​ដល់​ចប់​។

ប៉ារីស ថ្ងៃ​ទី ៩ វិច្ឆិកា ១៩៨០

ឃិង ហុក​ឌី


កថាមុខ


ប្រលោមលោក​ថ្មី ដែល​ខ្ញុំ​សូម​យក​មក​ស្នើ​ជា​គ្រឿង​កម្សាន្ត​សម្រាប់​មិត្ត​អ្នក​អាន​ក្នុង​ពេល​នេះ ជា​រឿង​គម្រប់​ទី​បួន​របស់​ខ្ញុំ។ ដូច​មុនៗ​ដែរ សៀវភៅ​នេះ​បាន​តែង​ចប់​ក្នុង​ពេល​ឧត្ដម​គតិ​មិន​ទាន់​ត្រូវ​ទម្លុះ​ទម្លាយ​ជា​ណាស់​ណា​ពេក​ទេ ដោយ​បញ្ហា​ជីវិត ពោល​គឺ​រវាង​ម្ភៃ​ឆ្នាំ​មក​ហើយ។ ក្រដាស​សំណៅ​ដើម​ប្រែ​សម្បុរ​ឡើង​លឿង ពណ៌​ស្ករ​ត្នោត ហើយ​ផុយ​របេះ​ដុំៗ ព្រោះ​ជរាភាព។

ហេតុ​ធំ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្ទាក់​ស្ទើរ​យឺត​យូរ ក្រ​ផ្សាយ​ដល់​ម្ល៉េះ មក​ពី​មាន​បារម្ភ​ក្រែង​អ្នក​ផង​លើក​តួ​បុគ្គល​ខ្លះ​ក្នុង​រឿង​ទៅ​ប្រដូច ឬ​ចោទ​ថា​ជា​ផ្នែក​ជីវភាព​របស់​បុរស​ស្ត្រី​ណា​មួយ ឬ​យល់​ថា​ជា​ការ​រិះ​គន់​ចំពោះ​អ្នក​មុខ​អ្នក​ការ​ណា​មួយ​ទៅ​វិញ។ ក្នុង​ចំណុច​នេះ ពិសោធន៍​រឿង​ផ្កា​ស្រពោន អាច​មាន​ឡើង​ បាន​ផ្ដល់​នូវ​ឧទាហរណ៍​ស្រាប់​មក​ហើយ។ ព្រោះ​មាន​អ្នក​មាន​ច្រើន​នាក់ បាន​យល់​ច្រឡំ​ហើយ​លើក​ប្រដូច​តួ​បុគ្គល​នានា​ក្នុង​រឿង​នោះ ទៅ​លើ​ជន​ដែល​មាន​ជីវិត​រស់​នៅ​មែន​ទែន។

ដើម្បី​ចៀស​វាង​មន្ទិល​សង្ស័យ​យ៉ាង​នេះ​ទៀត ខ្ញុំ​បាន​យល់​ថា​គប្បី​ទុក្ខ​ពេល​វេលា​កន្លង​ហួស​ទៅ​ឲ្យ​បាន​វែង​ឆ្ងាយ​បន្តិច​សិន ក្នុង​បំណង​បន្សាប​ការ​ប្រដូច  ឫ​អត្ថាធិប្បាយ​ផ្សេងៗ​ដែល​អាច​មាន​ឡើង ។
ដូច្នេះ​ខ្ញុំ​សូម​បញ្ជាក់​ផ្ទួន​ជា​ថ្មី  សៀវភៅ​នេះ​ពុំ​មែន​ជា​ប្រវត្តិ​បន្លំ​របស់​ជន​រូប​ណា​ឡើយ  ទោះ​មាន​ឋាន:​ក្នុង​សង្គម​ខ្ពស់  ឫ​ទាប​យ៉ាង​ណា​ក៏​ដោយ  ថ្វី​បើ​នៅ​ភាគ​ខាង​ចុង​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ចូល​មក​ជា​ផ្ទាំង​តម្បាញ​នៃ​រឿង​លើក ។  អាស្រ័យ​ហេតុ​នេះ​ប្រសិន​បើ​អ្នក​អាន​សង្កេត​ឃើញ  ឫ​យល់​ថា  មាន​កន្លែង​ណា​សម​ដូច​ការ​ពិត​ខ្លះ​សូម​សន្និដ្ឋាន​ចាត់​ជា​ដំណើរ​ចៃដន្យ​ទៅ​វិញ​ផង​ចុះ ។

ប្រលោមលោក  មា​លា​ដួង​ចិត្ត  នេះ​និទាន​បាន​ផ្ដើម​ក្នុង​ឆ្នាំ​១៩៣៩  គឺ​នៅ​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​ចាប់​ឆួល​ឆេះ​ឡើង​ហើយ​មក​ចប់​នៅ​ចុង​ឆ្នាំ​១៩៤៦  គឺ​នៅ​ពេល​ខេត្ត​បាត់​ដំបង និង​ដែន​ដី​យើង​ទាំង​ប៉ុន្មាន  ដែល​បាត់​ដំបង​ទៅ​នោះ  បាន​វិល​ត្រឡប់​មក​រួប​រួម​ក្នុង​សមាគមន៍​ជាតិ​វិញ ។


អ្នក​និពន្ធ មាន​បំណង​ឲ្យ​សៀវភៅ​នេះ​មាន​គុណ​ភាព​ជា​កញ្ចក់​ឬ​ជា​ផ្ទាំង​គំនូរ  រូប​ភាព  សម្រាប់​គំនិត  និង​ឧត្ដម​គតិ​របស់​យុវជន​ខ្មែរ​ក្នុង​សម័យ​នេះ ។

មាន​ហេតុ​មួយ​ទៀត  ដែល​នាំ​ឲ្យ​ខ្ញុំ​ប្រតិស្ឋ​រឿង  មា​លា​ដួង​ចិត្ត​នេះ ។ អ្នក​អាន​យ៉ាង​ក្រាស់​ក្រែល  មាន​នារី​ជា​ភាគ​ច្រើន​បាន​បន្ទោស​ខ្ញុំ​ថា  ចិត្ត​អាក្រក់​ណាស់  ដោយ​បណ្តោយ​ឲ្យ​នាង​វិធាវី​ក្នុង​រឿង  ផ្កា​ស្រពោន  ស្លាប់​បាត់បង់​អាយុ​ទាំង​ក្មេង​ខ្ចី  ហើយ​ស្លូត​ត្រង់​ផង់ ។ ខ្ញុំ​សរសេរ​រឿង​ថ្មី​នេះ  ក្នុង​បំណង​ចង់​លុប​លាង​នូវ​ការ​រិះ​គន់​បែប​នេះ​ទៀត ។ តើ​សម្រេច​ដូច​ប្រាថ្នា​មែន ឫ​យ៉ាង​ណា ? សូម​មិត្ត​ទាំង​ឡាយ  មេត្តា​វិនិច្ឆ័យ​ផង​ចុះ ។


សរុប​សេចក្ដី​ទៅ សៀវភៅ​រឿង​នេះ ដែល​បរិបូណ៌​ដោយ​យុវភាព  ហើយ​ដែល​ពិពណ៌នា​អំពី​គំនិត  និង​ឧត្ដម​គតិ​នៃ​យុវជន​ក្នុង​អំឡុង​ឆ្នាំ​១៩៣៩​-​១៩៤៦ សូម​យុវជន​យើង​ជំនាន់​ក្រោយ​ទុក​ជា​សក្ខីភាព​មួយ​នា​កាល​សម័យ​នោះ ។

ខ្ញុំ​សូម​ឧទ្ទិស​សៀវភៅ​នេះ ចំពោះ​វិញ្ញាណក្ខន្ធ​លោក ឃួន នៅ ​ជា​បិតា​លោក​ ឱរ ស៊ិន ជា​ឪ​ពុក​ធំ ដែល​លោក​បាន​ណែនាំ​ខ្ញុំ​ស្រលាញ់​អក្សរសាស្ត្រ​តាំង​ពី​កុមារ​ភាព ហើយ​ចំពោះ​យុទ្ធជន​យើង​វីរបុរស​យើង​ដែល​បាន​បូជា​ជីវិត​ដើម្បី​មាតុភូមិ ។

ភ្នំ​ពេញ មេសា​១៩៧២
ន​.​ហ​.​

-​១​-

វិទ្យាល័យ​-​គ​.​ស​.​១៩៣៩


ដូច​ជា​ពិបាក​គិត​ដែល​!​  ​.​.​.​មិន​ដឹង​ជា​ត្រូវ​ចាប់​និយាយ​ពី​ត្រឹម​ណា​ទេ​រឿង​នេះ ព្រោះ​មាន​រាង​និង​ភាព​ដូច​ពពក​មាន​ពណ៌​ច្រុះ ដូច​ឥន្ទធនូ ហើយ​មាន​មាឌ និង​កំពស់​កំពរ​ប៉ុន​យក្សា ។

ក្នុង​ដួង​ចិត្ត​យុវជន​អាយុ​ម្ភៃ​ឆ្នាំ អារម្មណ៍​ដ៏​អស្ចារ្យ​នេះ ជួន​ណា​បោក​បក់​ជា​ព្យុះ ជួន​ណា​ផាត់​ផាយ​ជា​ខ្យល់​ជំនោរ ។ ទុក្ខ​និង​សេចក្ដី​សង្ឃឹម​តែង​ផ្លាស់​វេន​គ្នា​ក្នុង​សតិ​មួយ ដែល​មាន​គំនិត​វែង​ឆ្ងាយ តែ​ស្រួយ​ដូច​ពពុះ​សាប៊ូ ដែល​អណ្ដែត​ត្រ​សែត​មួយ​សន្ទុះ លំអ​ដោយ​ឆព្វណ្ណរង្សី​ចាំង​ឆ្លុះ​ទៅ​លើ ។

ឱ​!​ឆ្នេរ​សមុទ្រ​ដែល​បរិបូរណ៍​ដោយ​ក្លិន​ក្រអូប​ឆួល ដែល​វិចិត្រ​ដោយ​កូន​ខ្ទម​ជ្រក​ក្រោម​ដើម​ដូង​ល្វន់​ល្វៃ មាន​កម្រង​វល្លិ៍​ផ្កា​រុំ​ស្រោច​ដូច​ហត្ថា​នាង​នាដ​ការ ។វា​យោ​ហើរ​ពី​ផ្ទៃ​សាគរ​មក​យោល​ភួង​ធម្មជាតិ​ឲ្យ​មាន​ចលនា​ទន់ភ្លន់ រួច​ហើយ​ក៏​តាំង​ដឹក​នាំ​ទៅ​ឆ្ងាយ​ពិដោរ​ឈ្ងុយ​ឈ្ងប់ ។

ទេស​ភាព​ត្រ​កាល​នេះ មាន​នា​ទី​ជា​អង្រឹង​សម្រាប់​យោល​រំ​សាយ​ទុក្ខ​នៃ​យុវជន​ដែល​ស្រ​វឹង​ដោយ​ឃ្លោង ដោយ​កាព្យ​ថ្លា​ដូច​ចរណៃ ហើយ​ស្អាត​ដូច​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី ។ កវី​និពន្ធ​ដ៏​មាន​ពាក្យ​ពីរោះ​ហាក់​ដូច​ជា​កើត​ពី​ទេព​កោសល្យ ដែល​ត្រាំ​នៅ​ក្នុង​ទុក្ខ​ព្រួយ ហើយ​រមែង​ក្ដោប​ស្រោប​នូវ​វិការ​ដ្ឋាន​នៃ​ជីវិត បរិបូណ៌​ទៅ​ដោយ​ការ​ប្រយុទ្ធ ការ​ដណ្ដើម​ស្ទើរ​ស៊ី​សាច់​គ្នា ។

អាត្ម័ន​ជរា ព្រលឹង​រេច​រិល អាច​រត់​ចូល​ជ្រក​បាន​ក្នុង​សាសនា​ប៉ុន្តែ​អាត្ម័ន​ក្មេង យុវចិន្តា​នឹង​រក​កំពង់ផែ​ចូល​សម្រាក​បាន​តែ​ក្នុង​កា​មារម្មណ៍ ។

គិត​សព្វៗ​ទៅ​សេចក្ដី​ស្នេហា​ជា​សាសនា​មួយ​បែប​ដែរ សម្រាប់​យុវជន ព្រោះ​រមែង​មាន​សទ្ធា មាន​ជំនឿ មាន​សេចក្ដី​ទុក​ចិត្ត​ទៅ​វិញ​ទៅ​មក ។ តែ​សាសនា​នេះ​ចាស់ៗ បែរ​ជា​មិន​យល់ ដោយ​ភ្លេច​សូន​ឈឹង​ថា កាល​ពី​ដើម​មក​ខ្លួន​ធ្លាប់​ក្មេង​ដូច​គ្នា​ដែរ​ទេ​តើ ​!​ ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចាស់ៗ ទាំង​នោះ តែង​កាន់​គំនិត​រឹង​ត្អឹង កាន់​លទ្ធិ​សម្បូណ៌​ជា​សិទ្ធិ ចំពោះ​លំពង់​ត្រួយ​ខ្ចី​នៃ​មនុស្ស​ជាតិ ។

គួរ​យើង​គិត​ថា ផ្កា​ក្រូច​ពោធិ៍​សាត់​មាន​ក្លិន​ក្រអូប​ជាង​ផ្លែ​វា​ដែល​ទុំ​លឿង​ជូរ​។យ៉ាង​នេះ​ហើយ​បាន​ជា​យុវជន​អាច​ក្រេប​ឱជារស ជីវភាព​បាន​ជា​ជាង​មនុស្ស​រសៀល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាណព និង​មាណវី មាន​ទី​តាំង​ជិត​ជាង​ក្នុង​គោល​បំណង​ព្រះ​កាម​ទេព​។

គំនិត​​ពិពណ៌នា​ខាង​លើ​នេះ ជា​យោបល់​របស់​ក្មេងៗ ដែល​រៀន​នៅ​វិទ្យាល័យ​ស៊ី​សុ​វត្តិ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​។ យុវជន​ទាំង​នោះ​យល់​ដោយ​ខុស ហើយ​ដោយ​អយុត្តិធម៌​ខ្លះ​ផង​ក៏​ពុំ​ដឹង​ថា ចាស់​សង្កត់​សង្កិន​ព្រលឹង និង​ចិន្ដា​របស់​ខ្លួន ហើយ​ថែម​ទាំង​បំពុល​សេចក្ដី​ត្រេក​ត្រអាល​ទៀត​ផង់​។

គិត​ខុស​ក៏​ដោយ ត្រូវ​ក៏​ដោយ ក្មេងៗ​ បើ​យល់​យ៉ាង​ណា​ហើយ​តែង​ជួញ​ចិត្ត​ធ្វើ​ឲ្យ​គំនិត​នោះ​បាន​សម្រេច​បាន​ពិត​ប្រាកដ ដោយ​សកម្ម​ក្រៃ​លែង​។ ដើម្បី​យល់​នូវ​មនោ​សញ្ចេតនា​ផ្សេងៗ ដែល​រមែង​កញ្ជ្រោក​បោក​បោះ​អាត្ម័ន​យុវជន​នោះ ទើប​សូម​នាំ​រឿង​នេះ​មក​និទាន​ដូច​ត​ទៅ ៖

                                                                     ***
ថ្ងៃអាទិត្យ​!​ អរុណ​ចាប់​លាប​ពណ៌​ក្រហម​ទុំ ទៅ​លើ​ជើង​មេឃ​ខាង​កើត​។ ក្នុង​សយន​ដ្ឋាន​នៃ​វិទ្យាល័យ​ស៊ី​សុ​វត្តិ ដែល​សេចក្ដី​ស្ងប់​ស្ងាត់​គ្រប់​ដណ្ដប់​នៅ​ឡើយ ព្រោះ​មិន​ទាន់​ដល់​ម៉ោង សម្លេង​ខ្សឹប​ខ្សៀវ​ចាប់​ឮ​ខ្សាវៗ ពី​ត្រង់​នេះ​បន្តិច ត្រង់​នោះ​បន្តិច​។មាត់​មាន់​រងាវ​បង្ហួស​បែប​បទ​វែង​អន្លាយ​ក្នុង​ពន្លឺ​ស្រាលៗ នៃ​ព្រហាម​។ សេះ​សង្គម​ដែល​ទាញ​រទេះ​ដឹក​បន្លែ​មួយ​អន្លើ និង​ស្បែក​ជើង​ឈើ​ចិន​កន្តាំង​បាន​នាំ​គ្នា​វាយ​ផ្ទៃ​ថ្នល់​ចាក់​ជ័រ ឮ​ភ្លិបផ្លាប់ ឫ​ក្រោក​ក្រាក​។ កង់​ទ័ព​ក្អែក​ចេញ​ពី​ទ្រនំ​ដើម​អំពិល ខ្វក​កេក​កាកៗ លាន់​រំពង ហើយ​ហើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ដែល​មាន​ពំនូក​ពពក​ធំៗ ដេក​ទ្រមក់​ត្រាំ​ក្នុង​កម្ជិល​ច្រអូស​នៅ​ឡើយ​។

មួយ​សន្ទុះ​ក្រោយ​មក ស្គរ​អ្នក​យាម​ទ្វារ​រោទ៍​កំរើក​រំ​ជួយ​អាកាស​ពណ៌​ខៀវ​នៃ​ព្រឹក​ព្រហាម ហើយ​សូរ​ស័ព្ទ​ហ៊ោ​កញ្ច្រៀវ​ក៏​ស្ទុះ​ឡើង​ដូច​ចិន​អុច​ផាវ​សែន​អ្នក​តា​។ អ្នក​ខ្លះ​ចាប់​ប្រយុទ្ធ​នឹង​សង្កើច​ដោយ​យក​ស្បែក​ជើង​ឈើ​វាយ​បំពៀច​បច្ចាមិត្ត ដែល​បាន​ស្រូប​ឈាម​ពី​យប់​ទៅ​លើ​ក្ដារ​គ្រែ​ឮ​ផូង​ផាង​។ ក្នុង​សម័យ​នោះ​មិន​ទាន់​ស្គាល់​ច្បាស់​នៅ​ឡើយ​ទេ នូវ​ការ​ប្រើ​ម្សៅ​ដេដេតេ សម្រាប់​សម្លាប់​សត្វ​ល្អិត​។ អ្នក​ខ្លះ​ទៀត​សព្វ​បាឡុង​ឮ​ភិបៗ ហើយ​មួយ​ពួក​ផ្សេង​ដទៃ​ក្រ​មា​មួយ​វ័ណ្ឌ​នៅ​ចង្កេះ​នាំ​គ្នា​ប្រ​មូល​ខោ​អាវ​យក​ទៅ​បោក​នៅ​ក្បាល​ម៉ា​ស៊ីន​ទឹក​ក្រោយ​"​ដ័រត្វារ​"​។

សូរ​ទ្រ​ហឹង​អឹង​អាប់​បាន​ដាស់ ទីឃាវុធ​ ភ្ញាក់​ពី​ដំណេក​ក្រោក​ឡើង​ប្រ​មូល​ក្រ​សោប​ជើង​មុង​ពាក់​លើ​ដំបូល រួច​ក៏​តាំង​អង្គុយ​សញ្ជឹង​សញ្ជប់​នៅ​លើ​គ្រែ ដោយ​មាន​មុខ​ស្ងួត​ស្ងប់ ក្មេង​កំលោះ​នេះ​នឹក​គួច​ដល់​នារី​ដែល​កាល​ពី​ម្សិល​មិញ វិទ្យុ​បាន​នាំ​មក​នូវ​សម្លេង​ថ្លា​ដូច​កែវ​ទិព្វ​។ នៅ​ជិត​សយនដ្ឋាន​គឺ​នៅ​ម្ខាង​វិថី​ហ្វ្រង់ស្វាហ្វុងតែន​អ្នក​ម្ចាស់​ផ្ទះ​មួយ​បាន​បើក​វិទ្យុ​ស្ដាប់​ចំ​រៀង សិល្ប​ការិនី​សៀម​ច្រៀង​ពីរោះ​ទន់​ល្មើយ​។ គឺ​សម្លេង​នេះ​ហើយ​ដែល​មក​ប្រ​លោម​ចោម​បំពេ​អាត្ម័ន​ទីឃាវុធ ដែល​ស្រេក​ឃ្លាន​នូវ​កាមារម្មណ៏​។ ចៅ​មាណព​ស្ដាប់​ពុំ​បាន​ច្បាស់​នូវ​សំ​ដី​ទំនុក​ច្រៀង​ទេ តែ​សាច់​ពីរោះ ដែល​មាន​ផ្នត់​ទូ​លាយ​ល្វឹង​ល្វើយ បាន​គួច​ព្រលឹង​ឲ្យ​អណ្ដែត​អណ្ដូង​រមណីយដ្ឋាន​មួយ​នា​វិមាន​សួគ៌ាល័យ​។


សៀវភៅ​ដាក់​ផ្កាប់​លើ​ដើម​ទ្រូង ទៀន​លើ​ក្បាល​ដំណេក​ឆេះ​ចោល​ទទេ អ្នក​កំលោះ​តាំង​បង្ហើប​គំនិត​ទៅ​ទី​ដោយ​មនោរម្យ​។ ស្ថិត​ក្នុង​សភាព​យ៉ាង​នេះ ចិន្ដា​តាំង​នឹក​គួច​ពី​ចម្ងាយ​នូវ​សោភ័ណ​ភាព​នៃ​សិល្ប​ការិនី ម៉្លេះ​ សម​នាង​មាន​មូល​ពេញ​មាន​ភ្នែក​ខ្មៅ​ថ្លា​យង់ ដែល​មាន​រោម​ត្របក​ភ្នែក​វែង​ង ចិញ្ចើម​ចាំ​ការពារ​មាន​សក់​ខ្មៅ​រលើប​ទម្លាក់​រលក​អង្កាញ់​មក​លើ​ស្មា​ពណ៌​សណ្ដែក​បាយ​ហើយ​ជា​រនាំង​សម្រាប់​កញ្ចឹង​ក ដែល​កំរើក​ចុះ​ឡើង​ដោយ​សម​សួន​ធ្វើ​ឲ្យ​ក្បាល​រេរា​គួរ​គយគន់ បី​ដួច​ដើម​ស្នោ​យោល​ផ្កា​លឿង​ឆ្អិន​ក្នុង​ក្រសែ​ខ្យល់​ជំនោរ​។ ម៉្លេះ​ សម​នាង​មាន​បបូរ​មាត់​ពណ៌​ផ្កា​ឈូក​ដែល​បិទ​ហើយ​បើក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ធ្មេញ​ស​ផ្លា​ដូច​ផ្កា​ម្លិះ​លា​។ម៉្លេះ​សម​នៅ​លើ​ទ្រូង​អាវ​ព្រែ​សាច់​ម៉ដ្ឋ​ខៃ​កាត់​ដេរ​យ៉ាង​ប្រណិត ទុក​ឲ្យ​ស្មាន​នូវ​រាវ​ប៉ោង​ក្បំ​នៅ​ឱ​រ៉ា នាង​ពាក់​បន្តោង​ពេជ្រ​ដែល​ដេញ​រស្មី​ភ្លើង​ភ្លឺ​ពព្រាយ​។ទីឃាវុធ​ស្ដាប់​សំឡេង​ច្រៀង​ក្នុង​រា​ត្រី ហើយ​ស្រមៃ​ឃើញ​ជាក់​ច្បាស់​ដូច​ទល់​មុខ​គ្នា នូវ​រូប​ឆោម​នារី​ដែល​មាន​សំ​ដី​ពិរោះ​ក្រអៅ​។សិស្ស​លី​សេ​មិន​ដែល​គិត​ដល់​ម្ដង​ណា​សោះ​ថា រមណី​វត្ថុ​នេះ​អាច​ចេញ​បាន​ពី​រូប​រាង​មួយ ដែល​ធម្មជាតិ​ពុំ​មាន​សប្បុរស​ធម៌​តុប​តែង​ឲ្យ​យ៉ាង​នោះ​ទេ​។បើ​អ្នក​ណា​ចង់​ភ្នាល់​ក៏ ទីឃាវុធ​ ហ៊ាន​ភ្នាល់​ដែរ សំឡេង​បរិសុទ្ធ​ឥត​មន្ទិល ឥត​ស្រាំ ឥត​ឆា​យ៉ាង​នេះ ប្រាកដ​ជា​ពុំ​មែន​ចេញ​ពី​អង្គ​ខ្លួន​ក្រងិង​ក្រងង់​បាន​ឡើយ !​ កំពុង​តែ​យោ​សប្តិ​ទាំង​ភ្នែក​យ៉ាង​នេះ ស្រាប់​តែ​វិទ្យុ​ឈប់​ស្ងាត់​ឈឹង​។អន្ទះអន្ទែង​ក្រ​ហាយ​ក្រ​ហល់​ក្រៃ​លែង ទីឃាវុធ​ បិត​សៀវភៅ​គណិត​សាស្ត្រ​ដែល​ខ្លួន​បាន​បញ្ចប់​មេ​រៀន​មួយ ហើយ​ចាប់​កម្រង​កវី​និពន្ធ​មក​អាន​វិញ​។ នាយ​កំលោះ​បើក​ក្រេប​ជញ្ជក់​ម្ដង​ទៀត នូវ​សាច់​កាព្យ​៉​ឡឺសូល​៉​របស់​អ័លហ្វ្រិដដឹមិស្សេត៏​។ មួយ​សន្ទុះ​ក្រោយ​មក​លុះ​បាន​ផ្លុំ​ពន្លត់​ទៀន​ស្រេច​ហើយ សេចក្ដី​លង់​លក់​ក៏​ស្រូប​គំនិត​ចិន្ដា​ចៅ​មាណព​ទៅ​ក្នុង​សកល​សុបិន្ដ​យល់​សប្តិ​។

 
ប៉ុន្តែ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កំលាំង​ដែល​ភ្ជាប់​អង្គុយ ទីឃាវុធ​យ៉ាង​យូរ​នៅ​លែ​គ្រែ គឺ​វិការ​ដ្ឋាន​ដែល​វិញ្ញាណ​ប្រតិស្ឋ​ឡើង​ក្នុង​ពេល​ដែល​ដេក​លក់​។ថ្វី​បើ​ដឹង​ថា​ជា​ការ​ភូត​កុហក ថ្វី​បើ​ជា​ក្ដី​សង្ឃឹម​ក្លែង​ក្លាយ ដែល​ភ្លឺ​ព្រោង​ព្រាយ​តែ​មួយ​ភ្លែត​ដូច​ភ្លែត​បន្ទោរ តែ​កំលោះ​យើង​នៅ​តែ​សញ្ជឹង​គិត​ទៅ​រក​ដោយ​សប្បាយ​ផង ឈឺ​អួល​ផ្សារ​ផង​។ជា​ប្រក្រតី​សុបិន​និមិត្ត​ជា​ដំណ​នៃ​ប្រាកដ​និយម​។

យល់​សប្ដិ​នោះ​បាន​បន្លប់ ទីឃាវុធ​ ថា​មាន​រថយន្ត​ដំ​បូល​ផ្លិត​ដែល​មាន​នារី​ទី​ត្រួយ​ចិត្ត​ជា​អ្នក​បើក​បរ​។ ឯ​ខ្លួន​អ្នក​កំលោះ​ឯង​អង្គុយ​នែប​និត្យ​ឱ​ជា​រស​សុភមង្គល​ល្អ​រក​និយាយ​ពុំ​បាន​។ រថយន្ត​បង្អិល​ខ្លួន​ធូរ​ខ្សៀក​លើ​ថ្នល់​ចាក់​ជ័រ ដែល​មាន​គគីរ​ខ្ពស់​ត្រឈៃ​ដុះ​អម​ហែ​សង​ខាង​។ លុះ​ដល់​ទី​ថ្នល់​ខ្វែង​ប្រទាក់​គ្នា ឡាន​បត់​តម្រង់​ទៅ​រក​ភ្នំ​ដែល​ព្រះ​អាទិត្យ​ពេល​ល្ងាច​កំពុង​យក​មាស​ស្រោប​លើ​កំពូល​។ ខ្យល់​ក្រអូប​ដោយ​ក្លិន​រុក្ខជាតិ​បាន​ស្ទុះ​មក​ប្រឡែង​លេង​ជា​មួយ​សក់​នារី​។លលក​មួយ​គូ​ផ្អើល​នឹង​ឡាន​ហើរ​យ៉ាង​លឿន ដោយ​ទទះ​ស្លាប​ញាប់​ខ្មាញ់​។ទីឃាវុធ​ ក៏​យក​ដៃ​ទៅ​ស្ទាប​អង្អែល​ស្មា​នៃ​ឆោម​ស្និទ្ធ​។
រថយន្ត​ឈប់​កៀក​នឹង​ជើង​ភ្នំ​ដ៏​មាន​ថ្ម​ធំៗ ដែល​ភ្លៀង​និង​អា​កាស​ធាតុ​បាន​ធ្លាក់​ជា​រូប​សត្វ​រស់ នៅ​ក្នុង​សម័យ​បុព្វ​ប្រវត្តិសាស្ត្រ​។គូ​សង្សារ​ទំនើប​អង្គុយ​លើ​ថ្ម​មួយ​ផ្ទាំង នៅ​ចំ​ពី​មុខ​បឹង​ទឹក​ថ្លា​ដែល​ក្នុង​នោះ ព្រះ​សុរិយា​កំពុង​ទាញ​ពន្លត់​នូវ​កាំ​រស្មី​របស់​ខ្លួន​ម្ដង​មួយៗ​។ ត្របក​ផ្កា​ព្រលិត​ដែល​រីក​រហង់​ក៏​ញាប់​ញ័រ​ព្រឺព្រួច ព្រោះ​សុរភី​វាត​បក់​មក​ថ្នាក់​ថ្នម​កូន​ត្រី​រស់​ល្អិតៗ ពណ៌​ក្រហម​រងាល​នៅ​ហែប​ហែល​ចន្លោះ​ដើម​ស្នោ ដែល​កំពុង​យោល​បង្អួត​គ្នា នូវ​ចង្កោម​ផ្កា​ពណ៌​លឿង​ឆ្អៅ និង​ត្រកួន​ផ្កា​ពណ៌​ស្វាយ ដែល​កំពុង​បោះ​ដៃ​រក​គ្នា​រវាម​។ រនាល​ស្លាប​ពណ៌​ជម្ពូ​ខំ​រំពៃ​រក​ឆ្មក់​មច្ឆា​ជាតិ​រ៉ប​មាត់​បឹង​ដើម្បី​ជា​អាហារ​បង្ហើយ​មុន​ពេល​វិល​ទ្រនំ​។ មួយ​សន្ទុះ​ក្រោយ​មក​បក្សី​ជើង​វែង​ស្ទុះ​ហើរ​ទាំង​គូៗ ឆ្ពោះ​ទៅ​ទិស​ខាង​លិច ឯ​អាកាស​ក៏​ធ្លាក់​ត្រជាក់​ស្រឺត​។

" ទិន​ល្អ​ថ្លា រលាយ​សូន​សល់​តែ​ម្លប់​ក្រអូប​ឈួល​ " (​១​)​ទីឃាវុធ​ខ្សឹប​កាប​នេះ​របស់​កវី​បារាំង​ម្នាក់ ដែល​ខ្លួន​ពេញ​ចិត្ត​ហើយ​ស្ងើច​ក្រៃលែង​។ ហ្វូង​ច្រឹង​ចេញ​ពី​គុហា​ភ្នំ​យក​ស្លាប​ស្អិត​ជ្រាយ​វាយ​អាកាស​ប្រផេះ​នៃ​រាត្រី​។ ដោយ​មាន​សត្វ​មួយ​ហើរ​ឆាប​មក​ជិត​នាង​ពេក​យុវតី​ក៏​ស្លុត​គេច​រក​ជម្រក​ពួន​ភ័យ​នា​ដើម​ទ្រូង​នៃ​នាយ​កំលោះ​។

មក​ដល់​ត្រឹម​នេះ​សុបិន​ក៏​អន្តរ​ធាន​បាត់​ទុក​ឲ្យ ទីឃាវុធ​ អល់អែក​ព្រោះ​សុភមង្គល​ស្រពិចស្រពិល​នេះ នាំ​ឲ្យ​រសាប់រសល់​ខ្វល់​ចិន្ដា​ប្រមាណ​។ 

                                                       
                                                             *  *  *

ទីឃាវុធ​ ជា​សិស្ស​ឧស្សាហ៍​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ថ្នាក់​ទី​ពីរ​នៃ​មធ្យម​សិក្សា​។ អ្នក​កំលោះ​ចូល​ចិត្ត​រៀន​ជីវភាសា​ណាស់ ហើយ​តែង​បាន​លេខ បាន​ទី​ល្អៗ​ ក្នុង​វិជ្ជា​ភាសា​អង់គ្លេស បារាំង​ និង​ខ្មែរ​។ មួយ​ទៀត​ដោយ​បាន​ជាវ​វចនានុក្រម​បារាំង​-​សៀម​មួយ​ក្បាល មក​ទុក​ មាណព​យើង​ក៏​ខំ​សិក្សា​ភាសា​ប្រទេស​ជិត​ខាង​ទាំង​នេះ​ទៀត ក្នុង​ឱ​កាស​ទំនេរ​។ដូច​ខ្មែរ​ទាំង​ពួង​ដែរ អ្នក​កំលោះ​តែង​សរសើរ​ថា ភាសា​សៀម​មាន​សម្លេង​ពីរោះ​។ ហេតុ​នេះ​ហើយ​បាន​ខំ​ព្យាយាម​ទាល់​តែ​អាន​សៀវភៅ​ថៃ​បាន​ខ្លះ ថ្វី​បើ​នៅ​រឹង​មាត់​និយាយ​ពុំ​សូវ​ច្បាស់​ព្រោះ​ដាក់​ខ្យល់​ខ្ពស់​ទាប​មិន​ត្រូវ​។

ប៉ុន្តែ​ សិស្ស​នេះ​មិន​ចូល​ចិត្ត​វិទ្យា​សាស្ត្រ​ទេ​។ក្នុង​ពេល​រៀន​រូប​សាស្ត្រ ឫ​គណិតសាស្ត្រ​ ព្រលឹង​តែ​អណ្ដែត​អណ្ដូង​ទៅ​ឆ្ងាយ​។ មួយ​ទៀត​ពាក្យ​ពេចន៍​ដែល ទីឃាវុធ​ និយាយ​ច្រើន​ដូច​ក្នុង​សៀវភៅ​ពេក​បាន​ជា​អាចារ្យ​ខាង​វិទ្យា​សាស្ត្រ​តែង​ស្ដី​បន្ទោស​ជា​ញឹក​ញយ​ថា ខ្វះ​សេចក្ដី​ជាក់​លាក់​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​កំលោះ​ខំ​ព្យាយាម​ណាស់ ហើយ​ចាប់​របៀប​យ៉ាង​ទៀង​ទាត់​។ ថ្វី​បើ​ទើប​តែ​ចាប់​រៀន​អង់គ្លេស តែ​អាច​និយាយ​ភាសា​បាន​ខ្លះ​ហើយ អាន​ទស្សនាវដ្ដី​អាមេរិកកាំង​ ឫ​ប្រលោម​លោក​អង់គ្លេស​ក្នុង​ការ​ប៉ូលិស ឫ​ផ្សង​ព្រេង​បាន​ធូរ​បង្គួរ​។ ជា​ធម្មតា​ក្មេង​នេះ​អាន​ទាំង​អស់ មិន​ថា​អ្វី​ជា​អ្វី​ទេ​ចេះ​តែ​ចង់​ដឹង ចង់​យល់​ជា​និច្ច​។ បើ​គេ​និយាយ​អំពី​នយោបាយ​ក្ដី​រឿង​កុន​ក្ដី អក្សរសាស្ត្រ​ក្ដី​ ទីឃាវុធ​ ចេះ​ជូន​យោបល់ ចេះ​អធិប្បាយ​ដោយ​ពាក្យ​ពីរោះ ហើយ​អ្នក​ផង​ចូល​ចិត្ត​ស្ដាប់​ណាស់​ដោយ​ឃើញ​ថា​ជា​ក្មេង​មាន​គំនិត​ជ្រៅ​មាន​ចិត្ត​ទន់ ពួក​ម៉ាក​ទាំង​ឡាយ​តែង​ស្មោះ​ស្ម័គ្រ​រាប់​រក​ដោយ​ស​មាន​ចិត្ត​។ ប្រសិន​បើ​ទៅ​ពើប​លើ​មជ្ឈដ្ឋាន​មួយ​ថ្មី​ទីឃាវុធ​ សម្លឹង​ហើយ ស្ដាប់​តែ​មួយ​សន្ទុះ​ក៏​ថ្លឹង​ឈ្វេង​យល់​ភ្លាម​ថា​ពពួក​ជន​នេះ​មាន​ប្រាជ្ញា​កំពស់​ត្រឹម​នេះ ជម្រៅ​ត្រឹម​នេះ​។ ត​មក​ក៏​តាំង​លៃ​សំដី​ប្រមាណ​ពាក្យ​ឲ្យ​សម​ល្មម​តែ​អ្នក​ទាំង​នោះ​រីករាយ​ចង់​ស្ដាប់​។ ទោះ​នៅ​ចំពោះ​មនុស្ស​មាន​កិរិយា​យ៉ាង​ណា​ក៏​ដោយ​អ្នក​កំលោះ​ចេះ​រក​ពាក្យ​មក​ថ្លែង​កំសាន្ត​លេង​បាន​ពុំ​ខាន​ឡើយ​។

ទីឃាវុធ​ ជា​អ្នក​រហ័ស​ខឹង​បន្តិច ប៉ុន្តែ​ចេះ​ទប់​មាត់​ទប់​ក​បាន​មិន​ឲ្យ​ក្លាយ​ទៅ​ជា​ច្រឡោត​ដល់​ទៅ​ស្រែក​ឡូឡា​នោះ​ទេ​។ បើ​ឃើញ​មិត្ត​ណា​ចេះ​ស្រាក​ស្រួល​នឹង​ខ្លួន ចៅ​មាណព​យើង​មាន​ចិត្ត​រីករាយ​នឹក​គុណ​គេ​ពុំ​ភ្លេច​ទេ​។តែ​បើ​គេ​ធ្វើ​ព្រងើយ​កន្តើយ ឫ​រំលោភ​ត្រង់​ណា​ចិត្ត​អ្នក​កំលោះ ក៏​ថ្នាក់​ថ្នល់​គ្នាន់​ក្នាញ់​មិន​ងាយ​និង​រសាយ​បាន​ឡើយ​។ ក្នុង​ពេល​រៀប​ចំ​កិច្ច​សិក្សា ទីឃាវុធ​ ខំ​ផ្ចិត​ផ្ចង់​មិន​ឲ្យ​ពួក​ម៉ាក​កើត​រំខាន​ដោយ​ខ្លួន​សោះ​។

ទីឃាវុធ​ ចូល​ចិត្ត​កវី​និពន្ធ​បារាំង​ណាស់ តែ​មិន​ស្រលាញ់​ពួក​បុរាណ​លើស​ពួក​ទំនើប​ទេ ឲ្យ​តែ​ជា​របស់​ទន់​ត្រជាក់​បរិបូរណ៍​ដោយ​មនោសញ្ចេតនា​ចុះ មុខ​ជា​រាប់​អាន​ពុំ​ខាន​ឡើយ​។ សិស្ស​នេះ​តែង​សេចក្តី​បាន​យ៉ាង​ធូរ​បើ​កាល​ណា​ត្រូវ​ការ​និយាយ​ពី​ដួង​ចិត្ត ពី​មនោសញ្ចេតនា​។ ប៉ុន្តែ​សាច់​និពន្ធ​នឹង​ប្រែ​ជា​រដិប​រដុប​ទៅ​វិញ ក្នុង​ពេល​ដែល​ត្រូវ​និយាយ​អំពី​ការណ៍​អ្វី​ដែល​មាន​គ្រាត​គ្រើម​។ ក្នុង​វិស្សមកាល​អ្នក​កំលោះ​តែង​សរសេរ​សំបុត្រ​ជា​ច្រើន​ច្បាប់​ មាន​សេចក្តី​ទន់ភ្លន់​ទៅ​រក​មិត្ត​សំឡាញ់​។ ប្រសិន​បើ​អ្នក​នោះ​ឯង​ថ្លោះ​ធ្លោយ​ពុំ​បាន​តប​វិញ​ទេ​មុខ​តែ​ ទីឃាវុធ​រង​សេចក្តី​ឈឺចាប់​ក្រៃ​លែង​។
មួយ​ទៀត​ចៅ​មាណព​ចេះ​លើក​កំណាព្យ ស្រងេះ​ស្រងោច​បរិបូណ៌​ដោយ​ក្ដី​ស្នេហា​។ចំពោះ​កំលោះ បាន​ក្រេប​សោភ័ណភាព តែ​ដោយ​សៀវភៅ ដោយ​ប្រលោម​លោក និង​ដោយ​ភាព​យន្ត​ប៉ុណ្ណោះ​។ ទីឃាវុធ តែង​អាន​ដោយ​ចាប់​ចិត្ត​នូវ​រឿង​នានា​ដូចជា " ​ទ្វារ​ចង្អៀត ​" របស់​អង់ដេហ្សីដ និង​ " ប្រិយនារី​ " របស់​វ៉ូដាយែរ ជា​ដើម​។ មិន​ថា​ទេ​បើ​អ្នក​និពន្ធ​មិន​សូវ​ប្រសប់​តែង​ពាក្យ​គ្រាន់​តែ​ចេះ​ធ្វើ​ឲ្យ​ទាក់​ចិត្ត​ចុះ​មុខ​ជា​នឹង​រាប់​អាន​ពុំ​ខាន​ឡើយ​។ ក្មេង​កំលោះ​នេះ​អាន​ញាប់​ណាស់ ជួន​កាល​ជក់​រឿង​ពេក ក៏​បញ្ចប់​សៀវភៅ​ក្រាស់​បង្គួរ​តែ​ក្នុង​មួយ​យប់​។

រាល់​រសៀល​ថ្ងៃ​អាទិត្យ ទីឃាវុធ​ តែង​ចេញ​ពី​សាលា​ដើម្បី​ទៅ​រក​មើល​កុន​។ ក្នុង​ពេល​នោះ អ្នក​កំលោះ​តែង​ផ្ទៀង​ឃ្លាំ​ឆាក​ណា​ដែល​ប្រកប​ដោយ​សេចក្តី​ស្នេហា​យ៉ាង​ត្រកាល ដូច​ជា​គូ​សង្សារ​ទាំង​ពីរ​ជិះ​ទូក​លេង​ក្នុង​បឹង​ឫ​លំ​ហែ​ដោយ​រថយន្ត ដែល​បរ​កាត់​ទេស​ភាព​យ៉ាង​ចាប់​ចិត្ត​។ ញញឹម​ដែល​រីក​ពព្រាយ​លើ​បបូរ​មាត់​ស្រស់​មួយ តែង​ធ្វើ​ឲ្យ​ចៅ​មាណព​សប្បាយ​ជាង​វិការដ្ឋាន​អ្វី​ឯ​ទៀត​ទាំង​អស់​។ លុះ​វិល​មក​ដំណេក​វិញ​រូប​សិល្ប​នារី​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ឃើញ​ស្រមោល​ពី​ថ្ងៃ​ក៏​ផុស​អណ្ដែត​ឡើង​ជា​ថ្មី ក្នុង​សេចក្ដី​ស្រមៃ​មួយ​ដែល​មាន​វង់​រស្មី​ស្រោប​ព័ទ្ធ​ភ្លឺ​ចិញ្ចាច​​។ ឱ​!​កញ្ញា​មាន​ឆោម​ពណ៌ ដូច​ទេព​អប្សរ​ដែល​បាន​បញ្ចេញ​កាយ​វិការ​ល្វត​ល្វន់ ក្នុង​ទេស​ភាព​ល្អ​ឆើត​ឆាយ​ដូច​សួគ៌ាល័យ !​ អនុស្សាវរីយ៍​ពៅ​ស្នេហ៍​ទាំង​នេះ តែង​មក​ស្ថិត​នៅ​ពាស​ពេញ​ក្នុង​សេចក្ដី​រលឹក​របស់​បុរស ហើយ​ធ្វើ​ឲ្យ ដួង​ចិត្ត​គេ​លិច​លង់​ទៅ​ក្នុង​សេចក្ដី​រឭក​របស់​យុវបុរស ហើយ​ធ្វើ​ឲ្យ ដួង​ចិត្ត​គេ​លិច​លង់​ទៅ​ក្នុង​ពិដោរ​កាមារម្មណ៍​ដែល​រសាត់​មក​ពី​ទី​ឆ្ងាយ​។

ជួន​កាល​ពេល​ដែល​លំហែ បាន​នាំ​ឲ្យ​នាយ​កំលោះ​ឲ្យ​ប្រទះ​ឃើញ​មួយ​ភ្លែត​នូវ​រាង​ក្លៀវ​ក្លំ​នៃ​នារី​មួយ​នាក់​។ រូប​ស្រពិចស្រពិល​នេះ​បាន​បណ្ដាល​ឲ្យ​មាណព​យើង​ភ័ន្ត​ស្មារតី ជំហាន​បោះ​ដើរ​ទៅ​មុខ​ដោយ​ស្វ័យ​ប្រវត្តិ​។ ថ្ងៃ​មួយ កំពុង​ដើរ​តាម​វិថី​ផ្សារ ស្រាប់​តែ​មាន​អារម្មណ៍​ថា​មាន​ក្រសែ​ភ្នែក​សម្លឹង​ខ្លួន​។ ទីឃាវុធ​ ងើយ​មើល​ឡើង​លើ​ឃើញ​នារី​ចិន​ម្នាក់​សក់​សឹង​មឹង សាច់​ដៃ​ទ្រលុក​ច្រត់​លើ​មាត់​បង្អួច​ហើយ​បង្ហើរ​ញញឹម​ទៅ​ទិស​មួយ​ដែល ទីឃាវុធ​ ស្មាន​ថា​ត្រង់​មក​រក​ខ្លួន​។ គ្រាន់​តែ​ប៉ុណ្ណោះ​ក៏​ព្រលឹង​អណ្ដែត​អណ្ដូង​ស្វែង​ទៅ​រក​ការ​យល់​សប្ដិ​ជើង​លែង​ជាប់​ដី​ទៅ​ហើយ​។

មួយ​ទៀត ទីឃាវុធ​ មិន​ចូល​ចិត្ត​ឮ​បន្ថោក​បន្ទាប ឫ​ បង្អាប់​អំពី​ស្ត្រី​ភេទ​ទេ តែង​កាន់​ជើង​ឥត្ថី​ភាព​ជា​និច្ច ទោះ​បី​ខុស​ក៏​ដោយ​។កំលោះ​មាន​យោបល់​ថា គួរ​តែ​ផ្ដាច់​នារី​ខ្មែរ​ឲ្យ​ផុត​ស្រឡះ​ពី​ប្រពៃណី​។ ប្រសិន​បើ ឃើញ​ស្ត្រី​ណា​មួយ​ប្រព្រឹត្ត​ឆ្គង​និង​កន្លង​ចរិយា​បថ ទីឃាវុធ​ តែង​ថ្នាក់​ថ្នល់​ក្នុង​ចិត្ត​ដែរ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក ក៏​រក​លេស​បាន​មក​លើ​ទោស​ឲ្យ​ជា​និច្ច​។

 
                                                             *   *   *

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ លុះ​បាន​​ត្រាំ​ត្រែង សញ្ជឹង​សញ្ជប់​ក្នុង​គំនិត​ឥត​ប្រាកដ​និយម​យ៉ាង​នេះ អស់​ពេល​យ៉ាង​វែង​មក ទីឃាវុធ​ ក៏​ចូល​ទៅ​លុប​មុខ​សិត​សក់​រៀប​ចំ​ខ្លួន​យ៉ាង​ស្រស់បស់​។ ចេញ​ផុត​ពី​ភាព​រាយ​មាយ​កាល​ណា អ្នក​កំលោះ​ក៏​ក្លាយ​ជា​អ្នក​សើច​លេង​ក្អាកក្អាយ​ក្នុង​ចំណោម​ពួក​ម៉ាក​ជា​ច្រើន​នាក់​។ លុះ​ឃើញ​ចៅ​មាណព​និយាយ​ឆ្ការ​ដៃ​ឆ្ការ​ជើង​ដូច​គ្រា​ឥឡូវ​នេះ អ្នក​ផង​ដែល​ពុំ​ស្គាល់​ពី​មុន​មក​មុខ​តែ​ពុំ​អាច​ស្មាន​បាន​ទេ​ថា កាល​ពី​កន្លះ​ម៉ោង​មុន គេ​ជា​មនុស្ស​រវើរវាយ​។

ក្នុង​ឱ​កាស​រៀប​ចំ​មុន​រៀន ទីឃាវុធ​ ខំ​ផ្ចិត​ផ្ចង់​មិន​ឲ្យ​ល្អៀង​ទេ​។ នៅ​លើ​មែក​ផ្លូវ​ជិត​បន្ទប់​រៀន គ្រលីងគ្រលោង​ស្រវឹង​ដោយ​ពន្លឺ​ថ្ងៃ​និង​សន្តិភាព​របស់​ធម្មជាតិ​ច្រៀង​ត​គ្នា​ពុំ​ដាច់​មាត់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ចៅ​មាណព​គួច​នឹក​ព្រួច​ទៅ​ភូមិ​កំណើត ដែល​ជា​ភូមិ​តូច​មួយ​តាំង​នៅ​កណ្ដាល​វាល​ស្រែ ចម្ងាយ​វាល​ស្រែ​ចម្ងាយ​ជាង​ដប់​គីឡូ​ម៉ែត្រ​ពី​ក្រុង​បាត់ដំបង​តាម​ថ្នល់​ទៅ​មង្គល​បុរី​។ មួយ​សន្ទុះ​ ទីឃាវុធ​ នឹក​ដល់​រលក​សន្ទូង​និង​ពង្រោះ​ដែល​អង្កាញ់​ប្រដេញ​គ្នា ក្រោម​រស្មី​ភ្លឺ​ថ្លា​នៃ​ព្រះ​សុរិយា​ឫ​ដល់​ដង​អូរ​ក្បាល​ស្រែ ដែល​ខ្លួន​ធ្លាប់​នាំ​គ្នា​ទប់​ទឹក​បាច​ចាប់​ត្រី​។ កំលោះ​គិត​ឃើញ​ដោយ​រីករាយ​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​និង​ដល់​វិស្សមកាល​ចូល​ឆ្នាំ​ចិន​ហើយ​។ អៃយ៉ា​ !​ ខ្លួន​និង​បាន​ឱ​កាស​ទៅ​លេង​ភូមិ​កំណើត​ហើយ​តើ !​ ...​។

រសៀល​ថ្ងៃ​នោះ ទីឃាវុធ​ ស្លៀក​ពាក់​ស្អាត​បាត ហើយ​ចេញ​ពី​សាលា​ទៅ​ដើរ​ជា​មួយ​មិត្ត​ភក្តិ​តាម​វិថី​មហា​ធានី​។ បន្តិច​ក្រោយ​មក​ក៏​នាំ​គ្នា​ចូល​ញាំ​ទឹក​ក្រួច​នៅ​ភោជនីយដ្ឋាន ៉​កុង​សាង​៉ ទំ​រាំ​រោង​កុន​៉​អេដិន​៉ បើក​ទ្វារ​និង​ទេញ​សំបុត្រ​ចូល​មើល​។ ពួក​យុវជន​ប្ដូរ​យោបល់​គ្នា​ដោយ​ធៀប​ផ្ទឹម​ការ​ប៉ិន​ប្រសប់​អ្នក​ដើរ​តួ​កុន​ស្រី​-​ប្រុស ហើយ​សើច​ធូរ​ស្រួល​សប្បាយ​។ ទីឃាវុធ​ ជូន​ឧទាហរណ៍ ដោយ​ធ្វើ​ត្រាប់​អ្នក​ដើរ​បារាំង​ម្នាក់​យ៉ាង​ក្រមិចក្រមើម​ នាំ​ឲ្យ​សំណើច​ផ្ទុះ​ប្រាវ​ទទួល​ឡើង​។

មិន​បាន​ប៉ុន្មាន​នាទី​ក្រោយ​មក កណ្ដឹង​អគ្គិសនី​រោង​៉​អេដិន​៉​រោទ៍​រន្ថាន់​ឯ​ទ្វារ​ដែក​ខាង​មុខ​ក៏​របើក​ញែក​ជា​ពី​ផ្នែក​រួញ​ចូល​គៀន​។

ទីឃាវុធ​ ក្រោក​ឈរ​ស្មើ​នឹង​គេ​ដែរ ក៏​ឧទាន​:

-នៅ​តែ​មួយ​អាទិត្យ​ទៀត​ទេ យើង​ដល់​ពេល​ឈប់​ចូល​ឆ្នាំ​ចិន​ហើយ ...​។
(មក​ដល់​ត្រឹម​នេះ​អ្នក​និពន្ធ​សូម​បើក​វង់​ក្រចក​មួយ ដើម្បី​ឲ្យ​អ្នក​អាន​អភ័យ​ទោស ដោយ​បាន​ថ្លែង​រាប់​រៀប​វែង​បន្តិច​ពី​បរិយាកាស​ទឹក​ចិត្ត​អ្នក​កំលោះ ទីឃាវុធ​។ ប៉ុន្តែ​អ្នក​និពន្ធ​យល់​ថា​ជា​ការ​ចាំ​បាច់​ណាស់​ដើម្បី​ងាយ​យល់​រឿង ដែល​ហូរ​រអិល​តាម​នាទី​នៃ​ជីវិត​ដែល​លើក​មក​ពណ៌នា​ក្នុង​គ្រា​នេះ​)​។


***

~​២​~ 

យល់​សប្ដិ​គង់​ក្លាយ​ជា​ការ​ពិត​មួយ​ដង​មួយ​កាល​ដែរ


កាល​ពី​យប់​មាន​ភ្លៀង​មួយ​មេ​ធំ​។ ភ្លៀង​ធ្លាក់​ក្នុង​រដូវ​នេះ​ជា​ការ​ចម្លែក​ដែរ មិន​សូវ​មាន​ទេ​។ ទឹក​ល្អក់​ខ្វល់​ដក់​ក្នុង​ជង្ហុក​និង​ក្រឡុក​វិថី​នៃ​ក្រុង​បាត់ដំបង​។ នៅ​ពេល​ទាប​ភ្លឺ ទីឃាវុធ​ ទុំ​បន្តើត​លើ​រ៉ឺម៉ក​ដែល​ដឹក​វ៉ា​លី​ស​ខ្លួន​មួយ​ផង បាន​សំដៅ​ឆ្ពោះ​ទៅ​ស្ថានីយ​រថភ្លើង​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ក្រោយ​ដែល​បាន​លំហែ​ចិត្ត​និង​កំសាន្ត​ជា​មួយ​គ្រួសារ​នា​ភូមិ​អូរតាគី ក្នុង​អំឡុង​ពេល​ឈប់​បុណ្យ​ចូល​ឆ្នាំ​ចិន​រួច​។ អ្នក​កំលោះ ក៏​បាន​មក​សំណាក់​អាស្រ័យ​នៅ​ផ្ទះ​បង​ប្អូន​ក្នុង​ក្រុង​មួយ​យប់ ដើម្បី​មក​ជិះ​រថភ្លើង​ឲ្យ​បាន​ទាន់​ពេល​ព្រោះ​ត្រូវ​ចេញ​ដំណើរ​ពីរ​ព្រហាម​ស្រាងៗ​។

យាន​តូច​បាន​បត់​ចូល​តាម​ថ្នល់​ត្រង់​ទៅ​ស្ថានីយ​។ ផ្លូវ​នេះ​មាន​ទឹក​ដក់​តាម​ក្រឡុក​ច្រើន​អនេក ព្រោះ​ខ្វះ​ការ​ជួស​ជុល​ជា​យូរយារ​មក​ហើយ​។ ផ្ទៃ​ថ្នល់​ជា​ភក់​ស្អិត​ដូច​បាយ​ម៉ាន​។ ស្រាប់​តែ​មាន​រថយន្ត​ប៉ីហ្សូ​៤០២​មួយ​បរ​យ៉ាង​លឿន​ហួស​ទៅ ដោយ​បាច់​ទឹក​កខ្វក់​មក​លើ​អ្នក​ដែល​វារ​រគើមៗ​។ អ្នក​រ៉ឺម៉ក​ខឹង​ក៏​តាំង​ជេរ​ប្រទេច​។ ឯ​ទីឃាវុធ​ បាន​សម្លឹង​មើល​លេខ​ឡាន ហើយ​ស្គាល់​ជាក់​របស់​សៅ​រ័ប្យ​។
ស្ត្រី​នេះ​ជា​ប្រពន្ធ​មួយ​តួ ក្នុង​ចំណោម​ប្រពន្ធ​ច្រើន​នាក់​របស់​ពញា​គទាធរ អតីត​ទេសាភិបាល​បាត់ដំបង​ក្នុង​សម័យ​អាណាចក្រ​សៀម​។ ក្រោយ​មក​ផែនដី​៉​ភ័ន្ត​ប្រែ​៉ បាត់ដំបង​ត្រូវ​បាន​មក​រួប​រួម​ក្នុង​អាណាចក្រ​ខ្មែរ​វិញ​។ ដោយ​បាន​រួម​វាសនា​ចែក​ហ៊ុន​គ្នា​ជា​មួយ​ស្ត្រី​ឯ​ទៀត​ផង អ្នក​សៅរ័ប្យ ក៏បាន​ទទួល​កូន​ស្រី​មួយ ប្រុស​មួយ​ពី​ពញាគទាធរ​មួយ​អន្លើ និង​ទ្រព្យ​សម្បត្តិ​ជា​មរតក​យ៉ាង​ក្រាស់​ក្រែល​។ ឥឡូវ​នេះ​អ្នក​សៅរ័ប្យ រំលៀក​ខ្លួន​ចូល​មក​ដែន​កំណើត​វិញ ហើយ​សង់​ផ្ទះ​ថ្ម​មួយ​ស្កឹមស្កៃ​កំណាច​នៅ​ភូមិ​វត្ត​លៀប​។

អ្នក​សៅរ័ប្យ​ក្ដី ដែល​អ្នក​បាត់ដំបង​ហៅ​ដោយ​គោរព​ថា :​ ៉​ឃុន​៉ៗនោះ​ តែង​បញ្ចេញ​បង្អួត​ឲ្យ​អ្នក​ផង​កោត​ថា​ខ្លួន​ជា​អ្នក​មាន​ទ្រព្យ  ជា​អ្នក​អម្បូរ​ខ្ពស់ ហើយ​ជា​អ្នក​ធ្លាប់​នៅ​ទី​ក្រុង​ធំ​។ នៅ​ក្នុង​ផ្ទះ​គាត់​តុបតែង​ដោយ​វត្ថុ​ច្រើន​ស្អេក​ស្កះ​ឥត​សម​សួន​សោះ​គឺ​មាន​ប្រើ​សុទ្ធ​តែ​របស់​ថ្លៃៗ ឲ្យ​គេ​ស្ញប់​ស្ញែង​ដូច​ផ្ដិល​មាស ប្រអប់​ស្លា​មាស​ជា​ដើម​។ ថ្វី​បើ​គាត់​មាន​អាយុ​ហាសិប​ប្លាយ​ទៅ​ហើយ​គាត់​ស្លៀក​ខៀន​ពណ៌​ស្រស់ៗ មុខ​គាត់​ទទះ​ម្សៅ​រទូសៗ​ជើង​គាត់​ពាក់​ស្បែក​ជើង​ផ្ទូខ្មៅ​ចុង​ស្រួច ហើយ​ង​ឡើង​លើ ហើយ​គាត់​ដែរ​កែ​ក្រាយ ខ្នង​បន្ទេរ​មក​ក្រោយ​បន្តិច ភ្នែក​សម្លឹង​ទៅ​ឆ្ងាយ​មាន​ឫក​ខ្ពស់​ក្រអឺត បែប​ចង់​សំដែង​ឲ្យ​ឃើញ​ថា ដី​នេះ ទី​នេះ កាល​ពី​ដើម​មិញ​ជា​របស់​ប្ដី​អញ គឺ​នៅ​ជា​របស់​ខ្លួន​អញ​ខ្លះ​ដែរ​។
ចំណែក​ឯ​កូន​ប្រុស​គាត់ ជើង​ខោ​ប្រែ​ខ្មៅ​ធំៗ ប៉ុន​ការុង​អំបិល​ហើយ​ពាក់​អាវ​ព្រែ​អន្លួញ​តា​ប្លាក​ធំៗ ពណ៌​ខៀវ​ក្រហម ថ្ងៃៗ​ ឡើង​គិត​តែ​ពី​បើក​ឡាន​ដែរ​ជល់​ត្រី​ក្រឹម ឫ​ជល់​មាន់ ហើយ​យប់ៗ ឡើង​ដែរ​ចង់​ស្រី​ជា​មួយ​ដៃ​គូ​ត្បាញ​អាយ​ពីរ​បី​នាក់​។ រីឯ​៉​ឃុន​៉ ស្រី​វិញ​អស្ចារ្យ​ហើយ !​ ដឹង​តែ​ប្រភឹប​តែ​ម្ដង ជិះ​កង់ ជិះ​ម៉ូតូ តែង​ខ្លួន​ភោ​ភាវ​រក​គ្មាន​ពីរ​ទេ​ក្នុង​ដែន​បាត់ដំបង !​ ឃុន​ឯ​លិច ឃុន​ឯ​កើត អ្នក​ដង​ស្ទឹង​សង្កែ​ភាំង​ស្មារតី ដោយ​មិន​ដែរ​ឃើញ​សោះ​នូវ​សេចក្ដី​ហ៊ឺហា​ចម្លែក​ដ៏​ម៉្លេះ​ឡើយ ត្បិត​សម័យ​នោះ​ពុំ​ដែរ​មាន​ស្ត្រី​មាន​ពូជ​អម្បូរ​ណា​ហ៊ាន​ជិះ​ទោ​ចក្រយាន​ឡើយ​។

ទីឃាវុធ​ សម្លឹង​មើល​រថយន្ត​អ្នក​មាន​ថ្មី ដែរ​បរ​ផុត​ទៅ​ហើយ​គយគន់​ដោយ​ក្នាន់​ក្នាញ់​នូវ​អាវ " ​កុមប្លេ​ " របស់​ខ្លួន​ដែល​ប្រឡាក់​ភក់​ស្រមក​។

ស្ថានីយ​ក្នុង​ពេល​នោះ ពេញ​កក​ប៉ប្រឹក​ដោយ​អ្នក​ដំណើរ និង​អីវ៉ាន់​។ មនុស្ស​ទាំង​នោះ​ស្លៀក​ពាក់​តាម​តែ​បាន មិន​សូវ​ស្អាត​ពេក​ទេ​នៅ​លាយ​ឡំ​ពពាក់​ពពូន​ជា​មួយ​កន្ត្រក​ត្រី​ស្រស់ ជាល​ត្រី​ងៀត កញ្ឆេរ​ត្រី​ឆ្អើរ បាច់​បន្លែ​និង​ជើង​ពពួក​ជ្រូក​ដែល​គេ​ចង់​ជើង​ទាំង​បួន​គួប​គ្នា ហើយ​ជះ​ក្លិន​ហាក់​ដូច​ជា​ពុំ​សូវ​ធំ​ស្រួល​ប៉ុន្មាន​ឡើយ​។

ក្នុង​ចំណោម​និករ និង​វត្ថុ​ដែល​កក​កុញ​រក​ជ្រៀត​ជើង​ពុំ​ចុះ​នេះ​សំលៀក​បំពាក់​បែប​អឺរ៉ុប​បួន​ដប់​មក​លាយ​ឡំ​ផង បង្កើត​នូវ​បរិយាកាស​មួយ​ប្លែក​ភ្នែក ហើយ​ឥត​ប្រាកដ​និយម​។ ទីឃាវុធ​ ក្រឡេក​ឃើញ​ពួក​ម៉ាក​ក៏​ញញឹម​ទៅ​រក មិត្ត​ពីរ​បី​នាក់​ស្ទុះ​មក​ចាប់​ដៃ​សួរ​សុខ​ទុក្ខ​ដោយ​រីករាយ ហើយ​និយាយ​ចំអក​អំពី​ខោ​អាវ ដែល​ប្រឡាក់​ស្រមូញ​។

ក្នុង​ពេល​ដើរ​តម្រង់​ទៅ​រក​បញ្ជរ​លក់​សំបុត្រ នាយ​កំលោះ​ក៏​ប្រទាក់​ផ្លូវ​គ្នា​និង​បុរស​ម្នាក់​ពាក់ ៉​កេពី​៉ស​ ឈាន​ជើង​ចេញ​ពី​ទី​នោះ​មក​​។ ទីឃាវុធ​ សង្កេត​ស្គាល់​ភ្លាម​ថា ជា​អ្នក​បើក​ឡាន​របស់​អ្នក​សៅរ័ប្យ ហើយ​ក៏​ចោល​ភ្នែក​តាម​ទៅ​។ បុរស​ឫក​ក្រអឺត ដោយ​អាង​ចៅ​វាយ​ខ្លួន​ជា​អ្នក​មាន ពើង​ដើម​ទ្រូង ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​ឡាន​ដែល​ចត​អែប​ចិញ្ចើម​ថ្នល់​ខាង​ជើង​។ ដល់​ហើយ​ក៏​ហុច​សំបុត្រ​ជិះ​រថភ្លើង​ទៅ​ឲ្យ​ស្ត្រី​បី​នាក់ ដែល​ឃើញ​ស្រមោល​ស្លុងៗ អង្គុយ​ក្នុង​យាន​។ អ្នក​បំរើ​នេះ ស្ទុះ​ទៅ​បើក​ឃ្លុប​ឡាន​ខាង​ក្រោយ​បញ្ចេញ​វ៉ា​លី​ពីរ​ធ្ងន់ៗ ដើរ​យួរ​នាំ​ផ្លូវ​ស្ត្រី​ទាំង​បី គឺ​យុវតី​ក្រមុំ​ម្នាក់​និង​ស្ត្រី​កណ្ដាល​មនុស្ស​បី​នាក់ ដែល​យួរ​ប្រអប់​ស្បែក​ម្នាក់​មួយ​។ ទីឃាវុធ​ ភ្ញាក់​ខ្លួន​ព្រើត :​ ខ្លួន​ស្មាន​ថា​អ្នក សៅរ័ប្យ​ នាំ​កូន​ចៅ​គាត់​ទៅ​ណា​មក​ណា ឥឡូវ​មិន​មែន​សោះ​។ តើ​ជន​មិន​ស្គាល់​ឈ្មោះ​ទាំង​នេះ​មក​ពី​ណា​អែ៎ះ បាន​ជិះ​ឡាន​នេះ​មក​ឡើង​រថយន្ត​ភ្លើង​?

