គ្រប់ប្រជាជាតិក្នុងលោក សុទ្ធតែមានការចូលឆ្នាំរបស់ខ្លួន គ្រាន់តែប្លែកគ្នា ត្រង់ការកំណត់ពេលចូល នឹងពិធីធ្វើ ខុសគ្នាប៉ុណ្ណោះ ។ ឯប្រជាជនខ្មែរ ក៏មានការចូលឆ្នាំប្រពៃណីរបស់ខ្លួនតាំងពីបុរាណកាលមកដែរ ។
I. ពេលវេលាចូលឆ្នាំខ្មែរ
កាលដើមឡើយ ខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំ ក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះជាខែដើមឆ្នាំ ។ នាសម័យព្រេងនាយ ឆ្នាំនីមួយៗ ចែកចេញជា ៣រដូវ តាមចន្ទគតិ គឺ ហេមន្តរដូវ គិម្ហរដូវ និង វស្សានរដូវ ។ បុរាណចារ្យ លោកគិតថា ហេមន្តរដូវ ជារដូវត្រជាក់ ត្រូវចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹក ដែលផុតពីរាត្រី គឺដើមថ្ងៃ ។ គិម្ហរដូវ ជារដូវក្ដៅ ត្រូវចាត់ទុកជារដូវកណ្ដាលឆ្នាំ ប្រៀបដូចជាពេលថ្ងៃត្រង់ ។ វស្សានរដូវ ជារដូវដែលមេឃមីរ ងងឹត មានភ្លៀងផ្គរ ត្រូវចាត់ទុកជារដូវចុងឆ្នាំ ប្រៀបបាននឹងពេលព្រលប់ ។
ចំណេរកាលក្រោយមក, គ្រាដែលបុព្វបុរសខ្មែរយើង អនុលោមប្រើចុលកលសករាជជាសំខាន់នោះ ( មិនដឹងជា ប្រើនៅក្នុងរាជ្ជកាលនៃព្រះរាជាអង្គណាទេ ) ទើបការចូលឆ្នាំថ្មី មានការប្រែប្រួល ហើយកំណត់យកខែចេត្រ ជាខែដើមឆ្នាំ វិញ ។ ឯថ្ងៃចូលឆ្នាំខ្មែរ តែងប្រព្រឹត្តទៅមិនមុនថ្ងៃ ៤ កើត ខែចេត្រ និង មិនក្រោយថ្ងៃ ៤កើត ខែពិសាខ ព្រោះបុព្វបុរសខ្មែរ យើងយល់ឃើញថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរយើង រវល់មមាញឹកក្នុងរបរកសិកម្ម មានស្រែចំការ ជាដើម ទើប លោក លើកកំណត់ពេលចូលឆ្នាំ មកធ្វើនៅក្នុងខែចេត្រវិញ ដោយហេតុថា ខែចេត្រ កិច្ចការច្រូតកាត់ បោកបែន បានចប់ សព្វគ្រប់ ហើយប្រជាពលរដ្ឋខ្មែរយើងទំនេរមានឱកាសធ្វើបុណ្យទាន កំសាន្ត សប្បាយ តាមប្រាថ្នា ។ ការកំណត់នេះ ក៏ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ។ ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តិការណ៍យ៉ាងធំមួយក្នុងទឹកចិត្ត និង ជីវភាពខ្មែរ ។ មុនពេលចូលឆ្នាំថ្មីមកដល់ គេនាំគ្នារៀប ចំ តុបតែងផ្ទះសម្បែង សំអាតទីធ្លា វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា បុកអង្ករ រកអុស ដងទឹក ត្រៀម សម្លៀកបំពាក់ថ្មីៗ ។ល។ អោយហើយស្រេច ។ ពេលចូលឆ្នាំខ្មែរ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់អោយជ្រះស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោមនស្ស ក្សេមក្សាន្ត និងសុភមង្គល ។ ឆ្នាំថ្មីមកដល់, ស្នូរស្គរ រគាំង សម្លេងធម៌ពរជ័យ លាន់ឭរន្ទឺអឺងកង ចេញពីវត្តអារាម ។ ភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញពីគ្រប់រានទេវតា តាមដងផ្លូវ មុខផ្ទះសម្បែង វត្តអារាម ។ ចាស់ទុំ ក្រមុំ កម្លោះ ក្មេងក្មាង តូចធំ ប្រដាប់ ដោយសម្លៀកបំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មី ។ ម្នាក់ៗមានទឹកមុខរីករាយ ស្រស់ស្រាយ រំភើបក្រៃលែង ។ ក្រមុំ កម្លោះ និង ក្មេងៗ សប្បាយក្អាកក្អាយជាងគេ ព្រោះជាឱកាសដ៏ពិសេសបំផុត សម្រាប់ពួកគេចូលឆ្នាំ កំសាន្តល្បែងប្រជា ប្រិយ ជាមួយគ្នា ដោយគ្មានចាស់ទុំណា ខាឃាំង រាំងឃាត់អ្វីឡើយ ។ ពេលព្រលប់, គេនាំគ្នាទៅស្ដាប់ធម៌អាថ៌ក្នុងវត្ត ។ អ្នកខ្លះដែលមិនបានទៅស្ដាប់លោកឯវត្ត ក៏ប្រមូលផ្ដុំគ្នាលេង ល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ ។ គេនាំគ្នាលេងល្បែងចាប់កូនខ្លែង, លាក់កន្សែង, ក្រុងមាន, ទាញព្រ័ត្រ, ច្រៀង, ប្របកៃ, ស្ដេចចង់, ចោលឈូង, បោះអង្គញ់, រាំវង់ ។ល។ យ៉ាងសប្បាយរីករាយ ។ គេនាំគ្នាយកចង្ហាន់ទៅវត្តដើម្បីប្រគេន ព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិសន្ដាន ដែលបានចែកស្ថានទៅកាន់បរលោកខាងមុខហើយ ។ គេនាំគ្នាជញ្ជូនដីចម្រើនទីវត្ត ពូនភ្នំខ្សាច់ រែកទឹកស្រង់ព្រះ ស្រង់ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ។ ពេលត្រឡប់ទៅភូមិវិញ គេអញ្ជើញមាតាបិតា ជីដូនជីតា ចាស់ទុំ មកផ្ងូតទឹក ជូនសម្លៀកបំពាក់ថ្មី នំ ចំណី ដើម្បីជាកិច្ចតបស្នងសងគុណ ចំពោះ បុព្វការីជនរបស់គេ ។ តាមគ្រប់វត្តអារាម គេសង្កេតឃើញចាស់ទុំ ក្រមុំ កម្លោះ ក្មេងក្មាង ប្រមូលផ្ដុំជួបជុំគ្នាក្រោមម្លប់ឈើ ធំៗ ក្រសាលលេងល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ចំណូលចិត្ត ។ គេនាំគ្នាទៅទស្សនាកំសាន្តប្រាសាទបុរាណ រមណីដ្ឋាន គោរពបូជាវត្ថុសក្ដិសិទ្ធិ ភ្ជាប់បរិយាកាសរីករាយនេះ ទៅនឹងបរិយាកាសនាសម័យព្រេងនាយដ៏រុងរឿង ។ នៅតាមខេត្ត តាមតំបន់ខ្លះ ពេលចូលឆ្នាំម្ដងៗ គេមិនមែនសប្បាយតែក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះទេ, គេចាប់ផ្ដើមលេង