សំណួរ : អ្វីទៅហៅថា " បញ្ញា " ? |
---|
ចម្លើយ : អ្នកប្រាជ្ញម្នាក់ឈ្មោះ ហាក ម៉ាន់ (Hartman) បានឲ្យនិយមន័យ បញ្ញា ថាជា អនុគមន៍សម្របមធ្យោបាយ និងគោលដៅ ។ ដូច្នេះបើតាមយោបល់របស់អ្នកប្រាជ្ញនេះ បញ្ញា ជាការប្រើឧបករណ៍សាកល ដើម្បីជាមធ្យោបាយ ក្នុងការដោះស្រាយបញ្ហាទូទៅ ដែលមានគោលដៅជាក់លាក់ ។ |
សំណួរ : អ្វីទៅហៅថា " សភាវគតិ " ? |
---|
ចម្លើយ : សភាវគតិ ជាអាកប្បកិរិយាកំណើតដដែលៗ សម្រាប់សត្វមានជីវិត ទៅតាមប្រភេទនីមួយៗ ។ |
សំណួរ : គេថាឆ្កែញាំងចេះធ្វើសំបុក ។ ក្រោយមកវាចេះយកដង្កូវមកបង់ឃាំងទុកក្នុងសំបុក សម្រាប់ឲ្យកូនស៊ី តើយើងយល់ថា សត្វឆ្កែញាំងមានបញ្ញាឬទេ ? |
---|
ចម្លើយ : សត្វឆ្កែញាំងគ្មានបញ្ញាទេ តែសត្វនេះមានសភាវគតិ និងទម្លាប់ ។ |
សំណួរ : តើមនុស្សខុសនឹងសត្វ ត្រង់លក្ខណៈណា? |
---|
ចម្លើយ : មនុស្សខុសនឹងសត្វ ត្រង់មនុស្សមានមនោសញ្ចេតនា បង្កើតបញ្ញា ។ |
សំណួរ : តើសត្វមានសភាវគតិយ៉ាងដូចម្ដេច ? |
---|
ចម្លើយ : សត្វមានសភាវគតិរឹង ហើយងងឹតងងល់ ចំណែកមនុស្សមានភាពទន់ភ្លន់ និងបត់បែនបាន របស់អាកប្បកិរិយា ដែលលក្ខណៈរបស់បញ្ញា ។ |
សំណួរ : ទម្លាប់ និងសភាវគតិ នៅក្រោមការត្រួតត្រារបស់អ្វី? ចូររកឧទាហរណ៍រូបីមកបញ្ជាក់? |
---|
ចម្លើយ : ទម្លាប់ និងសភារគតិ បានស្ថិតនៅក្រោមការត្រួតត្រារបស់តណ្ហា តាំងពីសត្វទាំងឡាយ កើតមានជីវិតមកលើលោកនេះ ។ ដោយសារទម្លាប់សត្វស្វា ពុំព្រមចេះធ្វើសំបុកជ្រកនៅ ចាញ់បក្សីទាំងពួង និងសត្វស្លាបតូចៗ ដូចជា ឆ្កែញាំង ឪម៉ាល់ ។ល។ ដោយសារសភាវគតិ សត្វទាំងឡាយចេះប្រព្រឹត្តធ្វើនូវចលនា បញ្ចេញសំឡេង និងធ្វើត្រាប់មេរបស់វា ។ ដោយសារខ្វះបញ្ញា សត្វទាំងឡាយពុំមានការពិចារណា ដូចមនុស្សយើងឡើយ ។ សត្វមមាចមានសភាវគតិ តែពុំមានបញ្ញា វាបានហើរចូលភ្លើង ហើយស្លាប់ឥតសល់ ។ ឆ្កែឥតមានបញ្ញា បានកើតមកពីមេរបស់វា ក្រោយមកឆ្កែបានសេពសន្ធវៈជាមួយមេវា រហូតមានកូនបន្តទៀត ។ មេឆ្កែមានសភាវគតិ តែឥត " សភាវគតិឯកទេស " បានសុខចិត្តឲ្យកូនវារួមសង្វះ ក្នុងការបន្តពូជ ។ មនុស្សព្រៃ ឬមនុស្សបុរេប្រវត្តិខ្លះ បានចេះធ្វើផ្ទះនៅចេះបរបាញ់ ចេះចំអិនសាច់ ព្រោះចេះបង្កើតភ្លើង ដោយដុំថ្ម តែមនុស្សនោះបានសេពបេថុន និងម្ដាយរបស់ខ្លួន ហើយបន្តសកម្មភាពដូច្នេះតទៅ (Complexe d’œ dipe) ដោយតណ្ហារបស់ខ្លួន ។ |