សេចក្ដី​ចង់​ដឹង​យ៉ាង​នេះ​បាន​នាំ​ឲ្យ ទីឃាវុធ​ ប្រញាប់​ប្រញាល់​ទៅ​ទិញ​សំបុត្រ​និង​គេ ដោយ​ភ្នែក​រំពៃ​មើល​ម្ដងៗ ទៅ​លើ​ស្ត្រី​ចម្លែកៗ​ទាំង​បី​នាក់ តែ​កន្ទុយ​ភ្នែក​អ្នក​កំលោះ​សង្កត់​ទៅ​លើ​មាណវី​ច្រើន​ជាង​។ យី​!​ នារី​នេះ​ប្រកបដោយ​សោភ័ណ​ភាព​ឥត​ងាយ​រក​ផ្ទឹម​បាន​ទេ ហើយ​ស្លៀក​ពាក់​តែង​ខ្លួន​ក៏​រមិល​មើល​មិន​ទាស់​ភ្នែក​សោះ​! មើល​ចុះ​អាយុ​មិន​លើស​ពី ១៨​ ឆ្នាំ​ទេ ភ័ក្ត្រ​ផូរ សាច់​ម៉ដ្ឋ រាង​មូល​ទ្រវែង​បន្តិច តែ​ប្រកប​ដោយ​យ៉ាង​សុក្រឹត សក់​រលក​អង្កាញ់​ទូលាយ ហើយ​សិត​រាប​យ៉ាង​ឆើត រង្វះ​មាត់​តូច ដែល​មាន​បបូរ​ពណ៌​ទទឹម សែត​បណ្ដែត​ញញឹម​បង្ហាញ​នូវ​ធ្មេញ​ស​ល្អិត​ស្មើ​គ្នា​ឥត​ខ្ចោះ អាវ​បើក​ក​ពណ៌​ផ្កា​ឈូក ដែល​មាន​កញ្ចុំ​បូ​ដូច​ចង្កោម​ផ្កា​មក​ជួយ​រំលេច​លំអ ហើយ​សាក​កកិត​ស៊ី​នួន​ខ្ចី​សំយុង​ពាក់​កណ្ដាល​ស្មង បង្ហាញ​នូវ​កំភួន​រៀវ​ត្រសូល ដែល​មាន​ភាគ​ចុង​បញ្ចប់ បង្កប់​នូវ​ចុង​ស្បែក​ជើង​ពណ៌​ក្រហម​ខាត់​រលោង​ស្រិល​។

ក្នុង​សេចក្ដី​យល់​សប្តិ​លំអ​ក្នុង​ការ​រវើរវាយ​ទាំង​ភ្នែក​ស្រស់​របស់​ខ្លួន ទីឃាវុធ​ តែង​បែង​ចែក​នារី​ជា​បី​ប្រភេទ​ទី​ទៃ​ពី​គ្នា​។

ប្រភេទ​ទី​មួយ បាន​ដល់​ពពួក​យុវតី​ដែល​ប្រកប​ដោយ​សោភ័ណ​ភាព​ឃោរឃៅ ហៅ​បបួល​ទៅ​ចាប់​ប្រញី​ឫ​លេប​ដូច​ចំណី ព្រោះ​បរិបូណ៌​ដោយ​សម្ផស្ស ដែល​ទាញ​សម្រើប​យ៉ាង​ខ្លាំង​។ នារី​ប្រភេទ​នេះ​តាម​យោបល់​ចៅ​មាណព​យើង​មិន​សូវ​ចេះ​តែង​ខ្លួន​ទេ ច្រើន​ស្លៀក​ពាក់​ពណ៌​ឆើតៗ លេច​ធ្លោ ពាក់​មាស​ពេជ្រ​ស្អេក​ស្កះ ហើយ​មាន​កាយ​វិការ​ឆ្ងាយ​ពី​សេចក្ដី​ស្រគត់ស្រគំ​ទៀត​ផង​។

បើ​លំអ​ឃោរឃៅ​ជា​បាតុកម្ម​ខាង​ក្រៅ​។ ឯ​លំអ​ទី​ពីរ​តែង​មាន​គុណ​ភាព​កប់​ជ្រៅ​ខាង​ក្នុង​វិញ គឺ​លំអ​បញ្ចេញ​ឲ្យ​ឃើញ ឲ្យ​សរសើរ ឲ្យ​ស្ងើច​បន្តិចៗ​នូវ​ទឹក​ដម​ចិន្ដា​ថ្លា​ហ្មត់​ហ្មង​ទន់​ត្រជាក់​។ សរុប​សេចក្ដី​ទៅ ស្ត្រី​ដែល​ប្រកប​ដោយ​សោភ័ណ​ភាព​បែប​នោះ​ទំនៀម​ទំលាប់​យើង​តែង​ហៅ​ថា :​ " ​ល្អគន់​ " តែ​ ទីឃាវុធ​ ដែល​មាន​គំនិត​ចាក់​ស្រែះ​បន្តិច តែង​ចាត់​ថា​ជា​លំអ​ដែល​ទាញ​នូវ​ស​មាន​ចិត្ត​និង​សេចក្ដី​គោរព​មនោសញ្ចេតនា ដែល​អ្នក​ផង​តែង​មាន​ចំពោះ​បង​ស្រី​។

