អ្វី​ជា​ទស្សន​វិជ្ជា?

សំណួរ : អ្វី​ជា​ទស្សនវិជ្ជា?

ចម្លើយ : ទស្សនវិជ្ជា គឺ​ស្នេហា​គតិ​បណ្ឌិត ។

សំណួរ : នរណា​​​ជា​​​អ្នក​​​ឲ្យ​​​និយម​​​ន័យ​​​ដូច​​​ខាង​​​លើ​​​នេះ?

ចម្លើយ : លោក ពីតាគ័រ (Pythagore), អ្នក​​​ទស្សនវិជ្ជាក្រិច ។

សំណួរ : ចុះ​​​ចំណែក​​​លោក សូក្រាត (Socrate) យល់​​​យ៉ាង​​​ណា​​​ដែរ​​​ ចំពោះ​​​ពាក្យ " ទស្សនវិជ្ជា " នេះ?

ចម្លើយ : លោក​​​ សូក្រាត​​​យល់​​​ថា " ទស្សនវិជ្ជា​​​ " គឺ​​​ចង់​​​បាន​​​គតិ​​​បណ្ឌិត ព្រោះ​​​មនុស្ស​​​ខ្វះ​​​គតិ​​​បណ្ឌិត ។

សំណួរ : នរណា​​​ខ្លះ​​​ដែល​​​ជឿ​​​ថា​​​ មនុស្ស​​​មាន​​​គតិ​​​បណ្ឌិត​​​រួច​​​ហើយ ពោល​​​គឺ ចំណេះ​​​ជា​​​សាកល?

ចម្លើយ : ពួក សូភីស (Sophiste) អ្នក​​​ទស្សនវិជ្ជា​​​មួយ​​​ក្រុម ដែល​​​ប្រឆាំង​​​នឹង​​​គំនិត​​​របស់​​​សូក្រាត ។

សំណួរ : តើ​​​លោក​​​ សូក្រាត បាន​​​បញ្ជាក់​​​សម្ដី​​​អ្វី​​​ខ្លះ​​​ទៅ​​​លើ​​​ន័យ​​​ថា មនុស្ស​​​គ្មាន​​​ចំណេះ​​​ជា​​​សាកល?

ចម្លើយ : លោក​​​ សូ​​​ក្រាត បាន​​​ពោល​​​ថា ៖ ខ្ញុំ​​​ដឹង​​​តែ​​​មួយ​​​មុខ គឺ​​​ខ្ញុំ​​​គ្មាន​​​ចេះ​​​អ្វី​​​ទាំង​​​អស់ (Je ne sais qu'nne chose, c'est que je ne sais rien.) ។

សំណួរ : តើ​​​អ្វី​​​ទៅ​​​ដែល​​​ហៅ​​​ថា គតិ​​​បណ្ឌិត​​​នោះ?

ចម្លើយ : គឺ​​​ការ​​​យក​​​បញ្ញា​​​ ទៅ​​​វិនិច្ឆ័យ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ ទៅ​​​លើ​​​បញ្ញា​​​ទាំង​​​ឡាយ មាន​​​បញ្ហា​​​មនុស្ស​​​ជាដើម តែ​​​ត្រូវ​​​មាន​​​លក្ខណៈ​​​ប្រកប​​​ទៅ​​​ដោយ​​​វិចារណញ្ញាណ នៃ​​​អាកប្បកិរិយា គឺ​​​ការ​​​ចេះ​​​ប្រមាណ​​​នូវ​​​កម្លាំង​​​ចំណង់​​​របស់​​​ខ្លួន ជាមួយ​​​នឹង​​​អំណាច​​​ត្រួតត្រា​​​លើ​​​ខ្លួន​​​ឯង ។

សំណួរ : លោក​​​ សូក្រាត បាន​​​ពោល​​​យ៉ាង​​​ដូចម្ដេច ចំពោះ​​​ការ​​​ពិចារណា​​​របស់​​​មនុស្ស​​​ តាម​​​បែប​​​ទស្សនវិជ្ជា?