សំណួរ : តើមានអ្វីអាចឈ្នះតណ្ហាបានឬទេ? |
---|
ចម្លើយ : មានតែពុទ្ធិសច្ចៈប៉ុណ្ណោះទេ ដែលអាចឈ្នះលើតណ្ហាបាន ។ |
សំណួរ : តើនរណាប្រាប់មនុស្សឲ្យចេះធ្វើ ពុទ្ធិសច្ចៈ? |
---|
ចម្លើយ : ព្រះពុទ្ធប្រាប់មនុស្ស និងចង្អុលប្រាប់មនុស្ស ឲ្យយល់ពីការឥតន័យរបស់ សរីរាង្គ ហើយប្រាប់មនុស្សឲ្យបណ្ដុះពុទ្ធិសច្ចៈ ។ |
សំណួរ : ដោយការសិក្សា មនុស្សមាន ពុទ្ធិសច្ចៈ ឬទេ ? |
---|
ចម្លើយ : ដោយការសិក្សាតែម្យ៉ាង មនុស្សគ្មានពុទ្ធិសច្ចៈឡើយ ។ |
សំណួរ : ចុះនរណាមានពុទ្ធិសច្ចៈជាសកល ? |
---|
ចម្លើយ : ព្រះពុទ្ធមានពុទ្ធិសច្ចៈសាកល ។ |
សំណួរ : តើចំណេះចេះដឹង និងការស្រាវជ្រាវរបស់អ្នកប្រាជ្ញខាងស្យង់ សព្វថ្ងៃនេះ អាចចាត់ទុកថាជា ពុទ្ធិសាកល បានឬទេ ? |
---|
ចម្លើយ : ចំណេះចេះដឹង និងការស្រាវជ្រាវ របស់អ្នកប្រាជ្ញបច្ចុប្បន្ន ជាលក្ខណៈដុះដាលនៃបញ្ញាមនុស្ស ។ គេពុំអាចចាត់ថា ពុទ្ធិសាកលប្រកបដោយសច្ចៈបានឡើយ ព្រោះចំណេះចេះដឹងនោះ មានការខ្វះខាត លើមែកធាងនៃពុទ្ធិច្រើនណាស់ ។ |
សំណួរ : ចូរអ្នករកឧទាហរណ៍រូបី មកបញ្ជាក់ថា ពុទ្ធិ របស់អ្នកប្រាជ្ញបច្ចុប្បន្ន ពុំទាន់មានតម្លៃឲ្យស្មើនឹង ពុទ្ធិសច្ចៈសកល ដែលព្រះពុទ្ធបានចង្អុល ប្រាប់នោះនៅឡើយ? |
---|
ចម្លើយ : វិទ្យាសាស្ត្រ បានចម្រើនលូតលាស់យ៉ាងខ្លាំង ។ នេះជាសក្ខីភាពបញ្ជាក់ពីសំទុះ នៃបញ្ញារបស់មនុស្ស ដែលចេះតែវិវត្តទៅមុខឥតដាច់ ។ គេបានឃើញមនុស្សចេះធ្វើម៉ាស៊ីនគិតលេខ (Machine à calculer) គេបានឃើញមនុស្សបង្កើតគ្រឿងយន្តទំនើប ហោះហើរទៅដល់ឋានព្រះច័ន្ទ្រ ព្រមទាំងយកថ្មឋានព្រះចន្ទ្របានថែមទៀតផង ។ គេបានឃើញមនុស្សបង្កើតគ្រឿងប្រហារយ៉ាងឃោរឃៅ ហើយមានកម្លាំងមហិមា ដូចជាកម្លាំងអាតូមិក និងកម្លាំងគ្រាប់បែកអុីដ្រូសែន គេបានឃើញមនុស្សចេះបង្កើតមនុស្សយន្ត (Robot) ដើរដោយកម្លាំងអេឡិចត្រូនិច ។ ឃើញថា កម្លាំងបញ្ញារបស់មនុស្ស