សប្បាយរបៀបនេះមុន និង ក្រោយប៉ុន្មានថ្ងៃចូលឆ្នាំទៀតផង ។ គេនាំគ្នាធ្វើបុណ្យអោងអស់ចិត្ត សប្បាយអោយអស់ចិត្ត ដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់ពួកគេ ដែលបានហែលឆ្លងកាត់នៅឧបសគ្គ ហើយទទួលបានជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ និង ដើម្បីត្រៀមចាំបំពេញភារកិច្ចថ្មី ត្រៀមចាំរដូវដកស្ទូង ត្រៀមចាំទឹកភ្លៀងដែលនឹងបង្អុរចុះ នាដើមវស្សានរដូវនៃឆ្នាំថ្មីដ៏ខ្លីខាងមុន ។ ជំនឿ និង ពិធីផ្សេងៗ ១. ទេវតាឆ្នាំថ្មីៈ ក្នុងសង្ក្រាន្តសូត្រ និទានថា ក្នុងដើមភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះ ធម្មបាល ជាអ្នកប្រាជ្ញចេះ ចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ។ ធម្មបាល តែងសម្ដែងមង្គលដល់មនុស្សផងទាំងពួង ។ លុះកបិល មហាព្រហ្ម ( សម័យកាលនោះ គេគោរពបូជាមហាព្រហ្ម និង កបិលមហាព្រហ្ម ) ជ្រាបថា ធម្មបាលកុមារ ជា អ្នកប្រាជ្ញ ក៏មកសួរប្រស្នា ៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលអាចដោះស្រាយប្រស្នានេះរួច កបិលមហាព្រហ្ម នឹងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះមិនរួចទេ ត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញ ។ ធម្មបាលកុមារ សុំបង្អង់ពេល ៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្តែ ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិតមិនឃើញសោះ ធម្មបាល ក៏ភៀសខ្លួនទៅពួននៅក្រោមដើមត្នោតមួយគូ ដែលជាទីលំនៅសម្បុកនៃសត្វឥន្ទ្រី ។ ជាភ័ព្វសំណាងល្អ យប់នោះ ធម្មបាល ក៏បានឮឥន្ទ្រីញី - ឈ្មោល និយាយគ្នាថាៈ - ញី : ព្រឹកនេះ យើងបានអាហារពីណាស៊ី ? - ឈ្មោលៈ យើងនឹងបានស៊ីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះតែដោះប្រស្នាមិនរួច ។ - ញី : ប្រស្នានោះ ដូចម្ដេច ? - ឈ្មោល : - (ខ១) វេលាព្រឹក សិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថានៅមុខ, ហេតុនោះ មនុស្សទាំងឡាយ ទើបត្រូវយកទឹកលាងមុខ ។ - (ខ២) ថ្ងៃត្រង់ សិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថានៅទ្រូង, ហេតុនោះ មនុស្សទាំងឡាយ ទើបត្រូវយកទឹកលាងទ្រូង ។ - (ខ៣) វេលាល្ងាច សិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថានៅជើង, ហេតុនោះ មនុស្សទាំងឡាយ ទើបត្រូវយកទឹកលាងជើង ។ ពាក្យពេចន៍ទាំងប៉ុន្មាននេះរបស់ឥន្ត្រីក៏បានជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្មរួចជៀសផុតពីក្ដីមរណៈ ។ កបិលមហាព្រហ្ម សុខចិត្តចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាល កបិលមហាព្រហ្ម ហៅទេពធីតា ៧ អង្គ ដែលជាបុត្រីរបស់ខ្លួន អោយយកពានមកទ្រក្បាល ( ព្រោះបើដាក់ក្បាលនោះលើផែនដី នឹងកើតជាភ្លើងឆេះលោកធាតុ, បើបោះទៅលើអាកាស នឹងរាំងភ្លៀង, បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ ) រួចហើយ ក៏កាត់ក្បាលអោយទៅ នាងទុង្សា ជាកូនច្បង ។ នាងទុង្សា ហែរក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ អស់ ៦០នាទី ទើបអញ្ជើញក្បាលនោះ ទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស ។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង ៧អង្គ ផ្លាស់វេនគ្នា មកដង្ហែរក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ឆ្នាំ ។ បុត្រីទាំង ៧ អង្គនោះគឺៈ ១. បើសង្ក្រាន្តចំថ្ងៃ អាទិត្យ ត្រូវវេននាង ទុង្សា, ២. បើសង្ក្រាន្តចំថ្ងៃ ច័ន្ទ ត្រូវវេននាង គោរាគៈ, ៣. បើសង្ក្រាន្តចំថ្ងៃ អង្គារ ត្រូវវេននាង រាក្យសា, ៤. បើសង្ក្រាន្តចំថ្ងៃ ពុធ ត្រូវវេននាង មណ្ឌា, ៥. បើសង្ក្រាន្តចំថ្ងៃ ព្រហស្បតិ៍ ត្រូវវេននាង កិរិណី, ៦. បើសង្ក្រាន្តចំថ្ងៃ សុក្រ ត្រូវវេននាង កិមិរា, ៧. បើសង្ក្រាន្តចំថ្ងៃ សៅរ៍ ត្រូវវេននាង មហោទរា ។ ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតា ដែលត្រូវវេនដង្ហែរ ក្បាលកបិលមហាព្រហ្ម និង អភិបាលពិភពលោក ជារៀងរាល់ឆ្នាំថ្មីចូលមកដល់ ពុំដែលអាក់ខានឡើយ ។ ២. ពិធីស្រង់ព្រះ : មហាសំការសូត្រ ដែលមានមកក្នុងគម្ពីរសុត្តជាតក ជាមគធភាសា បាននិទានថា ថ្ងៃសង្ក្រាន្តឆ្នាំ ថ្មីជិតចូលមកដល់ ព្រះបាទបសេនទិកោសល បានរៀបចំជាបារាំយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និង ព្រះសង្ឃស្រង់ទឹក រួចសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ ព្រមទាំងភិក្ខុសង្ឃនៅទីនោះ ។ គម្ពីរនេះដដែលបាន បញ្ជាក់ទៀតថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ មានអានិសង្ឃច្រើនណាស់ ។ អនាគតជាតិ នឹងបានទៅកើតនៅក្នុងទេវលោក បានជាស្ដេចចក្រពត្តិ មានបុណ្យបារមីច្រើន មានរូបល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់យ៉ាង។ល។ គម្ពីរបញ្ញាសជាតក ត្រង់ជាតកទី ៣១ បានបញ្ជាក់អំពីអានិសង្ឃនៃការស្រង់ទឹកព្រះសង្ឃ ដូចមហាសំការសូត្រដែរ គ្រាន់តែខុសគ្នាត្រង់មិនបានបញ្ជាក់ថាក្នុងឱកាសចូលឆ្នាំនោះប៉ុណ្ណោះ ។ លោកលើកឧទាហរណ៍ដូចជា ព្រះបាទបុប្ជរាជ ដែលបាននិមន្តព្រះឧសភត្ថេរ ក្នុងសាសនាព្រះពុទ្ធសរណង្ករ អោយស្រង់ទឹក ។ លុះអនាគតជាតិទៅ បានទៅកើតក្នុងទេវ លោក មានបុណ្យបារមីច្រើន ហើយទីបំផុតបានទៅជាស្ដេចចក្រពត្តិ ក្នុងជម្ពូទ្វីបនេះ ។ នៅក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី ៧ ពេលចូលឆ្នាំម្ដងៗ គេតែងធ្វើពិធីមួយ ដោយនិមន្តព្រះពុទ្ធរូបមានមហិទ្ធិឫទ្ធិ ២៥ អង្គ ដែលជាតំណាងអាណាខេត្តទាំងឡាយក្នុងព្រះរាជាណាចក្រ មកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រី ( ប្រាសាទ ព្រះខ័ន ) រួចគេដង្ហែរព្រះពុទ្ធរូបទាំងនោះ ជាក្បួនយ៉ាងមហោឡារឹក មុននឹងយកទៅតំកល់នៅកន្លែងដើមវិញ ។ ដោយមានជំនឿលើនិទាន និង ទំនៀមរបស់ដូនតាយើង ដូចខាងលើនេះហើយ បានជាមានទម្លាប់ជាប់ជាប្រពៃណី រហូតមកដល់សព្វថ្ងៃនេះ ។ តែដល់ពេលចូលឆ្នាំម្ដងៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប – ព្រះសង្ឃ – មាតាបិតា - ជីដូន ជីតា - បុព្វការីជននៅតាមវត្តអារាម និង នៅតាមភូមិស្រុក ។ ៣. ពិធីពូនភ្នំខ្សាច់ៈ មហាសំការសូត្របានបញ្ជាក់ថាៈ ពេលសង្ក្រាន្តឆ្នាំថ្មីជិតមកដល់ ព្រះបាទបសេនទិកោសល បានទូលសួរព្រះពុទ្ធថា ក្រោយព្រះអង្គបរិនិពា្វនទៅ បើដល់រដូវសង្ក្រាន្តចូលឆ្នាំថ្មីម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ ? ព្រះពុទ្ធត្រាស់ថាៈ « គួរសាងវាលុកចេតិយ នៅឆ្នេរស្ទឹង ទន្លេ ហើយនាំយកគ្រឿងសក្ការៈ ទៀនធូប គ្រឿងក្រអូប ផ្កាភ្ញី ជាដើមមកបូជាចុះ » ។ ព្រះអង្គបានបញ្ជាក់អំពីអានិសង្ឃនៃការសាងវាលុកចេតិយនោះ ថាមានអានិសង្ឃច្រើនវិសេសណាស់ ដូចគ្នានឹងស្រង់ទឹកព្រះសង្ឃដែរ ។ គម្ពីរអានិសង្ឃវាលុកចេតិយ ជាសាស្ត្រស្លឹករឹតភាសាខ្មែរ មានតែមួយខ្សែ ហើយមាន ៣ និទានៈ និទានទី ១៖ ដំណាលពីបារិកពោធិសត្វ និង