សោភ័ណ​ភាព​ទី​បី​របស់ ទីឃាវុធ​ តែង​ប្រគល់​ដល់​នារី​មាន​កិរិយា​ទន់​ភ្លន់ មាន​គុណ​ភាព​ស្រួយ​ស្ដើង នាំ​ចិត្ត​បុរស​ចង់​ជួយ​យក​អាសា​ឫ​ស្ទុះ​ចេញ​ការពារ​តទល់​នឹង​សត្រូវ ទោះ​សត្រូវ​នោះ​មាន​រូប​ឫ​ឥត​រូប​ក៏​ដោយ​។ គឺ​លំអ​នេះ​ហើយ ដែល​តែង​អង្រួន​បេះដូង​កវី​បញ្ចេញ​ជា​ពាក្យ​កាព្យ​នៅ​គ្រប់​ភាសា​។
ទីឃាវុធ​ ត្រិះ​រិះ​ទទួល​ស្គាល់​ថា សោភ័ណ​ភាព​ទាំង​បី​ប្រភេទ​នេះ ឥត​មាន​ព្រំដែន​ឫ​ជញ្ជាំង​មក​កាត់​បែង​ចែក​ឲ្យ​ច្បាស់​លាស់​ទេ​។ ដូច​ជា​ចិត្ត​អញ្ចឹង​ដែរ មនោសញ្ចេតនា​តែង​វិវត្តន៍​វិល​ពី​ទី​មួយ​ទៅ​ទី​មួយ​ទៀត​។ ដូច្នោះ​ស្ត្រី​ដែល​ប្រកប​ដោយ​លំអ ដែល​អារម្មណ៍​ដំបូង​ពន្យុះ​ឲ្យ​ញក់​ញី​នោះ អាច​ក្លាយ​បាន​ក្នុង​កាល:ទេស:​ថ្មី​ចម្លែក  ជា​គុណភាព​បណ្ដាល​ឲ្យ​ថ្នាក់​ថ្នម​ទៅ​វិញ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ទីឃាវុធ​ ចាត់​នាង​ពុំ​ទាន់​ស្គាល់​ឈ្មោះ ក្នុង​ប្រភេទ​ទី​បី​ស្រេច​ទៅ​ហើយ​។
អ្នក​ដំណើរ​ស្ត្រី​ទាំង​បី​នាក់​ដើរ​តាម​តៃកុង​ឡាន​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​បី​។ លុះ​បាន​រៀប​ដាក់​វ៉ា​លី​លើ​ឆ្អើរ​ស្រួល ​សំបុត្រ​ថ្នាក់​លេខ​បី​ម្ដេច​ក៏​ពុំ​ជ្រើស​យក​ថ្នាក់​លេខ​ពីរ ឫ​លេខ​មួយ​វិញ ដែល​ប្រកប​ដោយ​ផា​សុខភាព​ជាង ឫ​ត្រង់​នេះ​យើង​គួរ​យល់ថា​សព្វដង​សព្វកាល​បន្ទប់​លេខ​មួយ​និង​លេខ​ពីរ​តែង​មាន​អ្នក​រាជការ​បារាំង ឫ​នាយ​ទាហាន​បារាំង​គេ​ជិះ​ទៅ​មក​ពុំ​លស់​ថ្ងៃ​ទេ​។ ធម្មតា​ជនជាតិ​អាស៊ី​ក្នុង​សម័យ​នោះ ពុំ​សូវ​ចង់​នៅ​លាយ​ឡំ​នឹង​ពួក​ច្រមុះ​កោង​ប៉ុន្មាន​ឡើយ​។ ឯ​អ្នក​ដំណើរ​មិន​ស្គាល់​ឈ្មោះ​នោះ​សុទ្ធ​តែ​ស្រីៗ​ទៀត​ផង តែង​មាន​សេចក្ដី​ធុញ​ទ្រាន់​នៅ​ជិត​ប្រុសៗ​អឺរ៉ុប​ពេក​ទេ​។ មួយ​ទៀត​តាម​ចំណាំ​រៀង​មក ថ្នាក់​លេខ​បី​ដែល​មាន​រថ​មួយ​ដាច់​ពិសេស​តែ​ឯង​មិន​សូវ​សម្បូរ​អ្នក​ជិះ​ប៉ុន្មាន​ទេ ព្រោះ​គេ​ច្រើន​តែ​នាំ​គ្នា​ទៅ​កក​កុញ​នៅ​យាន​ថ្នាក់​លេខ​បួន​ជា​មួយ​នឹង​ជាល​ត្រី កញ្ជើ​បន្លែ ត្បិត​សម័យ​នោះ​ឋាន:​ជីវិត​នៅ​ទាប​ខ្សោយ​ណាស់​នៅ​ឡើយ​!​...​។
រថភ្លើង​ទាញ​កញ្ចែ​វែង ហើយ​តើក​ពីរ​-​បី​ឃឹក ទើប​លូន​បូល​ហើយ​ជន​នោះ​ក៏​សំពះ​លា​ស្ត្រី​ដោយ ៉​ភូតផាសាថៃ​៉ ពីរ​-​បី​ម៉ាត់​។
នៅ​តែ ១៥​នាទី​ទៀត​រថភ្លើង​ចេញ​ហើយ​។ តាម​ធម្មតា​ថ្នាក់​លេខ​បី​ពុំ​សូវ​មាន​អ្នក​ជិះ​ទេ​។ តែ​ថ្ងៃ​នេះ ពេញ​ដោយ​សិស្ស​លី​សេ​កក​ស្រទាប់​។ យុវជន​យើង​ដែល​គោរព​ច្បាប់​សុជីវធម៌ ហើយ​កាន់​សេចក្ដី​គួរ​សម​ដោយ​ប្រពៃ ស៊ូ​ទ្រាំ​នៅ​ប្រជ្រៀត​គ្នា​ក្នុង​សង្កាត់​ឯ​ទៀត​ទាំង​អស់​ហើយ​បើ​សេស​សល់​ខ្លះ​ក៏​សុខ​ចិត្ត​ឈរ​តាម​របៀង ទុក​ឲ្យ​ស្ត្រី​បរទេស​ទាំង​នេះ​អង្គុយ​សង្កាត់​តែ​មួយ​ដោយ​ផា​សុខ​។ ទីឃាវុធ​ ដែល​ឡើង​មក​ក្រោយ​គេ​រក​កន្លែង​ឈរ​ឫ​រក​កន្លែង​អង្គុយ​ពុំ​បាន ក៏​ដាច់​ចិត្ត​ចូល​ទៅ​រក​ជើង​ម៉ា​ក្នុង​សង្កាត់​ស្ត្រី​ទាំង​នោះ​ដែរ​។ អ្នក​កំលោះ​ចូល​មក​ដោយ​ស្ទាក់​ស្ទើរ​ហើយ​អៀន​ខ្មាស​ក្រៃលែង ព្រោះ​ខោ​អាវ​ប្រឡាក់​ភក់​យ៉ាង​នេះ​។ តែ​ធ្វើ​ម្ដេច​បើ​ចៀស​ពុំ​រួច​ហើយ​!
គង់​មាន​អ្នក​អាន​ខ្លះ​យល់​ថា ៈ​ តើ​ហេតុ​ដូច​ម្ដេច នារី​ដែល​មាន​ពាហណៈ​ជា​អ្នក​សម្បូរ​ដោយ​ភោគ​ទ្រព្យ មក​ទិញ​ចេញ​ដំណើរ​ទៅ​មុខ?​។ នាង​កញ្ញា​អើត​តាម​មាត់​បង្អួច​មើល​ទាសភាព​វាល​ស្រែ ដែល​ដេក​លក់​នៅ​ឡើយ ដោយ​ដណ្ដប់​ក្នុង​ភួយ​កប្បាស​នៃ​អាកាស​ចុះ​អ័ព្ទ​។ស្រមោល​ស្ទង់​ ៗ​ នៅ​មុខ​ខ្ទម​ស្រែ​ខ្លះ​ជា​អ្នក​បញ្ជាន់​ដែល​កំពុង​បង្ចិល​ត្របាញ់​លើ​ព្នែន​កណ្ដាប់ នូវ​គំនួច​គោ​បួន​ប្រាំ​សត្វ ដែល​មាន​មាត់​ឃ្លុំ​ក្នុង​កូន​ជាល​ភ្នែក​គ្រួច ដើម្បី​កុំ​ឲ្យ​អណ្ដាត​វារ​ពិស​កៀវ​ចាប់​ដើម​ស្រូវ​។ ស្ត្រី​កណ្ដាល​ពីរ​នាក់​គិត​តែ​ប្ដូរ​យោបល់ រប៉ាច់រប៉ោច​មិន​ឈប់​មាត់​សោះ​។ ឯ​មាណវី​នាង​នៅ​ស្ងប់​ស្ងៀម​ស្មារតី​ឡិន​ឡង់ ព្រោះ​ប្លែក​មជ្ឈដ្ឋាន​ហើយ​ប្លែក​ទម្លាប់​ពេក​។
ប្រៀប​បី​ដូច​ជា​មេ​ដែក ដែល​មាន​ឥទ្ធិពល​ទាញ​ម្ជុល​ត្រី​វិស័យ​ឲ្យ​វិល​ទៅ​រក​សោភ័ណ​ភាព និង​ការ​តុប​តែង​ឆើត​ស្រស់​នៃ​នារី​បរទេស​ប្រទាញ​ក្រសែ​ភ្នែក ទីឃាវុធ​ ឲ្យ​គ្រលៀស​ចោល​ទៅ​ចំ​ជា​ញឹក​ញយ​យ៉ាង​នេះ​ដែរ​។ មួយ​ សន្ទុះ​នាយ​កំលោះ​ក៏​នឹក​ឃើញ​ដល់​សំដី​និយោជិក​អាយ​ស្ម័យ​យាន​ម្នាក់​ដែល​បាន​ប្រាប់​ខ្លួន​ថា បើ​កាល​ណា​មាន​ដំណើរ​ច្រើន​លើស​លប់​ក្នុង​ថ្នាក់​ណា​មួយ មេ​ខ្សែ​រថភ្លើង​អាច​អនុញ្ញាត​ជា​អាទិភាព​ឲ្យ​អ្នក​ជិះ​ស្រីៗ ទៅ​អង្គុយ​នៅ​ថ្នាក់​ខ្ពស់​ណា​ដែល​មាន​កន្លែង​នៅ​ទំនេរ​។ រលឹក​ឃើញ​សំដី​នេះ​ហើយ អ្នក​កំលោះ​ក៏​ក្រោក​ដើរ​ចេញ​ញែក​ហ្វូង​ពួក​ម៉ាក់​សួរ​តាម​របៀង ហើយ​ឆ្លង​ទៅ​មើល​យាន​ខាង​ក្រោយ ដែល​ចែក​ជា​ថ្នាក់​លេខ​ពីរ​និង​លេខ​មួយ​។ ក្នង​ពេល​នោះ​បន្ទប់​លេខ​ពីរ​នៅ​សល់​ទំនេរ​ស្អាត ឯ​លេខ​មួយ​មាន​គ្រួសារ​បារាំង​តាំង​នៅ​ជា​អ្នក​តំឡើង​ឫទ្ធិ​។
ទីឃាវុធ​ បាន​នាំ​ដំណើរ​ការណ៍​នេះ​មក​ស្មើ​ជា​មួយ​មេ​ខ្សែ​រថភ្លើង ដែល​កំពុង​ក្រេប​កាហ្វេ​ខ្មៅ​ក្លែម​ចារ​ខ្វៃ​នៅ​ក្នុង​រថ​លក់​បាយ​។ ភ្នាក់​ងារ​លុះ​បាន​ស្រស់​ស្រូប​រួច​ហើយ ក៏​នាំ​អ្នក​កំលោះ​មក​ជួប​ស្ត្រី​បរទេស​ៈ
-អត់​ទោស​ខ្ញុំ​ចុះ​ឃុន !​(​ទីឃាវុធ​ និយាយ​ជា​ភាសា​សៀម​ទៅ​កាន់​នារី​) បើ​ខ្ញុំ​និយាយ​ពុំ​ច្បាស់ ហើយ​ពុំ​ចំ​អក្សរ ...​។
កញ្ញា​នាង​បែរ​ភ័ក្ត្រ​មក​រក​ដោយ​ភ្នែក​មូល​ក្រឡង់ សំដែង​ការ​ងឿង​ឆ្ងល់ ហើយ​តប​ដោយ​សំដី​ទន់​ផ្លែម​ល្ហែម​ត្រជាក់​ជា​ភាសា​ដដែល​ថា​ៈ
-ឃុន​មាន​ការ​អ្វី​ដែរ​?
ដៃ​ចង្អុល​ទៅ​ភ្នាក់​ងារ​រថភ្លើង ទីឃាវុធ​ តប​ថា​ៈ
-លោក​នាយ​ខ្សែ​រថភ្លើង​នេះ បាន​អនុញ្ញាត​នាង​ហើយ និង​អ្នក​ស្រី​ទាំង​ពីរ​អញ្ជើញ​ទៅ​អង្គុយ​នៅ​ថ្នាក់​លេខ​ពីរ​វិញ ព្រោះ​កន្លែង​នោះ​ស្ងាត់​ស្រួល​ជាង​។ នៅ​ទី​នេះ​មាន​ពួក​អ្នក​រៀន​ច្រើន​ណាស់​។
-អរគុណ​លោក​ពេក!​ (​នាង​តប​ដោយ​ញញឹម​បង្ហើប​ឲ្យ​ឃើញ​ធ្មេញ​ដំរៀប​ស​ថ្លា​)​។ តែ​ខ្ញុំ​នៅ​ទី​នេះ​ស្រួល​ហើយ​តើ​។ មិត្ត​ភ័ក្ត្រ​ឃុន​អាច​ចូល​មក​អង្គុយ​នៅ​ទី​នេះ​បាន​ដែរ បើ​ប្រជ្រៀត​គ្នា​បន្តិច​ក៏​មិន​អី​ទេ​។
-កុំ​មាន​ប្រសាសន៍​យ៉ាង​នុ៎ះ​គ្នា​មិន​ហ៊ាន​មក​ទេ​។ ឯ​ខ្លួន​ខ្ញុំ​សោត​ទល់​ច្រក​ហើយ​ទើប​...​។
-ខ្ញុំ​មិន​ស្មាន​ថា ខ្លួន​ខ្ញុំ​មាន​អំណាច​អី​ដល់​ម៉្លេះ​ទេ​។ នាង​តប​ដោយ​ញញឹម​គ្រវី​ក្បាល ដែល​ជា​ហេតុ​នាំ​ឲ្យ​រយ៉ា​បន្តោង​នៅ​ត្រចៀក​ចោល​រស្មី​ព្រោង​ព្រាយ​។
នាង​ក្រោក​ឈរ ហើយ​បែរ​មុខ​ទៅ​រក​ស្រី​ជូន​ដំណើរ​ទាំង​ពីរ​អ្នក​ៈ
-មក​បង​ទៅ​ឃុន​នេះ​មក​បណ្ដេញ​យើង​ហើយ​។
ថា​ហើយ នាង​សើច​បន្តិច​បង្ហាញ​ឲ្យ​ឃើញ​ថា នាង​និយាយ​លេង​ផង ហើយ​អរគុណ​អ្នក​កំលោះ​ដែល​ជួយ​យក​អាសា​ផង​។
ទីឃាវុធ​ ជួយ​យួរ​វ៉ាលិស​អ្នក​ដំណើរ​បរទេស ហើយ​នាំ​ផ្លូវ​ទៅ​កាន់​បន្ទប់​លេខ​ពីរ​ដែល​នៅ​ទំនេរ​។ ភី​លៀង​ទាំង​ពីរ​អង្គុយ​ទន្ទឹម​គ្នា​នៅ​លើ​ជើង​ម៉ា​ពាស​ពូក​ស្បែក​ម៉្យាង ហើយ​តរុណី​នាង​អង្គុយ​ត្រង់​ជ្រុង​ម្ខាង​នៃ​បង្អួច​។
លុះ​បាន​រៀប​វ៉ា​លី​នៅ​លើ​ផ្ទាំង​សំណាញ់​សម្រាប់​ដាក់​អីវ៉ាន់​ស្រេច​បាច់​ហើយ ទីឃាវុធ​ ក៏​និយាយ​លា​ដក​ខ្លួន​បំណង​វិល​ទៅ​កន្លែង​ដើម​ខ្លួន​វិញ​។ តែ​កញ្ញា​សៀម​នាង​ឃាត់​ដោយ​ចិត្ត​ស្មោះ​ថា​ៈ
-សូម​អរគុណ​ឃុន​យ៉ាង​ច្រើន ដែល​ជួយ​ឈឺ​ឆ្អាល​យើង​ខ្ញុំ​យ៉ាង​នេះ​។ ប៉ុន្តែ​បើ​ឃុន​ពុំ​មាន​ការ​អ្វី​ពិសេស​ទេ ឫ​ពុំ​ធុញ​ទ្រាន់​នឹង​យើង​ទេ​ឃុន​នៅ​ទី​នេះ​ហើយ​។ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ដំណើរ ភាសា​ខ្មែរ​ក៏​ពុំ​ចេះ​សូម​ឃុន​ជួយ​ណែនាំ​ឲ្យ​ស្គាល់​ស្រុក​ទេស​ផង​បាន​ឫ​ទេ​?
-ធុញ​ទ្រាន់​នឹង​នាង​? នាង​មាន​ប្រសាសន៍​អ្វី​យ៉ាង​នុ៎ះ​! ត្រូវ​តែ​ខ្ញុំ​វិញ​ទេ​តើ ដែល​ភ័យ​ធុញ​ទ្រាន់​នឹង​ខ្ញុំ មើល​ចុះ​ខ្ញុំ​និយាយ​ភាសា​ថៃ​រអាក់រអួល រកាក់រកុប​ ខុស​ខ្លះ​ត្រូវ​ខ្លះ​។ ឯ​សំលៀក​បំពាក់​សោត​ក៏​ពុំ​គប្បី​ផង​...​។
-មិន​មែន​ដូច្នេះ​ទេ​ឃុន ដែល​ជួយ​យក​អាសា​ខ្ញុំ​នេះ​ខ្ញុំ​នឹក​គុណ​ពុំ​ភ្លេច​ឡើយ​។ យី​ចុះ​ឃុន ដួល​ឯ​ណា​ក៏​ប្រឡាក់​ខោ​អាវ​ថ្មីៗ​អស់​យ៉ាង​នេះ​?
ទីឃាវុធ​ សញ្ជឹង​មួយ​សន្ទុះ ទើប​ដាច់​ថា​គួរ​តែ​និយាយ​ការពិត​ប្រាប់​នាង​ៈ
-មាន​រថយន្ត​មួយ​មក​ជះ​ទឹក​ភក់​លើ​ខ្ញុំ​។ ក្នុង​ពេល​នោះ​ខ្ញុំ​នឹក​ក្ដៅ​ឆួល​ដែរ តែ​ឥឡូវ​នេះ​បាត់​ខឹង​អស់​ហើយ​។
-ឱ​ប្រហែល​ជា​ឡាន ដែល​ខ្ញុំ​បាន​ជិះ​មក​ឡើង​រថភ្លើង​ហើយ​មើល​ទៅ​។ សូម​អភ័យ​ទោស​ផង​ចុះ​។ សូហ្វ័រ​នោះ​ព្រហើន​អស់​យ៉ាង​ហើយ ចង់​តែ​ពីរ​លឿន​មិន​សូវ​គិត​នាយ​អាយ​សោះ​។ គិត​ទៅ ផ្ទះ​ដែល​ខ្ញុំ​បាន​មក​សំណាក់​នោះ កាន់​ឫក​ខ្ពស់ៗ អស់​យ៉ាង​ហើយ នាយ​ក៏​ដូច​បាវ​ដែរ​។
-មិន​អី​ទេ​នាង​ប្រឡាក់​ប៉ុណ្ណេះ​។
ថា​ហើយ ទីឃាវុធ​ គិត​ថយ​ចេញ​ក្រៅ​។ នាង​កញ្ញា​ឃាត់​ទៀត​ៈ
-យី​ឃុន​អញ្ជើញ​ទៅ​ណា​? នុ៎ះ​ហ្ន៎​ភូមិ​អី​ហ្នឹង​?
នាយ​កំលោះ​ចោល​ភ្នែក​ទៅ​ក្រៅ​ឃើញ​រស្មី​ព្រឿងៗ ព្រះ​សុរិយា​ជះ​មក​លើ​ចំការ​ចេក និង​ស្លា​នៃ​ភូមិ​អូរ​ស្រឡៅ ក៏​ឆ្លើយ​ប្រាប់​នាង​តាម​ពាក្យ​សូរ​។ ដោយ​នាង​ជជីក​អង្វរ​ពេក ទីឃាវុធ​ ក៏​ព្រម​ឈរ​ជិត​បង្អួច​ហើយ​និយាយ​ពន្យល់ ឫ​អត្ថាធិប្បាយ​ការ​ផ្សេងៗ តាម​ស្រុក​ទេស​ដែល​ខ្សែ​រថភ្លើង​កំពុង​រត់​កាត់​។ ពិដោរ​សម្ងាត់​ដែល​សាយ​ពី​រូបកាយ​នាង ហើយ​សេចក្ដី​រាក់​ទាក់ និង​ស្មោះ​ស្ម័គ្រ​ដែរ​ចេញ​ពី​សំដី​នាង​បណ្ដាល​ឲ្យ​មាន​ការ​ស្រវឹង ឲ្យ​មាន​ការ​ខ្មាស​អៀន ព្រោះ​សំលៀក​បំពាក់​មិន​គប្បី​នោះ​មក​រុំ​ស្រោប​វិញ្ញាណ​ចៅ​មាណព ហើយ​ឲ្យ​នាំ​សេចក្ដី​ស្គាល់​ទឹក​ចិត្ត​គ្នា​កាន់​តែ​លូត​លាស់​ឡើង​។
នាង​សួរ​ឈ្មោះ​វាល​ស្រែ ឈ្មោះ​ស្ថានីយ ឈ្មោះ​ភូមិ ឈ្មោះ​ភ្នំ ហើយ​ ទីឃាវុធ​ ឆ្លើយ​ប្រាប់​តាម​ដែល​ធ្លាប់​ដឹង​ឮ​។ រថភ្លើង​ក៏​លឿន​ទៅ​មុខ ពេល​វេលា​ក៏​លឿន​ទៅ​មុខ​។ តែ​យុវជន​ទាំង​ពីរ​គ្មាន​ចាប់​អារម្មណ៍​ចំពោះ​ការ​រត់​ឆ្ងាយ​នៃ​ព្រះ​កាល​ទេ​។
ម៉ោង​ ៩​ ក្បួន​រថភ្លើង​ចេញ​ផុត​ពី​ស្ថានីយ​ពោធិ៍សាត់ ហើយ​ជ្រែក​ចូល​ក្នុង​ផែន​ព្រៃ​ខ្លុង​ដែល​សន្ធឹង​វែង​ស្រោងៗ រំលឹក​ម្ដងៗ ដល់​ចំការ​កៅ​ស៊ូ​។
ទេសភាព​ពុំ​មាន​អ្វី​ជា​ល្អ​គួរ​រមិល​មើល​ទៀត​ហើយ​។ ចៅ​មាណព​ក៏​អញ្ជើញ​នាង​ទៅ​ស្រស់​ស្រូប​ឯ​បន្ទប់​ភោជនីយដ្ឋាន ដោយ​ភីលៀង​ជូន​ដំណើរ​ទាំង​ពីរ​នាក់​មិន​ព្រម​ទៅ​ជា​មួយ​ផង ព្រោះ​ថា​ដើរ​ក្នុង​យាន​កំពុង​បើក​ចេះ​តែ​វិល​មុខ​តរុណី និង​នាយ​កំលោះ​ក៏​លីលា​ឆ្ពោះ​ទៅ​តែ​ពីរ​នាក់​។ តុ​មួយ​នៅ​ជិត​ជ្រុង​ក្បែរ​បង្អួច​ឃ្លាត​ពី​អ្នក​បរិភោគ​ឯ​ទៀត​បន្តិច​បាន​បបួល​ឲ្យ​យុវជន​ជ្រើស​យក​ដោយ​រួម​មតិ​គ្នា​។
-នាង​ពិសា​អី​? ទីឃាវុធ​ សួរ​ដោយ​សម្លឹង​មើល​បញ្ជី​រាយ​មុខ​ម្ហូប​។
-ឃុន​ពិសា​អី​ក៏​ខ្ញុំ​យក​នោះ​ដែរ​។ ដោយ​សើច​បន្តិច​នាង​បន្ថែម​ៈ
-ខ្ញុំ​មក​ស្រុក​ឃុន ស្រេច​ហើយ ឃុន​ដឹក​នាំ​ទាំង​អស់​។ សំដី​នេះ​នាំ​ឲ្យ​នាយ​កំលោះ​ខ្មែរ និង​នាង​ក្រមុំ​សៀម​សើច​ប្រាវ​ស្មើ​គ្នា​។
ទីឃាវុធ​ សង្កេត​ថា​ៈ
-គួរ​អស្ចារ្យ​ណាស់​! យើង​ទាំង​ពីរ​នាក់​មិន​ទាន់​ស្គាល់​នាម​គ្នា​ផង ក៏​ទុក​ចិត្ត​គ្នា​ដូច​មិត្ត​ភក្តិ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​យូរ​យារ​មក​ហើយ​។ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ការ​ភ្លេច​ភ្លាំង​ដូច្នេះ​។ ខ្ញុំ​ ទីឃាវុធ​ រៀន​នៅ​ថ្នាក់​ទី​មួយ​ប៉ែក​មធ្យម​សិក្សា នា​វិទ្យាល័យ​ស៊ីសុវត្ថិ​។
នាង​បើក​ក្របូប​យួរ​របស់​នាង​យក​នាម​ប័ណ្ណ​មួយ​សន្លឹក​ឲ្យ​ទៅ​គូ​សន្ទនា​ៈ
-ដូច​ឃុន​ឃើញ​ស្រាប់​ខ្ញុំ​ឈ្មោះ ចន្ទមណី​ វិចិត្រករ​ ជា​សិស្ស​នៅ​សកល​វិទ្យាល័យ​៉​ជុឡាឡុងកន​៉ តែ​នៅ​ថ្នាក់​ទាប​នៅ​ឡើយ​ទេ​។ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ទៅ​លេង​និង​ឪពុក​ខ្ញុំ ដែរ​មក​សំណាក់​អាស្រ័យ​នៅ​ទី​នោះ​។ឃុន​ប្រហែល​ឮ​ឈ្មោះ ឫ​ស្គាល់​ឪពុក​ខ្ញុំ​ដែរ​មើល​ទៅ​។ គាត់​ឈ្មោះ​ថេពកូសុន​វិចិត្រ​កន​(​ទេព​កោសល្ល​វិចិត្រ​ករ​) ដែល​កាល​ពី​មុន​ជា​ស័ក្តិ​បី​ក្នុង​ទ័ព​ថៃ ហើយ​បាន​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​កម្ពុជា ក្រោយ​ដែល​បាន​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ ១៩៣៧​ នា​ក្រុង​ទេព​មហា​នគរ​(​បាងកក​)​។
-អា​ថី​ហា៎​ ស៊ី​អុយ​ហ៎ះ​? សម្ដី​ចិន​ធ្វើ​ម្ហូប​សួរ​យ៉ាង​នេះ​នាំ​ឲ្យ​ទីឃាវុធ​ ភ្ញាក់​ខ្លួន​ព្រើត​។ ត្រដរ​ដក​ខ្លួន​ពី​ការ​សញ្ជឹង​សញ្ជប់ នាយ​កំលោះ​បែរ​ធ្វើ​ជា​ញញឹម​ទៅ​រក​មាណវី ទើប​បញ្ជា​ជា​ខ្មែរ​ៈ
-អើ​ !​ យក​បាយ​លីង​សាច់​ក្ដាម​លាយ​សាច់​មាន់ ហើយ​ដាក់​ពង​ទា​ផង ពីរ​ចាន​មក​...​ ទឹក​ក្រូច​ពោធិ៍សាត់​ច្របាច់​ពីរ​កែវ​... ប៉ុណ្ណឹង​បាន​ហើយ​។
បែរ​ទៅ​រក​កញ្ញា ទីឃាវុធ​ អត្ថាធិប្បាយ​ថា​ៈ
-ខ្ញុំ​បង្គាប់​ឲ្យ​ធ្វើ​ម្ហូប​ឲ្យ​បាន​មាំ​ធ្ងន់​បន្តិច ព្រោះ​ទំរាំ​ដល់​ភ្នំពេញ​ថ្ងៃ​ត្រង់​ឯ​ណោះ​។ បើ​ពុំ​ដូច្នេះ រទេះ​ភ្លើង​រលាក់​ទទ្រើក​ធ្វើ​ឲ្យ​យើង​ឃ្លាន​ណាស់​។
-ខ្ញុំ​ពេញ​ចិត្ត​ណាស់ សូម​អរគុណ​។
មិត្ត​ថ្មោង​ថ្មី​បរិភោគ​បណ្ដើរ និយាយ​សំណេះ​សំណាល​បណ្ដើរ​។ ដល់​មក​ស្ថានីយ​ទទឹង​ថ្ងៃ ក្បួន​រថ​ដែល​មក​ពី​បាត់ដំបង​ក៏​ត្រូវ​ឈប់​រង​ចាំ​ខ្សែ​យាន​សែល​ទៅ​ពី​ភ្នំពេញ​ដើម្បី​ចៀស​គ្នា​។ ក្នុង​ពេល​នោះ ទីឃាវុធ​ បាន​នាំ​នាង​សៀម​ចុះ​ដើរ​ដើម្បី​ឲ្យ​បាត់​រមួល​ដៃ​ជើង​។ភ្នែក​គយ​គន់​ព្រៃ​ព្រឹក្សា មាត់​នាង​និយាយ​ថា​ៈ
-តាំង​ពី​ធំ​ដឹង​ក្ដី​កាល​ណា​មក ខ្ញុំ​តែង​នឹក​ឃើញ​ស្រុក​ខ្មែរ​ពន់ពេក​នឹក​ស្រលាញ់​តែ​ក្នុង​ចិត្ត ឥឡូវ​បាន​សម្រេច​ដូច​ប្រាថ្នា​ហើយ​។ ដោយ​សារ​យើង​មាន​ទំនៀម​ទំលាប់​ដូច​គ្នា មាន​ប្រពៃណី​កាន់​សាសនា ព្រម​ទាំង​ប្រកប​ដោយ​សម្បត្តិ​វប្បធម៌​ដូច​គ្នា​ថែម​ទៀត ទើប​ឪពុក​ខ្ញុំ កាល​បើ​គាត់​រត់​ចោល​ស្រុក គាត់​មក​សុំ​ស្នាក់​អាស្រ័យ​នៅ​ទី​ក្រុង​ភ្នំពេញ​។
-ខ្ញុំ​រីក​រាយ​ណាស់ ដោយ​ថា​នាង​និង​មក​នៅ​ក្រុង​ភ្នំពេញ​។
-ទី​ក្រុង​នេះ ជន​រួម​ជាតិ​ខ្ញុំ​បាន​សរសើរ​ថា​ស្អាត​ណាស់ ឪពុក​ខ្ញុំ​បាន​ទិញ​ផ្ទះ​មួយ​នៅ​ខាង​ជើង​វត្តភ្នំ​។
សំដី​នារី​ខាង​ចុង​ក្រោយ បាន​ធ្វើ​ឲ្យ​ចៅ​មាណព​ចាប់​អារម្មណ៍​មួយ​ភ្លាម​។ យី​! គ្រួសារ​នាង​មាន​ណាស់​តើ គេ​មាន​ប្រាក់​ទិញ​ភូមិ​គ្រឹះ​មួយ ក្នុង​សង្កាត់​ដែល​បរិបូណ៌​ដោយ​គេហដ្ឋាន​ល្អ​ស្អាត​ស្ដុកស្ដម្ភ​។ រីឯ​គ្រួសារ​ឯង​នៅ​ភូមិ​អូរតាគី​នៅ​ចុង​កាត់​មាត់​ញក​។ ឪ​! សេចក្ដី​សង្ឃឹម​ដែល​ប៉ុច​ជា​ត្រួយ​ក្នុង​ដួង​ចិត្ត​មួយ​សន្ទុះ​​... ណ្ហើយ​កុំ​គិត​វែង​ពេក​វា​នាំ​តែ​ឆ្កួត​វិល​ខួរ​ក្បាល​ទេ​។
លុះ​ខ្សែ​រថភ្លើង​បាន​ជៀស​គ្នា​កាល​ណា ទីឃាវុធ​ បាន​នាំ​កញ្ញា​មក​អង្គុយ​នៅ​បន្ទប់​ថ្នាក់​លេខ​ពីរ​ដោយ​មុខ​ស្ងួត​។ មា​លា​ដួង​ចិត្ត​ដែល​ខ្លួន​តែង​យោ​សប្តិ​រវើរវាយ​ឃើញ ឥឡូវ​បាន​ប្រាកដ​រូប​មក​នៅ​ជិត​បង្កើយ តែ​បែរ​ជា​ឆ្ងាយ​ទៅ​វិញ​ព្រោះ​ឈោង​ដៃ​មិន​ងាយ​ដល់​ទេ​។ ចៅ​មាណព​សញ្ជឹង​សញ្ជប់ ប្រាក​ចាក​សេចក្ដី​រីករាយ​អស់​រលីង តែ​នៅ​ខំ​ប្រឹង​ស្មារតី​កុំ​ឲ្យ​រាយមាយ ដើម្បី​ចាំ​ឆ្លើយ​នឹង​សំនួរ​នាង​។ នារី​ដែល​បាន​សង្កេត​ទឹក​មុខ​ស្រពោន​របស់​មិត្ត​ថ្មី ក៏​នឹក​ក្រែង​មាន​ទុក្ខ​ភារៈ​អ្វី​ដែល​មិន​គួរ​គប្បី​នឹង​សាក​សួរ​ឡើយ​។ ថ្វី​បើ​មាន​ពិភាល់​ក្នុង​ចិត្ត​នាង​គោរព​តុណ្ហីភាព​ដោយ​សម្លឹង​ទៅ​ខាង​ក្រៅ​។
ឥឡូវ​រថភ្លើង​បាន​កាត់​ផុត​ព្រៃ​ក្រាស់​ហើយ​មាណវី​ក៏​គយគន់​ជួរ​ដើម​ត្នោត​ដែល​ដុះ​ផ្ដុំៗ​គ្នា​។ មិន​យូរ​ប៉ុន្មាន​យាន​ក៏​ចូល​ដល់​ស្ថានីយ​ពោធិ៍​ចិន​តុង​។ ពេល​ដែល​ត្រូវ​ឃ្លាត​កាន់​តែ​ខិត​ជិត​ដល់​ហើយ​។ តែ​នឹង​ជួប​គ្នា​ទៀត​ដែរ​ឫ​ទេ​? គំនិត​នេះ​នាំ​មក​នូវ​សេចក្ដី​អួល​ផ្សា ដែល​ចោល​ម្លប់​ទៅ​លើ​ទឹក​មុខ​។ អ្នក​អាន​ដែល​បាន​ស្គាល់​នូវ​ចិត្ត​គំនិត​នាយ​កំលោះ​ស្រេច​មក​ហើយ ប្រហែល​ជា​មិន​សូវ​ងឿង​ឆ្ងល់​ពេក​ទេ​ចំពោះ​កិរិយា​ចម្លែក​យ៉ាង​នេះ​។
ដោយ​ស្ងួត ទីឃាវុធ​ និយាយ​ទៅ​កាន់​គូរ​សន្ទនា​ៈ
-ឃុន​នៅ​រវៀង​ដប់​គីឡូ​ម៉ែត្រ​ទៀត​ទេ យើង​ដល់​ភ្នំពេញ​ហើយ​។
ថា​ហើយ​ក៏​ឈោង​យក​វ៉ាលិស ពី​ផ្ទាំង​សំណាញ់​ដាក់​ចុះ​មក​លើ​ក្ដារ ដើម្បី​ឲ្យ​ងាយ​លើក​ហុច​ទៅ​ឲ្យ​អ្នក​ជញ្ជូន​។ ឯ​ភីលៀង​ចាស់​ពីរ​នាក់ ដែល​ពុំ​បាន​និយាយ​ស្ដី​អី​មួយ​ម៉ាត់​ជា​មួយ ទីឃាវុធ​ ក៏​ក្រោក​ឈរ​រៀបរយ​ដែរ​។ ចំណែក​នារី​នាង​បើក​ក្របូប​យួរ​យក​កូន​កញ្ចក់​ឆ្លុះ​សំរួល​សក់ ផាត់​ម្សៅ​បន្ថើរ​លើ​ភក្ត្រា​ ហើយ​យក​បណ្ដូល​ក្រហម​មក​ជូត​បន្ថែម​លើ​បបូរ​មាត់​។ កាយ​វិការ​ដ៏​សមសួន​នេះ ទីឃាវុធ​ គយគន់​មិន​ដាក់​ភ្នែក​ទេ ដើម្បី​ចារឹក​ទុក​ក្នុង​ហឫទ័យ​កុំ​ឲ្យ​ភ្លេច​បាន​។
ក្បាល​រថភ្លើង​ទាញ​កញ្ចែ​វែង​ពីរ​-​បី​ដង ហើយ​ក៏​ចូល​ទៅ​ឈប់​អែប​ជំរក​ស៊ីម៉ងត៍​។ ក្នុង​ពពួក​មនុស្ស​អ៊ូអរ​ដែល​មក​រង​ចាំ​អ្នក​ដំណើរ​មាន​បុរស​ម្នាក់​អាយុ​ប្រហែល​សែសិប​ប្លាយ​ឆ្នាំ សំលៀក​បំពាក់​បែប​អឺរ៉ុប​ហើយ​ទឹក​មុខ​រីក​ថ្លា​សម​ជា​អ្នក​មាន​ចិត្ត​ធម៌ មាន​សេចក្ដី​ប្រណី​។ ភ្នែក​គាត់​រំពៃ​មើល​ពី​ទូរ​រថ​មួយ​ទៅ​ទូរ​រថ​មួយ​ទៀត​។ នាង​ ចន្ទមណី​ អើត​តាម​បង្អួច​ឃើញ​គាត់ ក៏​ស្រែក​ហៅ​ភ្លាម​ៈ
-ឃុន​ផ​ ចា៎​ !
ទឹក​មុខ​គាត់​ញញឹម​ព្រាយ ទទួល​សេចក្ដី​គោរព​ពី​បុត្រី​ដែល​លើក​ដៃ​ប្រណម្យ យ៉ាង​ទន់​ភ្លន់​។ ក្នុង​ពេល​ជា​មួយ​នេះ ទីឃាវុធ​ ក៏​បាន​ហៅ​អ្នក​ជញ្ជូន​អីវ៉ាន់​ម្នាក់​មក​ទទួល​យក​វ៉ាលិស​នាង រួច​ហើយ​ក៏​ទៅ​យក​អីវ៉ាន់​របស់​នាង ស្រាប់​តែ​មាណវី​នាង​ហៅ ហើយ​ប្រាប់​ឪពុក​ថា​ៈ
-ឃុន​ផ នេះ​នាយ ទីឃាវុធ​ ដែល​បាន​ជួយ​យក​ចិត្ត​ទុក​ដាក់​ខ្ញុំ​ក្នុង​ដំណើរ​នេះ កុំ​អី​ខ្ញុំ​ប្រទះ​ការ​លំបាក​មិន​តិច​ទេ​។
អតីត​ស័ក្តិ​បី​សៀម​ញញឹម ហើយ​ស្ទុះ​មក​ចាប់​ដៃ​អ្នក​កំលោះ​ដោយ​រាក់​ទាក់​ៈ
-អរគុណ​លោក​ក​មួយ (​ក្មួយ​) ពេក​ គាត់​និយាយ​ខ្មែរ​បៃ​ឡាំ​បន្តិច​។
អ្នក​ទាំង​បី​ដែរ​ចេញ​មក​ក្រៅ ដោយ​មាន​សាវជៃ និង​អ្នក​ជញ្ជូន​អីវ៉ាន់​ដើរ​តាម​មក​ដែរ​។ ឃើញ​ឪពុក​នាង​ខំ​រក​ពាក្យ​និយាយ​ខ្មែរ​ដោយ​លំបាក នាង​ ចន្ទមណី​ ជំរាប​គាត់​ថា​ឲ្យ​និយាយ​ថៃ​ទៅ​វិញ​ទៅ ព្រោះ​ទីឃាវុធ​ ចេះ​ភាសា​នេះ​ស្ទាត់​ណាស់​។
ឮ​នាង​អួត​ដូច្នោះ ទីឃាវុធ​ មាន​ទឹក​មុខ​ឡើង​ក្រហម​ហើយ​តប​ជា​ភាសា​សៀម​​ៈ
-ឃុន​មិន​គួរ​បំផ្លើស​យ៉ាង​នេះ​សោះ​។ ខ្ញុំ​រៀន​នៅ​ឯ​ស្រុក​ខ្មែរ​ធ្វើ​ម្ដេច​នឹង​និយាយ​ត្រូវ​អក្សរ​ល្អ​។
-ភូត​បាន​ប៉ុណ្ណឹង​ហើយ ដល់​ណា​ទៀត​ទៅ (​លោក​ទេព​កោសល្ល​ តប​)​។
លុះ​បាន​ដល់​រថយន្ត អតីត​នាយក​ទាហាន​ក៏​បបួល​ដោយ​ស្មោះ​ស្ម័គ្រ​ៈ
-លោក​ក្មួយ​មក​ជា​មួយ​នឹង​ខ្ញុំ​ជូន​ដល់​ទី​កន្លែង​។
-សូម​កុំ​ព្រួយ​ថ្វី ខ្ញុំ​មាន​ពួក​ម៉ាក់​ច្រើន​ណាស់​ទៅ​ចោល​គេ​ពុំ​កើត​ទេ​។
-ឃុន​កុំ​ភ្លេច​ទៅ​លេង​នឹង​ខ្ញុំ​ណា៎​។ ជូន​ខ្ញុំ​ដើរ​លេង​ផង ខ្ញុំ​ជា​អ្នក​ចំណូល​ថ្មី​មិន​ស្គាល់​ស្រុក​ទេស​សោះ​ឡើយ​។
ពេល​នោះ​ឪពុក​នាង​បន្ថែម​ផ្ទួន​លើ​សំដី​ធីតា​ៈ
-អញ្ជើញ​កុំ​ខាន ផ្ទះ​ខ្ញុំ​លេខ ៩២​ មហា​វិថី​មីស​។ អញ្ជើញ​កុំ​ខាន ខ្ញុំ​គ្មាន​ស្គាល់​នរណា​ទេ​នៅ​ភ្នំពេញ​។
ទីឃាវុធ​ ទទួល​ថា​បាទ​ដោយ​ស្បើយៗ ហើយ​ក៏​សំពះ​លា​មិត្ត​ទំនើប​ដើរ​ចេញ​ទៅ​។ ឪពុក​និង​កូន​ក៏​លូក​ដៃ​មក​ចាប់​នាយ​កំលោះ​តាម​ទម្លាប់​អឺរ៉ុប​។ ទីឃាវុធ​ បាន​កាន់​បាត​ដៃ​នាង មាន​សាច់​បន់​ម៉ដ្ឋ​មាន​ម្រាម​តូច​ស្រួច​ស្រឡូន ហើយ​ក្រចក​លាប​ថ្នាំ​ក្រហម​ពណ៌​ទទឹម​។
សិស្ស​កំលោះ​ដើរ​បន្តិច​មក ហើយ​ងាក​ទៅ​ឃើញ​ឡាន​ព្រីម៉ាកាត្រវីណូ​មួយ​បរ​ចេញ ហើយ​បត់​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​...​។
                                                                ****
                                                             -៣-
                                                      អរុណស្នេហា
នៅ​យប់​ថ្ងៃ​នោះ ក្រោយ​ពេល​អនុរក្ស​បាន​ទះ​ដៃ​ព្រួបៗ បង្គាប់​ឲ្យ​មុង​ដេក ទីឃាវុធ​ ក៏​ប្រតិបត្តិ​តាម​ទាំង​ទន់​ដៃ​ជើង ដៃ​គង​លើ​ថ្ងាស​ព្រលឹង​ក៏​បង្វិល​រំលឹក​នូវ​អនុស្សាវរីយ៍​ថ្មោង​ថ្មី ដើម្បី​ក្រេប​ឱ​ជា​រស​ឡើង​វិញ​នៃ​វិការ​ដ្ឋាន​ដ៏​ថ្លៃថ្លា​ ដែល​ប្រសើរ​ជាង​យល់​សប្តិ​ទៅ​ទៀត​។ អ្នក​កំលោះ​នឹក​ដល់​សេចក្ដី​រាក់ទាក់​នឹង​ស្និទ្ធស្នាល​យ៉ាង​ស្មោះ​ត្រង់​របស់​នាង ហើយ​ឆ្វេង​យល់​ក្នុង​ចិត្ត​ថា កិរិយា​យ៉ាង​នេះ​ខ្មែរ​ណា​ដែល​ប្រកាន់​ដំបូន្មាន​សាស្ត្រា​ស្លឹក​រឹត​នៅ​ឡើយ គង់​ចាត់​ដោយ​ពេប​ជ្រាយ​ដោយ​នាង​ថា​ជា​ស្រីចើត ឃើញ​ប្រុស​ភ្លាម​ក៏​ដេញ​រក​ប្រភឹប​តែ​ម្ដង​! ចោទ​យ៉ាង​នេះ​ជា​អយុត្តិធម៌​ហើយ ព្រោះ​ក្នុង​កិច្ចការ​អ្វីៗ ក៏​ដោយ​យើង​មិន​ត្រូវ​ដក​ក្បួន​ខ្នាត​តែ​មួយ ហើយ​ក្មេង​ក្មាង​ដើរ​វាស់ ដើរ​វិនិច្ឆ័យ​ទំនៀម​ទំលាប់​គ្រប់​ជាតិ គ្រប់​សាសន៍​ដូច្នោះ​ឡើយ​។ នារី​ខ្មែរ​ដែល​ប្រកាន់​មូរ​មុខ​អៀន​កុំ​ប្រុន កញ្ញា​អារ៉ាប់​ដែល​យក​ស្បៃ​មក​ទទូរ​ស្កុង​បាំង​មុខ ក្រមុំ​ខ្មែរ​លើ​ដែល​លែង​ដើម​ទ្រូង​នៅ​ទទេ ហើយ​ស្ត្រី​អឺរ៉ុប​ដែល​ស្និទ្ធ​ស្នាល​នឹង​បុរស​ដោយ​ស្មើ​មុខ​គ្នា​យ៉ាង​ពេញ​លេញ​នោះ​តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ អ្នក​ណា​គ្រាន់​បើ​ជាង​អ្នក​ណា​? បើ​យើង​ចាត់​ថា​គេ​ធ្វើ​ផ្ដេសផ្ដាស គេ​ក៏​គង់​ទាស់​ចិត្ត​នឹង​ស្ត្រី​យើង ដោយ​ចោទ​ថា​ជា​មនុស្ស​ខ្វះ​សេចក្ដី​រាក់ទាក់ គ្មាន​សេចក្ដី​ស្មោះ​សរ​ដែរ​។ បើ​យើង​ប្រកាន់​ថា យើង​ប្រព្រឹត្ត​តាម​សីលធម៌ តាម​ចរិយា​សាស្ត្រ តាម​ដំបូន្មាន​ដូន​តា​ព្រឹទ្ធាចារ្យ​យើង គេ​ក៏​តប​វិញ​ថា​ខាង​គេ​ក៏​មិន​ឃ្លោង​ឃ្លាត​ពី​គុណ​សម្បត្តិ​ទាំង​នោះ​ទេ​ដែរ​។
មួយ​ទៀត ដើម្បី​ងាយ​យល់​នូវ​កិរិយា​និង​ឫកពា​នាង ចន្ទមណី​ ទីឃាវុធ​ អង្វរ​ឲ្យ​អ្នក​ផង​គិត​ថា នៅ​ប្រទេស​ថៃ​ស្ត្រី​មាន​វិវត្តន៍​តាម​របៀប​អឺរ៉ុប​ជឿន​ទៅ​មុខ​ឆ្ងាយ​ណាស់ ព្រោះ​ស្រុក​គេ​មាន​ឯករាជ្យ​យួរ​អង្វែង​មក​ហើយ​។ ឯ​យុវជន​គេ​ទាំង​ស្រី​ទាំង​ប្រុស ក៏​បាន​រៀន​នៅ​ទ្វីប​អឺរ៉ុប​និង​អាមេរិក​យ៉ាង​ក្រាស់​ក្រែល​ផង​។
ចំណែក​ទីឃាវុធ​ វិញ​ ដោយ​ក្រេប​ឱជារស​រឿង​ប្រលោម​លោក​បរទេស ធ្លាប់​ថ្លឹង​យល់​នូវ​គំនិត​មារយាទ​ស្ត្រី​ភាព ដែល​ពាក្យ​ខ្មែរ​យើង​បន្ទោស​ហើយ​ហៅ​ក្លាយ​ថា​៉​ស៊ីវិល័យ​៉ វិញ​ អ្នក​កំលោះ​នេះ​យល់​ឃើញ​ថា​កិរិយា​នាង ចន្ទមណី​ ប្រកប​ដោយ​ភាព​ធម្មជាតិ​ប្រពៃ​ណាស់​។ គ្មាន​អ្វី​មក​បង្ខិត​បង្ខំ ឫ​គ្មាន​អ្វី​មក​ទប់​ទល់​ឲ្យ​ស្ទាក់​ស្ទើរ​សោះ​ឡើយ​។ នាង​តែង​សំដែង​ដោយ​ស្មោះ​ត្រង់​ដោយ​ឥត​លាក់លៀម​ទេ​នូវ​គំនិត​អ្វី​ទាំង​ស្រុង​ដែល​មក​ចាប់​បដិសន្ធិ​ក្នុង​ចិន្ដា​នាង​។ តាម​ដែល​បាន​សង្កេត​មក ប្រាកដ​ជា​នាង​មាន​ចិត្ត​ខ្លះ​ដែរ​មក​លើ​ខ្លួន​។ ប៉ុន្តែ​ បើ​គ្រាន់​តែ​មាន​មនោសញ្ចេតនា​ប្រភេទ​នេះ​ប៉ុណ្ណោះ ឃើញ​ថា​នៅ​ពុំ​ទាន់​គ្រប់​បរិបូណ៌​ទេ​។ រុក្ខជាតិ​ដុះ​លើ​ដី​បែក​ក្រហែង​ក្នុង​រដូវ​ប្រាំង​ត្រូវ​ការ​ភ្លៀង យ៉ាង​ណា​មិញ​ដួង​ចិត្ត​អ្នក​កំលោះ ដូច​យើង​ស្គាល់​មក​ហើយ​ស្រាប់ ក៏​រាវ​រក​សេចក្ដី​ស្នេហា​យ៉ាង​នោះ​ដែរ​។ មើល​ចុះ​ដេក​យល់​សប្តិ ដើរ​យល់ អង្គុយ​យល់​សប្តិ អាត្ម័ន​ជ្រួត​ជ្រាប​ពេញ​ទៅ​ដោយ​មនោសញ្ចេតនា​នេះ​តែ​មួយ​។ ចុះ​បើ​ឥឡូវ​មក​ភព​ប្រសព្វ​លើ​សេចក្ដី​ប្រាកដ ដែល​ឆើត​លើស​លប់​ជាង​សេចក្ដី​ឈ្វេង​ឃើញ​ទៅ​ទៀត​នោះ​។ តើ​នឹង​ញាប់​ញ័រ​យ៉ាង​ណា​ទៅ​?
ឱ​! ធ្វើ​ម្ដេច​ហ្ន៎​នឹង​បាន​ឱកាស​ទៅ​បណ្ដុះ​បណ្ដាល​ស​មាន​ចិត្ត​និង​មិត្ត​ភាព​ឲ្យ​កាន់​តែ​ចំរើន​រុងរឿង​បាន បើ​ធនធាន​គេ​ក៏​មាន​ស្ដុកស្ដម្ភ​ហើយ​គេ​ជា​ជន​បរទេស​ទៀត​ផង​? ដែល​គេ​បបួល​ឲ្យ​ទៅ​លេង​ប្រហែល​ជា​ការ​គួរ​សម​ក៏​មិន​ដែរ ព្រោះ​ខ្លួន​បាន​ជួយ​យក​អាសា​គ្រប់​យ៉ាង​ក្នុង​ពេល​ធ្វើ​ដំណើរ​។ នឹង​ទៅ​រក​ជួប​គេ​តាម​សម្ដី​បបួល​ហាក់​ដូច​ជា​ឯង​ឥត​កេរ្តិ៍​ឥត​ខ្មាស ដោយ​ហេតុ​ថា​នៅ​មិន​ទាន់​ដឹង​ច្បាស់​នូវ​ទឹក​ចិត្ត​គេ​យ៉ាង​ណា​សោះ ដ្បិត​ស្គាល់​គ្នា​នៅ​ថ្មោង​ថ្មី​ពេក​។ ណ្ហើយ​! ទីឃាវុធ​ ស៊ូ​អង្កត់​ចិត្ត​ដាច់​ថា មិន​ទៅ​រក​ជួប​ទេ​កុំ​ឲ្យ​គេ​ត្មះ​តិះ​ដៀល​ដល់​ជាតិ ដល់​អម្បូរ​ដែល​ខ្លួន​ប្រកាន់​ស្ទួយ​លើស​ជីវិត​ទៅ​ទៀត​។ ប៉ុន្តែ​ថ្វី​បើ​បាន​ប្ដេជ្ញា​យ៉ាង​នេះ សេចក្ដី​អួល​ផ្សា​សេចក្ដី​នឹក​អាល័យ​មិន​រំងាប់​សាប​សូន្យ​ទៅ​បាន​ឡើយ ព្រោះ​មនោគតិ​ចេះ​តែ​គូរ​រូប​នាង ចន្ទមណី​ ឲ្យ​ឃើញ​ញញឹម​ស្រស់​នៅ​ចំពោះ​មុខ​ពុំ​ដែល​ដាច់​។
ថ្ងៃ​មួយ ចំនួន​ដប់​ប្រាំ​ថ្ងៃ​ពី​ពេល​ចូល​រៀន​មក ជួន​ជា​ទិវា​ឈប់​បុណ្យ​។ នៅ​ពេល​រសៀល​ទីឃាវុធ​ ស្លៀក​ពាក់​កំប្លេ​៉​បុ័កមប៊័ស​៉ ខៀវ​ប្រផេះ​ហើយ​ចង​ក្រវាត់​យ៉ាង​សង្ហា បាន​ចេញ​ពី​លី​សេ​ទៅ​មើល​កុន​រោង​អេដិន​។ លុះ​ចេញ​ពី​រោង​កុន​ស្រាប់​តែ​ទូច​ង៉ក់​នឹង​លួង ទេព​កោសល្ល ហើយ​នឹង​ធីតា​ដែល​ចុះ​ជណ្ដើរ​ពី​លើ​ឡៅ​អគារ​នេះ​ដែរ​។ ក្នុង​ពេល​នោះ​នាង​ស្លៀក​ស​ពាក់​ស សុរង​ក​រំលេច​ដោយ​បន្តោង​ពេជ្រ​មួយ​សម​សួន​ឥត​ផ្ទឹម​។ ក្រឡេក​ឃើញ​ភ្លាម នាង​ញញឹម​ពព្រាយ​មក​រក​នាយ​កំលោះ​ដែរ​រក​គេច​ខ្លួន​ពុំ​រួច ក៏​ដើរ​ទៅ​ទាំង​អេះ​អុញ​។
-សួស្ដី​លោក​! សួស្ដី​ឃុន​!
-យី​ក្មួយ​ទេ​តើ​(​អតីត​នាយ​ទាហាន​ឆ្លើយ​ដោយ​រាក់​ទាក់​)​។
-សួស្ដី​បង​! នាង​តប​ហើយ​បន្ថែម​ៈ
-ខ្ញុំ​សូម​បន្ទោស​បន្តិច​ទៅ​ចុះ កាល​ពី​មុន​សន្យា​ថា​នឹង​នាំ​ខ្ញុំ​ដើរ​លេង ខ្ញុំ​ខំ​រង​ចាំ​មើល​ផ្លូវ​។ ឥឡូវ​ធ្វើ​ព្រងើយ​បំភ្លេច​ខ្ញុំ​ចោល​បាត់​។
ទីឃាវុធ​ លុះ​បាន​សង្កេត​ដោយ​រំភើប​ថា នាង​លែង​ហៅ​៉​ឃុន​៉ ដូច​មុនៗ​ទៀត​ហើយ ក៏​តប​កល្យាណ​វិញ​ថា​ៈ
-អត់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​ជាប់​រវល់​ច្រើន​ពេក​រក​ឆ្លៀត​ពុំ​បាន​សោះ​តែ​ម្ដង​។
-អញ្ចឹង​មែន​ហើយ (​នាង​ស៊ក​ឲ្យ​) រវល់​តែ​ដើរ​មើល​កុន​តែ​ម្នាក់​ឯង​។ នេះ​ដោយ​សារ​ចៀស​ពុំ​រួច​ទើប​ចូល​មក​ជួប​។
-កុំ​កាច់​ពេក​ហា៎ ចន្ទមណី​ (​ឪពុក​បន្ទោស​ដោយ​ទន់​សម្ដី​)​។ធម្មតា​អ្នក​រៀន​សូត្រ​មិន​សូវ​ទំនេរ​ដូច​យើង​ទេ​។
ថា​ហើយ​បែរ​មុខ​ទៅ​រក​អ្នក​កំលោះ​ៈ
-បើ​ក្មួយ​មិន​ជាប់​ធុរៈ​ទៅ​ណា​ទៀត​ទេ មក​ទៅ​ញាំ​ទឹក​ក្រូច​និយាយ​គ្នា​លេង​នៅ​ផ្ទះ​ខ្ញុំ ចាំ​ខ្ញុំ​ឲ្យ​ជូន​ឡាន​មក​សាលា​វិញ​ឲ្យ​ទាន់​ម៉ោង​។
                                                                               ***
ការ​មក​លេង​ផ្ទះ​នាង​លើក​ដំបូង ក៏​សណ្ដោង​ទាញ​មក​នូវ​ការ​មក​ជួប​គ្នា​ជា​ញឹក​ញយ​។ លុះ​ស៊ាំៗ​ ទៅ​ក៏​ឃើញ​ថា ឪពុក​ក្ដី​ធីតា​ក្ដី​មិន​កាន់​ឫក កាន់​ពារ ជា​អ្នក​មាន​សោះ​ឡើយ​។ ដូច្នេះ​ ទីឃាវុធ​ ក៏​គិត​ពី​ឋានៈ​នៃ​គ្រួសារ​របស់​ខ្លួន​ដែរ​។ ស្ទើរ​មិន​សល់​ថ្ងៃ​ឈប់ ទីឃាវុធ​ តែង​មក​ជួប​នឹង​មិត្ត​បរទេស​ទាំង​ពីរ ហើយ​នាំ​គ្នា​ជិះ​ឡាន​លេង ជួន​ទៅ​គគីរ ជួន​ទៅ​ទឹក​ខ្មៅ (​ឥឡូវ​ហៅ​តា​ខ្មៅ​) ពោធិ​ចិន​តុង​ឫ​ភ្នំ​ឧត្តុង្គ ហើយ​ជួន​កាល​ពេល​ល្ងាច​នាំ​គ្នា​ជិះ​កាណូត​ឆ្លង​ទៅ​យក​ខ្យល់​អាកាស​ខាង​ជ្រោយ​ចង្វា​។
ការ​ជួប​គ្នា​ញឹក​ញាប់​បែប​នេះ នាំ​ឲ្យ​មាន​ចិត្ត​ក្លាយ​ជា​មិត្ត​ភាព​ជា​បរិសុទ្ធ​។ ត​មក​ឥទ្ធិពល​វ័យ​ក្មេង​កណ្ដាល​មិត្ត​ភាព​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​មនោសញ្ចេតនា​មួយ ដែល​តែង​ធ្វើ​ឲ្យ​បេះ​ដូង​យុវជន​យោល​គ្រឹក​គ្រេង​។
នៅ​ថ្ងៃ​ឈប់​ណា​ដែល​ខ្លួន​ខំ​ទប់​ចិត្ត​មិន​ចេញ​ពី​សាលា ដើម្បី​បំពេញ​កិច្ច​សិក្សា​ឲ្យ​បាន​ជ្រះ​ស្រឡះ ទីឃាវុធ​ ក៏​ស្ងួត​ស្ងប់​រវើរវាយ​។ ប៉ុន្តែ​ ដោយ​ខ្លួន​ជា​អ្នក​មិន​ចេះ​បៀម​ទុក្ខ​សង្រេង​យូរ មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក៏​តែង​សើច​ក្អាក​ក្អាយ​យ៉ាង​ព្រងើយ ជា​មួយ​ពួក​ម៉ាក​ចេះ​ច្របាច់​កំប្លែង​។ យុវ​បុរស​យើង​តែង​ញញើត​ខ្លាច​បំផុត​ពេល​ដែល​ត្រូវ​មុង​និទ្រា ព្រោះ​សេចក្ដី​នឹក​រលឹក​តែង​ធ្វើ​ឲ្យ​ស្រមៃ​ឃើញ​រូប​បវរ​មិត្ត ដែល​ស្រស់​ចំប្រប់​ឱកាស​ឥត​ឆ្នើម​។ ម៉្លោះ​ហើយ​ក៏​ក្រហល់​ក្រហាយ​តែ​ម្នាក់​ឯង ទំរាំ​នឹង​តម្រង់​ផ្ចង់​ចិត្ត​បាន​ថា​ខ្លួន​ត្រូវ​រៀន​ឲ្យ​បាន​សម្រេច​ដូច​ប្រាថ្នា​សិន ទើប​អាច​ឈោង​ដៃ​ទៅ​រក​ឆោម​សិទ្ធ​កើត​។
ចំណែក​ខាង​នាង​វិញ នាង​ពុំ​បាន​ញែក​ធ្វើ​វិភាគ​ដួង​ចិត្ត​ឲ្យ​ដឹង​ថា​តើ​ចំណង​រាប់​អាន​រវាង ទីឃាវុធ​ និង​ខ្លួន​នាង​ជា​វត្ថុ​ធម្មតា ឫ​ប្លែក​ពី​ធម្មតា​សោះ​ឡើយ​។ នាង​គ្រាន់​តែ​សង្កេត​ថា ក្នុង​គ្រា​ណា​មាន​សំបុត្រ​អ្នក​កំលោះ​មក​ប្រាប់​ថា គេ​ជាប់​រវល់​ពុំ​បាន​ចេញ​មក​លេង​ទេ ថ្លើម​នាង​ធ្លាក់​ក្ដុក​ហើយ​នៅ​ពេល​នោះ​។ ការ​កំសាន្ត​ទាំង​ឡាយ​ដែល​នាង​ធ្លាប់​ត្រេក​ត្រអាល ក៏​ហាក់​ដូច​ជា​ឥត​រស​ជាតិ​ទាំង​អស់​។
ថ្ងៃ​មួយ ឪពុក​នាង​មាន​ធុរៈ​ចុះ​ទៅ​ព្រៃ​នគរ នារី​នាង​នៅ​តែ​ម្នាក់​ឯង​ជា​មួយ​ស្រី​ភីលៀង​ទាំង​ពីរ ដែល​កំពុង​ចាត់​ការ​ក្នុង​ផ្ទះ​។ ដោយ​នាង​ពុំ​បាន​ទទួល​ដំណឹង​អ្វី​ជា​មុន​ថា មិត្ត​នាង​ពុំ​បាន​មក​ទេ​នោះ នាង​ក៏​រៀប​ខ្លួន​ហើយ​ចុះ​មក​រង​ចាំ​នៅ​ទី​ទទួល​ភ្ញៀវ​។ ពេល​នោះ នាង​ស្លៀក​ហ៊្សីប​ពណ៌​ពង​ក្រ​សា ហើយ​ពាក់​អាវ​ពណ៌​ផ្កា​ឈូក​យ៉ាង​សំណំ​។
ដោយ​នាយ​កំលោះ​យឺត​ពេល​ក្រហម​ដល់​បន្តិច នាង​ក៏​ចាប់​សៀវភៅ​ប្រលោម​លោក​អង់គ្លេស ដែល​មិត្ត​បាន​ឲ្យ​នាង​ខ្ចី​មក​អាន​តទៅ​ទៀត​ដើម្បី​បន្លប់​ការ​រង​ចាំ​។ នាង​អង្គុយ​ក្នុង​កៅអី​វែង ដង​ខ្លួន​ផ្អែក​ទៅ​ភ្នាក់​ដៃ​ម្ខាង ហើយ​កំភួន​ជើង​ស្រឡូន​រាង​ខ្លំ​សណ្ដូក​បណ្ដោយ​ទៅ​លើ​ពូក​។មិន​យូរ​ប៉ុន្មាន​ពាក្យ​ពេចន៍​ពីរោះ ហើយ​សាច់​រឿង​ដែល​នាំ​ឲ្យ​ស្រណោះ​សល់​គូរ​ជីវិត ក៏​នាំ​ឲ្យ​សេចក្ដី​ទន្ទឹង​របស់​នាង​ស្រងល់​ភ្លេច​ភ្លាំង​ទៅ​។ ព្រលឹង​កំពុង​ជក់​ស្រាប់​តែ​ឮ​សូរ​ស្បែក​ជើង​ខ្សាកៗ នាង​ងើប​ភ័ក្ត្រ​ឡើង​ហើយ​ក៏​ញញឹម​ពព្រាយ​។
-សួស្ដី​បង​!
-សួស្ដី​អូន​! បង​សូម​អភ័យ​ទោស​ចុះ​ដោយ​យឺត​ជិត​កន្លះ​ម៉ោង​ព្រោះ​ស៊យ​ជិះ​ស៊ីក្លូ​មក​បែក​កង់ ហើយ​រក​ស៊ីក្លូ​ទំនេរ​ជិះ​ពុំ​បាន​តោង​ដើរ​មក​។
ទីឃាវុធ​ និយាយ​បណ្ដើរ​ក៏​ដើរ​ចូល​ជិត​បណ្ដើរ​។
-បង​! បង​ឯង​អី​នេះ​!
នាង​ដក​ក្រដាស​ពីរ​សន្លឹក បត់​សៀត​ភ្លេច​ចោល​ក្នុង​សៀវភៅ​ដែល​នាង​កំពុង​អាន​យក​មក​បង្ហាញ​មិត្ត​នាង​។ កាល​ណា​នាង​លា​ផ្នត់​ក្រដាស​នោះ​ឡើង អត្ថបទ​ជា​អក្សរ​ខ្មែរ​ក៏​ប្រាកដ​ឡើង​ចំពោះ​ភ្នែក​។
កាល​បើ​ឃើញ​ក្រដាស​នោះ​ភ្លាម ទឹក​មុខ ទីឃាវុធ​ ឡើង​ក្រហម​ទុំ អេះអុញ​ ដោយ​នឹក​អ្វី​មក​ដោះ​សារ​ពុំ​បាន​។
នារី​សៀម​និយាយ​ត​ទៅ​ទៀត​ៈ
-នេះ​ប្រហែល​ជា​កំណាព្យ​ហើយ បាន​ជា​មាន​ឃ្លា​មាន​ឈ្មោះ​ស្ទើរ​ប្រវែង​គ្នា​។
-អូន​ស្មាន​ត្រូវ​ហើយ ជា​ពាក្យ​កាព្យ​ពិត​មែន​។
-តើ​អ្នក​ណា​តែង​?
ដោយ​ទាល់​គំនិត ចៅ​បុរស​ក៏​ឆ្លើយ​ៈ
-ខ្លួន​បង​នេះ​ឯង តែង​លេង​ហើយ​ភ្លេច​ដៃ​ដាក់​ក្នុង​សៀវភៅ​នេះ​មក​។
ណ្ហើយ អូន​កុំ​រវល់​នឹង​កាព្យ​ឃ្លោង​ឥត​ជាតិ​ឥត​ជៅ​ធ្វើ​អ្វី ដែល​យើង​ថា​ទៅ​មើល​កុន​នោះ​ល្មម​ទី​ហើយ​តិច​ហួស​ពេល​។
-ហួស​ក៏​ហួស​ទៅ​ចុះ គ្មាន​អ្វី​ល្អ​មើល​ប៉ុន្មាន​ទេ​។ ខ្ញុំ​ចង់​ដឹង​សាច់​កាព្យ​នេះ​ណាស់​។ មុខ​ជា​ពីរោះ​ហើយ​។ បង​ឯង​មិន​ទាន់​ដឹង​ទេ ខ្ញុំ​ចូល​ចិត្ត​កវី​និពន្ធ​ណាស់​។ ខ្ញុំ​ធ្លាប់​អាន​ជា​ភាសា​អង់គ្លេស​និង​ភាសា​ថៃ​។ ហេតុ​នេះ​ហើយ​បាន​ជា​ចង់​ស្គាល់​កាព្យ​ភាសា​ខ្មែរ​ទៀត​។ បង​ឯង​មើល​ទៅ​មើល​ជា​ភាសា​ខ្មែរ​សិន​។
រក​ពិធី​ដោះ​ខ្លួន​ពុំ​រួច​ហើយ​ទើប ទីឃាវុធ​ ទទួល​យក​សន្លឹក​ក្រដាស​នោះ​មក​ៈ
-អូន​ឯង​គង់​បាន​សង្កេត​ឃើញ​ហើយ កាព្យ​ក្នុង​ក្រដាស​ពីរ​ផ្ទាំង​នេះ​មាន​ពីរ​បែប​។ មួយ​បែប​បង​បាន​តែង​និយម​បារាំង​។ ក្នុង​ឆន្ទ​នីមួយៗ មាន​ដប់​ពីរ​ព្យាង្គ ហើយ​ចុង​ចួន​មាន​នៅ​ត្រង់​កន្ទុយ​ឆន្ទ​ទេ​។
-អ៊ីចឹង​ ប្រហាក់​ប្រហែល​គ្នា​នឹង​កាព្យ​អង់គ្លេស​ដែរ​។ ទីឃាវុធ​ និយាយ​ត​ទៅ​ទៀត​ៈ
-មួយ​បែប​ទៀត បង​តែង​តាម​ចំណូល​ថៃ​នឹង​ខ្មែរ ជា​កាព្យ​ប្រាំ​ពីរ​។
-សូម​បង​មើល​កំណាព្យ​បែប​បារាំង​មុន​។
នាង​អង្គុយ​មួយ​ចំហៀង ហើយ​ចង្អុល​ឲ្យ​នាយ​កំលោះ​អង្គុយ​ម្ខាង​ទន្ទឹម​នាង​ក្នុង​កៅ​វែង​មួយ​។ ទីឃាវុធ​ ចាប់​អាន​ៈ
                                                                   លលក
ថ្ងៃ​ត្រង់ វាល​ស្រែ​ក្ដៅ​ដូច​ជា​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ ព្រះអាទិត្យ​ចិត្ត​ឃោរឃៅ​កម្លោច​ស្មៅ​និង​កញ្ច្រាំង ចំហាយ​ខ្យល់​បក់​ភឹបៗ លើ​ទឹក​ល្អក់​ក្នុង​ត្រពាំង ដែល​មាន​កុក​សំគម​មួយ​ចាប់​កំពឹស​ដោយ​សំងំ​។
សត្វ​នានា​ស្ងាត់​មាត់​ជ្រាប ចង្រិត​ដែល​ភិរម្យ របស់​ស្រុក​ស្រែ​នោះ​សោត ក៏​ជ្រក​ពួន​ដោយ​ភ័ន្ត​ភាំង អ្នក​គង្វាល​គោ​ដេក​ដៃ​គង​ថ្ងាស​ស្រមុក​គ្រាំងៗ ក្រោម​ដើម​អំពិល​មួយ ដ៏​មាន​ម្លប់​ត្រជាក់​​។
នៅ​វេលា​ដែល​ក្ដៅ​ហប់​ទូទៅ​ទាំង​វាល​ព្រៃ​ព្រឹក្សា មាន​លលក​មួយ​មក​ទំ​លើ​មែក​មួយ ដែល​ឥត​ស្លឹក​ហើយ​បក្សី​នោះ​តាំង​ច្រៀង​គ្រលួច​ពីរោះ​ឥត​បី​។
ក្នុង​ផ្ទៃ​ស្ងប់ សម្លេង​នេះ ដែល​ថ្លា​ដូច​ចរណៃ មក​ញ៉ាំង​អ្នក​ដែល​សន្ធឹង​ខ្នង​ផ្ទាល់​ដី ឲ្យ​ស្រមៃ​ឃើញ​វិមាន​ឋាន​សួគ៌ា និង​កញ្ញា​ល្អ​ប្រិមប្រិយ​។
នាង​ចន្ទមណី បាន​ផ្ទៀង​តាម​ចង្អុល​ដៃ ទីឃាវុធ​ ដែល​បង្ហាញ​នូវ​បន្ទាត់​កំពុង​អាន​បណ្ដើរ​។ លុះ​ចប់​កាព្យ​បែប​បារាំង​ហើយ នាង​និយាយ​ៈ
-បង​ប្រែ​ទៅ ប្រែ​ជា​សៀម​វិញ​ប្រសើរ​ជា​ស្រួល​ជាង​ព្រោះ​ខ្មែរ និង​សៀម​ភាសា​ស្រដៀង​គ្នា​។ ហើយ​បើ​ប្រែ​ពី​ខ្មែរ​ទៅ​អង់គ្លេស​ប្រហែល​ជា​ពិបាក​ដូច​ជា​ប្រែ​ពី​ថៃ​ទៅ​អង់គ្លេស​ដែរ​។
-សៀម​ក៏​ដោយ អង់គ្លេស​ក៏​ដោយ​ខ្ញុំ​មិន​សូវ​ប្រសប់​ទេ​។ មុខ​តែ​រកាក់រកុប​ហើយ​។
-មិន​អី​ទេ​បង​ល​មើល​ទៅ​!
ទីឃាវុធ​ ហួស​ប្រកែក​ក៏​ទទួល​ធ្វើ​តាម​បង្គាប់​។ ក្នុង​ពេល​កំលោះ​ខ្មែរ​ទាល់​ពាក្យ​ម្ដងៗ​។នាង​សៀម​ក៏​ញញឹម​ជួយ​រក​ឲ្យ​លុះ​ឃើញ​ហើយ​ក៏​សម្លឹង​មុខ​គ្នា​សើច​ទាំង​ពីរ​នាក់​។ លុះ​ប្រែ​ចប់​ហើយ​យុវតី នាង​ជូន​សេចក្ដី​ដូច​តទៅ​ៈ
-យី​បង​ជំនាញ​តែង​កំណាព្យ​បែប​អឺរ៉ុប​ណាស់​។ ពាក្យ​បញ្ចប់​ចុង​ក្រោយ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ពស់ ឲ្យ​អណ្ដែត​តែ​ម្ដង​!​ មើល​ចុះ​អ្នក​គង្វាល​គោ​ដែល​ដេក​ផ្ទាល់​ដី ដល់​ឮ​ទំនុក​លលក​ក៏​នឹក​ស្រមៃ​ដល់​ទេព​ធីតា​ល្អ​ឯក​!​។
ឮ​នារី​សរសើរ​យ៉ាង​នេះ មុខ​ចៅ​បុរស​ក៏​ឡើង​ក្រហម​តែ​ពុំ​ចេញ​ស្ដី​ថា​អ្វី​ឡើយ​។ មួយ​សន្ទុះ​ក្រោយ​មក​ទើប​នាង​និយាយ​ថែម​ៈ
-ឥឡូវ​បង​មើល​កាព្យ​បែប​ខ្មែរ​ទៅ​មើល ធ្វើ​បទ​ធ្វើ​បាឋ​ផង​ទើប​ពីរោះ​។
ដូច​ជា​មនុស្ស​បាត់​ព្រលឹង ទីឃាវុធ​ ប្រតិបត្តិ​តាម​បង្គាប់​យុវ មាល្យ​ដោយ​ឥត​ប្រកែក​។
                                                                 តុណ្ហីភាពរាត្រី
-ធម្មជាតិ​និទ្រា​ស្ងាត់​ជ្រងំ                   មាន់​រងាវ​យំ​ឮ​ល្វើយ​ 
ខ្យល់​បក់​ធាង​ដូង​យោល​ទន់​ជើយ      រំភើយ​បក់​ផាត់​ក្លិន​ម្លិះ​លា​។
-ព្រះ​ចន្ទ​ឆៀង​គង​ភ្នំ​ខ្មៅ​វែង                មេឃ​ខ្ពស់​ធំ​ធេង​រែង​ស្អាត​ថ្លា​
សន្សើម​ប្រោះ​ព្រំ​ចុង​ព្រឹក្សា                ហៅ​សែន​សុខា​ក្នុង​រាត្រី​។
-តែ​ក្នុង​ចិត្ត​ខ្ញុំ​មាន​កង្វល់                    រូប​រឹត​គិត​ដល់​នារី​
រូប​នាង​ឌូត​តាម​គ្រប់​ទិស​ទី                នាំ​ឲ្យ​វក់វី​អស់​អង្គ​កាយ​។
-ព្រលឹង​ស្រមៃ​ឃើញ​វរ​ល័ក្ខណ៍          មាន​ភ័ក្ត្រ​ញញឹម​ស្រស់​ពព្រាយ​
ថែម​ឮ​សំដី​នាង​និយាយ                    លែបខាយ​ពីរោះ​ជាប់​ពិសម័យ​។
-ដូច​ឃ្មុំ​ស្រវឹង​ក្លិន​បុប្ផា                       ហើយ​ហើរ​ឆ្លៀវ​ឆ្លា​កណ្ដាល​ថ្ងៃ​
ខ្លួន​បង​ស្រវឹង​នឹង​មាស​ថ្លៃ                  នឹក​រកម​មៃ​គ្មាន​ពេល​សល់​។
-ជន្លេន​ម្ដេច​ហ៊ាន​ស្រឡាញ់​ផ្កាយ        ខ្លួន​តូច​ទាប​ឆ្ងាយ​ម្ដេច​ឈោង​ខ្ពស់​
ម្ដេច​មិន​មើល​ទ្រព្យ​មើល​ស័ក្តិ​យស      សញ្ជាតិ​ទាំង​នោះ​សុទ្ធ​ខុស​គ្នា​។
-គ្មាន​អ្វី​គួរ​ឲ្យ​សង្ឃឹម​បាន                   ស្រឡាញ់​បំពាន​នាំ​ខ្លោច​ផ្សា​
គប្បី​ខំ​ប្រឹង​តែ​សិក្សា                          សម្រេច​កាល​ណា​ទើប​ហៅ​គាប់​។
-តែ​ទោះ​គិត​ឃើញ​ត្រូវ​ដូច​ម្ដេច            ស្នេហា​ពន្លិច​សង្កត់​ជាប់​
ឱ​ខ្លួន​ខ្ញុំ​អើយ​សែន​អភ័ព្វ                     ទុក្ខ​សែន​ស្រទាប់​អី​ម៉្លេះ​ទេ​!​។
-ធម្មជាតិ​ដេក​លក់​ដោយ​សុខុម            មាត់​មាន់​រងំ​ដូច​បំពេ​
ខ្យល់​ច្រាន​ធាង​ដូង​ឲ្យ​យោល​ទេរ          ជួយ​បក់​បំបែរ​ក្លិន​ចំប៉ា​។
-លោក​ខែ​លិច​ក្រោយ​ភ្នំ​ខ្មៅ​ស្ដើង         ពពក​មីរ​ឡើង​ក្នុង​មេឃា​
សន្សើម​ស្រោច​ស្រព​ពសុធា               ហៅ​សែន​វេទនា​ក្នុង​ចិន្ដា​។
នារី​នាង​ផ្ទៀង​ស្ដាប់​សាច់​កាព្យ​ផ្អែម​ល្ហែម ហើយ​សម្លេង​អ្នក​អាន​ដែល​រណ្ដំ​រងំ​។ លុះ​ចប់​ហើយ​នាង​នៅ​ស្ងៀម​មួយ​ស្របក់​ធំ​ដោយ​នាង​ស្រមៃ​ហាក់​ដូច​សម្លេង និង​សាច់​ឃ្លោង​ប្រ​គួត​ប្រគំ​ពីរោះ​ក្នុង​ត្រចៀក​នៅ​ឡើយ​ៈ
-បង​ប្រែ​ទៀត​ទៅ​មើល​។
ទីឃាវុធ​ ដែល​ឡិន​ឡង់​ដោយ​សិនិទ្ធ​ភាព​ពុំ​ដែល​ស្គាល់​យ៉ាង​នេះ​ក៏​បាន​ប្រុង​ស្មារតី​គិត​ដល់​សាច់​កាព្យ ដែល​អាច​បំបែក​ឲ្យ​ដឹង​ស្នេហា​កំបាំង​របស់​ខ្លួន​បាន​ឡើយ​។ ដូច្នោះ​ក៏​តាំង​ប្រែ​ដោយ​ស្មោះ​ត្រង់​ទាំង​អស់​ឥត​លាក់​លៀម​តិច​តួច​ឡើយ​។
នារី​នាង​ត្រាប់​ត្រង់​ស្ដាប់​មុខ​នាង​ប្រែ​រំជួល​។ លុះ​សម្លេង​កវី​ស្ងប់​បាត់​យ៉ាង​យូរ ទើប​នាង​ហាក់​ដូច​ជា​ភ្ញាក់​ខ្លួន​ឡើង ហើយ​ជូន​សេចក្ដី​សង្កេត​ថា​ៈ
-កាព្យ​ទាំង​ពីរ​បែប​នេះ ថ្វី​បើ​ប្រើ​វិធី​ខុស​គ្នា​យ៉ាង​ឆ្ងាយ តែ​គង់​មាន​ចំណង​សម្ព័ន្ធ​មួយ​មក​រួប​រួម​គ្នា​យ៉ាង​ជិត បង្ហាញ​ឲ្យ​ឃើញ​ថា​ជា​ស្នាដៃ​ជន​តែ​ម្នាក់ ដែល​ជា​អ្នក​កើត​សេចក្ដី​ស្នេហា​ដោយ​ឥត​សង្ឃឹម​។ ក្នុង​កាព្យ​៉​លលក​៉ដូច​ខ្ញុំ​បាន​ថា​មក​ហើយ អ្នក​គង្វាល​គោ​គឺ​អ្នក​ដែល​មាន​ឋានៈ​ទន់​ទាប ឫ​ក៏​ស្រមៃ​នឹក​ដល់​នាង​ទេពអប្សរ ពោល​គឺ​នារី​ដែល​មាន​ពូជ​ពង្ស​ខ្ពង់​ខ្ពស់​ជាង​។ ក្នុង​កាព្យ​បែប​ខ្មែរ​អ្នក​តែង​បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា ខ្លួន​គាត់​មាន​សេចក្ដី​ប្រតិ​ព័ន្ធ​នារី​ម្នាក់​ដែល​ជា​ធីតា​កូន​អ្នក​មាន​ទ្រព្យ អ្នក​មាន​ស័ក្តិ​យស ហើយ​ថែម​ទាំង​មាន​ជាតិ​ខុស​គ្នា​ទៀត​ផង​។សរុប​សេចក្ដី​ឃើញ​ថា បង​ឯង​នេះ​លួច​ស្រលាញ់​នារី​ដែល​រៀន​សូត្រ​ជា​មួយ​គ្នា​មិន​មែន​ខ្មែរ​ទេ​។ បើ​សិន​មិន​យួន ក៏​បារាំង​ជា​ប្រាកដ​។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ស្រី​បារាំង​ច្រើន​ជាង​។ ដ្បិត​អី​អ្នក​មើល​កុន​ជោក​ដូច​បង​ឯង​នេះ តោង​ចាប់​ចិត្ត​និង​លំអ​នារី​អឺរ៉ុប​ណាស់​។ ម៉្លោះ​ហើយ​...​ក៏​លួច​ស្រលាញ់​គ្នា​ឯង​ទៅ​។ ចំ​ជា​ខូច​មែន​!
ក្នុង​គ្រា​នោះ​ស្ថាន​ការណ៍ ទីឃាវុធ​ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ពី​ស្ថាន​ការណ៍​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ដែល​សុភា​ចារ​បុរស​កំពុង​ជជីក​ដេញ​ដោល​ឫស​គល់​អំពើ​កំបាំង​របស់​ខ្លួន ជិត​ទាល់​ច្រក​អ្នក​កំលោះ​នៅ​ប្រកែក​ដោះ​សារ​ដោយ​ស្បើយៗ​ៈ
-មិន​មែន​ទេ​អូន កាព្យ​នេះ​បង​គ្រាន់​តែ​លើក​កែ​អផ្សុក​ទេ​។ នៅ​ថ្នាក់​រៀន​បង​គ្មាន​នារី​យួន ឫ​បារាំង​រៀន​ជា​មួយ​ទេ​។
-កែ​អផ្សុក​ឯ​ណា​កើត !​ បើ​មុខ​បង​ឯង​ឡើង​ស្លាំង​យ៉ាង​នេះ​។ កុំ​កុហក​បើ​ឃុន​ផ និង​ខ្ញុំ​ជួយ​កើត​ចាំ​យើង​ទាំង​ពីរ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​។
និយាយ​ខ្សឹបៗ ទីឃាវុធ​ ព្រម​រ៉ាប់​ទទួល​ទាំង​ស្ទាក់​ស្ទើរ​ថា ខ្លួន​បាន​ចាប់​ចិត្ត​ស្រលាញ់​នារី​ម្នាក់​មែន​។ ដោយ​នាង​ចេះ​តែ​ជជីក​ចង់​ដឹង​នាម​នារី​នោះ​ពេក នាយ​កំលោះ​ក៏​ភ្លាត់​មាត់​លន់​តួ​ថា​ៈ
-បើ​អូន​កុំ​ប្រកាន់​ទោស ទើប​ខ្ញុំ​ហ៊ាន​ប្រាប់​។
-ប្រាប់​មក​មាន​ទោស​ពៃរ៍​អី​យ៉ាង​ហ្នឹង​។
-ហ៊ី​ ពិបាក​ថា​ពេក​!
ព្រោះ​នាង​កាន់​តែ​ឈ្វេង​ដឹង​ខ្លួន​បន្តិច​ឡើងៗ ហើយ​នាង​ក៏​រន្ថាន់​សួរ​ដោយ​ញាប់​ញ័រ​ក្នុង​ឱរា​។
-ប្រាប់​ឆាប់​មក​បង បើ​ពុំ​នោះ​ទេ​ខ្ញុំ​ខឹង​ហើយ​។
-នារី​ដែល​បង​លើក​ជា​ត្រួយ​ជីវិត​នោះ​គឺ ...​ នោះ​គឺ ...​ នោះ​គឺ ...​ នោះ​គឺ ...​។ ដោយ​ពាក្យ​ទទួល​សារ​ភាព ហាក់​ដូច​ជា​ពិបាក​ចេញ​ពី​បំពង់​ក​ពេក​។ ចៅ​មាណព​ក៏​កើត​ជា​យក​ដៃ​ទៅ​លូក​ចាប់​ហត្ថ​មាស​ស្នេហ៍​មក​ក្ដោប​ជាប់​។ ហាក់​បី​ដូច​ជា​អស់​កម្លាំង​ណាស់ ដោយ​បាន​ប្រឹង​ប៉ុណ្ណឹង​។ ទីឃាវុធ​ ក៏​ផ្ដួល​ខ្លួន​ក្រាប​ទៅ​លើ​កៅអី​ជិត​ជង្គង់​បារី ហើយ​រៀប​រាប់​រអាក់រអួល​ថា​ៈ
-អូន​អើយ​បង​មិន​គួរ​ក្បត់​មិត្ត​ភាព​របស់​នាង ហើយ​និង​លោក​ឪពុក​នាង​យ៉ាង​នេះ​សោះ​។ ខ្លួន​បង​ជា​អ្វី​? ជា​កូន​អ្នក​ស្រែ​ចំការ​នៅ​ជន​បទ​ចុង​កាត់​មាត់​ញក ជា​សិស្ស​មិន​ទាន់​បាន​សញ្ញាប័ត្រ​ធំ​ដុំ​នៅ​ឡើយ​ផង​។ មិន​គួរ​ហ៊ាន​ងើប​មុខ​សម្លឹង​អ្វី​ខ្ពស់​ដល់​ម៉្លេះ !​ ប៉ុន្តែ​ថ្ងៃ​នេះ បាន​ជា​ត្រូវ​និយាយ​ប្រាប់​នាង​អំពី​ការ​លាក់​កំបាំង​របស់​ដួង​ចិត្ត​ខ្ញុំ សូម​បើក​ផើយ​ប្រាប់​អូន​ឲ្យ​អស់​ពី​ពោះ​។ ទោះ​បី​នាង​បដិសេធ​ច្រាន​បង​ចេញ បង​ក៏​ឥត​ទោមនស្ស​អ្វី​ដែរ​។ សេចក្ដី​ស្នេហា​មិន​ស្គាល់​ខុស​មិន​ស្គាល់​ត្រូវ​សោះ​ឡើយ​។ វិចារណញ្ញាណ​ជួយ​តម្រែតម្រង់​យ៉ាង​ណា ក៏​ដួង​ហឫទ័យ​នៅ​តែ​ចចេស​កាន់​ផ្លូវ​ខុស​។ វិចារណញ្ញាណ​បង្គាប់​បង​ថា កុំ​ឲ្យ​សូវ​ទៅ​មក​ផ្ទះ​អូន​ពេក ព្រោះ​កាមារម្មណ៍​កាន់​តែ​លូត​លាស់ ដោយ​ឥត​សង្ឃឹម​នាំ​ឲ្យ​តែ​ខ្លោច​ផ្សា​ហើយ​ធ្វើ​ឲ្យ សៅ​ហ្មង​ដល់​ការ​រៀន​សូត្រ​ឥត​អំពើ​ទេ​។ ត្រូវ​ណាស់​ហើយ​ត្រូវ​គ្រប់​ដប់​តែ​សេចក្ដី​ស្នេហា នៅ​តែ​រុញ​ជំហាន​បង​ឆ្ពោះ​មក​ផ្ទះ​អូន​។
ទីឃាវុធ​ ឈប់​មួយ​ស្របក់​ដក​ដង្ហើម​ធំ​។ ក្នុង​ភូមិ​គ្រឹះ​ដ៏​ស្ងាត់​ឈឹង​ឮ​សូរ​តែ​នាឡិកា​ភ្លេង​យោល​តិត​តក់ តិត​តក់​។ មួយ​សន្ទុះ​ក្រោយ​មក​ទើប  ទីឃាវុធ​ និយាយ​ត​ទៅ​ទៀត​ៈ
-អូន​អើយ តាំង​ពីរ​ក្មេង​តូច​មក បង​ចេះ​តែ​គូស​ស្រឡាញ់​អ្វីៗ​ទាំង​អស់​ដែល​មក​ពី​ប្រទេស​ថៃ​។ បង​ប្រកាន់​ស្រុក​សៀម​ជា​ឧត្តម​គតិ​ខាង​ផ្នែក​សោភ័ណភាព និង​មនោរម្យ​។ ក្នុង​ពេល​ស្ដាប់​វិទ្យុ​បើ​កាល​ណា​សំឡេង​នារី​សៀម​ច្រៀង បង​ស្ដាប់​ទន់​ដៃ​ទន់​ជើង​អស់​ហើយ ហើយ​តែង​ក្រង​នូវ​សេចក្ដី​ស្នេហា​យ៉ាង​ត្រកាល  យ៉ាង​៉​រ៉ូម៉ង់ទិក​៉ តែ​ដល់​ចប់​ទៅ​តែង​ធ្វើ​ឲ្យ​ឈឺ​ផ្សា​ក្នុង​ចិត្ត​ក្រៃ​លែង​។ ទំនង​ការណ៍​យ៉ាង​នេះ បង្ហាញ​ឲ្យ​យល់​បាន​ថា​មុន​នឹង​ឃើញ​រូប​អូន បង​មាន​ចិត្ត​ចាំ​ប្រុង​តែ​ស្រលាញ់​អូន​ទៅ​ហើយ​។ លុះ​ខ្លួន​នាង​លេច​មក​ប្រាកដ​នឹង​ភ្នែក​មែន ហើយ​ល្អ​ប្រិមប្រិយ​ព្រម​ទាំង​មាន​សេចក្ដី​រាក់​ទាក់​ប្រសើរ​ជាង​យល់​សប្តិ​ទៅ​ទៀត​។ អូន​អើយ អូន​បង​សែន​ត្រេកអរ​ផង​ព្រួយ​បារម្ភ​ផង​។ បង​ត្រេកអរ​ព្រោះ​មាន​ឱកាស​ញឹកញាប់​មក​ទទួល​មិត្ត​ភាព​យ៉ាង​ស្មោះ​ស្ម័គ្រ ហើយ​មក​គយ​គន់​រូប​ឆោម​លោម​ពណ៌​អូន និង​កិរិយា​ចិត្ត​ថ្លើម​អូន ដែល​សម​សួន​ឆើត​ប្រពៃ​លើស​ដែល​សេចក្ដី​រវើរវាយ នាំ​ឲ្យ​បង​ស្មាន​ទុក​នោះ​ឆ្ងាយ​ណាស់​។ បង​ព្រួយ​បារម្ភ​ព្រោះ​គិត​ឃើញ​ថា នាង​ជា​បុត្រី​អ្នក​មាន​បណ្ដា​ស័ក្តិ​ក្នុង​ប្រទេស​មួយ​ឯករាជ្យ​ពេញ​ទី​។ ប្រសិន​បើ​ពុំ​សេចក្ដី​ស្នេហា​មក​លើ​ខ្ញុំ​ទេ នាង​នឹង​ខឹង​ក្នាញ់​នឹង​ខ្ញុំ​ហើយ ខ្ញុំ​ក៏​ខូច​ខាត​មិត្ត​ភាព​របស់​យើង​ជា​អសារ​បង់​។ បង​គិត​អើយ​រែង​គិត​ក្នុង​ចិត្ត​ចំបែង​ឥត​ឧបមា​។ ឥឡូវ​បាន​ជា​ទម្លាយ​បូស​នៃ​កាល​សម្ងាត់​ទៅ​ហើយ​។ សូម​នាង​ថា​មក​ចុះ​សន្និដ្ឋាន​មក​ចុះ ទោះ​នាង​ឆ្លើយ​តប​និង​សេចក្ដី​ស្នេហា​ឥត​សម​ហេតុ​សម​ផល​នេះ​ក្ដី ឫ​កាត់​ទោស​ដាក់​កំហុស​ដោយ​រុញ​ច្រាន​ចោល​ចេញ​ក្ដី ខ្ញុំ​នឹង​មិន​តូច​ចិត្ត​សោះ​ទេ ធ្វើ​ម្ដេច​វាសនា​ខ្ញុំ​ខើច​ខ្លី​តែ​ប៉ុណ្ណឹង​។
ដូច​ជន​ជាប់​ចោទ នៅ​ចំពោះ​មុខ​ចៅ​ក្រម​កាត់​ក្ដី ទីឃាវុធ​។ លុះ​បាន​និយាយ​ការពារ​ស្នេហា​ខ្លួន​ចប់​ហើយ ក៏​នៅ​ឱន​មុខ​នៅ​ស្ងៀម​ចាំ​ស្ដាប់​ដោយ​រន្ធត់​នូវ​សេចក្ដី​វិនិច្ឆ័យ​។ លុះ​ចាំ​ស្ដាប់​មិន​ឮ​អ្វី​សោះ​អស់​ពេល​មួយ​សន្ទុះ​ធំ ទើប​ងើប​មុខ​ឡើង​ឃើញ​ភ័ក្ត្រ​ស្ងួន​ភ្ងា​ក្រហម​ហើយ​នាង​យក​កូន​កន្សែង​ជូត​ទឹក​នេត្រា ដែរ​ជោរ​ជន់​ហូរ​រហែង​។ នាយ​កំលោះ​ក៏​នឹក​ក្នុង​ចិត្ត​ថា ប្រាកដ​ជា​ខ្លួន​បាន​ធ្វើ​ឲ្យ​នាង​ថ្នាក់​ថ្នល់​យ៉ាង​ណា​ហើយ ទើប​នាង​ខឹង​ហើយ​យំ​យ៉ាង​នេះ​។ យល់​ដូច្នោះ​ហើយ ក៏​រៀបរយ​ខ្លួន​ក្រោក​ដើរ​ចេញ​ៈ
-កុំ​យំ​ថ្វី​អូន បង​សូម​លា​ហើយ​។ ពី​ថ្ងៃ​នេះ​មុខ​នាង​នឹង​លែង​មាន​អំពល់​ដោយ​សារ​បង​ទៀត​ហើយ​។
ថា​ភ្លាម​ក៏​ស្ទុះ​ក្រោក​ឈរ​ភ្លាម ស្រាប់​តែ​ដៃ​នាង​ស្រវា​ចាប់​ទាញ​ដៃ​ឲ្យ​អង្គុយ​ទៅ​វិញ​ៈ
-បង​អើយ​កុំ​អាល​យល់​ខុស​។ ដែល​បង​សារភាព​អម្បាញ់មិញ​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ណាស់​។ ហេតុ​នេះ​ហើយ​ទើប​មាន​ទឹក​ភ្នែក​ហូរ​ខ្លះ​។ ខ្ញុំ​ស៊ូ​កាត់​សេចក្ដី​អៀន​ខ្មាស​របស់​ស្ត្រី​ទៅ​ចុះ កើយ​សូម​ជំរាប​បង​ដោយ​ស្មោះ​ត្រង់​ដែរ​។ តាំង​ពីរ​ជួប​គ្នា​ដំបូង​កាល​ណា​មក ស​មាន​ចិត្ត​ចំពោះ​បង​តែង​ដុះ​ដាល​ក្នុង​ហឫទ័យ​អូន ហើយ​ក្លាយ​ទៅ​ជា​មិត្ត​ភាព​រួច​ទៅ​ជា​អ្វី​មួយ​ធំ​ជាង​នុ៎ង​ទៅ​ទៀត​។ ទ្រូង​អូន​តែង​ញាប់ញ័រ​ត្រេកអរ​ក្នុង​ពេល​ជួប​ភ័ក្ត្រ​បង​។ លុះ​បង​លា​ផុត​ទៅ​កាល​ណា​ផ្ទះ​នេះ ទី​កន្លែង​នេះ ក៏​ក្លាយ​ទៅ​រហោ​ស្ថាន​ស្ងាត់​ជ្រងំ​។ បង​ដឹង​ទេ​? ក្នុង​ពេល​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​សំណៅ​កំណាព្យ​បង​ក្នុង​សៀវភៅ​នោះ អូន​រន្ធត់​ចិត្ត​ហើយ​ខំ​សម្លឹង​តួ​អក្សរ ដែល​មាន​ទ្រង់​ទ្រាយ​ស្រដៀង​គ្នា និង​អក្សរ​សៀម​ដែរ​។ អូន​ខំ​ពិនិត្យ​មិន​ដាក់​ទេ ព្រោះ​ចង់​ដឹង​អាថ៌កំបាំង​ដែល​កប់​ក្នុង​ផែន​សេចក្ដី​នោះ​ពន់ពេក​។