មានកម្រិតស្ទើរនឹងហួសវិស័យ និងនិកដល់ ។ ទោះជាយ៉ាងនេះក្ដី យើងក៏នៅតែឃើញថា មនុស្សពុំទាន់អស់លក្ខណៈល្ងើ (Idiotie) របស់ខ្លួននៅឡើយ ព្រោះមនុស្សពុំចេះទ្រទ្រង់រាងកាយរបស់ខ្លួន ឲ្យរួចចាកពីការវិនាសបាត់ទៅនៃរូប ហើយមនុស្សក៏ពុំអាចចៀសរួច អំពីសេចក្ដីស្លាប់ ដែលមានលើមនុស្សគ្រប់រូបបានឡើយ ។ តែថាសេចក្ដីស្លាប់ចុះ វាជារបស់ដែលហួស និងគិតបាន ចុះបើមនុស្សចេះយកបញ្ញាមកប្រើយ៉ាងដូច្នេះ ហេតុអីក៏មនុស្សមិនសាកល្បងធ្វើគ្រឿងយន្ត សម្រាប់ផលិតកំណាព្យ (La poèsie) ដែលកវីធ្លាប់ធ្វើបាន រួចទៅហើយនោះផង? ដូច្នេះ បញ្ញាមនុស្សបច្ចុប្បន្នពុំទាន់ឲ្យតម្លៃថាជា ពុទ្ធិសច្ចៈសាកល នៅឡើយទេ ។ |
សំណួរ : ដើម្បីវាស់បញ្ញារបស់ក្មេង អ្នកប្រាជ្ញឈ្មោះ ប៊ីនេ (Binet) និង ស៊ីម៉ុង (Simon) បានរកមធ្យោបាយយ៉ាងណា ដើម្បីឲ្យដឹងថា ក្មេងនោះមានបញ្ញា ឬឥតបញ្ញា? |
---|
ចម្លើយ : អ្នកប្រាជ្ញទាំងពីរនេះ បានយកអាយុបញ្ញា (âge metal) ទៅចែកនឹងអាយុពិត (âge réel |
សំណួរ : តើវិធីវាស់បញ្ញារបស់លោក ប៊ីនេ និង ស៊ីម៉ុងត្រឹមត្រូវទាំងអស់ ទៅលើបញ្ញារបស់មនុស្សទូទៅឬទេ ? |
---|
ចម្លើយ : វិធីវាស់បញ្ញារបស់អ្នកប្រាជ្ញទាំងពីរនេះ ពុំត្រូវចំពោះមនុស្សទាំងអស់បានឡើយ ព្រោះអនុគមន៍នៃបញ្ញា និងពុទ្ធិរបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងលក្ខណៈអរូបី ។ ហេតុដូច្នេះហើយបានជា បច្ចុប្បន្នកាលក្ដី អតីតកាលក្ដី គេតែងវាស់បញ្ញាមនុស្ស ដោយដាក់វិញ្ញាសាឲ្យមនុស្ស ដោះស្រាយជាចាំបាច់ ។ |
សំណួរ : លោក កាល់ម៉ាក់ (Karl Marx) និយាយថា ៖ ភាពខុសគ្នារវាងស្ថាបត្យករ ដែលគ្មានថ្វីដៃសោះ និងសត្វឃ្មុំ ដែលពូកែ នៅត្រង់ហេតុថា ស្ថាបត្យករមានប្លង់ផ្ទះ នៅក្នុងក្បាលមុននឹងចាប់សង់ ។ តើអ្នកយល់យ៉ាងណា ចំពោះសម្ដីខាងលើនេះ ។ ចូរវែកញែក ។ |
---|