ចម្លើយ : លោក សូក្រាត ពោល​​​ថា ការ​​​ពិចារណា​​​តាម​​​បែប​​​ទស្សនវិជ្ជា គឺ​​​ហាត់​​​ស្លាប់ ព្រោះ​​​ សូក្រាត ពិចារណា​​​លើ​​​ន័យ​​​របស់​​​ជីវិត ។

សំណួរ : ចុះ​សិស្ស​ថ្នាក់​បញ្ចប់​ត្រូវ​ពិចារណា​ទៅ​លើ​អ្វី?

ចម្លើយ : សិស្ស​ថ្នាក់​បញ្ចប់​ ត្រូវ​ពិចារណ​ទៅ​លើ​​កម្មវត្ថុ​នៃ​ការ​សិក្សា​របស់​គេ ដូចជា ៖
១. ឧបករណ៍​គំនិត ដែល​ជា​ផល​នៃ​ពិសោធន៍​របស់​មនុស្ស​ជំនាន់​មុន ។
២. ស្យង់​ និង​វិវត្តន៍​របស់​ស្យង់ ។

    សំណួរ : តើ​យើង​ត្រូវ​ពិចារណា​អ្វី​ខ្លះ​ជា​បឋម?

    ចម្លើយ : យើត​ត្រូវ​ពិចារណ​លើ​ខ្លួន​យើង​ជាមុន បន្ទាប់​មក​ទើប​យើង​ចាប់​ពិចារណា លើ​អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង ។

    សំណួរ : កម្មវត្ថុ​នៃ​ទស្សនវិជ្ជា​ បើ​ពោល​ដោយ​សង្ខេប ចែក​ជា​ប៉ុន្មាន​ពួក​ធំៗ?

    ចម្លើយ : កម្មវត្ថុ​នៃ​ទស្សនវិជ្ជា ចែក​ជា​បួន​ពួក​ធំៗ​ គឺ ៖
    ១. ចិត្តវិជ្ចា (Psychologie)
    ២. កត្តវិជ្ជា (Logique)
    ៣. សីលវិជ្ជា (Morale)
    ៤. បរមត្ថវិជ្ជា (Metaphysique)

    សំណួរ : តើ​សព្វ​ថ្ងៃ​ មែក​ធាង​ធំ​ទាំង​បួន​របស់​ទស្សនវិជ្ជា ស្ថិត​នៅ​និរន្ត​ឬទេ?

    ចម្លើយ : សព្វ​ថ្ងៃ​មែក​ទាំង​បួន នៃ​ទស្សនវិជ្ជា​ពុំ​ស្ថិត​នៅ​ជា​និរន្តរ៍​ទេ តែ​គេបាន​បង្រួម​មក​ជា​ពីរ​ចំណែក​វិញគឺ ពុទ្ធិ និង​អំពើ ។

    សំណួរ : អ្វី​ទៅ​ហៅ​ថា​ ពុទ្ធិ?

    ចម្លើយ : ពុទ្ធិ (Connaissance) គឺ​ការ​ចេះ​ដឹង​ ដែល​ជា​លទ្ធផល​នៃ​ការ​សិក្សា​ ពី​មុខវិជ្ជា​ច្រើន​យ៉ាង ដូច​ជា​ ចិត្ត​វិទ្យា ស្យង់ សីលវិជ្ជា និង​បរមត្ថវិជ្ជា ។

    សំណួរ : អ្វី​ទៅ​ហៅ​ថា​ អំពើ ?

    ចម្លើយ : អំពើ​ គឺ​អ្វី​ដែល​មនុស្ស​ធ្វើ​ ហើយ​បាន​លទ្ធផល​មក​ពី​គ្រប់​វិស័យ​ ដូចជា​ វិស័យ​ឧស្សាហកម្ម-សិល្បៈ សីលវិជ្ជា សង្គមវិទ្យា ។ល។ 

    សំណួរ : គំនិត​ទស្សនវិជ្ជា មាន​លក្ខណៈពិសេស​ប៉ុន្មាន?

