ប្រជុំ​​​រឿង​​​ព្រេង​​​ខ្មែរ

អារម្ភបទ

ប្រទេស​​​កម្ពុជា​​​យើង​ មាន​រឿង​ព្រេង​ច្រើន​ជា​អនេក មិន​អាច​គណនា​ត្រា​រាប់​ចំនួន ថា​ប៉ុណ្ណោះ​ប៉ុណ្ណេះ​បាន ។ រឿង​ទាំង​នោះ​ ចាត់​ជា​ពួក​ៗ គឺ :

ក. រឿង​ទាក់​ទង​ដោយ​ប្រវត្តិ​សាស្ត្រ ដូច​រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី នៅ​ខេត្ត​កំពង់​ចាម ភ្នំ​ទ្រុង​មាន់ ភ្នំ​បាណន ភ្នំ​សំពៅ នៅ​ខេត្ត​បាត់​ដំបង ភ្នំ​សែន​ហាន នៅ​ខេត្ត​កំពត ភ្នំនាង​កង្រី នៅ​ខេត្ត​កំពង់​​ឆ្នាំង ជាដើម ។

ខ. រឿង​ទាក់​ទង​ដោយ​តុលា​ការ​កាត់​ក្ដី ដូច​រឿង សុភា​ទន្សាយ និង រឿង​ផ្សេងៗ ដែល​មាន​ក្នុង​សាស្ត្រា​កឹង​កន្ត្រៃ​ ជាដើម ។

គ. រឿង​ទាក់​ទង​ដោយ​ការ​នេសាទ របៀប​ទាក់ ឬ​បរបាញ់ មាន​ការ​ទាក់​ដំរី ជាដើម ។

ឃ. រឿង​ទាក់​ទង​ដោយ​ទំនៀម​ទម្លាប់ មាន​ទំនៀម​មង្គលការ​ជាដើម ។

រឿង​សាស្ត្រា​ល្បែង​ ក៏​មាន​ច្រើន​លើស​គណនា ដូច​រឿង ព្រះជិន​វង្ស ស័ង្ខ​សិល្ប​ជ័យ ជ័យ​ទត្ត ជាដើម ។

ទាំង​រឿង​ព្រេង ទាំង​សាស្ត្រា​ល្បែង ជា​រឿង​ពី​រោះ​ពិសា មាន​សារ​ប្រយោជន៍​ខាង​ផ្លូវ​វណ្ឌ​គតិ​អក្សរសាស្ត្រ ហើយ​ជា​រឿង​សម្រាប់​ដឹក​នាំអ្នក​អាន​ អ្នក​ស្ដាប់ ឲ្យ​កើត​សតិ​បញ្ញា​ យល់​ការ​ខុស​ត្រូវ​ជ្រៅ​រាក់​ច្រើន​មាន​គំនិត​ខ្ពស់ ស្គាល់​ទោស​គុណ រួមយ៉ាង​ខ្លី គឺ​ឲ្យ​ស្គាល់​គតិ​លោក​គតិ​ធម៌ ។

ចំពោះ​រឿង​សាស្ត្រា​ល្បែង យើង​បាន​សង្កេត​ដំណើរ​រឿង​នីមួយៗ ឃើញ​បាន​គតិ​ ២ យ៉ាង គឺ​ខាង​ដើម​រឿង ច្រើន​និយាយ​ពី​ការ​កម្សត់​ព្រាត់​ប្រាស កណ្ដាល​រឿង​ ច្រើន​និយាយ​ពី​ការ​ច្បាំង​គ្នា ការ​ប្រណាំង​ប្រជែង​គ្នា ជា​គតិលោក ខាង​ចុង​បំផុត​រឿង ច្រើន​តែ​និយាយ​ពី​តួឯក​ ក្នុង​រឿង​ចេញ​បួស​ជា​តាបស​ឫសី ដែល​ជា​គតិ​ធម៌ ដើម្បី​ទាញ​អារម្ភ​អ្នក​អាន​ អ្នកស្ដាប់ ឲ្យ​​ត្រេក​ត្រ​អាល​ក្នុង​កាម តាម​ផ្លូវ​លោក​ជាដើម ឲ្យ​នឿយ​លាយ​ចាក​កាម តាម​ផ្លូវ​ធម៌​ជា​ខាង​ចុង ហើយ​ជា​ពិសេស​បំផុត គឺ​ច្រើន​តែ​ជា​រឿង​ឃោសនា ដើម្បី​ទាញ​ទិដ្ឋិ​អ្នកអាន-ស្ដាប់ ឲ្យ​ជឿ​កម្មផល តាម​គតិ​ពុទ្ធ​សាសនា ។

