ជីវប្រវត្តិ​​​សង្ខេបសម្ដេច ព្រះសង្ឃរាជ ជួន ណាត

ព្រះរាជ​ជីវប្រវត្តិ នៃ​សម្ដេច​ព្រះសង្ឃ​រាជ ជ.ណ. ជោតញ្ញណោ ថ្នាក់​ទី ១ នៃ​គណៈ​មហានិកាយ

រៀបរៀង​ដោយ ព្រះមុនី​កោសល សូរ ហាយ តាម​ឯកសារ​ខ្លះ​របស់​ព្រះឃោសធម្ម​ ប៉ុណ្យ សុម្ភាជ និង​របស់​លោក​ ទ្រិញ វ៉ាញ

ភ្នំពេញ
ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ ១៩៩៣

ញោម​ប្រុស​នៃ​សម្ដេច​នាម ព្រហ្ម ជួន កើត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខែ​បុស្ស ឆ្នាំ​ជូត ព.ស. ២៣៩៤ គ.ស. ១៨៥១ ។ អនិច្ចកម្ម នៅ​ថ្ងៃ​សៅរ៍ ១០ កើត ខែ​ជេស្ឋ ឆ្នាំ​មមី ព.ស. ២៤៧៣ (២១ មិថុនា ១៩៣០) ។ (រូបថត)

ញោម​ស្រី​នៃ​សម្ដេច​នាម យក់ កើត​នៅ​ថ្ងៃ​អាទិត្យ ឆ្នាំ​ជូត ព.ស. ២៣៩៤ គ.ស. ១៨៥១ ។ អនិច្ចកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១ កើត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ព.ស. ២៤៦៩ (១៤ សីហា ១៩២៦) ។ (រូបថត)

ព្រះរាជ​ជីវប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត ព្រះសង្ឃរាជ​ថ្នាក់​ទី ១ នៃ​គណៈមហានិកាយ 

ខ្ញុំ​ព្រះករុណា​អាត្មាភាព ជា​សមាជិក​នៃ​គណៈ​កម្មការ​ឃោសនា ដោយ​មាន​លោក​ ទ្រិញ វ៉ាញ ជា​ប្រធាន​នៃ​គណៈកម្មការ។ អស់​លោក​ជា​សមាជិក​គណៈ​កម្មការ​ទាំង​អស់ មាន​លោក​ លាង ហាប់​អាន ជាដើម បាន​ផ្ទុក​ផ្ដាក់ នូវ​ការ​ស្រាវ​ជ្រាវ​រៀប​រៀង​ព្រះរាជ​ជីវប្រវត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ​មក​លើ​ខ្ញុំ​ព្រះករុណា​អាត្មាភាព ដូច​មាន​លិខិត​លេខ​ ៨៤៤ ព.ប. ចុះ​ថ្ងៃ​ទី​ ៧ ខែ​តុលា ឆ្នាំ ១៩៦៩ ជា​លិខិត​លោក លាង ហាប់​អាន នាយក​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ដែល​តម្រូវ​មក​លើ​ខ្លួន​ខ្ញុំ​ព្រះករុណា​អាត្មាភាព ឲ្យ​ស្រាវ​ជ្រាវ​រៀបរៀង​ព្រះរាជ​ជីវប្រវត្តិ នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់។

ខ្ញុំ​ព្រះករុណា​អាត្មាភាព សូម​ទទួល​ការណ៍​ដោយ​គោរព តាម​សមានច្ឆន្ទៈ​នៃ​គណៈ​កម្មការ។ ព្រះ​រាជ​ជីវប្រវត្តិ នៃ​សម្ដេច​ព្រះ​សង្ឃរាជ​នេះ ខ្ញុំ​ព្រះ​ករុណា អាត្មាភាព សូម​ចែក​ជា​បរិច្ឆេទ ១២ ដើម្បី​ឲ្យងាយ​មើល​ចំណាំ​ក្នុង​បរិច្ឆេទ​មួយៗ តាម​រយៈកាល​នៃព្រះ​ជីវភាព​, ព្រះ​វីរិយភាព និង​ព្រះ​ករណីយកិច្ច​នៃ​សម្ដេច​ព្រះសង្ឃរាជ​ ព្រម​ទាំង​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​រៀបរៀង​វែក​ញែក​សេចក្ដី​ ដូចតទៅនេះ

បរិច្ឆេទ ១២ យ៉ាង 

  1. ជាតិ​បរិច្ឆេទ កំណត់​អំពី​ជាតិ 
  2. កុមារ​បរិច្ឆេទ កំណត់​អំពី​ភាព​នៅ​ជា​កុមារ 
  3. បព្វជា្ជ​បរិច្ឆេទ កំណត់​អំពី​បព្វជ្ជា
  4. ឧបសម្បទា​បរិច្ឆេទ កំណត់​អំពី​ឧបសម្បទា 
  5. បរិយត្តិ​បរិច្ឆេទ កំណត់​អំពី​ការ​សិក្សា
  6. បេសកកម្ម​បរិច្ឆេទ កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ
  7. ឋានន្តរ​បរិច្ឆេទ កំណត់​អំពី​ឋានន្តរ
  8. សមណ​ស័ក្ដិ​បរិច្ឆេទ កំណត់​អំពី​សមណ​ស័ក្ដិ
  9. ឥស្សរិយ​បរិច្ឆេទ កំណត់​អំពី​ឥស្សរិយយស
  10. ពុទ្ធវុឌ្ឍិ​បរិច្ឆេទ កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះពុទ្ធសាសនា
  11. ចរិត​លក្ខណ​បរិច្ឆេទ កំណត់​អំពី​លក្ខណៈនៃ​ចរិត​ប្រក្រតី
  12. ជីវិតាវសាន​បរិច្ឆេទ កំណត់​អំពី​ទី​បំផុត​នៃ​ព្រះជីវិត 
អធិប្បាយ​ចំពោះ​បរិច្ឆេទ​នីមួយៗ

១- ជាតិ​បរិច្ឆេទ កំណត់​អំពី​ជាតិ។  

សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ រោច ខែ​ផល្គុន ឆ្នាំ​វកឆស័ក​ ព.ស.​ ២៤២៧ គឺ​ថ្ងៃ​​ទី ១១ ខែមីនា គ.ស. ១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកាកោះ ស្រុក​គងពីសី ខេត្ត​កំពង់​ស្ពឺ, សម្ដេច​មាន​ព្រះ​ជាតិ​ក្នុង​ត្រកូល​កសិករ ព្រះមាតា​នៃ​សម្ដេច​​នាម យក់​, ព្រះបិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​តែ​បុត្រ​ពីនាក់​គឺ អង្គ​សម្ដេច ព្រះសង្ឃរាជ​ និង​លោក​អ្នក​ឧកញ៉ា​សោភណ​មន្ត្រី ជួន នុត ជា​ព្រះអនុជ​នៃ​សម្ដេច​ព្រះសង្ឃរាជ។

២- កុមារ​បរិច្ឆេទ កំណត​់អំពីភាព​នៃ​កុមារ 

សម្ដេច​កាល​ឋិត​នៅ​ក្នុងកុមាភាព មាន​ព្រះជន្មាយុ​រវាង ១២ឆ្នាំ, ព្រះមាតា​បិតា​បាន​នាំយក​ទៅ​ផ្ទុក​ផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម​ កែ ម៉ម​ វត្ត​ពោធិព្រឹក្ស​ ហៅ​វត្ត​(ពោល្យំ)​ សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល។

៣- បព្វជ្ជា​បរិច្ឆេទ កំណត់​អំពី​បព្វជ្ជា

លុះ​សម្ដេច​មាន​ព្រះជន្មាយុ​ ១៤ ឆ្នាំ បាន​បួស​ជា​សមណេ​ក្នុង​ថ្ងៃ ១៥កើត​ខែ​ពិសាខ ឆ្នាំ​ច​សំរឹទ្ធិស័ក ព.ស. ២៤៤១, គ.ស. ១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិព្រឹក្ស អស់​រយៈ​កាល ២ ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិព្រឹក្ស​ទៅ​រៀនសូត្រ​ព្រះ​បរិយត្តិធម៌​ឯវត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ​ក្នុង​សំណាក់​ព្រះ​គ្រូ​ ទេព សោ នា​កុដិ​ថែវ ប្រប​កំពែង​ខាង​ជើងក្នុង​កាល ព.ស. ២៤៤៣ គ.ស.១៨៩៩។

៤- ឧបសម្បទា​បរិច្ឆេទ កំណត់​អំពី​ឧបសម្បទា។ 

សម្ដេច​លុះ​បាន​ព្រះជន្មាយុ​គម្រប់​ ២១ ឆ្នាំ បាន​ត្រង់​និមន្ត​ត្រឡប់​ទៅ​សុំ​ឧប្បសម្បទា​ ជាភិក្ខុ​ក្នុង​វត្ត​ពោថិព្រឹក្ស ដែល​ជា​វត្ត​ដើម​វិញ​ដោយ​មាន​ព្រះ​តេជគុណ​ព្រះពុទ្ធឃោសាចារ្យ​ ម៉ា កេត សុវណ្ណប្បញ្ញោ ជា​ព្រះឧបជ្ឈាយ៍​ កាល​លោក​នៅ​ជា​ចៅ​អធិការ​វត្ត​ពោធិព្រឹក្ស​ មាន​ព្រះតេជ​ព្រះគុណ​ កែ ម៉ម មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ​ អុីន ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង​ សូត្រ​បំពេញ​កិច្ច​ឧប្បសម្បទា​នៅ​ថ្ងៃ ១៤ ​កើត ខែជេស្ឋ ឆ្នាំ​រោង​ឆស័ក​ ព.ស.​២៤៤៨, គ.ស.១៩០៤។ សម្ដេច​ទ្រង់​បាន​ទទួល​ព្រះ​នាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧប្បសម្បទា​ ជា​ភិក្ខុភាព​រួច​ហើយ​ ទ្រង់​ក៏​និមន្ត​មក​គង់​នៅ​វត្ត​ ឧណ្ណាលោម​ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញទៀត។

៥- បរិយត្តិ​បរិច្ឆេទ កំណត់​អំពី​ការ​សិក្សា 

សម្ដាច​ព្រះសង្ឃរាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា​ទាំង​ផ្នែក​ភាសា​បាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀតៗ​ មាន​ភាសា​បារាំង​ជា​ដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ការ​ជោគជ័យ​ណាស់, បណ្ដា​លោក​អ្នក​សិក្សា​​ក្នុង​សម័យ​នោះ​ក្នុង​ជំនាន់​ជា​មួយ​គ្នា​នឹង​សម្ដច​ព្រះសង្ឃរាជ ឃើញ​មាន​តែ​សម្ដេច​ព្រះសង្ឃរាជ​ ដែល​រៀន​ចម្រើន​លូត​លាស់​បាន​លឿន​ឈ្នះ​លោក​ឯ​ទៀតៗ។ សម្ដេច​ចាប់​រៀន​ដំបូង​ មេសូត្រ, ប្រែ​មូល​កច្ចាយនៈ និង​គម្ពី​ធម្មបទ អំពី​ព្រះពុទ្ធឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​​ព្រះ​ឧជ្ឈាយ៍​នៃ​សម្ដេច​ព្រះ​សង្ឃរាជ។

សម្ដេច​ព្រះសង្ឃរាជ​ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ​ មាន​វិជ្ជា​បាលី​េជា​ដើម​ គឺ​រៀនដោយ​យក​ព្រះ​ទ័យ​​ទុក​ដាក់​ខំ​ប្រឹង​ប្រែង​ ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​លោះយ។ សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឈន្ទៈ ដ៏​មាន​កម្លាំង​មែន​ទែន​ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ​ទេ។ វិជ្ជា​ខាង​ភាសា​បាលី, ភាសា​សំស្ក្រិត និង​ភាសា​បារាំង សុទ្ធតែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់​ចត់​ជ្រាល​ជ្រៅ ​លំបាក​រៀន​លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់​លាស់​ដោយ​ឆាប់​រហ័ស គួរឲ្យ​កោត​សសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះ​ធ្លាយ​ ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា​ដែល​សម្ដេច​បាន​រៀន​ មាន​វេយ្យាករណ៍​បាលី, សំស្ក្រិត​ជាដើម ទាំង​អក្សរស​ាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ​ភាសា​សៀម,​ភាសាលាវ,​ និង​ភាសា​បារាំង​ ដែល​សម្ដេច​បាន​រៀន​ អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជន​ជាតិ​សៀម,​ជាតិ​លាវ​ និង​ចាតិ​បារាំង​បាន។​សម្ដេច​ឈលៀស​វៃ​​ប្រសប​់យក​យក​តម្រប់​តាម​សំឡេង​ភាសា​ជាតិ​ដ៏​ទៃៗ​ឲ្យ​អាច​មើល ​សរសេរ និយាយ​ប្រស្រ័យ​បាន​ច្រើនដែរ។​ ក្នុង​សម័យ​ដែល​សម្ដច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​ គ.ស.​១៩១០​ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ជា​ព្រះ​ថេរៈស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសា​បាលី​ អានិយាយ​ភាសា​បាលី​បាន​ ជាង​ភិក្ខុ​សាមណេ​ឯ​ទៀត​ដែល​រៀន​ជា​មួយ​គ្នា​ក្នុង​​សម័យ​នោះ។​

នៅ​ ព.​ស.​ ២៥៥៧​,​ គ.​ស.​ ១៩១៣​ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡងដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារម​វិហារ​ ព្រះ​កែវ​មរកត​​ចំពោះ​ព្រះភក្ត្រ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ សីុសុវត្ថិ​ បា​ន ​៤​ ប្រយោគ​ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។​

ព.​ស.​២៤៥៩​, គ.​ស.​១៩១៥​ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​ ២,​បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ជាន់​ខ្ពស់​ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ថា​ ពុទ្ធិក​វិទ្យាល័យ​ព្រះសុរាម្រឹត។​