-អូន !​ សម្ដី​នាង​ទាំង​ប៉ុន្មាន​ម៉ាត់​នេះ ហាក់​ដូច​ជា​ប្រស់​ឲ្យ​បង​មាន​ជីវិត​ថ្មី​ឡើង​។ ពី​ថ្ងៃ​នេះ​ទៅ​បង​នឹង​ខំ​រៀន​ឲ្យ​បាន​សម​នឹង​សេចក្ដី​ស្នេហា​របស់​អូន របស់​យើង​ទាំង​ពីរ​។
ក្នុង​ពេល​នោះ​នាឡិកា​ធំ វាយ​ម៉ោង​ប្រាំ​បួន​ល្ងាច ដោយ​បញ្ចេញ​សម្លេង​ធ្ងន់ៗ ដូច​សូរ​គង​នៅ​វត្ត​។ យុវជន​ទាំង​ពីរ​ភ្ញាក់​ខ្លួន​ព្រើត ហើយ​កាន់​ដៃ​គ្នា​ចុះ​មក​លេង​ក្នុង​សួន​មុខ​ផ្ទះ​។ រុក្ខជាតិ​ដោយ​ត្រូវ​រស្មី​អស្ដង្គត​ក៏​បញ្ចេញ​លំអ​យ៉ាង​ចំពើប ដើម្បី​បូជា​សេចក្ដី ស្នេហា​នៃ​គូរ​ស្នេហា​ថ្មោង​ថ្មី​។
                                                                   ***
ផ្ទុយ​ពី​ការ​សង្កេត​របស់​ធម្មតា​ទៅ​វិញ សេចក្ដី​ស្នេហា​ដែល ទីឃាវុធ​ក្ដោប​ក្នុង​ដួង​ហឫទ័យ មិន​មែន​នាំ​ឲ្យ​ចៅ​បុរស​រវើរវាយ​ក្នុង​ការ​រៀន​សូត្រ​ទេ តែ​បែរ​ក្លាយ​ជា​ឱសថ ឫ​ជា​ថាមពល​ថ្មី​មួយ​លើក​ទឹក​ចិត្ត​ឲ្យ​ខំ​ខ្នះខ្នែង​ជាង​មុន​ទៅ​ទៀត​។ កាល​ពី​ដើម​គ្រាន់​តែ​មាន​គោល​បំណង​ចូល​ធ្វើ​ការ​រក​ប្រាក់​ខែ​ចិញ្ចឹម​ជីវិត​។ ឥឡូវ​ត្រូវ​រក​វិជ្ជា​ឲ្យ​សម​នឹង​គូរ​ស្នេហា ដែល​បាន​ផ្ដេក​ចិត្ត​មក​លើ​។ ក្នុង​ពេល​ដែល​បាន​ជួប​គ្នា​លើក​ក្រោយៗ មក​ យុវជន​ទាំង​ពីរ​នាំ​គ្នា​ពិគ្រោះ​អំពី​ការ​សាង​អនាគត ដោយ​រូប​រួម​ជោគ​វាសនា​ជា​មួយ​គ្នា ហើយ​ក៏​បាន​ដាច់​ស្រេច​ព្រមព្រៀង​ថា លុះ​បាន​ជាប់​មធ្យម​សិក្សា​ប័ត្រ​ជាន់​ទី​ពីរ​កាល​ណា ​ទីឃាវុធ​ នឹង​ទៅ​បន្ត​វិជ្ជា​ប្រទេស​បារាំង​ឲ្យ​បាន​ថ្នាក់​បរិញ្ញាប័ត្រ ឫ​ថ្នាក់​បណ្ឌិត​ក្នុង​ផ្នែក​អ្វី​មួយ​ទើប​ត្រឡប់​មក​វិញ​។
ក្នុង​ពេល​ដ៏​ដែល​នោះ​នាង ចន្ទមណី​ នឹង​ខំ​រៀន​ភាសា​ខ្មែរ​ឲ្យ​ចេះ​ស្ទាត់ ព្រម​ទាំង​ចូល​ទៅ​រៀន​ភាសា​បារាំង​ឯ​មហា​វិទ្យាល័យ​នារី​នៅ​ដាឡាត់​ទៀត​ផង នៅ​សើម​ឆ្នាំ​សិក្សា​ខាង​មុខ​នេះ ពោល​គឺ​ត្រង់​ខែ​កញ្ញា នៃ​ឆ្នាំ ១៩៣៩​។
លុះ​បាន​សម្រេច​ព្រម​គ្នា​យ៉ាង​នេះ​ហើយ  ទីឃាវុធ​ ស៊ូ​កាត់​ចិត្ត​ថា ក្នុង​ឱកាស​វិស្សម​កាល​នា​ខែ​មាសា​ខាង​មុខ ខ្លួន​នឹង​មិន​ដើរ​លេង​មើល​ស្រុក​មើល​ទេស​ជា​មួយ លោក​ទេព​កោសល្ល និង​ធីតា​ទេ ដើម្បី​យក​ពេល​នៅ​ប្រុង​ប្រៀប​រៀប​ខ្លួន​ចូល​ប្រឡង​ឯ​ខែ មិថុនា​។ ថ្វី​បើ​គូ​សង្សារ​មាន​ចិត្ត​ស្ដាយ​ក្រៃ​លែង មិន​ចង់​បែក​គ្នា​ដល់​មួយ​ខែ​យ៉ាង​នេះ​ក៏​ដោយ តែ​នឹង​គិត​ឃើញ​ថា​គប្បី​ទ្រាំ​ពលិកម្ម​នេះ​សិន​ចុះ ដើម្បី​កុំ​ឲ្យ​ស្ទាក់​ស្ទើរ​ដំណើរ​ទៅ​អនាគត​។
-អនាគត​? គូ​ជីវិត​ទាំង​ទ្វេ​ប្រាណ​នេះ មើល​ឃើញ​តែ​ថ្លា​តែ​ភ្លឺ​ជានិច្ច​ព្រោះ​អំណាច​កម្លាំង​អាយុ​នៅ​ក្មេង​។ ឧបសគ្គ​កង្វល់​អ្វីៗ ច្រាន​ថយ​ចេញ​អស់ មិន​អាច​ទ្រាំ​និង​ឫទ្ធានុភាព​នៃ​ស្នេហា​បាន​ឡើយ​។
សេចក្ដី​ត្រេក​ត្រអាល​ចំពោះ​ជីវភាព និង​សុភមង្គល​កើត​ឡើង​ដោយ​កាមារម្មណ៍ រមែង​ធ្វើ​ឲ្យ​យុវជន​ឋិត​នៅ​ក្នុង​លោក​មួយ​ដោយ​ឡែក ដែល​ប្រហែល​ជា​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​ប្រាកដ​និយម តែ​គង់​ជិត​នៅ​រក​កវី​និពន្ធ​ជាង​។ មើល​ចុះ​សូម្បី​តែ​ផ្កា​ដែល​កំពុង​រីក ទឹក​សន្សើម​ដែល​ដេញ​ពន្លឺ​អរុណ​នៅ​ចុង​ស្មៅ​ដូច​គ្រាប់​ពេជ្រ ហើយ​បក្សី​ដែល​ឆ្លង​ឆ្លើយ​គ្នា​តាម​មែក​រុក្ខា ក៏​គូ​សង្សារ​ទាំង​ឡាយ​តែង​ប្រតិស្ឋ​យល់​ថា ជា​វត្ថុ​សម្រាប់​បូជា​សេចក្ដី​ស្នេហា​របស់​ខ្លួន​ទាំង​អស់​។
                                                                      ***
                                                                    -៤-
                                                        ភ្នំគូលែនឋានបរមសុខ
ល្ងាច​ថ្ងៃ​អាទិត្យ​មួយ​នៅ​ចុង​ខែ​មិនា ទីឃាវុធ​ បាន​មក​លេង​ផ្ទះ​មិត្ត​ខ្លួន​ទាំង​ពីរ​។
ក្នុង​ពេល​នោះ​ឪពុក និង​កូន​កំពុង​អង្គុយ​យក​លំ​ហើយ​នៅ​រាន​ហាល​ខាង​ក្រៅ ដោយ​មាន​ទឹក​ក្រូច​មួយ​កែវ​ម្នាក់​នៅ​ចំ​ពី​មុខ​។ លោក​ ទេព​កោសល្ល​ បាន​ទទួល​អ្នក​កំលោះ​ដោយ​រាក់ទាក់​។ ឯ​នាង​ចន្ទមណី​ ញញឹម​ពព្រាយ​ទៅ​រក ហើយ​ចៅ​រៅ​ហៅ​មនុស្ស​បំរើ​លើក​កៅ​មួយ​មក​ថែម​។ ចំណែក​ខ្លួន​នាង​ក៏​ចូល​ទៅ​យក​ទឹក​ក្រូច​ពោធិ៍សាត់​ច្របាច់ ដាក់​ទឹក​កក​មួយ​កែវ​មក​ជូន​ភ្ញៀវ​ថ្មី​។ លុះ​បាន​អង្គុយ​ស្រួល​បួល​ព្រម​គ្នា​ហើយ នាង​ក៏​ស្នើ​សួរ​ៈ
-យី​បង​! បង​ឈប់​វិស្សមកាល​នៅ​ថ្ងៃ​ណា​?
-ចាប់​ពី​ថ្ងៃ​សុក្រ​ទី​មួយ​មេសា​នេះ​ឯង​។ បង​មក​នេះ​ដើម្បី​មក​លា​លោក​និង​នាង​ទៅ​ផ្ទះ​នៅ​ថ្ងៃ​នោះ​ដែរ​។
មាណវី​ នាង​តប​បណ្ដើរ​មើល​មុខ​ឪពុក​នាង​បណ្ដើរ មាន​ទំនង​ជា​នឹង​សួរ​នូវ​ការណ៍​មួយ​ដែល​នាង​រៀប​នឹង​ថ្លែង​ៈ
-កុំ​ប្រញាប់​ទៅ​ផ្ទះ​ពេក​បាន​ឫ​ទេ​។ បើ​យើង​ឈប់​លំហែ​កម្លាំង​បាន​មួយ​អាទិត្យ​សិន សឹម​គិត​រើ​រៀន​វិញ​ប្រហែល​ជា​ល្អ​ជាង ដ្បិត​អី​ខួរ​ក្បាល​កាល​ណា​បាន​សំរាក​ខ្លះ​តែង​ទទួល​ចាំ ទទួល​ចាំ ទទួល​យល់​រហ័ស​ណាស់​។ គិត​ឲ្យ​មែន​ទែន​លំហែ​មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​ទេ​។ បង​មើល​ខ្សែ​ឈើ​ប៉ី​រឹត​តឹង​ពេក​ដាច់​ប៉ិត​!​។
-អ៊ីចឹង​មែន​លោក​ ទេព​កោសល្ល​សង្កេត កូន​និយាយ​នេះ​ត្រូវ​ណាស់​។ បើ​ក្មួយ​ទៅ​លេង​សៀមរាប មើល​អង្គរ​ជា​មួយ​យើង​បាន​យើង​ហៅ​សែន​ត្រេក​អរ​។
ព្រោះ​មាន​ការ​បបួល​រន្ថាន់​ពី​ទាំង​ពីរ​ដូច្នេះ ព្រោះ​មាន​បំពង​ចង់​ជួប​គូ​សង្សារ​បាន​យូរ ហើយ​ព្រោះ​ចង់​ឃើញ​ប្រាសាទ​ដែល​ខ្លួន​បាន​ស្គាល់​សោយ​សៀវភៅ  ទីឃាវុធ​ ក៏​ផ្ចាល​ផ្ចាញ់​សេចក្ដី​ស្ទាក់​ស្ទើរ ដើម្បី​ទទួល​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​យៅវមាល្យ​។
                                                                         ***
ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ស្រាងៗ ថ្ងៃ​មួយ​ក្រោយ​ដែល​បាន​សញ្ជឹង​ហើយ​ស្ងើច​ចំពោះ​បុរាណ​ដ្ឋាន​ទាំង​ឡាយ តាម​វង់​តូច​ធំ​ពិនិត្យ​លំអ​ទេសភាព​នៅ​បារាយណ៍ ហើយ​អួត​សរសើរ​បាគង​និង​លលៃ​ស្រេច​មក អ្នក​ដំណើរ​បាន​ជិះ​រថយន្ត​ដ៏​ហ្វរ​ចាស់​ពីរ​គ្រឿង​បញ្ចាំង​កាំ​រស្មី​គោម​ធំ​ស្មាន​ទម្លុះ​ផែន​ខ្មៅ​ប្រផេះ នៃ​វេលា​ទៀប​ភ្លឺ​ហើយ​បរ​តាម​ថ្នល់​ចេញ​ពី​ក្រុង​សៀមរាប​ឆ្ពោះ​ទៅ​ខាង​ជើង​។ ពពួក​យុវជន​បាន​រើ​ទាញ​ឡើង​វិញ​ដោយ​បីតិ នូវ​ព្រៃ​អង្គរ​ដែល​សាយ​ក្លិន​ក្រអូប​ប្រហើរ ហើយ​ស្មាន​យល់​តាម​ទី​ចន្លោះៗ នូវ​កន្លែង​មាន​នាម​ល្បី​ខ្ចាយ​ប្រកប​ដោយ​ប្រវត្តិសាស្ត្រ​។
រថយន្ត​គ្រហឹម​ងុល ទទាក់​អ្នក​ជិះ​ដូច​ចង្អេរ​អុំ​អង្ករ ហើយ​បរ​បណ្ដោយ​តាម​ផ្លូវ​មាត់​ស្រះ​ស្រង់​កាត់​ភូមិ​ប្រដាក ដែល​ក្មេង​ទើប​ភ្ញាក់​ពី​ដេក​ស្ទុះ​មក​ស្រែក​ហ៊ោ​ទទួលតាម​របង​ផ្ទះ​ពី​មួយ​ទៅ​មួយ​តៗ គ្នា​ រួច​ចូល​ទៅ​តាម​ផ្លូវ​លំ កញ្ឈូស​ដី​ផូរ​ហុយ​ទ្រលោម​កាត់​មុខ​ប្រាសាទ​បន្ទាយ​សំរែ ដោយ​តម្រង់​ជា​ឱរ៉ាល់​យក​ទិស​ខាង​ជើង​ជានិច្ច​។
ឡាន​ខាង​មុខ ដែល​មាន​សំភារៈ​នាំ​ផ្លូវ​មាន​លោក សុវិន្ទ​ ជា​អ្នក​កាន់​ចង្កូត ហើយ​មាន​គ្រួសារ​គាត់​នៅ​ជា​មួយ​ផង គឺ​នាង​ប្រភា​ជា​ភរិយា នាង​ឆដាវណ្ណ​ជា​បុត្រី ចៅ​វង្សរិទ្ធិ​ជា​បុត្រា ព្រម​ទាំង​វេគី ដែល​ជា​អ្នក​ជិត​ខាង​។ យុវជន​ទាំង​បី​នាក់​សុទ្ធ​តែ​ជា​អ្នក​រៀន​នៅ​វិទ្យាល័យ​ដូចគ្នា ហើយ​វង្សរិទ្ធិ​និង​វេគី ដែល​ជា​សិស្ស​អន្តោ​វាសិក​ដូច ទីឃាវុធ ដែរ​បាន​ចង​មិត្ត​ភាព​ជា​មួយ​អ្នក​កំលោះ​នេះ​យ៉ាង​ជិត​ស្និទ្ធ​។ ដូច្នេះ​ នា​កាល​បាន​ដំណឹង​ពី​ពួក​ម៉ាក​ថា គេ​នឹង​ជូន​មិត្ត​ជាតិ​សៀម​មក​មើល​ប្រាសាទ​អង្គរ​ហើយ យុវជន​ទាំង​ពីរ​ក៏​ប្រទាញ​ប្រទង់​ដណ្ដើម ទីឃាវុធ​ ឲ្យ​មក​នូវ​ផ្ទះ​រៀងៗ​ខ្លួន​។ តែ​ក្រោយ​មក​បាន​ដាច់​ស្រេច​ថា​គួរ ទីឃាវុធ​ មក​សំណាក់​នៅ​គេហដ្ឋាន​ឪពុក​វង្សរិទ្ធិ ចុះ​ព្រោះ​ថា​នាយ​សុខរិន្ទ ជា​ថៅ​កែ​ធំ​នៅ​សៀមរាប ខាង​ការ​ដឹក​នាំ​អ្នក​ដំណើរ​ដោយ​រថយន្ត​។ អា​ស្រ័យ​ហេតុ​នេះ អាច​មាន​មធ្យោបាយ​ទទួល​ពួក​ម៉ាក​ដើរ​លេង​បាន​ដោយ​ស្រួល យ៉ាង​នេះ​ហើយ​ទើប ទីឃាវុធ​ បាន​មក​ស្នាក់​ដំណេក​ក្នុង​បន្ទប់​វង្សរិទ្ធិ​។ ឯ​លោក ទេព​កោសល្ល នាង​ ចន្ទមណី​ នឹង​ស្រី​ភីលៀង​ទាំង​ពីរ លោក​ សុខរិន្ទ​បាន​អញ្ជើញ ឲ្យ​មក​នៅ​ផ្ទះ​ជា​មួយ​ដែរ តែ​អ្នក​ដំណើរ​សៀម​បាន​ប្រកែក​តាម​សេចក្ដី​គួរ​សម​ដោយ​យក​លេស​ថា ខ្លួន​វាយ​ទូរ​លេខ​ជួល​បន្ទប់​បី​ទុក​មុន នៅ​មហា​សណ្ឋាគារ​រួច​ស្រេច​ហើយ​។
រាល់​ព្រឹកៗ​ឡើង វង្សរិទ្ធិ​ តែង​បរ​ឡាន​ហ្វរដ៏​មួយ​បញ្ជិះ​ប្អូន​ស្រី ទីឃាវុធ​ និង​ វេគី​ មក​ជួប​ជុំ​មិត្ត​ថ្មី​នៅ​មហា​សណ្ឋាគារ រួច​ហើយ​ក៏​នាំ​គ្នា​ដើរ​លេង​ទៅ​មើល​ប្រាសាទ ទៅ​ហែល​ទឹក​បារាយណ៍ ឫ​នៅ​អា​ស្រ័យ​នៅ​ស្រះ​ស្រង់ ឫ​ស្រះ​ព្រះ​ពិធូរ​។ ក្នុង​ឱកាស​នោះ​លោក​ ទេព​កោសល្ល និង​ គ្រួសារ​តែង​បើក​រថយន្ត​របស់​លោក ដែល​មាន​អ្នក​បើក​នៅ​ប្រចាំ​ការ​ជា​និច្ច​។
មាន​ថ្ងៃ​មួយ វេគី​ បាន​យក​ផ្លែ​គូលែន​មួយ​ថង់​ធំ​មក​បក​ចែក​គ្នា​ខាំ​បក​រញី ក្នុង​ទស្សនា​ប្រាសាទ​បាគង​។ ផ្លែ​ឈើ​នេះ ដោយ​អ្នក​ទិញ​ជ្រើស​យក​តែ​ផ្អែមៗ​នាំ​ឲ្យ​នាង​ចន្ទមណី​ សាក​សួរ​ពី​ទី​កន្លែង​ដែល​គេ​បេះ​យក​មក​។ ពី​ពាក្យ​មួយ​ទៅ​សម្ដី​មួយ ពី​អំនួត​មួយ​ទៅ​ពិពណ៌នា​មួយ ជាប់​រឿង​គ្នា​រហូត​ដល់​ពួក​ទេសចរណ៍​ប្ដេជ្ញា​ថា នឹង​ទៅ​លេង​ភ្នំ​គូលែន​ដែរ​។
ក្នុង​ឱកាស​ដំណើរ​នេះ​លោក ទេព​កោសល្ល ត្រូវ​បោះ​បង់​ឡាន​វ៉ីណូ​របស់​គាត់​មក​ជិះ​រួម​ជា​មួយ ទីឃាវុធ​ ផង​ក្នុង​រថយន្ត​ហ្វរ​ដ៏​ដដែល​បរ​តាម​ពី​ក្រោយ ហើយ​ដែល​លោក​សុខរិន្ទ បាន​ចាត់​ចែង​ផ្គត់​ផ្គង់​ឲ្យ​។ ដើម្បី​ឲ្យ​ដល់​ពី​ព្រឹក​អ្នក​ដំណើរ​តោង​ក្រោក​ពី​ស្រាងៗ​ព្រោះ​ផ្លូវ​ដែល​មាន​ចម្ងាយ​ជាង​សែសិប​គីឡូ ​ពី​សៀមរាប​ទៅ​ភ្នំ​នោះ​ច្រើន​សម្បូរ​ដោយ​ដី​ខ្សាច់ និង​ដោយ​ស្ពាន​ទ្រុឌទ្រោម ដែល​ជា​ហេតុ​នាំ​ឲ្យ​ដំណើរ​ជួប​ប្រទះ​នូវ​ការ​លំបាក​ក្រៃលែង​។ មាន​តែ​រថយន្ត​ហ្វរដ៏​កញ្ចាស់​កង់​ខ្ពស់ តួ​ផុត​ស្រឡះ​ពី​ទី​ដី ទើប​រត់​លឿន​គគាច​ឥត​មាន​ទើស​ទាស់​អ្វី​ឡើយ​។
លុះ​ចេញ​ផុត​ភ្នំ​បូក និង​ភូមិ​តូចៗ ដែល​នៅ​រត់​រាយ​តាម​ផ្លូវ​ត្រង់​នេះ​មួយ​ត្រង់​នោះ​មួយ ទៅ​មាគ៌ា​ក៏​កាត់​ទី​កណ្ដែង​កណ្ដោច ស្ងាត់​ច្រៀប​។ បាតុកម្ម​របស់​ជីវភាព​ក៏​បាត់​សូន្យ សូម្បី​តែ​បក្សី​តូច​តាច​គ្មាន​ហើរ ឬ​ទំ​លើ​គុម្ពោត​ដែល​ដុះ​រាយៗ ផង​ដែរ​ រថយន្ត​ទាំង​ពីរ​តែង​បរ​ដាច់ៗ ពី​គ្នា​ចំនួន​មួយ​រយ​ម៉ែត្រ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ខាង​ក្រោយ​រំខាន​ពេក​និង​ធូលី​ដែល​ហុយ​ដង្គោល​ពី​ឡាន​ខាង​មុខ​។ ដោយ​គ្មាន​ខ្យល់​បាត់​ជះ​ចេញ​សោះ ម្សៅ​ធម្មជាតិ​ដក់​ជាប់​យ៉ាង​យូរ​តាម​គន្លង​ច្រក​ផ្លូវ​ប្រលោះ​ដុំ​ឈើ​។ ផ្លូវ​លំ​ដែល​បោះ​បង់​ប្រាស់​ចាក​ការ​ថែរក្សា​ជា​យូរ​អង្វែង​មក​ហើយ ក៏​រឹត​តែ​អន់​ណាស់​ទៅ​ទៀត ដោយ​រទេះ​គោ​អ្នក​ដឹក​គូលែន​ធូតង្គ​ពន្លិច​កង់ ហើយ​តាំង​កកាយ​ត្រឡប់​ដី​ទុក​គន្លង​ដូច​ជា​គេ​ភ្ជួរ​។ ម៉្លោះ​ហើយ​កាល​ណា​ជង្ហុក​ម្ដងៗ រថយន្ត​ហ្វរដ៏​ដែល​មាន​ម៉ាស៊ីន​ខ្លាំង​ដូច​ដំរី តែង​បង្វិល​កង់​ទទេ​ដោយ​ឥត​មាន​ជម្រុល​ទៅ​មុខ​សោះ​ឡើយ​។ មាន​ជួន​ណា​ឡាន​កំពុង​តែ​បោល​ស្រួលៗ​ស្រាប់​តែ​ធ្លាក់​ក្នុង​ដី​ធូរ​ក្លឹប នាំ​ឲ្យ​ចង្កូត​លែង​ស៊ី ហើយ​ហៀន​រត់​រេ​ឆ្លេឆ្លា​ទៅ​រក​ដង្គត់​ឈើ​នៅ​សង​ខាង​ថ្នល់​។ បើ​ដល់​ស្ពាន​ម្ដងៗ អ្នក​ដំណើរ​តោង​ចុះ​អស់​ពី​ឡាន​ ព្រោះ​មាន​សុទ្ធ​តែ​មែក​ឈើ​ពុក​រាំ​អង្គើ​មិន​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត​ត្រង់​ណា​សោះ​តែ​ម្ដង ថ្វី​បើ​មាន​រំខាន​យ៉ាង​នោះ​ច្រើន​ជំពូក យុវជន​យើង​ចេះ​តែ​សប្បាយ​និយាយ​ខ្លាំងៗ ដើម្បី​សង្គ្រប់​ជំនះ​សម្លេង​ថ្ងូរ​រោទ៍​នៃ​គ្រឿង​យន្ត​។
ឥឡូវ​ព្រៃ​គម្ពោត​ឈើ​តូច​ទាប​អស់​ហើយ បាន​ចូល​ដល់​តំបន់​រុក្ខជាតិ​ខ្ពស់​ត្រឈឹង​ត្រឈៃ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ចូល​មក​ជិត​ដី​ត្រជាក់​នៅ​ជិត​ភ្នំ​។ យ៉ាង​ហើយ​បាន​ជា​អ្នក​ដំណើរ​យើង​ប្រទះ​កង់​អ្នក​ស្រុក​រែក ឬ​ផ្ទុក​នូវ​ផ្លែ​គូលែន​ទុំ​ក្រហម​ក្រមៅ​ចេញ​មក​។ មិន​យូរ​ប៉ុន្មាន អ្នក​ដំណើរ​យើង​បាន​ចូល​ដល់​ជំរំ​នៅ​ជើង​ភ្នំ​ដែល​ជា​ទី​ណាត់​ជួប​ជុំ​គ្នា​រទេះ​គោ​បួន​-ដប់ ចាំ​ផ្ទុក​ផ្លែ​ឈើ​ដែល​មាន​តែ​ក្នុង​ទី​នេះ​នៅ​ប្រទេស​ខ្មែរ​ទាំង​មូល​។ តាម​ថ្នាក់​ជណ្ដើរ​ចង្កេះ​ភ្នំ អ្នក​ស្រុក​ប្រុសៗ រែក​ តែ​ស្រីៗ​ ទូល​ នាំ​គ្នា​ជញ្ជូន​ចុះ​ហូរ​ហែ នូវ​មុខ​របរ​តែ​មួយ​ប្រភេទ​នេះ​។
បន្ទាប់​ពី​បាន​ចត​រថយន្ត​ដាក់​ក្រោម​ម្លប់​ឈើ​ស្រួល​បួល​ហើយ​លោក​ សុខរិន្ទ​និង​នាង​ប្រភា បាន​នាំ​គ្នា​ដើរ​រក​ជួល​អ្នក​ស្រុក​ពីរ​នាក់​ឲ្យ​រែក​ម្ហូប​អាហារ​យក​ទៅ​ខាង​លើ​ភ្នំ​។ ឯ​យុវជន​យើង​ជជុះ​រលាស់​លំអង​ធូលី​សើច​អឺង​កង​។
ពួក​អ្នក​ដំណើរ​យើង​ពង្រាយ​គ្នា​រកូត​ឡើង​ចង្កេះ​ភ្នំ ដែល​ចាស់​បុរាណ​យើង​បាន​យក​ថ្ម​បាយ​ក្រៀម​មក​តម្រៀប​ជា​កាំ​ជណ្ដើរ​បណ្ដាក់​​រហូត​ដល់​ខ្ពង់​រាប​ខាង​លើ​។ ជណ្ដើរ​នេះ​ក្នុង​ចំនួន​រវាង​៥០​-​៦០ កាំ​មាន​ចាក់​ឲ្យ​មាន​ថ្នាក់​ធំ​ទូលាយ​មួយ​ល្មម​អង្គុយ​បាន​ស្រួល សម្រាប់​ជន​រវាត​ក្បាល​ជង្គង់​ឈប់​ឲ្យ​បាត់​ហត់​មួយ​សន្ទុះ​សិន​។ ថ្វី​បើ​បាន​សំរាក​យ៉ាង​នេះ អ្នក​ដែល​ធ្លាប់​ឡើង ឬ​មិន​សូវ​បាន​ប្រព្រឹត្ត​កីឡា នៅ​តែ​ដក​ដង្ហើម​ស្ទើរ​ពុំ​ដល់​គ្នា ហើយ​វិល​មុខ​ស្លុង​។ លុះ​នៅ​តែ​ពីរ​-​បី​ថ្នាក់ នឹង​ដល់​ទី​រាប​ស្មើ​ផ្លូវ​ក៏​កាន់​តែ​ចោទ​ខ្លាំង​ឡើង​។ ពួក​ក្មេងៗ លឿន​ទៅ​មុខ​ស្រវឹង​ដោយ​ព្រឹក្ស​ព្រៃ ដោយ​ទេសភាព​បៃតង​ខ្ចី​ត្រជាក់​ដល់​ថ្លើម​។ ​លោក​ សុខរិន្ទ​និង​នាង​ប្រភា លោក​ ទេព​កោសល្ល ដែល​ធ្លាប់​បាន​ឡើង​ចុះ​ភ្នំ​នេះ ឬ​ដែល​ធ្លាប់​បាន​ហាត់​ហ្វឹកហ្វឺន​ក្នុង​កាល​ទាហាន ក៏​មិន​សូវ​ជា​អស់​កម្លាំង​ពេក​ទេ​។ អ្នក​ទាំង​បី​នាក់​នេះ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​បណ្ដើរ​តាម​ដែល​ស្ដាប់​គ្នា​បាន ព្រោះ​ដំណើរ​សៀម​ចេះ​ភាសា​ខ្មែរ​ស្ដួចស្ដើង​នៅ​ឡើយ​។ ឃើញ​យ៉ាប់​ខ្លាំង​តែ​ភីលៀង​សៀម​ពីរ​នាក់​ដែល​មុខ​ឡើង​ស្លាំង​បបូរ​មាត់​ធ្លាក់​ស្ពែះ ហើយ​ដើរ​ទ្រេតទ្រោត​ថ្វី​បើ​អ្នក​រែក​ម្ហូប​ទាំង​ពីរ​នាក់​ជួយ​យក​អាសា​ទប់​ជំហរ​គាត់​ផង​។ 
ឯ​យុវជន​វិញ ដើរ​លឿន​រោញ​ទៅ​មុខ គិត​តែ​ពី​នាំ​គ្នា​ថត ពី​នាំ​គ្នា​សើច​។ នាង​ចន្ទមណី ដែល​ឥឡូវ​ចេះ​ខ្មែរ​បួន-ដប់​ម៉ាត់ ក៏​និយាយ​ទៅ​រក​សហជីវិន​ទាំង​អស់ ខុស​ខ្លះ ត្រូវ​ខ្លះ បណ្ដាល​ឲ្យ​សើច​សប្បាយ​ងុំ​នៅ​ជាប់​រហូត​។
នា​កាល​បាន​ឈប់​ដប់​ប្រាំ​នាទី​ដើម្បី​ឲ្យ​បាត់​ហត់​បន្តិច​មក អ្នក​ពនេចរ​ក៏​នាំ​គ្នា​ចាប់​ដើរ​តាម​ផ្លូវជើង​បណ្ដោយ​ខ្នង​ភ្នំ ដែល​ជា​ទី​ទួល​រាប​ស្មើ​។ ផ្លូវ​កាត់​តាម​ម្លប់​ឈើ​ធំៗ ដែល​បាន​ជម្រុះ​ស្លឹក​ទុំ​មក​ជា​កម្រាល​យ៉ាង​ក្រាស់​។ មួយ​ម៉ោង​កន្លះ​ក្រោយ​មក ក៏​បាន​ទៅ​ដល់​ស្ពាន​ឈើ​អន្លើបៗ មួយ​ដែល​ផ្លោះ​កន្លង​ស្ទឹង​ដ៏​មាន​ទឹក​ថ្លា​ហូរ​ត្របាញ់​មួយ​សន្ទុះ​មក​ទៀត​អ្នក​ដំណើរ​បាន​ចូល​ក្នុង​វត្ត ដែល​មាន​ទីលាន​ទូលាយ​ស្រឡះ​បោស​ស្អាត​ធេង មាន​មេ​កុដិ​ប្រក់​ក្បឿង​មួយ ហើយ​កូន​ពីរ​-​បី​ប្រក់​ស្បូវ​ជ្រក​ក្រោម​ម្លប់​ខ្នុរ ព្រះ​វិហារ​តូច​សង់​ពុំ​ទាន់​រួច ហើយ​មាន​សាលា​ប្រក់​ស្បូវ​មួយ​វែង សម្រាប់​ជា​ទី​សំណាក់​នៃ​អ្នក​ដំណើរ​។ អារាម​នេះ​ជា​ទី​បរម​សុខ​ក្រៃ​លែង​។ ចិត្ត​អ្នក​ទី​ក្រុង​ដែល​អាប់អួរ​ដោយ​សេចក្ដី​លោភលន់​ចង់​បាន ហើយ​ដែល​ភ័យ​ព្រួយ​ដោយ​សម្លេង​គ្រហឹម​ដាក់​គ្នា​ទ្វីប​អឺរ៉ុប​កាន់​តែ​ខ្លាំង​ឡើងៗ​។ លុះ​មក​ដល់​ទី​នេះ​កាល​ណា​ក៏​រលាយ​បាត់​សូន្យ​។
ក្នុង​ពេល​ដែល​ចាស់ៗ ឆៀង​ចូល​ទៅ​ថ្វាយ​បង្គំ​ហើយ​យក​អីវ៉ាន់​ខ្លះ​ប្រគេន​ចំពោះ​លោក​គ្រូ​ចៅ​អធិការ ហើយ​ពួក​ម៉ាក​ឯ​ទៀត​កំពុង​ប្រញាយ​រើស​ផ្លែ​គូលែន​ផ្អែម ដែល​លោក​គ្រូ​បាន​បង្គាប់​ឲ្យ​អ្នក​ភូមិ​ម្នាក់​ឡើង​កាច់​ទម្លាក់​មែក​មក​ឲ្យ នាង​ចន្ទមណី​និង​ទីឃាវុធ​បាន​នាំ​គ្នា​ទៅ​ទួល​ម្ខាង​ព្រះ​វិហារ  ដោយ​មាន​បំណង​ចង់​ថត​រូប​ឲ្យ​ជាប់​ទេសភាព​ផង ព្រោះ​ទី​នោះ​មាន​ដុំ​ថ្ម​ធំៗ សឹក​រេច​រឹល​ឡើង​មូល​ត្រមោល​ដូច​ផ្សិត​យក្ស​ដុះ​កណ្ដាល​ព្រៃ​។ មាន​ដុំ​ថ្ម​មួយ​ខ្ពស់​ហើយ​ធំ​ជាង​គេ​ឯ​ទៀត ស្ទួយ​បន្តើត​នូវ​សំណង់​មួយ​វែង​ប្រក់​ស័ង្កសី​។ សេចក្ដី​ចង់​ដឹង​បាន​នាំ​យុវជន​ទាំង​ពីរ​នាក់​ប្រតោង​ឡើង​កាំ​ជណ្ដើរ​ឈើ​ញ័រ​អន្ដើបៗ ចូល​ទៅ​ក្នុង​រោង​នេះ​ដែល​ជា​ជម្រក​សម្រាប់​ព្រះពុទ្ធ​រូប​មួយ​ព្រះ​អង្គ​ធ្លាក់​ភ្ជាប់​នឹង​ដុំ​ថ្ម តួ​ព្រះ​អង្គ​សណ្ដូក​មាន​បណ្ដោយ​រវាង​ដប់​ប្រាំ​ម៉ែត្រ​។ ថ្វី​បើ​មាន​គ្រឿង​សក្ការៈ​បូជា​ស្ញេះស្ញូវ ហើយ​មាន​ខ្លះ​ជា​របស់​ចិន​-​យួន ដែល​ជា​វត្ថុ​នាំ​ឲ្យ​ទាស់​ចិត្ត​ក្រៃលែង តែ​នារី​នឹង​ចៅ​មាណព​គួច​ញាប់​ញ័រ​ក្នុង​ហរទ័យ ហើយ​កោត​សរសើរ​ចំពោះ​សទ្ធា​និង​សេចក្ដី​ប៉ិន​ប្រសប់​នៃ​បុព្វបុរស​។
ដោយ​នាង​បាន​បបួល ទីឃាវុធ​ ក៏​ចុះ​មក​បេះ​ផ្កា​ចំប៉ី ដែល​មាន​ដើម​ដុះ​ជិត​ទី​នោះ​។ លុះ​បាន​ដោះ​ស្បែក​ជើង​ទុក​នៅ​ខាង​ក្រៅ​សាលា​ស្រេច​ហើយ យុវជន​ទាំង​ពីរ​ក៏​ចូល​យក​ផ្កា​ទៅ​បូជា​ក្នុង​ថូ​មួយ​នៅ​ប្រប​ព្រះ​បល្ល័ង្ក ទើប​លុត​ជង្គង់​សូត្រ​នមស្ការ យុវតី​តាម​សំនៀង​ថៃ ហើយ​នាយ​កំលោះ​តាម​សម្លេង​ខ្មែរ​។ យុវជន​ទាំង​ពីរ​សូត្រ​ថ្វាយ​បង្គំ​ដោយ​ចិត្ត​ស្មោះ ហើយ​ដោយ​មាន​ទឹក​មុខ​យ៉ាង​ជ្រះ​ថ្លា​ផង​។ លុះ​ចប់​ធម៌​ថ្វាយ​បង្គំ​ហើយ​នាង  ចន្ទមណី​បែរ​មុខ​មក​រក ទីឃាវុធ​ ហើយ​បន្ថែម​ទៀត​ថា​ៈ
-សូម​គុណ​ព្រះ​បារមី​ជួយ​ជ្រោមជ្រែង​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ ដែល​មាន​ចំណង​ស្នេហា​រឹតរួត​យ៉ាង​មាំ​មួន​។ សូម​ឲ្យ​បាន​ផុត​ពីរ​សេចក្ដី​លំបាក ហើយ​ពាន​ពាវ​ឧបសគ្គ​នានា​ទាំង​ពួង​។ សូម​ឈ្នះ​គ្រោះ​កាច​សេចក្ដី​វង្វេង​ទាំង​អស់ ដែល​សព្វ​ថ្ងៃ​បាន​ក្លាយ​ទៅ​ជា​មោហ៍​មក​បាំង​មុខ​ជន​ទាំង​ពិភពលោក បណ្ដាល​ឲ្យ​កើត​ប្រទូស្ដ​រ៉ាយ​ឆ្ងាយ​ពី​ព្រះ​ពុទ្ធោ​វាទ​។
ទីឃាវុធ​ ដែល​ធ្លាប់​ដ៏​សែន​ពិរោះ​នេះ ដោយ​ពេញ​ចិត្ត​ក្រៃ​លែង​ក៏​លើក​ហត្ថ​ប្រណម្យ​ហើយ​បន្ត​សេចក្ដី​ថា​ៈ
-នាង​  ចន្ទមណី​ ជា​គូ​ព្រេង​របស់​ខ្ញុំ​ពិត​ប្រាកដ​។ ថ្វី​បើ​យើង​បាន​បែក​ទៅ​កើត​ក្នុង​អាណា​ចក្រ​ទី​ទៃ​ខុស​គ្នា បុណ្យ​ទាន​ដែល​យើង​បាន​កសាង​រួម​គ្នា​ពី​ជាតិ​មុន បាន​នាំ​ឲ្យ​មក​ជួប​វិញ​ហើយ​គួច​កើត​នូវ​សេចក្ដី​ប្រតិព័ទ្ធ​ភ្លាមៗ ក្នុង​គ្រា​ដែល​យើង​ខ្ញុំ​ព្រះ​ករុណា​បាន​ជួប​គ្នា​តាំង​ពី​គ្រា​ដំបូង​។ ហេតុ​នេះ សូម​ជួយ​ទ្រ​ទង់​តម្រង់​នូវ​ចិត្ត​យើង​ខ្ញុំ​ព្រះ​ករុណា​ទាំង​ពីរ​នាក់ កុំ​ឲ្យ​មាន​ថ្នាក់ថ្នល់​ត្រង់​ណា​ឡើយ ដើម្បី​ស្គាល់​តែ​សុភមង្គល​រៀង​រហូត​។ បន្ទាប់​មក​ចាស់​ទុំ និង​ពួក​ម៉ាក់​ទាំង​ឡាយ​ក៏​បាន​ដើរ​មក​ដល់​កន្លែង​នោះ​ដែរ គូ​សង្សារ​ទាំង​ពីរ​ក៏​នាំ​គ្នា​ចុះ​មក​ជួប​ជុំ​។ ក្រោម​សេចក្ដី​ណែនាំ  លោក​ សុខវិន្ទ​ អ្នក​ដំណើរ​ទាំង​​អស់​បាន​ទៅ​ថ្វាយ​បង្គំ​ស្នាម​ព្រះ​បាទ ដែល​ធ្លាក់​ក្នុង​ផ្ទៃ​ថ្ម​ហួស​ទៅ​មើល​អាស្រម​ព្រះ​សង្ឃ​ចង្ក្រម​ភាវនា​នៅ​អណ្ដូង​ព្រេង ទៅ​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធរូប​នៅ​ឆ័ត្រ​ឥសី ទើប​មក​កាន់​វត្ត​វិញ​។​
តាម​ផ្លូវ​ជើង​តូច​លូន​តាម​ចន្លោះ​ដើម​គូលែន​ដែល​កំពុង​ជម្រុះ​ផ្លែ​ទុំ​ជោរ​លោក​សុខវិន្ទ បាន​នាំ​ចុះ​ទៅ​រក​កន្លែង​ទឹក​ធ្លាក់​។ ដី​ទេរ​ចុះ​សន្សឹម សូរ​ទឹក​ហូរ​កាន់​តែ​ខ្លាំង ៗ​ ហើយ​ក្លាយ​ទៅ​ជា​គ្រហឹម​រញ្ជួយ​ទាំង​ពសុធា​ !​ ...​។
                                                                      ***
             ក្នុង​ឱកាស​វ៉ា​កង​នេះ ទីឃាវុធ​ខំ​ព្យាយាម​រើ​ពិនិត្យ រើ​ទន្ទេញ​ឡើង​វិញ​នូវ​មេរៀន​ទាំង​ឡាយ​បំរុង​នឹង​ចូល​ប្រឡង​ខែ​មិថុនា​ខាង​មុខ​ឲ្យ​បាន​ជ័យ​។ មួយ​អាទិត្យ​ម្ដង អ្នក​កំលោះ​តែង​សរសេរ​សំបុត្រ​ដាក់​ប្រៃសណីយ៍​ផ្ញើ​ទៅ​ឆោមសិទ្ធ ដែល​តប​មក​វិញ​ថា នាង​បាន​ទៅ​លេង​កែប​និង​បូក​គោ​។ យើង​ពុំ​ចាំ​បាច់​បញ្ជាក់​ទេ​ថា សំបុត្រ​ឆ្លើយ​ឆ្លង​ទាំង​នោះ​ដែល​ច្រើន​ប្រើ​ភាសា​អង់គ្លេស ជា​កិច្ច​ប្រសើរ​មួយ​ដែរ​ក្នុង​ការ​បម្រុង​ខ្លួន​ប្រឡង តែង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ប្រតិ​ព័ទ្ធ​ហើយ​ផ្ដាំ​ផ្ញើរ​រក​គ្នា​ជា​និច្ច​។
លុះ​ដល់​ពេល​ត្រឡប់​ចូល​រៀន​វិញ អ្នក​កំលោះ​ក៏​មិន​សូវ​បាន​ទៅ​មក​ផ្ទះ​យុវ​មាល្យ​ដែរ គិត​តែ​សំលៀង​ប្រាជ្ញា​សំរួច​ចំណេះ​ប្រុង​និង​យក​ឲ្យ​បាន​នូវ​មធ្យម​សិក្សា​ប័ត្រ​ទី​មួយ ដែល​ជា​ដំណាក់​ដំបូង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​អនាគត ដែល​នឹង​រះ​ឡើង​ដូច​អរុណ​យ៉ាង​ភ្លឺ​ថ្លា​។
ខែ​ ឧសភា​ កន្លង​ផុត​ទៅ ដោយ​បាន​បើក​ឱកាស​ឲ្យ​គូ​ជី​វិត​បាន​ជួប​ភ័ក្ត្រ​គ្នា​បាន​តែ​ពីរ​ដង ហើយ​ក្នុង​ពេល​មួយ​យ៉ាង​ខ្លី​ទៀត​។ មិថុនា​ យូរ​ចូល​មក​នាំ​ឲ្យ​ការ​រៀប​ចំ​ផ្តាច់​ព្រ័ត្រ​កាន់​តែ​ប្រញឹក​ឡើង ដើម្បី​កុំ​ឲ្យ​រាយមាយ​គំនិត  ទីឃាវុធ​ បាន​ប្ដេជ្ញា​ថា​ខ្លួន​នឹង​ទៅ​លេង​ផ្ទះ​នាង​ទៀត​តែ​លុះ​កាល​ណា​បាន​ប្រឡង​ជាប់​រួច​ជ្រះ​ស្រឡះ​។
ដូច្នេះ​ហើយ​បាន​ជា​នៅ​ល្ងាច​ថ្ងៃ​មួយ  ទីឃាវុធ​ ស្ទើរ​អង្គុយ​មិន​ជាប់​ក្នុង​ស៊ីក្លូ ព្រោះ​នឹក​រំខាន​និង​ល្បឿន​យឺត​ខ្វៃៗ នៃ​យាន​នេះ​។ ជិត​អរភិបៗ​ ព្រោះ​ប្រឡង​ជាប់​ថ្មីៗ ថ្វី​បើ​វិញ្ញាសា​យ៉ាង​លំបាក​ចៅ​មាណព​រីក​ដើម​ទ្រូង រីកចិត្ត​ ប្រុង​យក​ដំណឹង​ដ៏​ប្រសើរ​នេះ​ទាំង​ក្ដៅៗ ទៅ​ប្រាប់​ឆោម​ស្នេហា​។ ដល់​ហើយ​លោត​ចុះ​ភ្លែត រក​តែ​ស៊ីក្លូ​ឈប់​ស្រួល​បួល​មិន​ទាន់​ហុច​ថ្លៃ​ឈ្នួល​យ៉ាង​ដំណំ ទៅ​ឲ្យ​អ្នក​ធាក់​ដើម្បី​ឲ្យ​គេ​ជួយ​ត្រេកអរ​ខ្លួន​ផង​។ អ្នក​កំលោះ​ទើប​បាន​ជោគ​ជ័យ​បោល​ចូល​ក្នុង​គេហដ្ឋាន​ដោយ​ឥត​ផ្សូរផ្សង ស្រាប់​តែ​ទូច​ង៉ក់​ស្រឡាំងកាំង​។
ក្នុង​គេហដ្ឋាន​លោក​ ទេពកោសល្យ​ ហើយ​និង​កូន​អង្គុយ​មើល​មុខ​គ្នា​មាន​ទឹក​ភ្នែក​ហូរ​ហែង​។ ដោយ​ឮ​សូរ​ជើង​ដើរ​ចូល​មក អតីត​ទាហាន​ថៃ​ក៏​ងាក​មុខ​មក​រក​ហើយ​ញញឹម​ស្ងួត​ៈ
-ចូល​មក​ក្មួយៗ នៅ​ពេល​ដែល​ទទួល​ខ្សែ​លួស​ភ្លាម កូន​គេ​គិត​ទៅ​ប្រាប់​ក្មួយ​ដែរ តែ​ខ្ញុំ​ឃាត់​ទាន់​ព្រោះ​យល់ថា ក្មួយ​កំពុង​ប្រឡង​ក្រែង​ដឹង​ទៅ​ឡប់​ស្មារតី​។ ពេល​នេះ​ប្រហែល​ជា​ក្មួយ​មក​ប្រាប់​យើង​ទាំង​ពីរ​ថា បាន​ប្រឡង​ជាប់​ដូច​យើង​បាន​សង្ឃឹម​ជា​មុន​ស្រេច​យ៉ាង​នោះ​ហើយ​។ 
ទីឃាវុធ​ ដោយ​ឃើញ​ហេតុ​ភេទ​ទុក្ខ​ព្រួយ​របស់​មិត្ត​ទាំង​ពីរ​ក៏​ជំរាប​ដោយ​ស្ងប់​ស្ងួត​នៅ​ការណ៍ ដែល​ខ្លួន​បាន​បំរុង​មក​ថ្លែង​ប្រាប់​ដោយ​រីក​រាយ​។ លុះ​បាន​ទទួល​សេចក្ដី​សរសើរ​និង​អបអរសាទរ​យ៉ាង​រាក់​ទាក់ តែ​ថ្លែង​ដោយ​សេចក្ដី​ក្រៀម​ក្រំ​រួច​ហើយ អ្នក​កំលោះ​ក៏​សូម​អភ័យ​ទោស ហើយ​ដណ្ដឹង​សួរ​អំពី​ដំណើរ​ហេតុ​ដែល​នាំ​ឲ្យ​រំជួល​ដូច្នេះ​។
ក្នុង​បរិយាកាស​ស្ងាត់​ជ្រងំ​នៃ​ផ្ទះ​ធំ​ល្វឹងល្វើយ សម្លេង​ស្អក​នៃ លោក​ ទេពកោសល្យ​ និយាយ​រៀប​រាប់​ប្រាប់​មិត្ត​ក្មេង​។ នាង​  ចន្ទមណី អង្គុយ​ស្ងៀម​ទ្រមឹង​ភ្នែក​សម្លឹង ទីឃាវុធ​ ពុំ​ដាក់ ហាក់​បី​ដូច​ជា​ចង់​ស្រូប​ភ្ជាប់​នៅ​ក្នុង​ដួង​ចិត្ត កុំ​ឲ្យ​រសាត់​រសាយ​ទៅ​បាន​នូវ​គោល​ដៅ​ស្នេហា ដែល​នឹង​ឃ្លាត​ទៅ​ឆ្ងាយ​ក្នុង​ពេល​ឆាប់ៗ នេះ​​។ លោក​ ទេពកោសល្យ​ និយាយ​ថា​ៈ
-ក្មួយ​គង់​ដឹង​ស្រាប់​ហើយ​ថា កាល​ពី​ដើម​ខ្ញុំ​ធ្វើ​សាក់​បី​ក្នុង​កង​ទ័ព​ថៃ​។ ដោយ​មាន​ការ​ច្របូក​ច្របល់​នា​កាល​រដ្ឋ​ប្រហារ​មួយ ខ្ញុំ​ក៏​មាន​ជាប់​ឈ្មោះ​ក្នុង​ពពួក​ជន ដែល​រដ្ឋាភិបាល​ប្រកាស​ថា​ជា​អ្នក​ក្បត់​ជាតិ​។ ដើម្បី​ចៀស​វាង​ការ​ផ្ចាញ់​ផ្ចាល​យ៉ាង​ឃោរឃៅ​ក្នុង​សម័យ​នោះ ខ្ញុំ​ក៏​បាន​ភៀស​ខ្លួន​រត់​ចូល​មក​នៅ​ប្រទេស​ខ្មែរ​។ រឿង​ហេតុ​នេះ​មាន​មក​យូរ​ឆ្នាំ​មក​ហើយ​។ មិត្ត​ភក្តិ​នៅ​ក្រុង​ទេព (​បាងកក​បាន​ព្យាយាម​តវ៉ា ហើយ​តុលាការ​ទាហាន​បាន​ចេញ​សាល​ក្រម កាល​ពី​ប៉ុន្មាន​ខែ​នេះ​មុន​ថា ខ្ញុំ​ស្លូត​ត្រង់​បរិសុទ្ធ​ឥត​មាន​មន្ទិល​អ្វី​ទេ​។ បាន​ខ្ញុំ​មិន​ដាច់​ចិត្ត​វិល​ទៅ​កាន់​ស្រុក​កំណើត​វិញ​ក្នុង​ពេល​នោះ ព្រោះ​កូន​ដែល​ទើប​មក​ដល់​មាន​សេចក្ដី​ស្រលាញ់ ហើយ​ចង់​ស្គាល់​ប្រទេស​ខ្មែរ​ជា​មិត្ត​នេះ​ខ្លាំង​ពេក ថែម​ទាំង​ចង់​បន្ត​វិជ្ជា​នៅ​វិទ្យាល័យ​នារី ឯ​ដាឡាត់​ទៀត​ផង​។ ខ្ញុំ​ក៏​ដាច់​ស្រេច​ថា នឹង​លែង​ធ្វើ​ការ​រាជការ​តទៅ​ទៀត​ដែរ ហើយ​ចាំ​រក​ឱកាស​ល្អ​នឹង​ទៅ​នាំ​គ្រួសារ​ទាំង​អស់​យក​មក​នៅ​ជុំ​គ្នា​នា​ក្រុង​ភ្នំពេញ​នេះ​។
ងាក​បែរ​ទៅ​មើល​យុវជន​ទាំង​ពីរ  លោក​ ទេពកោសល្យ​ ដែល​មាន​ទឹក​មុខ​ពោរ​ទៅ​ដោយ​សេចក្ដី​ស្រណោះ​អាណិត ក៏​បន្ថែម​សេចក្ដី​ថា​ៈ
-កាល​ពី​ម៉ោង​បី​រសៀល​នេះ​មាន​ខ្សែ​លួស​មក​ប្រាប់​ថា ម្ដាយ​ ចន្ទមណី​ គេ​ឈឺ​ធ្ងន់​។ យើង​ចេញ​ដំណើរ​នៅ​ព្រឹក​ស្អែក​នេះ​ហើយ​។
                                                                     *** 
                                                          -៥-
                                                        ពពក​ខ្មៅ​បាំង​មេឃា​
មហា​វិស្សមកាល​ !​ វ៉ា​កង​ធំ !​ ឈប់​ពីរ​ខែ !​ ក្រោយ​ដែល​បាន​ប្រឡង​ជាប់ ដោយ​បាន​លេខ​ចាត់​ឋានៈ​យ៉ាង​ឆើត​មក គួរ​ណាស់​ជា​ឱកាស​សប្បាយ​បរិបូណ៌​ដោយ​ពន្លឺ​ព្រះ​អាទិត្យ និង​សេចក្ដី​ត្រេកត្រអាល​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំពោះ​ជីវភាព​ !​ តែ​មិន​ដូច្នោះ​ឡើយ ទីឃាវុធ​ឋិត​នៅ​ក្នុង​ទិវា​រាត្រី​អាប់អួរ ព្រោះ​មាន​សេចក្ដី​នឹក​រលឹក​និង​ភ័យ​ព្រួយ​។
កាល​ពី​ដើម ខ្លួន​បាន​គ្រោង​ទុក​ថា​នឹង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ទៅ​ទី​នេះ ទី​នោះ ដើម្បី​ឲ្យ​ពាល​ពៅ​បាន​ស្គាល់​ស្រុក​ខ្មែរ​យ៉ាង​ជាក់លាក់​។ ឥឡូវ​នៅ​ឯកា​តែ​ម្នាក់​ឯង បន្លែង​ចិត្ត​តែ​ដោយ​រូប​អនុស្សាវរីយ៍​ដែល​បាន​ថត​ជា​មួយ​គ្នា ក្នុង​គ្រា​ធ្វើ​ដំណើរ​មើល​បុរាណ​ដ្ឋាន​ឯ​ខេត្ត​សៀមរាប​។ យូរៗ​ លេច​សំបុត្រ​មួយ​ពី​ប្រទេស​ថៃ ហើយ​ថៃ​នោះ​ឯង​អ្នក​កំលោះ​បាន​ស្គាល់​សុភមង្គល​ថ្លា​ស្អាត​ឥត​មន្ទិល​។ បេះដូង​យោល​គ្រឹក​គ្រេង ភ្នែក​គយគន់​ដោយ​ស្នេហា​នូវ​អក្ខរា​គ្រប់​អង្គ ទំរាំ​ន័យ​អត្ថបទ​ជ្រួត​ជ្រាប​ក្នុង​សតិ​ប្រាជ្ញា​បាន​។ នាង​ជូន​ដំណឹង​ពី​សុខភាព​ម្ដាយ​នាង​ដែរ​បាន​ធូរ​គ្រាន់​បើ តែ​នៅ​មិន​ទាន់​ផុត​ភ័យ​នៅ​ឡើយ​ទេ​។ នាង​រៀប​រាប់​ពី​សេចក្ដី​នឹក​រលឹក ហើយ​ពិពណ៌នា​អំពី​សេចក្ដី​ស្នេហា​ដែល​ធ្វើ​ឲ្យ​ក្រៀម​ក្រំ​ហឬទ័យ​ ព្រោះ​ឃ្លាត​បែក​ឆ្ងាយ​គ្នា​។ ឱ​ !​ សំបុត្រ​ដែល​វិចិត្រ​ដោយ​អក្សរ​តូច​មូល​ក្រឡង់ ជា​ភាសា​សៀម​លាយ​អង់គ្លេស ហើយ​ដែល​បាន​ស្រូប​ជាប់​នូវ​ពិដោរ​ក្រអូប​របស់​នារី​មក​ផង តែង​ពោរពេញ​ដោយ​ពាក្យ​ពេចន៍​និង​មនោសញ្ចេតនា​ផ្អែម​ល្ហែម ទន់​ត្រជាក់​ដូច​សម្ដី​ដែល​នាង​ធ្លាប់​ចរចា​។
កក្កដា​បាន​លិច​បាត់​ទៅ​ក្នុង​មហា​សមុទ្រ​នៃ​យុគា សីហា​ ក៏​ចូល​មក​ផ្លាស់​វេន ដោយ​នាំ​ទាំង​សេចក្ដី​ថប់​ព្រួយ​កាន់​តែ​ច្បាស់​ឡើង​។ ស្ថាន​ការណ៍​ពិភពលោក​រឹត​តែ​ឆឹង​តឹង ស្រមោល​សង្គ្រាម​កាន់​តែ​ខិត​ចូល​ជិត​មក​។ រវាង​មួយ​អាទិត្យ​ម្ដង ទីឃាវុធ​ បាន​មក​លេង​ផ្សារ​ស្វាយ​ប៉ោ​ទិញ​កាសែត​អាន ហើយ​ស្ដាប់​ដំណឹង​តាម​វិទ្យុ​នៅ​ផ្ទះ​មិត្ត​ភក្តិ​។ សម្លេង​អួត​អាង​អំពី​កម្លាំង​​រេហ៏​ពល​រៀង​ខ្លួន និង​ស្នូរ​ត្រៀម​អាវុធ​កាន់​តែ​រន្ថាន់​ឡើង ហើយ​នៅ​ព្រំដែន​អាល្លឺម៉ង់ ប៉ូឡូញ​ឧប្បត្តិ​ហេតុ​បង្ហូរ​ឈាម​កាន់​តែ​ញឹកញាប់​ថែម​ទៀត​។ អាល្លឺម៉ង់​ស្រែក​ឡូឡា​ថា ប៉ូឡូញ​មើល​ងាយ​ខ្លួន បារាំង​និង​អង់គ្លេស ប្រកាស​ថា​លែង​នៅ​ស្ងៀម​ដូច​ការ​ហ៊ិតលែរ​លេប​អូទ្រីស ឬ​លែង​ញ៉ម​ថយ​ក្រោយ​បែប​កាល​នៅ​មុយ​និស្ត​ទៀត​ហើយ​។ ខាង​នេះ​ក៏​មិន​ថយ​ខាង​នោះ​ក៏​មិន​រា ទាល់​តែ​ផ្ទុះ​ឆេះ​សន្ធោ​សន្ធៅ​ឡើង​។ 
ទីឃាវុធ​ ចំបែង​ក្នុង​ចិត្ត​ខ្លាំ​ង​ពេក ក៏​កើត​នឿយ​ណាយ​លែង​រាប់​រក​ទេសភាព​ភូមិ​កំណើត ថ្វី​បើ​នៅ​ពេល​ធម្មតា​ខ្លួន​តែង​គួច​ប្រតិព័ទ្ធ​លើសលប់​។ មាន​ថ្ងៃ​មួយ​នៅ​ចុង​ខែ​សីហា អ្នក​កំលោះ​បាន​សុំ​ឪពុក​ម្ដាយ​មក​សំណាក់​នៅ​ផ្ទះ​ពួក​ម៉ាក​ម្នាក់  ​តាំង​នៅ​ត្រើយ​ខាង​កើត​នៃ​ស្ទឹង​សង្កែ​។ គេហដ្ឋាន​នោះ​ឯង​មាន​គ្រឿង​វិទ្យុ ប្រដាប់​ដោយ​ខ្សែ​អាកាស​ចង​យ៉ាង​ខ្ពស់​ភ្ជាប់​ទៅ​ថ្នោល​ឫស្សី ដែល​ដោត​លើ​ដំបូល​។ ល្ងាចៗ​ ឡើង​អ្នក​ជិត​ខាង​មក​ជួប​ជុំ​ខ្មៅ​មីរ ស្ដាប់​ដំណឹង​ពី​ព្រៃ​នគរ​បាងកក ត្បិត​ពី​ពេល​នោះ​មក​ភ្នំពេញ​យើង​ពុំ​ទាន់​មាន​គ្រឿង​ផ្សាយ​សម្លេង​បែប​នេះ​នៅ​ឡើយ​ទេ​។ អ្នក​ណា​ដែល​ចេះ​ភាសា​បរទេស​មាន​នាទី​បក​ប្រែ​ដំណឹង​ប្រាប់​គ្នីគ្នា​។ យប់ៗ​ ឡើង​ជន​បួន​ប្រាំ​នាក់​ដែល​ឃ្លាន​ដំណឹង​ជាង​គេ​ឯទៀត តែង​ដេក​វៀន​ចាំ​យាម​នៅ​ជុំ​វិញ​តុរ៉ាឌីយោ ប្រុង​នឹង​ក្រោក​ស្ដាប់​តៗ គ្នា​នូវ​សម្លេង​ផ្សាយ​ចេញ​ពី​ប្រទេស​រុស្សី ស៊ុយអែដ​ អាល្លឺម៉ាញ​ បារាំង​ អីតាលី​ អង់គ្លេស​ តួរគី​ សហរដ្ឋអាមេរិក​ អូស្ត្រាលី​ ។​ល​។​...​ កាល​ណា​បាន​ដំណឹង​អ្វី​ប្លែក​ក៏​បន្ត​ប្រាប់​អ្នក​ជិត​ខាង​ភ្លាម​។
ទីឃាវុធ​ ដើម​ដំបូង​ហាក់​ដូច​ជា​រវើរវាយ​មិន​សូវ​ស្រើប​ចង់​ដឹង​ព្រឹត្តិការណ៍​ទាំង​នេះ​ប៉ុន្មាន​ទេ ព្រោះ​ដួង​ចិត្ត​ឌូត​ត្រង់​ទៅ​រក​តែ​ទិស​មួយ​។ ប៉ុន្តែ​យូរៗ ទៅ​ដោយ​អ្នក​ជិត​ខាង​គេ​ពឹង ព្រោះ​ឃើញ​ថា​ចេះ​ភាសា​បារាំង និង​អង់គ្លេស​ ក៏​ព្រម​ស្ដាប់​ហើយ​បក​ប្រែ​ទាល់​តែ​យូរៗ​ទៅ​កើត​ជក់​ចិត្ត​និង​ល្បែង​បែប​ថ្មី​នេះ​ដែរ​។
នៅ​ពេល​ម៉ោង​ពីរ​យប់ ក្នុង​ពេល​នារី​រុស្សី​កំពុង​ផ្សាយ​ដោយ​សម្ដី​ទន់​ផ្អែម​ជា​ភាសា​បារាំង អ្នក​ម្ចាស់​ផ្ទះ​តែង​លើក​បបរ​សាប​និង​ត្រីងៀត​យក​មក​លៀង​។ ទីឃាវុធ​ ស្ដាប់​បណ្ដើរ​បក​ប្រែ​សង្ខេបៗ​បណ្ដើរ ប្រាប់​អ្នក​ដែល​ពុំ​ចេះ​បារាំង​។ លុះ​ចប់​ការ​ផ្សាយ​កាល​ណា​ទើប​បរិយាយ​ពិស្ដារ​ទាំង​ស្រុង​តែ​ម្ដង​។ បន្ទាប់​នាំ​គ្នា​ធ្វើ​អត្ថាធិប្បាយ​បន្ត​យោបល់​ទាល់​តែ​ស្បើយ​កម្លាំង ក៏​លក់​នៅ​កៀន​រ៉ាឌី​យោ​នោះ​ទៅ​។ លុះ​ព្រលឹម​ក៏​នាំ​គ្នា​ក្រោក​ស្ដាប់​ទាំង​សើងមើង ទាំង​អុល​នូវ​ពត៌មាន​ពី​ព្រៃ​នគរ​ទៀត​។ ថ្វី​បើ​ដំណឹង​ទាំង​នោះ​ច្រើន​តែ​ស្រប ហើយ​មិន​ប្លែក​ពី​គ្នា​ប៉ុន្មាន អ្នក​ស្ដាប់​ពុំ​មាន​ជិត​ធ្អន់​សោះ​ឡើយ​ព្រោះ​យល់​ឃើញ​ថា ជោគ​ជីតា​សកល​លោក​ព្យួរ​ជាប់​ទៅ​លើ​សង្គ្រាម ដែល​កំពុង​កំញើញ​បី​ដូច​ពពក​ខ្មៅ​រសាត់​មក​បាំង​មេឃា​។
នៅ​វិទ្យុ​បាងកក​មាន​អ្នក​និយាយ​ស្រី​ម្នាក់​មាន​សម្លេង ហើយ​សំនួល​សំដី​ស្រដៀង​គ្នា​នឹង នាង​ ចន្ទមណី ​។ វោហារ​នារី​នេះ​តែង​នាំ​អ្នក​កំលោះ​យើង​រំជួល​ក្នុង​ចិត្ត​ពន់​ប្រមាណ​។
ដាច់​ខែ សីហា​ ប្រិប​ កង​ទ័ព​អាល្លឺម៉ង់​ក៏​ជោរជន់​រាច​លិច​ប្រទេស​ប៉ូញឡូញ​ភ្លាម​។ នៅ​ថ្ងៃ​ទី​ពីរ​កញ្ញា អង់គ្លេស​និង​ បារាំង​ប្រកាស​សង្គ្រាម​តទល់​និង​អាល្លឺម៉ង់ ប្រវត្តិ​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​ក៏​ចាប់​ផ្ដើម​ក្នុង​ពេល​នោះ ដែល​ត្រូវ​លេប​ថិរវេលា​ជិត​ប្រាំ​មួយ​ឆ្នាំ​ទើប​ឯវំ​។
ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា​បាន​ឃើញ ទីឃាវុធ​ ឡើង​រថភ្លើង​ទៅ​ភ្នំពេញ ដែល​មាន​ស្ថាន​ភាព​ប្លែក​ឆ្ងាយ​ពី​សព្វ​ដង​។ ពេល​ថ្ងៃ​ទាហាន​ដើរ​ទៅ​ដើរ​មក​តាម​វិថី​កាន់​តែ​មាន​កើន​ចំនួន​ជា​លំដាប់ បារាំង​ស៊ីវិល​ដែល ទីឃាវុធ​ ធ្លាប់​ស្គាល់​រៀង​មក​ឥឡូវ​ជាប់​កំណែន​ពាក់​ឯក​សណ្ឋាន​កាគី មាន​ស័ក្តិ​មាន​យស​លាន់​។​ យប់ៗ​ ឡើង​វិធាន​ការ​៉​ងងឹត​ខាង​ក្រៅ​៉ ពន្លត់​ភ្លើង​តាម​ថ្នល់​ទុក​សល់​ត្រង់​នេះ​មួយ ត្រង់​នោះ​មួយ ដោយ​មាន​ក្បាំង​បំបែរ​ពន្លឺ​ឲ្យ​សំយុង​ធ្លាក់​ជា​កញ្ចុំ​ត្រង់​មក​ក្រោម​។ ឯ​អ្នក​ផ្ទះ​ក៏​ទទួល​បង្គាប់​ឲ្យ​បិត​បាំង​ទ្វារ​បង្អួច​កុំ​ឲ្យ​មាន​រស្មី​ចាំង​ចេញ​ទៅ​ក្រៅ​បាន​ដែរ​។ ម៉្លោះ​ហើយ​ក្នុង​ពេល​រាត្រី​ផែន​ខ្មៅ​មក​គ្រប​ដណ្ដប់​រាជធានី​នាំ​ឲ្យ​កើត​អផ្សុក​ជា​អនេក​។
ដោយ​ឮ​ដំណឹង​ថា នឹង​មិន​មាន​បើក​ថ្នាក់​ទស្សនវិទូ​ទៀត​ទេ​ព្រោះ​ខ្វះ​សាស្ត្រាចារ្យ ទីឃាវុធ​ ក៏​ចូល​ទៅ​សួរ​ដល់​ការិយាល័យ​នៃ​លីសេ ហើយ​បាន​ទទួល​សេចក្ដី​បញ្ជាក់​ថា រឿង​នេះ​មិន​ទាន់​មាន​អ្វី​ប្រាកដ​នៅ​ឡើយ​ទេ ប្រហែល​ជា​បើក​ដែរ តែ​នៅ​ពេល​ក្រោយ​ថ្នាក់​ឯ​ទៀត​បន្តិច​។ ទីឃាវុធ​ ដោយ​រួប​រួម​នឹង​ពួក​ម៉ាក​ខ្មែរ ៧​នាក់ យួន​មួយ​នាក់​ហើយ​បារាំង​ពីរ​នាក់​ក៏​តាំង​ចាប់​រៀន​ត្រដាបត្រដួស ព្រោះ​គ្រូ​រវល់​ហាត់​ហ្វឹកហ្វឺន​ខាង​ក្បួន​ទាហាន មិន​សូវ​មាន​ពេល​ពន្យល់​បង្រៀន​ទេ​។ ម៉្លោះ​ហើយ សិស្ស​ទាំង​នោះ​បើ​មិន​នាំ​គ្នា​អាន​កាសែត​ទេ ក៏​តាំង​ប្រឡែង​គ្នា​ក្នុង​ក្ដាំង​ក្នុង​ថ្នាក់​រៀន​។
ចាប់​តាំង​ពីរ​ការ​តស៊ូ នៃ​ប្រទេស​ប៉ូឡូញ​សាយ​សូន្យ​ទៅ​៉​សង្គ្រាម​លេងៗ៉ ក៏​តាំង​ឡើង​នៅ​ប្រទេស​បារាំង អាល្លឺម៉ង់​។ ក្នុង​ពេល​តែ​មួយ​នេះ យីពុន​ដែល​រវល់​ជាប់​ដៃ​នៅ​ប្រទេស​ចិន​យូរ​ឆ្នាំ​មក​ហើយ តាំង​កំរើក​ដើរ​នយោបាយ​ប្រទូស្ត​រ៉ាយ​នឹង​ពួក​ស្បែក​ស​កាន់​តែ​ខ្លាំង​ឡើង​។ ប្រទេស​ថៃ​ដែល​បាន​ស្រង់​ក្លិន​ដឹង​ថា ខ្យល់​នឹង​បក់​មក​ពី​ទិស​ទី​ណា​ខ្លាំង​ជាង​គេ ក៏​ឈាន​ជើង​ដើរ​តាម​ក្រោយ​បង​យីពុន​ដរាប​។ ចំណែក​រាជការ​បារាំង​នៅ​ឥណ្ឌូ​ចិន​គេ​យល់​ថា ស្ថាន​ការណ៍​៉ធំ​៉ ក្លិន​មិន​សូវ​ស្រួល​សោះ ក៏​ប្រមែ​ប្រមូល​ដំឡើង​សេន្យានុភាព​តាម​ការ​អាច​បាន​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាស្ត្រាចារ្យ​ជាតិ​បារាំង​ទាំង​ឡាយ​ត្រូវ​ស្លៀក​ពាក់​ខោ​អាវ​ទាហាន​អស់​។
ក្រោយ​ដែល​បាន​ដើរ​តតាក់តតុប​បាន​ជាង​ពីរ​ខែ​មក ថ្នាក់​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដោយ​មាន​ចំនួន​សិស្ស​ស្ដួចស្ដើង​ពេក​ក៏​ត្រូវ​បិទ​ទ្វារ​ជា​ស្ថាពរ ដើម្បី​សំចៃ​បុគ្គលិក​ដែល​ត្រូវ​ការ​ខាង​សឹក​សង្គ្រាម​ជាង​។ សិស្ស​ខ្មែរ​ទាំង​ឡាយ​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​វិទ្យាល័យ​ប៉េទ្រុស គឺ​នា​ក្រុង​ព្រៃ​នគរ​។ ប៉ុន្តែ​ដោយ​ពេល​នោះ​សិស្ស​ដេក​ក្នុង​របស់​គេ​ពេញ​ចំណុះ​អស់​ទៅ​ហើយ រាជការ​លីសេ​នេះ​បាន​បង្គាប់​យុវជន​យើង​ឲ្យ​ដើរ​រក​ជួល​ផ្ទះ​សំណាក់​នៅ​ក្រៅ​ខ្លួន​ឯង​។ លុះ​ជួល​ផ្ទះ​បាន​ហើយ រាប​ទី​អាស្រ័យ​បាន​ស្រួល​បួល​រួច​កាល​ណា សិស្ស​កំសត់​យើង​ក៏​នាំ​គ្នា​ចូល​ទៅ​ជួប​នឹង​ចាងហ្វាង​វិទ្យាល័យ ដែល​ជា​ជាតិ​បារាំង​មួយ​ធាត់​ក្រអាញ ពោះ​កំប៉ោង​ប៉ុន​ពាង​ទឹក ហើយ​មាន​ភ្នែក​ស​ល្អក់​ដូច​គ្រាប់​ស្វាត​។ បារាំង​នេះ​ក៏​សំដែង​កំហឹង​យ៉ាង​សាហាវ​ក្នុង​ពេល​នោះ​ព្រោះ​រាជការ​ខាង​ស្រុក​ខ្មែរ​រក​ជជីក​សុំ​ឲ្យ​ខ្លួន​អាស្រ័យ​នៅ​ក្នុង​សាលា​។ គេ​ស្រែក​សន្ធាប់​ឡូឡា​ដាក់​យុវជន​ឥត​មាន​ទោស​ពៃរ៍​អ្វី​សោះ ថែម​ទាំង​ពោល​ពាក្យ​ចាក់​ដោត​មក​លើ​យ៉ាង​ធ្ងន់ៗ ទៀត​ផង​។   ទប់​នឹង​អំពើ​អយុត្តិធម៌​យ៉ាង​នេះ​ពុំ​បាន ទីឃាវុធ​ ក៏​តប​ឆ្លើយ​ពីរ​បី​ម៉ាត់ ហើយ​ដើរ​ចេញ​មក​ឡាន​ឈ្នួល​ជា​មួយ វេគី​ត្រឡប់​មក​ភ្នំពេញ​វិញ​។
ក្នុង​ពេល​នោះ​ទឹក​ចិត្ត ទីឃាវុធ​ បរិបូរណ៍​ដោយ​សេចក្ដី​អស់​សង្ឃឹម ព្រោះ​ពេល​ណា​នឹង​បាន​ជួប​នារី​ជា​ត្រួយ​ជីវិត​ឡើយ​ហើយ​ព្រោះ​យល់ថា លែង​បាន​ឱកាស​ទៅ​រៀន​នៅ​ប្រទេស​បារាំង​តាម​ប្រសង​ជា​យូរ​មក​ហើយ​ដែរ​។ សង្គ្រាម​ក្នុង​សមុទ្រ​បណ្ដាល​ឲ្យ​គមនាគមន៍​រវាង​ឥណ្ឌូចិន​និង​ទ្វីប​អឺរ៉ុប​ធ្វើ​បាន​ដោយ​លំបាក​។ ឯ​មាលា​ដួង​ចិត្ត ក៏​ព្រាត់​ប្រាស់​នៅ​ឆ្ងាយ អ្នក​កំលោះ​ក៏​បង្ខំ​ចិត្ត​លាចាក​កិច្ច​សិក្សា​ដែល​ព្យុះ​អភ័ព្វ​មក​បំបាក់​ផ្ដាច់​យ៉ាង​នេះ​។ ដោយ​ខំ​ទប់​នឹង​ភាព​ខ្សឹប​ខ្សួល​នេះ ទីឃាវុធ​ ក៏​ឡើង​ពាក្យ​សុំ​ធ្វើ​ការ​ខាង​មន្ត្រី​រដ្ឋបាល​​។
ទុក្ខ​ធួន​មួយ​ចំណែក​ទៀត ព្រោះ​សំបុត្រ​នាង ចន្ទមណី ​ កាន់​តែ​ខ្លីៗ ហើយ​រយាលៗ ពេល​ទៅ​ផង​។ កាល​ដើម​អក្ខរា​នាង​តែង​មាន​សេចក្ដី​លែបខាយ​ពីរោះ ដ៏​ជា​ឱសថ​ទិព្វ​ចំពោះ​សេចក្ដី​ស្នេហា​ដែល​គ្រាំគ្រា​។ តែ​ឥឡូវ​ម្ដេច​យ៉ាង​ដូច្នេះ​?​ ចុក​ក្ដួល​អួល​ផ្សា អ្នក​កំលោះ​គិត​យល់​ដោយ​សម​ហេតុ​ផល​ថា វិទេសោបាយ​ថៃ-​ឥណ្ឌូចិន​ក្នុង​ពេល​នោះ​បាន​ត្រេច​ទៅ​រក​ផ្លូវ​ប្រទូស្ត​គ្នា ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​សំបុត្រ​ស្នាម​ទាំង​ឡាយ​យ៉ាង​តឹង​រឹង​នៅ​ប្រៃសណីយ៍​។ ចំណែក​ឯ​អ្នក​សរសេរ​វិញ​ហ៊ាន​ប្រគល់​ក្រដាស​តែ​ដំណឹង​ខ្លីៗ ដែល​មិន​មែន​ជា​ការ​សម្ងាត់ ឫ​ដែល​មិន​មែន​ជា​ការ​ផ្ទាល់​ខ្លួន​ជ្រៅៗ ពេក​ ព្រោះ​អៀន​ផង មាន​បារម្ភ​ផង ចំពោះ​ជន​ដទៃ​ដែល​ចាំ​ឆែក​ឆេរ​សំបុត្រ​ទាំង​នោះ​។
នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​១៩៤០​ ក្រសួង​មហាផ្ទៃ​បាន​ហៅ ទីឃាវុធ​ ឲ្យ​ចូល​ធ្វើ​ការ ហើយ​ឲ្យ​ទៅ​ធ្វើ​ជា​បាល័ដ្ឋ​ខេត្ត​នៅ​ពោធិ៍សាត់​។
                                                                       ***  
                                                                        -៦-
                                                   សេចក្ដី​លំបាក​នៃ​អ្នក​រាជការ​តូច
មាន​អ្នក​និពន្ធ​ម្នាក់​នឹក​ឆ្ងល់ ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា ហេតុ​ដូច​ម្ដេច​ហ្ន៎ បាន​ជា​ទី​ក្រុង​ក្នុង​ពិភពលោក ដែល​តាំង​នៅ​មាត់​ស្ទឹង​ឫ​ទន្លេ​តែង​រីក​ចំរើន​នៅ​ត្រើយ​ខាង​លិច ជា​ជាង​នៅ​ត្រើយ​ខាង​កើត ?​ ការណ៍​នេះ​គួរ​ឆ្ងល់​ពិត​មិន​បាច់​ទៅ​រក​ឧទាហរណ៍​ណា​វែង​ឆ្ងាយ​ទេ​។ មើល​ចុះ​ភ្នំពេញ កំពង់ចាម​ បាត់ដំបង​ សៀមរាប​ ។​ល​។ ទីក្រុង​ទាំង​នេះ​សុទ្ធ​តែ​មាន​សង្កាត់​ធំៗ តាំង​នៅ​លើ​ត្រើយ​ខាង​លិច​ទី​ដែល​ហូរ​កាត់​។ ម្ដេច​ហ្ន៎ បាន​ជា​គេ​ចូល​ចិត្ត​ផ្ដុំ​គ្នា​នៅ​ត្រើយ​ខាង​លិច​ជាង​ខាង​កើត​?
ឯ​ក្រុង​ពោធិ៍សាត់ ក៏​គេច​មិន​ផុត​ពី​ក្បួន​ខ្នាត​អាថ៌​កំបាំង​នេះ​ដែរ​។ ផ្សារ​ក្ដី ផ្ទះ​រាជការ​ក្ដី ក៏​សុទ្ធ​តែ​ប្រជ្រៀត​គ្នា​នៅ​ខាង​លិច​ស្ទឹង​មួយ​ដែល​មាន​ពោះ​ធំ​ទូលាយ​ដូច​ទន្លេ តែ​មាន​ទឹក​ហូរ​ហែង​មិន​ឈប់ឈរ​តាម​ចន្លោះ​កូន​កោះ​ខ្សាច់ ដែល​ដុះ​ដោត​ត្រដាង​ចាំ​ស្ទះ​មុខ​សរសៃ​គង្គា​។
បើ​អ្នក​អញ្ជើញ​ទៅ​ពី​ភ្នំពេញ ហើយ​លុះ​យាន​អ្នក​បាន​ឆ្លង​ស្ពាន​បេតុង​របស់​ទី​ក្រុង​ផុត​កាល​ណា អ្នក​នឹង​ពើប​ផ្លូវ​បែក​ជា​បី​នៅ​ចុង​ស្ពាន​នោះ​។ បើ​អ្នក​រំហួត​ទៅ​ត្រង់​តែ​ម្ដង នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ប្រញាប់​ទៅ​បាត់ដំបង​ឲ្យ​បាន​ឆាប់​រហ័ស​។ ប៉ុន្តែ​បើ​អ្នក​បត់​ទៅ​ខាង​ស្ដាំ នេះ​បក​ស្រាយ​ឲ្យ​ឃើញ​ថា អ្នក​ចង់​ចូល​សំរាក​នៅ​ផ្សារ​ស្រស់​ស្រូប​គុយទាវ កាហ្វេ​ ទឹក​ក្រូច​នៅ​ទី​ផ្សារ​ពោធិ៍សាត់​មួយ​ភ្លែត​សិន ព្រោះ​ជា​ទី​សំណាក់​នៃ​អ្នក​ដំណើរ​តាម​ឡាន​ឈ្នួល​។
មាន​ជួន​ណា សេចក្ដី​ចង់​ដឹង​ចង់​ស្គាល់​អាច​ច្រាន​ដៃ​អ្នក​កាន់​ចង្កូត​យន្ត ឲ្យ​កាច់​ទៅ​ខាង​ឆ្វេង​វិញ​។ បើ​អ្នក​ធ្វើ​យ៉ាង​នេះ​អ្នក​នឹង​តាម​ថ្នល់​មួយ ដែល​គ្រាន់​តែ​ក្រាល​ថ្ម​ឥត​ចាក់​ជ័រ​ទេ​។
ទៅ​ឆ្ងាយ​ប្រហែល​ប្រាំ​រយ​ម៉ែត្រ​ពី ៉​បង់កាឡូ​៉ ដែល​ជា​អគារ​ថ្ម​ទាប​ត្រប៉ិកៗ រាង​ដូច​ឆ្មា​ក្រាប​លប​ចាប់​ព្រាប អ្នក​នឹង​បាន​ដល់​ផ្ទះ​ចាស់​មួយ ជញ្ជាំង​ក្ដារ​ប្រក់​ក្បឿង​ដែល​ជា​ជរាភាព នាំ​ឲ្យ​ជន​ជា​ម្ចាស់​ខំ​គាំ​ទ្រ​ប៉ះ​ប៉ុន​នាយ​អាយ ដើម្បី​ជា​ទី​ជម្រក​រៀង​រហូត​មក​។ ជ្រក​កណ្ដាល​គុម្ព​ចេក​និង​ស្លា ផ្ទះ​កន្ទ្រត​នេះ​បើក​ទ្វារ​ចំហ​មក​លើ​កូន​ភ្លឺ​មួយ ដែល​ជា​គមនាគមន៍​ភ្ជាប់​មក​ថ្នល់​រាជការ ហើយ​មាន​ទម្រង់​ដូច​ជា​អណ្ដាត​យ៉ាង​វែង ដែល​លៀន​ធ្លេន​មក​រក​អ្នក​ដំណើរ​នៅ​ទី​ធ្លា​។
ពូហ៊ឹង​ មីង​ក្អាត់ នៃ​ម្ចាស់​នៃ​សំបុក​ចម្លែក​នោះ​។ ប្រហែល​ជា​ឃើញ​ឈ្មោះ​អ្នក​ទាំង​ពីរ​រួម​នៅ​ក្នុង​វង្ស​សត្វ​ស្រដៀង​គ្នា​យ៉ាង​នេះ​ហើយ ទើប​ចាស់​ទុំ​ឪពុក​ម្ដាយ​ទាង​សង​ខាង បាន​ផ្សំ​ផ្គុំ​គាត់​ដោយ​កំប្លែង​ឲ្យ​គាត់​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​គង់​សង្កេត​បាន​ថា ការ​រួម​វាសនា​នៃ​ជន​ទាំង​ពីរ​បាន​ប្រកប​ដោយ​សុខ​សំរាន្ត រហូត​នាំ​ឲ្យ​គូ​ស្រករ​ឯ​ទៀត​អៀន​ខ្មាស​យ៉ាង​ច្រើន​នាក់​។ គិត​មើល​ចុះ រៀប​ការ​សាមសិប​ប្លាយ​ឆ្នាំ​មក​ហើយ តែ​ពុំ​ដែល​មាន​ផល​រមាស់​រង្គៀស​ចិត្ត​គ្នា​ធំ​ដុំ​ទេ​។ គាត់​មាន​កូន​ស្រី​បី​នាក់ ដែល​ឥឡូវ​បែក​សំបុក បែក​ទ្រនំ​អស់​ហើយ​។ នាង​មួយ​បាន​ទៅ ៉​ម៉ោងសៀរ​៉ (គ្រូ​បង្រៀន​) នាង​មួយ​បាន​ទៅ​ថី​ពេទ្យ​សត្វ ហើយ​នាង​ពៅ​បង្អស់​បាន​ទៅ​ទិនិក​ម្នាក់​ទៅ​ក្រុម​សុរិយោដី ក្នុង​ងារ​ដែល​ពាក្យ​បារាំង​ហៅថា​ៈ​៉​អារប៉ង់ទ័រ​៉ ហើយ​ដែល​មាន​អ្នក​ខ្លះ​ហៅ​ដោយ​ក្រមាច់​មិន​គប្បី​ថាៈ​ ៉​អាពង​ទា​៉ ទៅ​វិញ​។
កូន​មាន​ប្ដី​សី បែក​ផ្ទះ​បែក​សំបែង​អស់​ហើយ ពូហ៊ឹង​ មីង​ក្អាត់ គាត់​ស្គាល់​តែ​បរម​សុខ​។ ថ្ងៃៗ​ ឡើង​ពូ​ហ៊ឹង ដែល​មាន​មាឌ​កន្តិល​ក្រអាញ ហើយ​សម្បុរ​ខ្មៅ​ដូច​ស្បែក​សត្វ ដែល​គាត់​ខ្ញី​ឈ្មោះ​អីចឹង​សង្វិត​កន្ដេវអារេវ សម​ដូច​សត្វ​ឈ្មោះ​គាត់​ទៀត ហើយ​គាត់​តែង​ទូល​ចេក ល្មុត​ ដំឡូង​ ស្លា​ តាម​រដូវ​យក​ទៅ​លក់​ឯ​ផ្សារ​។ លុះ​ត្រឡប់​មក​វិញ​ផល្លានុផល​ទាំង​នោះ ក៏​ក្លាយ​ទៅ​ជា​អង្ករ​ត្រី​សាច់ ព្រម​ទាំង​សេចក្ដី​សង្ឃឹម​ថា​នឹង​មាន​ភ្លៀង​នៅ​ថ្ងៃ​រសៀល ឬ​ ៉​ពេល​យប់​៉ ឬ​ពេល​ព្រឹក​ស្អែក​ទៀត​ផង​។
ដូច​ជា​ហ្វូង​កណ្ដូប ដែល​តែង​រាតត្បាត​ស្រែ​ចំការ​ច្បារ​ដំណាំ​នៅ​ភូមិ​ភាគ​ខ្លះ​នៅ​ទ្វីប​អាហ្វ្រិក អឺរ៉ុប​និង​អាស៊ី ជម្ងឺ​ល្បែង​លក់​ទេពតា​បាន​ព្រោះ​ពិស​រំលាយ​ប្រាក់​សន្សំ​របស់​ខ្មែរ មិន​ថា​អ្នក​ក្រុង​ឬ​អ្នក​ស្រុក​ស្រែ​ទេ​។ ចំណែក​ឯ​ចិន​ជា​អ្នក​ផ្ដើម​គំនិត ហើយ​ជា​អ្នក​មេ​លក់​ភ្នាល់​នោះ ចេះ​តែ​បាន​ចំណេញ​គាក់​កប​ជា​និច្ច​។
នៅ​រដូវ​វស្សា ស្វាមី​ភរិយា​ទាំង​ពីរ​នាំ​គ្នា​ទិញ​ភ្លៀង​ញ័រ​រក​ក្អិត​។ មីង​ក្អាត់​ទៅ​លក់​អីវ៉ាន់​ឯ​ផ្សារ តែង​ឆ្លៀត​ឱកាស​ឈៀង​ទៅ​រក អា​ស៊ុក​មិន​ដែល​ខាន​ទេ​។ គាត់​ញៀន​ខ្លាំង​ណាស់​ដល់​ជា​នៅ​ថ្ងៃ ឧបោសថ​កំពុង​ស្ដាប់​ធម្មកថិក​សំដែង​ទេសនា ឲ្យ​តែ​ឮ​ផ្គរ​គ្អុល​ចុះ ភ្នែក​គាត់​វិល​រំពៃ​សម្លឹង​មើល​មេឃ ភ្លេច​សម្លឹង​មើល​និព្វាន​អស់​។
ចំណែក​ឯ​ពូ​ហ៊ីង​វិញ​ក៏​មិន​ណយ​ដែរ ឲ្យ​តែ​មាន​ពេល​ទំនេរ​បន្តិច​ចុះ គាត់​ទាញ​កង​កញ្ចាស់​ជិះ​រ៉ោញ​ទៅ​ផ្សារ​។ លុះ​ត្រឡប់​មក​វិញ​គាត់​ឆ្ការ​ដៃ​ឆ្ការ​ជើង ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​ជិត​ខាង និយាយ​ភាសា​មួយ​ចម្លែក​លាយ​ចិន​លាយ​ខ្មែរ​ប្រឡូក​ប៉ូក​ប៉ាក ញាប់​មាត់​ដង្វាញ់​ៈ​៉​ឡុក​ជី​ឡុក​...​តាយឡុកស៊ី​...​ឡាត់​...​តូយាង​...​៉​។
ម៉្លោះ​ហើយ ផល​នៃ​ត្បិត​ត្បៀត​សន្សំ​យ៉ាង​ណា​ក៏​ដោយ មិន​ព្រំ​នៅ​បំប៉ោង​ថង់​ពូ​ហ៊ីង មីង​ក្អាត់​ទេ ចេះ​តែ​រសាត់​ប៉ប្រុយ​ទៅ​ធ្វើ​ជា​ពួក​ម៉ាក​និង​ចិន​ជា​ទេវតា​មេ​ភ្លៀង​ទៅ​វិញ​។ ដោយ​អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ពូ​ហ៊ីង​បាន​ទទួល​អនុម័ត​យល់​ព្រម​មីង​ក្អាត់ ឲ្យ​រៀប​បំបែក​ល្វែង​ផ្ទះ​កន្ត្រក​គាត់​ឲ្យ​បាន​ជា​បន្ទប់​មួយ​ថ្មី ដោយ​យក​ខ្នង​ទូ​កញ្ចាស់ៗ ខ្លះ​ កន្ទេល​ក្រ​ចូត​ពន្លក់​ខ្លះ​មក​បិទ​បាំង​ជា​ជញ្ជាំង​ទ្រូង​។ កាល​ណា​ ចាត់​ការ​នេះ​រួច​ហើយ គាត់​ទៅ​ផ្ដាំ​ផ្ញើ​នឹង ៉​ម៉ោង​សៀរ​៉ ហើយ​និង​៉​ថី​៉ កូន​ប្រសារ​គាត់​ឲ្យ​ជួយ​ឃោសនា​ប្រាប់​អ្នក​រាជការ​ទាំង​ឡាយ​ថា គាត់​មាន​បន្ទប់​មួយ​ជួល​។
ថ្ងៃ​មួយ ទីឃាវុធ​ ដែល​ទើប​នឹង​មក​ដល់​ពោធិ៍សាត់​ថ្មោង​ថ្មី​កំពុង​ដើរ​រក​ជួល​ផ្ទះ ក៏​បាន​ឮ​ដំណឹង​នេះ ហើយ​ក៏​ចូល​មក​មើល​ទី​កន្លែង​។ ឃើញ​ភ្លាម​ក៏​ដាច់​ស្រេច​ថា​សម​នឹង​ចិត្ត​ភ្លាម​។ សម​នឹង​ចិត្ត​នេះ​មិន​មែន​ដោយ​ឃើញ​ថា មាន​ផា​សុខភាព​ឬ​ប្រណិត​ភាព​អ្វី​ទេ​គឺ​ព្រោះ​យល់​ថា​ជា​កន្លែង​ស្ងាត់​មិន​សូវ​អ៊ូអរ សមរម្យ​នឹង​ទឹក​ចិត្ត​ខ្លួន​ដែល​ខ្លោច​ផ្សា ហើយ​ដោយ​ឃើញ​ថ្លៃ​ដែល​គេ​ទារ​នោះ ក៏​ថោក​សម​គួរ​ល្មម​នឹង​ប្រាក់​ខែ​ខ្លួន​ដែល គឺ​ ៨រៀល​ឈ្នួល​បន្ទប់១២​រៀល​ថ្លៃ​អាហារ ដែល​មីង​ក្អាត់​នឹង​រំលែក​មួយ​ចំណែក​ពី​របស់​គាត់​ចំអិន​យក​មក​គ្រប​ទុក​ឲ្យ​ជា​បន្ទុក​ធ្ងន់​គ្រាន់​បើ​ដែរ​លើ​ប្រាក់ ៤៦​រៀល ដែល​មន្ត្រី​កំលោះ​យើង​សង្ឃឹម​បើក​បាន​នៅ​រាល់​ចុង​ខែ​។
មុន​ពេល​នឹង​ឡើង​ឡាន​ឈ្នួល​មក​កាន់​ទី​តំណែង​ដំបូង​នេះ​ឪពុក​ម្ដាយ​បាន​បង្គោះ​បង្គៀរ​បាន​ប្រាក់ ១៥០​រៀល​មក​ឲ្យ​កូន​។ មូលធន​នេះ​បាន​បើក​អំណាច​ឲ្យ ទីឃាវុធ​ ទិញ​បាន​ប៊ីស៊ីក្លេត​មួយ គ្រែ​ឈើ​ទាល​មួយ តុ​វែង​មួយ ហើយ​កៅ​អី​ផ្ដៅ​បី​។ ប្រដាប់​ប្រដា​ទាំង​នេះ​បាន​មក​រួប​រួម​គ្នា​ហើយ​នឹង​ហិប​ឈើ​មួយ​លាប​ពណ៌​ជំពូ ពូក​រនាប​មួយ​ហើយ​នឹង​វាំង​នន​ក្រហម​មួយ​មាន​ភ្ញី​ជា​គំនូរ សត្វ​សេក ឬ​សារិកា​ពាំ​ផ្កា​ហើរ​ជិត​វិមាន​ស្រុក​ក្លិង្គ​។ តែ​ប៉ុណ្ណោះ​អស់​ហើយ​!​ ឱ​សូម​ទោស​នៅ​ភ្លេច​កូន​មុង​មួយ​ទៀត​ដែល​គ្រប​គ្រែ​ពុំ​បាន​ពេញ​ផង​។
 