ឯ​រឿង​ព្រេង និង​រឿង​សាស្ត្រា​ល្បែង​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ប្រទេស​កម្ពុជា​យើង​នេះ ចែក​ជា​ ២ ផ្នែក :
  1. លោក​អ្នក​ប្រាជ្ញ​បុរាណ បាន​និពន្ធ​ទុក ហើយ​បច្ឆាជន​បាន​ចារ​ដាក់​ស្លឹក​រឹត​ខ្លះ សរសេរ​ដាក់​ក្រាំង​ខ្លះ ដាក់​សៀវភៅ​ខ្លះ​តៗគ្នា ទុក​នៅ​តាម​វត្ត​អារាម ស្រុក​នានា ពេញ​ប្រទេស​កម្ពុជា​ទាំង​មូល ។
  2. ចាស់​បុរាណ​ បាន​និទាន​ទុក ហើយ​បច្ឆាជន បាន​ដំណាល​ប្រាប់​គ្នា​តៗ​មក ដោយ​មាត់​ទទេ ឥត​បាន​ចារ​សរសេរ​ឡើយ ។
បើ​ពុំ​ប្រមូល​កត់​ត្រា​ទុក​ទេ រឿង​ទាំង​នោះ នឹង​នៅ​រាត់​រាយ រក​កំណត់​ចំនួន​ពុំ​បាន​ ហើយ​នឹង​បាត់​បង់ ឬ នឹង​ប្រែ​ក្លាយ​ទៅ​ជា​រឿង​សម័យ​ថ្មី អស់​បាត់​ពូជ​ដើម ព្រោះ​ហេតុ​នេះ បាន​ជា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ខិត​ខំ​ស្រាវ​ជ្រាវ​រក និង​ប្រមែ​ប្រមូល​ ទាំង​រឿង​ដែល​ចារ​ជា​សាស្ត្រា​ ទាំង​រឿង​ដែល​និទាន​មាត់​ទទេ ដោយ​វិធី​ទាក់​ទង រវាង​សមាជិក​ឆ្លើយ​ឆ្លង​របស់​ក្រុម​ជំនុំ​នេះ ដែល​​មាន​នៅ​តាម​ស្រុក​ខេត្ត​នានា និង​កត់​ត្រា​តាម​ចាស់​ៗ ដែល​ចេះ​ចាំ​ស្ទាត់​ មក​តម្កល់​ទុក​ក្នុង​មន្ទីរ​ក្រុម​ជំ​នុំ​ទំនៀម​ទម្លាប់ និង​ដោយ​វិធីចារ សរសេរ​ចម្លង អំពី​វត្ត​អារាម​ទាំង​ឡាយ ក្នុង​​ព្រះរាជាណាចក្រ​ មក​តម្កល់​ទុក​ក្នុង​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ ព្រមទាំង​ដោយ​វិធីចុះ​ផ្សាយ ក្នុង​ទស្សនា​វដ្ដី​ កម្ពុជ​សូរិយា​ ជា​យូរ​ឆ្នាំ​មក​ហើយ​ផង ។

ក្រុម​ជំ​នុំ​ទំនៀម​ទម្លាប់​ខ្មែរ​ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ស្រង់​រឿង​ព្រេង​ទាំង​ប៉ុន្មាន ដែល​មាន​ក្នុង​មន្ទីរ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ ក្នុង​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ និង​ក្នុង​ទស្សនា​វដ្ដី​កម្ពុជ​សុរិយា ដែល​បាន​សន្សំ​ទុក​ជា​យូរ​ឆ្នាំ​ហើយ​នោះ មក​រួប​រួម​រៀប​ចំ បោះ​ពុម្ព​ ជា​សៀវភៅ​ដោយ​ឡែក​ ចែក​ជា​ភាគៗ ឲ្យ​ឈ្មោះ​ថា ប្រជុំ​រឿង​ព្រេង​ខ្មែរ ដើម្បី :
  1. ឲ្យ​រឿង​ព្រេង​ខ្មែរ​ទាំង​ប៉ុន្មាន បាន​មូល​ត្រកូល​គ្នា ស្រួល​ដល់​លោក​អ្នក​ត្រូវ​ការ​រក​ទៅ​អាន ។
  2. រក្សា​ស្នាដៃ​កវី​និពន្ធ​ខ្មែរ​សម័យ​បុរាណ ទុក​ជាកេរ្តិ៍​ត​ទៅ កុំ​ឲ្យ​បាត់​បង ។
  3. ឲ្យ​យុវជន​អ្នក​អាន បាន​ឃើញ​ច្បាស់​ថា ជាតិ​ខ្មែរ​យើង​ មាន​កេរ្តិ៍​មត៌ក​អក្សរ​ខ្មែរ ច្រើន​ជា​អនេក ។
  4. ឲ្យ​យុវជន​អ្នក​អាន បាន​ស្គាល់​ព្រឹត្តិការណ៍​អក្សរសាស្ត្រ​ខ្មែរ សម័យ​បុរាណ ។
  5. ឲ្យ​យុវជន​អ្នក​អាន​ បាន​ចេះ​ចាំ​រឿង​និទាន និង​ពាក្យ​ពេចន៍​បុរាណ​ច្រើន​បែក​ប្រាជ្ញា អាច​ធ្វើ​ការ​ចរចា និង​ ការ​និពន្ធ​របស់​ខ្លួន ឲ្យ​មាន​សម្រសស់ ។
  6. ឲ្យ​យុវជន​អ្នក​និពន្ធ ងាយ​ប្រៀប​ធៀប​វោហារ ពាក្យ​ពេចន៍​សម័យ​ចាស់​ និង​សម័យ​ថ្មី ហើយ​ធ្វើ​សេចក្ដី​និពន្ធរបស់​ខ្លួន​ឲ្យ​មាន​លម្អ​ ឲ្យ​ត្រូវ​គ្រប់​សម័យ ។
ចំពោះ​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគទី ១ និង​ភាគ​ទី ២ ខាង​ចុង​បំផុត​រឿង​នីមួយៗ យើង​បាន​ដាក់​សុភា​សិត តម្រូវ​តាម​គតិ​ដែល​មាន​ក្នុង​ផ្ទៃ​រឿង​នោះៗ សម្រាប់​លោក​អ្នក​អាន​ពិចារណា ។

