ល្បិច​ទូទៅ​នៃ​គំនិត

សំណួរ : អ្វី​ទៅ​ហៅ​ថា " វិចារ "
ចម្លើយ : វិចារ​ គឺ​ជា​តំណ​ជាប់​ឥត​ដាច់ នៃគំនិត​ជាច្រើន ដើម្បី​ទៅ​ដល់​សន្និដ្ឋាន​មួយ ។
សំណួរ :  តើ​គេ​អាច​ចាត់​ទុក ​វិចារ ​ថា ជា​ចំណង ​របស់​គំនិត​បាន​ឬ​ទេ?
ចម្លើយ : វិចារ​ចង​គំនិត​ជាច្រើន ដើម្បី​ឲ្យ​ដល់​សន្និ​ដ្ឋាន​មួយ ដូច្នេះ​ គេ​អាច​ចាត់​ទុក​ វិចារ​ ថា ជា​ចំណង​នៃ​គំនិត​បាន ។
សំណួរ : តើ​អំពើ​សំខាន់​របស់​គំនិត មាន​ប៉ុន្មាន?
ចម្លើយ : អំពើ​សំខាន់​ៗ​របស់​គំនិត​មាន​ បី គឺ ៖

១. បញ្ញត្តិ (Concept)
២. វិនិច្ឆ័យ (Jugement)
៣. វិចារ (Raisonnement)

សំណួរ : អ្វី​ទៅ​ហៅ​ថា​ បញ្ញត្តិ ?
ចម្លើយ : បញ្ញត្តិ​ ជា​ន័យ​របស់​ពាក្យ​មួយ ជា​អ្វី​ដែល​គេ​នឹក​ដល់ កាល​ណា​គេ​ប្រើ​ពាក្យ​មួយ ។
សំណួរ : តើ​មាន​បញ្ញត្តិ​ជា​រូបី​ទេ ?
ចម្លើយ : បញ្ញត្តិ​ទាំង​អស់​ សុទ្ធ​តែ​អរូបី ដូច្នេះ​គ្មាន​បញ្ញត្តិ​រូបី​ទេ ។
សំណួរ : ហេតុ​អ្វី​ក៏​បញ្ញត្តិ​ សុទ្ធ​តែ​អរូបី?
ចម្លើយ : បញ្ញត្តិ​ទាំង​អស់​ សុទ្ធ​តែ​អរូបី ព្រោះ​បញ្ញត្តិ​ ជា​អំពើ​របស់​គំនិត​ ហើយ​គំនិត​សុទ្ធ​តែ​អរូបី ។
សំណួរ : អ្វី​​ទៅ​ហៅ​ថា វិនិច្ឆ័យ ?
ចម្លើយ : វិនិច្ឆ័យ ជា​អំពើ​មួយ​របស់​គំនិត ដែល​តែង​ឲ្យ​លក្ខណៈ​ទៅ បញ្ញត្តិ ។ ជា​ចំណង ដែល​ចង​បញ្ញត្តិ​ពីរ ឬ​បញ្ញត្តិ​ជាច្រើន​ឲ្យ​ជាប់​គ្នា ។
សំណួរ : វិចារ ជា​អ្វី?
ចម្លើយ : វិចារ ជា​ការ​ប្រមូល​ផ្ដុំ​ នូវ​វិនិច្ឆ័យ​ពីរ ឬវិនិច្ឆ័យ​ជាច្រើន ។
សំណួរ : អ្វី​ទៅ​ហៅ​ថា អនុមាន​ញែក ?
ចម្លើយ : អនុមាន​ញែក គឺ​ជា​វិចារ​ដែល​ញែក សន្និដ្ឋាន​ចេញ​ពី​គោលការណ៍​ទូទៅ ។ តក្ក​រូប ជា​គំរូ​នៃ​អនុមាន​ញែកមួយ​ដែរ ។ ឧទាហរណ៍ : មនុស្ស​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​ស្លាប់ ។ សូក្រាត ជា​មនុស្ស​ម្នាក់ ដូច្នេះ​ សូក្រាត​ត្រូវ​តែ​ស្លាប់​ដែរ ។
សំណួរ : តើ​គេ​ចែក​អនុមានញែក​ ជាប៉ុន្មាន​បែប ? គឺ​អ្វី​ខ្លះ?
ចម្លើយ : គេ​ចែក​អនុមាន​ញែក​ ជា​ពីរ​បែប​គឺ ៖