ក្រៅ​ពី​ភាសា​ខ្មែរ​ដែល​សម្ដេច​ទ្រង់​បាន​ស្រាវ​ជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ​សម្ដេច​បាន​សិក្សា​ភាសា​បាលី​ អាច​អាន​ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់​គឺ​ សំនៀង​ លង្កា​,​ភូមា,​ មន,​ សៀម​ និង​លាវ​ ឥត​មាន​ទើស​ទាក់​ភ្លាំង​ភ្លាត់​ឡើយ។​

នៅ​ ព.​ស.​២៤៦៦​ និង​២៤៦៧​ គ​.ស.​ ១៩២២​ និង​ ១៩២៣​ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា​ (ជា​មួយ​នឹង​សម្ដេច​ព្រះ​ពោធិ​វ័ង្ស​ ហួត ​តាត ​វជីរប្បញ្ញោ​ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃវិជ្ជា​)​បាន​ធ្វើ​ជា​សមណ​និស្សិត​ និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសា​សំស្ក្រិត​ និង​អក្សរ​សិលា​ចារឹក​ ជា​ដើម​ នៅ​សាលា​បារាំង​សែស​ចុង​បូពា៌​ប្រទេស​ នា​ក្រុង​ ហា ណូយ (វៀត​ណាម​ខាង​ជើង)  

(រូបថត) សម្ដេច​ព្រះសង្ឃរាជ​ ជួន​ ណាត​ លោក​ ល្វី​ - ​ហ៊្វីណូត៍​, បារាំង​ម្នាក់​ទៀត​ជា​មិត្រ​ភក្ដិ​របស់​លោក​ សម្ដេច​ព្រះ​មហា​សុមាធាធិបតី​ ហួត​ តាត​ សង្ឃនាយក​គណៈ​មហានិកាយ​ ថត​កាល​និមន្ត​ទៅ​សិក្សា​ភាសា​សំស្ក្រិត​ នៅ​ហា​ណូយ​ ព​.ស.​២៤៦៦​ គ.​ស.​១៩២២​។

(រូបថត)​ សម្ដេច​ទ្រង់​យាង់​ទស្សនា​ជា​ផ្លូវ​ការ​នៅ​កម្ពុឃជា​ក្រោម​ ថត​កាល​ពី​ឆ្នាំ​ ១៩៣៩។

(រូបថត)​ សម្ដេច​ទ្រង់​ពិនិត្យ​កិច្ចការ​ពុទ្ធិក​សមាគម​ពិភពលោក​ ជា​មួយ​លោក​អ្នក​ឧកញ៉ា​ តាន់​- មៅ ​ក្នុង​ ព.​ស​ ២៨៩៤ ​គ.​ស ​១៩៥០។​

(រូបថត) សម្ដេច​ទ្រង់​ធ្វើ​ជា​អធិបតី​ក្នុង​ការ​បើក​អនុសំវច្ឆរ​មហា​សន្និបាត​នៃ​មន្ត្រី​សង្ឃ​នៅ​ក្រោម​ព្រះ​វិហារ​វត្ត​ឧណ្ណាលោម។​ ក្នុង​សំណាក់​ ល្វី ​ហ៊្វីណូត៍​ (ជាតិ​បារាំង​សែស)​ ជា​ចាងហ្វាង​សាលា​នេះ។​

៦- បេសកកម្ម​បរិច្ឆេទ​ កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ 

  • ព.​ស​. ២៤៦៣,​ គ.ស.​១៩១៩​ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំ​នុំ​តែង​វចនានុក្រម​ខ្មែរ​ ដែល​ទ្រង់​ជា​លេខាធិការ​កាន់​កិច្ច​ការ​ផ្ទាល់​ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ 
  • ព.ស.​ ២៤៦៩,​ គ.ស.​ ១៩២៥​ សម្ដេច​បាន​ធ្វើ​ជា​សមាជិក​ នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ នៃ​សៀវភៅ​នានា​ដេល​សាលា​បាលី​ជាន់​ខ្ពស់​បោះ​ពុម្ពផ្សាយ។ 
  • ព.ស. ២៤៧០, គ.ស. ១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​មេប្រយោគ​ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបន​ប័ត្រ​ បឋម​សិក្សា​ខ្មែរ​ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាំន់​ខ្ពស់​បារាំង​-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។​ 
  • ព.​ស. ២៤៧១,​ គ.ស. ១៩២៧​ សម្ដេច​ ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​ នៃ​ក្រុម​ជំ​នុំ​ផ្ទៀង​សម្រេច​ខាង​វចនា​នុក្រម​ខ្មែរ​ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ ធ្វើ​វចនា​នុក្រម​តែ​មួយ​ព្រះ​អង្គ​ឯង​ ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់​ បាន​បោះ​ពុម្ព​ផ្សាយ​ទាំង​ភាគ ​១ ​ភាគ​ ២​ បាន​ប្រាំ​គ្រា​ហើយ។ ក្នុង​ឆ្នាំ​ដដែល​នេះ​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ​សម្រាប់​បណ្ណាល័យ​កម្ពុជា​ ដែល​សព្វ​ថ្ងៃ​ហៅ​ថា​ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ដិត្យ។ 
  • ព.ស.​ ២៤៧៤,​ គ.ស.​ ១៩៣០​ សម្ដេច​ទ្រង​់បាន​ទទួល​ការ​តែង​តាំង​ក្នុង​មុខងារ​ជា​ចាង​ហ្វាង​រង​នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នុំពេញ។​ ក្នុង​ឆ្នាំ​ដដែល​នោះ​សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​ជំនួយ​ នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ នៅ​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំពេញ។ 
  • ព.ស.​ ២៤៧៦, គ.ស.​ ១៩៣២​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវ​ជ្រើស​រើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ​នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ​ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ​ទៅ​ក្នុង​វចនា​នុក្រម​ខ្មែរ។ 
  • ព.ស.​ ២៤៧៧, គ.ស. ១៩៣៣​ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​នៃ​ក្រុមជំនុំ​ពិនិត្យ​សៀវភៅ​ ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះ​ពុម្ពផ្សាយ។ 
  • ព.ស. ២៤៧៨, គ.ស. ១៩៣៤ ​សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើស​រើស​ពាក្យ​ខ្មែរ​ប្រៀប​ធៀប​នឹង​ពាក្យ​បារាំង​ សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។ 
  • ព.ស.​ ២៤៧៩, គ.ស. ១៩៣៥ ​សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រា​ចារ្យ​ បង្រៀន​ភាសា​បាលី​, សំស្ក្រិត​ ខ្មែរ និង​ លាវ​ ប្រចាំ​ថ្នាក់​ទី​បំផុត​ នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ ព្រះសីុសុវត្ថិ ក្រុងភ្នំពេញ។ 

៧- ឋានន្តរ​បរិច្ឆេទ កំណត់​អំពី​ឋានន្តរ 

  • ព.ស. ២៤៨៦, គ.ស. ១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ​ជា​ចាហ្វាង​ នៃ​សាលា​បាលី​ជាន់​ខ្ពស់​​ក្រុង​ភ្នំពេញ​ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រិត។ 
  • ព.ស. ២៤៨៨, គ.ស. ១៩៤៤ ​សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការវត្ត​ឧណ្ណាលោម។ 
  • ព.ស. ២៤៩៨, គ.ស.​ ១៩៤៥ ​សម្ដេច​ទ្រង់​បាន​ទទួល​នា​ទី​ជា​អធិបតី​ នៃថេរ​សភា​គឺ​ ក្រុម​ជំនុំ​ជាន់​ខ្ពស់​របស់​សង្ឃ។ 
  • ព.ស. ២៤៩១, គ.ស. ១៩៤៧ ​សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ​ "ក"​ នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។ 
  • ព.ស. ២៤៩២, គ.ស. ១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នា​ទី​ជា​ប្រធាន​គណៈកម្មការ​ធម្ម​វិន័យ​ ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ ​ក្នុង​ប្រះរាជា​ណាចក្រ។ 
  • គ.ស. ​១៩៦១ ​រហូត​មក​សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ ធ្វើ​ជា​ព្រះ​ប្រធាន​ នៃ​ការ​សំភាសន៍​អក្សរ​សាស្ត្រ​ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀង​រាល់​ថ្ងៃ​សុក្រ។ 
  • គ.ស. ១៩៦៨​ ទ្រង់​ទទួល​ឋានៈ​ជា​ព្រះ​ប្រធាន​គណៈ​កម្មការ​ពិនិត្យ​អត្ថបទ​ ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។ 
  • គ.ស.​ ១៩៦៩ ​ព្រះអង្គ​ទ្រង់​ទទួល​ការ​តែង​តាំង​ជា​ប្រធាន​គណៈ​កម្មការ​ពិនិត្យ​ និង​គមណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។ 

ព្រះ​កិច្ចការ​ដែល​សម្ដេច​ទ្រង់​បាន​បំពេញ ក្នុង​ព្រះ​ពុទ្ធ​សាសនា​នៅបរទេស 

  • នៅ​ ព.ស. ​២៤៧៥, គ.ស. សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ នៃ​មន្ត្រី​សង្ឃ​ទៅ​កាន់​ក្រុង​វាង​ចន្ទន៍​ និង​ក្រុង​ហ្លួង​ព្រះ​បាង​ប្រទេស​លាវ​ដើម្បី​រួប​រួម​ក្នុង​ពិធី​សម្ភោធ​ពុទ្ធសាសន​បណ្ឌិត្យ ប្រទេស​លាវ​ផង​ ដើម្បី​ជំនុំ​ពិភាក្សា​អំពីការសិក្សា​ សម្រាប់​ភាសា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។ 
  • នៅ​ ព.ស. ២៤៧៧, ​គ.ស. ​១៩៣៣ ​សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ព្រ​ះ​សង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំង​ឡាយ​ ក្នុង​ដែន​កូសាំង​សុីន ​កម្ពុជា​ក្រោម។ 
  • នៅ​ ព.ស. ២៤៨៣, គ.ស. ​១៩៣៩ ​សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មួួយ​ទៅ​កាន់​ ​ប្រទេស​លាវ​ម្ដង​ទៀត​ ដើម្បី​ប្រជំុ​ប្រឹក្សា​កិច្ចការ​​នៃ​ពុទ្ធសាសន​បណ្ឌិត្យ​ប្រទេស​លាវ​ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​ នៅប្រទេស​លាវ​ផង​ ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តិធម៌​ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា​ ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា​ និង​ការ​ប្រតិបត្ត​ិព្រះ​សាសនា​ នៃ​ប្រទេស​កម្ពុជា​ ទាំង​ប្រជាជាតិ​នៅ​ទី​ប្រជុំជន​ និង​ក្នុង​ខេត្ត​នានា​ នៃ​ព្រះរាជាណាចក្រ​លាវ​ ឲ្យ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ និង​ការ​ប្រតិ​បត្តិ​ឲ្យ​បាន​ត្រឹម​តរង់​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។ 
  • នៅ​ ព.ស. ២៤៨៧,​ គ.ស. ​១៩៤៣​ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយ​ឆ្លង​ នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូពា៌ប្រទេស​ ហើយ​នៅ​ នៅ​ ព.ស. ២៤៩២,​ ​គ.ស.​ ១៩៤៨​ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​ នៃ​សាលា​នេះ​ជា​ដរាប​មក។ 
  • នៅ​ ព.ស. ២៤៨៧, ​គ.ស. ​១៩៥០ ​សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​ប្រជុំ​សន្និសិទ ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក​ នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រីលង្កា​ទ្វីប។ 
  • នៅ​ ព.ស. ២៤៩៧, ​គ.ស. ១៩៥៣ ​សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ធដ្ឋ​សង្គាយនា​ នៅ​ក្រុង​រង្គូន សហភាព​ភូមា។ 
  • ក្នុង​ឆ្នាំជា​បន្ទាប់​ នៅ​ ព.ស. ២៤៩៨, ​គ.ស. ​១៩៥៤ ​សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ និមន្ត​ទៅ​កាន់​ក្រុង​រង្គូន​​ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួប​រួមក្នុង​ការ​ប្រជុ​ំធ្វើ​ធដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។ 
  • កន្លង​មួយ​ឆ្នាំ​ក្រោយ​មក​ នៅ​ ព.ស. ២៤៩៩,​គ.ស. ១៩៥៥​ សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ ទៅ​កាន់​ទី​ធដ្ឋសង្គាយនា​ ក្រុង​រង្គូន​ប្រទេស​ភូមា​ជា​លើក​ទី​បី​ ដើម្បី​ប្រជុំ​ ហើយ​បិទ​សម័យ​ប្រចាំឆ្នាំ។ 
  • នៅ​ ព.ស. ២៥០៣, គ.ស. ១៩៥៩​ សម្ដេច​ទ្រង់​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ ទៅ​កាន់​ក្រុង​ជកតា៌​ និង​ក្រុង​សីម៉ារ៉ាំង​ កោះជ្វា ​ប្រទេស​ឥណ្ឌូណេសុី​ ដើម្បី​រួបរួម​ក្នុង​ពិធី​បុណ្យ​វិសាសខបូជា​ ព.ស.​ ២៥០៣ ​ពិធី​បញ្ចុះ​ខណ្ឌសីមា ​និង​ពិធី​សន្មត់​រោង​ឧបោសថ​ ព្រមទាំង​ជា​ព្រះ​ឧបជ្ឈាយ៍ បំបួស​កុល​បុត្រ​អ្នក​ប្រទេស​នោះចំនួន​បី​រូប​ផង។ 

៨- សមណ​សក្ដិ​បរិច្ឆេទ កំណត់​អំពី​សមណ​សក្ដិ

ដោយ​ព្រះ​មហា​វីរិយភាព​ របស់​សម្ដេច​ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះពុទ្ធសាសនា​ទាំង​ផ្លូវ​លោក​ ដែល​យើង​បាន​ឃើញ​ជា​ភស្្តតាង​ សម្ដេច​ក៏​បាន​ឡើង​សមណ​ស័ក្កិ​ជា​លំដាប់​លំដោយ​ដូច​តទៅនេះគឺ 