    ចម្លើយ : គំនិត​ទស្សនវិជ្ជា មាន​លក្ខណៈ​ពិសេស​ពីរ គឺ ៖
    ១. គំនិតរិះគិត
    ២. គំនិត​អធ្យាស្រ័យ

    សំណួរ : អ្វី​ទៅ​ហៅ​ថា គំនិត​រិះ​គិត ?

    ចម្លើយ : គំនិត​រិះ​គិត គឺ​គំនិត​ដែល​បាន​ពិចារណា​ត្រឹម​ត្រូវ​រួច​ហើយ ។

    សំណួរ : អ្វី​ទៅ​ហៅ​ថា​ គំនិត​អធ្យាស្រ័យ ?

    ចម្លើយ : គំនិត​អធ្យាស្រ័យ គឺ​គំនិត​និយម​ការ​ពិចារណារបស់​ខ្លួន​ឯង និង​ការ​ពិចារណា​របស់​អ្នក​ដទៃ​ផង ។ ឧទាហរណ៍ : គំនិត​យើង​ក៏​ខុស គំនិត​គេ​ក៏​ខុស គំនិត​យើង​ក៏​ត្រូវ គំនិត​គេ​ក៏​ត្រូវ ។

    សំណួរ : តើ​ទស្សនវិជ្ជា​ មាន​គោល​បំណង​យ៉ាង​ណា?

    ចម្លើយ : ទស្សនវិជ្ចា មាន​បំណង​ស្វែង​រក​សច្ច​ ដើម្បី​បង្ហាញ​នូវ​អវិជ្ជា ។ កាល​បើ​បាន​ " សច្ចៈ​ " ហើយ ទស្សនវិជ្ជា​ញ៉ាំ​ឲ្យ​ប្រតិបត្តិ ។

    សំណួរ : តើ​ត្រូវ​ចាំ​បាច់​មាន​ទស្សនវិជ្ជា​ឬ​ទេ?

    ចម្លើយ : បើ​កាលណា​គេ​ត្រូវ​ការ​ វិចារណញ្ញាណ និង​គតិ​បណ្ឌិត គេ​តែង​តែ​ត្រូវ​ការ​ទស្សនវិជ្ជា​ជានិច្ច ។ គេ​នឹង​អាច​បោះ​បង់​ទស្សនវិជ្ជាបាន លុះ​ត្រា​តែ​គេ​អាច​បោះ​បង់​ចោល​ នូវ​មនោសញ្ចេតនា ។

    សំណួរ : តើ​គេ​អាច​និយាយ​ថា ទស្សន​វិជ្ជា​ជា​ចំណេះ​ទូទៅ​បាន​ឬ​ទេ?

    ចម្លើយ : គេ​អាច​និយាយ​ថា ទស្សនវិជ្ជា​ជា​ចំណេះ​ទូទៅ​បាន ព្រោះ​ទស្សនវិជ្ជា​ បាន​ក្រសោប​វិជ្ជា​ក្នុងល​លោក​ផង និង​ក្រៅ​លោក​ផង​ ក៏​ប៉ុន្តែទោះ​យ៉ាង​ណា​ក៏​ដោយ ចំណេះ​ទូទៅ​នោះ​ ត្រូវ​ប្រកប​ដោយ​វិចារណញ្ញាណ​ផង​ដែរ ។

    សំណួរ : តើ​អ្នក​យល់ថា មនុស្ស​គ្រប់​រូប​ត្រូវ​មាន​ទស្សនវិជ្ជា​ផ្ទាល់​ខ្លួន​ឬ​ទេ?