១. អនុមាន​ញែក​តាម​រូបរាង (déduction formelle)
២. អនុមាន​ញែក​គណិត​វិទ្យា (déduction mathématique)
សំណួរ : តើ​គេ​អាច​ហៅ​ អនុមាន​ញែក តាម​រូប​រាង​ថា​ ជា​អនុមាន​ញែក​វិភាគ​ បាន​ឬ​ទេ ?
ចម្លើយ : គេ​អាច​ហៅ​ អនុមាន​ញែក​ តាម​រូប​រាង​ថា​ ជា​អនុមាន​ញែក​វិភាគ​ (déduction analytique) បាន ។
សំណួរ : តើ​អនុមាន​ញែក​គណិត​វិទ្យា អាច​ហៅ​ថា អនុមាន​ញែក​សំយោគ (déduction synthétique) បាន​ឬទេ?
ចម្លើយ : យើង​ដឹង​ថា គណិតវិទ្យា ជា​ស្យង់​ ដែល​រៀន​អំពី​ចំនួន ហើយ​អនុមាន​ញែក​សំយោគ ក៏​មាន​កម្មវត្ថុ ជា​ចំនួន​ដែរ ដូច្នេះ​ យើង​អាច​ហៅ​ អនុមាន​ញែក​គណិត​វិទ្យា ថា​ជា​ អនុមាន​ញែក​សំយោគ​ បាន​ដែរ ។
សំណួរ : ក្រៅពី​គណិតវិទ្យា តើ​មាន​ស្យង់​ណា​ខ្លះ ដែល​ត្រូវ​ការ​ប្រើ​ អនុមាន​ញែក​ ? ហេតុ​អ្វី ?
ចម្លើយ : ក្រៅ​ពី​គណិតវិទ្យា គេ​ត្រូវ​ការ​អនុមាន​ញែក ទៅ​ប្រើ​ក្នុង​ស្យង់​ពិសោធ ។ ព្រោះ​ស្យង់​ពិសោធ ត្រូវ​ការ​ភាព​ល្អិតល្អន់ ដូច​គណិតវិទ្យា ដែរ ។
សំណួរ :  អ្វី​ទៅ​ហៅ​ថា អនុមានរួម ?
ចម្លើយ : អនុមាន​រួម ជា​វិចារ​ដែល​ចេញ​ពី​ការ​ពិសេស​ជាច្រើន ដើម្បី​រួម​ឲ្យ​បាន​ជា​ច្បាប់​ទូទៅ​មួយ ។
សំណួរ : តើ​អនុមាន​រួម មាន​គោល​ដៅ​យ៉ាង​ដូចម្ដេច? ចូរ​រក​ឧទាហរណ៍ ។
ចម្លើយ : អនុមាន​រួម មាន​គោល​ដៅ ​ចង់​ជ្រើស​រើស​លក្ខណៈរួម​មួយ ។ ហេតុ​ដូច្នេះហើយ បាន​ជា​អនុមាន​រួម ខំ​ប្រមូល​យក​ការសង្កេត​ជាច្រើន មកពិនិត្យ ។

ឧទាហរណ៍ : ខ្ញុំ​សង្កេត​ឃើញ​ ឪពុក​មិត្ត​ខ្ញុំ​ស្លាប់

  • មិត្ត​ខ្ញុំ​ក៏​ស្លាប់
  • ឪពុក​ខ្ញុំ​ក៏​ស្លាប់
ដូច្នេះ ខ្ញុំ​ក៏​ត្រូវតែ​ស្លាប់ ហើយ​មនុស្ស​ទាំង​អស់​ ត្រូវ​តែ​ស្លាប់​ដែរ ។