ពួកពាណិជ ដែលបានពូនភ្នំខ្សាច់ឧទ្ទិសជាតំណាងចូឡាមណី ចេតិយ ដែលតំកល់ព្រះចង្កូមកែវរបស់ព្រះពុទ្ធពីបុរាណ ប្រតិស្ឋនៅស្ថានត្រៃត្រឹង្សទេវលោកនោះ ។ លុះអនាគតជាតិនៅ បានទៅកើតនៅក្នុងសុគតិភព កើតទៅជាស្ដេចចក្រពត្តិជាច្រើនជាតិ ហើយទីបំផុតបាន ត្រាស់ជាព្រះពុទ្ធយើងនេះ ។ និទានទី ២៖ ដំណាលពីនាយនេសាទម្នាក់ ( ឈ្មោះមិនប្រាកដ ) ដែលជាអ្នកសម្លាប់សត្វជាអាហារ តាំងពីតូចមក ។ ថ្ងៃមួយអ្នកនេសាទនេះ បានប្រគេនបាយមួយពំនូតដល់ភិក្ខុមួយអង្គ ។ ពេលដែលគាត់ស្លាប់ ទៅ យមរាជបានយកទៅវាយសួរចម្លើយ ហើយចាប់បោះទៅក្នុងរណ្ដៅភ្លើងនរក តែមិនឆេះ បែរជាខ្ទាតចេញមកវិញ ។ នាយយមបាល ក៏វាយសួរម្ដងទៀត ។ ទទួលពេលនោះ នាយនេសាទក្រឡេកឃើញអណ្ដាតភ្លើង នរក មានសម្បុរដូចចីវរលោក ក៏នឹកដល់ទានរបស់ខ្លួន ហើយជម្រាបយមបាល តាមដំណើររឿងធ្វើទាន ។ ពួកយមបាលក៏អនុញ្ញាតអោយបុរសនោះ ទៅកើតក្នុងទេវលោកចំនួន៧ថ្ងៃ ហើយសឹមត្រឡប់មកស្ថាននរកវិញ ។ ទេវបុត្រនេះ ឈ្មោះថា « អន្នំលោកង្សិនី (១) » មានប្រពន្ធសំណប់ចិត្ត ឈ្មោះនាង សុវណ្ណឱរ៉ៃ ។ គាត់បាននិយាយរឿងរ៉ាវរបស់គាត់ ដែលធ្លាក់ទៅនរកនោះប្រាប់ភរិយា ដោយសព្វគ្រប់ ។ នាង សុវណ្ណឱរ៉ៃ ក៏អោយស្វាមីខ្លូនសាងវាលុកចេតិយ ហើយឆ្លងអោយស្រេចក្នុងថ្ងៃទី ៧ ។ លុះដល់ថ្ងៃទី ៨ យមរាជ ក៏តាមមក ហៅ អន្នំលោកង្សិនីទៅស្ថាននរកវិញ ។ នាងប្រពន្ធ ក៏ចេញមកនិយាយតបថា " យើងមិនបើកទ្វារអោយស្វាមី យើងទៅនោះទេ ព្រោះស្វាមីយើង បានសាងវាលុកចេតិយ និងធ្វើពិធីឆ្លងរួចហើយ, បើនៅតែត្រូវការយកប្ដីយើង ទៅធ្វើទោសនោះ ចូរអ្នករាប់គ្រាប់ខ្សាច់នេះអោយអស់សិនទៅ " ។ យមរាជ ក៏ទាល់តម្រិះ ហើយត្រឡប់ទៅ ស្ថាននរកវិញ ។ និទានទី ៣៖ ដំណាលពីចៅកម្ជិលខ្សាច់ថា " មានក្មេងម្នាក់ ចេះតែពូនខ្សាច់ នៅទីផ្នូកខ្សាច់មុខផ្ទះ ហើយដេក ននៀលលេងរាល់ៗថ្ងៃ ប្រឡាក់ប្រឡូសទៅដោយខ្សាច់មើលមិនយល់, គេក៏នាំគ្នាហៅថា « ចៅកម្ជិលខ្សាច់ » តមក ។ ថ្ងៃមួយ ព្រះឥន្ទ្រទតឃើញយ៉ាងនេះ ក៏អោយនាងទេពធីតាម្នាក់ចុះមកធ្វើជាប្រពន្ធ ។ ក្រោយមក ព្រះរាជា ទ្រង់ចូលទីវង្គត ហើយគ្មានអ្នកណាស្នងរាជ្យ ពួកមន្ត្រីក៏ធ្វើបុស្បុកផ្សងរកអ្នកមានបុណ្យបារមី ។ បុស្បុក ក៏ទៅត្រូវលើចៅកម្ជិលខ្សាច់ ។ គេក៏នាំគ្នា អញ្ជើញចៅកម្ជិកខ្សាច់នោះ ទៅអោយសោយរាជ្យជាសុខ តទៅ " ។ ដោយមាននិទានបែបនេះហើយបានជា ខ្មែរយើងមានជំនឿជាប់តរៀងរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែភ្នំខ្សាច់នេះ គេមិនមែនធ្វើតែក្នុងឱកាសចូលឆ្នាំប៉ុណ្ណោះទេ សូម្បីនៅក្នុងពិធីបុណ្យផ្សេងៗ ក៏គេនិយមធ្វើដែរ ព្រោះជឿថាជាការរំដោះ កម្មពៀរវេរាដែលធ្វើអាក្រក់កន្លងមក ។ សេចក្ដីសន្និដ្ឋានៈ កាលបរិច្ឆេទ នៃការចូលឆ្នាំប្រពៃណីរបស់ប្រជាជាតិនានាក្នុងលោកតែងមានការប្រែប្រួលជាធម្មតា មិនថាឡើយ តែពេលវេលាចូលឆ្នាំ របស់ប្រជាជនកម្ពុជាទេ ។ ពិធីនានាក្នុងឱកាសចូលឆ្នាំខ្មែរនោះ ក៏មានប្រការខ្លះមិនសមរម្យ រកកល់ ទៅជារឿងភូតភរ គួរអោយពិបាកជឿកើត សម្រាប់មនុស្សមានវិចារណញ្ញាណ ។ ប៉ុន្តែរឿងខ្លះ ក៏ជាប្រភពនៃការដឹកនាំ មនុស្សអោយចេះសាមគ្គីគ្នា ស្រឡាញ់ រាប់អានគ្នា បំផុសលើកទឹកចិត្តមនុស្សអោយខិតខំបំពេញកុសលកម្ម លើកស្ទួយ សង្គមជាតិ ឆ្ពោះទៅកាន់ភាពរឹងមាំ រីកចម្រើនដែរ ។ កាលពីព្រេងនាយ ពិធីទាំងឡាយក្នុងឱកាសចូលឆ្នាំខ្មែរ សុទ្ធសឹងមានប្រភពភ្ជាប់មកពីលទ្ធិព្រាហ្មណ៍ ប៉ុន្តែចាប់ពី ពេលដែលប្រជារាស្ត្រ ទទួលយកពុទ្ធសាសនា មកគោរពប្រតិបត្តិជំនួសសាសនាព្រាហ្មណ៍ ពិធីខាងដើមមួយចំនួន ក៏បាន សម្របសម្រួលខ្លួនទៅតាមពិធីរបស់ពុទ្ធសាសនា ហើយក្រោយមក ក៏រលាយសាច់ឈាមផ្សំចូលគ្នាគ្រប់អន្លើ ស្ទើរមើលពុំ យល់ ហើយប្រការមួយចំនួនទៀត ដែលប្រាសចាកហេតុផលខ្លាំងពេក ក៏រលាយរសាយបាត់ធាតុពីបុណ្យចូលឆ្នាំប្រពៃណី ខ្មែរក៏មាន ។ ទោះបីយ៉ាងណាក៏ដោយ បុណ្យចូលឆ្នាំនេះ ពិតជាកថាខ័ណ្ឌមួយសំខាន់ចាំបាច់បំផុត ក្នុងទំព័រជីវិតមនុស្សគ្រប់ រូប គ្រប់ជាតិសាសន៍ ក៏ដូចជាខ្មែរគ្រប់រូបដែរសម្រាប់ត្រួតពិនិត្យ វាយតម្លៃសរុបលទ្ធផលការងារ បេសកកម្ម បទពិសោធន៍ ដែលខ្លួនបានអនុវត្តកន្លងមក ក្នុងរយៈពេលមួយឆ្នាំ ហើយប្រមើលមើលទៅក្រោយ ដកស្រង់យកចំណុចល្អៗ បន្តអនុវត្ត អោយប្រាកដ និង ជោគជ័យជាងទៀតនាឆ្នាំថ្មីដ៏ក្សេមក្សាន្ត ។
រៀបរៀងសង្ខេបដោយ ម៉ែន ប្រាង និង អាំ ឆន
ដកស្រងចេញពី ៖ ទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំទី ៤៨ លេខ ១ គ.ស. ១៩៩៤ ។
រៀបរៀងសង្ខេបដោយ ម៉ែន ប្រាង និង អាំ ឆន
ដកស្រងចេញពី ៖ ទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំទី ៤៨ លេខ ១ គ.ស. ១៩៩៤ ។
0 comments:
Post a Comment