ចម្លើយ : ស្ថាបត្យករ គឺមនុស្សដែលផលិតនូវស្នាដៃផ្សេងៗ តាមមុខវិជ្ជារបស់ខ្លួន គឺ ស្ថាបត្យកម្ម ។ សំណង់ទាំងឡាយ អាចកើតជារូបរាង បានអាស្រ័យការគូរវាស់ តាមមុខវិជ្ជានៃស្ថាបត្យករនោះ ។ មុននឹងសាងនូវសំណង់អ្វីមួយ ស្ថាបត្យករបានគិតពិចារណា រាវរកទេពកោសល្យ តាមឧបនិស្ស័យរបស់ខ្លួន ហើយឧបនិស្ស័យនេះ តែងទាក់ទងទៅនឹងសម្បទានបញ្ញា ពិសេសសម្រាប់ស្ថាបត្យករនោះឯង ។ ចំណែកសត្វឃ្មុំ កាលណាវាចាប់ធ្វើសំបុក វាពុំមានការគិតពិចារណា ហើយគ្មានរូបភាពសំណង់នៅក្នុងក្បាលវា ដូចមនុស្សឡើយ ។ គឺកាលណាវាបានជ្រើសរើសបង្គងល្មម និងធ្វើសំបុកហើយ ឃ្មុំក៏ចាប់ផ្ដុំគ្នា ពពាក់ពពូន ហើយរចនាសម្ព័ន្ធទម្លាប់ ក៏ញ៉ាំងសភាវគតិឃ្មុំ ឲ្យបញ្ចេញក្រមួនជាសំណង់ភ្លាមៗ សម្រាប់រក្សាក្បាលទឹក ។ ដូច្នេះឃ្មុំគ្មានរូបភាពនៃសំបុករបស់វា នៅក្នុងក្បាលដូចមនុស្ស ឬស្ថាបត្យករឡើយ ។ បើដូច្នេះ ហេតុដូចម្ដេចក៏ (Karl Marx) បានប្រៀបប្រដូងស្ថាបត្យករគ្មានថ្វីដៃទៅនឹងឃ្មុំ? យើងជឿថា គឺកាលម៉ាក់ ចង់ប្រដូងស្ថាបត្យកម្ម និងសំបុកឃ្មុំនេះតែម្ដង ពោលគឺ គ្រឿងសំណង់ ដែលជាស្នាដៃរបស់ស្ថាបត្យករ គ្មានថ្វីដៃប្រដូងបាននឹងសំបុកឃ្មុំនោះពិត ។ ឯចំណែកស្ថាបត្យករនោះឯង ក៏ត្រូវកាលម៉ាក់ប្រដូងទៅនឹងឃ្មុំ ព្រោះ មនុស្សឃ្មុំ នោះខុសទៅនឹង សត្វឃ្មុំ តែត្រង់ខ្លួនមាន រូបភាពនៃសំណង់ គឺប្លង់ នៅក្នុងក្បាលខ្លួន មុននិងចាប់គូរវាស ឬសាងសំណង់នោះតែប៉ុណ្ណោះ ។ |
សំណួរ : គេច្រើនពោលថា សង់សាក់រូសូ (J.J. Rousseau) មានចំណូលចិត្តទៅនឹង " រុក្ខវិទ្យា " ដោយសារគាត់មានការស្រឡាញ់ធម្មជាតិ និងការរំភើបសប្បាយ ដែលធម្មជាតិបានផ្ដល់ដល់គាត់ ។ តើអ្នកយល់យ៉ាងដូចម្ដេច ចំពោះសម្ដីរបស់អ្នកទស្សនវិជ្ជានេះ? |
---|
ចម្លើយ : ដើម្បីវិនិច្ឆ័យលើសម្ដីរបស់លោក រូសូ គប្បីយើងរំឭកពីសភាព និងខ្សែជីវិតខ្លះៗរបស់អ្នកទស្សនវិជ្ជានេះសិន ។ លោក រូសូ កើតនៅក្រុង សឺណែវ (Geneve) ប្រទេស ស្វីស (Suisse) មាតារបស់លោក បានចូលមរណភាព នៅថ្ងៃកំណើតរបស់លោកតែម្ដង គឺថ្ងៃទី ២៨ មិថុនា ១៨១២ ដប់ឆ្នាំក្រោយមក ឪពុកលោក រូសូ ដែលមានកង្វល់ក្នុងជីវិត ក៏សម្រេចចិត្តដើរចោលស្រុក ។ ពេលនោះ លោក រូសូ ក៏ស្ថិតនៅក្រោមការបីបាច់រក្សា នៃអ្នកគង្វាលសត្វម្នាក់ឈ្មោះ ឡំ បែរស៊ីយេ (Lambercier) ។ ពីរឆ្នាំក្រោយមក រូសូ ត្រូវគេបញ្ជូនទៅបម្រើជាងចម្លាក់ម្នាក់ បន្ទាប់មកគាត់ក៏ចាប់ដើរផ្សងព្រេងរហូត ។ ដំបូង