    ចម្លើយ : មនុស្ស​ ជា​សត្វ​ដែល​បរិភោគ​មនោសញ្ចេតនា​ហារ ។ ដូច្នេះ មនុស្ស​គ្រប់​រូប​ សុទ្ធ​តែ​មាន​មនោសញ្ចេតនា បើ​មនុស្ស​មាន​មនោសញ្ចេតនា មនុស្ស​តែង​ត្រូវ​ការ​វិចារណញ្ញាណ មនុស្ស​ត្រូវ​តែ​មាន​ទស្សនវិជ្ជា ដោយ​ខាន​ពុំ​បាន ។

    សំណួរ : តើ​ទស្សនវិជ្ជា​ ដែល​បាត់​បង់​បន្តិច​ម្ដងៗ នូវ​កម្មវត្ថុ​ទាំង​ឡាយ​របស់​ខ្លួន តើ​អាចមាន​កម្មវត្ថុ​អ្វី​ទៀត និង​យក​មក​សិក្សា?

    ចម្លើយ : ថ្វី​បើ​ទស្សនវិជ្ជា​បាន​បាត់​បង់​បន្តិច​ម្ដងៗ នូវ​កម្មវត្ថុ​ទាំង​ឡាយ​របស់​ខ្លួន បណ្ដាល​មក​ពី​ការ​រីក​ចម្រើន​លូត​លាស់​នៃ​ស្យង់ តែ​ទស្សនវិជ្ជា​ស្ថិត​នៅ​ជានិច្ច​ ក្នុង​តម្លៃ​របស់​ខ្លួន ព្រម​ទាំង​ពុំ​ខ្វះ​កម្មវត្ថុ​ សម្រាប់​សិក្សា​ឡើយ ។ ព្រោះ​ថា ក្រៅ​ពី​ទ្រឹស្ដី​ព្រះ​ពុទ្ធ ដែល​បាន​និយាយ​ពី រូប-ខន្ធ ព្រលឹង វិញ្ញាណ តើ​ស្យង់​បាន​រក​ឃើញ​ជីវិត​ក្រៅ​លោក និង​ជីវិត​ក្រៅ​រូប​ហើយ​ឬ​នៅ? នេះ​ពុំ​បាន​ទាំង​យក​កម្មវត្ថុ​ថ្មិៗ​ របស់ទស្សនវិជ្ជា​ដែល​មាន​អ្នក​ប្រាជ្ជ​អក្សរសាស្ត្រ​ខ្លះ កំពុង​ត្រូវ​គេ​លើក​តម្កើង ក្រោយ​ដែល​បាន​រក​ឃើញ​កម្មវត្ថុ​ នៃ​ទស្សនវិជ្ជា​ថ្មី​ៗ​ជាច្រើន ដូចជា​ សាត្រ (J-P. sartre) ជាដើម ។

    សំណួរ : តើ​សង្គម​យើង​សព្វ​ថ្ងៃ ដែល​ជា​សង្គម​ពោរ​ពេញ​ទៅដោយ​ការ​រីក​ចម្រើន​គ្រប់​វិស័យទាំង​អស់​ របស់​ស្យង់​ ត្រូវ​ការ​ពឹង​ផ្អែក​ទៅ​លើ​ទស្សនវិជ្ជា​ទៀតឬ​ទេ?

    ចម្លើយ : ជាមួយ​គ្នា​នឹង​ការ​ជឿន​លឿន​របស់​ស្យង់ សង្គម​លោក​សព្វ​ថ្ងៃ​ មិន​គ្រាន់​តែ​បាន​ទទួល​នូវ​ផល​វិបាក បណ្ដាល​មក​ពី " ស្យង់ខ្វះ​ញាណ " (Science sans conscience) ប៉ុណ្ណោះ​ទេ តែ​លោកិយ​ទាំង​មូល កំពុង​តែភិត​ភ័យ​ខ្លាច​បាត់​បង់​រូប​កាយ​របស់​ខ្លួន ទៅ​វិញ​ថែម​ទៀត​ផង ។ ព្រោះ​ថា​ បើ​កម្លាំង​អាតូមិច (Atomique) បាន​សម្លាប់​មនុស្ស​ក្នុង​ ១ វិនាទី​អស់ ដប់​លាន​នាក់ កម្លាំង​គ្រាប់​បែក​ហ៊ី​ដ្រូសែន (Hydrogene) និង​គុណ​ចំនួន​មនុស្ស​ស្លាប់​ ក្នុង​មួយវិនាទី និង​មួយ​រយ ។ ដូច្នេះ​ គេ​ត្រូវ​ការ​ទស្សនវិជ្ជា​ជានិច្ច ដើម្បី​ទប់​កម្លាំង​ជឿន​លឿន ដែល​ឆ្ពោះ​ទៅ​រក​ការ​វិនាស​នោះ ។