សំណួរ : តើ​ការ​សន្និដ្ឋាន​ដោយ​វិធី ប្រើអនុមាន​រួម​ សុទ្ធ​តែ​ត្រូវ​ទាំង​អស់​ ឬ​យ៉ាង​ដូចម្ដេច ?
ចម្លើយ : អនុមាន​រួម ដែល​ធ្វើ​ឡើង​ភ្លាម​ៗ​ជាច្រើន តែ​ង​ជួប​នឹង​កំហុស ហើយ​ពុំ​សូវ​បាន​ត្រឹម​ត្រូវ​ទេ ។

ឧទាហរណ៍ :

  • បី​ខែ​មុន ជា​បាន​លួច​អាវ​ខ្ញុំ
  • ម្សិល​មិញ ជា​លួច​ខោ​ខ្ញុំ ។
  • ដូច្នេះ សៀវភៅ​ខ្ញុំ​បាត់​ថ្ងៃ​នេះ ជា​ ជាអ្នក​លួច ។
សំណួរ : អ្វី​ទៅ​ហៅ​ថា វិភាគ ?
ចម្លើយ : វិភាគ​ គឺ​ពន្យល់ ឬ ជា​អ្នក​បំបែក​វត្ថុ​មួយ ទៅ​ជា​ធាតុ​ផ្សេង​ៗ ។
សំណួរ : តើ​វិភាគ ចែក​ចេញ​ជា​ប៉ុន្មាន​យ៉ាង ? គឺ​អ្វី​ខ្លះ ?
ចម្លើយ : វិភាគ ចែក​ចេញ​ជា​ពីរ​យ៉ាង​គឺ ៖

១. វិភាគ​ពិត (analyse réelle)
២. វិភាគ​ក្នុង​គំនិត (analyse idéale)

សំណួរ : អ្វី​​ទៅ​ហៅ​ថា​ វិភាគ​ពិត ?
ចម្លើយ : ដែល​ហៅ​ថា វិភាគ​ពិត គឺ​គេយក​រូប ឬ​សារធាតុ ឬបាតុភូត​រូប​វិទ្យា ដែល​ត្រូវ​សិក្សា​ ឬ​ពិនិត្យ​នោះ​មក​បំបែក ឲ្យ​ទៅ​ជា​ចំណែក​ដាច់​ពី​គ្នា ។ ជួន​កាល​ គេ​កាត់​វត្ថុ​ ដែល​ត្រូវ​ធ្វើ​វិភាគ​នេះ​ជា​ដុំៗ ដើម្បី​ស្វែង​រក​ធាតុ​ពិត​ របស់​វត្ថុ​នោះ ។
សំណួរ : តើ​ វិភាគ​គំនិត ជា​វិភាគ​ដូច​ម្ដេច?
ចម្លើយ : វិភាគ​គំនិត គឺ​បំបែក​កត្ដា​ផ្សេង​ៗ នៃ បាតុភូត​មួយ​ ដោយ​ប្រើ​តែ​គំនិត ។
សំណួរ : តើ​វិភាគ ​មាន​គោល​បំណង យ៉ាង​ដូចម្ដេច ?
ចម្លើយ : គោល​បំណង​នៃ​វិភាគ​ពិត ឬ​វិភាគ​ក្នុង​គំនិត គឺ​ធ្វើ​ឲ្យ​បាន​យល់​ កាន់​តែ​ច្បាស់​ទៀត ។ វិភាគ​បំបែក​ធាតុ និង​ប្រមូល​ធាតុ​ ដែល​ដូច​គ្នា​ ព្រម​ទាំង​រៀប​រយ​ តាម​របៀប​យ៉ាង​ល្អ ។ មិន​តែ​ប៉ុណ្ណោះ​ វិភាគ​ធ្វើ​ធាតុ​ទាំង​ឡាយ ឲ្យ​​មាន​ទំនាក់​ទំនង​គ្នា​ផង ។
សំណួរ : អ្វី​ទៅ​ហៅ​ថា សំយោគ ?
ចម្លើយ : សំយោគ​ ជា​ការ​ប្រមូល​ផ្ដុំ​ធាតុ​ផ្សេងៗទាំង​ឡាយ ឲ្យ​បាន​ជា​វត្ថុ​មួយ ។
សំណួរ : តើ​សំយោគ​ មាន​ប៉ុន្មាន​បែប ? គឺ​អ្វី​ខ្លះ ?
ចម្លើយ : សំយោគ មាន​ពីរ​បែប​គឺ ៖