ទីឃាវុធ​ ពុំ​មាន​ឈ្នួល​បំរើ​ទេ​។ ការ​បោស​ច្រាស​មីង​ក្អាត់​ដែល​ជា​អ្នក​ចិត្ត​ល្អ​គ្រាន់​បើ ថ្វី​បើ​ញៀន​ល្បែង​ភ្លៀង​តែង​មក​ធ្វើ​ឲ្យ​ក្នុង​ពេល​ដែល​លោក​បាល័ដ្ឋ​ទៅ​សាលា​។ ការ​បោក​អ៊ុត​ខោអាវ​ត្រូវ​ជួល​យួន ដែល​មួយ​អាទិត្យ​ម្ដង​​មក​ទទួល​យក​របស់​ប្រឡាក់​ដល់​ផ្ទះ ក្នុង​ពេល​ដែល​នាំ​សំលៀក​បំពាក់​ស្អាត ដែល​បាន​បោក​អ៊ុត​រួច​នោះ​មក​ប្រគល់​ឲ្យ​វិញ​។ ដោយ​ខ្លួន​ជា​អ្នក​ថ្នាក់​ថ្នម​វត្ថុ​ប្រើ​ប្រាស់ ទីឃាវុធ​តែង​ជូត​ខាត់ ទោចក្រយាន​ថ្មី​រាល់​ល្ងាច​ក្នុង​ពេល​ដែល​ត្រឡប់​មក​ពី​ធ្វើ​ការ ឬ​ជិត​យក​លំហែ​វិញ​។
លំបាក​ធំ​ជាង​គេ​ដែល ទីឃាវុធ​ ចំពប់​ទៅ​លើ​គឺ​ការ​រិះ​រក​ប្រដាប់ប្រដា​ស្លៀក​ពាក់ ឲ្យ​បាន​សម​ឋានៈ​ជា​មន្ត្រី​ក្រុម​រដ្ឋបាល​ខ្មែរ​។ ក្រោយ​កន្លង​ពេល​យូរ​មក នាម៉ឺន​កំលោះ​យើង​តែង​នឹក​ឃើញ​ដោយ​អៀន​រឹង​ខ្លួន​ក្រៃលែង​អំពី​ថ្ងៃ​ដែល​ត្រូវ​ចូល​ទៅ​គំនាប់ រ៉េស៊ីដង្គ​ប្រមុខ​ខេត្ត​។ នៅ​ថ្ងៃ​នោះ លោក​បាល័ដ្ឋ​ថ្វី​បាន​អង្វរ​លោក​ចៅហ្វាយ​ខេត្ត ដែល​ជា​អ្នក​ត្រូវ​នាំ​ចូល​ទៅ​ជួប​លោក​ធំ​បារាំង សុំ​ស្លៀក​ពាក់​តាម​របៀប​អឺរ៉ុប​បាន​ហើយ​។ តែ​មន្ត្រី​ជាន់​ខ្ពស់​នេះ​ជា​អ្នក​ខ្លាច​បារាំង​បំផុត​លេខ គាត់​បង្ខំ​ឲ្យ​អ្នក​កំលោះ ស្លៀក​ពាក់​ស្រោម​ជើង​ខ្មៅ ស្បែក​ជើង​ខ្មៅ​ទាល់​តែ​បាន​។ ប៉ុន្តែ​ដោយ​ពេល​នោះ រក​កាត់​អាវ​កុត​កត្រង់​ពុំ​ទាន់​ហើយ​ដោយ​ឡេវ​ជ្រលក់​ទឹក​ប្រាក់​ត្រា​ម្កុដ ដែល​ខ្លួន​បាន​សុំ​ឲ្យ​មិត្ត​ម្នាក់​ទិញ​ផ្ញើ​ពី​ភ្នំពេញ​ពុំ​ទាន់​បាន​ទទួល​ដែរ​នោះ  ទីឃាវុធ​ តោង​ រើស​យក​ដោយ​ក្នាន់​ក្នាញ់​នៅ​អាវ​បើក​ក ដែល​នៅ​ថ្មី​ជាង​គេ​មក​ពាក់​រំលេច​ដោយ​ក្រវ៉ាត់​អន្លួញ​បញ្ឆិតៗ ពណ៌​ខៀវ​ក្រហម​។ សំលៀក​បំពាក់​ប្រឡាយ​កាត់​យ៉ាង​នេះ បើ​តាម​ប្រពៃណី​ខ្មែរ​មិន​ត្រូវ តាម​អឺរ៉ុប​ក៏​មិន​ប្រាកដ មីង​ក្អាត់​ដែល​បាន​ជួយ​ចង​ក្បិន​ផាមួង​ឲ្យ លាន់​មាត់​ថា​សម​ណាស់ៗ នឹង​រូប​រាង​លោក​បាល័ដ្ឋ​យើង​។ សម​ក៏​ដោយ​មិន​សម​ក៏​ដោយ​តែ ទីឃាវុធ​ នឹក​ខ្មាស​គេ​រឹង​ខ្លួន​ស្ដូក មុខ​ឡើង​ក្រហម​ស្ទើរ​ប្រហែល​ពណ៌​សំពត់​ដែល​ខ្លួន​ស្លៀក​។ កម្ម​ក្រាស់​ពេក​កូវ ព្រោះ​ត្រូវ​ជិះ​រ៉ឺម៉ក​កាត់​មុខ​ផ្សារ​ឆ្ពោះ​ទៅ​រក​សាលា​ខេត្ត ដែល​ជា​ហេតុ​នាំ​ឲ្យ​ជន​គ្នា​ច្រើន​បាន​ឃើញ​បាល័ដ្ឋ​យើង​ក្នុង​សំលៀក​បំពាក់​ចម្លែក​នេះ​។
ផាមួង​នេះ ម្ដាយ​បាន​ឲ្យ​តែ​បី ពោល​គឺ​មិន​គ្រប់​ពណ៌​ទេ តោង​សន្សំ​ប្រាក់​មួយ​ខែ​បន្តិច​ដើម្បី​ទុក​ទិញ​ថែម​។ មួយទៀត​ ត្រូវ​ទិញ​ស័ក្តិ​ដាប់​ធ្វើ​នៅ​សាលា​រចនា​ក្រុង​ភ្នំពេញ សម្រាប់​យក​មក​លំអ​ស្មា និង​កដៃ​អាវ​កុត​ស​។ ក្រ​ណាស់​មិន​អាច​ឈោង​យក​ឌិន ឬ​សែ​សយ​អ្វី​បាន​ទេ !​ អាវ​កត្រង់​នេះ​ត្រូវ​មាន​ពីរ​បន្លាស់ ឯ​ឡេវ​ត្រា​មកុដ​ទៀត​ក៏​ត្រូវ​ឲ្យ​បាន​រស់​រាន់​ដែរ ព្រោះ​ឧឡារិក​ភាព និង​បុណ្យ​ង៉ាន ដែល​ត្រូវ​ប្រើ​ប្រាស់​មិន​សូវ​ដាច់​ពេល​ទេ​។
ចំណាយ​ទាំង​នេះ ដែល​លេប​គ្មាន​សល់​នូវ​ប្រាក់​ខែ ហើយ​នឹង​ជីវភាព​ថ្មី បរិបូរណ៍​ដោយ​ការ​ចម្លែក​មិន​ដែល​ស្គាល់​សោះ​នោះ បាន​បណ្ដាល​ឲ្យ​នាម៉ឺន​តូច​តាច​ភ័ន្ត​ភាំង​ស្មារតី​។ កាល​នៅ​ក្នុង​សាលា​នៅ​ឡើយ តែង​យល់​ថា ធ្វើ​ការ​រាជការ​គង់​មាន​បៀវត្ស​ល្មម​ចិញ្ចឹម​ជីវិត​ហើយ​គង់​មាន​ឱកាស​ដើរ​បំភ្លឺ​រាស្ត្រ​ស្រែ​ចំការ​ឲ្យ​រក​របរ​ឲ្យ​បាន​ទាន់​សម័យ​។ ឥឡូវ​ខុស​អស់​រវល់​តែ​ខ្វល់​នឹង​ផ្នែក​សម្ភារៈ ដោយ​បញ្ហា​ផ្ទាល់​ខ្លួន​។ មួយ​ទៀត​នាយ​ចៅហ្វាយ​ខ្លួន​តែង​កាន់​កិរិយា ឬ​ជាប់​ទំលាប់​មិន​គប្បី​ផង នាំ​ឲ្យ​មាន​ឆន្ទៈ​ល្អ​វង្វេង​វង្វាន់​មិន​ដឹង​ចាប់​ផ្ដើម​ត្រង់​ណា​មុន​ទេ ដើម្បី​ឲ្យ​បាន​ជា​ប្រយោជន៍​ពិតៗ​។
ទីឃាវុធ​ ទាស់​ចិត្ត​ក្នាញ់​ជាង​គេ​នឹង​ចៅហ្វាយ​ខេត្ត​។ មន្ត្រី​ជាន់​នេះ​ជា​មនុស្ស​សែសិប​ប្លាយ​ហើយ សក់​កាត់​ខ្លី​ពណ៌​របាយ​អាចម៍​ខ្លា​។ សំនួន​សេចក្ដី​នេះ ពួក​បារាំង​ដែល​ខ្ពើម​មិន​ចង់​ចេញ​ឈ្មោះ​លាមក​ក៏​ប្រែ​ថា​ជា​ៈ​៉​អំបិល​លាយ​ម្រេច​៉ ទៅ​វិញ​។ មាឌ​គាត់​កន្តុល​ហើយ​មាំ​។ កាល​ដែល​គាត់​នាំ ទីឃាវុធ​ ទៅ​ជួប​៉​លោក​ធំ​៉ បារាំង​ជា​ដំបូង​ប្លង់​តុង​បាន​ចេញ​មក​ប្រាប់​ថា ឲ្យ​លោក​ចៅហ្វាយ​ខេត្ត​អង្គុយ​ចាំ​បន្តិច​សិន ព្រោះ​លោក​ធំ​កំពុង​ជាប់​ដៃ​សរសេរ​កំណត់​។ ប្រមុខ​ខ្មែរ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏​បង្គាប់​ឲ្យ​សហការី​អង្គុយ​លើ​កៅអី​មួយ​។ ឯ​ខ្លួន​មាន​មុខ​ស្លាំង​ធ្វើ​មាត់​ជីប​អូចៗ ហាក់​ដូច​ជា​កំពុង​រៀប​រក​ពាក្យ​បារាំង​ទុក​បំរុង​នឹង​និយាយ​ក៏​មិន​ដឹង ឬ​មួយ​សេក​មន្តអាគម​ឲ្យ​បារាំង​ទន់​ចិត្ត បែរ​ជា​គួច​រាប់​អាន​ខ្លួន​វិញ​ក៏​មិន​ប្រាកដ​ដែរ​។
នាកាល​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ ៉​គាល់​៉ ហើយ​លោក​ធំ​នៅ​តែ​ធ្វើ​ឫក​ឱន​សរសេរ​ញាប់​ស្អេក ដោយ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​រវល់​ពេញ​បន្ទុក​ពិត​មែន​។ ឯ​ចៅហ្វាយ​ខេត្ត​ឈរ​ឆ្មាំង​ពី​មុខ​តុ​ធ្វើ​ភ្នែក​ក្រឡិក​ក្រឡក់ មាន​ទឹក​មុខ​ដូច​ជា​ឈឺ​បត់​ជើង​ធំ​បន្តិច តូច​បន្តិច​។ ក្រោយ​មក មួយ​ស្របក់​ធំ​ទើប​បារាំង​ងើប​មុខ ហើយ​បញ្ចេញ​កិរិយា​ដូច​ជា​ឆ្ងល់​ខ្លាំង ច្រមុះ​កោង​វែង​ជា​បុច្ឆនសញ្ញា​យ៉ាង​សុទ្ធ​សាធ​។ លោក​ចៅហ្វាយ​ខេត្ត​ស្លន់​ខ្លាំង លើក​ដៃ​សំពះ​បង្អោន​ក្បាល​ចុះ ហើយ​និយាយ​បារាំង បីបីស​ប៉ប៉ិប​ប៉ប៉ុប​ស្ទើរ​ស្ដាប់​មិន​បាន​។ លោក​រ៉េស៊ីដង្គ​ងក់​ក្បាល​ដោយ​មុខ​មាំ វាយ​ឫក​ក្រអឺត​ហើយ​ហុច​ដៃ​ទន់​ប្រផ្លាក​កន្លង​តុ​មក​ចាប់​ហត្ថ​មន្ត្រី​ខ្មែរ​ទាំង​ពីរ​នាក់ ចៅហ្វាយ​ខ្លួន​ដល់​ម៉្លេះ​សម​ជា​អ្នក​ស្លូត​បូត មាន​មេត្តា​ករុណា​សន្ដោស​អ្នក​តូច​ទាប​មិន​ខាន​ឡើយ​។ មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​អ្នក​កំលោះ​ក៏​ស្ដាប់​ឮ​និង​សង្កេត​ដោយ​ភ្នែក​ឯង នូវ​ការណ៍​ផ្សេងៗ​ដែល​បដិសេធ​ក្ដី​ស្មាន​ទាំង​នេះ​ឲ្យ​ឃើញ​ថា​ខុស​ស្រឡះ​ទាំង​អស់​។
លោក​ចៅហ្វាយ​ខេត្ត​មិន​មែន​ជា​អ្នក​រមទម្ ហើយ​ឧត្តម​គតិ​ជា​មេបា​សម្រាប់​ជន​ខ្សត់​ក្រ​ដែល​នៅ​ល្ងង់ ហើយ​ដែល​រងា​ឥត​អ្វី​ការពារ​នោះ​ទេ​។ គាត់​ជា​អ្នក​លេង​សើច​សប្បាយ​មិន​ចេះ​គិត​នឹក​នា​ដល់​ប្រយោជន៍​ប្រទេស​ជាតិ​តែ​ម្ដង​។ នៅ​ផ្ទះ​គាត់​មាន​ប្រពន្ធ​ចុង​ក្មេង​បី​នាក់​ព្រោះ​លោក​ស្រី​ធំ​ឈ្លោះ​ពុំ​ឈ្នះ ក៏​អនុញ្ញាត​ឲ្យ​នៅ​ជា​មួយ​ទុក​គ្រាន់​ប្រើ​ប្រាស់​ជា​អ្នក​កំដរ​ទៅ​។ មិន​តែ​ប៉ុណ្ណោះ​ទេ ក្នុង​ធុង​ខាង​ក្រោយ​ឡាន ៉​ក័ត្រសង់ដឺ​៉ ពណ៌​ឈាម​ជ្រូក​របស់​គាត់ គាត់​លាក់​ចប​កាប់​មួយ​ទុក​ប្រ​ចាំ​ការណ៍​ជា​និច្ច​។ គាត់​បាន​បង្ហាត់​ប៉ូលិស​ខេត្ត​ជំនិត​ម្នាក់​ឲ្យ​ចេះ​បរ​រថយន្ត​។ ប៉ូលិស​នេះ​ឯង មាន​នាទី​ជា​មេ​ធ្នាក់ ដើរ​ឃ្លាំ​មើល​កូន​ក្រមុំ​អ្នក​ស្រុក​។ លុះ​ខ្សឹប​ខ្សុប​បាន​ការណ៍​កាល​ណា ប៉ូលិស​នោះ​ចូល​ទៅ​ប្ដឹង​លោក​ចៅហ្វាយ​ខេត្ត​ទាំង​យប់​នៅ​ចំពោះ​មុខ លោក​ស្រី ថា​មាន​ចោរ​ប្លន់​នៅ​ភូមិ​នេះ ឬ​ភូមិ​នោះ​។ លោក​ចៅហ្វាយ​ខេត្ត​យល់​ល្បិច​ហើយ​ក៏​ប្រកាស​ថា ខ្លួន​តោង​ចេញ​ទៅ​ចាត់​ការ​ដោយ​រួសរាន់​ឲ្យ​ទាន់​ពេល​។ រួច​ហើយ​ក៏​នាំ​គ្នា​បរ​អា ៉​ក័ត្រសង់ដឺ​៉ ចេញ​ទៅ​។ ឯ​ចប​កាប់​ដែល​លាក់​ទុក​ក្នុង​ធុង​ខាង​ក្រោយ​នោះ មាន​ប្រយោជន៍​ទុក​កាប់​ភ្លឺ​ស្រែ ដែល​ជំទាស់​មិន​ឲ្យ​ឡាន​ពារ​បាន​ដោយ​ងាយ​ស្រួល ក្នុង​កិច្ច​ដែល​លោក​ចៅហ្វាយ​និង​ប៉ូលិស​ជា​គូកន​ត្រូវ​ជើង​គ្នា ថា​ទៅ​រក ៉​ក្ដាម​ស្រែ​៉ ពោល​គឺ​នារី​នៃ​និគម​ជនបទ​។
កំហូច​របស់​គាត់​មិន​មាន​ព្រំដែន​តែ​ត្រឹម​ហ្នឹង​ទេ​។ គាត់​ចូល​ចិត្ត​ស៊ី​ផឹក​ខ្លាំង​ណាស់​។ ចៅហ្វាយ​ស្រុក​ណា​ដែល​ចង់​បាន​ពិន្ទុ​ល្អ ដើម្បី​ឡើង​ស័ក្តិ​រហ័ស តោង​រៀប​ជប់​លៀង​អញ្ជើញ​គាត់​មក​សែន​ជា​ញឹក​ញយ​។ មិន​សូវ​ចេះ​ធ្វើ​ការ​ក៏​ហី​ចុះ​ឲ្យ​ចេះ​តែ​ផ្គាប់​បាន​ហើយ​។
ល្ងាច​ថ្ងៃ​សៅរ៍​មួយ ចៅហ្វាយ​ស្រុក​ម្នាក់​បាន​អញ្ជើញ​ទាំង​អ្នក​រាជការ​សាលា​ខេត្ត និង​សាលា​ដំបូង ឲ្យ​ទៅ​លេង​សប្បាយ​កន្លែង​ជិត​ទី​ប្រជុំ​ស្រុក​ដែល​នៅ​ចម្ងាយ ១០​គីឡូ​ម៉ែត្រ​ពី​ពោធិ៍សាត់​។ លោក​ចៅហ្វាយ​ស្រុក​ផ្គាប់​បុណ្យ​បាន​កែន​អ្នក​ស្រុក​ឲ្យ​សង់​រោង​ប្រក់​ស្លឹក​ពីរ​ខ្នង​ចំ​ពី​មុខ​បឹង​ធំ​ដែល​នៅ​កណ្ដាល​វាល​ស្រែ បន្លែង​ដោយ​ភ្លាត់ និង​ចំរៀង​ទ្រហឹង​អឹអឹង​។ ស្រាឡូលីតា ម៉ារលី និង​ក្លូសដរ​ដែល​បាន​មក​ពី​បិណ្ឌ​បាត​តាម​ផ្ទះ​ចិន ហូរ​គគុក​គគាក់​ចូល​ក្នុង​កែវ​ទៅ​លាយ​នឹង​ទឹក​ដូង​ នឹង​ទឹក​កក​។ ក្នុង​ពេល​នោះ​ដោយ​គមនាគមន៍​ក្នុង​សមុទ្រ រវាង​ឥណ្ឌូចិន​និង​បារាំង​ប្រទះ​សេចក្ដី​លំបាក​ដោយ​កប៉ាល់​មុជ​ទឹក​អាល្លឺម៉ង់​តាម​រាតត្បាត​ពេក បារាំង​នៅ​ស្រុក​អាយ​ក៏​នាំ​គ្នា​បិត​ស្រា​ចុះ​សញ្ញា​ថ្មី​លក់​លាន់​។ សូម្បី​តែ​ទឹក​សូរ​ដា​ក៏​មិន​សូវ​សំបូរ​ដែរ គេ​តែង​យក​ទឹក​ដូង​មក​ប្រើ​ជំនួយ​វិញ​។ ថ្វី​បើ​សុរា​អាយ​ទាំង​នេះ​ពុំ​មាន​គុណភាព និង​ឱ​ជា​រស​ដូច​ទឹក​ស្រវឹង​មក​ពី​អឺរ៉ុប​ក៏​គង់​ធ្វើ​ឲ្យ​មន្ត្រី​ខ្មែរ​សម័យ​នោះ​សប្បាយ​ភ្លេច​កង្វល់​ទាំង​ពួង​បាន​ដែរ​។ លោក​ចៅហ្វាយ​ស្រុក​ចាត់​ឲ្យ​យក​ត្រី​រ៉ស់​ធាត់ៗ ធំៗ​ ដែល​ទើប​ចាប់​បាន​ពី​បឹង​ទៅ​បិត​ដី​អិដ្ឋ​ឃ្លុំ​ជិត ហើយ​ដុត​ក្លែម​ស្រា​ឆ្ងាញ់​កប់​អាកាស​។
ទីឃាវុធ​ និង​សុភា​ចារ​បុរស​ម្នាក់​ឈ្មោះ ប្រារមោទ្យ ដែល​ជា​អ្នក​ពុំ​ចេះ​ស្រា ពុំ​សប្បាយ​នឹង​ស៊ីផឹក​ ហើយ​ស្អប់​ខ្ពើម​សម្ដី​អ្នក​ប្រមឹក​ក៏​បបួល​គ្នា​រំកិល​ថយ​ក្រោយ​បន្តិចម្ដងៗ ហើយ​នាំ​គ្នា​លួច​ដើរ​ចេញ​ទៅ​ក្រៅ​នៅ​ពេល​ដែល​លោក​ចៅហ្វាយ​ខេត្ត និង​លោក​ចាងហ្វាង​កំពុង​បេះ​ត្រី​បញ្ចុក ដើម្បី​បង្វិល​ខួរ​នៃ​អ្នក​ត្រេកត្រអាល​និង​កាម​គុណ​។ 
ចេញ​ផុត​ពី​រោង​ទទួល​ភ្ញៀវ​កាល​ណា វាយោ​ត្រជាក់​បក់​ជា​ជំនោរ​មក​លើ​ភ័ក្ត្រ​អ្នក​ទាំង​ពីរ ហើយ​នាំ​មក​នូវ​ក្លិន​ប្រហើរ​នៃ​ផ្កា​ព្រំ​។ មេឃ​ពណ៌​ស្វាយ​ដាំ​រំលេច​ចម្រុះ ដោយ​ផ្កាយ​គ្រប​ដណ្ដប់​គុម្ពោត​ព្រៃ​ដែល​ស្បៃ​យប់​ខ្មៅ​ជួយ​ប្រែ​រាង​ជា​សត្វ​ឃោរឃៅ​មាន​នៅ​ក្នុង​រឿង​ប្រតិស្ឋ​។
នៅ​ដាច់ៗ​ ឆ្ងាយ​ពី​គ្នា ភ្នក់​ភ្លើង​បញ្ចេញ​អណ្ដាត​ក្រហម​ភ្លិប​ភ្លែត​ផ្ដល់​កំដៅ​ដោយ​ស្រមោល​គោ ដែល​ដេក​រកេត​រកូត​ហើយ​កំពុង​ទំពា​អៀង​លំអិត​យល់សប្ដិ​ដែល​រក​ទី​បញ្ចប់​គ្មាន​។ នៅ​ក្រោម​រស្មី​ពព្រូល​នៃ​រាត្រី ខ្ទម​អ្នក​ចាំ​លាន​ស្រែ​ត្រដាង​ដំបូល​ស្បូវ​ស​ប្រផេះ​។
មន្ត្រី​កំលោះ​ទាំង​ពីរ​បាន​នាំ​គ្នា​ដើរ​ចេញ​ឆ្ងាយ ហើយ​ពោល​នឹក​ស្ដាយ​ពេល​ដែល​ខាត​បង់​ដោយ​អំពើ​ប៉ោឡែ​យ៉ាង​នេះ​។
-យើង​មិន​មក​តាម​គេ​ពុំ​បាន​ទេ (​ប្រាមោទ្យ​) និយាយ​ បើ​ពុំ​នេះ​ទេ​គេ​នឹង​ចាត់​យើង​ថា​ជា​មនុស្ស​ឆ្វេង ជា​មនុស្ស​ចូល​ឆ្លុះ​គេ​ពុំ​ចុះ​។ មួយ​ទៀត គេ​អាច​ធ្វើ​រាយ​ការណ៍​សម្ងាត់​ប្ដឹង​បង្កាច់​ពី​យើង ហើយ​ដាក់​ពិន្ទុ​អាក្រក់​ឲ្យ​យើង រាជការ​ខាង​ក្នុង​ពុំ​ដឹង​អី​ច្បាស់ ក៏​ផ្លាស់​យើង​ទី​ណាត់​ទី​ណែង​។ ឬ​ផ្អាប់​យើង​មិន​ឲ្យ​ឡើង​ថ្នាក់​អស់​ពេល​យ៉ាង​យូរ​។
-អី​អាក្រក់​ដល់​ម៉ឹ្លង​ហ្ន៎  ទីឃាវុធ​ ភ្លាត់​មាត់ ហើយ​និយាយ​ថែម​ៈ
-បើ​អញ្ចឹង​ហើយ​តើ​ម៉េច​ក៏​ខ្លាច​បារាំង​ម៉្លេះ ?​ មើល​ចុះ​តា​ប៉ិ​ខ្ញុំ​គាត់​សំពះ គាត់​ប៉ាយ​ពួក​ច្រមុះ​កោង​ស្ទើរ​តែ​គ្រប់​គ្នា​។
-បើ​គ្រាន់​តែ​ប៉ាយ​ប៉ុណ្ណោះ​វា​មិន​សូវ​ជា​អី​ប៉ុន្មាន​ទេ (​ប្រាមោទ្យ​ពេប​មាត់​ដោយ​មើល​ងាយ​)​។ លោក​តា​ខេត្ត ហើយ​និង​លោក​តា​ខ្ញុំ ត្រូវ​គ្នា​ប៉ុន​គេ​ជើត​។ គាត់​ផ្គាប់ គាត់​ក្នេបក្នឺប​លើក​ជំ​នួន​ជា​ញឹក​ញយ យក​ចិត្ត​យក​ថ្លើម​អា​ ៉​លោក​ធំ​៉ ។
-អារ​សាច់​ជូន​ខ្លា​ទើប​នៅ​ស្រុក​សុខ​។
-ត្រូវ​ហើយ​ប្អូន ?​ ប្អូន​ឯង​គិត​មើល​តាម​បញ្ញត្តិ​រាជការ​ជាន់​ខ្ពស់​រ៉េស៊ីដង់ ប្រមុខ​ខេត្ត​ជា​ប្រឹក្សា ហើយ​ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​ក្នុង​តុលាការ​ខ្មែរ​។ បង​ធ្លាប់​បាន​ឃើញ​មក​ហើយ​ដែរ​ថា មាន​ចាងហ្វាង​ខ្លះ​យក​ការ​អ្វី​ដែល​ចម្រូង​ចម្រាស់​ពេក​ទៅ​ស្មើ​យោបល់​លោក​ធំ​។ នេះ​ជា​ការណ៍​ធម្មតា​ទេ​គ្មាន​អ្វី​គួរ​ឲ្យ​បន្ទោស​បាន​ទេ​។ តែ​លោក​ធំ​ខ្ញុំ​បែរ​ជា​បង្គាប់​ឲ្យ​សុភាចារបុរស​ថា កាល​ណា​ស៊ើប​សួរ​រឿង​នីមួយៗ ចប់​ តោង​ធ្វើ​រាយ​ការណ៍​ជា​ភាសា​បារាំង​ខ្ទាស់​ជាប់​ពី​លើ​សំណុំ​រឿង​។ នៅ​រសៀល​ថ្ងៃ​ច័ន្ទ លោក​ចាងហ្វាង​ប្រមូល​សំណុំ​រឿង​ទាំង​អស់​ទៅ​ស្នើ​លោក​ធំ​។ ក្រោយ​ដែល​បាន​សម្លឹង​រាយ​ការណ៍​សង្ខេប​ទាំង​នោះ​មួយ​ពព្រិច​ភ្នែក​រួច​ហើយ លោក​ធំ​ក៏​ចារ​ដាក់​ថា​ៈ​៉​បី​ខែ មួយ​ឆ្នាំ ឲ្យ​រួច​ខ្លួន​។​ល​។​៉ លុះ​ដល់​មក​ថ្ងៃ​ពុធ ដែល​ជា​ថ្ងៃ​កាត់​ក្ដី​លោក​តា​ចាងហ្វាង ក៏​តាំង​ចែក​រង្វាន់​ឲ្យ​អ្នក​ជាប់​ចោទ​ទាំង​ឡាយ​តាម​ចំណារ​លោក​ធំ​មិន​ឲ្យ​ល្អៀង​ទេ​។ ការ​ចុះ​ចូល​ប្រអោន​លំទោន ហើយ​គោរព​ប្រណិប័តន៍​យ៉ាង​នេះ​ជូន​លទ្ធផល​ខ្ទប់​ភ្នែក​បារាំង​ឲ្យ​លែង​មើល​អ្វី​ឃើញ​អស់​។ រៀង​ណា​ដែល​គាត់​ត្រូវ​មាន​លាភ​គាត់​ធ្វើ​រាយ​ការណ៍​គាត់​បំបែរ សន្និដ្ឋាន​លោក​ធំ​ឲ្យ​ស្រប​ទៅ​តាម​លាភ​របស់​គាត់​។ គាត់​ត្របាក់​គ្រឹប ?​ គ្រឹប​ ?​ ឥត​ញញើត​មាត់​ទេ ឥត​កោត​ក្រែង​ការ​រិះ​គន់​ពី​ជន​ណា​ទេ ព្រោះ​អី​លោក​ធំ​បាន​សម្រេច​យ៉ាង​នោះ​រួច​ហើយ​!
-អី​ដល់​ម៉្លឹង​ហ្ន៎ !​
                                                                           ***
រឿង​ស្ងាត់​កំបាំង​ដែល​មិត្ត​ថ្មី​មក​បង្ហាញ​ឲ្យ​ឃើញ​នោះ នាំ​ឲ្យ​ទីឃាវុធ​ ក្រហល់​ក្រហាយ​នៅ​ពុំ​សុខ​សោះ​។ កាល​ពី​ដើម​គិត​មក​ធ្វើ​ការ​បំរើ​ជាតិ​។ ឥឡូវ​មាន​ទម្ងន់​មួយ​ធំ​មក​សង្កត់​ដៃ​ជើង សង្កិន​ប្រាជ្ញា​មិន​ឲ្យ​កម្រើក​រួច​សោះ​ឡើយ​។ ដោយ​បាន​ខ្ចី​ពិសោធន៍​តែ​ពី​ក្នុង​សៀវភៅ​មក​ធ្វើ​ជា​គោល ជីវភាព​ពិត​ប្រាកដ​ដដែល​បរិបូណ៌​ដោយ​ភាព​គ្រាតគ្រើម​នោះ បាន​មក​រំលាយ​គតិ និង​សុភ​ឆន្ទៈ​ទាំង​នោះ​អស់​មួយ​រំពេច​។ ឧបសគ្គ​និង​សេចក្ដី​លំបាក​មាន​សល់​សែន​ស្ទើរ​តែ​គ្រប់​ជំហាន​។ កម្លាំង​ក្មេង​យុវ​ថាមពល ដែល​នៅ​តែ​ឯក​ឯង​មិន​ងាយ​នឹង​កន្ទ្រោក​បង្រះ​រួច​ទេ​ពី​សំណាញ់​អំពល់ ដែល​រុំ​ស្រោប​រួត​រឹត​ខ្លួន​បាន​ពេញ​ទី​។
បណ្ដា​ព្រឹត្តិការណ៍​ទាំង​ឡាយ ដែល​បាន​ធ្លាក់​ជាប់​ជ្រៅ​ទៅ​លើ​ផ្ទាំង​នៃ​ពេល​ផ្ដើម​បំរើ​រាជការ​នេះ ទីឃាវុធ​ បាន​ចាំ​ឥត​ភ្លេច​នូវ​រឿង​មួយ​ជាង​គេ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ទាក់​ទង​ក្នុង​ការ​ស៊ី​សំណូក ដែល​ក្នុង​នោះ​ជា​ដំបៅ​មួយ​រីក​ធំៗ ឡើង​ ហើយ​ធ្វើ​ឲ្យ​ប្រយោជន៍​ជាតិ​មាន​គ្រោះ​ថ្នាក់​គួរ​ឲ្យ​ព្រឺ​ខ្លួន​។
ធម្មតា​អ្នក​រាជការ​នៅ​ខេត្ត​ក្រៅ តែង​ស្វែង​ចង់​សប្បាយ​ហ៊ឺហា​ណាស់ ធ្វើ​ឲ្យ​រាស្ត្រ​ប្រជា​គ្នា​កោត​ញញើត​ដូច​ខ្លា ទេវបុត្រ​ ទេវតា​ យ៉ាង​នោះ​ដែរ​។ ថ្វី​ក៏​ពុំ​ដូច្នេះ ព្រោះ​តែ​មាន​អ្នក​ជប់លៀង​នាម៉ឺន​នា​សែន ដើម្បី​បំបាត់​មាត់​បំបិទ​ត្រចៀក ឬ​ខ្ទប់​ភ្នែក​មិន​ឲ្យ​ដឹង​ឮ​ច្បាស់​នូវ​កិច្ច​អ្វី​ដែល​ទាក់ទង​នឹង​ផល​ប្រយោជន៍​នៃ​ពួក​ក្រពើ​ទាំង​នោះ​។ ក្នុង​ពពួក​ជន​ទាំង​នេះ ទីឃាវុធ​ បាន​សង្កេត​សហគ្រិន​ម្នាក់​ឈ្មោះ ហុងឈី​ ជា​កូន​ចៅ​ចិន​ដែល​តែង​ឡើង​ចុះ​សាលា​ខេត្ត ហើយ​ដែល​បាន​អញ្ជើញ​បុគ្គលិក​ធំ​តូច​នៃ​ក្រុម​រាជការ ទៅ​ជប់​លៀង​កំសាន្ត​នៅ​ទី​នានា​យ៉ាង​ញឹក​ញយ​។
បាល័ដ្ឋ​ខេត្ត​យើង​មាន​មុខ​តំណែង​ខាង​ត្រួតត្រា ហើយ​កាន់​បញ្ជី​សម្ភារៈ​។ រវាង​ពី​ខែ​មុន​នេះ​ថៅកែ ហុងឈី​ បាន​ចូល​ដេញ​ថ្លៃ​ដើម្បី​រ៉ាប់រង​ទទួល​ដេរ​ឯក​សណ្ឋាន​ប៉ូលិស​ខេត្ត​ចំនួន ៥០០​សម្រាប់​។ ក្នុង​ពេល​នោះ ហុងឈី​ ហ៊ាន​ទារ​ថ្លៃ​យ៉ាង​ថោក​ជាង​គេ​បំផុត​។ អ្នក​ចូល​ដេញ​ថ្លៃ​ឯ​ទៀត​ពោល​ថា​ៈ​ យក​ថ្លៃ​យ៉ាង​នេះ​មុខ​ជា​ខាត​ពុំ​ខាន​។ ប៉ុន្តែ​ ហុងឈី​ គាត់​ឆ្លាត​ណាស់​...​។ 
ថ្ងៃ​មួយ​នៅ​ពេល​ជិត​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ គាត់​ចូល​មក​ជួប ទីឃាវុធ​ ក្នុង​បន្ទប់​ការិយាល័យ​​។ គាត់​លុត​ជង្គង់ ហើយ​លើក​ដៃ​ប្រណម្យ​ដាក់​ខ្លួន​យ៉ាង​ទាប​។ លោក​បាល័ដ្ឋ​ដែល​ជា​អ្នក​ពុំ​ចូល​ចិត្ត​និង​ការ​លុត​ក្រាប​យ៉ាង​នេះ ក៏​ស្ទុះ​មក​ទាញ​ដៃ​ថៅកែ​ឲ្យ​អង្គុយ​លើ​កៅអី​នៅ​ចំ​ពី​មុខ​តុ​។
-ខ្ញុំ​ព្រះ​បាទ​ម្ចាស់ ហុងឈី​ ចាប់​និយាយ​អរ​ព្រួច​តែ​ម្ដង ដោយ​បាន​ដំណឹង​ថា​ព្រះ​តេជ​ព្រះ​គុណ​ម្ចាស់ អញ្ជើញ​មក​កាន់​តំណែង​នេះ​។ ខ្ញុំ​ប្របាទ​មាន​មុខ​របរ​បន្តិច​បន្តួច សូម​ជ្រក​ម្លប់​បារមី​ព្រះ​តេជ​ព្រះ​គុណ​ផង​។
-កុំ​មាន​ប្រសាសន៍​យ៉ាង​នោះ​មិន​ត្រូវ​ទេ​។ ខ្ញុំ​ជា​អ្នក​រាជការ​នៅ​ក្មេង​ថ្នាក់​តូច​ទាប ហើយ​ទើប​មក​កាន់​ការ​ថ្មីៗ ពុំ​អាច​មាន​អំណាច​អ្វី​អាច​ជួយ​លោក​បាន​ទេ​។
-ប្រាកដ​ជា​ជួយ​បាន​ព្រះ​តេជ​ព្រះ​គុណ​។ ព្រះ​តេជ​ព្រះ​គុណ​គង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាទ​បាន​ដេញ​ថ្លៃ​ទទួល​ដេរ​ខោ​អាវ​ប៉ូលិស​ខេត្ត​។ ឥឡូវ​នេះ​រក​សាច់​សំពត់​ឲ្យ​បាន​ដូច​ប៉ាន់​រាជការ​នៅ​ទី​នេះ​ពុំ​បាន​ទេ​។ បើ​ចង់​បាន​តោង​ចុះ​ទៅ​ភ្នំពេញ​។ ហើយ​សំពត់​កំពុង​ឡើង​ថ្លៃ​យ៉ាង​នេះ​មុខ​តែ​ខាត​លិច​លង់​ស្លាប់​ហើយ​។
-បើ​អញ្ចឹង តែ​ខ្ញុំ​ជួយ​យ៉ាង​ម្ដេច​ទៅ​?
-ទាន​ប្រោស !​ មាន​សំពត់​មួយ​ធឺ​ទៀត​ពណ៌​ខុស​ពី​ប៉ាន់​បន្តិច​តែ​សាច់​ស្រដៀង​គ្នា​ដែរ​។ សូម​ព្រះ​តេជ​ព្រះ​គុណ​ពិនិត្យ​មើល​ចុះ​។
ថា​ហើយ ហុងឈី​ ក៏​ទាញ​យក​ជំនេរ​ក្រណាត់​សំពត់​ពី​បែប​មក​ដាក់​ធៀប​ផ្ទឹម​គ្នា​ឲ្យ​លោក​បាល័ដ្ឋ​មើល​។
-ព្រះ​តេជ​ព្រះ​គុណ​មើល​ចុះ​មិន​ខុស​គ្នា​ទេ​។ ឯ​សាច់​ក្រណាត់​បែប​របស់​ខ្ញុំ​បាទ​ចង់​ក្រាស់​ជាង​គឺ​ជាប់​ជាង​ផង​។
-បាល័ដ្ឋ​ក្មេង ស្ទាប​ពិនិត្យ​សាច់​សំពត់​ទាំង​ពីរ​ធឺ​ដោយ​ប្រុង​ប្រៀប​ស្រាប់​តែ​ថៅកែ​បែរ​សម្លឹង​ទៅ​ទ្វារ​បន្ទប់ ឃើញ​បិទ​ជិត​ល្អ​ហើយ​ទើប​ទាញ​ស្រោម​សំបុត្រ​មួយ​ខ្សាក​ពី​ក្នុង​ហោប៉ៅ លើក​ជូន​ដោយ​ដៃ​ទាំង​ពីរ​ទៅ​មន្ត្រី ហើយ​និយាយ​ថា​ៈ
-សូម​ព្រះ​តេជ​ព្រះគុណ​ជួយ​សង្គ្រោះ​ចុះ ខ្ញុំ​ប្របាទ​មិន​ភ្លេច​ព្រះ​គុណ​ទេ​។
ទីឃាវុធ​ ដោយ​មិន​ដឹង​ឧបាយ​កល​ពួក​សូក​ប៉ាន់ ក៏​ដោយ​ស្មោះ​ត្រង់​ថា​ៈ
-ស្រោម​សំបុត្រ​អី​នេះ ?​
ហុងឈី​ ដែល​ក្រោក​ឈរ បំរុង​និង​លា​ចេញ​ទៅ​ហើយ​នោះ ក៏​ឆ្លើយ​ដោយ​អៀន​ប្រៀន​ថា ជា​សេចក្ដី​សាស័ព្ទ​បំភ្លឺ​ស្ថាន​ការណ៍​របស់​ខ្លួន​ក្នុង​រឿង​ដេញ​ថ្លៃ​។ អ្នក​ម៉ៅ​ការ​បាន​បន្ថែម​ថា​ៈ
-សូម​ព្រះ​តេជ​ព្រះ​គុណ​យក​សំបុត្រ​នេះ ទៅ​ពិចារណា​ឯ​ផ្ទះ​ផង​ចុះ​។ ព្រោះ​ឥឡូវ​នេះ ហួស​ម៉ោង​ធ្វើ​ការ​របស់​សូម​ព្រះ​តេជ​ព្រះគុណ​ហើយ​។ ខ្ញុំ​ប្របាទ​សូម​ប្រណិប័តន៍​ហើយ​។
ដោយ​ល្ងាច​នោះ​ខ្លួន​បាន​ជាប់​ណាត់​សន្យា​នឹង ប្រាមោទ្យ​ ថា​នឹង​ជិះ​ទោចក្រយាន​យក​លំហែ​តាម​ដង​ស្ទឹង​សង្កែ ទីឃាវុធ​ ក៏​ប្រមូល​ស្រោម​សំបុត្រ និង​ប៉ាន់​សំពត់​ទាំង​ពីរ​បែប​ដោយ​បន្ទី​បន្ទាន់​ដាក់​ក្នុង​កាបូប​យួរ​។ តែ​ដោយ​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា សេចក្ដី​អធិប្បាយ​អី​ក៏​វែង​ម៉្លេះ ស្រោម​ឡើង​កំប៉ោង​តែ​ម្ដង ?​។
                                                                     ***
នាម៉ឺន​កំលោះ​ទាំង​ពីរ​ជិះ​កង់​ទន្ទឹម​គ្នា​ជើង​ធាក់​ឈ្នាន់​យ៉ាង​បន្ថើរៗ ភ្នែក​គន់​មើល​ទេសភាព​តាម​មាត់​ក្នុង​ពេល​ដែល​ព្រះ​អាទិត្យ​អស្ដង្គត​។ រាង​កាយ​នារី​ខ្លះ​ដែល​កំពុង​អង្គុយ​ត្រាំ​ទឹក​ហូរ​ក្នុង​នទី​នាំ​ឲ្យ ទីឃាវុធ​ រំជួល​ចិត្ត​គួច​នឹក​ដល់​គូ​ប្រចាំ​ចិត្ត​ដែល​ឃ្លាត​ទៅ​ឆ្ងាយ​។
ជូន​បាន​ទៅ​ដល់​កូន​រាន​ទំនេរ​មួយ ដែល​ជ្រក​ក្រោម​អម្ពិល​មួយ​ដើម​ធំ​ស្កឹមស្កៃ មិត្ត​ទាំង​ពីរ​ក៏​ចុះ​ពី​ទោចក្រយាន​ទៅ​អង្គុយ​សន្ទនា​ពី​នេះ​បន្តិច​ពី​នោះ​បន្តិច​។ ជំរុល​នៃ​ការ​សាសង​គ្នា​ឥត​ដើម​ចុង​យ៉ាង​នេះ​បាន​នាំ​ឲ្យ​សុភា​និយាយ​ពី​ដង្ខៅ​ហុងឈី​។ តា​ប៉ិ​នេះ​ស៊ី​កប់​ស៊ី​អាំង​សំបើម​ណាស់​។ គាត់​ទទួល​ជប់​លៀង​អ្នក​រាជការ​ដោយ​ឥត​រួញរា​នឹង​ចាយ​វាយ​ទេ​។ តែ​កាល​ណា​គាត់​ចាយ​មួយ​កាក់​មុខ​តែ​គាត់​នឹង​បាន​ចំណេញ​មួយ​រៀល ឬ​ពីរ​រៀល​ហើយ គាត់​ញក់​ញី​អ្នក​ក្រីក្រ​។ តើ​អ្នក​ហ៊ាន​ក្អក បើ​នា​ម៉ឺន​មិន​ថា​តូច មិន​ថា​ធំ​ទេ​សុទ្ធ​តែ​ត្រូវ​ជើង​និង​គាត់​អស់​ទៅ​ហើយ​។
-យី​ដល់​ប៉ុណ្ណឹង​ហ្ន៎ (​លោក​បាល័ដ្ឋ​)។​
លោក​សុភា បន្ថែម​សេចក្ដី​ថា​ៈ
-ខ្ញុំ​ឮ​ថា​គាត់​ចេញ​ថ្លៃ​ទទួល​ដេរ​ខោ​អាវ​ឲ្យ​ប៉ូលិស​។ ប្អូន​ចាំ​មើល​ចុះ​មុខ​តែ​គាត់​យក​សំពត់​ផ្ដេស​ផ្ដាស់​មិន​បាន​ដូច​គំរូ​ទេ​។ គេ​និយាយ​លាន់​ថា តា​ប៉ិ ហុងឈី​ កំពុង​រក​ទិញ​សំពត់​បាត​ផ្សារ​កញ្ចាស់ៗ ផុយ​គគ្រុក​យក​ទៅ​ដេរ​ដាក់​ឲ្យ​រាជការ​ហើយ​។ ហេតុ​នេះ​បាន​ជា​គាត់​ហ៊ាន​ថ្លៃ​ថោក​ជាង​គេ​។
ទីឃាវុធ​ រៀប​នឹង​ហារ​មាត់​ប្រាប់​មិត្ត​អំពី​រឿង​ដែល​ខ្លួន​បាន​ជួប​នឹង​អ្នក​ជំនួញ ទុច្ចរិត​អំបាញ់មិញ​នេះ​ទៅ​ហើយ ស្រាប់​តែ​មាន​នារី​ពី​នាក់​រូប​ស្អាត​បាត ហើយ​តែង​ខ្លួន​ស្រស់​ប៉ប្រៃ​ដើរ​ចេញ​ពី​វត្ត​ជិត​ទី​នោះ នាំ​ឲ្យ​មិត្ត​ទាំង​ទ្វេ​ប្រាណ​ឡប់​ស្មារតី​រវល់​តែ​គយគន់​ទៅ​វិញ​។ លុះ​នាង​ក្រមុំ​កែ​ក្រាយ​ផុត​ពី​មុខ​ទៅ នាម៉ឺន​កំលោះ​ភ្លេច​រឿង​ដើម​ក៏​នាំ​គ្នា​ពិចារណា​ធៀប​ផ្ទឹម​តែ​ពី​សោភ័ណភាព​នៃ​កញ្ញា ដែល​ទើប​នឹង​បត់​ចូល​ក្នុង​ផ្ទះ​។
                                                                       ***
ទីឃាវុធ​ ដេក​ននៀល​រលាក់​បើក​ភ្នែក​ភ្លឺសៗ ព្រោះ​ទាល់​ចំណេះ​ក្នុង​ការ​ស្វែង​រក​សេចក្ដី​លន់​លក់​ពុំ​បាន​។ ប្រាក់​៥០០​ រៀល​ច្រក​ក្នុង​ស្រោម​សំបុត្រ​ដែល ហុងឈី​ បាន​ប្រគល់​ឲ្យ​មក ដោយ​កុហក​ថា ជា​សេចក្ដី​អធិប្បាយ​ពន្យល់​នោះ ជះ​ចំហាយ​ក្ដៅ​ដូច​រងើក​ភ្លើង​។ ថ្វី​បើ​សេចក្ដី​សុចរិត សេចក្ដី​ស្លូត​ត្រង់​របស់​បាល័ដ្ឋ​ខេត្ត​ថ្មី​ពុំ​មាន​អ្វី​នាំ​ឲ្យ​សៅ​ហ្មង​ដល់​តូច​មួយ​សោះ​ឡើយ​។ តែ​ក្ដី​ទី​ទ័ល​ក្រ​នាំ​បង្វិល​ខួរ​ឲ្យ​រវាត​ចិត្ត​ពី​ផ្លូវ​ត្រង់​មួយ​ភ្លែត​ដែរ​ៈ​៉​បើ​អញ​ទទួល​យក​ទៅ​អ្នក​កំលោះ​សញ្ជឹង​គិត​ក្នុង​ចិន្ដា ម៉្លេះ​សម​អញ​សង​ជំពាក់​ប្រាក់​ដែល​បាន​ខ្ចី​ពួក​ម៉ាក់​យក​មក​ទិញ​ប្រដាប់​ប្រដា​ផ្សេងៗ បាន​រួច​ជ្រះ​ស្រឡះ​។ រំពឹង​លើ​ប្រាក់​ខែ​ណា​កើត​?​ បាន​ត្រឹម​តែ​៤៦​រៀល កាត់​ថ្លៃ​បាយ​ឈ្នួល​ផ្ទះ ថ្លៃ​គុយទាវ ឈ្នួល​បោក​អ៊ុត​ខោអាវ​អស់​ចេញ​មួយ​ខែៗ​នៅ​សល់​មិន​បាន​៥​រៀល​ផង​៉​។
ប៉ុន្តែ​មាន​គំនិត​មួយ​ទៀត​លេច​ធ្លោ​ឡើង​ៈ​៉​បើ​អញ​ទទួល​យក​សំណូក​នេះ​ទៅ ប៉ូលិស​ដែល​តែង​ទទួល​បញ្ញត្តិ​ឲ្យ​ស្លៀក​ខោអាវ​នេះ​បាន​មួយ​ឆ្នាំ​មុខ​ជា​វេទនា​ធំ​ហើយ​។ ស្លៀក​ពាក់​ឲ្យ​ជាប់​យូរ​ឯណា​កើត​បើ​ផុយ​ពី​ថ្មី​ទៅ​ហើយ​។ ពីរ​ខែ​មិន​ទាន់​មុខ​រហែក​ខ្ទេច​។ ត្រូវ​កុំ​ភ្លេច​គ្នា​តោង​ដើរ​ហត់​នឿយ​ណាស់​។ ឯក​សណ្ឋាន​នេះ លុះ​ត្រូវ​ញើស ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង​ក៏​កាន់​តែ​អន្តរាយ​រហ័ស​ទៅ​ទៀត​។ ប៉ូលិស​នោះ​ម្នាក់ៗ បាន​ប្រាក់​ខែ​១២​រៀល​ទេ​។ បើ​មិន​ចង់​ដើរ​ផ្លូវ​ទុច្ចរិត​ទេ មុខ​តែ​បង្អត់​បង្ខះ​ប្រពន្ធ​កូន​ហើយ ទើប​សន្សំ​ប្រាក់​មក​កាត់​ដេរ​បន្លាស់​ថ្មី​បាន​។ គិត​សព្វៗ ទៅ​មិន​ត្រូវ​សប្បាយ​តែ​ម្នាក់​ឯង​ហើយ​ឲ្យ​មនុស្ស ៥០០​នាក់​ទៀត រង​វេទនា​ដោយ​សារ​ខ្លួន​ឯង​យ៉ាង​នោះ​សោះ​ឡើយ​។ មួយ​ទៀត​ខ្លួន​បាន​តាំង​ចិត្ត​តាំង​ពី​ក្នុង​សាលា​មក​ថា ស្អប់​ខ្ពើម​អំពើ​ពុក​រលួយ​ណាស់ មិន​គប្បី​លះ​បង់​ឧត្ដម​គតិ​ខ្លួន​តាំង​ពី​ដើម​ទី​យ៉ាង​នេះ​ទេ​៉​។
លុះ​បាន​សម្រេច​ចិត្ត​យ៉ាង​នេះ​ហើយ មន្ត្រី​កំលោះ​ក៏​បាន​ធូរ​ទ្រូង​ភ្លាម​ៈ​៉​ព្រឹក​នេះ​អញ​នឹង​ហៅ ហុងឈី​ ឲ្យ​យក​ប្រាក់​ចង្រៃ​នេះ​ទៅ​វិញ​ចុះ​អញ​មិន​ត្រូវ​ការ​ទេ !​ ៉​។ ដោយ​កម្លាំង​នៃ​សេចក្ដី​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​យ៉ាង​នេះ ទីឃាវុធ​ ក៏​កើត​ងុយ​រក​ដំណេក​ភ្លាម​។ ដូច្នេះ​ក៏​ទាញ​ចង្កៀង​ប្រេង​កាត​៉​ផ្ចាញ់​ព្យុះ​៉ មក​សង្កត់​គន្លឹះ បង្ហើប​បំពង់​កែវ​ផ្លុំ​ពន្លត់​ទៅ​។ ប្រាស់​ចាក​ពី​កង្វល់​បាន កាល​ណា​ចិន្ដា​អ្នក​កំលោះ​ក៏​ផ្ដេក​ផ្លោះ​ទៅ​រក​នាង​វរមិត្ត ដែល​ព្រាត់​ទៅ​ទី​ឆ្ងាយ​យូរ​ខែ​ហើយ​។ ព្រលឹង​មាស​បង​អើយ !​ ម្ដេច​ឡើយ​ក៏​បាត់​ដំណឹង​ច្រៀប​យ៉ាង​នេះ ?​
                                                                    