    សំណួរ : អ្នក​យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​សិក្សា​ទស្សនវិជ្ជា​នៅ​ថ្នាក់​បញ្ចប់?

    ចម្លើយ : ការ​សិក្សា​ទស្សនវិជ្ជា​នៅ​ថ្នាក់​បញ្ចប់ គឺ​ការ​បើក​ផ្លូវ ឬ​ត្រួស​ត្រាយ​ផ្លូវ​ជា​លើិក​ដំបូង​សម្រាប់​សិស្សៗ ព្រោះ​ថា​សិស្ស​អាច​បាន​ដឹង​ និង​ស្គាល់​មែក​ធាង​ទាំង​ឡាយ​ច្បាស់លាស់ នៃទស្សនវិជ្ជា​ផង និង​ស្រួល​ដល់​ការឈោង​ចាប់​នូវ​មុខ​វិជ្ជា​ធំៗ​ទាំង​ឡាយ​ទៀត នៅ​ឧត្ដម​សិក្សា​ផង​ ដូចជា​ ពន្ធុវិទ្យា (Ethnologie) មនុស្ស​ធម្មជាតិ​វិទ្យា (Anthropologie) ជាដើម ។ល។ ដែល​មាន​ទំនាក់​ទំនង​ជា​ច្រើន​ជា​មួយ​នឹង​ ទស្សនវិជ្ជា ។

    សំណួរ : មាន​មតិ​ខ្លះ​យល់​ថា ៖ ការ​សិក្សា​ទស្សនវិជ្ជា គឺ​ការ​ពិចារណា​ទៅ​លើ​ខ្លួន​ឯង​ផង និង​ទៅ​លើ​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​ឯង​ផង តើ​អ្នក​យល់​យ៉ាង​ដូចម្ដេច​ ចំពោះទស្សនៈ​ខាង​លើ​នេះ?