  • ព.ស.​ ២៤៥៤,​ គ.ស.​ ១៩១០​ សម្ដេច​បាន​ទទួល​ការ​តែង​តាំង​ក្នុង​សមណ​ស័ក្កិ​ព្រះ​បាឡាត់​សាក្យ​បុត្តិយ៍​ (បាឡាត់​របស់​សាក្យវង្ស នុត​ វត្តឧណ្ណាលោម)។ 
  • ព.ស.​ ២៤៥៦,​ គ.ស.​១៩១២​ សម្ដេច​បានទទួល​សមណស័ក្កិ​ ជា​ព្រះគ្រូ​សង្ឃ​សត្ថា​ (ទី​ឋានានុក្រម​សម្រាប់​ឯក​ របស់​សម្ដេច​ព្រះសង្ឃរាជ​ព្រះ​នាម​ ទៀង)។ 
  • ព.ស.​ ២៤៧៥,​ គ.ស.១៩៣១​ សម្ដេច​បាន​ឡើង​សមណស័ក្កិ​ ជាព្រះ​សមណ​សាសនសោភ័ណ​ (រាជា​គណៈ​កិត្តិយស)។ 
  • ព.ស.​ ២៤៨៤,​ គ.ស.​១៩៤០​ សម្ដេច​បាន​ឡើង​សមណ​ស័ក្កិ​ ជា​ព្រះពុទ្​ធឃោសាចារ្យ​ (រាជា​គណៈ​ថ្នាក់​ទី ២)។
(រូបថត) (រូបថត) កាល​គង់​នៅ​ការិយាល័យ​ ក្នុង​ព្រះ​រាជ​ដំណាក់​កំពុង​រើស​លំដាប់​អក្សរ​ធ្វើ​ជា​វចនានុក្រម​ខ្មែរ។ 

(រូបថត) កាល​យាង​ទៅ​សហភាព​ភូមា​ រួម​ប្រជំុ​ធ្វើ​ឆដ្ឋសង្គាយនា​ក្នុង​ក្រុង​រង្គូន​ ព.ស.​ ២៤៩៧,​ គ.ស.១៩៥៣។ 

(រូបថត) សម្ដេច​ទ្រង់​ពន្យល់​អំពី​អដ្ឋិធាតុ​ នៃ​សារី​បុត្ត និង​មោគ្គលាន ចំពោះពុទ្ធបរិស័ទ​នៅ​ក្នុង​ព្រះវិហារ​ ព្រះកែវ​មរកត ​ឆ្នាំ ១៩៥៧។ 

(រូបថត) ព្រះ​អភិធជមហា​រដ្ឋគុរុ ​នៃ​សហភាពភូមា​ ជា​សញ្ញាប័ត្រ​ភុមា​ខ្ពស់​បំផុត​ផ្នែក​ខាង​សមណៈ បាន​ថ្វាយ​មកព្រះសង្ឃរាជ​ ព.ស.​ ២៥០១,​ គ.ស.១៩៥៧។ 

(រូបថត) 

  • ព.ស.​ ២៤៨៨,​ គ.ស.១៩៤៤​ សម្ដេច​បាន​ឡើង​សមណស័ក្កិ​ ជា​ព្រះពោធិវ័ង្ស​ (រាជា​គណៈ​ថ្នាក់​ទី ១) 
  • ព.ស.​ ២៤៩២,​ គ.ស.១៩៤៨​ សម្ដេច​បាន​ឡើង​សមណស័ក្កិ​ខ្ពស់​បំផុត​ជា​ ព្រះមហាសុមេធាថធិបតី​ សង្ឃនាយក​ គណៈ​មហានិកាយ។ 
  • ព.ស.​ ២៤៩៤,​ គ.ស.១៩៥០ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រគេន​ព្រះឋានៈ​ ជា​សម្ដេច​ព្រះសុមេធាធិបតី​ សង្ឃ​នាយក​គណៈ​មហានិកាយ។ 
  • លុះ​មក​ដល់ ព.ស.​ ២៤៩៨,​ គ.ស.១៩៤៥ ​រដ្ឋាភិបាល​សហភាព​ភូមា​ បាន​ប្រគេន​ព្រះ​ឋានៈជា​ ព្រះ​អគ្គ​មហា​បណ្ដិត​ សហភាព​ភូមា។ 
  • ស្រាប់​តែ​មក​ដល់​ ព.ស.​ ២៥០១,​ គ.ស.១៩៥៧​ រដ្ឋាភិបាល​សហភាព​ភូមា​ បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា​ ព្រះអធិធជ​មហា​រដ្ឋ​គុរុ នៃ​សហភាព​ភូមា​ ទៀត​ដែល​ជា​សមណ​ស័ក្កិ​ខ្ពស់​បំផុត​ មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។ 
  • ខែកុម្ភៈ​ គ.ស.១៩៦៤​ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះ​ឋានៈ​ព្រះអង្គ​ជា​ ព្រះ​អគ្គនិពន្ធ​ អក្សរសាស្ត្រ​ខ្មែរ​ និង​ជា​សមាជិក​កិត្តិយស​ នៃ​សមាគម​ អ្នក​និពន្ធ​ខ្មែរផង។ 
  • ព.ស.​ ២៥០៧,​ គ.ស.១៩៦៣​ សម្ដេច​ព្រះ​នរោត្តម​ សីហនុ​ ព្រះ​ប្រមុខ​រដ្ឋ ​នៃ​ប្រទេស​កម្ពុជា​ ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា​ សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។ 
  • ថ្ងៃទី​ ២៧ ខែ​​ ឧសភា​ ១៩៦៧​ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​ (បណ្ឌិត​អក្សរ​សាស្ត្រ) ពេញ​លក្ខណៈ​ អំពី​សម្ដេច​ព្រះ​ប្រមុខរដ្ឋ​ ក្នុង​នាម​មហា​វិទ្យាល័យ​អក្សរសាស្ត្រ​ និង​មនុស្សសាស្ត្រ​ នៃភូមិន្ទ​សកល​វិទ្យាល័យ។ 

៩. ឥស្សរិយ​បរិច្ឆេទ​ កំណត់​អំពី​ឥស្សរិយ​យស 

គ្រឿង​ឥស្សរិយយស​ ដែល​សម្ដេច​​ទទួល​បាន​មាន​ដូច​តទៅ​នេះ​គឺៈ 
  • មេដាយ​អស្សឫទ្ធិមុន្នីសារាភរណ៍​ នៅ ព.ស.​ ២៤៦១,​ គ.ស.១៩១៧។ 
  • មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា ព.ស.​ ២៤៧៦,​ គ.ស.១៩៣២។
  • មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន​ និង​ស្វេតច្ឆត្រ​ប្រទេស​លាវ នៅ​ ព.ស.​២៤៧៦​ គ.ស.​ ១៩៣២។
  • មេដាយ​សេនា​ នៃ​បណ្ដិតសភា​ សាធារណរដ្ឋ​បារាំង​នៅ​ ព.ស. ​២៤៨១​ គ.ស.​ ១៩៣៧។
  • មេដាយ​អស្សឫទ្ធិ​ដឺឡាឡេស្យុង​ដូណ្ណើរ​ នៃ​សាធារណរដ្ឋ​បារាំង​នៅ​ ព.ស.​ ២៤៨៦,​គ.ស.​ ១៩៤២។
  • មេដាយ​សាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ ព.ស.​ ២៤៨៨,​ គ.ស.​ ១៩៩៤៤។
  • មេដាយ​សេនា​ដឺឡាឡេស្យុង​ដូណ្ណើរ​ នៃ​សាធារណរដ្ឋ​បារាំង​នៅ​ ព.ស.​ ២៤៩២,​គ.ស.​ ១៩៤៨។
  • មេដាយ​មហាសិរីវិឌ្ឍន៍​សុវត្ថារា​ នៅ​ ព.ស.​ ២៥០៦,​ គ.ស.​ ១៩៦៣។
  • មេដាយ​ជា​តូបការ ​ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ ព.ស.​ ២៥១៣,​ គ.ស.​ ១៩៦៩។ 

១០. ពុទ្ធ​វុឌ្ឍិ​បរិច្ឆេទ កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក​ និង​ផ្លូវ​ព្រះពុទ្ធសាសនា 

កិច្ច​ការ​ឯ​ទៀត​របស់​សម្ដេច​ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ ជា​សាធារណ​ក្នុង​ព្រះពុទ្ធសាសនា​ និង​ប្រទេស​ជាតិ​នោះ​នៅ​មាន​ច្រើន​ទៅទៀត​ និយាយ​ដោយ​សង្ខេប​គឺ​ ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ដស័ក ​ព.ស.​ ២៤៧០,​គ.ស.​ ១៩២៤​ រៀង​មក​ សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​វត្ត​ពោធិព្រឹក្ស​ (ហៅ​វត្ត​ពោល្យំ)​ ក្នុង​សង្កាត់​ រលាំង​កែន​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​ រកា​កោះ ​ស្រុក​គង​ពីសី​ ខេត្ត​កំពង់ស្ពឺ ​ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច​ ដូច​មាន​សេនា​សនភ័ណ្ឌ តទៅនេះ : 
  1. សម្ដេច​បាន​ជាវ​ដី​ជុំវិញ​វត្ត​ចំនួន​ជាង​ ៣​ ហិតា​ ពង្រីក​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពីដើម។ 
  2. បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់​ជាតិ​ចូល​មក​វត្ត ​សុរភី ​និង​វត្ត​ ពោធិព្រឹក្ស ​រួម​ចម្ងាយ​ ៣ ​គីឡូម៉ែត្រ។ 
  3. បាន​ស្ថបនា​វិហា​បេតុង​អារម៉េ,​ សាលា​បាលី​រង​ (ពុទ្ធិក​បឋមសិក្សា)​ រៀប​ចំ​ទី​វត្ត​ពោធិព្រឹក្ស​ទាំង​មូល​ឲ្យ​មាន​ទេសភាព​សម​រម្យ​ តាមសម័យ​និយម។ 
  4. បាន​ស្ថាបនា​ស្ពាន​ធំ​មួយ​ និង​ស្ពាន​តូច​មួយ​ សុទ្ធតែ​បេតុង​អារម៉េ​ ឆ្លង​ស្ទឹង​តូច​ រាំង​ព្រំ​ប្រទល់​សង្កាត់​រលាំង​កែន ​និង​សង្កាត់​រកា​កោះ។ 
  5. បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋមសិក្សា​បំពេញ​វិជ្ជា​ សុរភី​- ពោធិព្រឹក្ស​ ៣ ខ្នង​ តាំង​ពី​ គ.ស.១៩៤៨​ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្តម​ដ្ឋាន​ សម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​ សុរភី​ និង​វត្ត​ពោធិព្រឹក្ស។
  6. បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួួយ​ចាក់​គ្រួស​បាយ​ក្រៀម​​ប្រើ​ការ​បាន​ដោយ​ស្រួល។
  7. បាន​ជាវ​ទី​ដី​ ៣​ ហិតា​កន្លះ​ ទុក​ដាក់​ជា​សាសន​សម្បត្តិ តរៀង​ទៅ។
  8. បាន​ស្ថាបនា​ខ្លោង​ទ្វារ​បេតុង​អារម៉េ​មួួយ។ ៩- 
  9. បាន​ស្ថាបនា​អាវសថសាលា (សាលា​សំណាក់) ១​ ខ្នង។
  10. បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ ​១០០ម៉ែត្រ​ ៤ជ្រុង​ នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ ក្នុង​សង្កាត់​រកាកោះ។
  11. បាន​ជួួយ​ឧបត្ថម្ភ​េជីក​អណ្ដូង​យោង​ ១៦​កន្លែង​ អណ្ដូង​បុក​ប្រើ​ស្នប់​ ៣​កន្លែង។
  12. បាន​ស្ថាបនា​គិលានដ្ឋាន​មួយខ្នង​, ប្រសូតិគ្រឹះ (មន្ទីសម្ភព)​ មួួយខ្នង​ដោយ​បេតុង​អារម៉េ។ 
  13. បាន​ធ្វើ​កពែង​បេតុង​អារម៉េ​បណ្ដោយ​ ១០០​ម៉ែត្រ​ ​ទទឹង​៥២​ម៉ែត្រ​ ​ព័ទ្ធ​ជុំវិញ​មន្ទីពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។
  14. បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។
  15. បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ ​២ ​ខ្នង​ក្រៅ​កំពែង​នោះ​ សម្រាប់​គិលាន​សមណៈ។
  16. បាន​ចាត់​ការ​ឲ្យ​លើក​ទំនុប​ទឹក​ ១កន្លែង​ បណ្ដោយ​ ៩០០ម៉ែត្រ ​ទទឹង​ ៨០០​ម៉ែត្រ​ (ដោយ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ឧបយុវរាជ​ ព្រះ​ប្រមុខ​រដ្ឋ​ ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​នេះ)។
  17. បាន​ឧបត្ថម្ភ​វេយ្យា​វច្ចករ​ដាំ​ដំណាំ​លើ​​ទី​ដី​ខាង​លើ​នេះ​ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន​ និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​នៅ​ក្នុង​អនាគតកាល​ (ស្ថាបនកម្ម​ទាំង​នេះ​នៅក្នុងភូមិ​ស្រែ​បន្ទាយ​ សង្កាត់​រកា​កោះ)។
  18. បាន​លះបង់​ដី​មួួយ​កន្លែង​ ដែល​សម្ដេច​បាន​ជាវ​ហើយ​នេោះ​ ជូន​ព្រះរាជ​រដ្ឋាភិបាល​ឲ្យ​ស្ថាបនា​ អគារ​នីតិកម្ម​ (ប៉ុស្តិ​ប៉ូលីស)​ និង​មន្ទីរ​រាជសហករណ៍។ល។
  19. បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃ​ក្រុង​ភ្នំពញ។
  20. បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម​ ដែល​ជា​វិហារ​ធំ​បំផុត​ ជាង​វិហារ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មាន​ ៣ ​ជាន់​ ក្នុង​ ព.ស. ​២៤៩៩,​ គ.ស.​ ១៩៥៦។
  21. បាន​ផ្ដើម​កសាង​ព្រះ​សក្យ​មុនី​ចេតិយ​ នៅ​ខាង​កើត​ស្ថានីយ​រាជា​យស្ម័យ​យាន។
  22. បាន​ទំនុក​បម្រុង​ ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​ ពញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស​មាន​ប្រទេស​ឥណ្ឌា​ ភូមា​ ជាដើម។
  23. បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យ​ ដើម្បី​សិក្ខា​កាម​កុលបុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។
  24. បាន​បង្កើត​ការ​អប់រំ​យុវជន​ ដោយ​សីលធម៌​ ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម​ ឬវត្ត​ឯទៀតៗ ​ ដែល​មាន​យុវជន​នៅវត្ត​ជា​ច្រើន​នាក់។
  25. បាន​ផ្ដើម​កសាង​ជាបនដ្ឋាន​ (ទីបូជាសព្វ)​ ក្នុង​វត្ត​ឧណ្ណាលោម​ ដោយ​មាន​លោក​អ្នក​ឧកញ៉ា​តេជះ​ តាន់​ ម៉ៅ​ ជាអ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ ​មុន​ដំបូង​បង្អស់​ គ.ស. ​១៩៥៣។
  26. បាន​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​ សម្រាប់​មន្ត្រី​សង្ឃ​ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុ​សំវច្ឆរ​​មហា​សន្និបាទត​ ​ដើម្បី​ប្រជុំទទួល​ភត្តហារ​ និង​សម្រាប់​ភបិណ្ឌ ​ដែល​គហបតី​ លី​ ស៊ុនងន​ ឧបាសិកា​ តាន់ ​សុីប៊ី ​ចេញ​ប្រាក់​កសាង។
  27. បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ ប្រឡង​បាតិមោក្ខ​បាលី។
  28. បាន​រៀប​ចំ​គណៈកម្មការ​សង្ឃ​ និង​គណៈកម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់​ ដើម្បី​រៀប​ចំ​វត្ត​ឲ្យ​ស្អាត​ ទាំង​មាន​របៀប​រៀប​រយ​តាំង​ពីឆ្នាំ​ ១៩៥៥​ ជាដរាបមក។
  29. បាន​បង្កើត​ទង់​ព្រះពុទ្ធសាសនា​ ឲ្យ​ត្រូវ​ស្រប​គ្នា​នឹង​ទង់​ព្រះពុទ្ធសាសនា​ នៃ​ប្រទេស​ឥណ្ឌា, លង្កា ​ជាដើម។
  30. បាន​ផ្ដើម​ពិធី​បុណ្យ​សម្ភោធ​ឆ្លង​ព្រះត្រៃបិដក​ក្នុង​កាល​ ព.ស.​ ២៥១២, ​គ.ស.​ ១៩៦៩ ​ឋិត​នៅ​ក្រោម​ព្រះរាជាធិបតីភាព​ នៃ​សម្ដេច​ព្រះឧបយុរាជ​ ព្រះ​ប្រមុខរដ្ឋ។ ​ពិធី​សម្ភោធ​ព្រះត្រៃបិដក​រាប់​ថា​ជា​មូលហេតុ​ធំ​មួយ​ តាម​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​ នាំ​ឲ្យ​ពុទ្ធសាសនបណ្ឌិត្យ​ ជាវ​ព្រះត្រៃបិដក​ប្រគេនជូន​ចំពោះ​ព្រះសង្ឃ​ និង​គ្រហស្ថប​បាន​ប្រាក់​ថវិកា​ជាតិ​ជាង​ដប់លានរៀល​ (១០.០០០.០០០៛)។ 
  31. បាន​យក​កូន​ និង​ផ្លែ​សាលព្រឹក្ស​ពី​ប្រទេស​ឥណ្ឌា​មក​ចែក​ផ្សាយ​ឲ្យ​ប្រទេស​យើង​ដាំ​ បាន​ច្រើន​វត្ត​ មាន​វត្ត​ឧណ្ណាលោម​ និង​វត្ត​និរោធរង្សី​ជាដើម។
  32. បាន​ជួយ​កសាង​វត្ត​ជា​ច្រើន​គឺ​ វត្ត​មុនីរង្សី​ (ហៅ​ឃ្លាំង​ខ្មូត)​ ក្នុង​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ,​ វត្ត​ជោតញ្ញាណ​ ​ក្រុង​ព្រះសីហនុ ​កំពង់សោម,​ វត្ត​ជោតញ្ញាណ​ក្នុង​ ខេត្ត​កោះកុង, ​បាន​ផ្ដើម​កសាង​វត្ត​ជោតនារាម​ ហៅបឹង​កុក​ នៅ​ទីក្រុង​ខេត្ត​កំពង់​ចាម, ​វត្តនារាយណ៍ ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត ​និង​វិហារ​មួយ​ខ្នង​នៅ​ក្នុង​បរិវេណ​មន្ទីពេទ្យ​ព្រះសង្ឃ​ ដោយ​មានគហបតី​ តាន់​ ហុងអាន​ ជាអ្នក​បរិច្ចាគ​ប្រាក់​កសាង។ 