                                                                       ****
                                                              -៧-
                                                   ស្ថាន​ការណ៍​កាន់​តែ​អាប់​អួ​ឡើង
តាំង​ពី ទីឃាវុធ​ បាន​ប្រគល់​ប្រាក់ ៥០០​រៀល​ឲ្យ ហុងឈី​ វិញ​ពីរ​ខែ​បាន​កន្លង​ផុត​ទៅ​ហើយ​។ ក្នុង​ពេល​ដែល​ចូល​មក​ជួប​លោក បាល័ដ្ឋ​ លើក​ក្រោយ​នោះ ឈ្មួញ​ទុច្ចរិត​បាន​ធ្វើ​មុខ​ក្រម៉ូវ​ហាក់​ដូច​ជា​ចង់​និយាយ​ថា ៈ​៉​យី​អា​នេះ​ចំ​ជា​ភ្លើ​មែន !​ គេ​យក​នំ​មក​ឲ្យ​ស៊ី​ហើយ​នៅ​មិន​ចេះ​ស៊ី​ទៀត​។ មិន​អី​ទេ​អានាង !​ ចាំ​មើល​ចុះ​គង់​តែ​អញ​បាន​សម្រេច​ដូច​ប្រាថ្នា​ទេ​៉​។ តែ​ទីឃាវុធ​ ដោយ​ពេល​នោះ​ជាប់​រវល់​ការ​ឯ​ទៀត​ច្រើន ក៏​ពុំ​បាន​ចាប់​អារម្មណ៍​នឹង​កិរិយា​ព្រហើន​កោង​កាច​នេះ​ឡើយ​។ ក្នុង​ចិត្ត​គិត​ថា មុខ​តែ​ក្រុម​ប៉ូលិស​នឹង​បាន​សំលៀក​បំពាក់​ធ្វើ​ដោយ​សំពត់​ស្វិត ហើយ​ធន់​បាន​យូរ​ដូច​រាជការ​បាន​កំណត់ ហើយ​ផ្ដល់​គំរូ​មក​ជា​ពុំ​ខាន​។
ថ្ងៃ​មួយ​ក្នុង​ខែ ឧសភា​ គឺ​នៅ​ពេល​ដែល​អ្នក​ម៉ៅ​ការ ជិត​ត្រូវ​យក​ឯក​សណ្ឋាន សេន្យានុភាព​ប៉ូលិស​មក​ជូន​រាយ​ការ ស្រាប់​តែ​ប្លង់តុង​ចូល​មក​ជំរាប​លោក​បាល័ដ្ឋ​ថា​ៈ​ ទាន​ចៅ​វាយ​ខេត្ត​ត្រូវ​ការ​ជួប​។ ដើម្បី​តប​នឹង​សេចក្ដី​គោរព​នៃ​សហការី ៉​ប្របាទ​ម្ចាស់​៉ គ្រាន់​តែ​ងក់​ក្បាល​ហើយ​ធ្វើ​មុខ​មាំ​ដាក់​ឲ្យ​ៈ
-វុធ​ !​ វុធ​ ឯង​ជា​ប្រធាន​គណៈកម្មការ​ទទួល​ខោ​អាវ​ប៉ូលិស​។ អាទិត្យ​ក្រោយ​នេះ គេ​នឹង​នាំ​របស់​ទាំង​នោះ​យក​មក​ឲ្យ​ពិនិត្យ​ហើយ​។
លោក​ចៅហ្វាយ​ខេត្ត​ឈប់​មួយ​សន្ទុះ ដូច​ជា​គិត​រក​ពាក្យ​សិន​។ ក្នុង​ការ​ប្រាស្រ័យ​ជា​មួយ​អ្នក​រាជការ​ក្រោម​បង្គាប់ មន្ត្រី​ធំ​នេះ​មិន​ដែល​និយាយ​ថា​ៈ​៉​ខ្ញុំៗ​៉ទេ​។ ព្រោះ​យល់​ថា​ហាក់​ដូច​ជា​បន្ទាប​បន្ថោក​ខ្លួន​ពេក​។ ឥឡូវ​នឹង​ប្រើ​ពាក្យ​៉​អញៗ​៉ ទៅ​ក៏​ដូច​ជា​ជួរ​គ្រោត​គ្រើម​ពេក​ដែរ​។ ម៉្លោះ​ហើយ​ក៏​ដាច់​ស្រេច​ថា ត្រូវ​តែ​ជៀស​កុំ​និយាយ​ពាក្យ​ទាំង​នេះ​តែ​ម្ដង​។ ហាក់​ដូច​ជា​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ដោយ​ថត​ចេញ​ស្ដី អ្នក​រាជការ​សាលា​ខេត្ត តែង​ស្ដាប់​បាន​ថា បើ​កាល​ណា​ក្នុង​ប្រសាសន៍ លោក​ចៅហ្វាយ​ខេត្ត គ្មាន​ប្រធាន​ក្នុង​ប្រយោគ​ណា​មួយ​ទេ នោះ​ត្រូវ​បក​ស្រាយ​ថា លោក​ចង់​ថា​ខ្លួន​លោក​ជា​ប្រាកដ​ហើយ​។
មួយ​ស្របក់​ក្រោយ​មក​៉​ប្របាទ​ម្ចាស់​៉​និយាយ​ថែម​ៈ
-បាន​ពិនិត្យ​សាច់​ក្រណាត់​រួច​ហើយ ...​ ឃើញ​ថា​មិន​ខុស​ពី​គំរូ​រាជការ​ប៉ុន្មាន​ទេ ...​ យល់​ថា​ស៊ីញេ​ទទួល​យក​បាន​។
-ទាន​ប្រោស​សំពត់ ហុងឈី​ នោះ​មិន​ល្អ​ទេ !​ ផុយ​ណាស់​ក្រែង​តែ​ថៅកែ​នេះ​ទិញ​សំពត់​ផ្សេង ហើយ​មាន​សាច់​ស្វិត​ជា​ជាង​ដែល​យក​មក​ឲ្យ​ខ្ញុំ​ប្របាទ​ម្ចាស់​ពិនិត្យ​នោះ​ពុំ​ដឹង​។
-គ្មាន​ក្រណាត់​ណា​ថ្មី​ទៀត​ទេ ឃើញ​ថា​គួរសម​ល្មម​ហើយ​​។
-ទាន​ប្រោស បើ​សំពត់​កំ​ផុយ​ដដែល​ទេ ខ្ញុំ​ប្របាទ​ម្ចាស់​មិន​ហ៊ាន​ចុះ​ហត្ថលេខា​ទទួល​យក​ទេ​។
ព្រោះ​កំហឹង​ចូល​មក​ជ្រួត​ជ្រាប លោក​ចៅហ្វាយ​ខេត្ត​ព្រម​ដោយ​មុខ​ក្រញូវ​ៈ
-វុធ​ ឯង​ខ្ចី​សេចក្ដី​ណាស់ ម្ដេច​ក៏​ក្អេងក្អាង​ដល់​ម៉្លឹង​!​
-ទាន​ប្រោស​ទេ !​ ខ្ញុំ​បាទ​ម្ចាស់​យល់​ឃើញ​ថា បើ​ព្រម​ទទួល​របស់​ផុយ​ពព្រិច​យ៉ាង​នេះ ទៅ​មុខ​ជា​នាំ​ឲ្យ​ខូច​ប្រយោជន៍​រាជការ​ផង ព្រោះ​មិន​ឋិត​ថេរ​បាន​ប៉ុន្មាន​ថ្ងៃ​ទេ​។
ចៅហ្វាយ​ខេត្ត​ច្រឡោត​តូង​ៈ
-យី​ក្មេង​នេះ មាត់​ពុំ​ទាន់​បាត់​ក្លិន​ទឹក​ដោះ​ផង ហ៊ាន​មក​ប្រដៅ​ឯង​។ ទៅ​ចុះ​មិន​បាច់​ជួប​មុខ​ទៀត​ទេ​។
ពីរ​ម៉ោង​ក្រោយ​មក​ទីឃាវុធ​ ក៏​បាន​ទទួល​លិខិត​បង្គាប់​ឲ្យ​ចេញ​ដើរ​ត្រួត​ពន្ធ ដែល​ទារ​បាន​តាម​ឃុំ​នានា​ក្នុង​ស្រុក​បាកាន និង​ក្រគរ​។ បេសកកម្ម​នេះ​ទំរាំ​នឹង​បំពេញ​រួច ត្រូវ​លេប​ពេល​អស់​ពីរ​សប្ដាហ៍​យ៉ាង​តិច ពោល​គឺ​ល្មម​តែ​ផុត​ថ្ងៃ​ណាត់​ដែល​ត្រូវ​ទទួល​ឯក​សណ្ឋាន​ប៉ូលិស​។ យ៉ាង​នេះ​មែន​ហើយ ទើប​មាន​ដីកា​ខេត្ត​មួយ​តាំង​លោក​ភូឈួយ​ខេត្ត​ជា​អ្នក​ទទួល​ភណ្ឌៈ​ទាំង​នោះ​វិញ​ជំនួស ទីឃាវុធ​ ដែល​ជា​អ្នក​មាន​សមត្ថភាព ដោយ​យក​លេស​ថា​បាល័ដ្ឋ​នេះ​ជាប់​រវល់​ទៅ​បំពេញ​មុខ​នាទី​មួយ​យ៉ាង​សំខាន់​។ មាន​ដំណឹង​ល្ហិចល្ហៀង​ថា​ក្នុង​រឿង​ទិញ​ខោអាវ​ប៉ូលិស​នេះ​៉​ប្របាទ​ម្ចាស់​៉ បាន​ចំនួន​៉​មួយ​ខ្ទាស់​ធំ​៉ ពី​សេចក្ដី​នឹក​គុណ​នៃ ហុងឈី​។ បើ​នឹក​ដល់​រឿង​នេះ​កាល​ណា បាល័ដ្ឋ​ក៏​ក្ដៅ​ក្រហាយ​តែ​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​កើត​។
ក្នុង​ពេល​ដែល ទីឃាវុធ​ រង​ទណ្ឌកម្ម ដើរ​ត្រួត​ពន្ធ​នៅ​គ្រប់​ឃុំ​ក្នុង​ស្រុក​បាកាន និង​ក្រគរ​ ទាំង​នេះ​ព្រោះ​ខ្លួន​មិន​ព្រម​ទទួល​សំណូក​៥០០​រៀល ហើយ​រឹង​ទទឹង​មិន​បណ្ដោយ​ឲ្យ​នាយ​ចៅហ្វាយ​បាន​លាប​ដោយ​ធូរ​។ ស្ថាន​ការណ៍​ក្នុង​សកលលោក ក៏​កាន់​តែ​ធ្លាក់​ដុនដាប​ទៅ​។ នៅ​ទ្វីប​អឺរ៉ុប​កង​ទ័ព​អាកាស និង​កង​ទ័ព​រថក្រោះ​អាល្លឺម៉ង់​បាន​ទំលាយ​បាន​ស្រួលៗ នូវ​ការ​តស៊ូ​នៃ​កង​ទ័ព​ហូឡង់ បិលហ្សិក​ និង​បារាំង​។ នៅ​ឥណ្ឌូចិន យី​ពុន​ឡើង​ចាង​កាន់​តែ​ព្រហើន ហើយ​ដាក់​កំរិត​ឲ្យ​គេ​ឯង​កាន់​តែ​ធ្ងន់ៗ​ឡើង​។
ឯ​ប្រទេស​សៀម​ដែល​ឈ្លៀវ​ឈ្លាស​រក្សា​ខ្លួន​បាន​គង់វង្ស​ឯករាជ្យ​រហូត​មក ក៏​ដើរ​ការ​ប៉ិន​ប្រសប់​ក្នុង​ពេល​នេះ​ទៀត​។ គិត​មើល​ចុះ តាំង​ពី​រលាស់​ខ្លួន​ចេញ​រួច​ពី​អាណាចក្រ​ខ្មែរ​កាល​ណា​មក សៀម​ចេះ​តែ​បាន​រីក​ចំរើន​រុងរឿង​ជា​និច្ច​។ នៅ​ទ្វីប​អាស៊ី​ប៉ែក​ខាង​អាគ្នេយ៍ និង​ខាង​កើត​មាន​តែ​សៀម និង​យីពុន​ទេ ដែល​ចេះ​កាច់​ចង្កូត​រេ​គេច​រួច​ពី​ចំណី​នៃ​មាត់​ចក្រពត្តិ​និយម​របស់​បស្ចិម​ប្រទេស​។ ដូច្នេះ​ យើង​មិន​ត្រូវ​ងឿង​ឆ្ងល់​ទេ បើ​ឃើញ​ប្រទេស​ទាំង​ពីរ​នេះ​រួម​គំនិត​ចែក​ហ៊ុន​គ្នា ដណ្ដើម​យក​នំ​ឥណ្ឌូចិន​ទៀត​។ ដើម្បី​សម្រេច​គោល​បំណង​នេះ សៀម​បាន​ត្រៀម​រៀប​ជើង​ចែវ​តាំង​ពី​ចម្ងាយ​។
ដូច្នេះ​ហើយ​បាន​ជា​នៅ​ចុង​ខែ មិថុនា​ គ.ស.​ ១៩៣៩​ នាយក​រដ្ឋមន្ត្រី​សៀម​បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​ទី ២៤​ ខែ​ដដែល​នេះ​តទៅ​ប្រទេស​សៀម​ដែល​បរទេស​ហៅ​ថា​ៈ​៉​ស្យាម​ឬ​សៃអេម​៉ នោះ​ត្រូវ​ប្រែ​ហៅ​ថា​ៈ​៉​ថៃឡងដ៏​ឬ​ថៃឡេនដ៏​៉ វិញ​។ ចំពោះ​ខ្លួន​ឯង​វិញ​សៀម​ក៏​បន្លំ​ហៅ​ថា ៉​ប្រថេតថៃ​៉ ត្រង់​និង​ពាក្យ​ខ្មែរ ប្រទេស​ថៃ​។ គោល​បំណង​ក្នុង​ការ​កែ​ប្រែ​ឈ្មោះ​យ៉ាង​នេះ គឺ​មាន​គំនិត​កំបាំង​ចង់​លាប​ប្រទេស​លាវ និង​ភូមិ​ភាគ​ខ្លះ​ក្នុង​ដែន​តុងកឹង ដែល​ជា​ទី​លំនៅ​របស់​ប្រជាជន​ពូជ​អម្បូរ​ថៃ​ដែរ ព្រម​ទាំង​ប្រទេស​កម្ពុជា​ទៀត​ផង​។ ថ្វី​បើ​ខ្មែរ​យើង​ពុំ​មែន​ជាប់​ពូជ​ពង្ស​អ្វី​និង​ថៃ ឬ​ លាវ​ទាល់​តែ​សោះ​។ តែ​សៀម​យក​សំអាង​ថា​កាន់​សាសនា​ដូចគ្នា និយាយ​ភាសា​ស្រដៀង​គ្នា​។ ដូច្នេះ​សៀម​ក៏​សម្លឹង​ម៉ក់ៗ ឃ្លាំ​ឱកាស​នឹង​ស្ទុះ​មក​ត្របាក់​ពាំ​យក​កម្ពុជា​ទាំង​មូល​តែ​ម្ដង​។
នៅ​ថ្ងៃ​ទី ១២​ មិថុនា​ គ.ស.​ ១៩៤០​ រដ្ឋសភា​សៀម​បាន​ធ្វើ​សច្ចាប័ន ចំពោះ​កត្តិកា​សញ្ញា​មិន​ឈ្លាន​ពាន​គ្នា​រវាង​បារាំង​-​ថៃ​។ អត្ថបទ​បាន​ផ្ដល់​សារៈ​ប្រយោជន៍ ដល់​ប្រទេស​សៀម​សំខាន់​គ្រាន់​បើ​ដែរ ដូច​ជា​សម្រេច​ថា​បង្ខិត​ព្រំដែន​សៀម​-​លាវ រហូត​មក​ដល់​ខ្សែ​ភាគ​ជ្រៅ​នៃ​ទន្លេ​មេគង្គ​ជា​ដើម​។ ប៉ុន្តែ​ដោយ​ឃើញ​ថា​ក្នុង​ពេល​នោះ​បារាំង​បរាជ័យ​ចាញ់​អាល្លឺម៉ង់ ហើយ​លែង​មាន​ពិស​ពុល​អ្វី​ទៀត​នៅ​ចុង​បូព៌ា​ប្រទេស សៀម​ក៏​រើ​ទាមទារ​ថ្មី​ទៀត​ដូច​ជា​យក​ទន្លេ​មេគង្គ​ជា​បន្ទាត់​ព្រំដែន​រហូត​ក្នុង​អាណា​ខេត្ត​លាវ​។ បើ​បារាំង​ព្រម​ឲ្យ​តាម​សេចក្ដី​ទាមទារ​នេះ​មែន សៀម​ត្រូវ​លេប​ដែន​ដី​លាវ ដែល​នៅ​ចំ​ពី​មុខ​ក្រុង​ហ្លួង​ព្រះ​បាង និង​ប៉ាកសេ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ឡើយ​នៅ​ក្នុង​ខែ សីហា​ យន្តហោះ​សៀម​បាន​លួច​រំលោភ​មក​បាច​ខិត​ប័ណ្ណ លើ​ដែន​កម្ពុជា​ទាមទារ​យក​ខេត្ត​បាត់ដំបង និង​សៀមរាប​ថែម​ទៀត​។ វិទ្យុ​ និង​កាសែត​បាងកក​ព្រូស​ឡូៗ នូវ​ពាក្យ​ត្មះ​តេះ​ដៀល​ដល់​បារាំង​ដែល​អាល្លឺម៉ង់​វាយ​បាក់​លោង​ទៅ​ហើយ​។
ដូច​បាន​ពណ៌នា​មក​ហើយ ទីឃាវុធ​ ជា​អ្នក​ឧស្សាហ៍​អាន​កាសែត ហើយ​ស្ដាប់​វិទ្យុ​យក​ពត៌មាន​ណាស់​។ អំពើ​កំណាច​របស់​សៀម​តែង​នាំ​ឲ្យ​នាម៉ឺន​កំលោះ​ក្នាញ់​ពន់​ប្រមាណ​។ ហេតុ​តែ​នៅ​ក្មេង ហើយ​មាន​ឧត្ដមគតិ​បរិបូណ៌​ដោយ​សេចក្ដី​សុចរិត​ស្លូត​ត្រង់ តាម​ដំបូន្មាន​សីលធម៌​ដែល​ធ្លាប់​បាន​សិក្សា​នោះ ទើប​ចៅ​មាណព​យើង​នៅ​មិន​ទាន់​យល់​ថា​ចរិយាសាស្ត្រ ដែល​គ្រូ​អាចារ្យ​បង្រៀន​ប្រៀន​ប្រដៅ​មាន​ប្រយោជន៍​តែ​មួយ​មុខ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​យុវជន​មាន​អំពល់​ប៉ុណ្ណោះ​។ ឯ​អ្នក​កាច​ចង្កូត​ប្រទេស​ដែល​មាន​ឫទ្ធិ មាន​អំណាច​វិញ ប្រកប​កិរិយា​ដូច​ចោរ​ហនេយ្យុំ​សុទ្ធ​វិស័យ​។ ឲ្យ​តែ​បាន​ឱកាស​ចុះ ក៏​ស្ទុះ​ទៅ​សង្គ្រុប​ក្រញី​អ្នក​តូច​ជាង ខ្សោយ​ជាង ហើយ​ប្លន់​ដណ្ដើម​យក​ទឹក​ដី​គេ​តែ​ម្ដង​។
ក្នុង​ពេល​ដើរ​ទស្សនា​ការ​តាម​ឃុំ​នានា ដូច​បាន​ទទួល​បង្គាប់​មក ទីឃាវុធ​ តែង​ទំពា​អៀង​នូវ​សេចក្ដី​ក្ដៅ​ក្រហាយ​ពីរ​យ៉ាង​ៈ​ ខឹង​មួយ​នឹង​ចៅហ្វាយ​នាយ​ស្ដី​បន្ទោស​ទាំង​ទទឹង​ទិស ហើយ​ខឹង​មួយ​ទៀត​ដោយ​ប្រទេស​សៀម ដែល​ខ្លួន​រាប់​អាន​ជា​មិត្ត​យ៉ាង​ស្មោះ​អស់​ពី​ពោះ​បែរ​ជា​ចង់​ទាមទារ​ចំណែក​ផ្ដាច់​ខេត្ត​ជា​ទី​ស្នេហា និង​ជា​ទី​គោរព​ពី​មាតុភូមិ​ពី​ខ្លួន​ថែម​ទៀត​។ កម្លាំង​កំហឹង​នេះ​នាំ​ឲ្យ​លោក​បាល័ដ្ឋ​គិត​សុំ​លោក​លា​ចេញ​ពី​មុខ​តំណែង​បច្ចុប្បន្ន​។ នេះ​នៅ​ពុំ​ទាន់​បាន​ទទួល​ផង​នូវ​ដំណឹង​មួយ​ទៀត​សំខាន់​លើសលប់ ដែល​រង​ចាំ​ខ្លួន​ឯ​ផ្ទះ​ឯ​ណោះ​។
ក្រោយ​ដែល​បាន​ដើរ​ដេក​ដោយ​ស្រុក​ស្រែ​អស់ ១៧​ ថ្ងៃ​មក​ល្ងាច​មួយ​នាម៉ឺន​កំលោះ​ក៏​បាន​ត្រឡប់​មក​ដល់​ផ្ទះ​ពូ​ហ៊ីង​មីង​ក្អាត់​វិញ​។លុះ​បាន​ងូត​ទឹក​ជំរះ​កាយ​ស្រួល​បួល​ហើយ ទីឃាវុធ​ ក៏​ចាប់​រើ​បាច់​សំបុត្រ និង​កាសែត​ដែល​ប្លង់តុង​សាលា​ខេត្ត​បាន​យក​មក​ផ្ញើ​ទុក​ឲ្យ​មីង​ក្អាត់​។
ទីឃាវុធ​ បាន​សង្កេត​អក្សរ​លើ​ស្រោម​សំបុត្រ​មួយ​ដែល​ស្គាល់​ជាក់​ជា​អក្សរ វេគី​ ជា​មិត្ត​ស្និទ្ធ​របស់​ខ្លួន​។ វេគី​បាន​បោះ​បង់​កិច្ច​សិក្សា​ដំណាល​គ្នា​នឹង ទីឃាវុធ​ ដែរ​ ហើយ​បាន​មក​សុំ​ធ្វើ​ការ​នៅ​ក្រុម​សម្ងាត់​។ គ្រាន់​តែ​ចាប់​សំបុត្រ​នោះ​ភ្លាម ក៏​ហាក់​ដូច​ជា​មាន​វិញ្ញាណក្ខន្ធ​មួយ​មក​អង្រួន​ឲ្យ​នាម៉ឺន​កំលោះ​រន្ធត់​ញាប់​ញ័រ ដោយ​បារម្ភ​។ អារម្មណ៍​ថប់​ព្រួយ​ក៏​ក្លាយ​ជា​ការ​ពិត ដ្បិត​សេចក្ដី​សំបុត្រ​នោះ​នាំ​ឲ្យ ទីឃាវុធ​ លើក​សារ​កំណាច​មក​អាន​ជា​ថ្មី​ម្ដង​ទៀត​ដោយ​ផ្ចិត​ផ្ចង់​។ វេគី​ បាន​សរសេរ​ថា​ៈ
                                                       សំឡាញ់ 
ដូច​ឯង​បាន​ស្ដាប់​ឮ​តាម​វិទ្យុ ឬ​អាន​ដឹង​ក្នុង​កាសែត​ស្រាប់​ហើយ​ប្រទេស​សៀម​កំពុង​ឆ្លៀត​ឱកាស​ក្នុង​ពេល​បារាំង​អន្ធ​ការ ដើម្បី​វាត​អាណាចក្រ​រំលោភ​មក​លើ​ដែន​ខ្មែរ និង​លាវ មិន​គួរ​ធ្វើ​យ៉ាង​នេះ​សោះ​។ ប្រទេស​ដែល​យើង​ទុក​ជា​រៀម​ច្បង បែរ​ជា​ចង់​ត្របាក់​ប្អូន​តូចៗ មើល​តែ​ត្រី​ឆ្ដោ​តែ​ម្ដង​។ ប៉ុន្តែ​គិត​សព្វៗ ទៅ​ គ្មាន​អ្វី​នឹង​នាំ​ឲ្យ​ឆ្ងល់​បាន​ទេ ដូច​មាន​ប្រវត្តិសាស្ត្រ​ជា​សក្ខីភាព​ស្រាប់​ហើយ​។ សុរិន្ទ​គោក​ខ័ណ្ឌ បូរីរម្យ​ បស្ចឹមបុរី​ ចន្ទបូរី​ សុទ្ធ​តែ​ភស្តុតាង​ឥត​លុប​ទៅ​ណា​បាន​ទេ​ចំពោះ​ការ​ស្រេក​ឃ្លាមរបស់​ប្រទេស​នេះ​។
សំឡាញ់​អើយ !​ ប្រទេស​ជិត​ខាង​មាន​គំនិត​ទុច្ចរិត​យ៉ាង​នេះ​យូរយារ​ណាស់​មក​ហើយ​។ គេ​ដើរ​កល​ឧបាយ គេ​ល្អិត​ជិត​ល្អ​ណាស់​បាន​ជា​ខ្ញុំ​ហ៊ាន​ថា​ដូច្នេះ​។ ព្រោះ​មាន​ការ​មួយ​ដែល​ក្រុម​សម្ងាត់​បាន​ស៊ើប​អង្កេត ហើយ​ទទួល​ពត៌មាន​យ៉ាង​ជាក់​ច្បាស់​។ ការ​នេះ​ទាក់​ទង​មក​លើ​ខ្លួន​ឯង លើ​ថ្លើម​ប្រមាត់​ឯង​មិន​ល្អៀង​ទេ​។
លោក​ទេព​កោសល្ល​ពិត​ជា​ហាន​សៀម​មែន តែ​គាត់​មិន​បាន​ភៀស​ខ្លួន ដោយ​ជាប់​ចោទ​ថា​បាន​រួម​គំនិត​​និង​ពួក​បះ​បោរ​ធ្វើ​រដ្ឋ​ប្រហារ​ទេ​។ គាត់​ជា​ចារបុរស​ដែល​បន្លំ​ធ្វើ​ជា​អ្នក​ភៀស​ខ្លួន​ក្នុង​ពេល​មាន​កលិយុគ ដើម្បី​មក​លួច​ស៊ើប​ដំណឹង​នៅ​ប្រទេស​យើង​។
ក្នុង​ពេល​ចុង​ក្រោយ​នេះ គាត់​បាន​យក​ញញឹម​កូន​ស្រី​គាត់​ដែល​ជា​ក្ដី​ចិញ្ចាច​ដូច​អរុណរះ ដើម្បី​ជា​ឧបករណ៍​រំលាយ​ដួង​ចិត្ត​យុវជន​យើង​ប្រយោជន៍​ស៊ើប​ការណ៍​ឲ្យ​បាន​លទ្ធផល​កាន់​តែ​ប្រសើរ​ឡើង​។ កាល​ពី​វ៉ាកង​ខាំ​អាវ្រីល​(​មេសា​) មុន​នេះ យើង​បាន​ជូន​គាត់​ដើរ​លេង​ក្នុង​ខេត្ត​សៀមរាប គាត់​ឆ្លៀត​ឱកាស​នោះ ដើរ​ថត​វាល​កប៉ាល់​ហោះ​នឹង​បន្ទាយ​ទាហាន​។ ខ្ញុំ​មិន​បន្ទោស​ឯង​ទេ​។ប៉ុន្តែ​តោង​យើង​ប្រយ័ត្ន​ប្រយែង​ខ្លួន​ទៅ​ថ្ងៃ​មុខ​ទៀត​។ តាម​សង្កេត​មើល​ទៅ​នារី​សៀម​អាច​ប្រៀប​បាន​ទៅ​ផ្កា​ប្រភេទ​ខ្លះ ដែល​មាន​ទ្រង់ទ្រាយ​យ៉ាង​ល្អ​មាន​ក្លិន​យ៉ាង​ក្រអូប​សំរាប់​ជា​នុយ​ឲ្យ​ឃ្មុំ ឬ​សត្វ​ល្អិត​មក​ចោម​រោម ហើយ​ក្ដោប​ត្របក​ក្រសោប​ចាប់​សត្វ​ទាំង​នោះ ហើយ​រំលាយ​ជា​អាហារ​ទៅ​ ...​៉​។
                                                                       
