១៣ ទសវត្ស​នៃ​ដំណើរ​កម្ពុជា

វាចា​អ្នក​បោះ​ពុម្ព​ផ្សាយ


កាសែត ប្រជាជន សោមនស្ស​រីករាយ​ផ្ញើ​ជូន​ដល់​មិត្ត​អ្នក​អាន​ទាំង​អស់​នូវ​ចំណង​ដៃ​ថ្មី " ១៣ ទសវត្ស​នៃ​ដំណើរ​កម្ពុជា " ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​សមមិត្ត​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី ហ៊ុន សែន ​កុល​បុត្រ​កម្ពុជា​មួយ​រូប​ ដែល​តែង​ព្យាយាម​ស្វែង​យល់​ពី​អ្វី​ដែល​បាន​និង​កំពុង​កើត ហើយ​នឹង​អាច​កើត​មាន​នៅ​លើ​ទឹក​ដី​របស់​ជាតិ​ខ្លួន ។

មិត្ត​អ្នក​អាន​ធ្លាប់​ស្គាល់​ស្នាដៃ​និពន្ធ​របស់​សមមិត្ត​ប្រធាន ហ៊ុន សែន តាម​រយៈ​សៀវភៅ " ១០ ឆ្នាំ​ នៃ​ដំណើរ​កម្ពុជា " តាម​រយៈ​អត្ថបទ​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត​ប្រជាជន និង​តាម​រយៈ​សំឡេង​ ព្រមទាំង​រូបភាព​របស់​សមមិត្ត​ ដែល​ផ្សាយ​ដោយ​វិទ្យុ​ និង​ទូរទស្សន៍​កម្ពុជា ។

" ១៣ ទសវត្ស​នៃ​ដំណើរ​កម្ពុជា " បាន​ប្រសូត​ចេញ​ដោយ​ការ​ស្រាវ​ជ្រាវ​សិក្សា​ហ្មត់​ចត់​ របស់​សមមិត្ត ប្រធាន​ ហ៊ុន សែន ។ ៧០ ថ្ងៃ​នៃ​ការ​និពន្ធ​ សមមិត្ត​ប្រធាន​ ហ៊ុន សែន ត្រូវ​ឆក់​យក​វិនាទី​នីមួយៗ មុន​ពេល​ពិសា​បាយ ក្នុង​ពេល​សម្រាក ពេល​ពិសា​បារី​មួយ​ដើម​ៗ​ក្ដី ។ ប៉ុន្តែ​ខ្លឹមសារ​ដែល​បាន​លើក​ឡើង​ក្នុង​សៀវភៅ​នេះ គឺ​មាន​ឫស​គល់​ចាក់​ជ្រៅ​ហួស​ពី​រយៈពេល ៧០ ថ្ងៃ​នោះ​ទៅ​ត​ទៀត ។ ការ​សន្សំ​ទុន​ដូច " តក់ៗ​ពេញ​បំពង់ " ដែល​សមមិត្ត​ប្រធាន ហ៊ុន សែន តែង​តែ​មាន​ទម្លាប់​យូរ​ណាស់​មក​ហើយ ការ​អាន​សៀវភៅកត់​ត្រា​ទុក​ជា​ឯកសារ​ផ្ទាល់​ខ្លួន ក៏​សមមិត្ត​ប្រធាន​បាន​ធ្វើ​ជា​ប្រចាំ ។ តាំង​ពី​ពេល​ដែល​សមមិត្ត​ប្រធាន​បាន​លះ​បង់​នូវ​យុវវ័យ​ របស់​សមមិត្ត ដើម្បី​តស៊ូ​ (១៩៧០) រហូត​មក​ ទទួល​ជា​រដ្ឋ​មន្ត្រីការ​បរទេស និង​នាយក​រដ្ឋ​មន្ត្រី​ដ៏​ក្មេង​បំផុត លើ​ពិភពលោក ក៏​ពេល​វេលា​ទាំង​នេះ​មិន​បាន​សង​ មក​ឲ្យ​សមមិត្ត​វិញ​ នូវ​យុវវ័យ​ដ៏​ត្រេក​ត្រអាល​របស់​សមមិត្ត​បាន​ដែរ ។ ពេល​វេលា​នៃ​យុវវ័យ​ ត្រូវ​បាន​អង្កន់​ពុះ​ច្រៀក​សម្រាប់​ការងារ ការពិចារណា ការ​អាន​ ការ​ស្រាវ​ជ្រាវ ការ​ចុះ​មូលដ្ឋាន ... ហើយ​ទោះ​បី​ពេល​វេលា​បាន​ឈាន​មក​ដល់​ចុង​​យុវវ័យ​របស់​សមមិត្ត នា​ពេល​នោះ​ក៏​ដោយ ការ​សប្បាយ​រីករាយ​នៃ​យុវភាព​ សមមិត្ត ប្រធាន ហ៊ុន សែន បាន​ត្រឹម​តែ​ឈរ​មើល​ការ​សប្បាយ​របស់​មហាជន​ ក្នុង​ពេល​សម្រាក​នា​ពេល​ល្ងាច​ថ្ងៃ​សៅរ៍ ឬថ្ងៃ​អាទិត្យ​តែ​ប៉ុណ្ណោះ ។ យុវវ័យ​មួយ​ដែឡ​បាន​លះ​បង់ ដើម្បី​យុវវ័យ​នៃ​រាប់​លាន​យុវជន យុវនារី នោះ​ហើយ​ដែល​ជាលក្ខណៈ​លះ​បង់​មួយ​​ដ៏​ខ្ពស់ ដែល​ធ្វើ​ឲ្យ​សៀវភៅ​នានា​របស់​សមមិត្ត​ប្រធាន ហ៊ុន សែន បាន​ចាប់​បដិសន្ធិ​ឡើង ហើយ​មើល​ឃើញ​បាន​អស់​ដល់​បញ្ហា​ទាំង​ឡាយ រាប់​ទាំង​ចំណុច​អាថ៌កំបាំង​នានា ដែល​មាន​ក្នុង ១៣ ទសវត្ស​កន្លង​មក​នេះ ។