ស្នា​ព្រះហស្ត​ខាង​អក្សរ​សាស្ត្រ​នៃ​សម្ដេច 

សម្ដេច​ព្រះ​សង្ឃរាជ​ បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់​ ទាំង​គម្ពីរ​ស្លឹក​រឹត​ទាំង​សៀវភៅ​ ជាពិសេស​ គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀប​រៀង​ ​និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី ​មក​ជា​ភាសា​ខ្មែរ​ ​សម្រាប់​ពុទ្ធបរិស័ទ​រៀន​សូត្រ។​ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត​ទាំង​មាន​ប្រយៅជន៍​ជា​ច្រើន​ណាស់​គឺៈ

  1. វចនានុក្រម​ខ្មែរ​ មាន​ ២​ភាគ​ ក្នុង​ ព.ស.​ ២៤៦១,​ គ.ស.​ ១៩១៧​ សៀវភៅ​នេះ​បាន​បោះ​ពុម្ព​ច្រើនគ្រា​មក​ហើយ។
  2. កច្ចាយនូបបត្ថម្ភកៈ​ (វេយ្យាករណ៍​បាលី)​ មាន​ ២ភាគ​ តាំង​ពី​ ព.ស.​ ២៤៦២,​ គ.ស.​ ១៩១៨​ បាន​បោះពុម្ព​ច្រើន​គ្រា។ 
  3. គិហិបដិបត្តិ​ ក្នុង​ ព.ស.​ ២៤៦៨,​ គ.ស.​ ១៩២៦​ ​ជា​មួយ​នឹង​ព្រះ​ឧត្តម​មុនី ​អ៊ុម ​ស៊ូ​ និង​ព្រះ​ពោធិវ័ង្ស​ ហួត​ តាត​​ តាម​បញ្ជា​នៃ​ព្រះ​តេជ​គុណ​ព្រះ​មហា​វិមលធម្ម​ ថោង​​ (ពុទ្ធសាសនបណ្ឌិត)។
  4. សាមណេរវន័យ​ ក្នុង​ ព.ស.​ ២៤៦០,​ គ.ស.​ ១៩១៧​ ជា​មួយ​នឹងព្រះ​ថេរៈ​ទាំង​ពីរព្រះអង្គ​ខាង​​​លើ​នេះ​ដែរ។
  5. បាតិមោក្ខ​សំវរ​សង្ខេប​ (សម្រាយ)​ ព.ស.​ ២៤៧០,​ គ.ស.​ ១៩២៨​ បាន​បោះ​ពុម្ព​ច្រើន​គ្រា​ហើយ។
  6. កាព្យ​លោក​ធម៌​ បោះ​ពុម្ព​ដំបូង​ក្នុង​ ព.ស.​ ២៥០០,​ គ.ស.​ ១៩៥៧។​ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា។
  7. នាគោបមាទិកថា​ ព.ស.​ ២៤៧៥,​ គ.ស.​ ១៩៣៣។
  8. ព.ស.​ ២៤៨៤,​ គ.ស.​ ១៩៤១​ បាន​តែង​ សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​ ៧​គាថា​ ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង​ សម្រាប់​សុត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះករុណា​ ជា​អម្ចាស់​ជីវិត​ ​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុវរ្ម័ន។
  9. បព្វជា្ជ​ខន្ធកៈ​សង្ខេប។
  10. ចីវរក្ខន្ធកៈ​ពិស្ដារ។ 
  11. អត្ថបទ​ផ្សេងៗ​ ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជា​សុរិយា​ ​របស់​សាសនបណ្ឌិត​តាំង​ពី​ឆ្នាំ​ ​១៩២៦​ ​និង​ឆ្នាំ​ត​ៗ​ មក​ដែល​ពុំ​អាច​ស្រាវ​ជ្រាវ​មក​ដាក់​ក្នុង​ទី​នេះ​បាន​ ​ដោយ​ពេល​មមា​ញឹក​ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន​ ​ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។
  12. បាន​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម​ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ​ ​បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​មធ្យម​សិក្សា​ ​ចេញ​រៀង​រាល់​ខែ។ 
ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ​​ គឺព្រះ​រាជ​និពន្ធ​ទំនុក​ច្រៀង​ ​បទនគររាជ​ ​សម្រាប់​ភ្លេង​ជាតិ​ខ្មែរ​ ​ទ្រង់​បាន​និពន្ធ​ពីថ្ងៃ​ទី​ ​២០-០៧-៤១​ ​និង​ព្រម​ទាំង​ទំនុក​ ​បទ​សរភញ្ញ​ ​ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​ ​២៥០០។ 

ព្រះ​គុណ​សម្បត្តិ​ ​នៃ​សម្ដេច​ព្រះសង្ឃរាជ 

ព្រះ​គុណ​សម្បត្តិ​ ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​ណាស់​ ​ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់​​ ​ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ​ ​ដោយ​សង្ខេប​មាន​ ៥​យ៉ាង​ ​ដូច​សេចក្ដី​រៀប​រៀង​វែក​ញែក​ត​ទៅ​នេះ ៖ 
  1. វីរិយភាព​ក្នុង​ការ​សិក្សា​
  2. បដិភាណប្បញ្ញា​ (ប្រាជា្ញ​វាង​វៃ)
  3. វេសារជ្ជ​បញ្ញា​ ​(បញ្ញា​ក្លៀវ​ក្លា​អង់​អាច)
  4. ធម្មទេសនា​កោសល្យ​ ​(ភាព​ឈ្លាស​វៃ​ក្នុង​ធម្មទេសនា)
  5. បណីត​សកម្មភាព​ ​(សកម្មភាព​ដ៏​ប្រសើរ) 

អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​មួយ​ៗ​ 

១. វីរិយភាព​ក្នុង​ការ​សិក្សា​
    វីរិយភាព​ ​នៃ​សម្ដេច​ជា​អម្ចាស់​ ​ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះ​ជន​នៅ​ក្មេង​ ​គឺ​តាង​ពី​នៅ​ជា​សមណេរ​ដរាប​មក​ ​រហូត​ដល់​សម្ដេច​មាន​ព្រះ​ជន​ជ្រុល​ចូល​មក​ដល់​បច្ឆិម​វ័យ​ ​ហើយ​ក៏​នៅ​តេ​មាន​ការ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ​ ​សូម្បី​ព្រះអង្គ​មាន​សមណស័ក្កិ​ ​ដ៏ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ហើយ​ក៏ដោយ។ 

    វីរិយភាព​នេះ​ ​ប្រែ​ថា​ ​សេចក្ដី​ព្យាយាម​ ​ឬ​ថា​ប្រឹង​ប្រែង​ ​រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះ​ពោធិសត្ត​ ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ​ ​ហៅ​ថា​ ​វីរិយ​បារមី។​ ​បណ្ដា​កិច្ចការ​គ្រប់​យ៉ាង​រមែង​ប្រកប​ដោយ​ឧបស័គ្គ​ ​គឺ​ធម៌​ជា​គ្រឿង​រារាំង​ ​បើ​មិន​ច្រើន​ក៏​តិច​ ​តែ​ថា​បើ​សេចក្ដី​ព្យាយាម​មាន​ម្លាំង​ក្លៀវ​ក្លា​ ​ក៏អាច​ពុះ​ពារ​ចំពោះ​ឧបស័គ្គ​នោះ​បាន​ដោយ​ពិត។​ ​សម្ដេច​ព្រះសង្ឃរាជ​ ​ទ្រង់​មាន​វីរិយធម៌​រឹង​ប៉ឹង​ជា​ទី​បំផុត​ ​បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបស័គ្គ​គ្រប់​យ៉ាង​បាន​ជា​ដរាប​ ​ទោះបី​ព្រះអង្គ​ហត់​នឿយ​ណាស់​ ​ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញ​ត្អែរ​ឡើយ។ 

    ករណីកិច្ច​ណាមួយ​ ​ដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដិ​ ​ដោយ​វាចា​ក្ដី​ ​ដោយ​ចិត្ត​ក្ដី​ ​អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង​សេចក្ដី​ព្យាយាម​ទាំង​អស់។​ ​ឥរិយា​បថ​ទាំង​ ​៤គឺ​ ​ការ​ដើរ​ ​ឈរ​ ​អង្គុយ​ ​... ​ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន​ ​ក៏​ដោយ​គុណានុភាព​ ​នៃ​សេចក្ដី​ព្យាយាម​ដែរ។ 

    សម្ដេច​ព្រះសង្ឃរាជ​ ​ព្រះអង្គ​មាន​វីរិយ​បារមី​ ​ដ៏​រិបូណ៌​ណាស់​ ​សូម្បី​សម្ដេច​ដែល​មាន​ព្រះជន្ម​ ​៨៦ឆ្នាំ​ហើយ​ ​ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរ​បន្ថយ​ព្រះកាយ​ពល​ឡើយ។​ ​ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ​ ​ទ្រង់​ឥត​មាន​សំចៃ​កម្លាំង​ ​និង​ពេល​វេលា​ទេ។​ ​សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ​,​យក​ពេល​​ថ្ងៃធ្វើ​ជា​យប់,​ ​ខំ​ប្រឹង​សរសេរ​រៀប​រៀង​តាំង​ពី​ពេល​ព្រលប់​រហូត​ួល់​ភ្លឺ​ក៏​មាន,​ ​លុះ​ទ្រង់​សោយ​យាគូ​រួច​ ​ចាប់​សរសេរ​ត​ទៅ​ទៀត​ទាល់​តែ​ដល់​ម៉ោង​ ​១១​ក៏​មាន។​ ​ក្នុង​រយៈ​វេលា​យប់​មួយ​ថ្ងៃ​មួយ​ ​សម្ដេច​ទ្រង់​ផ្ទំ​បាន​តែ​រវាង​ ​៤​ឬ​ ​៥​ម៉ោង​ប៉ុណ្ណោះ។​ ​ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម​ ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន។ 