                                                                                ***
ស្រី​ចង្រៃ ស្រី​កាឡកណ្ណី ស្រី​ថ្លើម​ខ្មៅ យ៉ាង​នុ៎ះ​មែន​ឬ​អី​? ចិត្ត​ឆ្លើយ​ភ្លាម​ថា​ពុំ​មែន​ទេ !​ ពុំ​មែន​ទេ !​ ដ្បិត​អី​កិរិយា​នាង​ទន់ភ្លន់​យ៉ាង​នេះ​។ សេចក្ដី​ស្មោះ​ត្រង់​យ៉ាង​នេះ មិន​សម​មាន​គំនិត​អាក្រក់​លាក់​លៀម​បាន​ឡើយ​។ ឪពុក​សោត​ក៏​គួរ​សំគាល់​បាន​ថា​ជា​អ្នក​មាន​ចិត្ត​ធម៌ ចិត្ត​ភក្ដី​ឥត​វៀចវេរ​បាន​ទេ​។ ទីឃាវុធ​ អន្ទះអន្ទែង​វិល​វល់​ក្នុង សេចក្ដី​សង្ស័យ ហើយ​បង្រះ​តែ​ឯកា​ក្នុង​គ្រែ​មួយ ដែល​មាន​សភាព ដូច​ជា​ក្រាល​នូវ​បន្លា ដែល​ចាក់​សាច់​មុត​ពេញ​ខ្លួន​រក​ផ្អៀង​ទៅ​ខាង​ណា​ក៏​ពុំ​ផុត​រំខាន​បាន​ឡើយ​។ ដោយ​ធ្លាប់​អាន​សៀវភៅ​និង​មើល​កុន​ហើយ ដោយ​នឹក​ដល់​រឿង ម៉ាតាហារី​ ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ បាល័ដ្ឋ​កំលោះ​ក៏​មាន​អារម្មណ៍​មួយ​ភ្លែត​។ គេ​ថា​ពួក​ចារបុរស ឬ​ចារ​ស្ត្រី​ ប្រសប់​លាក់​គំនិត​ណាស់ ក្លែង​ធ្វើ​ឫកពារ​ឲ្យ​ឯង​ភ្លេច​ខ្លួន​។ អ៊ីចឹង​មែន​ហើយ​ហ្ន៎ !​ នាង​ចារ​នារី ចន្ទមណី​ ជា​បុត្រី​ចារបុរស ទេព​កោសល្ល​ វិចិត្រករ​។
ក្រុម​សម្ងាត់​ធ្វើ​ការ​ម៉ត់ចត់​ល្អ​ណាស់ មិន​ងាយ​ចោទ​ព្រាវៗ​កើត​ទេ​។ មួយ​ទៀត វេគី​ ជា​មិត្ត​ស្និទ្ធ​ស្នាល​របស់​ខ្លួន​មាន​ការ​ស្ទាត់​កំបាំង​យ៉ាង​ណា​ពុំ​ដែល​លាក់​លៀម​នឹង​គ្នា​ទេ​។ ឯ​ទីឃាវុធ​ធ្លាប់​បាន​និយាយ​ប្រាប់​សម្លាញ់​ថា ខ្លួន​ចាប់​គួច​ស្នេហា​នាង ចន្ទមណី​។ ទាល់​តែ​ច្បាស់​ការពិត​ប្រាកដ​ណាស់​ហើយ ទើប​ហាន​មក​រំលាយ​បេតី​ដ៏​ធំ​ទូលាយ​របស់​ខ្លួន​។ ពិត​ជា​ក្រុម​ចារកម្ម ទាំង​ឪពុក​ទាំង​កូន​មែន​ហើយ ទើប​ឥឡូវ​លែង​ឲ្យ​ដំណឹង​មក​សោះ​។ ខ្លួន​អើយ​ខំ​ស្រលាញ់​គេ​បង់​ចិត្ត !​ ឥឡូវ​គប្បី​រក​វិធី​កែ​ខ្លួន សង​សឹក​សេចក្ដី​ស្នេហា​ថ្លា​បរិសុទ្ធ ដែល​មាន​មនុស្ស​ពាល​យក​មក​ឈ្លី​លេង​ជា​ល្បែង​។
មួយ​ទៀត​ខ្លួន នឹង​ទ្រាំ​ធ្វើ​ការ​នៅ​ពោធិ៍សាត់​តទៅ​ទៀត​ក៏​ពុំ​កើត​ដែរ​។ ចៅហ្វាយ​នាយ​ស្អប់​ខ្លួន ហើយ​មុខ​ជា​គេ​នឹង​គុំ​រក​រឿង​ផ្លាស់​ចេញ​ជា​ពុំ​ខាន ដើម្បី​ចាំ​ទទួល​លាភ​ក្រៅ​រាជការ​ដោយ​ឥត​មាន​នរណា​ចាំ​ជំទាស់​។
                                                                ***          
តាំង​ពី​ដើម​ខែ កញ្ញា​ មក​ ទីឃាវុធ​ បាន​ស្ម័គ្រ​ចិត្ត​ចូល​ទាហាន​។ ដូច​សាមី​ខ្លួន​បាន​គ្រោង​ទុក​ជា​មុន លោក​ចៅហ្វាយ​ខេត្ត​អរ​ណាស់​ដោយ​ប្រទះ​ឃើញ​ងាយៗ នូវ​មធ្យោបាយ​គាស់​បំបាក់​មនុស្ស​ទាស់​មុខ ទាស់​មាត់​យ៉ាង​នេះ​។
រាជការ​ទាហាន​បាន​បញ្ជូន​នាយ​កំលោះ​យើង ឲ្យ​មក​ហាត់​ហ្វឹកហ្វឺន​នៅ​បន្ទាយ​រមាស​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។ ភូមិ​រមាស​ជា​ទី​ប្រជុំ​ជន​សំខាន់​មួយ តាំង​នៅ​ផ្លូវ​រថភ្លើង​ទៅ​បាត់​ដំបង​។
ដោយ​សារ​សេចក្ដី​ផ្ចិតផ្ចង់ ព្រោះ​ជា​កិច្ច​បន្លំ​ទុក្ខ​ផង ហើយ​ជា​វិធាន​ការ​អាច​ឲ្យ​ខ្លួន​បាន​យក​អាសា​មាតុភូមិ​ដោយ​កម្លាំង​ផង ទីឃាវុធ​ បាន​ហាត់​ក្នុង​អំឡុង​បី​ខែ ក៏​ចេះ​យ៉ាង​ជំនាញ​ក្នុង​ក្បួន​ទាហាន​។ ក្នុង​ថេរវេលា​ដដែល​នេះ​ស្ថាន​ការណ៍​កាន់​តែ​ធ្លាក់​ដុន​ដាប​ទៅ​រក​បុថុជ្ជន​និង​គ្រោះ​ថ្នាក់​។
នៅ​ចុង​ខែ កញ្ញា​ សៀម​បាន​បើក​ឆាក​បង្ក​បង្កើត​ឧប្បត្តិហេតុ​កាន់​តែ​ញឹកញាប់​ឡើង តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ដែន​ប្រទេស​លាវ​។ ការ​លប​វាយ​ឆ្មក់​គ្នា ក៏​ក្លាយ​ជា​បៀតបៀន​ពេញ​ទំហឹង​។ ក្រុម​សេនាធិការ​បារាំង​បាន​ជញ្ជូន​ទ័ព​ពី​តុង​កឹង​មក​ដាក់​ផ្ដុំ​នៅ​ភូមិ​ភាគ​សេរី​សោភ័ណ ព្រម​ទាំង​ជញ្ជូន​ទាហាន​ខ្លះ​ទៀត មាន​ទាំង​បារាំង​ទាំង​កង​អាកាស​បរទេស ហើយ​ពួក​យួន​ធ្មេញ​ខ្មៅ​ផង មក​ពង្រាយ​ជា​ក្បួន​ការពារ​សន្តិសុខ​តាម​ព្រំដែន​ខ្មែរ​-​សៀម និង​នៅ​ត្រើយ​ខាង​ឆ្វេង​ទន្លេ​មេគង្គ​នៅ​ប្រទេស​លាវ​។ ក្នុង​ពេល​តែ​មួយ​នេះ​កង​ទ័ព​សៀម​ដែល​សម្បូណ៌​ដោយ​យោធ​ភ័ន្ត បាន​ចូល​មក​រុករាន​អាណា​ខេត្ត​លាវ​នៅ​ត្រើយ​ខាង​ស្ដាំ​ទន្លេ​។ ប៉ុន្តែ​ទោះ​ជា​ខំ​ខ្នះខ្នែង​ដូច​ម្ដេច ក៏​មិន​ទាន់​ឡើង​មក​ត្រើយ​ខាង​កើត​បាន​ឡើយ​។
លុះ​ចូល​មក​ក្នុង​ខែ វិច្ឆិកា​ ស្ថាន​ការណ៍​កាន់​តែ​ល្អក់​ខ្វល់​បណ្ដាល​ឲ្យ​បារម្ភ​គ្រប់​សង្កត់​ទ្រូង​ប្រជាជាតិ​គ្រប់​គ្នា​។ ធ្នូ​ ១៩៤០​ បាន​ឃើញ​ឧប្បត្តិហេតុ ដែក​មក​កាន់​តែ​ញឹកញាប់​ឡើង ក្លាយ​ទៅ​ជា​សង្គ្រាម​មួយ​ពេញ​លក្ខណៈ​។ បើ​សៀម​ធ្វើ​មក​យ៉ាង​ណា ខាង​បារាំង​ក៏​សង​យ៉ាង​នោះ​ទៅ​វិញ​ភ្លាម​។ គឺ​នៅ​ពេល​នេះ​ហើយ​ដែល​កង​ឯកភាព​របស់ ទីឃាវុធ​ បាន​ទទួល​បង្គាប់​ឲ្យ​មក​ផ្ដុំ​ក្នុង​បរិវេណ​សិរីសោភ័ណ​ដែរ​។
ដោយ​ការ​មុន​បាន​បង្គោះ​បង្គៀរ​យក​សម្ភារៈ​ភាគ​ច្រើន​ទៅ​ច្បាំង​ឯ​អឺរ៉ុប កង​ទ័ព​បារាំង​នៅ​ក្នុង​ឥណ្ឌូចិន​ទាំង​មូល​មាន​តែ​រងគ្រោះ​១៥​យន្តហោះ​ប្រដេញ​សញ្ញា​ម៉ូរ៉ាន​ ១៥​យន្ត​ហោះ​ប្រេតេ​៤ សម្រាប់​ទម្លាក់​គ្រាប់​បែក​ព្រម​ទាំង​យន្ត​ហោះ​ប៉ូតេស​បួន​ដប់​ទៀត​។ ឯ​រថក្រោះ ១៥​ គ្រឿង​នោះ​ចាស់​រេចរឹល​ណាស់ ទាល់​តែ​បរ​ដោយ​កម្លាំង​យន្ត​ខ្លួន​ឯង​ពុំ​កើត​ទៅ​ហើយ​។ ម៉្លោះ​ហើយ តោង​លើក​យក​ទៅ​ដាក់​បន្ទំ​ឲ្យ​ជិះ​លើ​ឡាន​កាំម៉្ញុង​។ នេះ​គឺ​ជា​រឿង​អា​ខ្វាក់​អា​ខ្វិន​ទំនើប​ថ្មី​។ ព្រោះ​ពេល​កន្លង​រំលង​ផុត​យូរ​មក​ហើយ ក៏​គួរ​អស់​សំណើច​ដែរ តែ​ក្នុង​សម័យ​នោះ​ខ្មែរ​គ្រប់​រូប​នៅ​ក្នុង​ភូមិ​ភាគ​បាត់ដំបង សៀមរាប​ភ័យ​ភ្នែក​ស្លោ​នៅ​លើ​ថ្ងាស​។
តាំង​ពី​ទី ២៧​ វិច្ឆិកា​ មក​កង​ទ័ព​អាកាស​ថៃ ចាប់​ទម្លាក់​គ្រាប់​បែក​លើ​ទី​ក្រុង​នានា​ក្នុង​ដែន​ឥណ្ឌូចិន មាន​ថា​ខែក និង​សុវណ្ណ​ខេត្ត​(​ស្វ័គខេត្ត​) ជា​ដើម​។ ពីរ​ថ្ងៃ​ក្រោយ​មក​សៀម​ផ្ដាច់​គមនាគមន៍ ដោយ​វិទ្យុ​និង​ទូរស័ព្ទ ហើយ​នៅ​ថ្ងៃ​ទី​២ ធ្នូ​ អគ្គរាជទូត​សៀម​ប្រចាំ​ប្រទេស​បារាំង​បាន​ដើរ​ចេញ​ពី​ក្រុង​វីស៊្ហី ជា​រាជធានី​បណ្ដោះ​អាសន្ន​របស់​បារាំង ដោយ​យក​លេស​ថា​ត្រូវ​ធ្វើ​ដំណើរ​។
ឆ្នាំ​ គ.ស.​ ១៩៤១​ បាន​ផ្ដើម​ឡើង ដោយ​ឃើញ​ទ័ព​សៀម​ចូល​បៀតបៀន​ពេញ​ទំហឹង​។ នៅ​ថ្ងៃ​ទី ៨​ មករា​ បច្ចាមិត្ត​ចូល​មក​ដុត​បំផ្លាញ​បន្ទាយ​ទាហាន​ក្រុម​រក្សា​ស្រុក​នៅ​ប៉ោយប៉ែត ហើយ​កង​អាកាស​ព្រហើន​ហោះ​មក​ទម្លាក់​គ្រាប់​បែក​នៅ ក្រុង​សេរី​សោភ័ណ​មង្គលបុរី​ បាត់ដំបង​ ស្ទឹងត្រែង​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចាស់​ក្មេង​តូច​ធំ ដែល​ឥត​មាន​ទាក់ទង​ក្នុង​រឿង​នេះ​សោះ ស្លាប់​បាត់​បង់​ជីវិត​អស់​ច្រើន​នាក់ ព្រោះ​តែ​សេចក្ដី​ឈ្នានីស​និង​លោភោ​។ ថ្ងៃ​ទី ៩​ និង​ទី​១០ ខែ​ដដែល   ក្រុង​សៀមរាប​ក៏​ទទួល​សេចក្ដី​វិនាស​ពី​លើ​អាកាស​យ៉ាង​ដំណំ​ណាស់​ដែរ​។ ក្នុង​ថ្ងៃ​លើក​ក្រោយ​នេះ​កង​យន្តហោះ​ប្រដេញ​បារាំង បាន​បាញ់​បំផ្លាញ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​សៀម​បាន​មួយ​គ្រឿង​។ ចំណែក​កង​អាកាស​យាន​បារាំង​វិញ​ដោយ​មាន​មធ្យោបាយ​ស្ដួច​ស្ដើង​ពេក ហ៊ាន​លួច​ទៅ​ព្យាបាទ​ដែន​បច្ចាមិត្ត​តែ​ក្នុង​ពេល​យប់​ងងឹត​។
បារាំង​បាន​ផ្ដុំ​ទ័ព​នៅ​មុខ​ក្រុង​សេរី​សោភ័ណ ក្រាស់​ក្រែល​គ្រាន់​បើ​ដែរ ព្រោះ​មាន​បំណង​ចង់​វាយ​លុក​ចូល​ដែន​ខ្មាំង​តាម​ប៉ោយប៉ែត​អរញ្ញ​។ ដើម្បី​ឲ្យ​ផែន​ការ​នេះ​បាន​ប្រកប​ដោយ​ជោគជ័យ កង​នាវា​ក៏​ទទួល​បង្គាប់​ឲ្យ​ដើរ​ឧបាយ​កល​បញ្ឆោត ធ្វើ​កិរិយា​ហាក់​ដូច​ជា​នឹង​នាំ​ទ័ព​ទៅ​ឡើង​គោក​ត្រង់​តំបន់​ចន្ទ​បុរី​។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​កោះ​ចាង ក្នុង​ឈូង​សមុទ្រ​សៀម​នៅ​ថ្ងៃ ១៧​ មករា​។ ក្នុង​ឱកាស​នោះ​កង​នាវា​បារាំង​ដែល​មាន​នាវា​ពិឃាត​​ឡាម៉ុតពីកេ​ជា​មេ​កន្លោង បាន​បំផ្លាញ និង​ពន្លិច​នាវា​ពិឃាត​សៀម​អស់​បី​តួ ហើយ​នាវា​យាម​ឆ្នេរ​សមុទ្រ​មួយ​ទៀត​ត្រូវ​របួស​។ សរុប​សេចក្ដី​ទៅ ៤០​ ភាគ​រយ នៃ​មធ្យោបាយ​ជើង​ទឹក​របស់​សៀម ត្រូវ​ខ្នាត​ចេញ​ពី​ការ​ប្រយុទ្ធ​។ ចំណែក​ខាង​នាវា​បារាំង​វិញ ថ្វី​បើ​យន្តហោះ​សៀម​ដេញ​តាម​ទម្លាក់​គ្រាប់​បែក តែ​បាន​គេច​ខ្លួន​រួច​ឥត​មាន​រខិត​អ្វី​ដល់​តូច​មួយ​ឡើយ​។
ជ័យ​ជំនះ​មាន​ឡើង​តែ​នៅ​លើ​ទឹក​ទេ ប៉ុន្តែ​នៅ​លើ​គោក​វិញ​វាសនា​នៃ​អាវុធ​ពួក​ខាង​ឥណ្ឌូចិន ពុំ​បាន​ភ្លឺ​ថ្លា​ដូច​យ៉ាង​នោះ​ឡើយ​។ នៅ​ថ្ងៃ ១០​ មករា​ កង​ទ័ព​សៀម​បាន​ឆ្លង​ព្រំ​ដែន​មក​វាយ​ប៉ុស្តិ៍​សំរោង​(​សៀមរាប​) ហើយ​នៅ​យាង​ដង្គុំ និង​ក្បាល​ក្របី​(​ប៉ោយប៉ែត​)​។ នៅ​ថ្ងៃ ១៦​ ដែល​ជា​ថ្ងៃ​កំណត់​របស់​ក្រុម​សេនាធិការ​បារាំង​ថា​នឹង​លើក​ទៅ​វាយ​កំចាត់​កង​ទ័ព​សៀម​ដោយ​មាន​ពួក​ចារបុរស​ស៊ើប​ដឹង​ការ​ច្បាស់​ជា​មុន បាន​រៀប​ប្រុង​ខ្លួន​ជា​ស្រេច​។ នៅ​ថ្ងៃ​នោះ​ចាប់​ពី​ម៉ោង ៣​ទៀប​ភ្លឺ កង​ទ័ព​បារាំង​បាន​ចេញ​ពី​ទី​តាំង ធម្មតា​ទៅ​ពួន​បង្កប់​ខ្លួន​តាម​ជួរ​ដង​ព្រៃ​។ គ្រា​នោះ​ព្រិន្ទ​បាល ទីឃាវុធ​ បាន​ទទួល​បង្គាប់​នាំ​ផ្នែក​របស់​ខ្លួន​ទៅ​ចាំ​ស្ទាក់​ត្រង់​ច្រក​កូនអូ។
ក្នុង​រាត្រី​ស្ងាត់ ដែល​មាន​ពន្លឺ​ផ្កាយ​បង្ហាញ​រាង​រៅ​វត្ថុ​ឡាំង​ឡាយ​យ៉ាង​ស្រពេចស្រពិល កង​ទាហាន​បាន​លប​ចូល​ទៅ​កាន់​លេណដ្ឋាន​ថ្មី​ដែល​បាន​ជីក​ទុក​ប្រចាំ​ការ​ពី​ថ្ងៃ​មុន ដោយ​ប្រយ័ត្ន​ប្រយែង​មិន​ឲ្យ​ឮ​សួរ​ប្រិប​ព្រួប​សោះ​ឡើយ​។ ទីទុយ​ និង​ចង្រិត​ដែក​យំ​ម្ដងៗ នាំ​ឲ្យ​តុណ្ហីភាព​ដែល​នៅ​ចន្លោះ​មាន​ភាព​ណែន​ក្ដន់​ណាស់​ទៅ​ទៀត​។ ពួក​យោធា​មុជ​ក្រាប ហើយ​នៅ​នឹង​ខ្លួន​ថ្កល់ អាវុធ​គង​លើ​ត្រង់​សេ​ប្រចាំ​ការ ភ្នែក​ដៅ​សំឡឹង​ទៅ​ទី​តាំង​ថែ​ដែល​នៅ​ត្រង់​មាត់​ព្រែ​ម្ខាង​វាល​ចម្ងាយ​រវាង ២០០​ម៉ែត្រ​។ ទឹក​ចិត្ត​រីក​ថ្លា កង​ទាហាន​ខ្មែរ​សង្ឃឹម​ថា​ម្ដង​នេះ​មុខ​ជា​ជោគជ័យ​បើក​ឡើង​ហើយ ដើម្បី​សង​សឹក​ជន​រួម​ជាតិ​ដែល​បាត់​ដោយ​ស្នាដៃ​ខ្មាំង​។
មនោសញ្ចេតនា​បែប​នេះ បាន​ធ្វើ​ឲ្យ​ឱរា ទីឃាវុធ​ ក្ដៅ​ជាង​ពួក​ម៉ាក​ដទៃ​ទៀត​។ ចំពោះ​ព្រោះ​ខ្លួន​ត្រូវ​សង​សឹក​ជា​ពីរ​ជាន់​គឺ​មួយ​ចំពោះ​ជាតិ​ដែល​មាន​សត្រូវ​មក​រាតត្បាត ហើយ​មួយ​ទៀត​ចំពោះ​ឧត្តម​គតិ​ខាង​សេចក្ដី​សំបុត្រ​របស់ វេគី​ ដែល​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​នូវ​គំនិត​អាក្រក់​របស់​ជន​ដែល​ខ្លួន​បាន​លើក​ជា​មិត្ត ឬ​ជា​ឆ្នើម​ត្រួយ​ចិត្ត​កាល​ណា​ឡើង​។ អ្នក​កំលោះ​យើង​ក៏​ក្ដាប់​កាំ​ភ្លើង​ដោយ​កំហឹង​ហើយ​ប្រុង​តម្លោះ​កៃ​បាញ់​ទៅ​លើ​បច្ចាមិត្ត​ដែល​គ្មាន​រូប​។ ឱ​នាយទេព​កោសល្ល​ !​ ឱ​នាង​ ចន្ទមណី​ !​ បើ​អ្នក​ឯង​ទាំង​ពីរ​នាក់​ហ៊ាន​បង្ហាញ​ខ្លួន​ក្នុង​គ្រា​នេះ​មុខ​ជា​អ្នក​ឯង​គ្រោះ​ជូជក​ធំ​ហើយ​។ 
ម៉ោង​ ៥​ បៀត​ភ្លឺ កាំ​ភ្លើង ៧៥​មម ចំនួន​ ១០​ដើម​ដែល​ជា​របស់​សំណល់​បាត​ឃ្លាំង បាន​ចាប់​បាញ់​ក្ដុងៗ បំផ្លាង​ទៅ​ខាង​មុខ​ប្រយោជន៍​ជា​រនាំង​ឲ្យ​ទាហាន​ថ្មើរ​ជើង​រុល​ទៅ​រក​ខ្មាំង​។ ឯ​៉​អា​ខ្វាក់​អា​ខ្វិន​៉ ដែល​បាន​យក​មក​ប្រើ​នៅ​ទី​នោះ​ចំនួន​៥​គ្រឿង​នឹង​គេ ក៏​ងងក់​កាត់​កញ្ច្រាំង​ស្រែ​ចូល​បាញ់​នឹង​គេ​ដែរ​។
មធ្យោបាយ​ខ្សត់​ខ្សោយ​យ៉ាង​នេះ នឹង​យក​ជោគជ័យ​បាន​តែ​កាល​ណា​ខ្មាំង​គ្មាន​ប្រដាប់​យ៉ាង​នោះ ឬ​មួយ​ពុំ​បាន​ដឹង​ខ្លួន​ត្រៀម​ការ​ទុក​ជា​មុន​ផង​។ តែ​ស្ថាន​ការណ៍​ពុំ​មេន​យ៉ាង​នោះ​សោះ​ឡើយ ព្រោះ​យីពុន​បាន​ផ្ដល់​ឲ្យ​ទ័ព​សៀម​នូវ​យោធ​បរិក្ខារ​យ៉ាង​ឆើតៗ ហើយ​ក្រុម​សេនាធិការ​សៀម​សោត ក៏បាន​ទទួល​រាយ​ការណ៍​ពី​ចារបុរស​យ៉ាង​ច្បាស់ៗ អំពី​ផែន​ការ​កំបាំង​របស់​បារាំង​។ ដូច្នេះ​សៀម​ចាត់​ការ​សម្រាប់​តប​ត​នឹង​ការ​វាយ​លុក​រួច​ជា​ស្រេច​។ ដោយ​សម្ងាត់ សៀម​បាន​ប្រមូល​រថក្រោះ និង​កាណុង​យ៉ាង​ក្រាស់​ក្រែល​មក​លាក់​ទុក​នៅ​ក្បាល​ទ័ព ត្រង់​កន្លែង​ដែល​ស៊ើប​ការណ៍​ដឹង​ថា​បារាំង​ប្រុង​នឹង​វាយ​ទម្លុះ​។ សៀម​ពុំ​ក្អក​ពុំ​គ្រហែម​ទេ ទុក​ឲ្យ​កាណុង​ព្រូស​តាម​ចិត្ត ដើម្បី​យក​ឱកាស​សំគាល់​ទី​តាំង​កាំ​ភ្លើង​ធំ​ទាំង​នេះ​។ កាណុង​ បារាំង​បាញ់​ពុំ​មាន​ប្រសិទ្ធ​ភាព​អ្វី​សោះ ព្រោះ​សៀម​ដឹង​ខ្លួន​បាន​ដក​ទាហាន​ទៅ​តាំង​ទី​មួយ​ថ្មី​ឃ្លាត​ពី​ដើម​បន្តិច​។ សៀម​ពុំ​មាត់​ពុំ​ក​អ្វី​សោះ ទុក​ឲ្យ​ទាហាន​ខាង​បារាំង​រុល​ចូល​ស៊ង​កាំភ្លើង​របស់​ខ្លួន​។ លុះ​បាន​ទី​ហើយ​កាណុង សៀម​ក៏​បាន​បាញ់​ផ្ទីង​ស្រោច​មក​លើ​កាណុង​បារាំង ឯ​កាំភ្លើង​យន្ត​សៀម​ក៏​បាញ់​រះ​ជះ​គ្រាប់​ដូច​ព្រិល​។
គ្រាប់​កាំភ្លើង​ធំ​សៀម ហោះ​ជ្រែក​អាកាស​ទាំង​រយ​ទាំង​ពាន់​បញ្ចេញ​សម្លេង​វែង​គ្រលួច ទន្ទាប​ចុះ​មក​បាក់​មែក​ឈើ ហើយ​ស្ទុះ​មក​បុក​ដី​ជះ​បំបែក​ពិឃាត​នៅ​គ្រប់​ទិស​។ ក្ដុងៗ​ រថ​បន្ទុក​បារាំង​(​អា​ខ្វាក់​អា​ខ្វិន​) បារាំង​ដោយ​គ្រាប់​ធ្លាក់​ចំ​ពី​លើ ក៏​ផ្ទុះ​កំចាយ​បំណែក​បណ្ដាល​ឲ្យ​ប្រេង​សាំង​ឆេះ​ហុយ​ទ្រលោម​។ ឯ​កាណុង​បារាំង​សោត​ទៀត​ក៏​ចូល​ក្នុង​វិនាសកម្ម​យ៉ាង​ឆុតឆាប់ ព្រោះ​បច្ចាមិត្ត​គេ​មាន​ចំនួន​លើស​លប់​មក​ចោម​ព្រួត​បំផ្លាញ ប៉ុន្តែ​ថ្វី​បើ​ធ្លាក់​ក្នុង​ស្ថានភាព​ចាញ់​ប្រៀប​ខ្មាំង​យ៉ាង​នេះ​ក៏​ដោយ កង​ទាហាន​ខ្មែរ​ស៊ូ​ក្រាញ​នៅ​នឹង​កន្លែង​មិន​ព្រម​ដក​ខ្លួន​ថយ​ទេ​។
លុះ​ឃើញ​ថា​កាណុង​បារាំង​ស្ងាត់​មាត់​លែង​បាញ់​ហើយ សៀម​ក៏​ឈប់​ដែរ​។ ក្នុង​ពេល​នោះ​លេច​ឮ​សូរ​យន្ត​ខ្ទ័រ​ក្រើក​ដី​។ កង​រថក្រោះ​វារ​គើម​ចេញ​ពី​មាត់​ព្រៃ​ម្ខាង​មក​ព្រោះ​ភ្លើង បែប​នាគរាជ​ក្នុង​រឿង​សាស្ត្រា​ស្លឹករឹត​។ មុ័ងៗ​ កាំភ្លើង​រថក្រោះ​បាញ់​ស្រោច​មក​លើ​ទាហាន​ខ្មែរ ដែល​ក្រាប​នៅ​ស្ងៀម​ចាំ​ល្មម​ដល់​ប្រយោល​នឹង​យក​កាំភ្លើង​យន្ត​បាញ់​ត​។ ក្នុង​ពេល​នោះ​បារាំង​ពុំ​មាន​កាណុង​សម្រាប់​បាញ់​រថក្រោះ​ទេ​។ ដូច្នេះ​ ទាហាន​តាំង​បំបែរ​បំពង់​កាំភ្លើង​សម្រាប់​បាញ់​យន្ត​ហោះ​តម្រង​មក​លើ​អណ្ដើក​ដែក​ទាំង​នោះ​វិញ​។ ចាត់​ការ​ដូច្នេះ​ជា​មធ្យោបាយ​យុទ្ធ​ស្មោះ ព្រោះ​គ្រាប់​កាំ​ភ្លើង​បាញ់​យន្តហោះ មិន​អាច​ប៉ះ​ផ្ទាំង​ដែក​ក្រាស់​បាន​ឡើយ​។ ឱ​កម្ម​ក្រាស់​ពេក​ក្នុង​ពេល​ដែល​ពួក​ទាហាន​ថ្មើរ​ជើង​កំពុង​ជាប់​ដៃ​ខាង​ក្រោម ស្រាប់​តែ​យន្ត​ហោះ​លាប​សញ្ញា​ទង់​សៀម ហោះ​ចេញ​ពី​ដុំ​ពពក​មក​បាញ់​រះ​នក​ចោល​គ្រាប់​បែក​កក្រើក​រំពើក​ទាំង​ពសុធា​។
ទាហាន​ខ្មែរ ខំ​តស៊ូ​ដោយ​មធ្យោបាយ​ស្ដួច​ស្ដើង មាន​ទំនង​ដូច​កូន​ក្មេង​កាន់​ចង្កឹះ​ទៅ​តាម​ដេញ​វាយ​យក្សា​។ ថ្ងៃ​រះ​ពេញ​ពន្លឺ​ចោល​រស្មី​ទៅ​លើ​វិការដ្ឋាន​មួយ ដែល​បរិបូណ៌​ដោយ​ឈាម​ហូរ​ដេរដាស​និង​សេចក្ដី​វិនាស​យ៉ាង​ឆុតឆាប់​។
ដោយ​ទាហាន​បាញ់​កាំភ្លើង​យន្ត​នៅ​ក្បែរ​ខ្លួន​ត្រូវ​គ្រាប់ ហើយ​មាន​លោហិត​ហូរ​ពពុះ​ស្គុល​ចេញ​ពី​មាត់ ទីឃាវុធ​ ក៏​ស្ទុះ​ទៅ​បាញ់​ជំនួស​។ គ្រាប់​កាំភ្លើង​ព្រួស​ចេញ​ពី​មាត់​ត្រែ​ក្រហម ដោយ​ក្ដៅ​ហើយ​ធ្លាក់​បី​ដូច​គេ​បាច​ទៅ​ស្បែក​ក្រាស់​នៃ​រថក្រោះ ឧបមា​ដូច​ជា​តំណក់​ទឹក​ភ្លៀង​ធ្លាក់​លើ​ខ្នង​ទា​ដែល​កំពុង​ដើរ​។ អណ្ដើក​យន្ត​ចេះ​តែ​បោល​សំរុក​ជិត​មកៗ ទីឃាវុធ​ ចេះ​តែ​សង្កត់​កៃ​បាញ់​គ្មាន​នឹក​នា​ថា​នឹង​ដក​ខ្លួន​ថយ​ម្ដង​ណា​ឡើយ ស្រាប់​តែ​ឮ​សូរ​ក្លឹប​ញ័រ​ខ្លួន​ខ្ញាក ហើយ​ងងឹត​មុខ​ជ្រប់​ដួល​ទ្រេត​ទៅ​លើ​មាត់​លេណដ្ឋាន​។
                                                                             ****
                                                                  -​៨​-
                                                            ស្រឡាញ់​ជាតិ​បង្ក្រាប​ស្នេហា
ក្រុង​អរញ្ញ​ប្រះថេត (​អរញ្ញ​ប្រទេស​) ឬ​ដែល​ហៅ​ដោយ​ខ្លី​ថា​អរញ្ញ ជា​ទី​ប្រជុំ​ជន​តូច​មួយ​តាំង​ក្នុង​ដែន​ថៃ​ជិត​ព្រំ​ដែន​ខ្មែរ​។ មាន​ផ្លូវ​ដែក និង​ផ្លូវ​ថ្នល់​ភ្ជាប់​ទី​ក្រុង​នេះ​ទៅ​បាងកក​។ ដូច​ទី​ក្រុង​ឯ​ទៀត​ដែល​នៅ​ក្បែរ​ព្រំដែន​ក្នុង​ពេល​ដែល​សាន្ត​ត្រាណ សកម្មភាព​នៅ​អរញ្ញ​បាន​ចំរើន តែ​ដោយ​របរ​រត់​គយ​មួយ​មុខ​។ តាំង​ពី​សង្គ្រាម​រវាង​ថៃ​-​បារាំង​នៅ​ឥណ្ឌូចិន​បាន​ផ្ទុះ​ឡើង​កាល​ណា អរញ្ញ​ក៏​ក្លាយ​ជា​ទី​សំណាក់​ដ៏​ភាគ​ច្រើន​នៃ​ជន​ពាក់​ឯក​សណ្ឋាន​។
ដោយ​ឃើញ​ថា​អរញ្ញ​នៅ​ជិត​រណសិរ្ស ក្រុម​សេនាធិការ​សៀម​បាន​លើក​អង្គការ​សំខាន់​ផ្សេងៗ មក​តាំង​នៅ​ទី​នេះ​។ នៅ​វត្ត​មួយ​ឆ្ងាយ​ពី​ផ្សារ​បន្តិច រាជការ​បាន​កែន​យក​សាលា​ធំ​សម្រាប់​និមន្ត​ព្រះ​សង្ឃ​ឆាន់ មក​រៀប​តុប​តែង​ជា​មន្ទីរ​ពេទ្យ​វះ​កាត់​បណ្ដោះ​អាសន្ន​។
នៅ​ថ្ងៃ​ទី ១៦​ មករា​ បុគ្គលិក​មន្ទីរ​ពេទ្យ​នេះ​មាន​សេចក្ដី​ភ្ញាក់​ផ្អើល​ខុស​ពី​ធម្មតា​។ តាំង​ពី​បៀត​ភ្លឺ​មក​កាណុង​ឆ្លង​ឆ្លើយ​គ្នា​ពុំ​ដាច់​សូរ​សោះ​។ បន្ទាប់​មក​យន្ត​ហោះ​ប្រដេញ និង​យន្ត​ហោះ​ចូល​លុក​រវាង ៥០​គ្រឿង​ ហើរ​កាត់​ទី​ក្រុង​ឆ្ពោះ​ទៅ​សមរភូមិ​។ មន្ទីរ​ពេទ្យ​នេះ​មាន​ដុកទ័រ​ស័ក្ដិ​ប្រាំ​ជា​មេ ហើយ​ដុកទ័រ​សាក់​បី​ពីរ​នាក់​ទៀត​ជា​អ្នក​ជំនួយ​។ គិលានុបដ្ឋាយិកា​ ១៥​នាក់ ដែល​សុទ្ធ​តែ​នារី​ស្ម័គ្រ​ចិត្ត​ចាំ​បំរើ​ការ​ក្រោម​បង្គាប់​ស្ត្រី​ម្នាក់​ជា​មេ​ធំ​។ ក្នុង​ពពួក​មាណវី​ស្លៀក​ពាក់​ស​ទាំង​នេះ​យើង​បាន​ជួប​ឡើង​នូវ​យុវតី​ម្នាក់​ដែល​ធ្លាប់​ស្គាល់​មក​ហើយ​។
នាង​ ចន្ទមណី​ កាល​ណា​នាង​បាន​ឃើញ​ថា ម្ដាយ​នាង​បាន​ធូរ​ស្រយាល​ហើយ នាង​ក៏​សុំ​អនុញ្ញាត​ពី​នាក់​ដ៏​មាន​គុណ​ទាំង​ពីរ​ដើម្បី​ស្ម័គ្រ​ចិត្ត​ចូល​ហ្វឹកហ្វឺន​ជា​គិលានុបដ្ឋាយិកា ព្រោះ​នាង​យល់ថា​ការ​ថែ​អ្នក​របួស​ក្នុង​សង្គ្រាម​ជា​អំពើ​កុសល​ផង ហើយ​ជា​ឱកាស​បំពេញ​ករណីយកិច្ច​ចំពោះ​ជាតិ​ផង​។ មួយ​ទៀត​កាល​ណា​យើង​មាន​ការ​ធ្វើ​យ៉ាង​តែង​បំភ្លេច​បាន​នូវ​កង្វល់ និង​ទុក្ខ​ព្រួយ បើ​មិន​បាន​ទាំង​អស់​ក៏​គង់​បាន​ភាគ​ខ្លះ​ដែរ​។ នាង​ពុំ​មែន​ចូល​ចិត្ត​ឲ្យ​កើត​សង្គ្រាម​ទេ​។ តែ​ធ្វើ​ម្ដេច​អ្នក​គ្រប់​គ្រង់​ប្រទេស បាន​នាំ​មាតុភូមិ​ឲ្យ​រមៀល​ចូល​ក្នុង​ភ្នក់​ភ្លើង​យ៉ាង​នេះ​ទៅ​ហើយ​។ នាង​យល់ថា គប្បី​ពលរដ្ឋ​ទាំង​ឡាយ​បំពេញ​ករណីយកិច្ច​តែ​រៀង​ខ្លួន​។
ក្នុង​ពេល​ដែល​នាង​ចូល​បំរើ​ជាតិ​តាម​ស្ត្រី​ភេទ ចិត្ត​នាង​ប្រមើល​វិតក្ក ដោយ​ភ័យ​ព្រួយ​ចំពោះ​ទំហំ​មុខ​រង្វះ​នៃ​ជ្រោះ​កំណាច​ដែល​ធ្វើ​ឲ្យ​នាង​ឃ្លាត​ឆ្ងាយ​ពី​គូ​សង្សារ​។ ដើម​ដំបូង​នាង​បាន​សរសេរ​សំបុត្រ​ជូន​ពត៌មាន​ក្បោះ​ក្បាយ​ដល់​មិត្ត​នៅ​ស្រុក​ខ្មែរ​។ ប៉ុន្តែ​តាំង​ណី​រាជការ​ទាំង​សង​ខាង ចាត់​ឲ្យ​មាន​ត្រួត​លិខិត​កាល​ណា​មក​នាង​ខំ​ទប់​ចិត្ត​សរសេរ​តែ​យ៉ាង​ខ្លីៗ ហើយ​ត​មក​ទៀត ក៏​ឈប់​សរសេរ​ស្មោះ​តែ​ម្ដង​។ មិន​មែន​ថា​នាង​ដាច់​អាល័យ​ទេ។ នាង​ស្ងួត​សប់​គិត​មក​គូ​សង្សារ​ពុំ​លោះ​ពេល​សោះ​ឡើយ​។
ក្រោយ​ដែល​នាង​បាន​ហាត់​រៀន ជា​នាង​ព្យាបាល​អ្នក​របួស និង​ថែ​ជម្ងឺ​បាន ៦​ខែ​មក គឺ​នៅ​ពេល​ដែល​ស្ថាន​ការណ៍​ចោល​ចំហាយ​កាន់​តែ​ក្ដៅ​ឡើង រាជការ​ក៏​បាន​ចាត់​នាង​ឲ្យ​មក​ធ្វើ​ការ​ប្រចាំ​មន្ទីរ​ពេទ្យ​នៅ​អារញ្ញ​។ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ចំបាំង​ក៏​ឆេះ​សន្ធោសន្ធៅ​បណ្ដាល​ឲ្យ​មាន​របួស មាន​ស្លាប់ មាន​រង​របួស​គ្រប់​យ៉ាង​។ ដោយ​ឃើញ​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​រួបរួម​គ្នា​ដោយ​ចំណង​ភាតរភាព​។ ព្រោះ​មាន​សាសនា​ដូច​គ្នា មាន​ប្រពៃណី​ដូច​គ្នា មាន​សិល្បៈ និង​វប្បធម៌​ដូច​គ្នា​បែរ​ប្រខាំ​ញក់ញី​គ្នា​ដល់​ម៉្លេះ សេចក្ដី​ស្អប់​ខ្ពើម​សង្គ្រាម​ដែល​តែង​មាន​ស្រាប់​មក​ហើយ​ក្នុង​ចិត្ត​នាង ក៏​កាន់​តែ​រីក​ធំ​ឡើង​ទៀត​។ ស្នេហា​ថ្លៃថ្លា​ដែល​ហឫទ័យ​នាង​បាន​អោប​ក្រសោប​ទុក បាន​បិទ​ផ្លូវ​មិន​ឲ្យ​នាង​យល់​សោះ​ថា​ៈ​ ហេតុ​ដូចម្ដេច​បាន​ជា​មនុស្ស​លោក​តោង​ត្រូវ​រហែក​ហួរ​គ្នា​ដូច​តិរច្ឆាន​។ ប៉ុន្តែ​ វិសាលភាព​នៃ​ធម៌​នេះ​ហួស​កម្លាំង ហួស​និស័្សយ​គំនិត​របស់​នាង ដូច្នេះ​នាង​ស៊ូទ្រាំ​បំពេញ​មុខ​ការ​ជា​ករណីយកិច្ច​ដោយ​ស្ងប់​ស្ងៀម​។
នៅ​រសៀល​ថ្ងៃ​ទី ១៦​ មករា​ កង​រថយន្ត​ពេទ្យ​បាន​ផ្ទុក​អ្នក​របួស​មក​ឲ្យ​មន្ទីរ​វះ​កាត់​ក្នុង​វត្ត​។ កង​កាកបាទ​ក្រហម​ថៃ ប្រមូល​រើស​យក​ពុំ​ថា​ទាហាន​របួស​ជាតិ​សៀម ឬ​ទាហាន​សហព័ន្ធ​ឥណ្ឌូចិន​ទេ​។ ព្រោះ​ទាហាន​ខាង​គេ​ចេះ​តែ​មាន​ថ្វី​ដៃ​ជឿន​ទៅ​មុខ​ដរាប គេ​ចាប់បាន​ពួក​ត្រូវ​របួស​ខាង​បារាំង​បាន​យ៉ាង​ក្រាស់​ក្រែល​។ រវាង​បី​ម៉ោង​មក​ហើយ​រថយន្ត​កាកបាទ​ក្រហម បាន​ជញ្ជូន​អ្នក​របួស​មក​ប្រគល់​ឲ្យ​មន្ទីរ​ពេទ្យ​ក្នុង​វត្ត​។ ទាំង​ពេទ្យ​ធំ​ទាំង​សហការិនី បាន​ខំ​វះ​កាត់​ដាក់​ថ្នាំ ឬ​ពុំ​របួស​ឥត​មាន​ឈប់​ដៃ​សោះ​ឡើយ​។ តាម​ធម្មតា​មន្ទីរ​ពេទ្យ​នេះ​គ្រាន់​តែ​ចាត់​ការ​សើៗ បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ព្រោះ​ពុំ​មាន​ឋបនីយភណ្ឌ​អ្វី​មួនមាំ​ទេ​។ ដោយ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រាជការ​សឹក បាន​ចាត់​ឲ្យ​មាន​ខ្សែ​រថភ្លើង​ពិសេស​មួយ​សម្រាប់​ដឹក​អ្នក​របួស​ជា​រៀង​រាល់​ថ្ងៃ​ទៅ​ថែ​ទាំ​ឯ​មន្ទីរ​ពេទ្យ​ធំៗ នា​ក្រុង​បាងកក​ទៀត​។
តាំង​ពី​ថ្ងៃ​ត្រង់​មក ពេទ្យ​ធ្វើ​ការ​ពុំ​បាន​ឈប់​សំរាក​ទេ​។ ឥឡូវ​ម៉ោង ៥​រសៀល ហើយ​ពួក​អ្នក​របួស​ក៏​ស្បើយ​ចំនួន​ទៅ​ដែរ​។ បុគ្គលិក​ចាប់​ផ្ដើម​សង្ឃឹម​ថា​បន្តិច​ទៀត​បាន​ឈប់​សំរាក​ហើយ​។
ក្នុង​គ្រា​នោះ នាង​ ចន្ទមណី​ បាន​រុំ​មុខ​របួស​ឲ្យ​ទាហាន​ម្នាក់​រួច​ក៏​ចេញ​មក​យក​អាកាស​ត្រង់​មាត់​ជណ្ដើរ​។ គិលានុបដ្ឋាយិកា​ពីរ​នាក់​ស្ទុះ​ទៅ​បើក​សន្ទះ​ខាង​ក្រោយ ហើយ​នាំ​គ្នា​សែង​ចុះ​មក​នូវ​បុរស​ម្នាក់​ដែល​ដេក​ស្ដូក​ស្ដឹង​ពុំ​ដឹង​ខ្លួន​។ ថ្វី​បើ​អ្នក​សន្លប់​នោះ​មាន​ក្បាល​រុំ​ស៊ោង​ពោង​មាន​មុខ និង​ឯក​សណ្ឋាន​ប្រឡាក់​ឈាម​ជោក នាង​គ្រាន់​តែ​ចោល​ភ្នែក​មួយ​ភ្លែត ក៏​ញ័រ​បេះ​ដូង​ព្រួយ​រន្ធត់​។ យី​ម៉េច​អី​ចឹង​?​ច្រឡំ​ភ្នែក​ទេដឹង​?​
ទាំង​ថប់​ព្រួយ​អួល​ផ្សា នាង​ដើរ​តាម​ពួក​សែង​អ្នក​របួស​ចូល​ក្នុង​បន្ទប់​វះកាត់​។ នាង​ដឹង​ថា កាល​នោះ​រាជការ​ខាង​ឥណ្ឌូចិន​បាន​បញ្ជា​ឲ្យ​ទាហាន​ទាំង​ឡាយ​ពាក់​ខ្សែ​ដៃ​ស្ពាន់​គ្រប់ៗ គ្នា​ ប្រដាប់​ដោយ​កូន​បន្ទះ​មួយ​ដែល​មាន​ចារ​ដាក់​ឈ្មោះ ដើម្បី​ងាយ​ស្គាល់​នាម​ក្នុង​ឱកាស​មាន​គ្រោះ​ថ្នាក់​ជា​យថាហេតុ​។ ដើម្បី​ឲ្យ​អស់​ពិភាល់​នាង​ទាញ​ដៃ​ស្ដាំ​អ្នក​របួស​សន្លប់​មក​មើល​ឈ្មោះ​។ គ្មាន​អ្វី​ឲ្យ​សង្ស័យ​បាន​ទៀត​ទេ !​ នៅ​លើ​បន្ទះ​ស្ពាន់​ស​មាន​ឆ្លាក់​អក្សរ​បារាំង​ថា ៈ​ ៉​ព្រិន្ទបាលទោ​ទីឃាវុធ​ លេខ​ប្រចាំ​ខ្លួន ១៣.៦៣៩​៉​។
ញ័រ​ខ្លួន​ចំប្រប់ នាង​ខំ​ទប់​មិន​ឲ្យ​ទឹក​ភ្នែក​ជោរជល ហើយ​ហូរ​ចេញ​មក​បាន​។ ដោយ​ថ្នាក់​ថ្នម​ដៃ គ្រូ​ពេទ្យ​ស័ក្តិ​ប្រាំ​បាន​ចាប់​លា​ប៉ង​ស៊ីម៉ង់​ក្បាល ដែល​គិលានុបដ្ឋាយិកា​បាន​រុំ​ជា​បណ្ដោះ​អាសន្ន​នៅ​ទី​ប្រឡូក​គ្នា​។ នុះ​បាន​ពិនិត្យ​ហើយ​លោក​ដុកទ័រ​ថ្លែង​ថា របួស​នេះ​សើៗ ទេ​ ព្រោះ​ត្រូវ​នឹង​អំបែង​គ្រាប់​កាំភ្លើង​ដែល​ជះ​មក​ពី​ចម្ងាយ​។ បន្ទាប់​មក​គ្រូ​ពេទ្យ​ចាប់​ដោះ​អាវ ហើយ​គយគន់​មុខ​របួស​ធំ​មួយ​ត្រង់​ឆ្អឹង​ជំនីរ​ទៀត ដុកទ័រ​យក​ម្រាម​សង្កត់ ទើប​លាន់​មាត់​ថាៈ​
យី​បាក់​ឆ្អឹង​ជំនីរ​អស់​ពីរ តែ​មិន​ដឹង​ជា​ប៉ះពាល់​ដល់​គ្រឿង​ក្នុង​ឬ​ដូច​ម្ដេច​ខ្លះ​។ មុន​នឹង​យក​ទៅ​ឆ្លុះ​វិទ្យុ​ឆាយា​កម្ម​ត្រូវ​ចាក់​ឈាម​បញ្ចូល​សិន​។
ថា​ក៏​បង្គាប់​ទៅ​ស្ត្រី​មេ​គិលានុបដ្ឋាយិកា ឲ្យ​យក​បំពង់​កែវ​មក​បឺត​ឈាម​អ្នក​របួស ដើម្បី​ធ្វើ​វិភាគ​មើល ដែល​ជា​ហេតុ​ឲ្យ​ដឹង​ជាក់​ថា​លោហិត​គេ​ជាប់​ក្នុង​ប្រភេទ​អក្សរ​ណា​។ ១៥​នាទី​ក្រោយ​មក​នាង​ព្យាបាល​ចូល​មក​ជំរាប​លទ្ធផល​វិញៈ​
-ឈាម​ពួក​អក្សរ​៉​ឃ​៉ ទាន​។ ខ្ញុំ​បាន​រក​សព្វ​គ្រប់​អស់​ហើយ​ឈាម​ស្រស់​ប្រភេទ​អក្សរ​នេះ​អស់​រលីង​គ្មាន​សល់​បន្តិច​សោះ​។
គ្រូ​ពេទ្យ​នៅ​ស្ងៀម​មួយ​ស្របក់​ទើប​សួរ​ថា​ៈ
-ពួក​គ្នា​យើង ដែល​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​បម្រុង​ឲ្យ​ឈាម​នោះ តើ​មាន​អ្នក​ណា​ជា​ពួក​អក្សរ​៉​ឃ​៉ ដែរ​ឬ​ទេ​?​
នាង​ ចន្ទមណី​ ដែល​ឈរ​ធ្មាំង​ដូច​ភ្លេច​ព្រលឹង ព្រោះ​សេចក្ដី​ព្រួយ​បារម្ភ​សង្កត់​ណែន ក៏​ភ្ញាក់​ខ្លួន​ព្រើត​ដោយ​ឮ​សំនួរ​នេះ​។ នាង​ឆ្លើយ​ថា​ៈ
-ខ្ញុំ​លោក​ឈាម​ខ្ញុំ​អក្សរ​៉​ឃ​៉ដែរ​។ លោក​ត្រូវ​ការ​ប៉ុណ្ណា ក៏​អញ្ជើញ​យក​ចុះ​ឲ្យ​តែ​បុរស​នេះ​បាន​ផុត​ពី​អន្តរាយ​។
កាល​បើ​បាន​ទទួល​ឈាម​ពី​នាង​ដល់​កម្រិត អតិបរិមាណ​ដែល​នាង​អាច​ធ្វើ​អំណោយ​បាន​រួច​ហើយ អ្នក​របួស​ដែល​ពី​មុន​ស្លាំង​ស្លឺត​ដូច​ទេស​ឯក​នោះ ឥឡូវ​ប្រែ​សម្បុរ​ហាក់​ដូច​ជា​មាន​ជីវភាព​ឡើង​វិញ​។ គ្រោះ​ធំ​ដែល​នាំ​ឲ្យ​នាង​តក់​ស្លុត​ដ៏​ចំហុត​នេះ បាន​ធ្វើ​ឲ្យ​នាង​ត្រេកអរ​មួយ​យ៉ាង​ដែរ​។ ព្រោះ​នាង​បាន​ឱកាស​ដ៏​ប្រសើរ​យក​ឈាម​នាង​ទៅ​ជួយ​ទ្រទ្រង់​ដោយ​ផ្ទាល់​នូវ​ជីវិត​បុរស​មួយ ដែល​នាង​លើក​ជា​កំពូល​នៃ​ចិត្ត​នាង​។ នាង​ឆ្វេង​យល់​ដោយ​ព្រឺព្រួច​ថា បេះ​ដូង​ទាហាន​ខ្មែរ​បាន​យោគ​យោល​បូម​ឈាម​ក្នុង​សរីរាង្គ​កាយ ដែល​មាន​ឈាម​របស់​នាង​លាយ​ជា​មួយ​ដែរ​។ ការ​ឆ្លុះ​វិទ្យុ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ធ្លុះធ្លាយ ឬ​ប៉ះពាល់​ដល់​គ្រឿង​សំខាន់​អ្វី​ទេ​។ ប៉ុន្តែ​ដោយ​មុខ​របួស​នោះ​ធំ​ពេក ហើយ​ដោយ​បាត់​បង់​ឈាម​ក្រាស់​ក្រែល​ផង អ្នក​រង​គ្រោះ ថ្វី​បាន​ទទួល​ថែទាំ​យ៉ាង​មុតមាំ​នៅ​តែ​មុន​ទាន់​បាន​ដឹង​ខ្លួន​នៅ​ឡើយ​។
នៅ​ពេល​នោះ ខ្សែ​រថភ្លើង​ដែល​ត្រូវ​ដឹក​អ្នក​របួស​យក​ទៅ​ថែរក្សា​ឯ​មន្ទីរ​ពេទ្យ​ធំ​នា​ក្រុង​បាងកក បាន​ទទួល​ចំណុះ​ពេញ​ក៏​ចេញ​ដំណើរ​ផុត​ទៅ​ហើយ​។ ដូច្នេះ​ពេទ្យ​ក៏​រៀប​ដំណេក​ដ៏​សមគួរ​ឲ្យ​អ្នក​របួស​ណា ដែល​ទើប​មក​ដល់​ក្រោយ​គេ​សំណាក់​សិន​។ កាលៈទេសៈ​យ៉ាង​នេះ​ពេញ​ចិត្ត​នាង ចន្ទមណី​ ណាស់​ ព្រោះ​នាង​នឹក​ថា ជា​ឱកាស​នាំ​ឲ្យ​នាង​បាន​ថែទាំ​មិត្ត​បាន​យូរ​ពេល​ទៅ​ទៀត លុះ​នាង​បាន​ងើប​អស់​កម្លាំង ដោយ​គេ​បាន​បូម​ឈាម​នាង​បញ្ចូល​ទៅ​ឲ្យ​គូ​កំសត់​របស់​នាង​ហើយ​។ នាង​ក៏​ម្នីម្នា​សួរ​រក​ដំណឹង​ភ្លាម​ពី​អ្នក​របួស​។ មិត្ត​នារី​ម្នាក់​ឈ្មោះ​ សុមជិត្ត​(​សមចិត្ត​) បាន​ឆ្លើ់យ​ថា​ៈ
-កុំ​ព្រួយ​ថ្វី​បង ចន្ទមណី​។ ទទួល​ដំណឹង​នេះ​ដោយ​ត្រេកអរ​ណាស់​។ នាង​ញញឹម​អរគុណ​ សុមជិត្ត​ ដែល​សួរ​នាង​បន្ថែម​ៈ នាង​ ចន្ទមណី​ តប​នឹង​សំនួរ​នេះ​ដោយ​ស្មោះ​ត្រង់​ៈ
-ប្អូន​អើយ !​ កាល​ដែល​ខ្ញុំ​ទៅ​លេង​ស្រុក​ខ្មែរ ខ្ញុំ​បាន​ជួប​បុរស​ចិត្ត​ជា​នេះ​ឯង នាំ​មើល​ស្រុក​ទេស​ជា​មួយ​ឪពុក​ខ្ញុំ​។
បន្ទាប់​មក​ នាង​ ចន្ទមណី​ ក៏​អធិប្បាយ​រៀបរាប់​អំពី​អនុស្សាវរីយ៍​ពី​ប្រទេស​កម្ពុជា​ឲ្យ​សហជីវី​នី​នាង​ស្គាល់​។
                                                                        ***
សូរ​គោះ​ទ្វារ​ទឹបៗ ហើយ​សម្លេង​ស្រី​ហៅ​រន្ថាន់​ទាំង​ភ័យ​ព្រួយ​ៈ
-លោក​គ្រូ​ពេទ្យ​ទាន !​ លោក​គ្រូ​ពេទ្យ​។
បន្តិច​ក្រោយ​មក ទើប​ឮ​សម្លេង​បុរស​ឆ្លើយ​មក ដោយ​ចាប់​ទាំង​ងងុយ​មក​ផង​!​
-អ្នក​ណា​មាន​ការ​អ្វី ?​
-ខ្ញុំ​ សុមជិត្ត​(​នារី​ឆ្លើយ​)​។ អ្នក​របួស​ខ្មែរ​ឈ្មោះ ទីឃាវុធ​ នោះ​សន្លប់​បាត់​ស្មារតី​ទៀត​ហើយ ហើយ​កំដៅ​ខ្លួន​ឡើង ៤០​អង្សា​។
ចេញ​ពី​បន្ទប់​ដំណេក​ទាំង​សឹង​ម៉ឹង​។ ពេទ្យ​ស័ក្តិ​ប្រាំ​ក៏​ដើរ​ខ្លួន​ទោរទន់ ដោយ​អត់​ងងុយ​ព្រោះ​ទៅ​កាន់​សាលា​អ្នក​របួស​ខាង​ក្រៅ​អាកាស​ត្រជាក់​នៃ​អធ្រាត្រ ជះ​ស្រោច​មក​លើ​រាងកាយ​ធ្វើ​ឲ្យ​បាន​ស្វាង​ងងុយ​បន្តិច​។ គ្រូ​ពេទ្យ​យក​ដៃ​ញី​ភ្នែក ហើយ​ដក​ដង្ហើម​ស្រូប​យក​កម្លាំង​ពី​រត្តិ​កាល​។
ក្រោម​ពន្លឺ​សន្ធោសន្ធៅ​នៃ​គោម​ឆ្លុះ​បញ្ចាំង ដុកទ័រ​តាំង​ឲ្យ​នាង​ព្យាបាល​ចាប់​បង្វិល​ខ្លួន​អ្នក​របួស​។
-យី​មុខ​ដំបៅ​ឆ្អឹង​ជំនីរ​ហើម​ច្រើន​ជាង​មុន ហើយ​គុំ​ខ្ទុះ​ផង​តើ​។ តោង​ដឹក​យក​ទៅ​ក្រុង​ទេព​ភ្លាមៗ ទើប​បាន​។ ធ្វើ​ម្ដេច​ទៅ​ហ្ន៎​ ?​ បើ​រថភ្លើង​ពេទ្យ​ចេញ​ផុត​ទៅ​ហើយ​។ បើ​ចាំ​ជិះ​រថភ្លើង​ធម្មតា ដែល​ចេញ​ម៉ោង ៩​ព្រឹក​នោះ​ដូច​ជា​យូរ​ពេក​។
ឈប់​មួយ​សន្ទុះ គ្រូ​ពេទ្យ​ក៏​អធិប្បាយ​ជូន​សហការី​ស្ដាប់​ថែម​ទៀត​ៈ
ប្រដាប់​វិទ្យុ​ឆ្លុះ​យើង​តូច​ពេក ចាស់​ពេក ទើប​មើល​ពុំ​បាន​ល្អិតល្អន់​បណ្ដាល​ឲ្យ​ហេតុ​យ៉ាង​នេះ​។ ដូច្នេះ​ត្រូវ​គិត​ដូច​ម្ដេច​ឲ្យ​បាន​ទៅ​ដល់​ក្រុង​ទេព​ដោយ​រួសរាន់​។
ក្នុង​ពេល​នោះ​នាង ចន្ទមណី​ ដែល​សុមជិត្ត បាន​ទៅ​ដាស់​ហៅ​មក​ដែរ បាន​ចូល​មក​ដល់​ហើយ​ឮ​សម្ដី​ខាង​ក្រោយ​នេះ​ទើប​នាង​ស្នើ​សុំ​ថា​ៈ
-កាល​ពី​ម្សិលមិញ ឃុន​ផ ខ្ញុំ​បាន​បើក​រថយន្ត​មក​លេង​នឹង​ខ្ញុំ​។ តើ​ខ្ញុំ​សុំ​អនុញ្ញាត​លោក​ដឹក​អ្នក​របួស​នេះ​ទៅ​ក្រុង​ទេព​ដោយ​ឡាន​ផ្ទាល់​ខ្លួន​បាន​ទេ ?​
                                                                         ***
មន្ទីរ​ពេទ្យ​សេនារ័ក្ស នៅ​វិថី​រាជទេវី ជា​រោង​ព្យាបាល​មួយ​ប្រកប​ដោយ​អគារ​មាន​ក្បាច់​ក្បូរ​បែប​ជាន់​ចាស់​នៅ​អឺរ៉ុប​។ សំណង់ៗ​នានា​តាំង​នៅ​ដាច់ៗ ពី​គ្នា ដោយ​ថ្នល់ ដោយ​លាន​ស្មៅ ដោយ​ស្រះ​ឬ​ដោយ​កសិណ បាន​នាំ​មក​នូវ​សេចក្ដី​ស្ងប់​ដល់​អ្នក​របួស​ទាំង​ឡាយ​ដែល​ទទួល​ការ​ថែទាំ​នៅ​ទី​នោះ​។
ក្នុង​អគារ​មួយ​ត្រង់​ជាន់​ខាង​ក្រោម​ដែល​មាន​គ្រែ​សៗ ចំនួន​សាមសិប​តម្រៀប​ជា​ពីរ​ជួរ​។ ទីឃាវុធ​ ដេក​សន្ធឹង​សន្ធៃ​សម្លឹង​មើល​ពិតាន​ធ្វើ​ភ្នែក​ភ្លឹះៗ​។ លើ​កូន​តុ​មួយ​ដាក់​ជិត​ក្បាល​ដំណេក បាច់​ផ្កា​វ៉័នដា​ស្រស់​ចំប្រប់ បង្ហាញ​ឲ្យ​ឃើញ​ថា​ក្នុង​ទី​ក្រុង​ខ្មាំង ដែល​ខ្លួន​រសាត់​មក​ដល់​នេះ​នៅ​មាន​ជន​សប្បុរស​ដែរ ដែល​ទាក់​ចិត្ត​ដល់​ជីវិត​ខ្លួន​។
ក្រោយ​ដែល​ពេទ្យ​បាន​វះ​ទំលាយ​មុខ​ដំបៅ បង្ហូរ​យក​ខ្ទុះ​ចេញ​ហើយ​ចាក់​ថ្នាំ​គ្រប់​យ៉ាង​ឲ្យ​ជីវិត​ទាហាន​ខ្មែរ​កម្លោះ​នេះ ដែល​ប្រតោង​ជាប់​តែ​ប៉ុន​សរសៃ​សក់​ទៅ​ហើយ ក៏​ស្រវា​ចាប់​បាន​បន្តិច​ម្ដងៗ​នូវ​ឫស​កែវ​នៃ​សង្សារវដ្ដ​។ 
នាង​ ចន្ទមណី​ លោក​ទេព​កោសល្ល ព្រម​ទាំង​ភរិយា និង​បង​ប្អូន​ឯ​ទៀត បាន​យក​ចិត្ត​ទុក​ដាក់​មក​សួរ​សុខភាព​អ្នក​របួស​ព្រឹក​ល្ងាច​ពុំ​សល់​ថ្ងៃ​ទេ​។ ថ្នាំ​ណា​ដែល​ពេទ្យ​គ្មាន តែ​ដែល​មាន​លក់​នៅ​ទី​ផ្សារ​ងងឹត​តម្លៃ​យ៉ាង​ខ្ពស់​នោះ​លោក  ទេព​កោសល្ល ចាត់​ឲ្យ​ទិញ​ឥត​រួញរា​ទេ​ធ្វើ​ដូច​ម្ដេច​ឲ្យ​តែ​មិត្ត​កំលោះ​បាន​រំដោះ​ផុត​ពី​ភ័យ​។
ក្រោយ​ពេល​ដែល ទីឃាវុធ​ ចាប់​ដឹង​ខ្លួន​ឡើង​វិញ​ហើយ​នាង ចន្ទមណី​ បាន​សង្កេត​ឃើញ​ថា កាល​ណា​នាង​មក​សួរ​ម្ដងៗ មុខ​អ្នក​ជំងឺ​នេះ​ឡើង​ក្រហម​ទុំ ខាំ​មាត់​ក្រឺតៗ ដោយ​ក្រោធ​ខឹង​ខ្លាំង ហើយ​បែរ​ភ្នែក​ចេញ​ពុំ​មើល​ចំ​នាង​ទេ​។ ដោយ​ឃើញ​ហេតុ​យ៉ាង​នេះ​ច្រើន​ដង នាង​ក៏​យល់​ថា គូ​ប្រចាំ​ចិត្ត​ខឹង​នឹង​នាង​ព្រោះ​ប្រកាន់​សេចក្ដី​ស្នេហា​ជាតិ​។ នាង​គិត​ឃើញ​ថា​មនោសញ្ចេតនា​បែប​នេះ​ជា​វត្ថុ​ធម្មតា​ទេ ដូច្នេះ​ហើយ​ទើប​នាង​មិន​ប្រកែ​ប្រកាន់​ខឹង​តប​វិញ​ឡើយ​។ ធ្វើ​ម្ដេច​ប្រទេស​ទាំង​ពីរ​បែរ​ជា​ខ្មាំង​នឹង​គ្នា ហើយ​ខ្លួន​អ្នក​កំលោះ​នេះ​សោត​ក៏​ត្រូវ​របួស​យ៉ាង​ដំណំ​ដោយ​ស្នាដៃ​ទាហាន​ថៃ ជាតិ​របស់​នាង​ទៀត​ផង​។ តាំង​ពី​នោះ​មក នាង​ពុំ​សូវ​ហ៊ាន​មក​ញឹកញាប់​ពេក​ទេ​ព្រោះ​យល់​ថា គប្បី​ឲ្យ​បុរស​នេះ​ជា​សះ​ស្បើយ​មែន​ទែន​សិន​សឹម​ពន្យល់​ឲ្យ​បាន​ច្បាស់​។ ក្នុង​ពេល​នេះ​នឹង​និយាយ​ឲ្យ​អស់​សេចក្ដី​ទៅ​ពុំ​ទាន់​បាន​ទេ ក្រែង​លោ​កញ្ជ្រោល​ខឹង​ខ្លាំង​បែរ​ជា​ធ្លាក់​ឈឺ​ធ្ងន់​ទៀត​។
កន្លះ​ខែ​ក្រោយ​មក ទីឃាវុធ​ បាន​គ្រាន់​បើ​មែន​ទែន​ក៏​ដើរ​ត្រឹបៗ ចេញ​មក​ខាង​ក្រៅ​អង្គុយ​លើ​ជើង​ម៉ា​វែង​មួយ​រំ​ហើយ​មើល​រស្មី​ព្រះ​អាទិត្យ​ដែល​លាត​សន្ធឹង​លើ​ផែន​ស្មៅ​កាត់​ត្រឹម​ស្មើ​ហើយ​ដែល​ស្រមោល​ម្លប់​ល្ងាច​កំពុង​រុញច្រាន​ឲ្យ​កាន់​តែ​រួញ​ខ្លី​ទៅៗ​។ ឮ​សូរ​ជើង​ខ្សាកៗ មក​ពី​ចំហៀង​ម្ខាង ទីឃាវុធ​ ក៏​ទៅ​ឃើញ​នាង ចន្ទមណី​ ស្លៀក​ពាក់​កះប្រូង​(​រ៉ូប​) ពណ៌​ផ្ទៃ​មេឃ លំអ​ដោយ​ជរ​ពណ៌​ស​នៅ​ត្រង់​ក និង​ដៃ​។ នាង​ដើរ​ចូរ​មក​ដោយ​ញញឹម​ព្រាយ​។ ដៃ​នាង​កាន់​បាច់​ផ្កា​ក្លូយម៉ាយ​(​អ័រគីដេ​) ពណ៌​កុលាប ព្រម​ទាំង​មាន​ក្មេង​ស្រី​ម្នាក់​កាន់​កញ្ចប់​វេច​ដោយ​សំពត់​ស​មួយ ដើរ​តាម​មក​ផង​។ បង្វេច​នោះ​សំណម​ជា​មាន​ចំណី ឬ​ផ្លែឈើ​ផង​ដែល​ជា​វត្ថុ​បម្រុង​សម្រាប់​អ្នក​ជម្ងឺ​។
ទីឃាវុធ​ ក្រោក​ឈរ​ភ្លាម មុខ​ក្រញូវ​តប​មុខ​ញញឹម​នារី​ដែល​ឱន​ខ្លួន​លើក​ដៃ​សំពះ​យ៉ាង​ទន់ភ្លន់​។ នាង​រៀប​នឹង​ផ្ដើម​មាត់​ចរចា ស្រាប់​តែ​សេចក្ដី​បន្ទោស​បោក​បោះ​ទាំង​គ្រើមៗ ហើរ​ចេញ​ពី​មាត់​បុរស​ខ្មែរ​ៈ
-ល្អ​ហើយ នាង​ចារនារី !​ ខ្ញុំ​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​ហើយ​។ យក​ទៅ​សម្លាប់​តែ​ម្ដង​ទៅ​ល្អ​ជាង កុំ​បាច់​មក​ញញឹម​លួង​ធ្វើ​អ្វី​ទៀត​ខ្ញុំ​គ្មាន​ការ​សម្ងាត់​អី​នឹង​ប្រាប់​ទេ​។ មួយ​ជីវិត​ខ្ញុំ​ចាញ់​បោក​នាង​ឯង​តែ​ម្ដង​បាន​ហើយ​។ ថា​ហើយ​ដើរ​ចេញ​ក្រេស​ពុំ​ចោល​ភ្នែក​មើល​ធីតា​ល្អ​ស្រស់​ដែល​ទឹក​នេត្រា​ហូរ​ស្រប​ភក្ត្រា​។
                                                                    ****
                                                          -​៩​-
                                                              សន្តិភាព​តូក្យូ
តាំង​ពី​បរាជ័យ​ថ្ងៃ​ទី ១៦​ មករា​ មក​ គឺ​បរាជ័យ​ដោយ​ខ្វះ​មធ្យោបាយ និង​ដោយ​សេន្យានុភាព​ស្ដួច​ស្ដើង​ពេក តែ​ដោយ​ពុំ​មែន​យុទ្ធជន​យើង​ខ្វះ​វីរមក្ម​ទេ តាំង​ពី​ថ្ងៃ​នោះ​មក ព្រឹត្តិការណ៍​កាន់​តែ​ដើរ​លឿន​រន្ថាន់​ឡើង​។
ទ័ព​សៀម​ច្រាន​ទ័ព​ឥណ្ឌូចិន ហើយ​វាយ​កាត់​ព្រំដែន​ចូល​លុក​មក​បាន​នៅ​ច្រើន​តំបន់​ទៀត​។ ព្រោះ​ឃើញ​កូន​សំពាយ​គាត់​បាន​ព្រាប​ដូច្នោះ​នៅ​ថ្ងៃ​ទី ២០​ មករា​ គ.ស​ ១៩៥១​ ម៉ាសឿកន្តឿ​ ក៏​តាំង​ស្នើ​សូម​តាំង​ខ្លួន​ជា​អាជ្ញា​កណ្ដាល​។ ដើម​ដំបូង​បារាំង​មិន​ព្រម​ផង​ទេ​ហើយ​ទទូច​ចង់​និយាយ​ផ្ទាល់​នឹង​សៀម​តែ​ម្ដង ព្រោះ​គិត​ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ពួក​កញ្ជ្រិល​បាន​សោះ​ឡើយ​។ ប៉ុន្តែ​ដោយ​ឃើញ​ស្ថាន​ការណ៍​របស់​ខ្លួន​កាន់​តែ​ទន់​ខ្សោយ​ជា​លំដាប់​រាល់​ថ្ងៃ ពួក​ភ្នែក​ស​ក៏​សង្កត់​ចិត្ត​លេប​ខ្មាស ហើយ​ព្រម​ថា​នឹង​ទម្លាក់​អាវុធ​ឈប់​តស៊ូ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៨​ មករា​ តទៅ​។
៉​ក្របី​ស៊ី​ស្រូវ     បង​មិន​សូវ​ហ៊ាន​ដេញ
ក្របី​ដើរ​ចេញ     បង​ដេញ​ឲ្យ​ស្រី​មើល​៉
ក្រុម​សេនាធិការ​សៀម ដែល​យក​ទំនុក​ច្រៀង​នេះ​ជា​ឧត្ដមគតិ​ឬ​ជា​ក្បួន​យុទ្ធសាស្ត្រ តាំង​ពី​ចាប់​ផ្ដើម​វាយ​ខ្មែរ និង​លាវ ក៏​បញ្ជា​យន្តហោះ​មក​ទម្លាក់​គ្រាប់​បែក​គគ្រឹក​គគ្រេង​នៅ​សៀមរាប និង​សិរីសោភ័ណ​ ក្នុង​ថ្ងៃ​ទី ២៥​ និង​២៧​ មករា​ ព្រោះ​នៅ​ម៉ោង ១០​ ព្រឹក​ថ្ងៃ​ស្អែក​ប្រតិបត្តិ​ការ​សឹក​ទាំង​ឡាយ​ក៏​ត្រូវ​ផ្អាក​ឈប់​ទាំង​អស់​។
នៅ​ថ្ងៃ​ទី ២៩​ អ្នក​តំណាង​ខាង​បារាំង និង​ខាង​សៀម​ចាប់​ជួប​ចរចា​គ្នា​នៅ​លើ​នាវា​កោះ​យីពុន ឈ្មោះ​ ៉​ណាតុរិ​៉ ដែល​បោះ​យុថ្កា​ចត​នៅ​កំពង់​ព្រៃនគរ​។
៣​ ថ្ងៃ​ក្រោយ​មក ការ​ផ្អាក​បាញ់​ក៏​បាន​ចុះ​ហត្ថលេខា​ដោយ​មាន​កំណត់​ពេល ១៥​ ថ្ងៃ​ គិត​ ពី​ថ្ងៃ ២៨​ មករា​ តទៅ​។ ដូច្នេះ​ការ​ផ្អាក​បាញ់​នេះ​ត្រូវ​ផុត​អាយុ​នៅ​ថ្ងៃ ១១​ កុម្ភៈ​។ គូ​ខ្មាំង​ទាំង​សង​ខាង​មាន​កាតព្វកិច្ច​រក្សា​ជួរ​ក្បាល​ទ័ព​ត្រឹម​បន្ទាប់​ប្រទល់​យោធា នៅ​ថ្ងៃ​ទី ២៨​ មករា​។
លុះ​បាន​សម្រេច​គ្នា​យ៉ាង​នេះ​ហើយ បារាំង​និង​សៀម​នាំ​គ្នា​ទៅ​ចរចា​សន្តិភាព​ឯ​ក្រុង​តូក្យូ រាជធានី​យីពុន​។ ក្នុង​គ្រា​នេះ យីពុន​តាំង​ខ្លួន​ជា​អារប៊ីត្រ ជា​មជ្ឈត្តករ បើក​ឱកាស​ឲ្យ​កូន​សំពាយ​របស់​ខ្លួន​បំផ្លើស​ការ​ទាមទារ​ពី​បារាំង​។ ខ្លា​បាក់​លោង​នេះ​ខំ​គ្រហឹម​ញេញ​មាត់​ដែល​អត់​ចង្កូម​សោះ​។ តែ​បង​ចចក​ពុំ​មាន​ញញើត​ខ្លាច​ដល់​តូច​មួយ​ឡើយ​គិត​ពី​មក​លោត​ត្របាក់​ដុំ​ភ្លៅ​ទាង​ពីរ​គឺ​ខ្មែរ​និង​លាវ​។ កិច្ច​ចរចា​នេះ​ទាក់ទង​ជីវិត​កម្ពុជរដ្ឋ​មែន​ពិត តែ​ខ្មែរ​យើង​ពុំ​មាន​សិទ្ធិ​ចូល​ជជែក​នឹង​គេ​ទេ​។ ព្រោះ​យើង​មិន​ទាន់​បាន​ឯករាជ្យ​នៅ​ឡើយ គេ​ចាត់​ទុក​យើង​ជា​៉​បរិមាណ​ឥត​ទម្ងន់​៉​។ សៀម​កំញើញ​ទារ បារាំង​រោទ៍​ទប់ តែ​យ៉ាង​នេះ​លុះ​ដល់​ថ្ងៃ​ទី ១១​ កុម្ភៈ​ ដែល​ជា​ថ្ងៃ​ផុត​កំណត់​ផ្អាក​បាញ់​។ ដោយ​មិន​ទាន់​បាន​ផល​អ្វី​សោះ​គូ​ភាគី​ក៏​៉​តុកឡុង​ពន្យារ​ថេរវេលា​ថែម ១៥​ថ្ងៃ​ទៀត​៉​។ បន្ថែម​ពេល​យ៉ាង​នេះ​ហើយ​ក៏​មិន​ដាច់​ស្រេច​ដែរ ក៏​លើក​ថ្ងៃ​កំណត់​ទៅ​ត្រឹម​ថ្ងៃ​ទី ៧​មិនា​។ ដើម​យីពុន​ធ្វើ​ជា ៉​អ្នក​កណ្ដាល​៉ ដោយ​ខន្តី​។ ប៉ុន្តែ​ ដល់​ក្រោយ​មក​ទប់​និង​ក្នាញ់​ពុំ​បាន ដោយ​ខឹង​ថា​ខូច​ពេល​វេលា​យូរ​ពេក ក៏​តាំង​លា​ដៃ​អាវ មូរ​ជើង​ខោ​ចូល​ប្រឡូក​ជ្រៀត​ជ្រែក​ផង​។ បារាំង​ភ័យ​ញ័រ​ខ្លួន​ដូច​មាន់​ឃើញ​ទឹក​ក្ដៅ ក៏​តាំង​ទម្លាក់​ស្លឹក​ត្រចៀក​ព្រម​ស៊ីញេ​លិខិត​សម្រប​មួយ​នៅ​ថ្ងៃ​ទី ១១​ មិនា​។ រហូត​ដល់​ថ្ងៃ​ទី ៩​ ឧសភា​ គ.ស​ ១៩៤១​ ទើប​គូ​ភាគី​បាន ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ជា​សម្រេច​។ ឯកសារ​នេះ​បង្ខំ​ឲ្យ​កម្ពុជា និង​លាវ​លះ​បង់​អាណា​ខេត្ត​អស់ ៧០.០០០​ គីឡូ​ម៉ែត្រ​ទ្វេគុណ​។ បារាំង​បាន​យល់​ព្រម​តែ​ដោយ​ធ្វើ​ឋបនិយ៏​យ៉ាង​ជាក់​លាក់​ព្រោះ​ថា សន្ធិសញ្ញា​នេះ​កើត​ឡើង ដោយ​មាន​ការ​បង្ខិត​បង្ខំ​ណី​មហា​អំណាច​ក្រៅ​សៃវៀន​។
                                                                                ***
អ្នក​អាន​ទាង​ឡាយ​គង់​ឈ្វេង​យល់​ច្បាស់ នូវ​ទំហំ​ទុក្ខ​លាយ​កំហឹង​ដែល​ពុះ​ពារ​ក្នុង​ទ្រូង ទីឃាវុធ​ ដ៏​ជា​អ្នក​ស្នេហា​ជាតិ​យ៉ាង​មោះមុត ក្នុង​ពេល​ដែល​សំណាង​អាក្រក់​មក​កាត់​ពន្លះ​មែក​ធាង​នៃ​មាតុភូមិ បណ្ដាល​ឲ្យ​កាន់​តែ​រួម​តូច​ទៅ​។ ទុក្ខ​នេះ​ត្រូវ​គុណ​មួយ​ជា​ដប់​ទៀត ព្រោះ​អកុសល​ផ្ទាល់​មក​ជាប់​ជា​ឈ្លើយ​នៅ​ប្រទេស​ខ្មាំង​ពិត​មែន​តែ​ពេទ្យ​សៀម​បាន​ថែរក្សា​របួស​ឲ្យ​ខ្លួន​បាន​សះ ជា​ដោយ​ស្រួល​បួល​។ ពិត​មែន​តែ​ការ​ថែទាំ​នេះ​បាន​ធ្វើ​ដោយ​ថ្នាក់​ថ្នម​តែ​ទាហាន​កំលោះ​យើង​ចាត់​ជា​ការ​ធម្មតា​ទៅ​វិញ​។ បើ​មាន​ទាហាន​សៀម​ត្រូវ​របួស​ដូច​ខ្លួន​ក៏​គង់​មាន​ពេទ្យ​ខ្មែរ គិលានុបដ្ឋាយិកា​ខ្មែរ​បី​បាច់​ដោយ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​ដែរ​។ មួយ​ទៀត​ដោយ​នឹក​ឃើញ​ដល់​ពិសោធន៍​ថ្មោង​ថ្មី​របស់​ខ្លួន ទីឃាវុធ​ ខំ​ប្រយុទ្ធ​មួនមាំ​ក្នុង​ចិត្ត​ប្រឆាំង​អាការៈ​មួយ​ដែល​ខ្លួន​ចាត់​ជា​ស្នេហ៍​របស់​សៀម​។ ស្នេហ៍​នេះ​ជា​ជម្ងឺ​រាតត្បាត​ធំ​ណាស់​។ មើល​ចុះ​នៅ​តាម​និគម​ជនបទ​ឲ្យ​ឮ​តែ​មាន​ល្ខោន​សៀម​មក​លេង​កាល​ណា វា​ឆ្កួត​ទាំង​ស្រី​ទាំង​ប្រុស ទាំង​ចាស់ ទាំង​ក្មេង​តែ​ម្ដង​។ សម្ដី​សៀម​ក៏​ពីរោះ ញញឹម​សៀម​ក៏​ស្រស់​បង្អែម​សៀម​ក៏​ឆ្ងាញ់​ពិសា កិរិយា​សៀម​ក៏​ទន់ភ្លន់ អ្វីៗ​ ទាំង​អស់​ពី​សៀម​គួរ​ប្រតិព័ទ្ធ​។ គិត​សព្វៗ ទៅ​វត្ថុ​ទាំង​នោះ​សុទ្ធ​តែ​ជា​ថ្នាំ​ពិស ឬ​ជា​នុយ​។ ខ្មែរ​ស្លាប់​តែ​នឹង​ស្មោះ​ត្រង់ ហើយ​លង់​ក្នុង​កណ្ដាប់​ដៃ​គេ​ច្រើន​គ្រា​ណាស់​មក​ហើយ​។ ល្មម​ដល់​ពេល​ភ្ញាក់​ខ្លួន​ហើយ​ដឹង !​ ...​។
ចិន្ដា​មួម៉ៅ​នៃ ទីឃាវុធ​ រោល​ឆាប​ឆេះ​ឡើង​ខ្លាំង​ឡើង​ទៀត​។ យី​ចារនារី ចន្ទមណី​!​ នឹក​ដល់​មាណវី​នេះ​ភ្លាម កំហឹង​ក៏​មក​អង្រួន​អស់​អង្គ​ប្រាណ​។ អ្នក​កំលោះ​ដេក​ទន្ទឹង​ចាំ​ដល់​ថ្ងៃ​ត្រឡប់​ទៅ​ស្រុក​វិញ​ព្រោះ​គួច​ស្អប់​សៀម​មិន​ថា រូប​ណា​ជា​រូប​ណា​ទេ​។ នៅ​យូរ​ទៅ​សំអប់​កាន់​តែ​ក្រាស់​ណែន​ឡើង​។ មិន​ខ្ចី​និយាយ​រក​អ្នក​ទេ ឬ​គួរសម​នឹង​ជន​ណា​ទាំង​អស់ សូម្បី​តែ​ចំពោះ​សមាជិក​កាកបាទ​ក្រហម​ក៏​ដោយ​។ បាយ​ទឹក​លេប​បាន​តែ ២.៣​ម៉ាត់ រួច​តាំង​សញ្ជប់​សញ្ជឹង​តែ​ម្នាក់​ឯង​រង់​ចាំ​តែ​ទន្ទឹង​តែ​ថ្ងៃ​ដែល​បរ​បក្ខ​ទាំង​ពីរ​ខាង ត្រូវ​ប្ដូរ​ឈ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក​។
                                                                      ***
សន្ធិសញ្ញា​សន្តិភាព​តូក្យូ ឬ​ហៅ​ដោយ​ខ្លី​ថា ៉សន្តិភាព​តូក្យូ​៉ ជា​គំរូ​អយុត្តិធម៌​យ៉ាង​ស្រស់ៗ ឆៅៗ​។ ចិត្ត​ខ្មែរ ទ្រូង​ខ្មែរ នឹក​ដល់​កាល​ណា​ក៏​គ្នាន់​ក្នាញ់​ឥត​ចេះ​ចប់​។ គិត​មើល​ចុះ​ខេត្ត​បាត់ដំបង​ត្រូវ​ដាច់​ទៅ​ទាំង​មូល ហើយ​យក​ទៅ​ទាំង​ភាគ​ធំ​នៃ​ខេត្ត​កំពង់ធំ សៀមរាប​ ស្ទឹងត្រែង​ (​ថ្វី​មិន​សូវ​សំខាន់​) ព្រម​ទាំង​ចំនៀរ​ខេត្ត​ពោធិ៍សាត់ មួយ​បន្ទះ​ទៅ​ទៀត​ផង​។ បង​ប្អូន​កាន់​សាសនា​ដូច​គ្នា មាន​ប្រពៃណី​ដូចគ្នា​ស្រូប​អារ្យ​ធម៌​ដូចគ្នា​ពិត​មែន តែ​បែរ​បាន​ឆោង​កាល​ណា បង​តែង​លោត​មក​ត្របាក់​ប្អូន​លេប​ដោយ​ឥត​ញញើត​មាត់​ទេ គឺ​ដោយ​ស្រណោះ​អាណិត​ទៀត​។ គេ​យក​លេស​ថា ព្រោះ​តែ​មាន​មនោសញ្ចេតនា​ជា​បង​ជា​ប្អូន​យ៉ាង​នេះ​ហើយ ទើប​គេ​ស្ទុះ​មក​ជួយ​ស្រោច​ស្រង់​យើង​ឲ្យ​រួច​ពី​ភាវៈ​កញ្ជះ​បាត​ជើង​បារាំង​។ អីចឹង​មែន !​ ព្រោះ​តែ​ចង់​ឲ្យ​ខ្មែរ​បាន​ល្អ​ហើយ ទើប​គេ​ដេញ​ឲ្យ​ខ្មែរ​យើង​លែង​រៀន​ខ្មែរ លែង​ឲ្យ​ស្រី​ខ្មែរ​ស៊ី​ស្លា លែង​ឲ្យ​មាន​ស្លៀក​សំពត់​ចង​ក្បិន ហើយ​បង្ខំ​ឲ្យ​ពាក់​មួក​ក្រឡេម​ក្រឡឹម​ពេញ​ទាំង​ក្រុង​បាត់ដំបង​។ ក្មេងៗ​ ទៅ​ចុះ​គ្រាន់​មើល​សម​ភ្នែក​ខ្លះ ឯ​ចាស់ៗ​ កណ្ដាល​មនុស្ស​វិញ ម្ដាយ​សម​អើយ​មើល​តែ​ស្វា​ប៉ាហ៊ី​តែ​ម្ដង !​ ...​។
គេ​ស្រឡាញ់​យើង​ណាស់ !​ សូម្បី​តែ​នាម​ស្រុក​ទេស​ភូមិ​តូច​តាច​អ្វី​ក៏​ដូរ​គ្មាន​សល់​ឡើយ​។ បាត់ដំបង​ ក្លាយ​ជា​ប្រៈតៈបង​ ក្រឡាញ់​ជា​ភិប៊ុនសុងក្រាម​(​ពិបុល​សង្គ្រាម​) មោង​ជា អៈធិតងថេវដេត​ (​អទិត្យទេវតេជ​) សសរស្តម្ភ​ ជា​ផៃ​រិរៈយ៉ដេត​(​ពៃរិរយតេជ​ គឺ​សត្រូវ​ខ្លាច​តេជះ​)​។ ប្រែ​អស់​គ្មាន​សល់​អ្វី​ទេ​ភូមិ​វត្ត​ស្វាយ ឡើង​ទៅ​ជា អាំផៈវុ័ន​(​អម្ពវ័ន​) អូរតាគី ជា​ក្លង​ប្រះ​អាក់ឃី (​អូរ​ព្រះអគ្គី​)​។
                                                                    *** 
ដូច​អ្នក​ទាំង​ឡាយ​គង់​ចាំ​បាន​ស្រាប់​ហើយ អូរតាគី​ ជា​ភូមិ​កំណើត​របស់ ទីឃាវុធ​។ ក្រោយ​ពី​បាន​ត្រឡប់​អំពី​ជាប់​ជា​ឈ្លើយ​សង្គ្រាម​នៅ​ក្រុង​បាងកក​មក ទាហាន​កំលោះ​ក៏​បាន​ទទួល​ដំណែង​ថ្មី​ជា​ចៅហ្វាយ​ស្រុក​ពួក​។ ទី​ប្រជុំ​ជន​ពួក​នៅ​ខាង​លិច​រវាង​១៥​គីឡូ​ម៉ែត្រ ពី​ក្រុង​សៀមរាប ពី​ពួក​ទៅ​ស្ទឹង​ព្រះ​ស្រុក ដែល​ជា​ព្រំដែន​ថ្មី​ក្នុង​ភូមិ​ភាគ​នេះ មាន​ចម្ងាយ​តែ ៧​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ទេ​។
ដោយ​ហេតុ​ថា ព្រំដែន​អង្កឹល​ជិត​មក​ទី​ប្រជុំ​ជន​ដូច្នេះ បញ្ហា​ថ្មី​ចំណោទ​ថ្មី​ក៏​កើត​ឡើង​ស្ទើរ​មិន​លស់​ថ្ងៃ នាំ​ឲ្យ​អ្នក​ដែល​មាន​មុខ​តំណែង​ត្រួតត្រា បាន​កង្វល់​អំពល់​មិន​ចេះ​តិច​ទេ​។ បន្តិច​ថា​មាន​ចោរ​លួច ចោរ​ប្លន់ ថា​មាន​អ្នក​រត់​គយ​។ ពួក​ទុច្ចរិត​ទាំង​អស់​រត់​ផ្លូច​ចុះ​ផ្លូច​ឡើង កាត់​ព្រំដែន ដូច​គេ​កាត់​របាំង​កំពុក​។ អ្នក​នៅ​ខាង​ដែន​ថ្មី​របស់​សៀម ក៏​ដូច​ជា​នៅ​ខាង​ខ្មែរ​ដែរ តែង​លួច​ឆ្លង​ព្រំដែន​ទៅ​មក​សួរ​រក​បង​ប្អូន​។ បន្តិច​ឮ​ថា​មាន​ឧប្បត្តិហេតុ​យ៉ាង​នេះ​យ៉ាង​នោះ មិន​សូវ​ស្ងាត់​ទេ នាំ​ឲ្យ​ចៅហ្វាយ​ស្រុក​ពួក​រវល់​ចាត់​ការ​មិន​ស្គាល់​ថ្ងៃ​យប់​ឡើយ​។ ដោយ​មាន​បណ្ដាញ​បញ្ហា​ចាក់​ស្រះ​គ្នា​យ៉ាង​នេះ រាជការ​សៀម​ដែល​បាន​មក​តាំង​សាលា​អាំ​ភើ​មួយ​នៅ​សសរ​ស្ដម្ភ ហើយ​សាលា ចង្វាត់​នៅ​ក្រឡាញ់ តែង​មក​រួម​ទាក់ទង​នឹង​រាជការ​ខ្មែរ​បារាំង​ជា​ញឹកញាប់​។ គ្រាន់​តែ​ជួយ​គ្នា​ដើម្បី​សម្រួល​ការ​ដោះ​បញ្ហា​ផ្សេងៗ​ប៉ុណ្ណោះ​ទេ តែ​មិត្ត​ភាព​នឹង​ចិត្ត​ថ្លើម​អ្វី​គ្មាន​ទាក់ទង​ផង​សោះ​ឡើយ​។
ចៅហ្វាយ​ស្រុក​កំលោះ ទីឃាវុធ​ ខំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិការ​ជា​បំផុត ប្រយោជន៍​ជួយ​សំរាល​កង្វល់​ប្រជារាស្ត្រ​ស្លូត​ត្រង់​ជា​ជន​រួម​ជាតិ​។ អ្នក​ខ្លះ​មាន​ស្រែ​ភ្លឺ ចំការ​នៅ​ខាង​ខ្មែរ តែ​មាន​ផ្ទះ​នៅ​ខាង​សៀម ហើយ​អ្នក​ខ្លះ​ក៏​ផ្ទុយ​ទៅ​វិញ​ដោយ​ឃើញ​ថា ប្រជារាស្ត្រ​រហេមរហាម និង​ព្រំដែន​អយុត្តិធម៌​នេះ​ខ្លាំង​ពេក រាជការ​ទាំង​សង​ខាង​ក៏​បាន​ព្រមព្រៀង​ចេញ​ប័ត្រ ឲ្យ​ជន​ណា​ដែល​ទប់​នៅ​លើ​បញ្ហា​យ៉ាង​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ទៅ​មក​បាន​ត្រឹម​ជំរៅ​២៥​ គីឡូ​ម៉ែត្រ​ពី​ព្រំដែន​។ រាស្ត្រ​បាន​ធូរ​ទ្រូង​គ្រាន់​បើ អ្នក​រាជការ​សៀម​ក៏​កកិល​មក​រក​ទាក់ទង​ចង​ស​មាន​ចិត្ត​ជា​មួយ​អ្នក​រាជការ​ខ្មែរ​ដែរ ព្រោះ​នៅ​ក្រឡាញ់​មាន​អី​កំសាន្ត នៅ​ព្រៃ​ជ្រូក​មាន​អី​លំហែ​ចិត្ត​ហើយ​នៅ​សសរស្ដម្ភ មាន​អី​កែ​អផ្សុក​និង​សេចក្ដី​ធុញ​ទ្រាន់ ?​ សុទ្ធ​តែ​៉​ម៉ៃ​មី​៉ ទាំង​អស់​។ ម៉្លោះ​ហើយ សៀម​តែង​សុំ​មក​លេង​ដល់​សៀមរាប​ដែល​សម្បូណ៌​ត្រី​សាច់​ សម្បូណ៌​បូរាណ​ដ្ឋាន​ជា​ទី​មនោរម្យ រំដោះ​សេចក្ដី​នឿយ​ណាយ​។
ទីឃាវុធ​ ជួប​ប្រាស្រ័យ​នឹង​ពួក​អ្នក​រាជការ​សៀម​បង្គ្រប់​តែ​កិច្ច​ប៉ុណ្ណោះ​ទេ គឺ​ប្រាស​ចាក​នូវ​សេចក្ដី​រាក់ទាក់​ជា​និច្ច​។ ថ្វី​បើ​នាយ​អាំ​ភើ​សសរស្ដម្ភ​ចេះ​តែ​គួរសម​មក​រក ព្រម​ទាំង​យក​ជំនូន​ខ្លះ ដូច​ជា​ទឹក​ដោះ​គោ​កំប៉ុង​ជា​ដើម ដែល​ខាង​ខ្មែរ​យើង​មិន​សូវ​មក​ផ្គាប់​ចិត្ត​ទៀត​ផង​។ ដោយ​មិន​ចង់​ជំពាក់​គុណ​គេ​យូរ ចំពោះ​សេចក្ដី​គួរសម​យ៉ាង​នេះ ទីឃាវុធ​ តែង​តប​ស្នង​វិញ​ភ្លាម ដោយ​ស្រា​ឡូ​លី​តា​ម៉ារលី ក្លូសដរ​ ឬ​ពិកអូរង្ស​ដែល​បារាំង​បិត​នៅ​ព្រៃនគរ ឬ​ដោយ​ត្រី​ងៀត ត្រី​ឆ្អើរ ត្រី​ប្រមាទ​ទន្លេសាប​។
ដោយ​នាយ​អាំភើ​ចេះ​តែង​ជជីក​អញ្ជើញ​ពេក ហើយ​ដែល​មាន​បំណង​ចង់​ទៅ​មើល​ប្រជារាស្ត្រ ដែល​ឆ្លង​ទៅ​ធ្វើ​ស្រែ​ភ្លឺ​នៅ​ក្នុង​ដែន​ដែល​ទើប​បាន​ទៅ​សៀម​ផង ទីឃាវុធ​ ក៏​ចូល​ស្នើ​ការ​នេះ​ចំពោះ​លោក​ចៅហ្វាយ​ខេត្ត​។ មន្ត្រី​ធំ​នេះ​បាន​តប​យោបល់​ថា ការ​ទៅ​មើល​អ្នក​ស្រុក​ខាង​យើង​ទៅ​ប្រកប​ជីវិត​ក្នុង​ដែន​សៀម​នោះ ជា​កិច្ច​ប្រសើរ​ម៉្យាង​ដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ទី​នោះ​យល់ថា រាជការ​ខ្មែរ​ពុំ​មែន​បោះ​បង់​ចុះ​ឡើយ​។
                                                                          ***
ព្រឹក​ព្រហាម​ថ្ងៃ​មួយ​ដោយ​មាន ៉​ដោយ​៉ ប៉ូលិស​សាលា​ស្រុក​ម្នាក់​ឈ្មោះ ថន​ ជូន​ទៅ​ផង ទីឃាវុធ​ ក៏​ចាប់​ចក្រយាន​ ៉​ឌីឡិកតា​៉ កង់​ធំ​លាប​ពណ៌​ឈាម​ជ្រូក ហើយ​ជិះ​ទៅ​ខាង​លិច ឆ្ពោះ​ទៅ​រក​ព្រំដែន​ស្ទឹង​ព្រះ​ស្រុក​។
ថ្ងៃ​រះ​លឿង​ទុំ បាច​សេចក្ដី​រីករាយ​ទៅ​លើ​វិការដ្ឋាន​មួយ ដែល​មន្ត្រី​កំលោះ​ធ្លាប់​ចូល​ចិត្ត​យូរ​មក​ហើយ​។ ខែ​ឧសភា បាន​នាំ​មក​នូវ​ភ្លៀង​ដំបូង​ក្នុង​ឆ្នាំ ហើយ​វាល​ស្រែ​ក៏​មាន​ជីវិត​ដោយ​សកម្មភាព​ភ្ជួរ​រាស់​។ ហ៊ុយៗ​ !​ គោ​ទាញ​នឹម​នង្គ័ល​យ៉ាង​តឹង​ក ឯ​ហ្វូង​រីក និង​គ្រលីងគ្រលោង​ ដើរ​រោម​ជា​បរិវារ​ចាំ​ដណ្ដើម​ជន្លេន និង​ដង្កូវ​ដែល​ផាល​បាន​គាស់​កកាយ​ចេញ​មក​។
ស្ទឹង​ព្រះ​ស្រុក ស្ពាន​ដែក​ចង្អៀត​មួយ​ផ្លោះ​កន្លង​ទឹក​ល្អក់​ខាប់​។ នេះ​ហើយ​ជា​ព្រំដែន​ថ្មី​។ នាយ​តម្រួត​ប្រចាំ​ការ​ដោយ​ស្គាល់​លោក​ចៅហ្វាយ​ស្រុក​ច្បាស់ ក៏​ស្ទុះ​មក​លើក​ដើម​ឫស្សី​លាប​ពណ៌​ក្រហម​ស​ដែល​ដាក់​ឃាំង​ទទឹង​ផ្លូវ ហើយ​តាំង​លើក​ដៃ​គំនាប់​ដោយ​គោរព​។
នាយ​ សុវឌ្យន៍​ សិរិឆ័យ​ (​សិរិជ័យ​) នាយ​អាំភើ​សសរស្ដម្ភ​ដែល​បាន​ទទួល​ដំណឹង​ពី​ខាង​សាលា​ស្រុក​ពួក​ជា​មុន ក៏​បាន​មក​ចាំ​ទទួល​មន្ត្រី​ខ្មែរ​នៅ​ទី​នោះ​ដោយ​រាក់ទាក់​។ អ្នក​រាជការ​ដ៏​មាន​សញ្ជាតិ​ខុស​គ្នា នេះ​ប្រាស្រ័យ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក លាយ​ខ្មែរ​លាយ​សៀម​និង​អង់គ្លេស​ដូច​ជា​ស្និទ្ធស្នាល​គ្នា​ណាស់​។
នៅ​ខាង​នេះ​ព្រំដែន ក៏​ដូច​នៅ​ខាង​នោះ​ដែរ វាល​ស្រែ​បរិបូណ៌​ទៅ​ដោយ​ការ​ប្រកប​ជីវិត​តែ​មួយ​យ៉ាង​គឺ របរ​ធ្វើ​ស្រែ​ចំការ​។ នាយ​អាំភើ​បាន​ជូន​សហសេវិក​ខ្មែរ​ដើរ​មើល​គ្រប់​ទិស​ទី ដែល​មាន​ស្រុក​ពី​ខាង​ពួក​សៀមរាប​មក​ភ្ជួរ​រាស់​។
លុះ​ដល់​ថ្ងៃ​ត្រង់ នាយ​អាំភើ​ជជីក​អញ្ជើញ​មន្ត្រី​ខ្មែរ​ឲ្យ​ទៅ​ពិសារ​បាយ​ផ្ទះ​ខ្លួន​។ កាល​នោះ ទីឃាវុធ​ បាន​ប្រកែក​យ៉ាង​យូរ ដោយ​យក​លេស​ថា​មាន​ការ​ប្រញាប់ ឬ​អ្វីៗ ផ្សេងៗ​ ទៀត​ តែ​មិន​ឈ្នះ​សេចក្ដី​គួរសម​របស់​សៀម​ឡើយ​។ ដោយ​ពេល​នោះ​បាន​ដើរ​មក​ជិត​ផ្ទះ​ល្អ​ជាង​គេ​នៅ​ភូមិ​សសរស្ដម្ភ នាយ​អាំភើ​សៀម​ទាញ​ដៃ​ហើយ​បំបត់​កង់ ទីឃាវុធ​ ឲ្យ​ចូល​ទៅ​ក្នុង​របង​មុខ​គេហដ្ឋាន​។ កាល​នោះ​នាង ជុឡាណុន​(​ចុលានន្ទ​) ជា​ភរិយា​នាយ​អាំភើ​តែង​ខ្លួន​ស្រស់បស់ ស្ទុះ​ចុះ​មក​ពី​លើ​ផ្ទះ​មក​បង្អោន​លាយ​លើក​ដៃ​សំពះ​ភ្ញៀវ​ទាំង​បង្ខំ​នេះ​។ ក្នុង​ពេល​នោះ ទីឃាវុធ​ ក៏​លំឱន​ខ្លួន​តប​សេចក្ដី​គួរសម​ទៅ​វិញ​ហើយ​ក៏​របូត​មាត់​និយាយ​សៀម ២​-​៣​ម៉ាត់​ទៅ​រក​។
នាង​សៀម​ភ្ញាក់​ខ្លួន ហើយ​ហា​មាត់​លំអ​ដោយ​ធ្មេញ​ស​ថ្លា​ទើប​ថ្លែង​សរសើរ​ៈ
-យី​ ឃុន​ ចេះ​ភាសា​សៀម​ច្បាស់​លាស់​ណាស់​តើ !​ ហួស​ពេល​ប្រកែក ទីឃាវុធ​ ក៏​ព្រម​ដើរ​ចូល​ក្នុង​គេហដ្ឋាន​ដែល​មាន​រៀប​តុ​កៅអី​ស្រេច​។
ការ​លៀង​អាហារ​ពេល​នេះ មាន​នំ​បញ្ចុក ទឹក​សម្ល​មាន់ មាន​ត្រី​អណ្ដែង​ចៀន​គ្រឿង មាន​ទឹក​គ្រឿង កាពិ​ផ្សំ​ដោយ​អន្លក់​ស្អំ ត្រប់​ ត្រសក់​ ដែល​ផ្គួប​គ្នា​នឹង​ប្លាធូ​ចៀន ហើយ​លើក​ឱជារស​ដោយ​ស្រា​ម៉ាលើ លាយ​សូដា និង​ទឹក​កក​។ ការ​និយាយ​គ្នា​រំលើក ដោយ​សោភ័ណភាព និង​ញញឹម​ស្រស់​នាង ចុលានន្ទ​ ក៏​បង្កើត​បរិយាកាស​មួយ​ដែល​ចូល​មក​រំលាយ​ដោយ​ឥត​ដឹង​ខ្លួន​សោះ នូវ​ភាគ​ខ្លះ​នៃ​ក្រមួន​កំហឹង និង​សំអប់​ដែល​បាន​រុំ​ស្រោប​ដួង​ហឫទ័យ ទីឃាវុធ​ ពី​មុន​រៀង​មក​។ កិរិយា​និយាយ​ទន់ភ្លន់ សម្លេង​សើច​ពីរោះ កាយវិការ​សមសួន​មុខ​មាត់ រូបរាង​ កំពស់​កំពរ​ និង​របៀប​តែង​ខ្លួន​ដោយ​មាន​រសជាតិ​នៃ​កិរិយា​ក្មេង​របស់​នាយ​អាំភើ បាន​ធ្វើ​ឲ្យ​ចៅហ្វាយ​ស្រុក​កំលោះ​រលឹក​កល់​អនុស្សាវរីយ៍​ចាស់​។
ដូច​ជា​របោម​តាម​រោម​ចេញ​ខាំ​គោ គំនិត​នេះ​តាម​រំខាន​ចៅហ្វាយ​ស្រុក​រៀង​រហូត​តាម​ផ្លូវ ក្នុង​ពេល​ធាក់​កង់​ត្រឡប់​មក​ពួក​វិញ​។ ប៉ុន្តែ​សេចក្ដី​ភ័ន្ត​ភាំង​ស្មារតី​យ៉ាង​នេះ​មិន​បាន​ឋិត​យូរ​ប៉ុន្មាន​ទេ​។ លុះ​បាន​ចេញ​ផុត​ឆ្ងាយ ពី​សសរស្ដម្ភ ​ទី​ដែល​មាន​ឥទ្ធិពល​ថ្មី​បង្ខំ​ឲ្យ​រលឹក​ដល់​មនោសញ្ចេតនា​ចាស់ កំហឹង​ក៏​ចូល​មក​អង្រួន​ខ្លាំង​ទៀត​។ នឹក​ស្ដាយ​ថា​មិន​គួរ​សោះ​ខ្លួន​មក​ចាញ់​ល្បិច​ទន់ភ្លន់​របស់​សៀម​ធូរៗ ងាយៗ​ ដល់​ម៉្លេះ !​ ស្មារតី​ភ្លឺ​ស្វាង​យ៉ាង​នេះ​ឋិត​នៅ​បាន​តែ​មួយ​ស្របក់ ក៏​សេចក្ដី​ពិភាល់​គួច​ដុះ​ឡើង​ក្នុង​ចិន្ដា​។ សូម្បី​តែ​តុលាការ​ដែល​មាន​ប៉ូលិស មេឃុំ​ ចៅហ្វាយ​ស្រុក អង្កេត​ជា​មុន ដែល​មាន​សុភា​ចារ​បុរស​ស៊ើប​សួរ​យ៉ាង​ខ្ទេចខ្ទី ក៏​នៅ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ​ខ្លះ​ដែរ​ក្នុង​ការ​កាត់​សេចក្ដី រឿង​ចារកម្ម​នោះ​គ្រាន់​តែ​មាន​ពិរុទ្ធ ដោយ​ផ្នែក​ជំនឿ​ទៅ​លើ​រាយ​ការណ៍ ភ្នាក់ងារ​សម្ងាត់​ម្នាក់​ប៉ុណ្ណោះ តែ​គ្មាន​ភស្តុតាង​ឯ​ទៀត​មក​បញ្ជាក់​ថែម​សោះ​។ គេ​គ្មាន​បាន​ចាប​ឯកសារ​អ្វីៗ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ឪពុក​និង​កូន​បាន​ប្រព្រឹត្តិ​អំពើ​ទ្រុស្ដ​មិត្ត​ត្រង់​ណា​ឡើយ​។ ពិត​មែន​តែ​រាជការ​សៀម​ខិលខូច​ឆ្លៀត​យក​ឱកាស​បារាំង​បាក់​ដៃ បាក់​ជើង ដើម្បី​ចូល​លុកលុយ​ដណ្ដើម​ដី​ខ្មែរ ប៉ុន្តែ​មនុស្ស​សៀម​មិន​មែន​ជា​ជន​ចិត្ត​អាក្រក់​គ្រប់​គ្នា​ទេ​។ នាង​ ចន្ទមណី​ ក្ដី​  លោក​ទេព​កោសល្ល​ ក្ដី​ ប្រសិន​បើ​ជា​មនុស្ស​មាន​ពុត​អាក្រក់​មែន​ម្ដេច​ក៏​មិន​បោះបង់​ខ្លួន​ចោល​ក្នុង​ពេល​ដែល​ខ្លួន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​គេ​។ នេះ​បែរ​ជា​មក​យក​ចិត្ត​ទុក​ដាក់​មើល​ថែទាំ​ខ្លួន​រៀង​រហូត​ដល់​ជា​។ មាន​ទាហាន​ខ្មែរ​ឯ​ទៀត ដែល​ត្រូវ​របួស​ហើយ​បាន​មក​ដេក​មន្ទីរ​ពេទ្យ​សេនា​រក្សា​ដូច​គ្នា​បាន​ប្រាប់​ថា បើ​កុំ​តែ​មាន​សៀម​ពីរ​នាក់​ឪពុក​និង​ធីតា​ដឹក​ខ្លួន​មក​ពី​អរញ្ញ​ទាំង​យប់​ដើម្បី​យក​មក​ថែរក្សា​នៅ​បាងកក​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ ម៉្លេះ​សម​ពិបាក​នឹង​ជា​ហើយ​មើល​ទៅ​។ មាន​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា កាល​នៅ​អរញ្ញ​នាង​សៀម​បាន​ទាំង​ព្រម​ឲ្យ​ពេទ្យ​យក​ម្ជុល​បូម​ឈាម​នាង​មក​ចាក់​បញ្ចូល​ឲ្យ ទីឃាវុធ​ ទៀត​ផង​។ ឱ​ប្រសិន​បើ​ខ្លួន​ទម្លាក់​កំហុស ហើយ​ចោទ​គេ​ដោយ​ភ័ន្ត​ច្រឡំ​មែន !​ ឱ​ទ្រូង​អើយ​សែន​ស្ដាយ ហើយ​អួល​ផ្សា !​ ...​។