១. សំយោគគិត (synthèse réelle)
២. សំយោគ​ក្នុង​គំនិត (synthèse idéale)

សំណួរ : តើ​វិភាគ​ និង​សំយោគ មាន​ទំនាក់​ទំនង​ រវាង​គ្នា​ឬ​ទេ ? 
ចម្លើយ : វិភាគ និង​សំយោគ​ ជា​សកម្មភាព​ពីរ​របស់​ចិត្ត ដែល​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅ​មក ។ វិភាគ មិន​អាច​ប្រព្រឹត្ត​ទៅ ដោយ​គ្មាន​សំយោគ​ទេ ហើយ​សំយោគ​ ក៏​ដូច​គ្នា​ដែរ ។
សំណួរ : តើ​ វិភាគ និង​សំយោគ មាន​ផល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ខ្លះ?
ចម្លើយ : វិភាគ និង​សំយោគ មាន​ផល​ប្រយោជន៍​ផ្សេង​គ្នា គឺ វិភាគ​ជា​ឧបករណ៍​ នៃ របក​គំហើញ​ធាតុ ដែល​កប់​ខ្លួន តែ​ជា​ធាតុ​ ដែល​មាន​រួច​មក​ហើយ ។

សំយោគ​ ជា​ឧបករណ៍​សម្រាប់​បង្ហាញ និង​ពន្យល់​ឲ្យ​បាន​ច្បាស់​ នូវ​របក​គំហើញ​មួយ ព្រោះ​សំយោគ​ ជា​អ្នក​បង្រួម​​មក​វិញ នូវ​ការណ៍​ទាំង​អស់ ដែល​វិភាគ​ជា​អ្នក​រក​ឃើញ ។
សំណួរ : អ្វី​ទៅហៅ​ថា អព្ភន្តរញាណ ?
ចម្លើយ : អព្ភន្តរញាណ ជា​ភាព​របស់​ពុទ្ធិ​ដំបូង​បំផុត ជា​គំហើញ​ផ្ទាល់​ ឬ​ជា​ចំណាប់​ភ្លាម ដោយ​ពុំ​ចាំ​បាច់​មាន​អ្នក​បណ្ដាល ។ ដូច្នេះ អព្ភន្តរញាណ ជា​ពុទ្ធិ​គ្មាន​តិច​និច និង​គ្មាន​អ្នក​បណ្ដាល ជា​ពុទ្ធិ​ដែល​កើត​ឡើង ដោយ​អាថ៌​កំបាំង ។
សំណួរ : តើ​ អព្ភន្តរញាណ មាន​ប៉ុន្មាន​បែប ? គឺ​អ្វីខ្លះ ?
ចម្លើយ : អព្ភន្តរញាណ មាន​បួន​បែប គឺ ៖

១. អព្ភន្តរញាណ​ចិត្តវិទ្យា
២. អព្ភន្តរញាណ​ឥន្ទ្រិយ
៣. អព្ភន្តរញាណ​បញ្ញា
៤. អព្ភន្តរញាណប្រាកដ



ចំណងជើង​សៀវភៅ ៖ ទស្សនវិជ្ជា : សំណួរ-​ចម្លើយអត្ថាធិប្បាយ សម្រាប់​ថ្នាក់​បញ្ចប់
រៀបរៀង​ដោយ : សុខ សុត្ថាល សាស្ត្រាចារ្យបវញ្ញាទស្សនវិជ្ជា
ឆ្នាំ​បោះពុម្ពផ្សាយ : ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៥
បោះពុម្ពដោយ : រោង​ពុម្ព មហាលាភ

Share on Google Plus

About Unknown

0 comments:

Post a Comment