    ចម្លើយ : សូក្រាត​ បាន​ពោល​ថា ៖ " សិក្សា​ទស្សនវិជ្ជា គឺ​ហាត់ស្លាប់ " តើ​យើង​គួរ​យក​គំនិត​ពិចារណា​របស់​ សូក្រាត មក​ប្រៀប​ធៀប​នឹង​វគ្គទី១ នៃ​សំណួរ​ទស្សនវិជ្ជា​នេះ​បាន​ឬ​ទេ ? លោក​ សូ​ក្រាត​ បាន​ពោល​ដូច​ព្រះពុទ្ធ​ដែរ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង​សិន ទើប​ទៅ​ពិចារណា​លើ​អ្នក​ដទៃ ។ ព្រះពុទ្ធ​ជឿ​ថា កម្មផល និង​ច្រវាក់​នៃ​វាល​វដ្ដសង្សារ កើត​មាន​បាន​អាស្រ័យ​ការមានរូប​ជា​បច្ច័យ ។ ដូច្នេះ​ បើ​មាន​រូប​ហើយ បញ្ហា​ច្បាស់​ជា​ស្ថិត​នៅ​លើ​រូបនេះ​ជា​បឋម ។ ព្រះ​ពុទ្ធ​គ្រាន់​តែ​ប្រាប់​យើង ឲ្យ​ខំ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួនយើងប៉ុណ្ណោះទេ តែ​លោក​បាន​បញ្ជាក់​ថែម​ទៀត​ថា រូប​នេះ​ឯង​ជា​ប្រធាន​នៃជីវិត​ ។ ឧទាហរណ៍ ៖ ទុក្ខ​កើត​មក​ពីមាន​រូប-គឺ​មាន​រូប​ ត្រូវ​តែមាន​ទុក្ខ ។ ចុះ​បើ​មាន​ទុក្ខ​ហើយ ហេតុ​អ្វី​ក៏​ពិចារណា​ រក​ដើម​ហេតុ​នៃទុក្ខ​នេះ​នៅ​ឯ​ណា​ទៅ​វិញ? ត្រូវ​គ្នា​នឹង​ទស្សនៈ​របស់​សូក្រាត ដែល​យល់​ដូច​ព្រះពុទ្ធ​ដែរ " សិក្សា​ទស្សនវិជ្ជា​ គឺ​ហាត់​ស្លាប់ " (Philosopher c'est apprendre a mourrir) ។ ត្រង់​ន័យ​នេះ សូក្រាត​ បាន​បញ្ជាក់​ថា បើ​ចង់​ចាប់​ពិចារណា​ពី​ហេតុ​ការណ៍​ទាំង​ឡាយ ដទៃ​ណា​មួយ គេ​ត្រូវ​ចាប់​ពិចារណា​ជាបឋម​នូវ​ជីវិត ពោល​គឺ​រាង​កាយ​របស់​យើង​ជា​មុនសិន ។ ក្នុង​ការ​ស្វែង​រក​ធម៌​ក្នុង​សមាធិ ព្រះពុទ្ធ​ពុំ​បាន​មាន​បន្ទូល​ប្រាប់​ ឲ្យ​យើង​ទៅ​ពិចារណា​លើ​ព្រះឥន្ទ្រ​ ព្រះព្រហ្ម​ ឬ​ឋាន​ទេវ​លោក​ឯណា​ទេ តែ​ទ្រង់​បាន​ផ្ដាំ​ឲ្យ​ពិចារណា​រក​សច្ចៈ តែ​ពីក្នុង​ខ្លួន​យើង​តែ​ប៉ុណ្ណោះ ។

    ដូច្នេះ​យើង​ឃើញ​ថា វគ្គ​ទី ១ នៃ​មតិ​ខាង​លើ​នេះ ពុំ​ទទួល​យក​ដំណោះ​ស្រាយ​អត្ថបដិរូប​ឡើយ ។

    ក្នុង​វគ្គ​ទី ២ ដែល​បាន​ចែង​ថា ត្រូវ​ពិចារណា​លើ​អ្វីៗ​ ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​នោះ ចង្អុល​ឲ្យ​ឃើញ​ច្បាស់​ថា ការដែល​មនុស្ស​បាន​ឆ្លង​ពី​ទីមួយ ទៅ​ទីមួយ​ទៀត ពោល​គឺ​ពី​ក្នុង​ពោះ​ម្ដាយ​ មក​ក្នុង​សង្គម ។

    មនុស្ស​នេះ​ឯង​ ក៏​ត្រូវ​តែ​ចាប់​យក​បញ្ហា​មួយ គឺ​សង្គម​មនុស្ស ហើយ​ដែល​មាន​លក្ខណៈ​ខុស​ពី​បញ្ហា​អត្ត ដោយ​ឥត​ប្រកែក​បាន ។ ការ​ប្រលាក់​ប្រលូស​ជាមួយ​បញ្ហា​សង្គម ព្រោះមនុស្ស​ចូល​ខ្លួន​ទៅ​ក្នុង​សង្គម ដូច្នេះ​ទោះ​បីញាណ ឬ​អញាណ​ក៏​ដោយ មនុស្ស​ត្រូវ​តែ​នាំគ្នា​ ដោះស្រាយ​បញ្ហា​ទាំងឡាយ​នោះ ជាមួយ​អ្នក​ដទៃ​ ដែល​ជា​សមាជិក​នៃ​សង្គម​នោះ ។