ឯ​ពាក្យ​ពេចន៍​ និង​ប្រយោគ​ក្នុង​រឿង​នីមួយៗ យើង​ទុក​ឲ្យ​នៅ​តាម​បុរាណ​ជា​ច្រើន វៀរ​លែង​តែ​រឿង​ណា ដែល​កត់​ត្រា​តាម​មាត់​ចាស់ៗ និទាន​ ទើប​ប្រើ​របៀប​សម័យ​ថ្មី ។

ចំណែក​អក្ខរា​វិរុទ្ធ យើង​បាន​កែ​តម្រូវ​តាម​ វចនានុក្រម​ខ្មែរ សម័យ​បច្ចុប្បន្ន ។

យើង​សង្ឃឹម​ថា សៀវ​ភៅ​ប្រជុំ​រឿង​ព្រេង​នេះ នឹង​បាន​ជា​កម្លាំង​មួយ អាច​ជួយពង្រីក​អក្សរសាស្ត្រ​ជាតិ ឲ្យ​មាន​វឌ្ឍនា​ការ​ជាភិយ្យោភាព ។

១ មករា ១៩៥៩
ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ 


  1. រឿង​ មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា 
  2. រឿង គង់ហ៊ាន
  3. រឿង ពាក្យ​សុភាសិត តម្លៃ ៣០ តម្លឹង
  4. រឿង មាយា​ស្រី
  5. រឿង អា​កុហក​ស៊ី
  6. រឿង ជាតិ​ខ្លា​ធំ
  7. រឿង ​ចចក
  8. រឿង ពស់​កេងកង
  9. រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់
  10. រឿង​ មនុស្ស​បួន​នាក់
  11. រឿង ក្អែក​មួយ​ជា​ក្អែក​ដប់
  12. រឿង ​ចៅ​សុក្រ និង​ចៅ​សៅរ៍
  13. រឿង ​គ្រូ​ និង សិស្ស
  14. រឿង កំលោះ​ពីរ​នាក់ ចង់​បាន​ប្រពន្ធ​គេ
  15. រឿង​ ចោរ​ចិត្ត​ជា
  16. រឿង ឪពុក​ក្មេក​រើស​កូន​ប្រសា
  17. រឿង​ អា​សុខ​ស្លូត​ អា​សុខ​កាច
  18. រឿង សម្លាញ់​ពីរ​នាក់
  19. រឿង សួស្ដី និង អពមង្គល
  20. រឿង ខ្លា​ចាញ់​ប្រាជ្ញា​គីង្គក់ និង​អណ្ដើក
  21. រឿង ខ្លា ស្វា និង ទន្សាយ
  22. រឿង ​អណ្ដើក និង ស្វា
  23. រឿង ដង្កូវ និង ក្អែក
  24. រឿង បង​ថ្លៃ​ និង ប្អូន​ថ្លៃ
  25. រឿង បុរស​កុហក ៤ នាក់
  26. រឿង បុរស​កម្ជិល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍
  27. រឿង បុរស​មាន​កូន ៤ នាក់ រៀន​វិជ្ជា ៤ បទ
  28. រឿង ចៅ​អាចម៍​សេ
  29. រឿង ស្រី​ក្ងោក​មាស
  30. រឿង បុរស​កាស ៣០
  31. រឿង បុរស​ជីក​ក្ដាម
  32. រឿង ស្រី​មាយា​ដក​ខ្ញី
  33. រឿង តា​ចន្ទ​រំលៀក
  34. រឿង អន្តរាយ​រឹទ្ធិ នៃ​សត្វ​អស្សតរ
Share on Google Plus

About Unknown

0 comments:

Post a Comment