    ២- បដិភាណ​ប្បញ្ញា​ ​(ប្រាជ្ញា​វាងវៃ) 
      ប្រាជ្ញា​សំដៅ​យក​ការ​ចេះ​ដឹង​យល់​ទូទៅ​ ​ឬ​ការ​យល់​ច្បាស់​លាស់​ចំពោះ​ហេតុ​ការណ៍​ផ្សេង​ៗ​ ​តាម​ធម្មតា។​ ​ដែល​លោក​ហៅ​ថា​ ​​"បដិភាណ​ប្បញ្ញា"​ ​នោះ​សំដៅ​យក​ប្រាជ្ញា​ដែល​កើត​ោឡើង​ភ្លាម​ៗ​ ​ហើយ​អាច​ឆ្លើយ​តប​បាន​វិញ​ភ្លាម​ ​មិន​បាច់​គិត​គូរ​អស់​រយៈ​ពេល​យូរ​ទេ។​ ​ប្រជ្ញា​របស់​សម្ដេច​កើត​ឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទ​សួរ​ ​ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ ​ក៏​អាច​ដឹង​ទាន់​ចាប់​ភ្លឹក​ ​នឹក​ឃើញ​ឆ្លើយ​បាន​វិញ​ភ្លាម​ ​ហាក់​ដូច​ជា​បាន​គូស​ដៅ​ទុក​យូរហើយ។

      ប្រជ្ញា​ស្មារតី​​ ​រហ័ស​វាង​វៃ​ប្រកប​ដោយ​សមត្ថភាព​ ​ឆាប់​យល់​ហេតុ​ការណ៍​គ្រប់​យ៉ាង​ដែល​អាច​ដឹង​ទាន់​ភ្លាម​ៗ​ ​ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ ​ហៅថា​ ​"បដិភាណ​ប្បញ្ញា"។

      សម្ដេច​ព្រះសង្ឃរាជ​ ​មាន​បដិភណ​ប្បញ្ញា​នេះ​បរិបូណ៌​ណាស់​ ​ដូច​យ៉ាង​សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ណា​មួយ​ ​ដែល​មាន​សមាជិក​ជាន់​ខ្ពស់​​ ​ហើយ​គេ​ត្រូវ​សាក​សួរ​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំ​​បាច់​ ​ដែល​ទាក់​ទង​មក​លើ​សម្ដេច​ភ្លាម​​ ទ្រង់​ក៏​អាច​ឆ្លើយ​ដោះ​ស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ។

      ៣- វេសារជ្ជ​ប្បញ្ញា​ ​(បញ្ញាអង់អាច​ ​ឬ​ក្លៀវ​ក្លា) 

      ភាព​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវ​ក្លា​នេះ​ ​ជា​គុណ​សម្បត្តិ​មួយ​ដ៏​ប្រសើ​របស់​មនុស្ស។​ ​ប្រាជ្ញា​របស់​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង​ ​រាប់ថា​ ​ជា​ប្រជ្ញា​មួយ​ដ៏​ខ្ពង់​ខ្ពស់​អាច​ពោល​បាន​ថា​ ​សម្ដេច​មាន​វេសា​រជ្ជ​ប្បញ្ញា​គ្រប់​គ្រាន់​ ​ព្រោះ​ព្រះអង្គ​បាន​ទទួល​ព្រះកិត្តិនាម​ ​ដ៏​ល្បី​ខ្ចរខ្ចាយ​នៅ​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស។​ ​ដូច​យ៉ាង​សម្ដេច​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ធំ​ៗ​ ​ក្នុង​ប្រទេស​ដទៃ​ព្រះអង្គ​តែង​បន្លឺ​សីហនាទ​ ​ប្រកប​ដោយ​ប្រជ្ញា​​ដ៏ក្លៀវ​ក្លា​អង់អាច​ ​ឥត​ញាប់​ញ័រ​តក់​ស្លុត​ចំពោះ​ទី​ប្រជុំ​នោះ​ឡើយ។

      ប្រាជ្ញា​ដែល​ក្លៀវ​ក្លា​អង់អាច​ ​ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ហៅ​ថា​ ​"វេសារជ្ជ​ប្បញ្ញា"។

      ៤-ធម្ម​ទេសនា​កោសល្យ​ ​(ការ​ឈ្លាស​វៃ​ក្នុង​ធម្ម​ទេសនា) 

      ភាព​នៃ​ការ​ឈ្លាស​វៃ​មាន​ច្រើន​យ៉ាង​គឺ​​ ​ឈ្លាស​វៃ​ក្នុង​អំពើ​បាប​ក៏មាន​ ​ក្នុង​អំពើ​បុណ្យ​ក៏​មាន​ ​ឈ្លាស​វៃ​ក្នុង​អំពើ​ឥត​ប្រយោជន៍​ក៏មាន​ ​ក្នុង​អំពើ​មាន​ប្រយោជន៍​ក៏មាន។​ ​ការ​ឈ្លាស​វៃ​ក្នុង​ទី​នេះ​សំ​ដៅ​យក​ហេតុការណ៍​ ​ដែល​មាន​ប្រយោជន៍​ ​ចំពោះ​មនុស្ស​ក្នុង​បច្ចុប្បន្ន​ ​និង​ក្នុង​អនាគត។​ ​ដែល​ហៅ​ថា​ ​"ធម្ម​ទេសនា​កោសល្យ"​ ​សំដៅ​យក​ការ​ឈ្លាស​វៃ​ក្នុង​ធម្ម​ទេសនា។​ ​សម្ដេច​ព្រះសង្ឃរាជ​ ​ទ្រង់​មាន​ភាព​ឈ្លាស​វៃ​ក្នុង​ធម្ម​ទេសនា​ដោយ​គ្រប់​គ្រាន់។

      ធម្ម​ទេសនា​នៃ​សម្ដេច​ប្រកប​ដោយ​ប្រយោជន៍​ទាំង​ផ្លូវ​លោក​ ​ទាំង​ផ្លូវ​ធម៌​ ​អាច​បំភ្លឺ​ពុទ្ធបរិស័ទ​ ​ប្រជា​ពលរដ្ឋ​ឲ្យ​ស្គាល់ផ្លូវ​ខុស​ ​ផ្លូវ​ត្រូវ​ ​ឲ្យ​ជឿ​ជាក់​ចំពោះ​ជាតិ​ ​សាសនា​ ​និង​ព្រះរជបល្ល័ង្ក។​ ​ព្រះធម្ម​ទេសនា​ ​នៃ​សម្ដេច​ព្រះសង្ឃរាជ​ ​ទុក​ថា​ជា​មូលដ្ឋាន​ដ៏​ស្ដុក​ស្ដម្ភ​ ​អាច​បំភ្លឺ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ព្យាយាម​ ​មាន​ជំហរ​រឹង​ប៉ឹង​ ​ឲ្យ​ប្រឹង​ប្រែង​ប្រកប​ការ​ងារ​ ​កុំឲ្យ​ខ្ជិល​ច្រអូស​, ​ឲ្យ​មាន​ធម៌​សាមគ្គី​មូល​មិត្ត​ជា​ឯក​ភាព​ ​ក្នុង​រវាង​ជាតិ​, ​សាសនា​ ​និង​ព្រះរាជបាល្ល័ង្ករបស់​យើង​ ​ដើម្បី​ឲ្យ​ខ្ពង់​ខ្ពស់​ ​ថ្កើង​រុង​រឿង​ទៅ​អនាគត។​ ​ធម្ម​ទេសនា​នៃ​សម្ដេច​ឈ្មោះ​ថា​ជា​ធម្ម​ទេសនា​ ​ទ្រោល​បំភ្លឺ​ពុទ្ធបរិស័ទ​ ​ប្រជា​ពលរដ្ឋ​ ​ឲ្យ​យល់​ប្រយោជន៍​គ្រប់​យ៉ាង​ ​បំភ្លឺ​ទាំង​គុណសម្បត្តិ​ ​ទាំង​គុណវិបត្តិ​ ​ជា​ធម្ម​ទេសនា​ប្រកប​ដោយ​មធ្យោបាយ​ដ៏​ប្រសើរ​វិសេស​ ​អាច​ដឹក​នាំ​ចង្អុល​ចង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន​ ​និង​ប្រយោជន៍​អនាគត​ ​ហៅថា​ ​ជា​ព្រះធម្ម​ទេសនា​ដាស់​ពុទ្ធបរិស័ទ​ឲ្យ​ភ្ញាក់​ខ្លួន​ក្រោក​ឡើង​ប្រកប​ការ​ងារ​ ​ដើម្បី​ឲ្យ​មាន​ជិវភាព​ខ្ពង់​ខ្ពស់​ ​ឲ្យ​សម​គួរ​ដល​កិត្តិយស​របស់​យើង​រាល់​គ្នា​ ​ជា​ប្រជា​ពលរដ្ឋ​របស់​ប្រទេស​ឯករាជ្យ​ ​ឲ្យ​ចេះ​ឈឺ​ឆ្អាល​ ​ស្រឡាញ់​ជាតិ​ ​សាសនា​ ​និង​ព្រះរាជបល្ល័ង្ក​របស់​យើង។

      សម្ដេច​ព្រះសង្ឃរាជ​ ​មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌។​ ​ធម្មទេសនា​របស់​សម្ដេច​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឹតយោង​ ​ស្រោច​ស្រង់​ប្រជា​ពលរដ្ឋ​ ​ឲ្យ​មាន​សតិ​សម្បជញ្ញៈរឹង​ប៉ឹង​បរិបូណ៌​ឡើង​ ​ទាំង​ផ្លូវ​ពុទ្ធចក្រ​ ​និង​ផ្លូវ​អាណាចក្រ​ ​ដើម្បី​ឲ្យ​ច្រក​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើ​ៗ ​គ្នា។​ ​ធម្មទេសនា​របស់​សម្ដេច​ ​គួរ​លើក​ថា​ជា​ធម្មទេសនា​បើក​លោក​ ​គឺ​​ប្រទេស​កម្ពុជា​ទាំង​មូល​ ​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ស្វាង​រុង​រឿង​ឡើង​ដោយ​ពិត​ ​ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ្ញាក់​ខ្លួន​ប្រាណ​ ​ចេះជួយ​ខ្លួន​ដោយ​ខ្លួន​ឯង។

      សម្ដេច​ព្រះសង្ឃរាជ​ ​ជា​ព្រះធម្មកថិក​មួយ​អង្គ​យ៉ាង​ឯក​ ​ពុំមាន​ព្រះធម្មកថិក​អង្គ​ណា​មួយ​ប្រៀប​ស្មើ​បាន​ឡើយ។​ ​ធម្មទេសនា​ដែល​ពីរោះ​ក្បោះ​ក្បាយ​ ​ប្រដាប់​ដោយ​ពាក្យ​ពេចន៍​ ​ប្រយោគ​ ​ប្រធាន​ ​មាន​របៀប​រៀប​រយ​ ​មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹម​ត្រូវ​ឥត​ឃ្លៀង​ឃ្លាត​ភ្លាំង​ភ្លាត់​ ​ទាំង​ប្រកប​ដោយ​ឧត្ដមគតិ​ ​សំដៅ​ក្នុង​ប្រយោជន៍​បច្ចុប្បន្ន​ ​និង​អនាគត​ ​ដូច​សេចក្ដី​អធិប្បាយ​មក​នេះ​ហៅថា​ ​"ធម្មទេសនា​កោសល្យ"។

      ៥- បណិត​សកម្មភាព​ ​(សកម្មភាព​ដ៏​ប្រសើរ) 

      ការ​ងារ​របស់​សម្ដេច​ព្រះសង្ឃរាជ​ ​សុទ្ធ​តែ​ជា​ការ​ងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុង​ឧត្ដម​ ​ចំពោះ​ពុទ្ធ​បរិស័ទ​ ​ពុំ​មាន​ការ​ងារ​ណា​មួួយ​ដែល​ឥត​ប្រយោជន៍​នោះ​ទេ។

      សម្ដេច​បាន​ធ្វើ​បុណ្យ​ផ្សេងៗ​ ​ជា​ច្រើន​ដង​ណាស់​មាន​កឋិនទាន​ជាដើម​ ​ក្នុង​ឆ្នាំ​និមួយៗ​បាន​ធ្វើ​កឋិន​ ​២ ​ឬ៣​វត្ត​ ​រៀង​រាល់​ឆ្នាំ​ឥត​ដែល​ខាន​ឡើយ។​ ​កិច្ចការ​របស់​សម្ដេច​សុទ្ធ​តែ​មាន​គោល​ដៅ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ​ ​សេចក្ដី​ចម្រើន​ ​ទាំង​លោក​នេះ​ ​ទាំង​លោក​ខាង​មុខ​ដោយ​ពិត​ប្រាកដ​ ​សឹង​មាន​ភស្តុតាង​យ៉ាង​ជាក់​លាក់​ក្នុង​ព្រះរាជ​ជិវប្រវត្តិ​នេះ​ ចូរ​មើល​បរិច្ឆេទ​នៃ​ព្រះរាជជីវប្រវត្តិ​ ​ត្រង់​បរិច្ឆេទ​ទី​ ​៥​ ​ទី​ ​៦​ ​និង​ទី១០។

      សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ​ ​សង្គ្រោះ​ដល់​សាធារណជន​ ​មិន​ត្បិត​ត្បៀត​ពេក​ឡើយ។​ ​កិច្ចការ​ដែល​ចេះ​តែ​មាន​ ​ចេះ​តែ​ដើរ​ទៅ​ស្រួល​ ​មិន​ចេះ​ឈប់​មិន​ចេះ​គាំង​ ​នៅ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់​ខ្ពស់​ហៅ​ថា​ ​"បណិតសកម្មភាព"។