គាត់បានត្រូវស្ត្រីមេម៉ាយម្នាក់ឈ្មោះ វ៉ារង់ (Mme de Waren) បញ្ជូនឲ្យទៅរស់នៅក្នុងកុមារ សង្គ្រោះផ្នែកសាលាប្រូតិស្ដង់ រួចចេញមកបម្រើនៅក្នុងវិមានរបស់លោកស្រី " នីវែរសីលីស " និង លោក គូវ៉ុង (Gouvon) ។ ដោយ រូសូ មានរូបសម្បត្តិល្អ ពីធម្មជាតិ គាត់ក៏ត្រូវស្ត្រីមេម៉ាយ ដែលជួញឧបត្ថម្ភនោះ ទទួលរក្សាគ្រាន់នឹងបម្រើកាមគុណប៉ុណ្ណោះ ។ ស្ថិតនៅក្នុងសភាពជា " កូនជីង " ។ ដូច្នោះ រូសូ ក៏មានការធុញនឹងជីវិត ហើយក៏សម្រេចចិត្តដើរទេសក្នុងព្រៃ ដើម្បីស្លាប់ ។ តែមិនស្លាប់ រូសូ ត្រឡប់ជាអ្នកទទួលទេពកោសល្យពីធម្មជាតិ ព្រោះមានពិសោធន៍សច្ចៈ ។ លុះអាយុលោកបាន ៣០ ឆ្នាំ រូសូ ក៏បានត្រូវលោក " ឌីម៉ុងតេគុយ " (M. De Montegu) អគ្គរដ្ឋទូតបារាំងប្រចាំក្រុង វីនីស ទទួលយកធ្វើការស្មៀន ។ តាំងពីថ្ងៃនោះមក រូសូ ក៏មានមុខមានមាត់ ហើយតាំងខ្លួនជាអ្នកសរសេររឿងពិតនៃបញ្ញាមនុស្ស ។ រូសូ បានជួបនឹងលោក " វ៉ុលតែរ " (Voltaire) រហូតបានចងមេត្រីភាពនឹងគ្នា ។ លុះ រូសូ អាយុ ៣៤ ឆ្នាំ គាត់បានយកស្រីអ្នកបោកអ៊ុតខោអាវម្នាក់ឈ្មោះ Thérèse ជាប្រពន្ធ ។ ក្រោយមកគេដឹងថា រូសូ បានកូន ហើយកូននោះគាត់ពុំបានចិញ្ចឹមខ្លួនឯងទេ តែគាត់បានយកទៅដាក់ក្នុង " កុមារសង្គ្រោះ " ។ បន្ទាប់មកគាត់ក៏បោះបង់ចោលនាងតេរ៉ែស (Thérèse) នោះ ហើយដើរផ្សងព្រេងម្ដងទៀត ។ រូសូ បានសរសេរអត្ថបទ ដែលស្ដីពី សិល្បៈនិងស្យង់ រហូតមានឈ្មោះបោះសំឡេង គឺអត្ថបទត្រូវសាលាព្រឹទ្ធសភា នៅ ឌីសុង (Dijon) ផ្ដល់រង្វាន់យ៉ាងច្រើន តាំងពីពេលនោះមក រូសូ សរសើរពីសង្គមពិតៗ របស់មនុស្ស ដូចជាអត្ថបទឈ្មោះ " កំណើតនៃអសមភាព " (Origine de l'inégalité) និងអត្ថបទឈ្មោះ " អេមីល " (Emile) ដែលបណ្ដាលឲ្យគេតាមចាប់ខ្លួន គាត់យកទៅធ្វើទោស ។ តែ រូសូ បានដឹងទាន់ ហើយក៏ភៀសខ្លួនទៅនៅស្វីសវិញ ។ ដំណើរផ្សងព្រេងរបស់ រូសូ មានវែងឆ្ងាយណាស់ តែយើងគ្រាន់តែបញ្ជាក់ថា រូសូ បានជួបនឹងបញ្ហាមនុស្ស រហូតធ្វើឲ្យគាត់ស្អប់សង្គមនេះពន់ពេកក្រៃ ។ គាត់ស្លាប់នៅថ្ងៃទី ២ កក្កដា ១៧៧៨ ក្នុងជន្មាយុ ៦៦ ឆ្នាំ នៅគេហដ្ឋានលោក ស៊ីរ៉ាដាំង (Girardin) ហើយសពរបស់គាត់ ត្រូវគេនាំយកទៅកប់ស្ងាត់ៗ នៅលើកោះមួយ ឆ្ងាយដាច់ពីគេគឺ " កោះដើមស្រស់ " ។ ១៦ ឆ្នាំក្រោយមក ទើបប្រជាជនបារាំងយល់ឃើញថា គំនិត រូសូ ជាគំនិតត្រូវ ទើបគេនាំគ្នាទៅដង្ហែសពគាត់ ពីកោះនោះមករក្សាក្នុងវិមាន " បង់តេអុង " រហូតដល់សព្វថ្ងៃនេះ ។ ខ្សែជីវិត រូសូ បានបញ្ជាក់ប្រាប់យើងថា គាត់ជាមនុស្ស ដែលមានសញ្ញាណប្រកបដោយ " តម្រូវការបញ្ញាសច្ចៈ " ។ ធ្លាប់ទទួលនូវអង្រែកជីវីត ពីកុមារភាពព្រាត់ប្រាស ពុំបានទទួលនូវសមានចិត្តម្ដង (Sympathie - contagion) ដូចអ្នកប្រាជ្ញដទៃឡើយ តែគាត់មានមនោគតិកំណើត (Imagination innée) ញែកចេញពីសង្គមមនុស្ស រហូតស្អប់សង្គមនេះថែមទៀតផង ។ គាត់បានដើរផ្សងព្រេងទៅក្នុងព្រៃ មាត់ស្ទឹង លើភ្នំ ។ល។ ដើម្បីជៀសវាងពីបញ្ហាមនុស្ស តែគាត់ត្រឡប់ជាប្រទះនូវលទ្ធផលពិត ពីធម្មជាតិដែលគេយល់ថា មានប្រយោជន៍សម្រាប់សច្ជៈក្នុងមនោគតិ និងស្យង់ទៅវិញ ។ លុះ រូសូ បានឃើញធម្មជាតិទាំងឡាយនោះ ដោយពិសោធន៍រួចហើយ ទើបគាត់ត្រឡប់មកពិនិត្យទ្រឹស្ដីរុក្ខវិទ្យា នៃអ្នកឯកទេសជំនាន់មុន គាត់បានបញ្ចេញគំនិតសំយោគ ប្រាប់ហេតុផលពិតដល់វិជ្ជាទាំងនេះ ព្រមទាំងសរសើរបញ្ជាក់ពី សច្ចៈដែលគាត់ធ្លាប់ជួបប្រទះផង ។ ដូច្នេះ រូសូ មានមនោគតិផង និងមានទំនោរធម្មជាតិផង ។ បុព្វហេតុ គឺគាត់បានផ្ដាច់មនោសញ្ចេតនាពីសង្គម ហើយងាកទៅរកធម្មជាតិ ។ លុះបានលទ្ធផលពីការពិចារណនោះហើយ គាត់ក៏ចាប់ផ្ដើមចង្អុលប្រាប់ជាទ្រឹស្ដី ដែលមានលក្ខណៈជាមនោសញ្ចេតនាបញ្ញានោះ តាមសង្គមវិទ្យាវត្ថុវិស័យ ។ រូសូ មានបញ្ហាក្នុងជីវិត ពុំព្រមដោះស្រាយ ហើយថែមទាំងរត់ចូលទៅក្នុងធម្មជាតិ ។ ដូច្នេះ ក្រៅពីការស្រឡាញ់ធម្មជាតិ ការរំភើបសប្បាយ ដែលធម្មជាតិផ្ដល់ដល់គាត់នេះ រូសូ មានបញ្ហាជាបច្ច័យច្រើន ដូចបានរៀបរាប់មកហើយ សម្រាប់ញ៉ាំងឲ្យមានចំណូលចិត្តទៅនឹង " រុក្ខវិទ្យា " ។ |

រៀបរៀងដោយ : សុខ សុត្ថាល សាស្ត្រាចារ្យបវញ្ញាទស្សនវិជ្ជា
ឆ្នាំបោះពុម្ពផ្សាយ : ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៥
បោះពុម្ពដោយ : រោងពុម្ព មហាលាភ
0 comments:
Post a Comment