    បើ​គ្រាន់តែ​យោល​ទៅ​លើ​សីលវិជ្ជា Morale មួយ​មុខ​ប៉ុណ្ណោះ យើង​ក៏​ហាក់​ដូច​ជា​គ្រប់​គ្រាន់​ណាស់ ចំពោះ​វគ្គទី ២ នៃ​មតិ​ខាង​លើ​នេះ ។ ឧទាហរណ៍ ៖ ស្រុក​កំពុង​អត់​បាយ​ ទំនិញ​សារពើ​ មាន​តម្លៃ​ឥត​លំនឹង ព្រម​ទាំង​ពុំ​អាច​មាន​កម្លាំង​អ្វី​ទប់​ឲ្យ​ឈ្នះ​បាន ប្រៀប​ដូច​ទឹក​បាក់​មក​លើ​ទំនាប បើ​មនុស្ស​គិត​ពី​អាត្មានិយម​ ដើម្បី​រស់​ស្រួល​តែ​ឯង ឃើញ​ថា វា​មានតក្កភាគ​ណាស់ ចំពោះ​បុគ្គល ។ បើ​យើង​អាច​រស់​នៅ​តែ​ឯក​ឯង​បាន​ក្នុង​សង្គម នោះ​ជាការ​ប្រសើរ​ណាស់ ។ ក៏​ប៉ុន្តែ​ក្រែង​នៅ​ជុំ​វិញ​យើង​មាន​ " បុគ្គល " របស់​អ្នក​ដទៃ​ពុំ​អនុញ្ញាត​ ឲ្យ​យើង​រស់​ដោយ​សុខ​តែ​ម្នាក់​ឯង​បាន ។ ដូច្នេះដើម្បី​សម្រុះ​សម្រួល ជាមួយ​បញ្ហា​ទាំង​ឡាយ​ ដែល​ចោទ​ឡើង​នោះ យើង​ត្រូវ​តែ​ពិចារណា​ជាមួយ​អ្វីៗ ដែល​នៅ​ជុំ​វិញ​ខ្លួនយើង ដោយ​ខាន​ពុំ​បាន ។

    នេះ​គ្រាន់តែ​ផ្នែក​មួយ​ ដែល​យើង​បាន​យក​សីល​ញាណ Conscience Morale មក​ពិចារណា​ប៉ុណ្ណោះ ។

    មតិ​ដែល​បាន​ពោល​មក​ខាង​លើ​នេះ ជា​ទ្រឹស្ដី​ទស្សនវិជ្ជា​ (Theorie philisophique) ដែល​ប្រកប​ដោយ​តក្តភាព (Logique) ពីរយ៉ាង​គឺ ៖

    ១. តម្លៃ​នៃ​ការ​ពិចារណា​ទៅ​លើ​ អត្ថ ។
    ២. តម្លៃ​នៃ​ការ​ពិចារណា​ទៅ​លើ​ បរទត្ថភាព ឬ អត្ថិភាព​ នៃ​ភាវៈ​រស់​ ដែល​នៅ​ជុំ​វិញ​យើង​ផង។


    ចំណងជើង​សៀវភៅ ៖ ទស្សនវិជ្ជា : សំណួរ-​ចម្លើយអត្ថាធិប្បាយ សម្រាប់​ថ្នាក់​បញ្ចប់
    រៀបរៀង​ដោយ : សុខ សុត្ថាល សាស្ត្រាចារ្យបវញ្ញាទស្សនវិជ្ជា
    ឆ្នាំ​បោះពុម្ពផ្សាយ : ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៥
    បោះពុម្ពដោយ : រោង​ពុម្ព មហាលាភ

    Share on Google Plus

    About Unknown

    0 comments:

    Post a Comment