      សកម្មភាព​របស់​ព្រះសង្ឃរាជ​ ​ប្រកប​ដោយ​ហេតុ​ផល​ល្អ​ណាស់​ ​អាច​បង្ហាញ​ជា​ឧទាហរណ៍​មួយ​ ​ដើម្បី​បញ្ជាក់​វរជន​បញ្ញវន្ត​ ទាំង​សម័យ​ចាស់​ សម័យ​ថ្មី​ដែល​គួរ​ជា​ទិដ្ឋនុគតិ​ ​(ការ​យក​តម្រាប់​តាម)​ ​បាន​ដោយ​ពិត​ ​ដោយ​ហេតុ​ដែល​ឃើញ​រូប​រាង​កិច្ចការ​ដែល​ជា​ភស្តុតាង​ផង​ ​ទ្រឹស្ដី​ក្នុង​ការ​ងារ​ដ៏​ប្រសើរ​យ៉ាង​នេះ​ផង​ទើប​ហៅ​ថា​ ​"បណិត​សកម្មភាព"។

      ១១- ចរិតលក្ខណ​បរិច្ឆេទ​ ​កំណត់​អំពី​លក្ខណៈ​នៃ​ចរិត​ប្រក្រតី។ 

      ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ​វាចា​ចិត្ត​គ្រប់​ពេល​វេលា​យូរៗ​ទៅ​ ​អាច​ទៅ​ជា​ទម្លាប់​ ​ហៅ​ថា​ ​"ចរិត​ប្រក្រតី"។​ ​ដូច​យ៉ាង​សម្ដី​គ្រោត​គ្រាត​ ​ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម​ ​ហៅ​ថា​ ​ចរិត​គ្រោត​គ្រាត។

      ការ​និយាយ​កុហក​លេង​ចំពោះ​មិត្រ​សំឡាញ់​យូរៗ​ទៅ​ ​ក៏​អាច​ធ្លាប់​ជាប់​មាត់​ជា​ទំនៀម​ ​នេះ​ហៅ​ថា​ ​ចរិត​កុហក។

      ការ​ជក់​បារី​ ​ដើម​ដំបូង​ឃើញ​គេ​ជក់​​ ​ក៏​ជក់​លេង​តាម​គេ​ ​យូរៗ​ទៅ​ ​ក៏​ជាប់​ជា​ទំនៀម​ជក់បារី។

      ការ​ដេក​ថ្ងៃ​ ​ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ​ ​ក៏​ដេក​តាម​គេ​ ​លុះ​ដេក​ថ្ងៃ​យូរៗ​ទៅ​ ​ក៏​អាច​ក្លាយ​ជាប់​ជា​ទំនៀម​ ​នេះ​ហៅ​ថា​ ​ចរិត​ដេក​ថ្ងៃ។

      ការ​ប្រព្រឹត្ត​ទាល់​តែ​ជាប់​ប្រយោគ​ ​ដែល​អាច​លះ​ចេញ​បាន​ ​ដោយ​កម្រ​ដូច្នេះ​ ​ហៅ​ថា​ ​"ចរិត​ប្រក្រតី"។

      សម្ដេច​ព្រះសង្ឃរាជ​ ​ព្រះអង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ​ ​ប៉ុន្តែ​ចរិត​របស់​សម្ដេច​ ​ជា​ចរិត​ធូរ​ស្រាល​ពុំ​មែន​នាំ​ឲ្យ​ខូច​ខាត​ពេលវេលា​ ​ខូច​ខាត​ប្រយោជន៍​នោះ​លើយ។

      មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់​ជោគ​ធ្ងន់​ណាស់​ ​ដូច​យ៉ាង​ចរិត​ប្រក្រតី​ផឹក​ស្រា​ ​ទាល់​តែ​ផឹក​ជាប់​ដែល​មិន​អាច​លះ​បង់​ចាញ​មិន​បាន។​ ​ចរិត​ប្រក្រតី​បែប​នេះ​ ​ឈ្មោះ​ថា​ជា​ ​ចរិត​នាំ​ឲ្យ​ខូច​ខាត​ ​ទាំង​ជីវិត​ខ្លួន​ឯង​ ​ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

      ការ​ជក់​អាភៀន​ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន​ ​អាច​លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។​ ​ការ​ញៀន​អាភៀន​នេះ​ ​ហៅ​ថា​ ​ចរិត​ប្រក្រតី​ជក់​អាភៀន។​ ​មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ​ ​នាំ​ឲ្យ​ខូច​ខាត​ទាំង​ជីវិត​ ​ទាំង​ទ្រព្យ​សម្បត្តិ​ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។

      ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ 


      1. សម្ដេច​សោយ​ស្លា​ ​ម្លូ​ ​ជាញឹក​ញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយៗ​ ​មិន​សោយ​បារីទេ។​ ​ប៉ុន្តែ​លោក​ជា​អ្នក​ធ្លាប់​ដឹង​ឃើញ​និយាយ​ថា​ ​សម្ដេច​ព្រះសង្ឃរាជ​ ​កាល​ពី​ព្រះជន្ម​រវាង​ ​២០​ឆ្នាំ​ ​រហូត​ដល់​ព្រះជន្មជាង​ ​៣០​ឆ្នាំ​ ​ឃើញ​សម្ដេច​សោយ​បារី​ដែរ​ ​ប៉ុន្តែ​សោយ​រង្វើលៗ​ ​មិន​ញឹក​ញយ​ទេ​ ​លុះ​មក​ដល់​ព្រះជន្ម​រវាង​ ​៤០​ឆ្នាំ​ ​ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់​តែ​ញឹក​ញយ​ឡើង​ជា​ដរាប​មក។
      2. សម្ដេច​កាល​បើ​មាន​រោគ​ផ្ដាសាយ​ ​ដែល​នាំ​ឲ្យ​តឹង​ច្រមុះ​ ​និង​ក្អក​ ​ដោយ​រោគ​ផ្ដាសាយ​នោះ​ ​ច្រើន​តែ​ជក់​ថ្នាំ​ចិន​ ​ទើប​ឆាប់​ជា​សះ​ស្បើយ​ ​ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫស​ដូង​ច្រមុះ​ថែម​ទៀត។
      3. សម្ដេច​មាន​ប្រក្រតី​ ​ក្នុង​ការ​សោយ​ក្រយាហារ​ ​ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់,​ ​ប្រហើរ​ ​និង​កកូរ​ ​ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។​ ​ម្ហូប​ ​៣​មុខ​ ​ខាង​លើ​នេះ​ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ​ ​បើ​ពុំ​មាន​ម្ហូប​នេះ​ទេ​ ​ច្រើន​សព្វ​ព្រះទ័យ​ ​ម្ហូប​ក្រៀម​ក្រោះ​ ​មាន​បុក​ត្រី​ឆ្អើរ​ ​ម្ជូរ​ក្រសាំង​ ​ឬ​ផ្លែ​ម្កាក់​ជាដើម។​ ​សម្ដេច​ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ​ ​សោយ​តែ​បន្តិច​បន្ទួច​ ​មិន​សូវ​សោយ​កាហ្វេ,​ ​ទឹក​ក្រូច​ ​ទឹក​ម៉ាណាត់​ញឹក​ញយ​ទេ​ ​សោយ​តែ​ទឹក​តែ​ ​និង​ស្ករ-ស។
      4. សម្ដេច​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​កូន​ឈើ​ផ្សេងៗ​ ​ដែល​មាន​មែក​ច្រើន​ ​ដូច​យ៉ាង​ដើម​ច្រកែងទួយ,​ ​រទួយ​ ​ជា​ដើម​ ​យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន​ចំនួន​ជាង​ ​១០០​ផើង។
      5. ដើម​ឈើ​ឯទៀតៗ​ ​ជា​ឈើ​ដំណាំ​ស្រុក​ក្ដី​ ​ឈើ​ក្នុង​ព្រៃ​ក្ដី​ ​សម្ដេច​សព្វ​រាជហឫទ័យ​ដា​ំច្រើន​ណាស់​ ​ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម​ និង​ឈើ​វត្ត​ពោធិព្រឹក្ស។ 

      កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច 


      កម្មវិធី​របស់​សម្ដេច​ទៀង​ទាត់​ចំពោះ​តែ​ត្រង់​សោយ​ក្រយាហារ​ពេល​ថ្ងៃ​ត្រង់​ ​ហើយ​នឹង​ពេល​ធ្វើ​ការ​ ​ដូច​យ៉ាង​សម្ដេច​សរសេរ​ដក​ស្រង់​ធម៌អាថ៌​ ​រៀប​ចំ​ធ្វើ​សៀវភៅ​ផ្សេងៗ​ ​មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​ ​នេះ​ទៀង​ទាត់​រៀង​រាល់​យប់​ទាល់ៗ​ ​តែ​ភ្លឺ​ ​រវាង​ម៉ោង​ ​៦កន្លះ​ ​ឬ​ម៉ោង​ ​៧​ទើប​សោយ​យាគូ​ ​ជួន​កាល​ពេល​ព្រឹក​មិន​ទាំង​សោយ​យាគូ​ថែម​ទៀត​ ​ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀង​ទាត់​ទេ។

      ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះ​ហស្ដ​សរសេរ​ ​ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់​ ​សម្ដេច​ក៏​បែរ​មក​ធ្វើ​បដិសណ្ឋារៈ​ភ្លាមៗ​ ​ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ​ ​ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់,​ ​បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ​ ​ហើយ​មាន​ភ្ញៀវ​បុព្វជិត​ ​ឬ​គ្រហស្ដ​ចូល​មក​ថ្វាយ​បង្គំ​គាល់​នោះ​ ​សម្ដេច​សព្វ​ព្រះរាជហឫទ៏យ​ប្រស្រ័យ​ទាក់​ទង​ដោយ​ព្រះរាជ​ឱង្ការ​សាក​សួរ​ពីនេះ​ពី​នោះ​ ​ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​លោក​ ​ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ​វែង​ឆ្ងាយ​ណាស់​ ​អស់​ ​៤-៥​ម៉ោង​ក៏មាន​ ​មិន​ចេះ​ត្អូញ​ថា​ ​ងងុយ​សិង​ ​ថា​ ​ចុករួយ​ស្រពន់​ ​ទេ​ ​ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូលចិត្ត​ស្ដាប់ចុះ។​ ​ការណ៍​នេះ​ ​ចំពោះ​តែ​ពេល​ណា​មួយដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ។

      ក្នុង​ថ្ងៃ​យប់​នីមួយៗ​ ​សម្ដេច​ព្រះសង្ឃរាជ​ ​ចេះ​តែ​មាន​កម្មវិធី​ជានិច្ចកាល​ ​ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះជន្ម​ ​៣០​ឆ្នាំ​ ​រហូត​មក​ដល់​ព្រះជន្ម​ ​៦០​ឆ្នាំ​ ​ក៏​នៅ​តែ​ខំ​ប្រឹង​បង្រៀន​ភិក្ខុ​ ​សមណេរ​ ​ចំនួន​ ​២០​ ​ឬ​៣០​​អង្គ​ក្នុង​ពេល​យប់ៗ​ ​ចំពោះ​ ​ភិក្ខុ​ ​សមណេរ​ ​នៅក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ​ ​មក​ពី​កុដិ​ដទៃ​ខ្លះ។​ ​សម្ដេច​មាន​កម្មវិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀង​ទាត់​ណាស់។​ ​កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​ភាសា​បាលី​ជាន់​ខ្ពស់​ ​ដែល​ឥឡូវ​នេះ​ហៅ​ថា​ ​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត​ផង​ ​កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯកុដិ​នោះ​ផង។

      អព្ភូតហេតុ មិន​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះអាពាធ 

      នៅ​ថ្ងៃ​ពុធ​ ​១៣​រោច​ ​ខែ​ស្រាពណ៍​ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​១៩៦៩​ ​សម្ដេច​ព្រះសង្ឃរាជ​ ​មាន​ព្រះឱង្ការថា​ ​"ខ្ញុំ​ពី​យប់​មិញ​ឃើញ​សុបិន​និមិត្ត​មួយ​ចម្លែក​ណាស់​គឺ​ ​ឃើញ​ចេតិយ​ពីរ​អណ្ដែត​លើ​អាកាស​មក​អំពី​ទិស​ឦសាន​ ​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គយ​នៅ​យ៉​កុដិ​ខាង​មុខ​ចេតិយ​នោះ​មាន​ពណ៌​ដូច​មាស​ ​លុះ​អណ្ដែត​ចូល​មក​ជិត​ឃើញ​ចេតិយ​នោះ​កាន់​តែ​តូច​ ​ហើយ​បាត់​មួយ​នៅ​តែ​មួយ​ ​អណ្ដែត​មក​ជិត​ខ្ញុំ​ខ្ញុំ​ក៏​លូក​ដៃ​ទៅ​ទ្រ​ចេតិយ​នោះ​ ​រួច​ក៏​ភ្ញាក់​ខ្លួន​ព្រើត​ឡើង​ក្នុង​ពេល​ជិត​ភ្លឺ​ ​រវាង​ម៉ោង​៤។

      ព្រះឱង្ការ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ ​ក្នុង​ពេល​ប្រជុំ​សង្ឃ​ដើម្បី​តាំង​គណៈកម្មការ​ធម្មវិន័យ​ ​ក្នុង​ថ្ងៃ​ ​២​កើត​ ​ខែ​ភទ្របទ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ​១៣​ ​ខែ​កញ្ញា​ ​ឆ្នាំ​១៩៦៩។​ ​បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះឱង្ការ​ថា​ ​អង្គការ​ធម្មវិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ​ ​ព្រោះ​ហេតុ​នោះ​យើង​ត្រូវ​តាំង​គណៈកម្មការ​ជាថ្មី​ទៀត​ ​ដើម្បី​ប្រជុំ​គ្នា​រៀប​ចំ​ធ្វើ​សៀវភៅ​ធម៌​ ​ត្រូវ​ដក​ស្រង់​ធម៌​វិន័យ​អំពី​បាលី​ ​និង​អដ្ឋ​កថា​ ​មក​រៀប​រៀង​អធិប្បាយ​តម្រូវ​តាម​ថ្នាក់​ ​ត្រី​ ​ទោ​ ​ឯក។