                                                                            ***
នា​ក្រុង​បាងកក ត្រង់​ចំ​ពី​ក្រោយ​សួន​សត្វ​ឈ្មោះ ៉​ឌុស៊ីត​៉ (​តុសិត​) មាន​ច្រក​មួយ​បែក​ចេញ​ពី​ថ្នល់​ធំ​។ លុះ​បាន​ចូល​រំលង​ផ្ទះ ពីរ​បី​ខ្នង​មក អ្នក​ដើរ​ក្នុង​ច្រក​នោះ​នឹង​បាន​ដល់​ទៅ​មុខ​គេហដ្ឋាន​មួយ​ធំ​ស្រឡះ ជញ្ជាំង​ក្ដារ​លាប​ពណ៌​បៃតង​ចាស់ ដំបូល​ប្រក់​ក្បឿង​ក្រមៅ​។ មើល​ពី​ថ្នល់​មក​ផ្ទះ​នេះ​ពុំ​សូវ​ច្បាស់​ទេ ព្រោះ​កំបាំង​ដោយ​ដើម​សាវយុត ចំប៉ា​ និង​ដើម​ផ្កា​ឯ​ទៀត ដែល​ចោល​ពិដោរ​ល្វីង​ល្វើយ​។ កូន​ស្ពាន​ក្រាល​ក្ដារ​មួយ​បង្កោង​ខ្នង​កន្លង​កសិណ​ទឹក​ថ្លា​ខ្មៅ ដែល​លំអ​ដោយ​ព្រលិត​ក្រហម​។ ស្ពាន​នេះ​ជា​មធ្យោបាយ​ភ្ជាប់​គមនាគមន៍​ពី​ផ្ទះ​មក​ច្រក​សាធារណៈ​។
នៅ​លើ​របង​បន្ទះ​ឈើ​លាប​ស ដែល​ដោត​តម្រៀប​ហែ​តាម​មាត់​កសិណ​ដើម​ចេក​ទុំ បំបែក​មែក​បញ្ចេញ​សន្លឹក​ញឹក​ក្រាស់​លើ​រាន​ខ្ពស់​តូច​ទ្រវែង ដែល​ជា​ទ្រើង​សំរាប់​លតា​នេះ​ដោយ​ដាច់​មុខ​។ នៅ​ចំហៀង ខាង​ក្រៅ​ទ្វារ​របង​ធំ​ទូលាយ​ល្មម​រថយន្ត​បរ​ចេញ​ចូល​បាន​ស្រួល ស្វាយ​អុករ៉ង​(​ទ្រូង​ពេក​) មួយ​ដើម ស្លឹក​ស៊ុប​ទ្រុប ចោល​ម្លប់​ត្រឈៃ​ទៅ​លើ​មាត់​ទឹក​ពាក់​កណ្ដាល ហើយ​នៅ​ក្នុង​សួន​ពាក់​កណ្ដាល​។ ទោង​មួយ​ប្រដាប់​ដោយ​បន្ទះ​ឈើ​លាប​ពណ៌​លឿង​ក្រហម​ខៀវ​ឆ្លាស់​គ្នា ហើយ​ព្យួរ​ទៅ​លើ​ជើង​ដែក​លាប​ខៀវ បាន​យក​មក​បញ្ឈរ​ទុក​ក្រោម​ដើម​ស្វាយ​នេះ សម្រាប់​អង្គុយ​លំហែ​នៅ​ពេល​ថ្ងៃ​ក្ដៅ​។​ទី​ភូមិ​នេះ​ពន្យល់​ឲ្យ​ឃើញ​ថា ម្ចាស់​ពុំ​មែន​ជា​អ្នក​មាន​ថ្វី​ទេ​ដែល​តែង​ចូល​ចិត្ត​សង់​ភូមិ​គ្រឹះ​សំដែង​ឫក ឬ​បញ្ចេញ​ធនធាន​ដែល​ខ្លួន​ទើប​រក​បាន​។ ផ្ទុយ​ទៅ​វិញ​អ្វីៗ ក្នុង​ទី​ឋាន​នេះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ឃើញ​ស្រគត់ស្រគំ មាន​ទ្រព្យា​ជីដូន​ជីតា​មក​យូរ​ហើយ​។ ផ្ទះ​ក៏​មាន​រូបរាង​បែប​ចាស់ សួន​ក៏​សុទ្ធ​តែ​ដាំ​ដោយ​រុក្ខជាតិ​ដែល​បាន​ផ្ដល់​ផ្កា ផ្ដល់​ម្លប់​ច្រើន​តំណ​មក​ហើយ​។ សន្តិភាព​ស្ងួត​ស្ងប់​សោយរាជ្យ​ជា​និរន្តរ៍​ក្នុង​ទី​កន្លែង​នេះ​។
នៅ​ក្នុង​សង្កាត់​នេះ​មិន​សូង​មាន​មនុស្ស​អ៊ូអរ​ទេ​។ យូរៗ​ ៉​សាមឡំ​(​កង់​ប៉ី​)មួយ​រត់​រ៉ោញ​រលាស់​ឮ​សូរ​ភ្លឹបៗ ដូច​សកុណា​ទទះ​ស្លាប​។ មួយ​សន្ទុះ​ក្រោយ​មក​តុណ្ហីភាព ក៏​បន្ត​សេចក្ដី​ស្ងប់ស្ងាត់​ជា​ថ្មី​ឡើង​វិញ​។
នារី​ម្នាក់​កាន់​សៀវភៅ​ក្រាស់​ធំ​មួយ​ក្បាល មក​អង្គុយ​យោល​តែកតោក​ក្នុង​ទោង​។ តែ​នាង​ពុំ​បាន​មើល​សៀវភៅ​អាន​ទេ ព្រោះ​ភ្នែក​រវល់​សម្លឹង​ទៅ​ឆ្ងាយ​ឥត​ទី​ដៅ ហាក់​ដូច​ជា​ដេញ​តាម​អារម្មណ៍​ផ្សេងៗ​ដែល​កំពុង​បដិសន្ធិ​ក្នុង​វិញ្ញាណ​នាង​។ កូន​ត្រី​ល្អិតៗ ក្រហមៗ​ ហែល​បណ្ដើរ​គ្នា​រញង់​តាម​ចន្លោះ​គុម្ព​ព្រលិត​។
សព្វ​ដង​សត្វ​គ្រា វិការដ្ឋាន​បរិបូណ៌​ដោយ​សន្តិភាព​ប្រសើរ​យ៉ាង​នេះ តែង​តែ​ទាក់​ចិត្ត​នាង​ក្រៃលែង​។ តែ​នៅ​ថ្ងៃ​នេះ​នាង​ពុំ​អើ​ពើ​ផង​ឡើយ​។ នាង​យល់​និង​ស្គាល់​ច្បាស់​ហើយ​នូវ​កម្លាំង និង​ទំហំ​កំហឹង​ដែល​បោក​បក់​ជា​ព្យុះ​ក្នុង​ទ្រូង​បុរស​កំលោះ​ជា​គូ​ប្រចាំ​ចិត្ត​។ មែន​ទេ​ឬ​អ្នក​ផង​សរសើរ​ណាស់​ដល់​ជន​ណា ដែល​ចេះ​ស្ទួយ​ករណីយ​កិច្ច​ចំពោះ​មាតុ​ប្រទេស​ឲ្យ​បាន​ខ្ពស់​ផុត​លើ​មនោសញ្ចេតនា​ទាំង​ពួង ?​ តែ​ច្រឡោត​អី​ដល់​ជ្រុល​ហួស​ទៅ​ជា​ព្រហើន ហើយ​ប្រមាថ​មើល​ងាយ​សេចក្ដី​ស្នេហា​យក​ជើង​ញក់ញី​បុក​បែន​ដូច្នេះ​។ ម្ដេច​ក៏​យក​អយុត្តិធម៌​មក​កាច់​មូល​ចោទ​នាង​ថា​ជា​ចារនារី គួរ​ណាស់​តែ​ដោះ​អាថ៌កំបាំង​នេះ​ឲ្យ​សង្ស័យ​បាន​។
នាង​ ចន្ទមណី​ ដូច​អ្នក​អាន​យល់​ដោយ​ស្មាន​ស្រេច​មក​ហើយ​កំពុង​តែ​ត្រិះរិះ​បញ្ហា​នេះ ស្រាប់​តែ​ឮ​សូរ​ស្បែក​ជើង​អូស​ខ្សាកៗ មក​ពី​ក្រោយ​។  លោក​ទេព​កោសល្ល​ ដោយ​ឃើញ​មុខ​កូន​ចេះ​តែ​ក្រៀម​ក្រំ តែង​តែ​ជួញ​ចិត្ត​រក​វិធី​បន្លប់​ទុក្ខ​ៈ
-យី​កូន យើង​គិត​ដើរ​លេង​មើល​ស្រុក​មើល​ទេស​បន្តិច​ឬ​អី ?​
-ដើរ​លេង​ឯ​ណា​កើត ឃុនផ​ បើ​លោក​កំពុង​តែ​រាល​ឆេះ​។ ឯ​ចំបាំង​រវាង​ថៃ និង​ឥណ្ឌូចិន​សោត ក៏​ទើប​តែ​ស្ងប់​រលត់​ទៅ​ផង​។
-ផ​ ទើប​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ណី​ក្មួយ សុវឌ្ឍន៍​ និង​នាង​អាណុន ដែល​ទើប​បាន​ទៅ​កាន់​កន្លែង​ថ្មី ជា​អាំភើ​នៅ ៉​ពៃរីរយតេជ​៉​។
នាង​សួរ​ដោយ​ឆ្ងល់​ៈ
ស្រុក​អី​អញ្ចេះ មិន​ដែល​ឮ​ឈ្មោះ​ទេ ឃុនផ​ ?​
-ជា​តំបន់​មួយ​ដែល​ខ្មែរ​ហៅ​ថា​ៈសសរស្ដម្​ ហើយ​ដែល​ឥឡូវ​រាជការ​ថៃ​ជា​អាំភើ​៉​ពៃរីរយតេជ​៉វិញ​ដើម្បី​ឱ​ពីរោះ​រណ្ដំ​ជាង​។
-ខ្ញុំ​មិន​បាន​យល់​ផង​សោះ​នូវ​ផល​ប្រយោជន៍ ដែល​ទៅ​លោភ​ដណ្ដើម​ដែន​ដី​របស់​គេ​មក​ធ្វើ​ជា​របស់​ឯង ហើយ​កែ​ប្រែ​ឈ្មោះ​ដាក់​ផ្ដេសផ្ដាស​ដូច្នេះ​។ មើល​ចុះ​ក្រឡាញ់​ត្រូវ​ក្លាយ​ជា ៉​វិបុល​សង្គ្រាម​៉​។ កុំ​យើង​ឆោត ស្មាន​ថា​ខ្មែរៗ ដែល​ជា​អ្នក​ស្រុក​អ្នក​ភូមិ នៅ​ទី​នោះ​គេ​ល្ងង់​ទៅ​ហៅ​តាម​យើង​ឡើយ​។ មួយ​ទៀត​ដូច ឃុនផ​ ជ្រាប​ស្រាប់​ហើយ ឯ​ប្រវត្តិសាស្ត្រ​ក៏​បង្ហាញ​តួ​យ៉ាង​ច្រើន​ណាស់​មក​ហើយ​ដែរ​ថា​ការ​រំលោភ​ដណ្ដើម​យក​ដី​របស់​គេ​យ៉ាង​នេះ មិន​ដែល​នាំ​ឲ្យ​បាន​សេចក្ដី​សុខ​ទេ មើល​បារាំង​សែស និង​អាល្លឺម៉ង់​ ជា​ឧទាហរណ៍​ស្រាប់​។ មើល​ចុះ​សង្គ្រាម​សព្វ​ថ្ងៃ​នេះ​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​។ ខ្ញុំ​បាន​ស្ម័គ្រ​ធ្វើ​នាង​ព្យាបាល​ក្នុង​ពេល​ចំបាំង​មែន​ពិត តែ​គ្រាន់​តែ​នៅ​ថែរក្សា​អ្នក​រង​គ្រោះ​ប៉ុណ្ណោះ​ទេ​។ មិន​មែន​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ប្រយុទ្ធ​គ្នា​សោះ​ឡើយ​។
លោក​ទេព​កោសល្ល​ សម្លឹង​មើល​មុខ​កូន​ដោយ​ពេញ​ចិត្ត​ដោយ​អាណិត ទើប​តប​ថា​ៈ
-នរណា​ដឹង ?​ សង្គ្រាម​ជា​សេចក្ដី​ត្រូវ​ការ​របស់​ធម្មជាតិ​ក៏​មិន​ដឹង​ដែរ ?​ អាច​នឹង​មាន​កម្លាំង​អ្វី​ធំ មាន​ឥទ្ធិពល​អ្វី​ក្រៅ​ពី​និស្ស័យ​យើង​ដល់ មក​បង្កើត​ឲ្យ​មាន​ដូច្នេះ​ក៏​ពុំ​ដឹង ?​ កូន​គិត​មើល​អង្ក្រង​លើក​គ្នា​ទាំង​ហ្វូង​ទៅ​ប្រខាំ​គ្នា​ស្លាប់​ប៉ុន​គេ​ហាល​។ ខ្វះ​ណាស់​ដើម​ឈើ​ដែល​អាច​យក​ស្លឹក​មក​ផ្គុំ ហើយ​ភ្ជាប់​ជា​សំបុក​បាន​។ មួយ​ទៀត​ម្ដេច​ក៏​ធម្មជាតិ បង្កើត​ឲ្យ​មាន​សត្វ​ខ្លះ​ស៊ី​សាច់ ហើយ​ខ្លះ​ទៀត​ស៊ី​ស្មៅ​។ បើ​ស៊ី​ស្មៅ​ដូច​គ្នា​ទាង​អស់​ទៅ​ក៏​វា​ចប់​ទៅ​ហើយ​។ លែង​ឃើញ​ខ្លា​លោត​ត្របាក់​កាច់​ក​រមាំង​ក្ដាន់​ទៅ​ហើយ​។ ណ្ហើយ​រឿង​យ៉ាង​នេះ​និយាយ​មិន​ចប់​ទេ​។ ផ​ យល់​ថា​ក្នុង​ជីវភាព​គប្បី​រើស​តែ​ភាគ​ខាង​ល្អ ដើម្បី​យក​មក​ត្រេក​ត្រអាល​ទៅ​ប្រសើរ​ជាង​។ ដូច្នេះ​គួរ​យើង​ទៅ​លេង​តាម​សេចក្ដី​អញ្ជើញ​នាយ​អាំភើ​សសរស្ដម្ភ​ទៅ​។ តើ​កូន​ឯង​នឹង​ថា​ដូច​ម្ដេច​?​ យើង​អាច​បង្ហួស​ហួស​ទៅ​មើល​អង្គរ​បាន​ទៀត​ផង​។ មួយ​ទៀត​គេ​បាន​បបួល ផ​ ថា​ ឲ្យ​ទិញ​ដី​ស្រែ​មួយ​ចំនួន​ក្នុង​ចង្វាត់​(​ខេត្ត​បាត់ដំបង​)​។ បើ​ឃើញ​ថា​សម​ល្មម​ក៏​គួរ​តែ​ទិញ​ដែរ​ដី​នេះ​។ យើង​នឹង​ទៅ​តាំង​ភូមិ​ករ​នៅ​ទី​នោះ​។ នៅ​ក្នុង​ទី​ក្រុង​យូរ​ទៅ​អាប់​អួ​ណាស់​...​។
                                                                         ***
តាម​ទម្លាប់​របស់​ខ្លួន ទីឃាវុធ​ តែង​ក្រោក​ពី​ព្រហាម​ហើយ​ដើរ​ត្រួត​មើល​គុម្ព​ផ្កា និង​ធ្លា​ស្មៅ​ដែល​ដាំ​លំអ​នៅ​មុខ​សាលា​ស្រុក​។ ដើរ​បណ្ដើរ​គិត​បណ្ដើរ​។ គិត​អំពី​ពេល​ដែល​លោក​ចៅហ្វាយ​ខេត្ត​បាន​ចាត់​ឲ្យ​ខ្លួន​ទៅ​ភ្នំពេញ​ថ្មីៗ នេះ​ដើម្បី​បំពេញ​បេសកកម្ម​រាជការ​និង​អំពី​ខ្លួន​បាន​ជួប នឹង​វេគី ជា​មិត្ត​របស់​ខ្លួន​ធ្វើ​ការ​នៅ​ក្រុម​សម្ងាត់​។ ការ​នោះ​ភឿន​ទាំង​ពីរ បាន​នាំ​គ្នា​ប្រាស្រ័យ​អាហារ​នៅ​ភោជនីយដ្ឋាន​កុង​សាំង​។ នៅ​ចំពោះ​កែវ​ម៉ា​រលី​លាយ​សូដា និង​ប៊ូហ្វតិក​ផុយ​ល្អូក កំលោះ​ទាំង​ពីរ​ក៏​ចាប់​និយាយ​ពី​កិច្ច​បម្រើ​រាជការ​ផ្សេងៗ​។ ត​មក​ទីឃាវុធ​ក៏​បាន​រៀបរាប់​ប្រាប់​មិត្ត​អំពី​ខ្លួន​ត្រូវ​របួស​ធ្ងន់ ហើយ​ខ្មាំង​រើស​យក​ទៅ​ថែរក្សា​នៅ​អារញ្ញ ហើយ​នៅ​បាងកក​ទៀត​។ អធិប្បាយ​អំពី​គ្រួសារ ទេព​កោសល្ល ព្រម​ទាំង​កូន​គាត់​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ថ្នាំ​សង្កូវ ហើយ​ម្ហូប​អាហារ​គ្រប់​សព្វ​។​ពន្យល់​អំពី​ថា​ខ្លួន​លែង​បណ្ដោយ​ឲ្យ​ចាញ់​បោក​អ្នក​ណា​ទៀត​ហើយ​។ ៉​ខ្ញុំ​បាន​ទាំង​ដាក់​សម្ដី​ឲ្យ​នាង​ចន្ទមណី ជា​ពាក្យ​ធ្ងន់ៗ ឲ្យ​ឈឺ​ចាប់​ទៀត​ផង​៉ទីឃាវុធ​ បញ្ចប់​សេចក្ដី​ថ្លែង​ប្រាប់​មិត្ត​របស់​ខ្លួន​។
វេគី​ ស្ដាប់​ហើយ បើក​ភ្នែក​ធំៗ ហើយ​តប​ៈ
-យី​ !​ ទីឃាវុធ​ ខ្ញុំ​ភ្លេច​ឈឹង​តែ​ម្ដង​ហើយ​។ មាន​ភ័ន្ត​ច្រឡំ​ធំ​ណាស់​។
-ច្រឡំ​អី​ហា៎ស​?​ចៅហ្វាយ​ស្រុក​សួរ​ដោយ​ប្រញាប់​។
-ដែល​ថា គេ​ថា​ធ្វើ​ចារបុរស​មក​ស៊ើប​ការណ៍​សម្ងាត់​នោះ​មិន​មែន​ទេ​មិន​មែន ទេព​កោសល្ល​ទេ គឺ​សៀម​ម្នាក់​ទៀត ដែល​បាន​មក​បើក​ហាង​លក់​អីវ៉ាន់​មួយ​នៅ​ផ្សារ​ចាស់​ទេ​តើ​។ ខ្ញុំ​បាន​ចាត់​ឲ្យ​អង្កេត​ខ្ទេចខ្ទី​អស់​ហើយ តា​ប៉ិះ កោសល្ល​ គាត់​បាន​ភៀស​មក​នៅ​ស្រុក​យើង​ដោយ​ស្លូត​ត្រង់​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គាត់​ជា​សៀម គាត់​ជា​ពលរដ្ឋ​ប្រទេស​មួយ ដែល​បាន​លូក​ដណ្ដើម​ដែន​ដី​មាតុភូមិ​យើង​អស់​មិន​តិច​ដែរ​។
ទីឃាវុធ​ សញ្ជប់​មួយ​សន្ទុះ​ទើប​តប​ៈ
-ឯង​និយាយ​នេះ​ត្រូវ​ហើយ​។ ខ្ញុំ​បាន​ទៅ​ស្បថ​ឯ​អង្គរ​ស្រេច​ថា បើ​មិន​បាន​បាត់ដំបង​មក​វិញ​ទេ ខ្ញុំ​ក៏​មិន​ខ្ញី​ទាក់​ចិត្ត​រាប់​រក​សៀម​ណា​ថា​ជា​ក្លើម្រាក់ ជា​មិត្ត​ភក្តិ ឬ​ជា​អ្វី​ឯ​ទៀត​ទាំង​អស់​។ ប៉ុន្តែ​ទាស់​ស្ដាយ​បន្តិច ព្រោះ​ការ​ភ័ន្ត​ច្រឡំ​របស់​េង​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ប្រព្រឹត្តិ​អាកប្បកិរិយា​មិន​គប្បី​តប​នឹង​សេចក្ដី​គួរសម ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គេ​។ មិន​គួរ​សោះ​!​
មិន​គួរ​សោះ​ !​ នេះ​ជា​ពាក្យ​បន្ទោស​ខ្លួន​ឯង​ក្នុង​ពេល​ដែល​កំពុង​ដើរ​ត្រួត​គុម្ព​ផ្កា​។ មិន​គួរ​សោះ​ !​ ស្ដាយ​ណាស់ !​ មិន​គប្បី​ឲ្យ​ជាតិ​ដទៃ​មក​មើល​ងាយ​ខ្លួន​បាន ថា​ជា​មនុស្ស​ជួរនេរ​គុណ​គេ​។
                                                      ***
                                                      -​១០​-
                                  ជួប​ភ័ក្ដ្រ​ហើយ​តែ​មាន​ឧបសគ្គ​ធំ​រាំង​រា
ថ្ងៃ​ពូន​គ្នា​ជា​ខែ ខែ​ជា​ឆ្នាំ​។ សង្គ្រាម​លោក​ប្រែ​ភ័ក្ដ្រ​ប្រែ​ទិស​នៃ​ជោគ​វាសនា​។ នៅ​ទ្វីប​អឺរ៉ុប អាមេរិកកាំង​ អង់គ្លេស​ និង​រុស្សី រុញ​ច្រាន​អាល្លឺម៉ង់​ឲ្យ​ទាល់​ច្រក​។ នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វីក យីពុន​ ដក​ចង្កា​មាន់ រត់​ផ្លោះ​ចោល​ពី​កោះ​មួយ​ទៅ​កោះ​មួយ ដោយ​ អាមេរិកកាំង​ដេញ​តាម​កែង​ប្រកិត​។ បាងកក​ ព្រៃនគរ​ ភ្នំពេញ​ត្រូវ​គ្រាប់​បែក​រង​គ្រោះ​ខូចខាត​យ៉ាង​ដំណំ​។
នៅ​ថ្ងៃ​ទី ៩​ មិនា​ គ.ស.​ ១៩៤៥​ យីពុន​ចាប់​បារាំង​នៅ​កម្ពុជា​ដាក់​ទ្រុង ដាក់​តាង​រ៉ាង ហើយ​ក៏​តាំង​ប្រកាស​ឲ្យ​ខ្មែរ​ឯករាជ្យ​។
ចំ​ជា​ខិល​មែន ម៉ាសៀកញ្ច្រិច​ !​ សៀម​ដណ្ដើម​យក​ដី​ខ្មែរ​បាន​ក៏​ព្រោះ​តែ​គាត់​។ ឥឡូវ​គាត់​ស្រែក​ថា​ឲ្យ​ខ្មែរ​ឯករាជ្យ​
នៅ​សៀម​រៀប យីពុន​ ចាប់​បញ្ជូន​ពួក​រាជការ​ស៊ីវិល​បារាំង​ទៅ​ភ្នំពេញ​អស់​។ ឯ​នាយ​ទាហាន​បារាំង​នាំ​គ្នា​រត់​ចូល​ព្រៃ ដើម្បី​ប្រុង​ប្រយុទ្ធ​ប្រឆាំង​វិញ​។ យីពុន​លើក​គ្នា​បណ្ដាក់​នៅ​គ្រប់​ខេត្ត ហើយ​តាំង​ឲ្យ​ខ្មែរៗ ធ្វើ​ការ​ជំនួស​បារាំង​អស់ ឯ​ខ្លួន​ឯង​កាន់​តំណែង​ជា​ទី​ប្រឹក្សា​។
កាល​នោះ ប្រទេស​ខ្មែរ និង​ប្រ​ទេស​មាន​សៀម​មាន​ឋានៈ​ស្ទើរ​ប្រហែល​គ្នា​ព្រោះ៉​ឯករាជ្យ​៉ ដូច​គ្នា​ហើយ យីពុន​យក​ជើង​មក​ជាន់​លើ​សង្កត់​កប់​កែង​ដូច​គ្នា​។ ក្នុង​កាលៈទេសៈ​នេះ​ព្រំដែន ស្ទឹង​ព្រះ​ស្រុក​ស្ទើរ​តែ​រលប់​ស្នាម​បាត់ ព្រោះ​មនុស្ស​ទៅ​មក​ហាក់​ដូច​ជា​បាន​ដូច​ជា​តាម​អំពើ​ចិត្ត​។ ពួក​សៀម​ហូរ​មក​លេង​សៀមរាប​ហើយ​មើល​អង្គរ​។ ឯ​ខ្មែរៗ ជ្រួល​លាន់​ទៅ​សួរ​បង​ប្អូន​ខាង​ក្រឡាញ់ ទឹក​ជោរ បាត់ដំបង​។
ថ្ងៃ​មួយ​ជា​ថ្ងៃ​អាទិត្យ​។ ដោយ​ឆ្លៀត​ឱកាស​ពុំ​មាន​កិច្ចការ​នៅ​ការិយាល័យ ទីឃាវុធ​ ក្រោក​ពី​ដំណេក​ឡើង​ក៏​ដើរ​ត្រួត​មើល​ទី​លំ​នៅ​ប៉ូលិស​សាលា​ស្រុក ដែល​សង់​នៅ​រោង​វែង​ប្រក់​ស្បូវ ហើយ​មាន​ជញ្ជាំង​ស្លឹក​ដូង ឃាំង​ចែក​ជា​បន្ទប់ៗ​។ លោក​ចៅហ្វាយ​ស្រុក​កំពុង​តែ​កិន​ប៉ោចៗ ថា​ប្រពន្ធ​ប៉ូលិស​ម្នាក់​នោះ​ទុក​ឲ្យ​មាន​អាចម៍​មាន់​គរ​ក្រោម​ផ្ទះ ហើយ​ថា​នាង​ម្នាក់​ទៀត​បណ្ដោយ​ឲ្យ​មាន​ជ្រាំ​ស្អុយ​គគ្រុក ស្រាប់​តែ​ដោយ​ថន រត់​មក​គំនាប់​ហើយ​និយាយ​ៈ
-ព្រះ​តេជគុណ អាំភើ សសរស្ដម្ភ​មក​ទៀត​ហើយ​។ ម្ដង​នេះ​មក​ឡាន​ទាន​។ នុ៎ះ​ឈប់​នៅ​ថ្នល់​។
ទីឃាវុធ​ ដើរ​តម្រង់​មក​រក​ភ្ញៀវ​ដោយ​មាន​ទឹក​មុខ​ស្មើៗ គឺ​មិន​ធុញ​ទ្រាន់​មិន​ត្រេកអរ​។ នាយ​ សុវឌ្ឍន៍​ និង​នាង​ ចុលានន្ទ​ ចុះ​ពី​ឡាន​ផ្លិត​ចាស់​ម៉ាក​ហ្វដ៍​មួយ ដែល​លើក​ដំបូង​ជិត​ហើយ​មក​ឈរ​ចាំ​ត្រង់​ជណ្ដើរ​សាលា​ស្រុក​។​លុះ​  ទីឃាវុធ​ មក​ដក់​ជិត​បុរស​-​ស្ត្រី​សៀម​ទាំង​ពីរ​លើក​ដៃ​សំពះ​សួរ​ដោយ​រាក់ទាក់​។
-ជំរាប​សួរ​លោក​សុខ​សប្បាយ​ជា​ទេ?​ ​។
និយាយ​គ្នា​បណ្ដើរ អ្នក​ទាំង​ពីរ​នាំ ទីឃាវុធ​ ឆ្ពោះ​ទៅ​រក​ឡាន​បណ្ដើរ​។ នាយ​ សុវឌ្ឍន៍​ សួរ​ៈ
-ខ្ញុំ​នាំ​បង​ប្អូន​ពីរ​នាក់​មក​លេង​ជា​មួយ​ផង​។ តើ​ទៅ​មើល​អង្គរ​បាន​ឬ​ទេ​?​
ទីឃាវុធ​ ដោយ​ឥត​ទាន់​ឃើញ​មុខ​អ្នក​ដំណើរ ដែល​កំបាំង​នឹង​ដំបូល​ឡាន ក៏​ឆ្លើយ​ដោយ​រួសរាន់ ព្រោះ​យល់​ថា​ជា​ឱកាស​តប​ស្នង​សងគុណ​គេ​ដែល​ទទួល ហើយ​លៀង​អាហារ​ខ្លួន​នៅ​សសរស្ដម្ភ​ៈ
-មាន​អី​លោក​មាន​អី ឃុន​។ ខ្ញុំ​ថ្ងៃ​នេះ​ទំនេរ ខ្ញុំ​ជូន​លោក​ទៅ​ផង​ក៏​បាន​ប្រសិន​បើ​មិន​សូវ​ចង្អៀត​ពេក​ទេ​។
-មិន​ចង្អៀត​ទេ តែ​កុំ​លោក​ពិបាក​អី​។ គ្រាន់​តែ​បើក​អនុញ្ញាត​ឲ្យ​ក៏​អរ​ណាស់​ទៅ​ហើយ​។
ដោយ​ចិត្ត​ជា​អ្នក​មិន​ចង់​ចាញ់​សៀម ក្នុង​សេចក្ដី​គួរសម ទីឃាវុធ​ ឆ្លើយ​វិញ​ភ្លាម​ៈ
មិន​ពិបាក​អ្វី​សោះ​ឡើយ ខ្ញុំ​អរ​ណាស់​ដោយ​មាន​បាន​ជួប​លោក​និង​ឃុន​ទាំង​ពីរ​នាក់​។ មួយ​ទៀត​ខ្ញុំ​សូម​អញ្ជើញ​លោក​និង​ឃុន ព្រម​ទាំង​ភ្ញៀវ​របស់​លោក​ផង ទៅ​ពិសារ​បាយ​ថ្ងៃ​ត្រង់​ឯ​មាត់​បារាយណ៍​។
ថា​ហើយ​ក៏​បែរ​ទៅ​រក​ដោយ​ថន ដែល​ឈរ​ជិត​ទី​នោះ​ខ្សឹប​ឲ្យ​ជួល​រ៉ឺម៉ក​កន្ទេល​ខ្នើយ ទិញ​មាន់​ទៅ​អាំង ហើយ​ត្រី​រ៉ស់​ទៅ​ដុត​ព្រម​ទាំង​ស្រា​ទឹកកក ផ្លែឈើ​ ហើយ​ប្រដាប់​ប្រដា​គ្រប់​យ៉ាង​ទៅ​រៀបចំ​ឯ​បារាយណ៍​នៅ​វេលា​ថ្ងៃ​ត្រង់​។ ចៅហ្វាយ​ស្រុក​បញ្ជាក់​ឲ្យ​រក​មីង​ស្រីៗ ជា​អ្នក​ជិត​ខាង ២​-​៣​នាក់ ឲ្យ​ទៅ​ជួយ​ស្ល​ដណ្ដាំ​ផង​។ តមក​ដក​កាបូប​ហូត​យក​ពីរ​រយ​រៀល​ប្រគល់​ទៅ​ឲ្យ​ដោយ​ថន​។ ចាត់​ការ​នេះ​ស្រេច​ហើយ ទីឃាវុធ​ ក៏​បែរ​មក​រក​ភ្ញៀវ​ដែល​នាំ​ខ្លួន​ដើរ​ទៅ​រក​ឡាន​។
-យី​ឃុន !​ ខ្ញុំ​មក​នេះ​នាំ​ឲ្យ​ឃុន​ពិបាក​លៀង​បាយ​ទឹក​អី​ទេ​។ នាង​ ចុលានន្ទ​ ឧទាន​ដោយ​សម្លេង​ស្រួយ​ស្រេះ​។
-ពិបាក​អ៊ីចឹង រាប់​អាន​ស្រឡាញ់​គ្នា​ហើយ​(​អ្នក​រាជការ​ខ្មែរ​តប​)​។
លុះ​ដល់​ជិត​ទៅ​ឡាន ទីឃាវុធ​ សម្លេង​ទៅ​ខាង​ក្នុង​ហើយ​ទច់ង៉ក់​ស្រឡាំងកាំង ទាំង​យានិក​ហើយ​ទាំង​ចៅហ្វាយ​ដែល​ធ្វើ​មុខ​មីង​ម៉ាំង​ដូច​គ្នា​។
ក្នុង​ពេល​នោះ នាយ​ សុវឌ្ឍន៍​ ដែល​មិន​ដឹង​រឿង​រ៉ាវ​អ្វី​សោះ​ក៏​ចាប់​ផ្ដើម​ណែនាំ​ឲ្យ​ស្គាល់​គ្នា​ៈ
-នេះ​ឃុន ទេព​កោសល្ល វិចិត្រករ​ ជា​ឪពុក​មា​ជីដូន​មួយ​ខ្ញុំ​។ នេះ​នាង​ ចន្ទមណី​ ជា​កូន​គាត់​។ នេះ​លោក ទីឃាវុធ​ ជា​ចៅហ្វាយ​ស្រុក​ពួក ហើយ​ជា​មិត្ត​របស់ អាណុន​និង​ខ្ញុំ​។ លោក​ចិត្ត​ល្អ​ណាស់​ហើយ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ជិត​ស្និទ្ធ​។
អ្នក​នៅ​ក្នុង​ឡាន ហើយ​នៅ​ក្រៅ​ឡាន​លើក​ដៃ​សំពះ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​។ តែ​ស្មារតី​ភ័ន្ត​ភាំង​រៀង​ខ្លួន​ស្ងួត​ទឹក​មាត់​អស់ រក​ពាក្យ​មួយ​ម៉ាត់​និយាយ​ក៏​ពុំ​បាន​ផង​។
                                                                       ***
ព្រោះ​ប្រកាន់​ខ្លួន​ជា​មគ្គទេសក៍ ទីឃាវុធ​ ប្រកែក​ពុំ​ព្រម​អង្គុយ​ខាង​ក្រោយ​ជា​មួយ​លោក  ទេព​កោសល្ល និង​ចន្ទមណី​ទេ​។ ដូច​នាង ចុលានន្ទ​ដែល​កាល​មុន​អង្គុយ​ទន្ទឹម និង​ប្ដី​ដែល​ជា​អ្នក​កាន់​ចង្កូត ក៏​ត្រូវ​ឡើង​ជិះ​ខាង​ក្រោយ​វិញ ទុក​កន្លែង​ឲ្យ​ចៅហ្វាយ​ស្រុក​។
កិរិយា​យុវជន​ទាំង​ពីរ ដែល​ចៃដន្យ​បាន​ដឹក​ដៃ​ឲ្យ​មក​ជួប​គ្នា​ជា​និច្ច​ក្នុង​ពេល​នេះ កាន់​កិរិយា​ឆីៗ ហាក់​ដូច​ជា​មិន​ដែល​ស្គាល់​គ្នា​សោះ​។ ម្ខាង​គិត​ឃើញ​ថា មិន​ដឹង​ជា​គេ​នៅ​ខឹង​សំបារ​នឹង​ខ្លួន​ឯង​យ៉ាង​ណា​នៅ​ឡើយ ព្រោះ​ស្រុក​របស់​ខ្លួន​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​គេ​។ ចំណែក​ម្ខាង​ទៀត​នៅ​ជាប់​អៀន​ប្រៀន ព្រោះ​ខ្លួន​បាន​ចោទ​គេ​ដោយ​ខុស ហើយ​បញ្ចេញ​កាយវិការ​ព្រហើន​ដាក់​គេ​ថែម​ទៀត​។  ទីឃាវុធ​ យល់​ច្បាស់​ដែរ ថា​ខ្លួន​តោង​រៀបចំ​ឲ្យ​មាន​យុត្តិធម៌​ឡើង​វិញ ដោយ​ទទួល​សូម​ទោស​ទាំង​ឪពុក​ទាំង​កូន តែ​ហាក់​ដូច​ជា​មិន​ទាន់​សម​កាលៈទេសៈ​។ កុំ​បាន​នាង ចុលានន្ទ​ និយាយ​ចេចចាច​រហូត​ផ្លូវ កុំ​អី​មិន​ដឹង​បរិយាកាស​ចង្អៀត​ចង្អល់​យ៉ាង​ណា​ទេ​។ ចំណែក​លោក ទេព​កោសល្ល​ គាត់​ក៏​មាន​គំនិត​ស្រប​ដូច​គ្នា​ដែរ ខំ​និយាយ​ពី​នេះ ពី​នោះ​បន្លប់​។ តែ​ដោយ​ឥត​ចេញ​សម្ដី​អ្វី ឬ​ធ្វើ​កិរិយា​យ៉ាង​ណា​ដែរ​អាច​ឲ្យ​សហជីវិន​ទាំង​ឡាយ​ចាប់​ភ្លឹក​គ្នា កាល​ពី​ដើម​ខ្លួន​ធ្លាប់​ស្គាល់​អ្នក​កំលោះ​ខ្មែរ​ដែរ​។
ទីឃាវុធ​ អង្គុយ​សំកុក​ក្រងុក​ស្មារតី​ឡឺន​ឡក់​។ ភ័ក្ដ្រ​នាង ចន្ទមណី​ កាន់​តែ​ក្រៀមក្រំ​ទៅ​ដោយ​មនោសញ្ចេតនា​ច្រើន​ប្រភេទ​មក​កញ្ជ្រោល​បោក​បាច​ក្នុង​ហឫទ័យ​នាង​។
ព្រោះ​ ទីឃាវុធ​ បាន​ស្នើ​សួរ​យោបល់ សុវឌ្ឍន៍​ ឡាន​ក៏​បើក​ហួស​ភូមិ​មុខ​នាគ មិន​បាន​ឈប់​មើល​ច្រើន​លើក​ច្រើន​គ្រា​ណាស់​ហើយ​។ បន្តិច​ក្រោយ​មក​រថយន្ត​ក៏​ឲ្យ​សញ្ញា​វែង​ជា​ព្រមាន មុខ​ឆ្លង​កាត់​ទ្វារ​ជ័យ​ចូល​ទៅ​ក្នុង​បរិវេណ​អង្គរ​ធំ​។ ពួក​អ្នក​ដំណើរ​ក៏​នាំ​គ្នា​ទៅ​ឈប់​ចំ​មុខ​បាពួន ហើយ​ដើរ​ចូល​ទៅ​មើល​វិមាន​បាក់​បែក​នេះ​។ លោក​ទេព​កោសល្ល នាង​ ចុលានន្ទ​ និង​ចន្ទមណី​ ដើរ​ជួរ​ខាង​មុខ​ឯ ទីឃាវុធ​ និង​សុវឌ្ឍន៍​បោះ​ជំហាន​រង្វើលៗ ពី​ក្រោយ​។
ទីឃាវុធ​ គយគន់​រូប​ឆោម នាង​ ចន្ទមណី​ ដោយ​ញាប់​ញ័រ​ព្រោះ​សង្កេត​ឃើញ​ថា នាង​ស្គម​ខុស​ចំណាំ​ដើម​បន្តិច​។ ចំពោះ​ចក្ខុ​មន្ត្រី​កំលោះ ភាព​ស្រក​សាច់​នេះ​បាន​ញាំង​សម្បុរ​នាង​ឲ្យ​ស្លាំង​បន្តិច​ដែរ​។ តែ​ដែល​បណ្ដាល​ឲ្យ​នាង​មាន​ដូច​ជា​រស្មី​មួយ ដែល​ញាំង​ឲ្យ​អាណិត​ហើយ​គោរព​ផង​។ ទុក្ខ​ព្រួយ​បាន​បន្លំ​សម្ផស្ស និង​សោភ័ណភាព​នាង​ឲ្យ​កាន់​តែ​មាន​តុល្យភាព​ស្រគត់ស្រគំ​ឡើង​។ យី​កុំ​តែ​នឹក​ខ្មាស​សហជីវិន​ឯ​ទៀត​ទេ​កុំ​អី ទីឃាវុធ​ នឹង​ស្ទុះ​ទៅ​សុំ​ទោស​នាង អំពី​ព្រហើន​គ្រាត​គ្រើម​របស់​ខ្លួន​។ ក្នុង​ពេល​នេះ​ចៅហ្វាយ​ស្រុក​កំលោះ​យល់​ថា ការ​សូមទោស​ជា​ការ​ចាំ​បាច់​បំផុត​ខាន​ពុំ​បាន​ទេ ថ្វី​បើ​សម្បថ​ហាម​ប្រាម​ខ្លួន​ថា​លែង​ឲ្យ​ចង​ស្នេហា​ជា​ថ្មី​ឡើង​វិញ​បាន​។ ទោះ​បី​ខំ​ទប់​យ៉ាង​ណា ក៏​អនុស្សាវរីយ៍​ចាស់​នៅ​តែ​រើ​កញ្ជ្រោល​ប្រាកដ​រូប​ឡើង​ក្នុង​វិញ្ញាណ​យុវ​មន្ត្រី​ខ្មែរ​។ ឱ​ !​ ពី​ដើម​ជិត​ដិត​ដល់​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ពាក្យ ៉​បង​... អូន​៉ យ៉ាង​ទន់​ល្ហែម​។ ឥឡូវ​សេចក្ដី​សង្ឃឹម​នេះ​បែក​ខ្ចាត់​ខ្ចាយ​អស់ ទុក​សល់​តែ​បំណែក​ដែល​ចោល​ពន្លឺ​ភ្លែតៗ ដូច​កំទេច​ចរណៃ​។
បាពួន​ ភិ​មាន​អាកាស ព្រះ​លាន​ដំរី ព្រះ​លាន​ស្ដេច​គម្លង់​ថែវ​ស្ត្រី​គ្រប់​លក្ខណ៍​...​ ការ​ដើរ​មើល​បូរាណ​វត្ថុ​ល្អ​រក​អ្វី​ប្រៀប​បាន​ក្នុង​សាកល បាន​នាំ​យុវ​មិត្ត​ដែល​ញញើត​ចិត្ត​គ្នា​រៀង​ខ្លួន​ដោយ​ការ​យល់​ច្រឡំ ឲ្យ​កាន់​តែ​ស៊ាំ​មាត់​ក​និយាយ​រក​គ្នា ប្រាស្រ័យ​គ្នា​នេះ​តែង​ប្រើ​ពាក្យ​កណ្ដាលៗ​។ ទេ​ !​ មិន​ឲ្យ​អ្នក​សង្កេត​ការណ៍​ណា​ចាប់​ថ្នាក់​ថា​ធ្លាប់​ស្គាល់​គ្នា​បាន​ឡើយ​។
                                                                    ***
ដោយ​អស់​កម្លាំង​ផង ដោយ​បាន​ប្រាស្រ័យ​ម្ហូប​អាហារ​នៅ​ចំពោះ​ទេសភាព​យ៉ាង​ប្រិមប្រិយ​ផង ហើយ​ដោយ​ត្រូវ​ខ្យល់​បក់​រហៀកៗ ថែម​ទៀត អ្នក​ដំណើរ​ក៏​បែរ​រក​កន្ទេល​ខ្នើយ​ដែល ទីឃាវុធ​ បាន​ចាត់​ស្រេច​នៅ​លើ​សាលា​សំណាក់​។ ស្ត្រីៗ​ នៅ​ល្វែង​ម្ខាង​បុរសៗ នៅ​ល្វែង​ម្ខាង​។ មិន​យូរ​ប៉ុន្មាន​ការ​និយាយ​ឆ្លង​ឆ្លើយ ក៏​រំងាប់​អន់​ចុះ​ដោយ​មាន​ការ​ដង្ហើម​ធូរៗ ស្មើៗ​ មក​ជំនួស​វិញ​។
លុះ​ឃើញ​ភ្ញៀវ​ដេក​លក់​ស្រួល​ដូច្នោះ ទីឃាវុធ​ ក៏​លប​ចុះ​ទៅ​ខាង​ក្រោម​។ ព្រោះ​វិញ្ញាណ​កំពុង​ខ្វល់​គ្រប់​យ៉ាង​ពេក ដំណេក​ក៏​រឹង​រក​បិទ​ភ្នែក​មិន​ជិត រសាប់រសល់​អស់​អង្គកាយ ចៅហ្វាយ​ស្រុក​ក៏​ចុះ​មក​ពី​សាលា​សំណាក់ ដើម្បី​ទៅ​រក​ត្រាំ​ទឹក​បារាយណ៍​ដែល​ថ្លា​ហ្វង់​។ នៅ​កន្លែង​ដែល​ចុះ​ទៅ​ងូត​ត្រង់​ជំរៅ​ត្រឹម​ដើម​ទ្រូង​ខ្លះ លិច​ក្បាល​ខ្លះ ឬ​មួយ​សន្ទូង រាជការ​ខេត្ត​បាន​បោះ​បង្គោល​ប្រចាំ​សម្រាប់​ឲ្យ​ប្រតោង​ហែល​ទឹក​លេង​។
កំលោះ​ព្រួយ​ចិត្ត​កំពុង​តែ​ប្រតោង​បង្គោល​មួយ ហែប​ក្បាល​មើល​ទៅ​ខាង​កណ្ដាល​បារាយណ៍ ស្រាប់​តែ​ឮ​សូរ​ជើង​មនុស្ស​ដើរ​ផ្លូកៗ មក​ធ្វើ​ឲ្យ​ល្អក់​ចិត្ត ដែល​កំពុង​តែ​ស៊ើង​ម៉ើង​ទៅ​វែង​ឆ្ងាយ​។ គិត​ស្មាន​ថា ពួក​ដោយ​ថន​ចុះ​មក​ដង​ទឹក​យក​ទៅ​លាង​ចាន​ឆ្នាំង ចៅហ្វាយ​ស្រុក​មុខ​ទាំង​មួរ​ម៉ៅ ហើយ​ក៏​ភ្ញាក់​ព្រើត​។ នាង​ ចន្ទមណី​ ស្លៀក​ពាក់​ឈុត​ងូត​ទឹក​ពណ៌​ត្រួយ​អំពិល ញញឹម​ចិញ្ចាច​លុយ​ទឹក ហើយ​ហក់​ហែល​គោះ​ជើង​តម្រង់​មក​រក​បង្គោល​មួយ ដែល​នៅ​ចម្ងាយ​មួយ​ម៉ែត្រ​ពី  ទីឃាវុធ​។
-អត់​ទោស​ខ្ញុំ​ផង​បាន​ទេ ?​ (​នាង​និយាយ​មក​រក​) ដោយ​ខ្ញុំ​បាន​មក​ទម្លុះ​ទម្លាយ​ភាព​ឯ​កា​របស់​លោក​ក្នុង​ពេល​នេះ​។
ទីឃាវុធ​ សង្កេត​ក្នុង​ចិត្ត​ដោយ​អួល​ផ្សា ថា​នាង​មិន​បាន​ហៅ​ខ្លួន​ថា ៉​បងៗ​៉ ដូច​សម័យ​មុន​ទេ តែ​ហៅ ៉​លោក​៉​ឬ​៉​ឃុន​៉ ទៅ​វិញ​។ បន្ទោស​នាង​ម្ដេច​បាន ព្រោះ​កំហុស​មក​ពី​ខ្លួន​ឯង​ទាំង​ស្រុង​។
នាង​ ចន្ទមណី​ ឱន​ក្បាល​យក​មាត់​ក្រហម​ស្រស់​ក្រេប​ទឹក​ថ្លា​ព្រួស​ជា​ល្បែង​ទៅ​ក្នុង​អាកាស ដើម្បី​បង្កើត​ជា​កូន​ឥន្ទធនូ​មើល​បាន​មួយ​ភ្លែត​។ នាង​ថែម​វេចា​ៈ
-​ខ្ញុំ​គេង​មិន​លក់​ទេ!​ ព្រោះ​រសាប់រសល់​ក្នុង​ចិត្ត​ពេក​។ ដោយ​ឃើញ​លោក​ចុះ​មក​ងូត​ទឹក​ខ្ញុំ​ក៏​លប​ចុះ​មក​តាម​ដែរ​។ ដ្បិត​អី​បារាយណ៍​ហើយ​មិន​បាន​ងូត​ទឹក​នោះ​ចំ​ជា​ស៊យ​ធំ​ហើយ​។ មួយ​ទៀត​ខ្ញុំ​បង់​ជួប​លោក​បន្តិច ដើម្បី​បញ្ជាក់​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ​។ បារាយណ៍​អង្គរ និង​បុរាណ​ដ្ឋាន​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ឃើញ​ជា​ថ្មី​ក្នុង​ពេល​នេះ​នាំ​ឲ្យ​ខ្ញុំ​គួច​នឹក​ព្រួច​ដល់​ពេល​ដែល​ធ្លាប់​រីករាយ​ជា​មួយ​គ្នា កាល​ពី​សម័យ​មុន​។ តែ​បើ​តាម​មើល​ទៅ​ជួប​គ្នា​ពេល​នេះ ជា​វេលា​ក្រោយ​បង្អស់​ហើយ យើង​នឹង​លែង​ភប់​ប្រសព្វ​បាន​ឃើញ​មុខ​គ្នា​ទៀត​ហើយ​។ អាកប្បកិរិយា​លោក កាល​នៅ​ពេទ្យ​សេនារ័ក្ស​ឯ​បាងកក​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា លោក​ស្អប់​ខ្ញុំ​ណាស់ ស្អប់​គ្រួសារ​ខ្ញុំ​ណាស់ ព្រោះ​ជា​ខ្មាំង ជា​សត្រូវ​។​ខ្ញុំ​មិន​នឹក​ខឹង នឹក​ប្រកាន់​នឹង​លោក​ទេ សូម្បី​បី​តែ​តូច​មួយ​ក៏​គ្មាន​ដែរ​។ ខ្ញុំ​សង្ឃឹម​ថា ដែល​ខ្ញុំ​កាត់​មក​រក​និយាយ​នឹង​លោក​ក្នុង​ពេល​នេះ ជា​ភស្តុតាង​ឲ្យ​ឃើញ​ថា ខ្ញុំ​និយាយ​ពិត​ត្រង់​មែន​។ ខ្ញុំ​មិន​ខឹង​នឹង​លោក​ទេ បែរ​ជា​សរសើរ​លោក​ទៅ​វិញ​ព្រោះ​លោក លើក​សេចក្ដី​ស្រលាញ់​ជាតិ​ខ្ពស់​ផុត​មនោសញ្ចេតនា​នាង​ទៀត​ទាំង​អស់ សូម្បី​តែ​សេចក្ដី​ស្នេហា​ក៏​យ៉ាង​នោះ​ដែរ​។
និយាយ​មក​ដល់​ត្រង់​នេះ នាង​ទប់​ទឹក​ភ្នែក​ពុំ​ឈ្នះ​ក៏​ដំពក់​ប៉ុន​គ្រាប់​ពោត​ហូរ រលង់​មក​លើ​ផ្ទាល់​ទាំង​សង​ខាង​។ ទីឃាវុធ​ នឹក​អាណិត​ញ័រ​ដើម​ទ្រូង​ប៉​ផ្អុក​ស្ទើរ​ស្ទុះ​ទៅ​ត្រកង​បី​។ សញ្ជប់​មួយ​ស្របក់​ធំ​ទើប​តប​ៈ
-មាន​ការ​ភ័ន្ត​ច្រឡំ​ធំ​ណាស់ នាង​ចាំ​ខ្ញុំ​និយាយ​ប្រាប់​នាង​ឲ្យ​អស់​ដើម​ទង តែ​កុំ​និយាយ​នៅ​ទី​នេះ យើង​ជិះ​ទូក​វិញ​។
ថា​ហើយ​ក៏​ស្រែក​ហៅ​ដោយ ថន​ ឲ្យ​នាំ​គ្នា​សែង​ទូក​បារាំង​ដែល​ទុក​ចោល​នៅ​ក្រោម​សាលា​។ ទូក​នេះ​ស្រួច​ក្បាល​ស្រួច​កន្សៃ​ទាប​ទៅ​លើ​ទឹក ហើយ​ស្ទុះ​លឿន​ទៅ​មុខ​ដោយ​ចែវ​ពីរ​ស៊ក​ភ្ជាប់​ទៅ​នឹង​គែម​ទាំង​សង​ខាង​ដែល​ទុក​សំរាប់​គាស់​ទឹក​ក្នុង​កិច្ច​កីឡា​ផ្ទាល់​ខ្លួន​។
នៅ​ចន្លោះ​មេឃ​ថ្លា​ខៀវ​ទាំង​ពីរ គឺ​មួយ​នៅ​គ្រប​ពី​លើ ហើយ​មួយ​ទៀត​ឆ្លុះ​ទៅ​ក្នុង​ទឹក ទូក​រុល​ទៅ​មុខ​ត្រង់​ទៅ​កណ្ដាល​បារាយណ៍​ដោយ​ចង្វាក់​យ៉ាង​មួនមាំ​នៃ​ចែវ​ទាំង​ពីរ​ដែល  ទីឃាវុធ​ កាន់​គាស់​គង្គា​ដោយ​ប៉ិន​ប្រសព្វ​។ នាង​ ចន្ទមណី​ អង្គុយ​ឈម​មុខ​នឹង​ចៅហ្វាយ​ស្រុក​សម្លឹង​មើល​សាច់​ដុំ​នៅ​គួយ​ដៃ​អ្នក​កាន់​ចែវ ដែល​ជូន​សម្លឹង ជួន​រួញ​ចង្វាក់ ហើយ​បរិបូណ៌​ដោយ​ថាមពល​។ ដើម​ស្គន់​ហុច​ផ្កា​ស​ក្បុស​មក​លើ​ទឹក ឯ​គុម្ព​ស្នោ​យោល​រយ៉ា​បន្តោង​ពណ៌​មាស​ទុំ ដោយ​បន្ទោរ​បន្ទន់​ដើម​តាម​វាយោ​ដូច​ដង​ខ្លួន នាដ​ការ ក្រោម​សំឡេង​ប្រគំ​ភ្លេង​ពិណពាទ្យ​។ ហ្វូង​ប្រវឹក​ផ្អើល​ស្ទុះ​ទទះ​ស្លាប​ហើរ ហើយ​ស្រែក​តវ៉ា ថា​ជីចៗ​។
យុវជន​ទាំង​ពីរ​បេះ​ផ្លា​ស្នោ​ដាក់​ទូក​បណ្ដើរ ហើយ​សាសង​សេចក្ដី​បណ្ដើរ​ៈ
-មាន​ការ​ភ័ន្ត​ច្រឡំ​ធំ​ណាស់​នាង !​ ហើយ​ខ្ញុំ​មិន​ដឹង​ជា​នឹង​សូម​ទោស​នាង​ដូច​ម្ដេច​បាន ចំពោះ​អំពើ​កំហុស​របស់​ខ្ញុំ​មិន​ដឹង​ជា​នឹង​តប​គុណ​យ៉ាង​ណា​ទេ ចំពោះ​កិច្ច​ដែល​នាង ហើយ​លោក​ទេព​កោសល្ល បាន​ជួយ​ជីវិត​ខ្ញុំ​ឲ្យ​គង់​ទ្រង់​មក​ដល់​សព្វ​ថ្ងៃ​។
-សុំ​ទោស​អី​បង ?​ នាង​របូត​មាត់​ហៅ​ថា​ៈ​៉​បង​៉ ដូច​ពី​ដើម​ដែល​ជា​ហេតុ​នាំ​ឲ្យ​ញញឹម​ស្ងួត​មួយ​មក​លើ​ភ័ក្ត្រ ទីឃាវុធ​។
-ខ្ញុំ​ពុំ​ដែល​នឹក​ប្រកាន់​ទេ ពុំ​ដែល​នឹក​ថា​បង​ប្រព្រឹត្ត​ឆ្គាំឆ្គង​ត្រង់​ណា​ទេ​។ កំហឹង​របស់​បង​តបត​ចំពោះ​អំពើ​ទ្រុស្ត​មិត្ត​របស់​ប្រទេស​ខ្ញុំ​នេះ​ចំ​ជា​ត្រូវ​ហើយ​។ ខ្ញុំ​ពុំ​ដែល​សរសើរ​រដ្ឋាភិបាល​គ្រប់​គ្រង់​ដោយ​ពួក​កាន់​អំណាច​ផ្ដាច់​ការ ដែល​លួច​ឆ្មក់​យក​ដែន​ដី​គេ​មក​ពង្រីក​អាណា​ខេត្ត​ខ្លួន​ឯង​យ៉ាង​នេះ​ទេ​។ អំពើ​បែប​នេះ បើ​ជន​សាមញ្ញ​ធម្មតា​ប្រព្រឹត្ត​លោក​ចាត់​ហៅ​ថា លួច​ប្លន់ តែ​បើ​រដ្ឋាភិបាល​ណា​មួយ​ជា​អ្នក​ផ្ដើម​គំនិត​ទៅ​វិញ អ្នក​ផង​គេ​ហៅ​ថា ជា​កិច្ច​នយោបាយ​។ ខ្ញុំ​មិន​ស្ងើច​សរសើរ​ទេ​ចំពោះ​នយោបាយ​បែប​នេះ​។ គ្រួសារ​ខ្ញុំ​ទាំង​អស់​គ្នា​ក៏​យល់​យ៉ាង​នោះ​ដែរ​។ ដើម្បី​បំបាត់​ទៅ​តាម​ការ​អាច​បាន​នូវ​អយុត្តិធម៌​និង​អំណាច​ព្រៃផ្សៃ ដែល​សាយ​ចេញ​ពី​នយោបាយ​បែប​នេះ ខ្ញុំ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ជា​នាង​ព្យាបាល ដោយ​មាន​បំណង​ជួយ​ថែរក្សា​អ្នក​រង​គ្រោះ​ព្រោះ​សង្គ្រាម​មិន​ថា​ជាតិ​ណាៗ​ឡើយ​។
-អូន​  ទីឃាវុធ​ ហៅ​នាង​យ៉ាង​នេះ​ដោយ​រំភើប​ចិត្ត​។ បង​សូម​គោរព​ដោយ​ស្មោះ​ចំពោះ​ការ​យល់​របស់​អូន​។ តែ​ទោះ​បី​ស្រឡាញ់​ជាតិ​យ៉ាង​ណា ក៏​មិន​ត្រូវ​កាន់​អាកប្បកិរិយា​ព្រហើន​គ្រាត​គ្រើម តប​ស្នង​នឹង​ធម៌​សប្បុរស និង​មនុស្ស​ធម៌​ទេ​។ បង​ខឹង​ច្រឡោត​ហួស​ពេក​ព្រោះ​មាន​ការណ៍​មួយ​...​
តមក​ ទីឃាវុធ​ ក៏​តាំង​អធិប្បាយ​រៀបរាប់​អំពី​សំបុត្រ វេគី​ដែល ចោទ​នាង​ថា​ជា​ចារ​ស្ត្រី អំពី​ខ្លួន​ក្ដៅ​ក្រហាយ​រត់​ចូល​ធ្វើ​ទាហាន​ហើយ​អំពី​ការ​ជួប​គ្នា​នៅ​លើក​ក្រោយ​ជា​មួយ វេគី​ ដែល​ប្រាប់​ខ្លួន​ថា​ភ័ន្ត​ច្រឡំ​វិញ​ទេ​។
នាង​ត្រាប់​ត្រង់​សម្ដី​ខ្សាវៗ ដែល​ខ្លួន​លន់​តួ​ថា​ខ្លួន​ខុស​។ នាង​នៅ​សៀម​ភ្លេច​បេះ​ផ្កា​យោនយាន ដែល​រាំ​ចាក់​ក្បាច់​ល្អ​ឆើត​ក្រោម​សន្ទុះ​នៃ​វាយោ​។
-កំហុស​បង​ធំ​ណាស់ !​ មិន​ដឹង​កែ​ខ្លួន​យ៉ាង​ណា​ឲ្យ​រួច​ទេ​។ អូន​អើយ !​ វាសនា​យើង​មុខ​តែ​មិន​បាន​ជួប​រួម​រក្ស​គ្នា​ដូច​គោ​បំណង​ដើម​ទេ​។ យើង​ជួប​មុខ​គ្នា​លើក​នេះ​ប្រហែល​ជា​លើក​ក្រោយ​បំផុត​ហើយ ព្រោះ​បង​ទៅ​សច្ចា​ប្រណិធាន ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​ពុទ្ធ​រូប​នៅ​អង្គរវត្ត​ថា ដរាប​ណា​ខេត្ត​ខ្មែរ ដី​ខ្មែរ ដែល​បាន​ទៅ​សៀម​ក្នុង​ពេល​ថ្មីៗ នេះ​មិន​ត្រឡប់​មក​ខ្មែរ​វិញ​ទេ ដរាប​នោះ​បង​ប្ដូរផ្ដាច់​មិន​ព្រម​យក​សៀម​ជា​មិត្ត ជា​ក្លើ ជា​ម្រាក់​អ្វី​ឡើយ​។ សម្បថ​នេះ​ធ្ងន់​ណាស់ ធំ​ណាស់ មិន​អាច​នឹង​បំពាន​បាន​ដោយ​លេងៗ ទេ​ ហើយ​ចំណែក​ខ្លួន បង​ក៏​គ្មាន​ឆន្ទៈ​នឹង​លាត​លា​សម្បថ​នេះ​ផង​ដែរ ព្រោះ​អូន​អើយ បង​ស្ដាយ​ភូមិ​កំណើត​បង​ខ្លាំង​ណាស់​។ បង​មិន​ភ្លេច​ទេ​គុណ​នាង​មិន ភ្លេច​ទេ​អនុស្សាវរីយ៍​ក្រអូប ដែល​អូន​បោះពុម្ព​ជាប់ ក្នុង​ទ្រូង​ក្នុង​ប្រមាត់​របស់​បង​។
ទីឃាវុធ​ ឈប់​មួយ​សន្ទុះ ទើប​និយាយ​ថែម​ៈ
-តើ​អូន​លើក​ទោស​ឲ្យ​បង​បាន​ដែរ​ឬ​ទេ ?​។ បង​បាន​ធ្លោយ​ខ្លួន​ប្រព្រឹត្ត​ខុស​ពីរ​យ៉ាង​ចំពោះ​នាង​។ ទី​មួយ​គឺបង​ធ្វើ​ឲ្យ​អូន​បង់​គំនិត​បង់​ចិត្ត​មក​លើ​បង ទី​ពីរ​គឺ​បង​កាន់​កិរិយា​ឆ្គង​មិន​គប្បី​ចំពោះ​សុទ្ធ​ចិត្ត​របស់​អូន​។
ទឹក​ភ្នែក​ហូរ​ស្រក់​ភ័ក្ត្រ​នាង ចន្ទមណី​ តែ​នាង​មិន​បាន​នឹក​នា​ជូត​ចេញ​សោះ​ឡើយ​។ កម្លាំង​យោបំ​ស្ទុះ​ចុក​ណែន​បំពង់ក បណ្ដាល​ឲ្យ​នាង​ចេញ​វាចា​អ្វី​ពុំ​រួច​សោះ​ក្នុង​គ្រា​នោះ​។
                                                                         ***
                                                            -​១១​-
                                                        កង្ហារ​ត្រដោក​រោទ៍​លើ​ចុង​អំពិល
ស្ពាន​ស្វាយ​ដូន​កែវ ជា​គោល​ជា​សញ្ញា​មួយ​សម្រាប់​ព្រំដែន​រវាង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​បាត់ដំបង​។ ក្នុង​សម៧យ​ដែល​សៀម​ចូល​មក​ញក់ញី​ប្រទេស​យើង ស្ពាន​នេះ​ក៏​ក្លាយ​ទៅ​ជា​ស្ពាន​អន្តរជាតិ​ប្រឈម​មុខ កម្ពុជរដ្ឋ​ដែល​រួញ​ហើយ​ខើច​ឡើង​តូច​ចំពោះ​ប្រទេស​ថៃ ដែល​ប្រាថ្នា​ចង់​ធ្វើ​អាល្លឺម៉ង់ ឬ​យីពុន​ក្នុង​អាស៊ី​ភាគ​អាគ្នេយ៍​។
ឥឡូវ​មេ​ក្លោង​បាក់​លោង ថ្លោះ​ចង្កេះ​អស់​ហើយ​កូន​សំពាយ​ក៏​ត្រូវ​ខ្ជាក់​អាណា​ខេត្ត ដែល​ខ្លួន​បាន​លេប ហើយ​ស្លាក់​នៅ​ពាក់​កណ្ដាល​បំពង់​ក​នោះ​ឲ្យ​មក​ម្ចាស់​ដើម​វិញ​។ ធម្មតា​សត្វ​ស្វែង​រក​អំពារ មិន​ដែល​រលាស់​ឲ្យ​ចំណី​ដែល​កំពុង​ត្របាក់​លេប​ដោយ​ងាយៗ​ស្រួលៗ ទេ​។ ដូច្នេះ​តោង​មហា​អំណាច​ដែល​មាន​ជ័យជំនះ​ក្នុង​សង្គ្រាម​លោក​លើក​ពីរ​កំញើញ​បង្ខំ ទើប​របេះ​មាត់​ពី​ក្រញាំ​។
ថ្ងៃ​ទី ៨​ ធ្នូ​ គ.ស.​ ១៩៤៦​ សម្លេង​ម៉ាស៊ីន​ធ្ងន់ៗ នៃ​រត់​បន្ទុក​ទាហាន​ខ្មែរ បាន​កំរើក​រំជួយ​អ័ព្ទ​ព្រឹក​ព្រហាម ដែល​ស្រោប​ក្រុង​ពោធិ៍សាត់​ក្នុង​ស្រោម​ធាតុ​ត្រជាក់ នាំ​ឲ្យ​ទទួល​ដំណេក​ស្រណុក​មិន​ចង់​កំរើក​ខ្លួន​។ គោម​រថយន្ត​ខៃ​ទម្លាយ​ពពក​ធូលី ដែល​ហុយ​តូច​ឡើង​ព្រោះ​កម្លាំង​លឿន​ឡាន​ខាង​មុខ​។ នៅ​សង​ខាង​ថ្នល់​ផ្ទះ​អ្នក​ស្រុក និង​ខ្ទម​អ្នក​ស្រែ បាន​បង្ហាញ​ទី​តាំង​ខ្លួន​ដោយ​ភ្លើង​ភ្នក់​គោ​ដែល​ឆេះ​ប៉​ផ្អុយ ឬ​ដោយ​ភ្លើង​គំនរ​ស្លឹក​ឈើ​ស្ងួត ដែល​គេ​បាន​បោស​ប្រមូល​ទុក​ហើយ​ដែល​បញ្ចេញ​អណ្ដាត​សន្ធោសន្ធៅ​ផ្សាយ​កម្ដៅ និង​សុខមាលភាព​ដល់​ជន​ចាស់ៗ ដែល​ចាញ់​រងា​។
នៅ​លើ​រថយន្ត​ឥត​ដំបូល ទាហាន​ដាក់​កាំភ្លើង​បញ្ឈរ​ចន្លោះ​ក្បាល​ជង្គង់ ហើយ​អោប​ដៃ​កំប្រោន​ក្នុង​ចរន្ត​ខ្យល់​ត្រជាក់​។ ក្រោម​កិច្ច​ត្រួតត្រា និង​បញ្ជា​ការ​នៃ​លោក ជូឡុង​ ក្នុង​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី​ហើយ ឧ.ស.​ ដឺហ្សុងគ្យែរ​ ជា​តំណាង​បារាំង យោធា​យើង​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​បាត់ដំបង ដើម្បី​ទៅ​លុប​លាង​អាម៉ាស់​មុខ​ដែល​នាំ​ឲ្យ​ក្ដៅ​ក្រហាយ​ចិត្ត​ជាង ៥​ ឆ្នាំ​មក​ហើយ​។
ម៉ោង​ ៧​ គត់​កង​ក្បួន​រថយន្ត​បាន​ចូល​ដល់​គោល​ព្រំដែន នាយ​ទាហាន​ខ្មែរ​ម្នាក់ និង​នាយ​តម្រួត​សៀម​ម្នាក់ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​កត់​ហេតុ​បញ្ជាក់​អំពី​លក្ខណៈ​ការ​ឆ្លង​ព្រំដែន​។ ការ​ចុះ​ស៊ីញេ​នេះ បាន​ធ្វើ​នៅ​ត្រង់​ពាក់​កណ្ដាល​ស្មោះ នៃ​ស្ពាន​ស្វាយ​ដូន​កែវ​។
បន្ទាប់​មក​កង​តម្រួត​ថៃ​ក៏​ឡើង​ឡាន​ឆ្ពោះ​ទៅ បាត់ដំបង​។ មួយ​សន្ទុះ​ក្រោយ​មក​ទៀត​រថ ៉​ស្កៅការ​៉ មួយ​ដោយ​មាន​រថ​ផ្ទុក​ទាហាន​ជាង​ជូន​ទៅ​ផង ក៏​ចេញ​ដំណើរ​ទៅ​ទិស​តែ​មួយ​នោះ​ដែរ​។
នៅ​ ម៉ោង​ ៨​ និង​១៥​នាទី ក្បួន​រថ​ទាំង​អស់​១៥​គ្រឿង ក៏​បើក​ចេញ​ទៅ​តាម​ទៀត​។ តែ​ពុំ​បាន​ប៉ុន្មាន​ក៏​ទៅ​គឿង​នឹង​ស្ពាន​ឈើ ដែល​ពួក​សៀម​បាន​ពន្យុះ​ឲ្យ​ពួក​ឧទ្ទាម​ដុត​បំផ្លាញ​ដើម្បី​រំខាន​ដំណើរ​នេះ​។ ពួក​ទាហាន​ជាង​នាំ​គ្នា​ធ្វើ​ការ ប៉ះប៉ុន​អស់​ពេល​ជាង​មួយ​ម៉ោង​ទើប​ស្រេច​។ ដោយ​ហេតុ​ថា ពួក​ខ្មែរ​ឥស្សរៈ​បាន​លប​ផ្ដាច់​គមនាគមន៍​នៅ​ច្រើន​កន្លែង​ទៀត​។ លុះ​ដល់​ល្ងាច​ទើប​រថយន្ត​បាន​ចូល​ទៅ​ដល់​ទី​ប្រជុំ​ជន​មោង​ឫស្សី​។ នៅ​យប់​នោះ​ពួក​ឧទ្ទាម​បាន​មក​លប​បាញ់​បង្ហើរ​មួយ​សន្ទុះ ត្រង់​ស្ថានីយ​អយស្ម័យយាន​។ កង​រថ​ល្បាត​បាន​ចេញ​ត្រួត​មើល​ការណ៍​ហើយ​សង្កេត​ឃើញ​ថា ស្ពាន​ឈើ​នានា​តាម​ថ្នល់​ទៅ​ក្រុង​បាត់ដំបង​ចាប់​ឆេះ​ហុយ​ទ្រលោម​។
ព្រឹក​ថ្ងៃ​ទី ៩​ ម៉ោង​ ៨​ កង​ទាហាន​ក៏​ចេញ​ដំណើរ​ពី​ក្រុង​មោងឫស្សី ហើយ​ក្រោយ​ពីរ​ម៉ោង​ក្រោយ​មក​ក៏​ចូល​ទៅ​ដល់​ស្ពាន​ថ្ម​។ កាល​នោះ​បាត់ដំបង​មាន​សភាព​ហាក់​ជា​ទី​ក្រុង​មួយ​ស្លាប់​បាត់​បង់​វិញ្ញាណ​។ អ្នក​ស្រុក​បិទ​ទ្វារ​ស្ងាត់​ច្រៀប ហើយ​ពុំ​មាន​ចរាចរ​អ្វី​ឡើយ​ក្នុង​វិថី​នានា​។ ម៉ោង​ ១០​កន្លះ ឧ.ស.​ ដឺហ្សុងគ្យែរ​ ចូល​ទៅ​កាន់​សណ្ឋាគារ​ខេត្ត​ដោយ​មាន​នាយ​ភាវិន្ទរវាំង​ភ័យ​ជា​មេ​ចង្វាក់ ព្រម​ទាំង​នាយ​ទាហាន​ឯ​ទៀត​នៅ​ចាំ​ទទួល​។ កាល​នោះ​ពួក​សៀម​ទាំង​អស់​គ្នា​សុទ្ធ​តែ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ពេញ​យស តែ​មុខ​ស្លាំង​ព្រោះ​នឹក​ស្ដាយ​ចំណី​របូត​ពី​មាត់​ទៅ​។
នៅ​ដង​កើ​ទង់​ខ្មែរ​-​បារាំង​ក៏​ចាប់​រលាស់​ផ្នត់​តាម​ចរន្ត​ខ្យល់​ឡើង​វិញ​។ បន្តិច​ក្រោយ​មក​ទើប​មាន​ពិធី​ប្រគល់​ដែន​ខេត្ត​ជូន​លោក​ជូឡុង ជា​តំណាង​រាជ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​កាន់​កាប់​ជា​ថ្មី ក្រោយ​ដែល​ទី​ដី​នោះ​បាន​ព្រាត់​ប្រាស​​ទៅ​ជាង​៥​ឆ្នាំ​។
ក្រោម​សេចក្ដី​ដឹក​នាំ​យ៉ាង​សកម្ម​នៃ​មន្ត្រី​ខ្មែរ​ជីវភាព​ទាំង​ខាង​មហា​ជន ក៏​ចាប់​រៀបចំ​មាន​ដំណើរ​ឡើង​ដោយ​រួសរាន់​។ មិន​មែន​ចាត់​ការ​ទៅ​បាន​ដោយ​ស្រួលៗ ប៉ុន្មាន​ទេ ព្រោះ​អ្នក​ដែល​ដក​ខ្លួន​ថយ​ទៅ បាន​បង្កប់​រោយ​អំបែង​ដប បង្កប់​បន្លា ពោល​គឺ​ញុះញង់​ពួក​ខ្មែរ​ឥស្សរៈ​ចំនួន ៥.៦០០​នាក់ ធ្វើ​ឲ្យ​រំខាន​គ្រប់​បែប​យ៉ាង​។ ទម្រាំ​បង្ក្រាប​ចលនា​នេះ​ឲ្យ​សាប​រលាយ​អស់​បាន ត្រូវ​ខាត​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ព្រោះ​យល់​ថា ខេត្ត​ទាំង​មូល​ត្រូវ​ពានពារ​សេចក្ដី​លំបាក​ច្រើន​ពន់​ប្រមាណ រដ្ឋាភិបាល​ខ្មែរ​ក៏​រើស​មន្ត្រី​ឆើតៗ​ច្រើន​នាក់​ឲ្យ​មក​កាន់​ការ​គ្រប់​នាទី​។ កាល​នោះ ទីឃាវុធ​ ក៏​បាន​ទទួល​បង្គាប់​ផ្លាស់​ពី​ខេត្ត​សៀមរាប ដើម្បី​មក​កាន់​តំណែង​ជា​ភូឈួយ​ខេត្ត​ទី​ពីរ​នៅ​បាត់ដំបង​ដែរ​។
                                                                             ***
លោក​ភូឈួយ​ខេត្ត​ទី​ពីរ ពិនិត្យ​ដោយ​ប្រុង​ប្រៀប​នូវ​សេចក្ដី​រាយការណ៍​ប៉ូលិស និង​សាលា​ស្រុក ដែល​ជូន​ដំណឹង​អំពី​ចោរកម្ម​និង​ភេរវកម្ម​ដែល​ជន​រួម​ជាតិ ក្នុង​ដែន​ខេត្ត​កំពុង​រង​គ្រោះ​នៅ​ឡើយ​។ ក្រឹក​ !​ សូរ​គន្លឹះ​ទ្វារ​របើក​។ ដោយ​ធ្វើ​ភ្នែក ក្រឡើត​ក្រឡាប់​ប្លង់តុង​ពាក់​ឯក​សណ្ឋាន​កាគី ដើរ​ត្រុនៗ កាន់​នាម​ប័ត្រ​មួយ​មក​ជូន​ទីឃាវុធ​។ ក្រឡេក​ឃើញ​ឈ្មោះ​ភ្ញៀវ​កាល​ណា មុខ​អ្នក​រាជការ​នេះ​សំដែង​សេចក្ដី​ងឿង​ឆ្ងល់​មួយ​សន្ទុះ លាយ​ដោយ​សេចក្ដី​ត្រេកអរ​ផង​ហើយ​ប្រាប់​ទៅ​លេខ​ហារី​នេះ​ថា​ៈ
-អញ្ជើញ​គាត់​ចូល​មក​។
ចំណែក​ខ្លួន ទីឃាវុធ​ វិញ​ក៏​ញាប់​ដៃ​តម្រង់​ក្រវាត់ សម្រួល​អាវ​ក្រៅ​ហើយ​ដើរ​ចេញ​ពី​ក្រោយ​តុ​ចាំ​ទទួល​។
កាល​នោះ​អ្នក​ដែល​ដើរ​ចូល​មក ក៏​ភ្ញាក់​មិន​តិច​ដែរ​ដោយ​ឃើញ​អ្នក​កាន់​អំណាច​លើក​ដៃ​គោរព​ខ្លួន​យ៉ាង​សុភាព​។ ក្នុង​ពេល​លើក​ដៃ​សំពះ​តប​វិញ​ភ្ញៀវ​នោះ​ក៏​ភ្លាត់​មាត់​ថា​ៈ
-យី​លោក​ក្មួយ​ទេ​តើ ខ្ញុំ​អរ​ណាស់ៗ ខ្ញុំ​គិត​ថា​នឹង​នាំ​គ្នា​ទៅ​លេង​នឹង​ក្មួយ​ឯ​សៀមរាប​ឯ​ណោះ​តើ ព្រោះ​រលឹក​ណាស់​។ តាំង​ពី​បាន​ទទួល​ទាន​អាហារ​យ៉ាង​ឆ្ងាញ់​ជា​មួយ​គ្នា​នៅ​បារាយណ៍​មក ក៏​បាត់​ដំណឹង​សូន្យ​។
ទីឃាវុធ​ ញញឹម​ហើយ​អញ្ជើញ​ភ្ញៀវ (​គឺ​មិនមែន​នរណា​ក្រៅ​ពី​លោក  ទេព​កោសល្ល ទេ​) ឲ្យ​អង្គុយ​នៅ​កៅអី​មុខ​តុ ឯ​ខ្លួន​ក៏​អង្គុយ​កៅអី​ទន្ទឹម​នៅ​ម្ខាង​ដែរ រួច​ហើយ​ទើប​និយាយ​​ៈ
-ខ្ញុំ​ត្រេកអរ​ណាស់​ដោយ​បាន​ជួប​លោក​ក្នុង​ពេល​នេះ​។ ខ្ញុំ​គិត​ស្មាន​ថា​លោក​អញ្ជើញ​ទៅ​ប្រទេស​ថៃ​ផុត​ទៅ​ហើយ​។
ទៅ​ឯ​ណា ?​ ខ្ញុំ​មក​តាំង​ទី​លំនៅ នៅ​ស្រុក​ខ្មែរ​ជា​ស្ថាពរ​ហើយ​។ គ្រួសារ​ខ្ញុំ​ក៏​មក​នៅ​រួម​គ្នា​ដែរ​។
សង្ឃឹម​ដែល​កាល​ពី​មុន​កប់​បាត់​ទៅ​ក្នុង​គំនរ​ទុក្ខ ឥឡូវ​ក៏​រុល​ងើប​ចេញ​បាន​មក​អង្រួន​បេះ​ដូង​ដោយ​ត្រេកអរ​ឥត​ឧបមា​។ ដែន​ដី​ទាំង​ឡាយ​ដែល​ខ្ទាត​បែក​បាក់​ទៅ​នោះ ឥឡូវ​បាន​ចូល​មក​រួម​ក្នុង​រង្វង់​ប្រជាជាតិ​អស់​ទៅ​វិញ​ហើយ ពោល​គឺ​ល័ក្ខខ័ណ្ឌ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​សច្ចា​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​ពុទ្ធ​រូប​នៅ​អង្គរវត្ត ក៏​បាន​សម្រេច​ដូច​បាន​ផ្សង​ទាំង​អស់​។ ដូច្នេះ​ហើយ​ទើប សេចក្ដី​សង្ឃឹម​យ៉ាង​ទន់​ត្រជាក់​បាន​មក​រុំ​ក្រសោប​ហឫទ័យ​មន្ត្រី​កំលោះ​។ ដោយ​ខំ​ទប់​សង្កត់​មនោសញ្ចេតនា​គ្រប់​យ៉ាង​ដែល​ពុះ​ពោរ លោក​ភូឈួយ​ក៏​សួរ​ថា​ៈ
-លោក​អញ្ជើញ​មក​នេះ តើ​មាន​ធុរៈ​អី​ដែរ?
-លោក​ក្មួយ ការ​ដែល​ថៃ​មក​កាន់​ការ​ទី​នេះ ខ្ញុំ​បាន​ទិញ​ដី​ស្រែ​ពី​នេះ​បន្តិច អ្នក​នោះ​បន្តិច នៅ​ភូមិ​ជ្រោយ​ម្ទេស​ប្រមូល​ទៅ​បាន ១៥០​ ហិកតា​។ ឥឡូវ​ខ្ញុំ​យក​លិខិត​លក់​ដូរ ដែល​ធ្វើ​ក្នុង​ពេល​នោះ​មក​ជូន​រាជការ​ថ្មី​បញ្ជាក់​សំគាល់​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ត​ទៅ​។
-បាន​លោក​បាន!​ សុំ​លោក​ទុក​ឯកសារ​នៅ​ទី​នេះ​សិន​ចុះ ចាំ​ខ្ញុំ​ចាត់​ការ​ជូន​។
ទូច​មួយ​សន្ទុះ ដូច​ជា​ចង់​រក​ពាក្យ​និយាយ​ត​ទៅ​ទៀត ទើប​នាម៉ឺន​កំលោះ​សួរ​ថែម​ទៀត​ថា​ៈ
-ចុះ​សព្វ​ថ្ងៃ​នេះ​លោក​នៅ​ឯ​ណា?​
-នៅ​ឯ​ជ្រោយ​ម្ទេស​ណោះ​ !​ អញ្ជើញ​លោក​ក្មួយ​ទៅ​លេង​ផ្ទះ​បាន​ម្ដង​។ មាន​អី​ឡាន​ចូល​ទៅ​ស្រួល​ទេ​តើ​។ អ្ញុំ​បាន​លើក​ផ្លូវ​ភ្ជាប់​មក​ថ្នល់​រាជការ​ស្រាប់​ហើយ​។
                                                                 ***
ដោយ​ឮ​សូរ​ឡាន​បរ​មក​តាម​ផ្លូវ​តូច ដែល​លើក​កាត់​ស្រែ​កំពុង​មាន​ស្រូវ​ទុំ​នៅ​សង​ខាង ហើយ​ចូល​ត្រង់​មក​រក​ផ្ទះ​បុរស​ម្នាក់​ស្លៀក​ខ្មៅ​ពាក់​ខ្មៅ​បែប​អ្នក​ច្រូត​កាត់​ដើរ​ផង​រត់​ផង ចេញ​តាម​ទ្វារ​តូច​ដែល​ចោះ​ក្នុង​របង​ឈើ​គ្រាក់​មាំៗ ហើយ​បោះ​តម្រៀប​ប្រកិត​គ្នា​ដូច​ស្និត​ចេក​។ បុរស​នោះ​ចេញ​មក​ខាង​ក្រៅ ក៏​ប្រទះ​រថ​ហ្សិប​មួយ​បរ​ដោយ​មាណព​ម្នាក់​ស្លៀក​ខោ​ជើង​វែង ហើយ​អាវ​សឺ​មី​ស​ដៃ​ខ្លី​កាគី ដែល​បញ្ឈប់​ម៉ាស៊ីន​ឡាន ហើយ​បង្វិល​ជើង​លោត​ឆ្កុប​មក​ដី​។ ប៉ូលិស​ខេត្ត​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​មីត្រៃយ៉ែត​ជាប់​នៅ​ដៃ ក៏​ចុះ​ស្រ​ពី​លើ​យាន​តាម​មក​ដែរ​។ អ្នក​បើក​ឡាន​សួរ​ទៅ​បុរស​ស្លៀក​ពាក់​ខ្មៅ​ថា​ៈ
-បង​ លោក​ទេព​កោសល្ល នៅ​ឬ​ទេ?​ ខ្ញុំ​ជា​ភូឈួយ​ខេត្ត ខ្ញុំ​មាន​ការ​ជួប​លោក​បន្តិច​។
បន្ទាប់​ពី​បង្អោន​ខ្លួន​ហើយ​លើក​ដៃ​សំពះ បុរស​ស្រុក​ស្រែ​នោះ​តប​ៈ
-ទាន​ប្រោស លោក​ប្រុស លោក​ស្រី​បាន​ចេញ​ពី​ងងឹតៗ ម៉្លេះ​ទៅ​ភូមិ​ភ្នំ​ធំ ដើម្បី​ទៅ​រក​ជួល​មនុស្ស​មក​ច្រូត​...​។ បើ​ព្រះ​តេជគុណ​មាន​ការ​អ្វីៗ ជួន​នឹង​នាង​ក៏​បាន​។ នាង​ចាត់​ការ​ជួស​លោក ឪពុក​បាន​ទាំង​អស់​។
ថា​ហើយ​ក៏​ទៅ​បើក​ទ្វារ​ធំ ដែល​ប្រដាប់​ដោយ​បន្ទះ និង​ចំរឹង​ដែក​យ៉ាង​មាំៗ​។ លុះ​រថ​ហ្សឹប​វារ​ចូល​ផុត​ទៅ ទ្វារ​របង​ក៏​បិទ​ឃិប​ជិត​មក​វិញ​។ ដោយ​ឮ​សំឡេង​ឡាន នាង​ចន្ទមណី​ ស្លៀក​ពាក់​ពណ៌​ផ្ទៃ​មេឃ​តាម​លំអាន​ស្រុក​ស្រែ តែ​មាន​លំអ​ត្រង់​ដើម​ទ្រូង​ដោយ​បន្ទះ និង​រំលាយ​ជរ​ស​ស្អាត បាន​ដើរ​ចេញ​មក​មើល​ដោយ​នឹក​ពិភាល់​ក្នុង​ចិត្ត​ថា ឪពុក​នាង​ម្ដេច​ក៏​រហ័ស​ត្រឡប់​មក​វិញ​ម៉្លេះ​ហ្ន៎​។ លុះ​ឃើញ​រថ​ហ្សិប​ហើយ​ឃើញ​ប្រុសៗ ស្លៀក​ពាក់​បែប​ទាហាន នាង​ក៏​តក់​ស្លុត​មួយ​សន្ទុះ​។
ទីឃាវុធ​ ដែល​ទើប​បរ​រថយន្ត​ចូល​មក​ក៏​លោត​ចុះ ដោះ​មួក​សំពត់​ហាម​ធំ​ទន់​ប្រផ្លាក​គំនាប់​នាង ទើប​នាង​ស្គាល់​ហើយ​លើក​ដៃ​សំពះ​ថែម​ទាំង​ញញឹម​ផង​ៈ
-យី​លោក​ទេ​តើ ខ្ញុំ​ខំ​ភ័យ​។ លោក​មាន​ធុរៈ​អី?​ អញ្ជើញ​លោក​មក​ក្នុង​ផ្ទះ​។
ភូឈួយ​ខេត្ត ក៏​បែរ​មក​បង្គាប់​ប៉ូលិស​ម្នាក់​ដាក់​ឡាន​ចត​ក្រោម​ស្វាយ​មួយ​ដើម​ដុះ​ក្នុង​លាន​មុខ​ផ្ទះ ទើប​ឡើង​ជណ្ដើរ​ពីរ​-​បី​កាំ​ចូល​ទៅ​ក្នុង​ភូមិ​គ្រឹះ ដែល​ទើប​សង​រួច​រវាង ៤​-​៥​ខែ​ប៉ុណ្ណោះ​។ នារី​អញ្ជើញ​ភ្ញៀវ​អង្គុយ​នៅ​សាឡុង​ធ្វើ​ពី​ខ្លឹម​នាង​នួន លំអ​ដោយ​កែប​មាន​ផ្កា​ស្រស់ៗ ហើយ​ដែល​ទើប​បាន​ទទួល​ថ្មីៗ ដែរ​ពីរ​បាងកក​។ នាង​ចាត់​ឲ្យ​ស្រី​បំរើ​ម្នាក់​លើក​ទឹក​ក្រូច​ដាក់​ទឹកកក​ពីរ​កែវ​យក​មក​ជូន​។ ភ័ក្ដ្រ​នាង​ញញឹម​ស្រស់ នាង​ចាប់​និយាយ​ៈ
-ឃុន​ផ បាន​ប្រាប់​ខ្ញុំ​អស់​ហើយ​ថា លោក​បាន​ជួយ​ចាត់​ការ​បញ្ជាក់​កម្មសិទ្ធិ​ដី​ធ្លី​នេះ​បាន​រួស​រាន់​ណាស់​។ ចំណែក​ខ្លួន​ខ្ញុំ នាង​ថែម​ដោយ​សម្លេង​អៀន​បន្តិច ខ្ញុំ​ក៏​បាន​សង្ឃឹម​ទុក​ថា ថ្ងៃ​ណា​មួយ​ណា​នឹង​មក​លេង​ពុំ​ខាន​ដែរ​។
-នាង​អើយ​! ក្នុង​ពេល​នេះ​ខ្ញុំ​រវល់​ដក​ខ្លួន​ពុំ​រួច​សោះ​តែ​ម្តង​អស់​រឿង​មួយ​ធ្លាក់​ទៅ​រឿង​មួយ​ទៀត។ សូម​នាង​កុំ​ប្រកាន់​ទោស​ថា​ខ្ញុំ​ជូរ ថា​ខ្ញុំ​បំភ្លេច​ចោល​គុណ​នាង និង​លោក​ឪពុក​របស់​នាង​។ សូម្បី​តែ​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ផង​ក៏​ខ្ញុំ​មិន​ទំនេរ​ដែរ លោក​ទេស​រដ្ឋ​មន្ត្រី​បាន​ប្រើ​ឲ្យ​ខ្ញុំ​មក​ត្រួត​ប៉ុស្តិ​ប៉ូលិស ដែល​តាំង​ពង្រាយ​តាម​ផ្លូវ​ថ្នល់​។ ខ្ញុំ​ឆ្លៀត​ឱកាស​នេះ​ឆៀង ចូល​មក​សួរ​សុខ​ទុក្ខ​លោក និង​នាង​មួយ​ភ្លែត​ប៉ុណ្ណឹង​។
- លោក​ធំ​ចាត់​ការ​យ៉ាង​នេះ​ត្រូវ​ណាស់ ព្រោះ​ថ្វី​បើ "​ម្តុំ​" ត្រង់​នេះ​មិន​មាន​ផុល​រមាស់​អ្វី​ក៏​ដោយ តែ​ខ្ញុំ​នៅ​មិន​ទាន់ កក់​ក្តៅ​ប៉ុន្មាន​ទេ​។ បន្តិច​ឮ​គេ​មក​ប្រាប់​ថា បាន​ឃើញ​ពួក​ព្រៃ​ដើរ​កាត់​ត្រង់​ណេះ​ត្រង់​ណោះ​មិន​សូវ​ឈប់​ទេ​។ ដូច​លោក បាន​សង្កេត​ឃើញ​ស្រាប់​ហើយ​ឪពុក​ខ្ញុំ​បាន​លើក​កំពែង​ដាក់​ដែក​សម្រួច​ចំ​ពាង​ពី​មុខ​ផ្ទះ ហើយ​ពឹង​ផ្អែក​ទៅ​លើ​គុម្ព​ឫស្សី និង​របង​លួស​បន្លា​ពី​ក្រោយ និង​ពី​ចំហៀង តែ​ហាក់​ដូច​ជា​មិន​ទាន់​គត់​មត់​ប៉ុន្មាន​ឡើយ​។ ទាំង​នេះ​ថ្វី​បើ​រាជ​ការ​បាន​តាំង ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​ជិត​ថែម​ទៀត​។
យុវជន​ទាំង​ពីរ​នាក់​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា "លោក​ ឬ​នាង" យ៉ាង​នេះ​ដោយ​ឃ្លាត​គ្នា​ដ៏​យូរ ហើយ​មិន​ទាន់​ដឹង ចិត្ត​ម្នាក់ ក្រែង​មាន​ប្រែ​ប្រួល​ខ្លះ ឬ​យ៉ាង​ណា ព្រោះ​សម័យ​នោះ​ថិត​ក្នុង​កាលៈទេសៈ​ប្លែក​ខុស​ពី​ធម្មតា​នៅ​ឡើយ​។ ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ភ្នែក​ទិព្វ ឬ​អ្នក​ឈ្លាស​ខាង​មើល​ចិត្ត​ឆ្លុះ​គេ​នឹង​យល់​ភ្លាម​ថា ពុំ​មាន​ប្រែ​ប្រួល​អ្វី​ទេ​ក្នុង​មនោសញ្ចេតនា​ដ៏ ផ្អែម​ល្ហែម ដែល​រួត​ក្រសោប​ចិត្ត​និង​អាត្ម័ន​ទាំង​ពីរ​។
ទីឃាវុធ​ រៀប​ក្រោក​ឈរ​រលា​នាង​ត្រឡប់​ទៅ​បាត់ដំបង​វិញ​ហើយ តែ​នាង ចន្ទមណី ​ទទួច​សុំ​អង្វរ​ឲ្យ​រង់​ចាំ អាស្រ័យ​អាហារ​ថ្ងៃ​ត្រង់​សិន ហើយ​ចាំ​ជួប​នឹង​ឪពុក​ម្តាយ ដែល​អាច​ត្រឡប់​មក​ដល់​វិញ​ក្នុង​រវាង​ពីរ​ម៉ោង​ទៀត​។ នាង​ថែម សេចក្តី​ថា ៖​ 
- បើ​លោក​មិន​ជិន​ណាយ​នឹង​ទេសភាព​ស្រុក​ស្រែ​ពេក​ទេ ខ្ញុំ​នឹង​បបួល​លោក​ទៅ​មើល​គេ​ច្រូត​បាន​មួយ​ម៉ោង​។
នាង​នាំ​លោក​ភូឈួយ​ដើរ​កាត់​ភូមិ​ខាង​ក្រោយ​ផ្ទះ ដែល​មាន​ស្រះ​មួយ​ធំ​ហើយ​ជ្រៅ​នៅ​ចំ​កណ្តាល​។ នៅ​ក្នុង​ទឹក ថ្លា​មើល​ធ្លុះ​ដល់​បាត ត្រកួន​និង​កញ្ឆែត​ហែល​បោះ​ដៃ​ង​ទន្ទាំ​រក​គ្នា​ទៅ​វិញ​ទៅ​មក​។ នៅ​តាម​មាត់​ស្រះ​ដើម​ត្របែក ស្វាយ នឹង​ដូង​តុកកែ​ចោល ម្លប់​ត្រជាក់​ស្លឹប​។ ផុត​ពី​ស្រះ​ទៅ​ក៏​បាន​ដល់​ទៅ​ជង្រុក​ធំៗ ពីរ​រោង​គោ រោង​រទេះ ដែល​មាន​គុម្ព​ឫស្សី ញឹក​ក្រាស់​ដុះ​ព័ទ្ធ​ជាប់​ណែន​ជា​របង​។
នាង​ចន្ទមណី ពន្យល់​អតីត​សង្សារ​ដែល​ដើរ​ទន្ទឹម​ជិត​ស្មា​គ្នា៖​
គុម្ព​ឫស្សី​នេះ​មាន​ពី​មុន​មក​ស្រាប់​។ ឯ​នៅ​ខាង​កៀន​វិញ​ក៏​ទើប​ចាប់​ដាំ​បាន ៣.៤​ ឆ្នាំ​ប៉ុណ្ណោះ​ទេ​។ ដូច្នេះ​មិន​ទាន់​បាន​ក្រាស់​ល្អ​នៅ​ឡើយ​។ ដើម្បី​ឲ្យ​គ្រឿង​ការពារ​បាន​មាំមួន​ល្អ ឃុន​ផ គាត់​បាន​ធ្វើ​របង​លួស​បន្លា​ព័ទ្ធ​ពី​ក្រៅ​ថែម​មួយ​ជាន់​ទៀត ដូច​លោក​បាន​ជ្រាប​។ តាម​ឯកសារ​កម្មសិទ្ធិ​ស្រាប់​ហើយ ឃុន​ផ បាន​ទិញ​ដី​ភូមិ​នេះ​ចំនួន​បួន​ឆ្នាំ​មក​ហើយ ដោយ​មាន​ឃុន​សុវឌ្ឍន៍​ជា​អ្នក​ណែនាំ​។ តែ​កាល​នោះ​គាត់​គ្រាន់​តែ​ទៅ​មក​រៀប​ភូមិដ្ឋាន​ធ្វើ​របង​។ ដែល​ផ្ទះ​លោក​ឃើញ​អម្បាញ់មិញ​ទើប​នឹង​សង់​រួច​ប៉ុន្មាន​ខែ​នេះ​ទេ​។ ៦​ខែ​មុន​ពេល​ភ័ន្ត​ប្រែ​គាត់​មក​លក់​ភូមិម្ករ ផ្ទះ​សម្បែង​ឯ​បាងកក​អស់​រលីង ព្រោះ​គាត់​ចង់​មក​រស់​ឆ្ងាយ​ពី​ក្រុង​ធំ និង​នយោបាយ​ធ្វើ​ឲ្យ​វិល​មុខ​។
កាល​នោះ​យុវជន​ទាំង​ពីរ​បាន​ដើរ​ដល់​ទ្វារ​របង​លួសបន្លា​ហើយ​ដែល​មាន​កូន​រោង​មួយ​សម្រាប់​អ្នក​ចាំយាម​នៅ​អែប​ជិត​ផង​។ 
ចេញ​ផុត​ពី​របង និង​គុម្ព​ឫស្សី វាល​ស្រែ​ខែ​បុស្ស​ខែ​មាឃ​ក៏​ត្រដាង​ឡើង​នូវ​ទេសភាព​បរិបូណ៌​ដោយ​ផែន​មាស​នៃ​ស្រូវ​ទុំ​ដោយ​ក្លិន​កញ្ចាំង​ដែល​ទើប​ច្រូត​រួច​ថ្មីៗ ហើយ​ដោយ​វាយោ​ដែល​ពត់​ជា​រលក​នូវ​ដើម​ស្រូវ​ដែល​ទើប​ចាប់​ទុំ តែ​មិន​ទាន់​ទាន់​ត្រូវ​ដើម​ឫស្សី​មក​សង្កត់​ផ្ដេក ដើម្បី​បំរុង​ចាំ​កណ្ដៀវ​ច្រូត​នៅ​ឡើយ​ទេ​។ សម្លេង​អ្នក​ច្រូត​ច្រៀង​ត​គ្នា និង​មាត់​លលក​ដែល​ឃូរ​ឆ្លើយ​ឆ្លង​ពី​ចុង​ដង្កោ​មួយ​ទៅ​មួយ​នាំ​ឲ្យ​វិញ្ញាណ​ឡឺនឡង់​ដោយ​សុខដុម និង​សំរាន្ត​ចិត្ត​។
អើត​ផុត​ពី​ចុង​អម្ពិល កង្ហារ​ត្រដោក​មាន​កន្ទុយ​ដូច​មាន់ចែ​រោទ៍​ស្រែក​ឮ​ងូង​ប្រណាំង​គ្នា​តាម​លាន​បញ្ជាន់​ស្រូវ ដើម្បី​ប្រាប់​អ្នក​រោយ​ថា​មាន​ខ្យល់​បក់​ល្មម​ធ្វើ​ការ​បាន​ហើយ កុំ​នៅ​ដៃ​ស្ងៀម​ធ្វើ​អ្វី​ទៀត​។
នាង​ ចន្ទមណី នាំ​ ទីឃាវុធ​ ដើរ​តាម​ភ្លឺ​ពី​ស្រែ​មួយ​ទៀត ក្រោម​ពន្លឺ​ថ្លា​នៃ​ព្រះអាទិត្យ ជួប​និង​ពួក​ច្រូត​នាង​តែង​ឈប់​សួរ​ពីរ​ជំនឿន​ការ​ដែល​គេ​កំពុង​ធ្វើ​។ ឯ​ ទីឃាវុធ​ ភ្លេច​ខ្លួន​ជា​ភូឈួយ​ខេត្ត ក៏​ហៅ​មា​ហៅ​មីង​ហើយ​សើច​លេង​នឹង​គេ​លាន់​។
-នុ៎ះ​បង វត្ត​ជ្រោយ​ម្ទេស​។
ភូឈួយ​កំលោះ​បែរ​មុខ​មើល​នារី​ឆ្នើម​ជីវិត ដែល​សេចក្ដី​សិទ្ធិ​បង្គាប់​ឲ្យ​ហៅ​ថា​ៈ ៉​បង​៉ៗ​ ឡើង​វិញ​នោះ ទើប​ដាក់​ភ្នែក​ដេញ​តាម​ដៃ​នាង​ចង្អុល​។
ដូច​ជា​កោះ​មួយ​អណ្ដែត​លើ​សាគរ​ពណ៌​មាស​ទុំ រុក្ខជាតិ​ពណ៌​បៃតង​ចាស់ ប្រាកដ​រូប​ឡើង​នៅ​ចំ​ចក្ខុ​វិញ្ញាណ​អ្នក​ដើរ​កាត់​វាល​ស្រែ​។ ដំបូល​ព្រះវិហារ និង​ហ្វា​រាង​ស្ដើង​ស្ទួយ បន្លិច​ខ្លួន​ផុត​ពី​ចុង​ឈើ​ផ្សាយ​សន្តិភាព​បរមសុខ​ដល់​ទី​ជិត​ខាង​។ កណ្ដឹង​សំរឹទ្ធិ​យោល​រណឹង​រណុង​នៅ​ដំបូល​បូស​។ សំឡេង​ព្រាប​ថ្ងូរ មាត់​សិស្ស​មើល មើល​សាស្ត្រា​ស្លឹករឹត​បាន​ជីក​ដួង​ចិត្ត​ទៅ​កាន់​សកល​មួយ​ខុស​ពី​ទី​ប្រជុំ​។
យុវជន​ទាំង​ពីរ​នាក់​ចូល​ក្នុង​ឃឿន​វត្ត ហើយ​តម្រង់​ទៅ​រក​បូជនីយដ្ឋាន​ដែល​ឈរ​ធំ​ស្កឹមស្កៃ​ដាច់​ពី​កុដិ​នានា​។ ដោយ​ពេល​នោះ​ឃើញ​ទ្វារ​បង្ហើប​ចោល​ឥត​មាន​ជន​ណា​នៅ អ្នក​ទាំង​ពីរ​ក៏​នាំ​គ្នា​ដោះ​ស្បែក​ជើង ហើយ​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​ជីវ៍​ដើម្បី​ធ្វើ​សក្ការៈ​បូជា​។ អនុស្សាវរីយ៍​នា​កាល​ខ្លួន​នាំ​គ្នា​ថ្វាយ​បង្គំ ព្រះ​អង្គ​ចូល​និព្វាន​នា​ភ្នំ​គូលែន ក៏​ប្រាកដ​​រូប​ស្ដែង​ឡើង​ក្នុង​សេចក្ដី​នឹក​រលឹក​នៃ​យុវជន​។ លុះ​សូត្រ​នមស្ការ​ចប់​កាល​ណា ទីឃាវុធ​ លុត​ជង្គង់​លើក​ដៃ​ប្រណម្យ​ម្ដង​ទៀត ហើយ​ប្រកាស​ថា​ៈ
-កាល​ពី​មុន​ខ្ញុំ​ព្រះ​ករុណា​បាន​តាំង​សច្ចា​ប្រណិធាន​ថា​លុះ​ត្រា​តែ​ទឹក​ដី​ខ្មែរ ដែល​បាត់​បង់​ទាំង​ប៉ុន្មាន​ក្នុង​ឱកាស​សង្គ្រាម​រវាង​ថៃ​-​ឥណ្ឌូចិន បាន​ត្រឡប់​មក​រួម​ក្នុង​វង់​មាតុភូមិ​វិញ​ទើប​ខ្ញុំ​ព្រះ​ករុណា អាច​ចង​មិត្តភាព ឬ​សម្ព័ន្ធ​ភាព​អ្វីៗ ជា​មួយ​ជនជាតិ​សៀម​បាន​។ ឥឡូវ​ពាក្យ​សច្ចា​ទាំង​ប៉ុន្មាន ក៏​បាន​សំរេច​​ទាំង​អស់​ហើយ​។ 
រួច​ហើយ​ទើប​បែរ​មុខ​មក​មើល​នាង ដែល​អង្គុយ​បត់​ជើង​ក្រញឹម​នៅ​ជិត​ៈ
-ម៉េច​អូន?​ ពាក្យ​សន្យា​ជាន់​ដើម​ផ្ទាល់​ខ្លួន​យើង​ទាំង​ពីរ​នាក់​នៅ​មាន​ជីវិត​មែន​ឬ​ទេ?
ព្រោះ​ទ្រូង​នាង​ញ័រ​ចំប្រប់ ដោយ​សេចក្ដី​ត្រេកអរ ទឹក​ភ្នែក​នៃ​សុភមង្គល​ក៏​ពោរ ហើយ​ហូរ​ជោរជន់​ធ្លាក់​មក​។ កាល​នោះ​នាង​ពុំ​តប​ថា​អ្វី​ទេ​។​ គ្រាន់​តែ​លូក​ដៃ​ស្ដាំ​ទៅ​ស្រវា​ចាប់​ដៃ​ស្ដាំ​មិត្ត​របស់​នាង​រួច​ហើយ​នាំ​គ្នា​ក្រាប​គោរព​ហាក់​ដូច​សន្យា​ជា​ថ្មី​ម្ដង​ទៀត​ថា ក្នុង​ជីវិត​នេះ​លែង​មាន​ព្រាត់​ប្រាស​គ្នា​ទៀត​ហើយ​។
នៅ​ខាង​ក្រៅ​ត្រង់​ដំបូក​តូច​មួយ​ដែល​ចារ​មួយ​ដើម​កំពុង​ចោល​ម្លប់​យ៉ាង​ខាត់​ខែប ព្រោះ​ជា​រដូវ​រោយ​ស្លឹក ហើយ​បញ្ចេញ​ផ្កា​ពណ៌​រងើក​ភ្លើង កំលោះ​គង្វាល​គោ​ម្នាក់​រាយ​ទំនុក​ក្ដែងៗ តែ​ឯកា​។ សំឡេង​ស្រួយ​ប្រាវ ដែល​ភាព​ស្វាង​ថ្លា​របស់​អាកាស​ជួយ​សំអាត​ឲ្យ​កាន់​តែ​រងំ​ថែម​ទៀត បាន​រាយ​សេចក្ដី​ដូច​តទៅ​ហាក់​ដូច​ជា​កិច្ច គោរព​សព្វ​សាធុការ​ចំពោះ​សេចក្ដី​ស្នេហា​ហ្មត់ហ្មង បរិសុទ្ធ​ ដែល​ទើប​បាន​ពានពារ​រួច​មក​នូវ​ឧបសគ្គ​ច្រើន​ជាន់​ៈ
-ថ្ងៃ​បាច​រស្មី​លើ​វាល​ស្រែ             ឲ្យ​ទេសភាព​ប្រែ​ពណ៌​ដូច​មាស
ហើយ​ផ្សាយ​នូវ​បរិយាកាស         រីក​រាយ​ត្រចះ​ក្រោម​មេឃ​ខៀវ​។ 
-ជ្រនៀង​ទន់​មែក​តាម​វាយោ        ហ្វូង​គោ​នាំ​គ្នា​ស៊ី​រញៀវ
អ្នក​ច្រូត​ដៃ​ញាប់​ក្ដាប់​កណ្ដៀវ       តែ​មាត់​ច្រៀង​ជ្រៀវ​ចំអន់​គ្នា​។
-កង្ហារ​រោទ៍​ងូង​ចុង​អម្ពិល             លលក​ឥត​ខ្ជិល​ហៅ​គូ​វា
អក​ហើរ​ខ្ពស់​ឆ្ងាយ​លើ​វេហាស៍     ឃ្លាំ​មើល​មច្ឆា​ក្នុង​បឹង​កក់​។
-កញ្ច្រាំង​កាច់​ថ្មី​ក្លិន​ឆួល​ក្ដៅ         ដើម​ស្ដៅ​ផ្កា​ស្រស់​ផ្ដល់​អន្លក់
ក្របី​ចាញ់​ថ្ងៃ​ចូល​ត្រាំ​ភក់             ធ្មេច​លក់​តែ​មាត់​ទំពា​លេង​។
-សន្តិ​សោយ​រាជ្យ​ក្នុង​ធម្មជាតិ       មនោរម្យ​វាត​ទី​តាំង​វែង
នាំ​សុភមង្គល​យ៉ាង​ស្អាត​ឆេង       បូជា​គូ​ព្រេង​ដែល​ស្នេហា​។
                                                         -​ចប់​-

Share on Google Plus

About Unknown

0 comments:

Post a Comment