" ១៣ ទសវត្ស​នៃ​ដំណើរ​កម្ពុជា " មាន​អត្ថ​ប្រយោជន៍​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ អ្នក​និពន្ធ អ្នក​វិទ្យា​សាស្ត្រ​នយោបាយ ទស្សនវិទូ ប្រវត្តិវិទូ អ្នក​នយោបាយ​នៃ​មជ្ឈ​ដ្ឋាន​នានា ហើយ​ក៏​មាន​អត្ថ​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​ខ្លួន​ឯង ដល់​អ្នក​អាន​ក្នុង​ប្រទេស​ទៀត​ផង ដោយ​ម្យ៉ាង​ការ​និពន្ធ​បាន​ស្រាវ​ជ្រាវ​ ប្រមូល​ផ្ដុំ​ពី​បញ្ហា​ទ្រឹស្ដី និង​ការជាក់​ស្ដែងដែល " កម្ពុជា " បាន​ឆ្លង​កាត់​ ហើយ​ម្យ៉ាង​ទៀត​ ក្នុង​សង្គម​កម្ពុជា​​យើង​ ក៏​មាន​ការ​ក្រ​ខ្សត់​អំពី​ស្នាដៃ​និពន្ធ​ស្រាវ​ជ្រាវ និង​សៀវភៅ​សម្រាប់​ការ​ពិចារណា​ ដ៏មាន​តម្លៃ​ជា​សកល​របៀប​នេះ​ដែរ ។

ក្រោយ​ពេល​សរសេរ​ចប់ មុន​នឹង​បោះ​ពុម្ព​ផ្សាយ ក៏​មាន​បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ​ និង​ទស្សន​វិទ្យា​ជាច្រើន​ បាន​វាយតម្លៃ និង​ទទួល​ស្គាល់​ថា ជា​វណ្ណកម្ម​មួយ​ ដែល​មាន​តម្លៃ​ខ្ពស់​ខាង​ទ្រឹស្ដី និង​ខាង​ប្រតិបត្តិ​ជាក់​ស្ដែង ដែល​មិន​ត្រឹម​តែ​វិភាគ​ពីអតីតកាល ប៉ុន្តែ​មាន​ទាំង​ការ​វិភាគ​ចំពោះ​បច្ចុប្បន្ន​ ក្នុង​ការ​ពង្រីក​វិទ្យាសាស្ត្រ​នយោបាយ​ទៀត​ផង ។ ចំពោះ​ វិធីសាស្ត្រ​ស្រាវ​ជ្រាវ​ និង​វិធី​សាស្ត្រ​លាត​ត្រដាង " ១៣ ទសវត្ស​នៃ​ដំណើរ​កម្ពុជា " ​បាន​ធ្វើ​ឡើង​ ដោយ​មាន​មូលដ្ឋាន​ពិត​ប្រាកដ ដើម្បី​វាយ​តម្លៃ មាន​ទឡ្ហីការណ៍​ស៊ីជម្រៅ​ បង្កើត​បាន​លក្ខណៈ​ឡូស៊ីក​វិទ្យាសាស្ត្រ ជា​ការ​ស្រាវ​ជ្រាវ​មួយ​ឯករាជ្យ ។ ពាក្យ​ពេចន៍​ដែល​សមមិត្ត ហ៊ុន សែន បាន​ជ្រើស​រើស​ជា​ពាក្យ​សាមញ្ញ​ ដែល​ងាយ​យល់​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់ ។

កាសែត ប្រជាជន មាន​ក្ដី​ជឿ​ជាក់​ថា ការ​បោះ​ពុម្ព​នូវ​សៀវភៅ​នេះ នឹង​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​បែប​យ៉ាង សម្រាប់​អ្នក​អាន​គ្រប់​ផ្នែក​ទាំង​អស់ ។

ជូន​ពរ សូម​ទទួល​បាន​សុខភាព​ល្អ ក្នុង​ពេល​ដែល​មិត្ត​អ្នក​អាន​ចាប់​កាន់​សៀវភៅ​នេះ ។

ប្រជាជន


មាតិកា

Share on Google Plus

About Unknown

0 comments:

Post a Comment