      ត្រង់​ដែល​ខ្ញុំ​យល់សប្ដិ​ឃើញ​ចេតិយ​នោះ​ ​ប្រហែល​ជា​និមិត្ត​មួយ​ផ្នូល​ឲ្យ​យើង​ដឹង​ថា​ ​គណៈកម្មការ​ធម្មវិន័យ​របស់​យើង​នឹង​បាន​សម្រេច​ដោយ​ល្អ។​ ​ព្រះសុបិន​និមិត្ត​នៃ​សម្ដេច​ដែល​ឃើញ​ចេតិយ​មួយ​គូ​នេះ​ ​ទុក​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ចម្លែក​ណាស់។

      អព្ភូតហេតុ​មួយ​ទៀត​ ​នៅ​ថ្ងៃ​ ​១៣​កើត​ ​និង​១៤​កើត​ ​ខែ​ភទ្របទ​ ​ត្រូវនឹង​ថ្ងៃ​ទី​ ​២៤​ ​និង​ទី​ ​២៥​ ​ខែ​កញ្ញា ​១៩៦៩​ ​នៅ​វេលា​យប់​ពី​ម៉ោង​ ​២០​ ​ទៅ​ម៉ោង​ ​២២​ ​ឃើញ​ព្រះចន្ទ​មាន​រស្មី​លឿង​ ​ខៀវ​ ​ក្រហម​ ​មាន​រង្វង់​មូល​ព័ទ្ធជុំ​វិញ​ព្រះចន្ទ​ ​ដែល​យើង​ធ្លាប់​ហៅ​ថា​ ​ព្រះចន្ទ​បាំង​ឆ័ត្រ។

      ១២- ជីវិតាវសាន​បរិច្ឆេទ​ ​ កំណត់​អំពី​ទី​បំផុត​នៃ​ព្រះជីវិត។ 

      រាប់​តាំង​ពី​ថ្ងៃ​ ​១៣​រោច​ ​ខែ​ស្រាពណ៍​ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិននិមិត្ត​ ​រហូត​មក​ដល់​ថ្ងៃ​ ​១២​កើត​ ​ខែ​ភទ្របទ​ ​គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​ ១០ ​កញ្ញា​ ​មក​ដល់​ថ្ងៃ​ទី​ ២៣​ ​ខែ​ ​កញ្ញា​ត្រូវ​ជា​ ​១៤​ ​ថ្ងៃ​ ​គឺ​ ​សម្ដេច​ចាប់​មាន​ព្រះ​អាពាធ​ក្នុង​ថ្ងៃ​ ១២​ ​កើត​ ​ខែ​ ​ភទ្របទ​ ​ឆ្នាំ​រការ​ឯក​ស័ក​ ​ព.ស.​ ​២៥២៣​ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ២៣​ ​កញ្ញា​ ​ឆ្នាំ​១៩៦៩​ ​វេលា​ម៉ោង​ ​១៥​ ​និង​៤៥​នាទី។

      ព្រះសង្ឃ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះអង្គ​ ​នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡា​ព្រះបន្ទំ​ ​ស្រាប់​តែ​ឮ​សូរ​កណ្ដឹង​រោទិ៍​ប្លែក​ពី​ធម្មតា​ ​ក៏​នាំ​គ្នា​ស្ទុុះ​ចូល​ទៅ​ក្នុង​ក្រឡា​ព្រះបន្ទំ​ភ្លាម។​ ​គ្រា​នោះ​សម្ដេច​មាន​ព្រះឱង្ការ​ថា​ ​"ខ្ញុំ​ចុក​ទ្រូង​ខ្លាំង​ណាស់ៗ"។​ ​ក្នុង​ពេល​នោះ​ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ​ក៏ជំនុំ​ពិគ្រោះ​គ្នា​ឲ្យ​ព្រះ​សិរីវិសុទ្ធ​ ​ម៉ី​ ​យ៉ាំ​ ​និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត​ ​ថោ​ ​ប៉េង​ថុង,​ ​ទៅ​ក្រសួង​ធម្មការ,​ ​គ្រូ​ពេទ្យ​ជា​ច្រើន​នាក់​គឺ​ ​លោក​វេជ្ជបណ្ឌិត​ ​ថោង​ប៉េងថុង,​ ​ម៉ី​ ​សាម៉ឺឌី,​ ​យូ​ ​គឹមយាន,​ ​ព្រំ​ ​ភួន,​ ​រស់​ ​សារី​ ​និង​លោក​វេជ្ជបណ្ឌិត​ ​ម៉ាហ្សូ​ ​ជាតិ​បារាំង ​ក៏​បាន​មក​ជា​បន្ទាន់ៗ​គ្នា​ ​ពិនិត្យ​ឃើញ​ថា​ ​អាការ​រោគ​នៃ​សម្ដេច​មិនទាន់​ធ្ងន់​ប៉ុន្មាន​ទេ​ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្រសួង​សុខា​ភិបាល​ ​ក៏​បាន​ចាត់​លោក​គ្រូ​ពេទ្យ​ ​យូ​ ​គឹម​យាន​ ​និង​លី​ ​គឹមសាន​ ​ឲ្យ​មក​នៅ​រក្សា​ព្រះរោគ​ប្រចាំ​ការ​ប្រកប​ឱសថ​ជា​ដរាប​ ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ​១៤​ ​កើត​ ​ខែ​ភទ្របទ​ ​ត្រូវ​នឹង​ថ្ងៃ​ ​២៥​ ​កញ្ញា​ ​១៩៦៩​ ​វេលា​ម៉ោង​ ​២០​ ​និង​ ​២០​នាទី​ ​ស្រាប់​តែ​ព្រះអស្សាសៈ​បស្សាសៈ​ ​នៃ​ព្រះអង្គ​រលត់​ស្ងប់​ឈឹង​អំពី​ព្រះកាយ​ ​ទ្រង់​សោយ​ទិវង្គតក្នុង​គម្រប់​ព្រះជន្ម​ ​៨៦​ឆ្នាំ​ ​នៅ​លើ​ព្រះទែន​សយនា​ ​ដោយ​ស្ងប់​ស្ងៀម​នា​ល្វែង​ធំ​ ​នៅ​ក្នុង​ព្រះរាជ​ដំណាក់​ព្រះអង្គ​កណ្ដាល​ពួក​ថេរា​នុត្ថរៈ​ ​មាន​ព្រះសិរីវិសុទ្ធ​ ​ម៉ី​ ​យ៉ាំ​ ​និង​ព្រះឥន្ទមុនី​ ​ឆាយ​ ​ផន​ ជាដើម​នា​វត្ត​ឧណ្ណាលោម។​ ​ក្នុង​ពេល​ដែល​សម្ដច​ព្រះសង្ឃរាជ​សោយ​រទិវង្គត​ភ្លាម​នោះ​ ​ព្រះសង្ឃ​ច្រើន​អង្គ​មាន​ ​ព្រះសិរីវិសុទ្ធ​ ​ម៉ី​ ​យ៉ាំ​ ​និង​ព្រះឥន្ទ​មុនី​ ​ឆាយ​ ​ផន​ ​ជាដើម​ ​ព្រម​ទាំង​លោក​ ​មា​ ​អ៊ុត​ ​គិលានុបដ្ឋាក​ក៏​នៅ​កំដរ​ជា​មួយ​ដែរ​ ​មាន​ចិត្ត​រំជួល​ញាប់​ញ័រ​ស្រឡាំងកាំង​ ​ស្ទើរ​ភាន់​ភាំង​ស្មារតី​ បាន​ចាត់ការ​ផ្សាយ​ដំណឹង​ទិវង្គត​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ភ្លាម,​ ​អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់​ ​សម្ដេច​ព្រះពោធិវង្ស, ​ព្រះសិរីវិសុទ្ធ​ ​ម៉ី​ ​យ៉ាំ​ ​ក៏​នាិយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត​ ​ថោ​ ​ប៉េងថុង,​ ​ទៅ​ព្រះរាជ​ដំណាក់​ចម្ការ​មន,​ ​ទៅ​ក្រសួង​ធម្មការ,​ ​ទៅ​សា​លា​ក្រុង,​ ​ទៅ​ស្នងការ​រដ្ឋាន​ប៉ូលិស​ភ្លាមៗ,​ ​លោក​អង្គ​ខ្លះ​ក៏យក​ដណឹង​នេះ​ទៅ​វត្ត​ឯទៀតៗ​ក្នុង​ក្រុង​ភ្នំពេញ។​

      បន្ទាប់ពី​បាន​ដំណឹង​ ​នៃ​ការ​សោយ​ព្រះទិវង្គត​ ​នៃ​សម្ដេច​ព្រះ​សង្ឃរាជ​ ​ជាអម្ចាស់​ភ្លាម​ ​ក្នុង​រាត្រី​នោះ​ ​សម្ដេច​ព្រះប្រមុខ​រដ្ឋ​ ​ទ្រង់​បាន​យាង​រលះ​រលាំង​មក​កាន់​មហាកុដិ​ឧណ្ណាលោម​ភ្លាម​ ​ដើម្បី​ថ្វាយ​បង្គំ​ព្រះបរម​សព,​ ​សម្ដេច​ព្រះពោធិវង្ស​ក៏​និមន្ត​មក​គង់​នៅ​ជិត​ព្រះបរម​សព​តាំង​ពី​ពេល​មុន​ សម្ដែង​ព្រះសមានទុក្ខ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះបរម​សព។​ ​ដំណាល​គ្នា​នេះ​ សម្ដេច​ព្រះមហាក្សត្រិយានី​ ​ជា​អម្ចាស់់​ជីវិត​ ​ក៏​ទ្រង់​ស្ដេច​អ្នកអង្គម្ចាស់​នាយក​ក្រសួងនានា​ ​ក្នុង​ព្រះបរមរាជវាំង​ ​ជា​ព្រះរាជ​ដំណាង​មក​ថ្វាយ​បង្គំ​ព្រះបរម​សព​ដែរ​ ​ហើយ​ពេល​ជា​មួយ​គ្នា​នោះ​ឯកឧត្ដម​ ​អឹុង​ ហុងសាធ​ ​ឧបនាយករដ្ឋមន្ត្រី​ទី​ ២​,​ ​ឯកឧត្ដម​ ​ចេង​ ​ហេង​ ​ប្រធាន​រដ្ឋសភា​ ​​ព្រម​ទាំង​សមាជិក,​ ​ឯកឧត្ដម​ឧត្ដម​សេនី​ឯក​ ​លន់​ ​នល់​ ​នាយករដ្ឋមន្ត្រី,​ អ្នក​អង្គម្ចាស់​ ​សីុសុវត្ថិ​ ​សិរិមតៈ​ ​ឧបនាយករដ្ឋមន្ត្រីទី​ ​១,​ ​ព្រម​ទាំង​សមាជិក​រដ្ឋមន្ត្រី,​ ឧកញ៉ា​ ​មហាមន្ត្រី​ ​កែ​ ​មាស​ ​ចាង​វាង​ពិធីការ​ព្រះបរមរាជវាំង​​និង​មន្ត្រី​នានា​ ​ក្នុង​ព្រះបរមរាជវាំង,​ ​ឧត្ដម​សេនី​ឯក​ ​ង៉ោ​ ​ហ៊ូ​ ​ទី​ប្រឹក្សា​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ,​ ​លោក​ ​ឌី​ ​ទូច​ ​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ,​ ​លោក​​​​ ​អីុ​ ​ទុយ​ ​អភិបាល​ក្រុង​ភ្នំពេញ,​ ​ឯកឧត្ដម​ ​ទឹម​ ​ដុង​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​កណ្ដាល​ ​ព្រមទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ឡាយ,​ សហជីវិន​ ​លាង​ ​ហ័បអាន​ ​នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌត្យ,​ ​ក្រុម​អភិបាល​ពុទ្ធិកសមាគម​ទាំង​ ​៣​ ​មាន​លោក​ ​ទា​ ​ប៊ុនឡុង​ជាដើម។

      អស់​លោក​ - អ្នក​ ​ឥស្សរជនធំ​ - តូច​ ​ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​ក្នុង​វេលា​រាត្រី​ ១៤​កើត​ ​ខែ​ភទ្របទ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ២៥​ ​កញ្ញា​នោះ​ ​សុទ្ធ​​​តែ​មាន​មុខ​ស្រពោន​ក្រៀម​ក្រំ​គ្រប់ៗ​ ​គ្នា​ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃ​លែង​ ​បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ​សោក​ស្ដាយ​ក្រៀម​ក្រំ​ រំជួល​ចំពោះ​ព្រះបរម​សព​គ្រប់​គ្នា​ទាំង​អស់។​ ​បន្ទាប់​បន្ត​ពី​នោះ​មក​ ​ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ ​ពុទ្ធឃោសាចារ្យ​ ​រាជ​ កឹង​ ​មេ​គុណ​ក្រុង​ភ្នំពេញ​ និង​ព្រះ​មុនីកោសល​ ​សូរ​ ​ហាយ​ ​ចៅអធិការ​វត្ត​និរោធរង្សី​ជា​ដើម​ ​ព្រម​ទាំង​រាជា​គណៈ​ ​និង​ឋានា​នុក្រម​ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោង​ព្រាត​ ​សុទ្ធ​តែមាន​មុខ​ក្រៀម​ក្រំ​ស្រងូត​ស្រងាត់​គ្រប់ៗ​ ​អង្គ​ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ​ ​ចំពោះ​សម្ដេច​ជា​អម្ចាស់។

      លំដាប់​តមក​ទៀត​ ​ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​ ​២២-២៣​ ​ចេះ​តែ​មាន​ពុទ្ធបរិស័ទ​ ​ទាំង​បុព្វជិត​ទាំង​គ្រហស្ថ​ ​និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយៗ​ ​នាំ​គ្នា​ឈរ​ត្រៀប​ត្រា​ពាស​ពេញ​បរិវេណ​ព្រះរាជ​ដំណាក់​ ​ទាំង​អស់លោក​ - អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ​ ​មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម​ ​បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ​ ​ចូល​ក្រាប​បង្គំ​គាល់​ព្រះសព​ ​សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​គ្នា​ ​ខ្លះ​មាន​ជលេនេត្រស្រក់​សស្រាក់​រក​ហានិយាយ​ស្ដី​អ្វី​ពុំ​កើត។​ ​ពេល​ជា​លំដាប់​មក​ទៀត​ ​ចេះ​តែ​មាន​ពុទ្ធបរិស័ទ​ទាំង​គ្រហស្ថ- ​បុព្វជិត​ធ្វើ​ដំណើរ​មក​ាន់​វត្ត​​​ឧណ្ណាលោម​ ​យ៉ាង​ណែន​ណាន់​តាន់​តាប់​រហូត​ទាល់​តែ​ភ្លឺ។​ ​លោក​អ្នក​ខ្លះ​មាន​ទឹក​ភ្នែក​ហូរ​រហាម​ ​ហើយ​បន្លឺ​វាចា​ថ្ងូរ​ថាៈ​ ​ឱសម្ដេច​ព្រះសង្ឃរាជ​!​ ចូល​ទិវង្គត​ហើយ​តើ​!​ សូម្បី​ព្រះអង្គ​មាន​ព្រះជន្ម​ ៨៦​ពិត​មែន​ ​ប៉ុន្តែ​យើង​ខ្ញុំ​ព្រះអង្គ​នៅ​តែ​ស្ដាយ​ស្រណោះ​ ​ចង់​ឲ្យ​សម្ដេច​គង់​នៅ​ជាង​រយ​ព្រះវស្សា​ ដោយ​យើង​ខ្ញុំ​ព្រះអង្គ​ធ្លាប់​ស្ដាប់​ព្រះរាជ​ឱវាទ,​ ​ធ្លាប់​ឃើញ,​ ​ធ្លាប់គោរព​ ​សម្ដេច​ជា​អម្ចាស់​ ​ឥឡូវ​ស្រាប់​តែ​សម្ដេច​ជា​អម្ចាស់​ចូល​ទិវង្គត​ទៅ​កាន់​បរលោក​នាយ​ចោល​យើង​ខ្ញុំ​ទៅ​ហើយ។​ ​ការ​ចូល​ទិវង្គត​នៃ​ព្រះសង្ឃរាជ​នេះ​ ​នាំ​ឲ្យ​ទូល​ព្រះបង្គំ​គ្រប់​រូប​ហេង​ហាង​ត្រមង់​ត្រមោច​ក្នុង​ចិត្ត​ ​អស់​សេចក្ដី​សង្ឃឹម​កក់​ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ហើយ។

      សម្ដេច​ព្រះសង្ឃរាជ​ ​ដែល​ព្រះអង្គ​បានយាង​មក​សោយ​ព្រះជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ព្រះអង្គ​បាន​ធ្វើ​ប្រយោជន៍​ទាំង​ផ្លូវ​ព្រះពុទ្ធសាសនា​ ទាំង​ផ្លូវ​លោក​ទុក​ឲ្យ​បរិស័ទ​ជា​ច្រើន​ណាស់​ ​ឈ្មោះ​ថា​ព្រះអង្គ​បាន​លើក​ព្រះពុទ្ធសាសនា​ ​លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំ​ថ្កើង​រុងរឿង​រួម​ជា​មួយ​នឹង​សសម្ដេច​ព្រះ​ឧបយុវរាជ​ ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ ​ដែល​យឹត​យោង​ប្រជា​ពលរដ្ឋ​ ​ដោយ​ព្រះមធ្យោបាយ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ​ឲ្យ​ប្រទេស​ជាតិ​មានឯកភាព​ ​សាមគ្គីភាព​ ​សន្តិភាព​ ​បានឯករាជ្យ​ដ៏​បរិបូណ៍​ ​ដូច​សេចក្ដី​ប្រាថ្នា​ហើយ​យ៉ាង​ណា​ ​សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះរាជជីវប្រវត្តិ​ល្អ​ណាស់​ ​មាន​ព្រះបំណង​សម្រេច​ក៏​យ៉ាង​នោះ​ដែរ។

      ព្រឹក​ឡើង​ថ្ងៃ​ ​១៥​កើត​ ​ខែ​ភទ្របទ​ ​(២៦​កញ្ញា)​ ​អស់​លោក​ឥស្សរជន​ ​បាន​ប្រជុំ​តាំង​គណៈកម្មការ​មួយ​បណ្ដោះ​អាសន្ន​ ​សម្រាប់​ចាត់​ការ​បុណ្យ​ព្រះបរមសពតទៅ។

      រយៈកាលមុន​អំពី​កាល​ដែល​សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត 

      សម្ដេច​ព្រះសង្ឃរាជ​ ​មាន​ព្រះអាពាធ​ជា​ដំបូង​ក្នុង​ថ្ងៃ​អង្គារ​ ១២​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​រកា​ ​ឯកស័ក​ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ​២៣​ ​ខែ​កញ្ញា​ ​ឆ្នាំ​១៩៦៩។​ ​ដំណឹង​ព្រះអាពាធ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ ​បាន​ថ្វាយ​ចំពោះ​សម្ដេច​ព្រះប្រមុខរដ្ឋ​រួច​ហើយ​ ​ឯកឧត្ដម​ ​អឹុង​ ​ហុងសាធ​ ​តាម​ព្រះរាជ​បញ្ជា​នៃ​សម្ដេច​ព្រះប្រមុខរដ្ឋ​ ​បាន​ចាត់​ឲ្យ​អស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ - បារាំង​ដ៏​ជំនាញៗ​ ​ទាំង​ឡាយ​មក​ជួយ​ខ្វល់​ខ្វាយ​ព្យាបាល​រោគ​ព្រះអង្គ​យ៉ាង​ពេញ​សមត្ថភាព​ ​ប៉ុន្តែ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​មច្ចុសង្គ្រាម​បាន។

      សម្ដេច​ព្រះសង្ឃរាជ​ ​ជា​អម្ចាស់​ ​ទ្រង់​បាន​ជ្រាប​ព្រះអង្គ​ជាមុន​ចាប់​តាំង​ពី​ថ្ងៃ​ប្រឈួន​ ​ទ្រង់​មាន​ព្រះឱង្ការ​ប្រាប់​ព្រះសង្ឃ​ ​និង​អស់​លោក​ដែល​មក​ថ្វាយ​បង្គំ​សាក​សួរ​ព្រះសុខភាព​ថា​ ​"ខ្ញុំ-អាត្មា​មាន​ជំងឺ​ម្ដង​នេះ​ ​ដូច​ជា​គ្មាន​សង្ឃឹម​ទេ"​ ​ព្រះរាជឱង្ការ​នេះ​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ ​ប៉ុន្តែ​យ់ង​រាល់​គ្នា​ជឿ​ទុក​ថា​ៈ​ ​ព្រះអង្គ​មិខ​ជា​នឹង​គង់​ព្រះជន្មាយុ​តទៅ​ទៀត​បាន​ពី​ព្រោះ​សង្កេត​ទៅ​ព្រះ​សរី​រា​ការ​ព្រះអង្គ​ ​ពុំ​ឃើញ​មាន​ការ​ប្រែ​ប្រួល​ប្លែក​ប៉ុន្មាន​ទេ​ ​ម្យ៉ាង​ទៀត​ទ្រង់​ ​នៅ​ចាំ​ព្រះស្មារតី​ល្អ​ណាស់​ ​អាច​មាន​ព្រះឱង្ការ​មាំ​មួន​សំណេះ​សំណាល​នឹង​អស់​លោក​ទាំង​ព្រះសង្ឃ-​គ្រហស្ថ​ដែល​មក​ក្រាប​បង្គំ​គាល់​នោះ​បាន​ស្រួល​នៅ​ឡ់យ​ ​ជា​ពិសេស​កាល​ពី​ព្រឹក​នៃ​ថ្ងៃ​សោយ​ព្រះទិវង្គត​នេះ​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ ​និង​អ្នក​អង្គម្ចាស់​ឧបនាយក​រដ្ឋមន្ត្រី​ទី១​ ​បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះអង្គ​ ​ដើម្បី​សាកសួរ​ព្រះរោគ​ព្រះអង្គ​ផង​ ​ដើម្បី​ក្រាប​បង្គំ​លា​ព្រះអង្គ​ទៅ​កាន់​បរទេស​ ​តាម​ការ​អញ្ជើញ​នៃ​សាធារណរដ្ឋ​ចិន​ប្រជា​មានិត​ ​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ផង។​ ​គ្រានោះ​ព្រះអង្គ​បាន​ទទួល​រាក់ទាក់​ ​ហើយ​បាន​ប្រសិទ្ធិពរ​ជូន​ចំពោះ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ​និង​ថ្វាយ​ចំពោះ​អ្នកអង្គ​ម្ចាស់​ឧបនាយក​រដ្ឋមន្ត្រី​ទី១​ ​សូម​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​គេ​បាន​ជោគជ័យ។​ ​ក្រោយ​មក​ទៀត​សម្ដេច​ក៏​បាន​ព្រះរាជទាន​សន្ទនា​ជាមួយ​លោក​ ​ឌី​ ​ទូច​ ​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ ​និង​លោក​ ​ទ្រិញ​ ​វ៉ាញ​ ​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​អំពី​ការ​ធ្វើ​ចេតិយ។​ ​ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ហូរ​ហែរ​ ​ហើយ​ទ្រង់​និទាន​អំពី​ចេតិយ​ឈ្មោះ​ ​សិង្គុត្តរៈ​ ​នៅ​សហភាព​ភូមា​ថែម​ទៀត​ផង។​ ​រួច​ព្រះអង្គ​ត្រាស់​រំឭក​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​ដែល​ទ្រង់​បាន​ខិត​ខំ​កែ​សម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត​ ​ទោះ​បី​ជរា​ ​និង​ព្យាធិ​ចេះ​តែ​បៀត​បៀន​ព្រះអង្គ​ក៏​ដោយ។​ ​សភាព​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា​ ​ព្រះអង្គ​នៅ​រឹង​ប៉ឹង​ណាស់​ ​មិន​គួរ​ឡើយ​នឹង​ប្រែ​ប្រួល​ទៅ​ឆាប់​រហ័ស​ដូច្នេះ​សោះ​ ​នាំ​ឲ្យ​យើង​ក្រៀម​ក្រំ​ស្រងាក​ចិត្ត​ដូចជា​យើង​ធ្លាក់​បេះ​ដូង។​ ​នេះ​ហើយ​សម​ដូច​ព្រះថេរដីកា​របស់​ព្រះអង្គ​ទ្រង់​ត្រាស់​ជា​រឿយៗ​ថាៈ​ ​ជួន​កាល​ពេល​ព្រឹក​មនុស្ស​សត្វ​ជួប​គ្នា​រញង់​ ​លុះពេល​ល្ងាច​ក៏​បែក​គ្នា​ភ្លាមៗ។​ ​សភាព​នេះ​ត្រូវ​ដូច​ព្រះតម្រាស់​នោះ​ណាស់។​ ​ព្រះអង្គ​យាង​ទៅ​ចោល​ពុទ្ធបរស័ទ​រាល់​គ្នា​ ​ឥត​មាន​ប្រទាន​ដំណឹង​ជា​មុន​ឲ្យ​ច្បាស់​ដល់​យើង​ ​ដើម្បី​នឹង​បាន​ព្យាបាល​ព្រះអាការ​រោគ​ឲ្យ​បាន​យូរ​ថ្ងៃ​សោះ​ ​គួរ​ឲ្យ​យើង​ខ្ញុំស្ដាយ​ក្រៃ​ពេក​ណាស់​នឹង​រក​ពាក្យ​ណា​មួយ​ថ្លែង​រាប់​ពុំបាន​ឡើយ។​ ​ព្រះអង្គ​ព្រះទិវង្គត​នេះ​ ​ធ្វើ​ឲ្យ​រញ្ជួយ​សកល​កម្ពុជា​ ​ព្រោះ​ព្រះ​មាន​ព្រះគុណ​ធម៌​ច្រើន​ណាស់​លើ​ពុទ្ធ​រិស័ទ​ទាំង​បុព្វ​ជិត​​ ទាំង​គ្រហស្ថ។​ ​សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត​បាត់​ព្រះរូប​ពិត​មែន​ ​ប៉ុន្តែ​ព្រះកិត្តិនាម​ឋិត​នៅ​ដដែល។

      អស់​លោក-​អ្នក​ពុទ្ធបរិស័ទ​ទាំង​ឡាយ! ព្រះបរមសព​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ ​ជា​ព្រះសព​ត្រូវ​តម្កល់​ទុក​តាម​ផ្លូវ​ការ​ ​រាជ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ទក្ខិណានុប្បទាន​រៀង​រាល់​ថ្ងៃ​តទៅ​ ​ទំរាំ​គណកម្មការ​បុណ្យ​ជំនុំ​គ្នា​ដោះ​ស្រាយ​រៀប​ចំ​ព្រះរជ​ពិធី​បុណ្យ​ព្រះបរមសព​ ​កំណត់​យក​ថ្ងៃណា​ ​ខែ​ណា​តទៅ​ក្រោយ។​ ​ឥឡូវ​នេះ​គណកម្មការ​បិណ្យ​បណ្ដោះ​អាសន្ន​ ​បាន​ព្រម​ព្រៀង​គ្នា​កំណត់​យក​ថ្ងៃ​ ១ ​រោច​ខែ​ភទ្របទ​ ​ត្រូវ​នឹង​ថ្ងៃ​ ទី​២៧​ ​ខែ​កញ្ញា​ ឆ្នាំ​១៩៦៩​ ​ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន​ ​មាន​ទេសនា​​ និង​វេរភត្ត​រៀង​រាល់​យប់​-​តរាង​ទៅ ​​ចំនួន​ ​៦​ខែ​ គិត​ពី​ខែនេះទៅ​ ​ក្រោម​ព្រះរាជាធិបតី​ភាព​នៃ​សម្ដេច​ព្រះមហាក្សត្រិយានី ​និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ៕
        Share on Google Plus

        About Unknown

        0 comments:

        Post a Comment